ទំព័រដើម / ព័ត៌មានជាតិ / ម្ចាស់ស្ពានចម្លង ទំនប់បង្ហៀរបឹងស្នេហ៌ ព្រួយបារម្ភខ្លាចមិនរួចដើម ព្រោះទឹកចាប់ផ្តើមស្រកជាបណ្តើរៗ

ម្ចាស់ស្ពានចម្លង ទំនប់បង្ហៀរបឹងស្នេហ៌ ព្រួយបារម្ភខ្លាចមិនរួចដើម ព្រោះទឹកចាប់ផ្តើមស្រកជាបណ្តើរៗ

  ខេត្តព្រៃវែង៖ ស្ពានចម្លងទំនប់បង្ហៀរបឹងស្នេហ៌ ត្រូវបានសាងសង់ឡើងដោយប្រជាពលរដ្ឋ១គ្រួសារ កាលពីដើមខែកញ្ញា នៅពេលដែលទឹកជំនន់ជន់លិចកាត់ផ្តាច់ទំនប់បង្ហៀរបឹងស្នេហ៌ដែលស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីអោយអ្នកដំណើរអាចចរាចរណ៌ឆ្លងកាត់ផ្លូវនេះបាន តាមរយៈកង់ម៉ូតូ និងរយន្តតូចៗ។ ម្ចាស់ស្ពានចម្លង១នេះ បានប្រាប់អោយដឹងថា គ្រប់យានយន្តទាំងអស់ដែលធ្វើចរាចរណ៌ឆ្លងកាត់ស្ពាននេះ ត្រូវតែបង់លុយអោយគាត់ទាំងអស់ សំរាប់១ម៉ូតូ ១គ្រឿងមនុស្សម្នាក់១៥០០រៀល ម៉ូតូ១គ្រឿងមនុស្ស២នាក់២០០០រៀល និងរថយន្ត១គ្រឿងតម្លៃ១៥០០០រៀល ហើយក្នុង១ថ្ងៃគាត់ប្រមូលលុយបានពីអ្នកឆ្លងស្ពានចំនួន១លាន៨សែនរៀល ទៅ២លានរៀលដែរ។

បើទោះជាម្ចាស់ស្ពានប្រមូលលុយក្នុង១ថ្ងៃៗបានច្រើនយ៉ាងនេះក្តី ប៉ុន្តែពួកគាត់បែរជានាំគ្នាត្អូញត្អែរថាមិនចំណេញទៅវិញ ដោយលើកហេតុផលថា ខាងអាជ្ញាធរស្រុកបានដាក់កំហិតអោយគាត់បង់លុយទៅអោយស្រុក ក្នុង១ថ្ងៃ៣៥ម៉ឺនរៀល ដែលស្មើនិង២០ភាគរយនៃប្រាក់ដែលប្រមូលបាន ដោយគ្មានខានឬលើកលែង១ថ្ងៃណាទេ ទាំងដែលមិនបានចេញដើមទុនអ្វីបន្តិចសោះ ចំណែកពួកគាត់បានចំណាយដើមទុនធ្វើស្ពានអស់ជាង១ម៉ឺនដុល្លារ ហើយពេលនេះប្រមូលលុយបានមិនទាន់រួចដើមផងទេ។

ក្រុមអ្នកម្ចាស់ស្ពានបានបញ្ជាក់បន្ថែមថា ពេលនេះពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់ព្រោះពេលនេះទឹកបានចាប់ស្រកជាបណ្ដើៗហើយ ទឹកលើខ្នងទំនប់នៅសល់ជម្រៅតែត្រឹមជង្គង់ប៉ុណ្ណោះ ធ្វើឲ្យអ្នកខ្លះលែងឆ្លងលើស្ពាន នាំគ្នាបើករថយន្តកាត់ទឹកវិញ ហើយបើនៅតែបែបនេះ ពួកគាត់ច្បាស់ជាប្រមូលលុយបានមិនរួចថ្លៃដើមធ្វើស្ពានទេ។

ជុំវិញការលើកឡើងរឿងអាជ្ញាធរដាក់កំហិតទារយកលុយពីម្ចាស់ស្ពាននេះ លោក ហាក់ វង្ស មេឃុំធាយ បានថ្លែងប្រាប់ថាលោកមិនបានពាក់ព័ន្ធរឿងលុយនោះទេ ប្រហែលខាងស្រុកទេដឹង? ចំណែកឯលោក ទេព ភារុណ អភិបាលស្រុកបាភ្នំវិញបានអោយដឹងថា អាជ្ញាធរស្រុកមិនបានដាក់កំហិតទារប្រាក់ពីម្ចាស់ស្ពាន១ថ្ងៃ៣៥ម៉ឺនរៀលនោះទេ គឺគ្រាន់តែអោយខាងម្ចាស់ស្ពានជួយដោះស្រាយថ្លៃបាយទឹក សម្រាប់សមត្ថកិច្ចនិងមន្រ្តីសាលាស្រុកម្នាក់ ដែលប្រចាំការនៅទីនោះប៉ុណ្ណោះ ដោយថ្ងៃខ្លះគេអោយ១៥ម៉ឺនរៀល ថ្ងៃខ្លះគេអោយបាន២០ម៉ឹនរៀល គឺមិនបានទារដូចគេចោទនោះទេ៕ អត្ថបទ ៖ សុំ ពៅពិសិដ្ឋ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *