ទំព័រដើម / ការបោះឆ្នោត / អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាស្នើ កុំឲ្យមានការបកស្រាយខុសលើរាជក្រឹត្យចាត់តាំងសម្តេចតេជោហ៊ុន សែន

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាស្នើ កុំឲ្យមានការបកស្រាយខុសលើរាជក្រឹត្យចាត់តាំងសម្តេចតេជោហ៊ុន សែន

ភ្នំពញ៖អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាស្នើឲ្យអ្នកនយោបាយ និងអ្នកវិភាគមួយចំនួនកុំបកស្រាយខុសលើរាជក្រឹត្យចាត់តាំងសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីដើម្បីរៀបចំសមាសភាពរាជរដ្ឋាភិបាលនីតិកាលទី៦ ដែលនាំឲ្យសាធារណជនមានការយល់ខុសមកលើរាជរដ្ឋាភិបាល ។

ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី២០ ខែសីហានេះឯកឧត្តម សុខឥសាន្ត សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​បានអំពាវ​នាវដល់អ្នកនយោបាយ និងអ្នកវិភាគនយោបាយ -សង្គម ឲ្យពិនិត្យ​លើខ្លឹមសាររដ្ឋ​ធម្មនុញ្ញឲ្យច្បាស់ជាមុនសិន ដើម្បីចៀសវាងការនិយាយ​តាមគំនិតអត្តនោម័ត្តរបស់ខ្លួន ឬតាមនិន្នាការលំអៀងខាងនយោបាយ  ដែលជាហេតុនាំឲ្យសាធារណៈមតិ​មានការយល់ច្រឡំ។

ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីមានអ្នកនយោបាយ និងអ្នកវិភាគសង្គមមួយ​ចំនួនតួចបានលើកឡើងថា  ព្រះរាជក្រឹត្យចាត់តាំងសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីកន្លងមកនេះគឺផ្ទុយពីរដ្ឋធម្មនុញ្ញ។

ឯកឧត្តមសុខឥសាន្តបានពន្យល់ថា៖យោងតាមខ្លឹមសារនៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិត្រង់វាក្យខ័ណ្ឌទី ២ មាត្រា  ៤ ទំព័រទី ១៣៨នៃសៀវភៅរដ្ឋធម្មនុញ្ញ ចែងថាៈ តាមសេចក្តីស្នើពីគណបក្សនយោបាយដែល​មានចំនួនអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រ នៃគណបក្សនយោបាយដែលឈ្នះឆ្នោត ឲ្យបង្កើតរាជរដ្ឋាភិបាល ។

ឯកឧត្តមបន្តថា៖   វរៈជនដែលត្រូវបានចាត់តាំងនេះ ត្រូវរៀបចំផ្គូរផ្គងតំណែង​ផ្សេងៗក្នុងរាជរដ្ឋាភិបាល រួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់​នៃរាជរដ្ឋាភិបាល​ជូនព្រឹទ្ធសមាជិករដ្ឋសភា ។

ព្រឹទ្ធសមាជិករដ្ឋសភា ត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយនូវបេក្ខជន ប្រធាន អនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំង​អស់នៃរដ្ឋសភា ព្រមទាំងបេក្ខជន នាយករដ្ឋមន្ត្រី និងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភា បោះឆ្នោត៕   អត្ថបទ៖ ចេម ហួត 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *