ទំព័រដើម / ព័ត៌មានជាតិ / ខេត្តរតនគិរីនឹងបង្កើតផ្សារសម្រាប់ឲ្យជនជាតិដើមភាគតិចលក់ទំនិញដែលខកខានមិនបានធ្វើយូរមកហើយ

ខេត្តរតនគិរីនឹងបង្កើតផ្សារសម្រាប់ឲ្យជនជាតិដើមភាគតិចលក់ទំនិញដែលខកខានមិនបានធ្វើយូរមកហើយ

ភ្នំពេញ៖អាជ្ញាធរខេត្តរតនគិរីបានអះអាងជាថ្មីថានឹងរៀបចំសាងសង់ទីតាំងមួយកន្លែងនៅចំពីមុខផ្សារ បានលុងទុកសម្រាប់តែជនជាតិដើមភាគតិចដាក់លក់មុខទំនិញខណ:ដែលបច្ចុប្បន្នជនជាតិដើមទាំងនោះកំពុងតែលក់ដូរទំនិញរបស់ខ្លួនហាលថ្ងៃហាលភ្លៀង។

លោក ជាម សុផាត អតីតប្រធានគណ:កម្មការ ផ្សារ បានលុង បានឲ្យដឹងថា កន្លងមក មានប្រជាពលរដ្ឋ ជនជាតិដើមភាគតិច ប្រមាណពី៣០០ ទៅ៤០០នាក់ បានលក់ដូរទំនិញ របស់ខ្លួនហាលភ្លៀងហាលថ្ងៃ នៅខាងក្រៅផ្សារ បានលុង។ បើនៅរដូវប្រាំង ត្រូវលក់នៅកណ្តាលថ្ងៃ ហើយបន្លែបង្ការឆាប់ក្រៀមស្វិត រីឯរដូវវស្សាវិញ បន្លែបង្ការ នោះនៅស្រស់ បានយូរបន្តិច តែ អ្នកលក់ ត្រូវអង្គុយលក់ហាលភ្លៀង។

លោក បន្តថា ដោយមើលឃើញ ពីការលំបាក នេះនៅឆ្នាំ២០១៧ ភាគីវិនិយោគ ផ្សារបានលុង ក៍បានដាក់សំណើមួយ ទៅអាជ្ញាធរក្រុង បានលុង ដើម្បីសុំការអនុញ្ញាត សាងសង់ ទីតាំង មួយមានដំបូល នៅចំខាងមុខផ្សារបានលុង ដោយខាងផ្សារ ជាអ្នក ចេញថ្លៃចំណាយ។ ប៉ុន្តែរហូតមកដល់ពេលនេះ គឺពុំមានការឆ្លើយតប ណាមួយ ពីអាជ្ញាធរក្រុងបានលុងនោះទេ ធ្វើឲ្យជនជាតិដើមភាគតិច ទាំងនោះនៅតែលក់ទំនិញរបស់ខ្លួនក្រៅផ្សារដដែល។

លោក ងិន ណែល អភិបាលក្រុងបានលុង បានឲ្យដឹងថា ចំពោះគម្រោងសាងសង់ ផ្សារសម្រាប់ជនជាតិដើមភាគតិចនោះ គឺជាគម្រោងរបស់គណ:អភិបាលខេត្តរតនគិរី  មិនមែនរបស់អាជ្ញាធរក្រុងឡើយ។  លោកបញ្ជាក់ថា ជនជាតិដើមភាគតិច ដែលលក់ដូរ នៅខាងក្រៅផ្សារ សព្វថ្ងៃនេះ គឺពិតជាជួប ការលំបាក់ ខ្លាំងណាស់ទាំងរដូវប្រាំង និង រដូវវស្សា ដោយសារតែ ពួកគាត់មិនមានលទ្ធភាព ទិញតូបក្នុងផ្សារ។

ឯកឧត្តម យ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី និង ជាអ្នកនាំពាក្យ បានឲ្យដឹងថា មកដល់ពេលនេះ គឺអាជ្ញាធរខេត្ត រតនគិរីបានរៀបចំគម្រោងសាងសង់ទីតាំង សម្រាប់ ផ្តល់ជូនជនជាតិ ដើមភាគតិចលក់ទំនិញរបស់ខ្លួននោះ រួចរាល់ហើយ គឺនៅតែថ្ងៃ ចាប់ផ្តើមអនុវត្តតែប៉ុណ្ណោះ។ទីតាំងនោះគឺស្ថិតនៅចំពីមុខផ្សារបានលុងដោយមានចាក់សាបនិងធ្វើជាដំបូលប្រក់ពីលើ។

ឯកឧត្តម បញ្ជាក់ថា ចំពោះទីតាំងលក់-ដូរទាំងនោះ នៅពេលសាងសង់ រួចគឺមិនត្រូវឲ្យបងប្អូនជនជាតិដើមភាគតិចត្រូវចេញលុយ ឬ បង់ភាស៊ីកន្លែងលក់ដូរទាំងនោះទេ ពោលគឺពួកគាត់សម្រាប់តែចូលលក់តែប៉ុណ្ណោះ។

ឯកឧត្តម បន្តថា នៅចំពោះមុខនេះ អ្វីដែលអាជ្ញាធរខេត្ត ត្រូវធ្វើនោះ គឺមិនមែនត្រឹមតែរៀបចំ ទីតាំងសម្រាប់លក់-ដូរ របស់បងប្អូនជនជាតិដើម ភាគតិចប៉ុណ្ណោះទេ។ ប៉ុន្តែអ្វី ដែលត្រូវ រៀបចំដែរនោះ គឺបច្ចុប្បន្ននេះ មានតូបលក់ដូរជាង៧០០ ដែលបានលក់ដូរនៅជុំវិញផ្សារបានលុង។ អាជ្ញាធរខេត្តនឹងត្រូវរៀបចំកែលម្អតូបទាំងនោះឲ្យមានសោភណ័ភាព មានផ្លូវចេញ-ចូលនឹងត្រូវបង្កើតឲ្យមានសួនច្បារទៀតផង ដើម្បីទាក់ទាញ ភ្ញៀវទេសចរជាតិ និង អន្តរជាតិដែលមកទស្សនា កម្សាន្តនៅខេត្តរតនគិរី៕រ៉ាម៉េត

Leave a Reply

Your email address will not be published. Required fields are marked *