ទំព័រដើម / ព័ត៌មានជាតិ / ក្រសួងបរិស្ថានអនុញ្ញាត្តិអោយសហគមន៍ជួយគ្រប់គ្រងតំបន់ការពារធម្មជាតិជាង៧៥០០ហិចតានៅដែនជម្រកសត្វព្រៃលំផាត់

ក្រសួងបរិស្ថានអនុញ្ញាត្តិអោយសហគមន៍ជួយគ្រប់គ្រងតំបន់ការពារធម្មជាតិជាង៧៥០០ហិចតានៅដែនជម្រកសត្វព្រៃលំផាត់

ភ្នំពេញ៖ក្រសួងបរិស្ថានអនុញ្ញាត្តិអោយសហគមន៍ជួយគ្រប់គ្រងតំបន់ការពារធម្មជាតិជាង៧៥០០ហិចតានៅដែនជម្រកសត្វព្រៃលំផាត់។នេះបើតាមសេចក្ដីប្រកាសក្រុមអភិរក្សតំបន់ការពារធម្មជាតិកាលពីម្សិលមិញ។

 

សហគមន៍តំបន់ការពារធម្មជាតិចំនួនបីដែលស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ នៃខេត្តរតនគិរី បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិជាមួយក្រសួង​បរិស្ថានកាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៨ដើម្បីបន់ការពារធម្មជាតិជាង៧៥០០ហិចតានៅដែនជម្រកសត្វព្រៃលំផាត់។

សហគមន៍ពីរ គឺវាលកំបោរ និងអូររៃ ត្រូវបានគាំទ្រក្នុងការ​បង្កើតដោយអង្គការជីវិតសត្វស្លាបអន្តរជាតិកម្មវិធីប្រចាំកម្ពុជាចាប់តាំងពីឆ្នាំ២០១៣​មកម្ល៉េះ ខណៈដែលសហគមន៍អូរគគីត្រូវបានគាំទ្រដោយអង្គការសង្រ្គោះសត្វព្រៃ។ “សហគមន៍ខ្ញុំមានសេចក្តីរីករាយណាស់ទទួលបានការទុកចិត្តពីក្រសួងបរិស្ថានក្នុងការចូលរួមគ្រប់គ្រងព្រៃឈើនៅដែនជម្រកសត្វព្រៃនេះ”។នេះបើតាមប្រសាសន៍លោកទុយ សុផាន់ ប្រធានគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិអូរៃ។

 

ដែនជម្រកសត្វព្រៃលំផាត់ស្ថិតក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជាដែលមានផ្ទៃដីដល់ទៅ២៥០០០០​ហិចតា។ ដែនជម្រកសត្វព្រៃនេះកំពុងគាំទ្រដល់ការរស់នៅរបស់សត្វស្លាបជិតផុតពូជរហូតដល់ទៅ៥ប្រភេទ ដូចជាត្រយងចង្កំកស ត្រយងយក្ស ត្មាតត្នោត ត្មាតភ្លើង ត្មាតផេះ និងសត្វព្រៃដែលកំពុងទទួលការគំរាមកំហែងសកលមួយចំនួនទៀតដែលមានដូចជា​ ខ្ទីង រមាំង ទន្សោង ប្រើស ក្រៀល និងក្ងោកជាដើម។

តំបន់ការពារធម្មជាតិដែលបានបង្កើតនេះជាទីជម្រកសម្រាប់ពងកូន ជាទ្រនំ និងជាទីតាំងសម្រាប់រកចំណីរបស់សត្វដ៏សំខាន់ទាំងអស់នេះ។​ ទោះជាមានសកម្មភាពអភិរក្សបាននឹងកំពុងអនុវត្តក៏ដោយ ទីជម្រក និងប្រភេទសត្វទាំងនេះនៅតែទទួលការគំរាមកំហែងពីសកម្មភាពខុសច្បាប់ដូចជាការបរបាញ់ ការដាក់អន្ទាក់ ការកាប់ឈើ និងការទន្ទ្រានយកដី។​ ការចូលរួមពីសហគមន៍ដែលមានមូលដ្ឋាននៅជុំវិញដែនជម្រកសត្វព្រៃក្នុងការគ្រប់គ្រង គឺមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយកត្តាគំរាមកំហែងទាំងនេះ។​គ្របដណ្តប់លើផ្ទៃដី២៦៨០ហិចតា សហគមន៍តំបន់ការពារធម្មជាតិអូរៃមានទីតាំងនៅតាមដងទន្លេស្រែពក និងស្ថិតនៅចំកណ្តាលនៃដីសម្បទានសេដ្ឋកិច្ច ដោយឡែកសហគមន៍តំបន់ការពារធម្មជាតិវាលកំបោរ​មានផ្ទៃដី២៩៨២ហិចតា លាតសន្ធឹងតាមបណ្តោយផ្លូវជាតិលេខ៧៦ ភ្ជាប់ខេត្តរតនគិរីទៅមណ្ឌលគិរី។

លោកឌី សាម៊ី ប្រធានគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិវាលកំបោរមាន​ប្រសាសន៍ថា ៉ សហគមន៍តំបន់ការពារធម្មជាតិទាំងពីរគ្របដណ្តប់ដោយព្រៃល្បោះ ព្រៃពាក់កណ្តាលស្រោង និងព្រៃតាមដងទន្លេ បន្ថែមលើនេះ មានវាលស្មៅ ត្រពាំងបឹង ដែលផ្តល់នូវទីជម្រកដ៏ល្អ​គាំទ្រដល់ការរស់នៅរបស់សត្វព្រៃ ពិសេសសត្វជិតផុតពូជពីរប្រភេទ គឺត្រយងយក្ស និងត្រយងចង្កំកស ៉ ។​ចាប់តាំងពីឆ្នាំ២០១១ ដីយ៉ាងតិច៥០០០០ហិចតា នៅដែនជម្រកសត្វព្រៃលំផាត់ត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនវៀតណាម ចិន និងក្នុងស្រុក វិនិយោគក្នុងនាមជាដីសម្បទានសេដ្ឋកិច្ច។ ការវិនិយោគនេះបង្កផលប៉ះពាល់អវិជ្ជមានដល់ដែនជីវចម្រុះ។​

លោក​ស៊ុម ភារុណ្យ ប្រធានគម្រោងលំផាត់របស់អង្គការជីវិតសត្វស្លាបអន្តរជាតិមានប្រសាសន៍ថា៖ក្រុមអភិរក្សសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានដែលបានផ្តល់ការយល់ព្រមដល់កិច្ចព្រមព្រៀងគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិទាំងនេះ។ លោកបន្ថែមថា​ ៉ការចូលរួមពីសហគមន៍ក្នុងការគ្រប់គ្រងធនធានធម្មជាតិនឹងជួយធ្វើឲ្យការងារអភិរក្សកាន់តែមានក្តីសង្ឃឹម​។​

យោងលើកិច្ចព្រមព្រៀងគ្រប់គ្រងនេះ សហគមន៍មានសិទ្ធិក្នុងការគ្រប់គ្រង និងដកហូតអនុផលព្រៃឈើក្នុងសហគមន៍ខ្លួនឲ្យមាននិរន្តរភាពតាមផែនការគ្រប់គ្រងដែលមានរយៈពេល៥ឆ្នាំ និងដែលបានគាំទ្រដោយក្រសួងបរិស្ថាន។បន្ថែមលើនេះ ដើម្បីចែករំលែកការព្រួយបារម្ភ និង​ពាំនាំសម្លេងរបស់សហគមន៍ស្តីអំពីកិច្ចការពារធនធានធម្មជាតិទៅជូន​អាជ្ញាធរខេត្ត សហព័ន្ធសហគមន៍អភិរក្សធនធានធម្មជាតិខេត្តរតនគិរីកំពុងតែបង្កើតឡើង។​

លោកប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជារបស់អង្គការជីវិតសត្វស្លាបអន្តរជាតិបានមានប្រសាសន៍ថា៉​អង្គការយើងមានសេចក្តីរីករាយក្នុងការគាំទ្រដល់ការផ្តួចផ្តើមបង្កើតសហព័ន្ធនេះ វាជាយន្តការដែលអាចធ្វើឲ្យសហគមន៍អាចចូលរួមកាន់តែច្រើនទៀតដល់ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសង្ឃឹមថាឯកឧត្តមអភិបាលខេត្ត និងផ្តល់ប្រកាសទទួលស្គាល់សហព័ន្ធសហគមន៍អភិរក្សធនធានធម្មជាតិខេត្តរតនគិរីក្នុងឆ្នាំនេះ ។​សូមអរគុណដល់មូលនិធិ​ John D. and Catherine T. MacArthur Foundation​ និងគម្រោង CAMPAS ​ដែលបានគាំទ្រដល់អង្គការជីវិតសត្វស្លាបអន្តរជាតិក្នុងការជួយដល់សហគមន៍រៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិនៅដែនជម្រក​សត្វព្រៃ​​លំផាត់៕

Leave a Reply

Your email address will not be published. Required fields are marked *