ទំព័រដើម / ព័ត៌មានជាតិ / ខេត្តកែបទទួលភ្ញៀវជិតប្រាំបីម៉ឺននាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តកែបទទួលភ្ញៀវជិតប្រាំបីម៉ឺននាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តកែបៈ ក្នុងរយៈពេលបីថ្ងៃនៃឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ កែបដែលជាខេត្តទេសចរណ៍ ភាគនិរតីដ៏តូចច្រឡឹងនោះបានទទួលភ្ញៀវមកលេងកម្សាន្ត និងស្នាក់នៅជិតប្រាំបីម៉ឺននាក់។ ទោះបីសន្តិសុខ សណ្តាប់ធ្នាប់មានលក្ខណៈល្អប្រសើរក្តី បញ្ហាអនាម័យ បរិស្ថាននៅតែជាករណីប្រឈមដែលបង្កឱ្យប៉ះពាល់សោភ័ណភាពក្រុងទេសចរណ៍ឆ្នេរសមុទ្រមួយនេះ។

លោក ប៉ុក ទាំង អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានមានប្រសាសន៍ថា៖” រយៈពេលបីថ្ងៃ ដោយគិត ពីថ្ងៃទី៨ រហូតដល់ម៉ោង ៨ យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ដែលជាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកែប ទទួលភ្ញៀវមកលេងកម្សាន្ត និងស្នាក់នៅចំនួន៧៨.៣០៧នាក់ កើនឡើង៤,៨៦ភាគរយ ខណៈឆ្នាំ២០១៧ មានភ្ញៀវ៧៤.៦៧១នាក់។ ក្នុងចំណោមនោះ ភ្ញៀវជាតិចំនួន៧៦.៧៦៤នាក់ និងទេសចរបរទេស១.៥៤៣នាក់”។

លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា៖ ឆ្នាំនេះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់មានលក្ខណៈល្អប្រសើរ គ្មានអំពើលួច ឆក់ប្លន់ ឬគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរឡើយ សូម្បីការកកស្ទះចរាចរណ៍ដែលនាំឱ្យភ្ញៀវធុញទ្រាន់ក៏ពុំបានកើតឡើងដែរ។ ប៉ុន្តែអ្វីដែលប្រឈមសម្រាប់សោភ័ណភាពខេត្ត និងគួរឱ្យសោកស្តាយនោះ គឺការបន្សល់នូវសំរាមដែលភ្ញៀវមួយចំនួនបានគរទុកក្បែរកន្លែងបរិភោគអាហារតាមចិញ្ចើមផ្លូវ ឬក្រោមដើមឈើដោយសារអ្នកភូមិមួយចំនួនឆ្លៀតឱកាសយកកន្ទេលមកជួលឱ្យភ្ញៀវអង្គុយ។

សម្រាប់ការដឹកជញ្ជូន និងប្រមូលតាមគោលដៅដែលបានកំណត់មិនមានភាពយឺតយ៉ាវទេ ពោលគឺដំណើរការជាប្រក្រតី៕ដោយ សុខ ឌីណា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *