ទំព័រដើម / ព័ត៌មានជាតិ / ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍ថាកម្ពុជាមានកំណើនសេដ្ឋកិច្ចស្ថិតនៅរង្វង់៧ភាគរយ

ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍ថាកម្ពុជាមានកំណើនសេដ្ឋកិច្ចស្ថិតនៅរង្វង់៧ភាគរយ

ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍អាស៊ី (ហៅកាត់ថា ADB) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសកម្ពុជា នឹងបន្តរក្សាកំណើនរឹងមាំ ក្នុងឆ្នាំ ២០១៨ ក្នុងរង្វង់៧ភាគរយជាមួយនឹងការរំពឹងទុកថា ការនាំចេញ និងការប្រើប្រាស់ក្នុងស្រុកនឹងមានលទ្ធផលល្អប្រសើរ។

ក្នុងការធ្វើបច្ចុប្បន្នភាពរបាយការណ៍ពិសេសរបស់ខ្លួនដែលមានឈ្មោះថា ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ ២០១៨  ADB ព្យាករណ៍ថា ប្រទេសកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចប្រមាណ ៧,០% សម្រាប់ឆ្នាំ ២០១៨ និង ២០១៩ ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍភាគច្រើននៅអាស៊ី នៅបន្តកំណើនថេរ ហើយប្រទេស​ឧស្សាហកម្មធំៗមានភាពរឹងមាំកម្រិតមធ្យម។

លោកស្រី Sunniya Durrani-Jamal នាយក ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្តកើនឡើង ក្នុងល្បឿនដ៏រឹងមាំ ដោយសារតែមានការជំរុញពីកំណើនការនាំចេញដ៏រឹងមាំ ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍ តម្រូវការក្នុងស្រុកមានសន្ទុះខ្លាំងក្លា និងការពង្រីកគោលនយោបាយសារពើ      ពន្ធ។ ប៉ុន្តែ កំណើនប្រាក់ឈ្នួលដ៏ឆាប់រហ័ស ដោយពុំមានកំណើនផលិតភាព អាចបង្កឱ្យមានហានិភ័យក្នុងស្រុកចម្បងមួយ ដែលអាចប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសដទៃទៀត ដែលបន្តពឹងអាស្រ័យលើកកម្លាំងពលកម្មដែលមានថ្លៃឈ្នួលទាប”។

ការនាំចេញទំនិញ កើនឡើង ១៣,៣% ហើយការនាំចូលទំនិញ កើនឡើង ២៥,៧% ដោយសារតម្រូវការក្នុងស្រុកខ្ពស់ក្នុងឆមាសទីមួយ នៃឆ្នាំ ២០១៨។ ឱនភាពគណនីចរន្ត ដោយមិនរាប់បញ្ចូលជំនួយឥតសំណងពីបរទេស ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១២,១% នៃ ផ.ស.ស នៅឆ្នាំនេះ ពោលគឺកើនពី ១០,៩% ក្នុងឆ្នាំ ២០១៧ ប៉ុន្តែគេរំពឹងថា ឱនភាពនេះ នឹងថយចុះមកវិញ នៅឆ្នាំក្រោយ។

ទោះយ៉ាងណា ការព្យាករណ៍ចុងក្រោយនេះ នៅតែលើសកម្រិតព្យាករណ៍ក្នុងរបាយការណ៍ ADO កាលពីខែមេសា ដែលបានប៉ាន់ប្រមាណ  ឱនភាពគណនីចរន្ត ក្នុងកម្រិត ១១,១% នៃ ផ.ស.ស ក្នុងឆ្នាំ ២០១៨ និង ១០,៨% ក្នុងឆ្នាំ ២០១៩។ វិស័យទេសចរណ៍  បានបន្តកើនឡើង ដែលមួយផ្នែកធំដោយសារកំណើនចំនួនភ្ញៀវទេសចរមកពីសាធារណរដ្ឋប្រជាមានិតចិន។

ជញ្ជីងទូទាត់ជារួម នឹងនៅបន្តរក្សាអតិរេក ដោយសារតែលំហូររឹងមាំនៃការវិនិយោគដោយផ្ទាល់ពីបរទេស ដែលនាំឱ្យមានការបន្តការកើនឡើងនូវទុនបម្រុងបរទេសបន្ថែមទៀត គឺពី ៩,១ ពាន់លានដុល្លារក្នុ ងខែកក្កដា ឆ្នាំ ២០១៨ រហូតដល់ប្រមាណជា ១០ ពាន់លានដុល្លារ នៅចុងឆ្នាំ ២០១៨ ដែលអាចរ៉ាប់រងចំណាយសម្រាប់ការនាំចូលបានរយៈពេល ៦ ខែ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *