ទំព័រដើម / ព័ត៌មានជាតិ / គណៈកម្មាធិការគណបក្សមូលដ្ឋានអាជ្ញាធរអប្សរាជួបសំណេះសំណាលជាមួយសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាជាង១ពាន់នាក់

គណៈកម្មាធិការគណបក្សមូលដ្ឋានអាជ្ញាធរអប្សរាជួបសំណេះសំណាលជាមួយសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាជាង១ពាន់នាក់

សៀមរាប៖គណៈកម្មាធិការគណបក្សមូលដ្ឋានអាជ្ញាធរអប្សរា នាព្រឹកថ្ងៃទី១៤ ខែកក្កដា នេះបានធ្វើពិធីជួបជុំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណ១៣៨១នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។

ពិធីជួបជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សុខ សង្វារ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានអាជ្ញាធរអប្សរា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តសៀមរាប។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម សុខ សង្វារ បានរំឭកឡើងវិញនូវសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ភាពជោគជ័យលើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ គឺជាសក្ខីភាពជាក់ស្តែងនៃចក្ខុវិស័យដ៏វែងឆ្ងាយរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍជាតិ និងថែរក្សានូវបេតិកភណ្ឌដ៏មានតម្លៃសម្រាប់កូនចៅគ្រប់ៗជំនាន់។

ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាម៉ឺងម៉ាត់ក្នុងការថែរក្សាសន្តិភាពជាតិ និងបន្តអភិវឌ្ឍជាតិតាមគោលនយោបាយដ៏ច្បាស់លាស់ជាដំណាក់កាលៗ។ ជាក់ស្តែង វិធានការជាអាទិភាព ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន និងដោយមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹងជំរុញអនុវត្តក្នុងឆ្នាំ ២០១៩ មានដូចជា ការរៀបចំបើកប្រាក់ឈ្នួលការងារប្រចាំខែជូនកម្មករ និយោជិត ក្នុងរយៈពេល ០២សប្តាហ៍ម្តង រៀបចំបើកប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រាក់សោធនជូននិវត្តជន និងអតីតយុទ្ធជនតាមប្រព័ន្ធធនាគារ ក្នុងរយៈពេល ០២សប្តាហ៍ម្តង ការអនុវត្តនូវកម្មវិធីកាត់បន្ថយថ្លៃអគ្គិសនី សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅទូទាំងប្រទេស សម្រាប់ឆ្នាំ ២០១៩-២០២០ ជាដើម។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានរំឭកឡើងវិញនូវការតស៊ូដ៏លំបាក របស់ប្រមុខគណបក្សប្រជាជនកម្ពុជា តាំងពីការចូលរួមតស៊ូប្រឆាំងនឹងរបបអាណានិគម របបចក្រពត្តិ និងការផ្តួលរំលំរបបប៉ុលពតប្រល័យពូជសាសន៍ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានរំឭកផងដែរនូវការដឹកនាំដ៏ឈ្លាសវៃ និងពេញដោយការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោលើគោលនយោបាយឈ្នះ-ឈ្នះ ដែលនាំឲ្យប្រទេសកកម្ពុជាទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍជាតិគ្រប់វិស័យ។

ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើឲ្យមានការបញ្ចូលក្រុមកម្លាំងយុវជនបក្ស ដើម្បីក្លាយជាសសរទ្រូងនៃគណបក្សដ៏រឹងមាំនាពេលអនាគត។ ជាពិសេស គឺសមាជិកបក្សទាំងអស់ត្រូវតែស្មោះស្ម័គ្រគាំទ្របក្សរបស់ខ្លួនដោយចូលរួមសកម្មភាពឃោសនា ពន្យល់ណែនាំការពិតដល់ប្រជាពលរដ្ឋ និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់គ្នាទាំងអស់៕

Leave a Reply

Your email address will not be published. Required fields are marked *