ទំព័រដើម / ព័ត៌មានជាតិ / ឃុំខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់សង្ស័យពាក់ព័ន្ធករណីលាងលុយកង្វក់

ឃុំខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់សង្ស័យពាក់ព័ន្ធករណីលាងលុយកង្វក់

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៤ខែធ្នូឆ្នាំ២០១៧ បានសម្រេចចេញដីកាឃុំខ្លួន ជនជាតិនីហ្សេរីយ៉ាម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ជាប់ពាក់ព័ន្ធករណីឆបោក តាមរូបភាពលាងលុយកង្វក់ ផ្ញើពីក្រៅប្រទេសចូលមកកម្ពុជា រួចផ្ញើពីកម្ពុជា ទៅក្រៅប្រទេសវិញ ដែលមានទឹកប្រាក់ប្រមាណជាង៩០ ម៉ឺនដុល្លារ ។

ជនសង្ស័យឈ្មោះ GOO DLUCKOMOBIA អាយុ៣៥ឆ្នាំ ជាជនជាតិនីហ្សេរីយ៉ា ។ គួរបញ្ជាក់ថា កម្លាំងសមត្ថ កិច្ចនគរបាលនាយកដ្ឋានប្រឆាំងភេវរកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន បានបើកការស៊ើបអង្កេតស្រាវជ្រាវ រហូត ដល់ការឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ គឹម ស្រីខួច ដែលស្រ្តីម្នាក់នេះ បានទៅដកលុយពីធនាគារមួយ ។ បន្ទាប់ពីឃាត់ខ្លួន គឹម ស្រីខួច បានសារភាពថា កាលពីអំឡុងឆ្នាំ២០១៣ ឈ្មោះ GOO DLUCKOMOBIA ជាមិត្តភក្តិ របស់ប្តីខ្លួនឈ្មោះ BELLO បានពឹងឲ្យខ្លួន បើកគណនីធនាគារមួយចំនួន នៅរាជធានីភ្នំពេញ ។ បន្ទាប់ពីបានបើកគណនីរួចហើយឈ្មោះ GOO DLUCKOMOBIA បានផ្ញើលេខគណនីទាំងអស់នេះទៅអា មេរិក ។

ក្រោយមកអ្នកនៅអាមេរិក បានផ្ញើប្រាក់មកវិញចូលគណនីធនាគារ ដែលខ្លួនបានបើកទាំងអស់នោះ ហើយឈ្មោះ GOO DLUCKOMOBIA ក៏បានផ្ញើប្រាក់ ទាំងនោះទៅអាមេរិកវិញ ។ បានចម្លើយជាក់លាក់នេះហើយ សមត្ថកិច្ចបន្តទៅឃាត់ខ្លួនឈ្មោះ GOO DLUCKOMOBIA កាលពីថ្ងៃទី១ ធ្នូ ២០១៧ ។ ក្រោយឃាត់ខ្លួន GOO DLUCKOMOBIA សមត្ថកិច្ចក៏បានធ្វើការដោះលែងឈ្មោះ គឹម ស្រីខួច ឲ្យមានសេរីភាពវិញ និងបានបញ្ជូនឈ្មោះ GOO DLUCKOMOBIA ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ទើបនៅល្ងាចថ្ងៃទី៤ ធ្នូ នេះ ចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕ដោយ.អុីង វុឌ្ឍិន

Leave a Reply

Your email address will not be published. Required fields are marked *