ទំព័រដើម / Uncategorized / ក្បួនឈើបណ្តែតតាមទឹក​ទន្លេសេសានត្រូវកម្លាំង​សមត្ថកិច្ចចំរុះបង្ក្រាប

ក្បួនឈើបណ្តែតតាមទឹក​ទន្លេសេសានត្រូវកម្លាំង​សមត្ថកិច្ចចំរុះបង្ក្រាប

 

ខេត្តស្ទឹងត្រែង៖កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដឹកនាំដោយលោកវ៉ា សុផាន់ សហការជាមួយមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើខេត្តចុះបង្ក្រាបក្បួនឈើបណ្តែតតាមទឹក ​មួយខ្សែ ​មានទទឹងប្រវែងជិត ១០ ម៉ែត្រនិងបណ្ដោយជិត៤០ ម៉ែត្រ។
ក្បូនឈើមួយកាត់​នេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបានកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី ១០ខែកញ្ញាឆ្នាំ ២០១៣ នៅតាមដងទន្លេសេសានចំណុច​ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុង ខេត្តស្ទឹងត្រែង។
លោកវរសេនីយ៏ទោវ៉ា សុផាន់នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបានឲ្យដឹងថា:ក្បូនឈើមួយកាត់នេះត្រូវប្រជាពលរដ្ឋ រាយការណ៍ថាបានលួចចងនៅចំណុចដងទន្លេសេកុងព្រំប្រទល់ស្រុកសៀមប៉ាងនិងស្រុកសេសាន បន្ទាប់ពីចងអស់រយៈពេលយ៉ាងយូរថ្ងៃមកនោះ​​នៅពេលយប់​ក្រុមឈ្មួញបានបណ្ដែតចុះតាមដងទន្លេមកដល់ចំណុចខាងលើក៏ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបតែម្តង។
លោកនាយការិយាល័យបន្តថា៖​ការបង្ក្រាបនេះមានកម្មករបានចំនួន ៤ នាក់នៅលើក្បួនឈើនេះហើយ​កម្លាំងសមត្ថកិច្ចធ្វើការរឹបអូស ក្បូនឈើនេះ យកមកចងទុកនៅមុខខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។លោកហ៊ុន សំអឿននាយរងសង្កាត់រដ្ឋបាលព្រៃឈើ អូរពងមាន់​បានបញ្ជាក់ថា៖ឈើក្បូនដែលបង្ក្រាបនោះ​ ជាប្រភេទឈើហ៊ុប រួមមាន ប្រភេទឈើលេខ ១ និងឈើលេខ២ តែ​មិនទាន់រាប់ឱ្យដឹង​ចំនួនប៉ុន្មាននៅឡើយទេ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នក្បូនឈើ​នេះ​កម្លាំងសមត្ថកិច្ច​ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពុងរៀបចំណាត់ការ​​ទៅតាមនីតិវិធី។
ចំណែកកម្មករនៅលើក្បូនឈើប្រមាណ៤ នាក់នោះមិនត្រូវបានធ្វើការឃាត់ខ្លួននោះទេ៕អត្ថបទ៖គឹមសុខ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *