ទំព័រដើម / ព័ត៌មានជាតិ / គណបក្សប្រជាធិបតេយ្យសេរីជប៉ុន អបអរសាទរចំពោះគណបក្សប្រជាជនដែលទទួលបានជ័យជម្នះ​ពីការ​បោះ​ឆ្នោត

គណបក្សប្រជាធិបតេយ្យសេរីជប៉ុន អបអរសាទរចំពោះគណបក្សប្រជាជនដែលទទួលបានជ័យជម្នះ​ពីការ​បោះ​ឆ្នោត

ភ្នំពេញ៖គណបក្សប្រជាធិបតេយ្យសេរី របស់ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បាន អបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះដ៏ត្រចះត្រចង់បំផុត ក្នុងការ​បោះឆ្នោត​ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ 

ឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា (Masahi Imamura) សមាជិកសភាជប៉ុន នៅក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជន នៅភូមិគ្រឹះនាទី​ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១០ សីហា នេះ បានស្ងើចសរសើរ ចំពោះជោគជ័យ​របស់គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋភាគ​ច្រើន​លើស​លុបបានបោះឆ្នោតគាំទ្រ កាលពី​ពេលថ្មីៗនេះ។

ទន្ទឹមនេះ ឯកឧត្តម តូស៊ីរ៉ូ នីកៃ អគ្គលេខា​ធិការ គណបក្ស​ប្រជា​ធិបតេយ្យសេរី និងជាសមាជិកសភាតំណាងរាស្រ្តជប៉ុន ក៏បានផ្ញើរសារលិខិតមួយជូនមក សម្តេចតេជោ ប្រធានគណបក្ស​ប្រជាជនកម្ពុជាទៀតផង។

ខ្លឹមសារលិខិតរបស់ឯកឧត្តមអគ្គលេខាធិ​ការនេះ បានចូលរួម សំដែងការ អបអរសាទរ អស់ពីដួងចិត្ត​ចំពោះសម្តេចតេជោ ក្នុងឱកាសដែលគណបក្ស​ប្រជាជន​កម្ពុជាបានទទួលជ័យជំនះ ដ៏ លើសលុប​នៅក្នុងការបោះឆ្នោតជាសកល។

នៅក្នុងសារលិខិតនេះ ក៍បានសំដែងនូវការគាំទ្រចំពោះ ការដឹកនាំ របស់​សម្តេច​តេជោដែលបានធ្វើ​ឲ្យប្រទេស​កម្ពុជា ឆ្លងចាកផុតពីដំណាក់កាលដ៏សែនអកុសលនៃសង្រ្គាម  ហើយបានបោះ​ជំហានយ៉ាងស្វាហាប់​ឆ្ពោះទៅកាន់ ការកសាងឡើងវិញ និងវិបុលភាព។

គណបក្សដែលកំពុងដឹកនាំរដ្ឋាភិបាលជប៉ុន ក៏បានអះអាងផងដែរថា នឹងធ្វើការជា​មួយ សម្តេចតេជោ ហ៊ុន សែន ដើម្បីកសាងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជប៉ុន- កម្ពុជា ឲ្យបានកាន់ តែរឹងមាំថែមទៀត។

ក្នុងនាមគណបក្សប្រជាជន និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចបានថ្លែងអំណរគុណចំពោះគណ​បក្ស​ប្រជាធិបតេយ្យសេរី ក៍ដូចជារដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលតែងបានគាំទ្រកម្ពុជានៅគ្រប់កាលៈទេសៈ  ជាពិសេសការគាំទ្រដល់ការអនុវត្តន៍ប្រជាធិប​តេយ្យតាមរយៈដំណើរការ​បោះ​ឆ្នោតថ្មីៗនេះផងដែរ។

សូមបញ្ជាក់ដែរថា ក្រៅពីគណបក្សកាន់អំណាចរបស់ជប៉ុន ក៏មានប្រទេសជាច្រើន លើពិភពលោក បានផ្ញើនូវ​សារលិខិតជូនពរជូនសម្តេចតេជោនាយករដ្ឋមន្រ្តីដែលទទួលបាន​ជោគជ័យក្នុងការបោះឆ្នោត​ជ្រើសតាំងតំ​ណាង​​​​រាស្រ្ត នីតិកាលទី៦ ជាបន្តបន្ទាប់ ក្នុងនោះរួម មានសារលិខិតមកពីប្រទេសចិន រុស្សី ឥណ្ឌា ហ្វីលីពីន ថៃ ឡាវ សិង្ហបុរី និងប្រទេសវៀតណាម។

អត្ថបទ៖ប្រាក់ សុវណ្ណតារា

Leave a Reply

Your email address will not be published. Required fields are marked *