ទំព័រដើម / ព័ត៌មានសំខាន់ៗ / មនុស្សរាប់សិបនាក់ស្លាប់រួមទាំងក្មេងៗផងនៅក្នុងការវាយប្រហារតាមផ្លូវអាកាសនៅយេម៉ែន

មនុស្សរាប់សិបនាក់ស្លាប់រួមទាំងក្មេងៗផងនៅក្នុងការវាយប្រហារតាមផ្លូវអាកាសនៅយេម៉ែន

យេម៉ែន៖ ការ​វាយ​​ប្រហារតាមផ្លូវ​អាកាស​របស់​​កងកម្លាំងចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអូឌីត​ បានសម្លាប់​មនុស្ស​រាប់សិបនាក់​ ក្នុងនោះរួមទាំងក្មេងៗដែលជិះតាមរថយន្តក្រុងផង​ ​​នៅក្នុងខេត្ត​ Saada ប្រទេសយេម៉ែន។​

យោង​​តាម​ប្រភពពីមន្ទីរពេទ្យ​​​និង​​គណៈកម្មាធិការ​កាកបាទក្រហមអន្តរជាតិ​បាន​ឲ្យដឹងថា ​​ក្នុង​ចំណោម​ការវាយប្រហារ​តាមផ្លូវអាកាស​ជាច្រើនលើកកាលពីម្សិលមិញ ​មានការ​​វាយប្រហារមួយ​បានធ្លាក់គ្រាប់​ត្រូវ​ចំ​រថយន្តក្រុង​ដែល​កំពុងដឹកក្មេងៗ ​នៅក្នុងតំបន់ផ្សារ​ Dahyan ភាគខាង​ត្បូង​ខេត្ត​ Saada។​

វីដេអូបញ្ចេញដោយ​​ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុម​ Houthi បាន​បង្ហាញ​ឲ្យ​ឃើញ​​​ពីសកម្ម​ភាព​ជួយ​ស​ង្គ្រោះ​​​ក្មេង​ៗ ដែលស្ថិត​ក្នុងឯ​កសណ្ឋា​ន​សិ​ស្ស​​សាលានៅ​ឡើយ ​ចេញពីរថយន្ត​មួយគ្រឿង​ ​រួច​ដឹក​ទៅ​កាន់មន្ទីរពេទ្យមួយកន្លែង​​ ​ដែលទទួលបានសព​និងអ្នករងរបួសជាច្រើននាក់។​

លោក ​ Abdul-Ghani Nayeb ប្រធានមន្ទីរសុខាភិបាលនៅក្នុងខេត្ត​ Saada បាន​ឲ្យ​ដឹងថា ​តួលេខ​អ្នក​ស្លាប់​បានកើនឡើងដល់​៥០នាក់ ​ក្នុង​នោះមា​ន​ក្មេង​ៗ​ចំនួ​ន​​​៣០នាក់ ​រីឯអ្នករងរបួសវិញមានចំនួន​៧៧​នាក់​ ​​​ប៉ុន្តែគេមិនដឹងច្បាស់ថា មានការទម្លាក់គ្រាប់ប៉ុន្មានលើកទេ​នៅក្នុងតំបន់រងគ្រោះនេះ។​

​សម្ព័ន្ធមិត្តគាំទ្រដោយលោកខាងលិច​ ដែលកំពុងប្រយុទ្ធប្រឆាំងជាមួយ​ក្រុម​ Houthi ដែល​មាន​អ៊ីរ៉ង់​ជ្រោមជ្រែងពីក្រោយបានលើកឡើងថា ​ការ​ទម្លាក់​​​គ្រាប់របស់ខ្លួន​គឺផ្តោតគោលដៅ​តែលើ​​កាំភ្លើង​បាញ់​មីស៊ីល​ ដែល​ក្រុម​ Houthi ប្រើ​​ដើម្បី​វាយប្រហារ​លើ​ក្រុង​ឧស្សាហកម្ម​​ Jizan របស់​ប្រទេសអារ៉ាប៊ី សា​អូឌីត​នាពេលកន្លងមក​​ប៉ុណ្ណោះ​ គឺគ្មាន​គោល​ដៅ​លើពលរដ្ឋយេម៉ែនទេ ប៉ុន្តែក្រុម​ Houthis បាន​ឆ្លៀតឱកាស​ប្រើប្រាស់​ក្មេងៗ​ធ្វើជាខែល។​​

ទោះបីជាមានការបកស្រាយថាប្រតិបត្តិការរបស់ខ្លួនស្របច្បាប់​យ៉ាង​ណាក៏​ដោយ​ តែ​អង្គការ​សិទ្ធិ​មនុស្ស​​​​នៅតែចោទប្រកាន់​កង​កម្លាំង​ចម្រុះថា ​ធ្លាប់​បានទម្លាក់គ្រាប់​លើ​តំបន់ផ្សារ សាលារៀន ​មន្ទីរ​ពេទ្យ​ ​និង​​តំបន់មានពលរដ្ឋរស់នៅច្រើននាពេលកន្លងមក រួមទាំងលើកនេះផង។​​

​ប្រទេសអា​រ៉ាប៊ី សាអូឌីត ​និងសម្ព័ន្ធ​មិត្តប្រ​តិបត្តិ​តាមសាសនា​អ៊ិ​ស្លាម​និកា​យស៊ុន​នី​បាននិងកំពុង​បើក​ការប្រ​យុទ្ធ​នៅក្នុ​ងប្រទេស​យេម៉ែន​ ជាង​បីឆ្នាំមក​​ហើយ​ដើម្បីប្រឆាំងនឹង​ក្រុម​ Houthis ដែលកាន់កាប់​តំបន់​ភាគ​ច្រើន​នៅ​ភាគខាងជើងប្រទេសយេម៉ែន​ ក្នុងនោះ​រួមទាំ​ងទីក្រុង​សាណាផងដែរ​ ក្រោយ​បណ្តេញ​​ប្រធានា​ធិបតីស្របច្បាប់​ឲ្យនិរទេសខ្លួនទៅកាន់ទីក្រុងរីយ៉ាដប្រទេសយេម៉ែន ​កាលពីឆ្នាំ​២០១៤៕​

Leave a Reply

Your email address will not be published. Required fields are marked *