ទំព័រដើម / ព័ត៌មានជាតិ / គ.ជ.ប ទទួលស្គាល់ តំណាងរាស្ត្រថ្មីចំនួន៣៨រូប ដើម្បីជំនួសតំណាងរាស្ត្រដែលចេញទៅកាន់តំណែងក្នុងជួររាជរដ្ឋាភិបាលវិញ

គ.ជ.ប ទទួលស្គាល់ តំណាងរាស្ត្រថ្មីចំនួន៣៨រូប ដើម្បីជំនួសតំណាងរាស្ត្រដែលចេញទៅកាន់តំណែងក្នុងជួររាជរដ្ឋាភិបាលវិញ

ភ្នំពេញ:    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានសម្រេចទទួលស្គាល់បេក្ខជន តំណាងរាស្ត្រថ្មីចំនួន៣៨រូប ដើម្បីជំនួសតំណាងរាស្ត្រដែលចេញទៅកាន់តំណែងក្នុងជួររាជរដ្ឋាភិបាលវិញ តាមសំណើរបស់គណបក្សដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ នៃរដ្ឋសភានេះ។

ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅថ្ងៃទី១៤ ខែកញ្ញានេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានពន្យល់ថា ការសម្រេចទទួលស្គាល់ តំណាងរាស្ត្រថ្មី នេះ ធ្វើឡើងតាម  សំណើរបស់គណបក្សប្រជាជនកម្ពុជា ក្រោយពីសមាជិកជាប់ឆ្នោតជាតំណាងរាស្ត្រទាំងនោះ បានដាក់ពាក្យលាលែងពីតំណែងសមាជិកសភា ដើម្បីទៅកាន់តំណែងថ្មីក្នុងជួររាជរដ្ឋាភិបាលវិញ។

ការសម្រេចទទួលស្គាល់នេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីសប្តាហ៍កន្លងទៅនេះ បានណែនាំឱ្យសមាសភាពរាជរដ្ឋាភិបាលថ្មី ដែលមានឋានៈចាប់ពីទេសរដ្ឋមន្ត្រីចុះក្រោម ហើយបានជាប់ឆ្នោតជាតំណាងរាស្ត្រនោះ ត្រូវដាក់ពាក្យលាលែងចេញពីសមាជិកភាពជាតំណាងរាស្ត្រ ដោយយោងទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា គឺមានតែថ្នាក់នាយករដ្ឋមន្ត្រី និងថ្នាក់ឧបនាយករដ្ឋមន្ត្រីប៉ុណ្ណោះ ដែលអាចកាន់តួនាទីក្នុងជួររាជរដ្ឋាភិបាលផង និងជាសមាជិករដ្ឋសភាផងបាន។

ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានប្រាប់ឱ្យដឹងថា បញ្ជីបេក្ខជនតំណាងរាស្ត្រថ្មីនេះ បានបញ្ជូនដល់រដ្ឋសភាហើយ ដោយរដ្ឋសភាគ្រោងប្រជុំដើម្បីផ្តល់សុពលភាពដល់សមាជិកថ្មី ទាំង៣៨រូបនេះ នៅថ្ងៃពុធសប្តាហ៍ក្រោយនេះ មុនរៀបចំឱ្យចូលស្បថចូលកាន់តំណែងនៅព្រះបរមរាជវាំងតាមនីតិវិធីច្បាប់ដែលមានចែង។

ជាមួយគ្នានេះទៀត គ.ជ.បក៏បានលុបឈ្មោះបេក្ខជនបម្រុងចំនួន១២រូបទៀតផងដែរ ក្រោយពី រាជរដ្ឋាភិបាលផ្តល់តំណែងឱ្យធ្វើការងារក្នុងជួររាជរដ្ឋភិបាលដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានឱ្យដឹងថា បេក្ខជនតំណាងរាស្ត្រថ្មីចំនួន៣៨រូប ដែលត្រូវបានទទួលស្គាល់នេះ គឺមាននៅមណ្ឌលបាត់ដំបងចំនួន២រូប មណ្ឌលកំពង់ចាមចំនួន៤រូប មណ្ឌលកំពង់ឆ្នាំងចំនួន៣រូប មណ្ឌលកំពង់ស្ពឺចំនួន៣រូប មណ្ឌលកំពង់ធំចំនួន១រូប មណ្ឌលកណ្តាល៥រូប មណ្ឌលក្រចេះចំនួន១រូប មណ្ឌលរាជធានីភ្នំពេញចំនួន៤រូប មណ្ឌលព្រៃវែងចំនួន៥រូប មណ្ឌលពោធិ៍សាត់ចំនួន៣រូប មណ្ឌលព្រះសីហនុចំនួន២រូប មណ្ឌលកែបចំនួន១រូប មណ្ឌលតាកែវចំនួន១រូប មណ្ឌលឧត្តរមានជ័យចំនួន១រូប និងមណ្ឌលត្បូងឃ្មុំចំនួន២រូប៕

អត្ថបទ៖ សឿន សោម 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *