ទំព័រដើម / ព័ត៌មានសំខាន់ៗ / ម៉ាឡេស៊ីចោទប្រកាន់មេធាវីរបស់លោក Najib Razak ពីបទលាងលុយ

ម៉ាឡេស៊ីចោទប្រកាន់មេធាវីរបស់លោក Najib Razak ពីបទលាងលុយ

ម៉ាឡេស៊ី៖ ​មេធាវីតំណាង​លោក ​ Najib Razak អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​លាង​លុយ​​​កាលពីម្សិលមិញ​ ខណៈទីភ្នាក់ងារ​ប្រឆាំងអំ​ពើ​ពុក​រ​លួ​យកំពុងប្រឹងប្រែង​​​ដើម្បី​​ធ្វើយ៉ាងណា​យក​ឲ្យ​បាន​មក​វិញនូវ​​ប្រាក់រាប់​ពាន់លា​នដុល្លា​រដែល​បាត់ពី​មូលនិធិរដ្ឋ។​​​

បទចោទប្រកាន់​លើ​លោក ​ Muhammad Shafee Abdullah នេះ កើតមានឡើង​ស្រប​ពេល​​​​​ផ្ទាំង​​​ថ្ម​កំពុង​​​បាក់​​​សង្កត់លើលោក​ Najib Razak ដែលកំពុងតតាំងនឹង​ការ​ចោទ​​​ប្រកាន់​​ពីបទ​​រំលោភ​សេចក្តី​ទុកចិត្ត​ ​លាងលុយ​ និងរំលោភ​អំ​ណាច​នៅក្នុង​​មូលនិធិ​​​ 1Malaysia Development Berhad  ហៅកាត់​1MDB ដែលអតីត​នាយ​ក​រដ្ឋ​ម​ន្ត្រី​រូបនេះ​ជាអ្នក​បង្កើត​ឡើង​ដោយផ្ទាល់។​​

លោក Shafee Abdullah ​បាន​ច្រានចោលការ​ចោទ​ប្រកាន់​ពីបទ​លាង​លុយ​ចំនួនពីរករណី​នៅ​តុលាការ​ក្រុងគូឡាឡាំពួ​កាលពីម្សិលមិញ​ បន្ទាប់​​​ពី​​ត្រូវបានចោទប្រកាន់ពី​បទ​ទទួលមូ​ល្បទានបត្រ​មាន​​​ប្រាក់​ចំនួន​២,២៩​លានដុល្លារ​ ពីលោក​ Najib Razak ​នៅក្នុងឆ្នាំ​២០១៣​និងឆ្នាំ​២០១៤។​

​គូប្រឆាំងនឹង​លោក ​ Shafee Abdullah ​បានលើកឡើងថា ​ប្រាក់នេះ​ត្រូវបានផ្តល់​ដើម្បីជាថ្នូ​​នឹង​ការ​ដឹក​នាំការផ្តន្ទា​ទោស​លោក ​ Anwar Ibrahim ប្រធានគណបក្ស​ Parti Keadilan Rakyat ដែល​ត្រូវបានបញ្ជូនចូលពន្ធនាគារក្នុងឆ្នាំ​២០១៥ ពីបទ​រំលោភបំពានផ្លូវភេទ ប៉ុន្តែ​លោក ​ Shafee Abdullah បានច្រានចោល​ការអះអាងបែបនេះ។​

ប្រសិនបើរកឃើញថា ពិតជា​បានប្រ​ព្រឹត្តកំ​ហុសដូ​ច​ការចោទប្រកាន់មែននោះ​ លោក ​ Shafee Abdullah ​​អាច​ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ​ និង​ពិន័យជាប្រាក់ប្រាំដង​នៃ​ប្រាក់​ដែល​​គេចោទថាលោកបានទទួល​ ​ប៉ុន្តែ​ឥឡូវ​លោក​ត្រូវបានអនុញ្ញាត​ឲ្យនៅក្រៅឃុំសិន​ ដោយ​ត្រូវ​តម្កល់​ប្រាក់​ចំនួន​ ​២៤១.៤០០ដុល្លារ​៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *