ទំព័រដើម / ព័ត៌មានជាតិ / រដូវភ្ជុំបិណ្ឌសាច់ជ្រូកខ្វៃមិនសូវមានតម្រូវការច្រើនដូចជាពេលសែនឆេងម៉េងឬចូលឆ្នាំចិនទេ

រដូវភ្ជុំបិណ្ឌសាច់ជ្រូកខ្វៃមិនសូវមានតម្រូវការច្រើនដូចជាពេលសែនឆេងម៉េងឬចូលឆ្នាំចិនទេ

ភ្នំពេញ៖ក្នុងពេលបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសបា្ររព្វធ្វើរយ:ពេល១៥ថ្ងៃនោះគឺសាច់ជ្រូកខ្វៃនៅតាមបណ្តាខេត្តនិងនៅទីផ្សារធំៗក្នុងរាជរាធានីភ្នំពេញគឺមិន លក់ដាច់ច្រើនដូចពេលបុណ្យចូលឆ្នាំចិននិងសែនឆេងម៉េងឡើយ។

 

លោកអេងសុខុមជាម្ចាស់ទីតាំងខ្វៃជ្រូកមួយកន្លែងឈ្មោះតាអាងខ្វៃជ្រូកស្ថិតនៅក្នុងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងបានឲ្យដឹងថានៅពេលបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌចូលមកដល់នេះគឺមិនមានអ្នកកុម្ម៉ង់ឲ្យខ្វៃជ្រូកឬទិញសាច់ជ្រូកខ្វៃយកទៅធ្វើចង្ហាន់ប្រគេនព្រះសង្ឃគង់នៅតាមវត្តដូចពេលសែនឆេងម៉េងនិងបុណ្យចូលឆ្នាំចិននោះទេ។

លោកបន្តថាបើរដូវសែនឆេងម៉េងនិងបុណ្យចូលឆ្នាំចិនម្តងៗវិញគ្រាន់តែកន្លែងខ្វៃជ្រូករបស់លោកម្នាក់ប៉ុណ្ណោះគឺមានអតិថិជនជាច្រើនជាពិសេសគឺពលរដ្ឋជាសែស្រឡាយចិនពួកគេបានមកកុម្ម៉ង់ឲ្យខ្វៃជ្រូកអ្នកខ្លះ១០ថ្ងៃឬអ្នកខ្លះទៀត១៥ថ្ងៃមុនថ្ងៃឆេងម៉េងនិងចូលឆ្នាំចិនចូលមកដល់។ជាមួយនោះធ្វើឲ្យគ្រួសាររបស់គាត់ទទួលខ្វៃមិនអស់ទេព្រោះច្រើនពេកខ្លាចធ្វើមិនទាន់ឲ្យគេ។

លោកអេងសុខុមបានឲ្យដឹងថាជ្រូកខ្វៃនៅខេត្តស្ទឹងត្រែងដែលទិញពីប្រជាពលរដ្ឋចិញ្ចឹមនៅតាមផ្ទះនោះក្នុង១ក្បាលខ្វៃឆ្អិនមានទម្ងន់ចាប់ពី១២ទៅ១៤គីឡូក្រាមនោះគឺមានតម្លៃពី៥៥ម៉ឺនទៅ៦០ម៉ឺនរៀល។ចំពោះជ្រូកដែលទិញពីអ្នកចិញ្ចឹមតាមផ្ទះដោយផ្ទាល់ហើយយកមកខ្វៃនោះគឺមានរសជាតិឆ្ងាញ់ខ្លាំងណាស់មិនមានខ្លាញ់ច្រើនដូចជាសត្វជ្រូកចិញ្ចឹមតាមបែបកសិកម្មនោះទេ។

អ្នកលក់ជ្រូកខ្វៃនៅរាជធានីភ្នំពេញបានឲ្យដឹងថានៅរដូវបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះសាច់ជ្រូកខ្វៃគឺលក់ដាច់ដូចជាថ្ងៃធម្មតាដែរ។ប៉ុន្តែបើរដូវចូលឆ្នាំចិនវិញគឺសប្បាយលក់ជ្រូកខ្វៃខ្លាំងណាស់ហើយទទួលបានប្រាក់ចំណេញច្រើនកប់ក្តោងទៀតផង។

អ្នកលក់បន្តថាកន្លែងតូចតាចគេអាចលក់បានពី២០ទៅ៣០ក្បាលក្នុងមួយថ្ងៃរីឯអាជីវកម្មខ្វៃជ្រូកមានទ្រង់ទ្រាយធំៗគេអាចលក់បានក្នុងមួយថ្ងៃៗដល់ទៅរាប់រយក្បាល។ចំពោះតម្លៃវិញមួយគីឡូក្រាមចាប់ពី៤ម៉ឺនរៀលឡើងទៅរីឯជ្រូកខ្វៃទាំងមូលមួយក្បាលមានចន្លោះពី៣០ម៉ឺនរៀលទៅដល់ជាង១លានរៀលប្រហាក់ប្រហែលពី៧០ទៅ៣០០ដុល្លារ។

ប្រភពពីសមាគមចិញ្ចឹមជ្រូកនៅកម្ពុជាក៍បានឲ្យដឹងដែរថាបើតាមការប៉ាន់ស្មាននៅប្រទេសកម្ពុជាក្នុងមួយថ្ងៃៗមានជ្រូកប្រមាណពី៤ទៅ៥ពាន់ក្បាលដែលត្រូវគេកាប់យកសាច់សម្រាប់ផ្គត់ផ្គង់នៅតាមទីផ្សារ។ដោយឡែកគិតសម្រាប់តែបុណ្យចូលឆ្នាំចិនម្តងៗនៅរាជធានីភ្នំពេញរយ:ពេល៣ថ្ងៃក្នុងមួយថ្ងៃៗគេអាចលក់ជ្រូកខ្វៃអស់ប្រមាណពី១ពាន់ទៅដល់ជាង២ពាន់ក្បាល។

ប្រភពដដែលនោះក៍បានឲ្យដឹងដែរថាជ្រូកដែលគេតែងយកមកខ្វៃលក់នៅរាជធានីភ្នំពេញនោះគឺភាគច្រើនបាននាំចូលជ្រូកគេចិញ្ចឹមពីតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រៃវែង កំពង់ចាម ស្វាយរៀង និង ខេត្តតាកែវ៕រ៉ាម៉េត

 

 

អំពី kong sameth

Leave a Reply

Your email address will not be published. Required fields are marked *