ទំព័រដើម / កីឡា / Chelsea និង Real Madrid បង្ហាញមុខអ្នកចាំទីថ្មីដូចគ្នា

Chelsea និង Real Madrid បង្ហាញមុខអ្នកចាំទីថ្មីដូចគ្នា

បាល់ទាត់ ក្លិបតោខៀវ Chelsea បានបង្ហាញមុខអ្នកចាំទីចំណូលថ្មី Kepa Arrizabalaga ជាផ្លូវការហើយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកពីក្លិប អេស្ប៉ាញ Athletic Bilbao ៧១លានផោន ជិត៩៣លានដុល្លារអាមេរិក។

អ្នកចាំទីសញ្ជាតិអេស្ប៉ាញវ័យ២៣ឆ្នាំរូបនេះ មកកាន់ទឹកដី Stamford Bridge ជំនួស​កន្លែងអ្នកចាំទីបែលហ្ស៊ិក Thibaut Courtois ដែលទៅចូលរួមជាមួយ Real Madrid ក្នុងតម្លៃ​៣៥លានអឺរ៉ូ។ Arrizabalaga ក្លាយជាអ្នកចាំទីថ្លៃជាងគេលើលោក ពោលគឺថ្លៃជាងអ្នកចាំទី​សញ្ជាតិប្រេស៊ីល Alisson Becker ដែលផ្ទេរពី Roma ទៅ Liverpool កាលពីខែមុនក្នុងតម្លៃ ៦៦.៨លានផោន។

ចំណែកអ្នកចាំទីចំណូលថ្មីរបស់ Real Madrid  គឺអតីតអ្នកចាំទីរបស់ Chelsea កីឡាករ Thibaut Courtois បាននិយាយអំឡុងពេលបង្ហាញខ្លួនផ្លូវការក្នុងទឹកដី Santiago Bernabeu ថា ក្តីសុបិនតាំងពីកុមារភាពរបស់ខ្លួនបានសម្រេចហើយក្នុងការផ្ទេរទៅកាន់ក្លិបយក្សអេស្ប៉ាញ​ពី​លីគកំពូលអង់គ្លេស ទោះបីជារូបគេធ្លាប់ត្រូវក្លិបជាគូប្រជែង Atletico Madrid ខ្ចីជើង៣រដូវ កាល ហើយគេបានបដិសេធចំពោះក្លិបធំៗដែលចាប់អារម្មណ៍មកលើរូបគេ។

សូមបញ្ជាក់ថា អ្នកចាំទីអន្តរជាតិបែលហ្ស៊ិកវ័យ២៦ឆ្នាំ Thibaut Courtois បានចុះកុង​ត្រាលេងឲ្យក្រុមជើងឯកទ្វីបអឺរ៉ុប១៣សម័យកាល Real Madrid រយៈពេល៦ឆ្នាំក្នុងតម្លៃ៣៥​លានអឺរ៉ូពី Chelsea។ Courtois រួមចំណែកជួយ Chelsea ឈ្នះពាន English Premier League ២ដង, FA Cup និង League Cup ម្តងផងដែរពីឆ្នាំ២០១១-២០១៨នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *