ទំព័រដើម / ព័ត៌មានជាតិ / សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តានៅខេត្តរតនគិរីជិត៣ឆ្នាំហើយនៅមិនទាន់មានការអភិវឌ្ឍអ្វីជាដុំកំភួន

សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តានៅខេត្តរតនគិរីជិត៣ឆ្នាំហើយនៅមិនទាន់មានការអភិវឌ្ឍអ្វីជាដុំកំភួន

 

ភ្នំពេញ៖សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តាដែលបានបង្កើតឡើងនៅភូមិ កាទៀង ឃុំ ល្បាំង២ ស្រុកលំផាត់ខេត្តរតនគិរី មកដល់ពេលនេះគឺមានរយ:ពេលជិត៣ឆ្នាំហើយ តែមិនឃើញ សមាគមនេះបានអភិវឌ្ឍន៍អ្វីនៅតំបន់នោះឲ្យបានជាដុំកំភួននៅឡើយ។

ប្រភពព័ត៌មានបានឲ្យដឹងថាបច្ចុប្បន្នសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តាដែលមានលោកស្រី ខៃចិន្តា ជាប្រធាននោះមានសត្វដំរី ចំនួន៤ក្បាល (ញី០១ក្បាល) មានតម្លៃសរុបជាង១០ម៉ឺនដុល្លារទុកសម្រាប់ដឹកភ្ញៀវជិះកម្សាន្ត។ ប៉ុន្តែនៅពុំទាន់មានផ្ទៃដីធំទូលាយ ដើម្បីអនុវត្តនូវ គម្រោងផែនការរបស់ខ្លួននោះទេ។

លោកស្រី ខៃ ចិន្តា ប្រធានសមាគម មូលនិធិ អភិរក្ស ដំរីខ្មែរអៃរាវត្តា មិនអាចទំនាក់ទំនងបាន ដើម្បីសុំការបញ្ជាក់ពីដំណើរការរបស់ សមាគមនេះនៅឡើយទេ។ ប៉ុន្តែលោកសុខ នីម ដែល បានអះអាងថាខ្លួន ជាទីប្រឹក្សាសមាគមនោះ បានបញ្ជាក់ប្រាប់ អ្នកយកព័ត៌មានកន្លងមកថា សព្វថ្ងៃនេះ សមាគ មានសត្វដំរីចំនួន៤ក្បាល(ញី០១ក្បាល)ទុកសម្រាប់ឲ្យភ្ញៀវជិះលេងកម្សាន្ត។

លោកសុខ នីម បញ្ជាក់ថា សមាគម មានផ្ទៃដី ប្រហែល ៥០០ហិកតា សម្រាប់ធ្វើជាកន្លែង ឲ្យសត្វដំរីរស់នៅ និង ធ្វើជាកន្លែងសម្រាប់ឲ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិ ជិះដំរីដើរកម្សាន្ត។ ប៉ុន្តែទីប្រឹក្សារូបនោះ មិនបានបញ្ជាក់ច្បាស់ អំពីផ្ទៃដីរាប់រយហិកតាដែលបម្រុងទុកនោះបានមកពីណាទេ។

លោក ផន​ ចាន់ថន មេឃុំ ល្បាំង២ ស្រុក លំផាត់ បានឲ្យដឹងថា សមាគម មូលនិធិ អភិរក្សដំរីខ្មែរអៃវត្តានេះកន្លងមកបានខ្ចីដីរបស់សហគមន៍ ការពារព្រៃឈើ ភ្នំក្រូចចំនួន: ១៧៨ ហិកតាសម្រាប់ដំណើរការគម្រោងរបស់ខ្លួន សមាគមនេះ មិនមានផ្ទៃដីខ្លួនឯងនោះទេ។

លោក នូ ថេរ អភិបាលស្រុកលំផាត់ បានឲ្យដឹងដែរថា សមាគមមូលនិធិ អភិរក្សដំរីខ្មែរអៃវត្តានេះ គឺបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយក៍មានការឯកភាពពីអាជ្ញាធរ ខេត្ត រតនគិរី ជិត៣ឆ្នាំមកហើយ។ ប៉ន្តែសមាគមនេះ នៅមិនទាន់មានផ្ទៃដី ដល់រាប់រយហិកតាឯណាមក សម្រាប់អភិវឌ្ឍន៍នោះឡើយ។

គួរបញ្ជាក់ថា កន្លងមក នៅសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តានេះ ក៍មានរឿងចម្រូងចម្រាស់ប្តឹងប្តល់គ្នាឡើងទៅដល់តុលាការ ពាក់ព័ន្ធនឹងការកាត់ភ្លុកដំរីទុកលក់បន្តឲ្យទៅឈ្មួញ តែមកដល់ពេលនេះគឺលក់មិនចេញដោយសារឈ្មួញត្រូវការភ្លុកដំរីមានប្រវែង១ម៉ែត្រតែយើងមានភ្លុកប្រវែងត្រឹម៦តឹក។ ការកាត់ភ្លុកដំរីលក់នេះត្រូវបានគេរិះគន់ថាគឺជាទង្វើខុសច្បាប់ព្រោះ គោលបំណងសំខាន់ របស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា ដែលបានសុំទៅរាជរដ្ឋាភិបាលនិងអាជ្ញាធរខេត្តកន្លងមកនោះ គឺសម្រាប់អភិរក្សដំរី មិនមែនសម្រាប់ធ្វើអាជីវកម្ម ភ្លុកដំរីនោះទេ៕រ៉ាម៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *