ទំព័រដើម / ព័ត៌មានជាតិ / ក្រសួងធនធានទឹកប្រកាសថា៖”ទឹកជំនន់នឹងបន្ដវាយប្រហារខេត្តតាមដងទន្លេមេគង្គ”

ក្រសួងធនធានទឹកប្រកាសថា៖”ទឹកជំនន់នឹងបន្ដវាយប្រហារខេត្តតាមដងទន្លេមេគង្គ”

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរខេត្ដចំនួន៤ ស្ថិតនៅតាមដងទន្លេមេគង្គលើ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ដែលកំពុងតែបន្ដហក់ ឡើង រហូតដល់ដល់ពីរ ឬបីថ្ងៃទៀត ទើបទឹកចាប់ផ្ដើមស្រក និងត្រឡប់មកសភាពធម្មតាវិញ។

ឯកឧត្តម ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ទូរទស្សន៍រស្មីហង្សមាស នាព្រឹកថ្ងៃទី២០ ខែសីហានេះថា ដោយសារតែឥទ្ធិពលព្យុះទី១៦ បេប៊ីនកា កន្លងមក បានបង្កឱ្យមានការធ្លាក់ភ្លៀងក្នុងកម្រិតបង្គួរនៅតាមតំបន់ផ្ទៃរងទឹកភ្លៀង នៅតាម ដងទន្លេមេគង្គ​ ទន្លេសាសាន ទន្លេសេកុង និងទន្លេស្រែពក ដែលទន្លេទាំង៤នេះ ស្ថិតនៅក្នុងប្រទេស កម្ពុជា វៀតណាម ឡាវ និងប្រទេសថៃ។

ឯកឧត្តមបានបញ្ជាក់ ស្ថានភាពទឹកជំនន់បានបន្ដកើនឡើង នៅតាម ដងទន្លេទាំង៤នេះ ជាពិសេសនៅខេត្ដស្ទឹងត្រែង ដែលទឹកបន្ដកើនឡើងរហូតដល់ជាង១០ ម៉ែត្រ ហួសការប្រកាសឱ្យមានការប្រុងប្រយ័ត្ន។ ចំពោះខេត្ដក្រចេះ ត្បូងឃ្មុំ និងខេត្ដកំពង់ចាម ទឹកក៏បានកើនឡើងលើសពីកម្រិតដែលក្រសួងបានប្រកាសឱ្យមានប្រុងប្រយ័ត្ន ហើយស្ថានភាពទឹក នឹងនៅតែបន្ដកើន ឡើងក្នុងរយៈពេលពីរ ទៅបីថ្ងៃទៀត  ទើបស្រកថយចុះមកវិញ។

ប៉ុន្ដែទឹកដែលងើប ឡើងនេះ មិនឡើងដោយគំហុកខ្លាំងនោះទេ គឺឡើងសន្សឹមៗ ហើយបន្ទាប់ពីឡើងបាន ពីរទៅបីថ្ងៃ ខាងមុខ នឹងចាប់ផ្ដើមធូរស្រាលជាបន្ដបន្ទាប់។

ឯកឧត្តមបានលើកឡើងថា ចាប់ពីថ្ងៃរសៀលទី២០ ខែសីហានេះតទៅ បើតាមការព្យាករណ៍ បង្ហាញថា ស្ថានភាពអាកាសធាតុបានចាប់ផ្ដើមធូរស្រាលបន្ដិច ដោយនៅមានភ្លៀងធ្លាក់តិចតួច មិន មានភ្លៀងធ្លាក់ច្រើនដោយគំហុក និងជាប់ៗគ្នាខ្លាំងដូចពេលប៉ុន្មានសប្ដាហ៍កន្លងមកនោះទេ។

មន្រ្ដីក្រសួងធនធានទឹកបានអះអាងថា រហូតមកដល់ពេលនេះ មានខេត្ដចំនួន៥ ដែលទទួល រងប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដោយសារតែភ្លៀងបានធ្លាក់មកជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលធ្វើឱ្យតំបន់មួយចំនួនទទួលរងទឹកជំនន់ ដូចជាតាមស្ទឹងមង្គលបុរី ក្នុងខេត្ដបន្ទាយមានជ័យ មួយផ្នែកទៀតជំនន់ទឹកភ្លៀងនៅស្ទឹងសង្កែ ក្នុងខេត្ដបាត់ដំបង តំបន់មួយចំនួនក្នុងខេត្ដកំពត ព្រះសីហនុ និងតាមដងស្ទឹងព្រែកត្នោតក្នុងខេត្ដកំពង់ស្ពឺ ដោយសារតែភ្លៀងបានធ្លាក់ជាប់ៗគ្នាក្នុង បរិមាណជាង២០០មីលីម៉ែត្រ ទើបបណ្ដាលឱ្យមានជំនន់កើតឡើង។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ទន្លេមេគង្គ ស្ទឹងត្រែង ទឹកអាចកើនឡើងដល់កម្ពស់ ១១.០០ម៉ែត្រ នាថ្ងៃទី២២ ខែសីហា (កម្ពស់ប្រកាសឲ្យ ប្រុងប្រយ័ត្ន ១០.៧០ម៉ែត្រ), ទន្លេមេគង្គក្រចេះ ទឹកអាចកើនឡើងដល់កម្ពស់ ២២.២០ម៉ែត្រ នាថ្ងៃទី ២៣ ខែសីហា (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២.០០ម៉ែត្រ), ទឹកទន្លេមេគង្គកំពង់ចាម ទឹកអាចឡើង ដល់កម្ពស់ ១៥.៤៥ម៉ែត្រ នាថ្ងៃទី២៤ ខែសីហា (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥.២០ម៉ែត្រ),

ទន្លេបា សាក់-ចតុមុ រាជធានីភ្នំពេញ ទឹកអាចកើនឡើងដល់កម្ពស់ ០៩.៩០ម៉ែត្រ នាថ្ងៃទី២៥ ខែសីហា (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០.៥០ម៉ែត្រ), ទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងបឹង ទន្លេសាប ទឹកនឹងបន្ដកើនឡើងសន្សឹមៗបន្ថែមទៀត និងទន្លេសេកុង ទន្លេសេសា ទឹកអាចនឹងស្រក ចុះវិញ ក្នុងអំឡុង២-៣ថ្ងៃខាងមុខ៕អត្ថបទ៖ ប៉ូ សុផានិត

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *