ទំព័រដើម / ព័ត៌មានជាតិ / ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០១៨ នេះថា នឹងកើនឡើងលើសពី ៧ ភាគរយ

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០១៨ នេះថា នឹងកើនឡើងលើសពី ៧ ភាគរយ

ភ្នំពេញ: អ្នកជំនាញសេដ្ឋកិច្ចរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ដែលហៅកាត់ថា AMRO បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០១៨ នេះថា នឹងកើនឡើងលើសពី ៧ ភាគរយដែលជួយដល់ការអភិវឌ្ឍប្រទេស និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោកបណ្ឌិត Seung Hyun Hong អ្នកឯកទេសនាំមុខរបស់ Amro បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានកំណើន ៧.២ ភាគរយ នៅឆ្នាំ២០១៨ ពោលគឺកើនឡើងខ្ពស់ជាង អត្រា ៧ភាគរយកាលពីឆ្នាំ ២០១៧ ដែលបានមកពីការរីកចំរើនរបស់វិស័យសំណង់ វិស័យកាត់ដេរ និងវិស័យទេសចរណ៍នៅកម្ពុជា។ ការវាយតម្លៃនេះបានធ្វើឡើងបន្ទាប់ដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូរបស់ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣នេះមកកម្ពុជាចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ ថ្ងៃទី ១២ ខែកញ្ញានេះនៅក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជា។
នៅក្នុងរបាយការណ៍របស់ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ដែលចេញផ្សាយកាលពីថ្ងៃ ១២ ខែ កញ្ញា បានគូសបញ្ជាក់ថា ដោយសារមានកំណើន សេដ្ឋកិច្ចនេះ បានធ្វើអោយរដ្ឋាភិបាលអាចបង្កើនការចំណាយ សាធារណៈទៅលើ ប្រាក់បៀវត្សរបស់មន្រ្តីសាធារណៈ។
យ៉ាងណាក៏ដោយ ប្រទេសកម្ពុជាមានអត្រាអតិផរណាបានកើនឡើងដល់ ៣.១ ភាគរយនៅឆ្នាំ ២០១៨ ដោយសារតែតម្លៃថាមពល។ ដើម្បីដោះស្រាយបញ្ហានេះ របាយការណ៍បានផ្តល់អនុសាសន៍អោយប្រទេសកម្ពុជាត្រូវការពង្រឹងគោលនយោបាយក្នុងកំណែទម្រង់រចនាសម្ពន្ធ សេ្ថរភាពហិរញ្ញវត្ថុ និងផ្តល់អាទិភាពលើធនធានសាពើពន្ធឆ្ពោះទៅរកការចំណាយដែលលើកកម្ពស់កំណើន ដើម្បីរក្សាកំណើនសេដ្ឋកិច្ចដ៏រឹងមាំ។
ដោយឡែក បំណុលសាធារណៈពីក្រៅប្រទេសនៅតែ គ្រប់គ្រងបានល្អប្រសើរ បានឆ្លុះបញ្ចាំងពីលំហូរវិនិយោគពីបរទេសបានកើនឡើងខ្ពស់ជាងឱនភាពថវិកាចរន្ត។ ជាលទ្ធផល ទុនបំរុងអន្តរជាតិបានកើនឡើងដល់ ១០ ពាន់លានដុល្លារនៅចុងឆ្នាំ ២០១៨ នេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ដែលមានត្រឹមតែ ៨ ពាន់ ៨ រយលានដុល្លារ។
ចំពោះស្ថានភាពវិស័យហិរញ្ញវត្ថុវិញ គឺនៅរក្សាបានភាពរឹងមាំ ដោយបានអនុវត្តបទប្បញ្ញត្តិនានា ព្រមទាំងការកំណត់ដើមទុនអប្បបរមាថ្មី និង អត្រាសន្ទនីស្សន៍ បានជួយភាពប្រសើរឡើងនៃវិស័យហិរញ្ញវត្ថុ។ ប៉ុន្តែកម្ពុជាត្រូវការ បន្តកំណែទម្រង់បទ​ប្បញ្ញត្តិ​នានា ដើម្បីស្របទៅតាមស្តង់ដារអន្តរជាតិ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *