ទំព័រដើម / តារា / អតីត​ប្តី​បាញ់សម្លាប់ សាន ស្រី​ឡៃ ជា​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២

អតីត​ប្តី​បាញ់សម្លាប់ សាន ស្រី​ឡៃ ជា​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២

ភ្នំពេញ ៖ តារាចំរៀង សាន ស្រី​ឡៃ ជា​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២​ត្រូវ​បុរស​ជា​ប្តី​បាញ់​៣​គ្រាប់​ដេក​ដួល​ក្នុង​ថ្លុកឈាម​នៅក្នុង​គ្លីនិក​កែសម្ជស្ស ចំណែក​ឃាតករ​បាន​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ដួល​ស្លាប់​​នៅ​ជិត​គ្នា​តែម្តង។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១៦ ខែ តុលា ឆ្នាំ ២០១៧ នៅក្នុង​មន្ទីរ​សំរាក​ព្យាបាល វ៉ា​យ​តា​ឡុង​ហ្គា ជា​គ្លីនិក​កែសម្ជស្ស ស្ថិតនៅ​ក្បែរ ស្ថានីយ​ទូរទស្សន៍​អប្សរា តាម​បណ្តោយ​ផ្លូវ​៣៦០​កែង​ផ្លូវ​៥៧ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។​

ជនរងគ្រោះ​ដែល​ត្រូវ​ខ្មាញ់​កាំភ្លើង​បាញ់សម្លាប់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សាន ស្រី​ឡៃ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជា​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២ ស្នាក់​នៅផ្ទះ​លេខ​១៩១ ភូមិ​សែន​សុខ​១ សង្កាត់​សែន​សុខ ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​កំពុងតែ​ថត​រឿង​រាជ​នី​ភូមិគ្រឹះ មិនទាន់​ចប់​នៅឡើយ​ទេ ។ ចំណែក​សព​បុរស​ដែលជា​ខ្មាញ់​កាំភ្លើង​មានឈ្មោះ ជ័យ រិ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​អនុប្រធាន​គយ​ប្រចាំ​នៅ​ត្បូងឃ្មុំ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FN 5923 ។​

បើ​យោងតាម​កាំ​មេ​រ៉ា​សុវត្ថិភាព​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​រថ យន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL 0836 ទៅ​គ្លីនិក​កែស​ម្ជ​ស្ស​ខាងលើ​ដើម្បី​ផាត់មុខ ខណៈពេល​ចុះ​ពីលើ​រថយន្ត​ដើរចូល​ក្នុង​គ្លីនិក​បើកទ្វារ​កញ្ចក់​ដើរចូល​ទៅខាង​ក្នុង​គ្លីនិក​ទើបនឹង​ផុតពី​មាត់ទ្វារ​បាន​បន្តិច​ឈរ​សួរនាំ​បុគ្គលិក​ក៏ត្រូវ​ខ្មាញ់​កាំភ្លើង​បាន​ដើរ​តាម​ពីក្រោយ​ដក​កាំភ្លើង​បាញ់​ទៅលើ​ជនរងគ្រោះ​ចំនួន​៣​គ្រាប់​បណ្តាល​ឲ្យ​ដួល​ស្លាប់​ហើយ​ខ្មាញ់​កាំភ្លើង​បាន​យក​កាំភ្លើង​បាញ់​ខ្លួនឯង​មួយគ្រា​ប់​ដួល​ដេកស្លាប់​នៅជាប់​នឹង​ជនរងគ្រោះ​តែម្តង ។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ឡោមព័ទ្ធ​ទីតាំង​ខាងលើ​មិន​ឲ្យ​ចូល​ទៅជិត​សព​ជន រងគ្រោះ​ទេ សូម្បីតែ​បុគ្គលិក​ក្នុង​គ្លីនិក​កែស​ម្ជ​ស្ស​ក៏​មិន​អនុញ្ញាត​ឲ្យ​ចេញមក​ខាងក្រៅ​ដែរ ដោយ​សមត្ថកិច្ច​ឡោមព័ទ្ធ​រហូតដល់​ម៉ោង​ជិត​៨​យប់​ទើប​មាន​សាច់ញាតិ​ជនរងគ្រោះ​និង ជនដៃដល់​មក​ដឹកយក​សព​ចេញទៅ​ធ្វើបុណ្យ​រៀងខ្លួន ។ ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​ប្រជា​ពល រដ្ឋ​រាប់ពាន់នាក់​ចោមរោម​មើល​យ៉ាងច្រើន​កុះករ​ចង់ដឹង​ពី​មូល​ហេតុដែល​បង្ក​ឲ្យ​មានការ បាញ់សម្លាប់ ។​

បើតាម​សម្តី​របស់​ម្តាយ​ជនរងគ្រោះ​មានឈ្មោះ ឡុង ច​ន្ធី អាយុ​៤៦​ឆ្នាំ មុខរបរ​លក់​បបរ ស្នាក់នៅ​ផ្ទះជួល​លេខ​១៩១ ភូមិ​សែន​សុខ​១ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា កូនស្រី​របស់គាត់​មាន​ប្តី​បានកូន​ប្រុស​២​នាក់ កូន​បង​អាយុ​៨​ឆ្នាំ និង​កូន​ទី​២​អាយុ​៤​ឆ្នាំ បាន​បែកបាក់​គ្នា ។ ។ ស្ត្រី​ជា​ម្តាយ​បាន​បន្តទៀតថា មុនពេល​កើតហេតុ​កូនស្រី​របស់គាត់​បាន ប្រាប់ថា​គាត់​ទៅ​ថត​កម្មវិធី តែ​អត់​ដឹងថា​កូនស្រី​គាត់​ទៅ​កន្លែង​ផាត់មុខ​ទេ ។​

ដោយឡែក​អ្នកនាង​ពេជ្រ សោភា ដែលជា​តារាចំរៀង​នៅ​ផលិតកម្ម​ហង្ស​មាស និង​ជា​គ្រូបង្វិក របស់​ជនរងគ្រោះ​ខណៈ​កំពុង​​ប្រឡង The Voice Cambodia រដូវ​កាល​ទី​២ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជាមនុស្ស​ដែល​កំសត់​និង​តស៊ូ​ក្នុង​ជីវិត ព្រោះ​ជនរងគ្រោះ​ជា​មេ​គ្រួសារ​ខំ​ប្រឹង​រក​ប្រាក់​ដើម្បី​ចិញ្ចឹម​កូន​និង​ម្តាយ ។

ពាក់ព័ន្ធ​នឹង​ជីវិត​ប្តី​ប្រពន្ធ​នាង​មិនបាន​ដឹង​ស៊ី​ជំរៅ​ទេ ​គ្រាន់តែ​ដឹង​ថា​មនុស្ស​ស្រី​មិនអាច​ទ្រាំទ្រ​នឹង​អំពើ​ហិង្សា​របស់​ប្តី​ដែល​តែងតែ​ប្រើ​​​​ទៅលើ​នាង​រហូត​មាន​ស្នាម​ជាំ​នៅ​លើ​ខ្លួន​ប្រាណ​ទៀត​ផង។​

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​និង​ជនដៃដល់​បាន​លែងលះ​​គ្នា​ហើយៗ​បុរស​ជា​ជន​ដៃដល់​បាន​សុំ​ត្រូវ​​រ៉ូវ​គ្នា​វិញ តែ​ជនរងគ្រោះ​មិន​ព្រម​ទើប​ឈាន​ដល់​បាញ់​សម្លាប់​​តែម្តង ។

​ ​តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​ជនរងគ្រោះ​រង​រ​បួស​៣​គ្រាប់ ត្រូវ​ខ្នង​ពី​ខាងក្រោយ ចំនួន​២​គ្រាប់​និង​ក.មួយ​គ្រាប់ ចំណែក​ជនដៃដល់​បាញ់​ខ្លួនឯង​មួយគ្រា​ប់​ចំ​​សៀតផ្កា​​ខាងស្តាំ ធ្លាយ​ទៅ​ខាង​ឆ្វេង​ដួល​ស្លាប់​ភ្លាម​មួយ​រំពេច​ ដោយ​ប្រើ​កាំភ្លើង​ម៉ាក​រ៉ូឡូ ។ សព​ត្រូវបាន​សាច់ញាតិ​ទទួល យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយ​សព​​នារី​ជនរងគ្រោះ​ត្រូវ​បាន​​ក្រុមហ៊ុន​ហង្ស​មាស​​រ៉ាប់រង​ដឹក​ជញ្ជូន​យក​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​សែន​សុខ មិនតែប៉ុណ្ណោះ​ពេល​ដែល​ដឹក​សព​យក​ទៅ​ដល់​វត្ត​សែន​សុខ​ មាន​តារាចម្រៀង​និង​តារា​សម្តែង​ជា​ច្រើន​នាក់​បាន​ទៅ​យំសោក​ស្តាយ​ជនរងគ្រោះ​ផង​ដែរ ។ ចំណែក​សព​ជន​ដៃដល់​សាច់ញាតិ​ដឹក​យក​​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​ ឯ​ខេត្តព្រៃវែង ៕

Check Also

ក្រសួងការងារជំរុញឲ្យម្ចាស់រោងចក្រទាំងអស់បង្កើតក្រុមការងារដើម្បីទប់ស្កាត់បញ្ហាកម្មករដួលសន្លប់នៅតាមរោងចក្រ

ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឲ្យម្ចាស់រោងចក្រទាំងអស់បង្កើតក្រុមការងារមួយដើម្បីទប់ស្កាត់បញ្ហាកម្មករដួលសន្លប់នៅតាមរោងចក្រសំដៅលើកកម្ពស់សុវត្តិភាពនិងលក្ខខណ្ឌការងារនៅកន្លែងធ្វើការឲ្យកាន់តែប្រសើរឡើងថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *