ទំព័រដើម / អន្តរជាតិ / មនុស្សជាង២៣០នាក់ស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកដ៏អាក្រក់បំផុតនៅសូម៉ាលី

មនុស្សជាង២៣០នាក់ស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកដ៏អាក្រក់បំផុតនៅសូម៉ាលី

ក្រុងម៉ូហ្គាឌីស្យូ៖ មនុស្សជាង២៣០នាក់ស្លាប់និង២៧៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកក្បែរសណ្ឋាគារដ៏មានប្រជាប្រិយភាពមួយកន្លែងក្នុងទីក្រុងម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។

យោងតាមនគរបាលសូម៉ាលីបានឲ្យដឹងថា ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះកើតឡើងកាលពីថ្ងៃសៅរ៍ ពេលរថយន្តមួយគ្រឿងដែលផ្ទុកទៅដោយជាតិផ្ទុះត្រូវបានបំផ្ទុះឡើងនៅចំណុចប្រសព្វនៃទីប្រជុំជនដ៏មមាញឹកមួយន្លែងដែលប្រមូលផ្តុំទៅដោយសណ្ឋាគារ ហាងទំនើបៗ និងការិយាល័យរដ្ឋាភិបាល ដោយបង្កឲ្យមនុស្សស្លាប់ចំនួន២៣១ ក្នុងនោះភាគច្រើនជាជនស៊ីវិល មួយចំនួនជាមន្ត្រីរដ្ឋាភិបាល និងមួយចំនួនទៀតជាមន្ត្រីទូតនិងអ្នកកាសែត។

ហេតុការណ៍បំផ្ទុះនេះត្រូវបានចាត់ទុកថា ជាហេតុការណ៍ដ៏អាក្រក់បំផុតនៅក្នុងប្រទេសសូម៉ាលីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់មានក្រុមណាចេញមុខមកអះអាងទទួលខុសត្រូវនៅឡើយទេ ។ ទោះជាយ៉ាងណារដ្ឋាភិបាលសូម៉ាលីបានបន្ទោសទៅលើក្រុម Al-Shabaab ដែលតែងតែធ្វើការវាយប្រហារស្រដៀងគ្នានេះនាពេលកន្លងមក។

លោក Mohamed Abdullahi Farmajo ប្រធានាធិបតីសូម៉ាលី បានថ្លែងថា សោកនាដកម្មនេះបង្ហាញថា ក្រុម Al-Shabaab បន្តផ្តោតគោលដៅលើជនស៊ីវិលស្លូតត្រង់ ជាពិសេសនៅតំបន់ដ៏មមាញឹកតែម្តង ហើយថាលោកនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីការពារពលរដ្ឋតទៅមុខទៀត។

រីឯលោក Thabit Mohamed Abdi អភិបាលក្រុង Mogadishu បានលើកឡើងថា តួលេខនៃអ្នកស្លាប់អាចនឹងកើនឡើង ខណៈមន្ទីរពេទ្យធំៗកំពុងជួយជនរងគ្រោះ ដោយទទួលបានការបរិច្ចាកឈាមពីយុវជនជាច្រើន។

សន្តិសុខត្រូវបានរឹតបន្តឹងនៅទូទាំងទីក្រុងម៉ូហ្គាឌីស្យូ បន្ទាប់ពីហេតុការណ៍បំផ្ទុះនេះ ហើយលោកប្រធានាធិបតី Farmajo បានប្រកាសឲ្យពលរដ្ឋទូទាំងប្រទេសកាន់ទុក្ខរយៈពេលបីថ្ងៃ និងបានអំពាវនាវឲ្យពលរដ្ឋសូម៉ាលីទាំងអស់រួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ។

សូមបញ្ជាក់ថា ក្រុម Al-Shabaab ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បច្ចុប្បន្នគឺជាក្រុមដែលបង្កឲ្យមានការបាត់បង់អាយុជីវិតច្រើនបំផុតនៅតំបន់អាហ្រ្វិក ជាពិសេសប្រទេសសូម៉ាលី និងប្រទេសជាប់ៗនោះ៕

Check Also

ធ្លាក់ឧទ្ធម្ភាគចក្រនៅហុងឌុយរ៉ាសស្លាប់៦នាក់ រួមទាំងបងស្រីប្រធានាធិបតីម្នាក់ផង

ហុងឌុយរ៉ាស៖ បង​ស្រីរបស់​លោក Juan Orlando Hernandez ប្រធានាធិបតីហុងឌុយរ៉ាស​ និង​មនុស្ស​ប្រាំ​នាក់​​​​ផ្សេង​ទៀត​​​បានស្លាប់​នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ​កាលពី​ចុងសប្តាហ៍។​​

Leave a Reply

Your email address will not be published. Required fields are marked *