ទំព័រដើម / ព័ត៌មានជាតិ / ជនសង្ស័យ៥នាក់រួមជាមួយគ្រឿងញៀន ២៣៦កញ្ចប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

ជនសង្ស័យ៥នាក់រួមជាមួយគ្រឿងញៀន ២៣៦កញ្ចប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

ខេត្តស្ទឹងត្រែងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរឥស្លាម៤នាក់និងជនជាតិខ្មែរម្នាក់ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៌ស(ICE)ចំនួន ២៣៦កញ្ចប់តូចនិងបាននាំខ្លួនជនសង្ស័យទាំង៥ នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តសាកសួរ។
ជនសង្ស័យទាំង ៥នាក់ត្រូវបានកម្លាំងនគរបាលខេត្តស្ទឹងត្រែងធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១៧ និង២០នាទីល្ងាចថ្ងៃទី ៩ ខែសីហាឆ្នាំ ២០១៨នៅចំណុចអូរច្រឡងភូមិអូរឬស្សីកណ្ដាលឃុំអូរឫស្សីកណ្តាលស្រុកសៀមបូកខេត្តស្ទឹងត្រែង។
លោកវរៈសេនីយ៍ទោចែមផានិតនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា៖”ជនសង្ស័យទាំង៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ១-ឈ្មោះទល់សល់ឡោះភេទប្រុសអាយុ ២៤ ឆ្នាំទី២ ឈ្មោះទន់សុខគ្រីអាយុ១៩ ឆ្នាំ ទី ៣ ឈ្មោះជាសុដា ភេទប្រុសអាយុ ៣៦ឆ្នាំជនជាតិខ្មែរ ទី៤ឈ្មោះលឹមយ៉ាទី ភេទស្រី អាយុ ១៦ឆ្នាំជនជាតិខ្មែរឥស្លាមនិងទី ៥ឈ្មោះនៅវណ្ណៈហៅ,(សៀងផាន់ណា)ភេទប្រុស អាយុ២៣ឆ្នាំ ជនសង្ស័យទាំង៥នាក់មានទីលំនៅក្នុងភូមិអូរឬស្សីកណ្ដាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង”។
លោកវរៈសេនីយ៍ទោនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបន្តថា៖”ការឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់ខាងលើគឺសមត្ថកិច្ចរបស់លោកបានធ្វើការស្រាវជ្រាវនិងតាមដានអស់រយៈពេលជាយូរថ្ងៃកន្លងមកហើយបន្ទាប់ពីកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវរកឃើញថាជនសង្ស័យកំពុងតែធ្វើសកម្មភាពជួញដូរនិងចែកចាយគ្រឿងញៀននៅចំណុចខាងលើលោកក៏បានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបភ្លាមតែម្ដង”។ក្រោយការឃាត់ខ្លួនជនសង្ស័យ៥ទាំងនាក់ខាងលើគឺសមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញសារធាតុញៀនខុសច្បាប់ចំនួន ២៣៦ កញ្ចប់តូចនិងសម្ភារៈមួយចំនួនមានដូចជាទូរស័ព្ទប្រមាណជិត១០គ្រឿងនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ក្នុងនោះមានប្រុស ៤ស្រីម្នាក់ជនជាតិខ្មែរឥស្លាមចំនួន 4 នាក់និងខ្មែរម្នាក់និងបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងភ្លាមៗផងដែរដើម្បីធ្វើការសាកសួរ។
ជនសង្ស័យទាំង៥នាក់ពាក់ព័ន្ធក្នុងករណីជួញដូរសារធាតុញៀនខុសច្បាប់បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាគ្រឿងញៀនទាំង២៣៦កញ្ចប់ពិតជារបស់ខ្លួនពិតប្រាកដមែន។គ្រឿងញៀនត្រូវបានធ្វើតេស្តបឋមចំពោះមុខជនសង្ស័យនិងមានការចូលរួមពីលោកចៅក្រមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែងរកឃើញថាគ្រឿងញៀនពិតជាមានសារធាតុញៀនពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់រួមនិងវត្ថុតាងគ្រឿងញៀនចំនួន២៣៦កញ្ចប់តូចកំពុងតែរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនិងធ្វើការសាកសួរជនសង្ស័យកសាងសំណុំរឿងពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀនខុសច្បាប់បញ្ជូនទៅកាន់តុលាការខេត្តដើម្បីចាត់ការតាមនីតិវិធី៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *