ទំព័រដើម / ព័ត៌មានជាតិ / ខែកក្កដាភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាខេត្តកំពង់ចាមកើនឡើង

ខែកក្កដាភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាខេត្តកំពង់ចាមកើនឡើង

ខេត្តកំពង់ចាម: សម្រាប់ខេត្តកំពង់ចាម នៅក្នុងខែកក្កដា កន្លងទៅនេះ បានកើនឡើងទាំងភ្ញៀវជាតិ និងទាំងភ្ញៀវអន្តរជាតិចំនួន ២៣ភាគរយ។ ក្នុងនោះកើនឡើងខ្លាំងលើភ្ញៀវបរទេស ដែលធ្វើដំណើរកន្សាន្តតាមកប៉ាលមកឈប់ចតនៅច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ហើយធ្វើដំណើរបន្តតាមរថយន្តឆ្ពោះទៅ កាន់រមណីយដ្ឋាននានារបស់ខេត្តនេះ។

លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឲ្យដឹងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨នេះថា ជារួមភ្ញៀវទេសចរដែលបានមកលេងកម្សាន្ត និងទស្សនាតាមតំបន់រមណីយដ្ឋានសរុបសម្រាប់ខែកក្កដា កន្លងទៅនេះមានចំនួន ៤១.៤២១ នាក់ គឺច្រើនជាងខែមិថុនា ដែលមានចំនួនត្រឹម ៣៣.៧០៤ នាក់នោះ។ លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ក្នុងនោះមានភ្ញៀវជាតិចំនួន ៤០.៧៩៤ នាក់ បើធៀបនឹងខែមិថុនាចំនួន ៣៣.២០៤នាក់ គឺកើនឡើងចំនួន ២៣ ភាគរយ។ ចំណែកភ្ញៀវអន្តរជាតិចំនួន ៦២៧ នាក់ បើធៀបនឹងខែមិថុនាចំនួន ៥០០ នាក់ គឺកើនឡើងចំនួន ២៥ ភាគរយ។

ការកើនឡើងភ្ញៀវទេសចរបរទេស គឺភាគច្រើននៃភ្ញៀវទាំងនោះបានធ្វើដំណើរតាមកប៉ាល់។ លោក ស៊ាន សុគន្ធ បានបន្ថែមថា ដោយភ្ញៀវបរទេសទាំងនោះ គឺមកកម្សាន្តតាមរយ:ក្រុមហ៊ុនឯកជន បានចតកប៉ាល់ទុកនឹងច្រាំងទន្លេក្នុងក្រុងកំពង់ចាម ហើយខាងក្រុមហ៊ុនទាំងនោះបានយករថយន្តមកដឹកភ្ញៀវទៅ ទស្សនានៅតាមរមណីយដ្ឋានដែលមានប្រាសាទបុរាណដូចជា ប្រាសាទភ្នំហាន់ជ័យ , ប្រាសាទនគរបាជ័យ ភ្នំប្រុសភ្នំស្រី …ជាដើម ហើយពេលយប់នាំភ្ញៀវមកសម្រាកនៅក្នុងកប៉ាល់វិល។

លោក សុគន្ធ បានបន្តថា ចំណែកភ្ញៀវជាតិក្នុងស្រុកដែលអញ្ជើញមកពីបណ្តារាជធានីភ្នំពេញ និងបណ្តាខេត្តនានានោះ គឺខ្លះបានមកលេងកម្សាន្តនៅរមណីយដ្ឋានទឹកឆា និងមួយចំនួនធំបានមកកាន់ទីក្រុងកំពង់ចាម។ ដើម្បីគយគន់ទេសភាពតាមសួនច្បារ និងលាយឡំដោយរូបចំឡាក់មួយចំនួន ដែលអបដោយទឹកទន្លេមេគង្គពេញប្រៀបច្រាំង គឺកាន់តែបង្កើនភាពទាក់ទាញភ្ញៀវកាន់ច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

គួរបញ្ជាក់ថា នៅខេត្តកំពង់ចាមនារដូវទឹកជំនន់ទន្លេមេគង្គឡើងនេះ គឺមានរមណីយដ្ឋានមួយចំនួននៅដងទន្លេ និងទន្លេនេះមាន: រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន, បឹងធំ ក្នុងស្រុកកំពង់សៀម, និងទំនប់តាកុដ ក្នុងស្រុកកងមាស និងស្រុកព្រៃឈរ គឺទឹកជំនន់ទន្លេនេះបានជន់លិចអស់ហើយមិនអាចទៅកម្សាន្តបានទេ។ ប៉ុន្តែនៅមានរមណីយដ្ឋានដ៏ស្រស់ត្រកាលជាច្រើនកន្លែងផ្សេងទៀត គឺភ្ញៀវទេសចរអាចទៅទស្សនា លេងកម្សាន្តប្រកបដោយសុខសុវត្ថិភាព៕ អត្ថបទ ៖ ភោគ សម្បត្តិ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *