ទំព័រដើម / ព័ត៌មានជាតិ / សម្តេចក្រឡាហោម ស ខេង ប្រាប់ឲ្យមន្រ្តីក្រសួងមហាផ្ទៃទាំងអស់កុំបក្សពួកនិយម និងប្រព្រឹត្តិ អំពើពុករលួយនៅអាណត្តិទី៦នេះ

សម្តេចក្រឡាហោម ស ខេង ប្រាប់ឲ្យមន្រ្តីក្រសួងមហាផ្ទៃទាំងអស់កុំបក្សពួកនិយម និងប្រព្រឹត្តិ អំពើពុករលួយនៅអាណត្តិទី៦នេះ

ភ្នំពេញ៖ បន្ទាប់ពីការបោះឆ្នោតជាតិបានបិទបញ្ចប់ ហើយលទ្ធផលបង្ហាញថាគណបក្សប្រជាជន កម្ពុជានឹងបន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៦ទៀតនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យមន្រ្តីក្រសួងមហាផ្ទៃទាំងអស់នៅក្នុងអាណត្តិទី៦នេះ គឺមិនត្រូវបក្សពួកនិយម និងប្រព្រឹត្តិអំពើពុករលួយនោះទេ។

សម្តេចក្រឡហោម ស ខេង បានលើកឡើងថា អាណត្តិទី៦ខាងមុខនេះគឺមានបញ្ហាប្រឈមជាច្រើនដែលត្រូវបានដោះស្រាយ។ ដូច្នេះមន្រ្តីក្រសួងមហាផ្ទៃទាំងអស់ត្រូវលើកដំកើង និងផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១២ សីហា សម្តេចបានសង្កត់ធ្ងន់ថា មន្រ្តីទាំងអស់ត្រូវធ្វើអំពើល្អ មិនបែងចែក មិនបក្សពួកនិយម មិនគ្រួសារនិយម ប្រឆាំងអំពើពុករលួយ មិនប្រើអំណាចដោយរំលោភ។

សម្តេចក្រឡាហោម ស ខេង ក៏បានអរគុណផងដែរដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងបំពេញភារកិច្ចទទួលបានជោគជ័យយ៉ាងធំធេងជូនប្រទេសជាតិ និងប្រជាជនយើងតាមតួនាទីភារកិច្ចរៀងៗខ្លួន ជាពិសេសកិច្ចការទាំងឡាយដែលទាក់ទងដល់ការបំរើការបោះឆ្នោតជាតិ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ បាលជាតិបានប្តេជ្ញាចិត្តខិតខំប្រែក្លាយអនុសាសន៍របស់សម្តេចឲ្យទៅជាការពិតនៅក្នុងសកម្មភាពជាក់ស្តែង របស់នគរបាលជាតិក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល ខាងមុខនេះ។

លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី១៣ សីហានេះ ឯកឧត្តម នាយឧត្តមសេនីយមានប្រសាសន៍ថា កងកម្លាំងទាំងអស់តែងចងចាំជានិច្ចនូវអ្វីដែលជាការណែនាំ ដែលសម្តេចធ្លាប់ទូន្មានដល់មន្ត្រីនគរបាលគ្រប់រូបឲ្យប្រព្រឹត្តអំពើល្អ និងខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន៕ អត្ថបទ៖ ចាន់ សុធីវង្ស

Leave a Reply

Your email address will not be published. Required fields are marked *