ទំព័រដើម / ព័ត៌មានជាតិ / ចៅហ្វាយក្រុងចុះពិនិត្យទីតាំងជុំវិញវិមានឈ្នះឈ្នះដើម្បីត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់សម្រាប់កម្មវិធីបើកសម្ពោធ

ចៅហ្វាយក្រុងចុះពិនិត្យទីតាំងជុំវិញវិមានឈ្នះឈ្នះដើម្បីត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់សម្រាប់កម្មវិធីបើកសម្ពោធ

ភ្នំពេញ៖លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញចុះពិនិត្យទីតាំងនៅជុំវិញវិមាន​ឈ្នះឈ្នះស្ថិតនៅតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វា ដើម្បីធ្វើការ​ឈូសឆាយព្រៃត្រែងកាយទឹកបង្ហូរដាក់លូនឹងត្រៀមរៀបចំសន្តិសុខសណ្តាប់​ធ្នាប់ សម្រាប់ ថ្ងៃសម្ពោធវិមានឈ្នះឈ្នះ ដែលសម្តេចតេជោ ជាអធិបតី។

នៅក្នុងដំណើរចុះពិនិត្យទីតាំងខាងលើ នៅល្ងាចថ្ងៃទី១១ខែតុលាឆ្នាំ២០១៨ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ អោយដឹងថា “ព្រៃត្រែងដែលនៅជុំវិញវិមានឈ្នះឈ្នះ នឹងត្រូវធ្វើការឈូសឆាយ អោយអស់។ ចំពោះទឹកដែលដក់នៅក្រោយវិមានឈ្នះឈ្នះ និងនៅខាងលិចវិមាន ក៏ត្រូវធ្វើការរំដោះទឹកចេញផងដែរ ដោយកាយដាក់លូបង្ហូអោយចូលទៅក្នុងទន្លេសាប”។ រៀបចំដូច្នេះ គឺដើម្បីជាសោភ័ណ្ឌភាព និងមានភាពងាយស្រួលក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាសន្តិសុខសុវត្ថិភាព ដល់សម្តេចតេជោផងដែរ។

លោកចៅហ្វាយរាជធានីភ្នំពេញ ឃួង ស្រេង បញ្ជាក់អោយដឹងថា កម្មវិធីសម្ពោធវិមានឈ្នះឈ្នះនឹងប្រារព្ធឡើងនៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៨សម្តេចតេជោ ហ៊ុន សែន ជាអធិបតី នៃកម្មវិធីនេះ។ ក្រៅពីកម្មវិធីសម្ពោធ គណៈកម្មការបានរៀបចំពិពណ៌ចំនួនបីថ្ងៃផងដែរ ដែលមានមកពីគ្រប់ស្ថាបនរដ្ឋទាំងអស់ចូលរួមជាពិសេសខាងវិស័យការពារនៃប្រទេសកម្ពុជា។

លោកបញ្ជាក់ថា ក្រៅពីការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ សាលារាជធានី នឹងរៀបចំតុបតែងតាំងភ្លើងអគ្គិសនីបំភ្លឺនៅតាមដងផ្លូវ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នឹងបើកអោយប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិចូលរួមទស្សនា នូវសមត្ថលទ្ធផលនានា ដែលបានទទួលបានជោគជ័យ និងស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា និងមានការរីចំរើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការណ៍និងដឹកជញ្ជូនរាជធានីភ្នំពេញ អោយដឹងថា ខាងមន្ទីរនឹងរៀបចំដាក់ភ្លើងអគ្គិសនីបំភ្លឺតាមដើមច័ន្ទគីរីទាំងអស់នៅតាមបណ្តោយផ្លូវ រៀបចំដាក់ប្រព័ន្ធលូចំងាយជិត៥០០ម៉ែត្រ និងឆ្លាក់អក្សរលើផ្ទាំងសិលាចារឹក “ជាវិថីវិមានឈ្នះឈ្នះ” ដាក់នៅដើមផ្លូវ។ លោកបន្តថា ចំពោះការងារនេះ គឺខាងមន្ទីរសាធារណៈការណ៍បានធ្វើរួចរាលខ្លះមកហើយ ដូចជាការដាក់លូជាដើម។

លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស នៃក្រសួងការពារជាតិ និងជាប្រជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានបញ្ជាក់ថា “នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិល និងទទួលបានសន្តិភាពពេញលេញនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហៅកាត់ថា ទិវានយោបាយឈ្នះឈ្នះ។

តាមរយៈសន្តិភាពរកបានដោយលំបាកនៃនយោបាយឈ្នះឈ្នះនោះហើយ ដែលបង្កើតឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា”។ លោកបន្ថែមថា វិមានឈ្នះឈ្នះនេះ គឺបានរៀបចំចម្លាក់ ស្តីពីចម្លាក់ទិវាចងចាំឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ និងចម្លាក់់ដំណើរជាតិកម្ពុជា​នាទសវត្សឆ្នាំ៨០និងដើមឆ្នាំ៩០ដាក់តាំងបង្ហាញនៅជាន់ផ្ទាល់ដីផ្នែកខាងក្រៅវិមាន។គួរបញ្ជាក់ដែរថាវិមានឈ្នះឈ្នះចាប់ផ្តើមសាងសង់នៅក្នុងខែកុម្ភៈឆ្នាំ​២០​១៦ ដែលសង់នៅផ្ទៃដីចំនួន១៥ហិកតា ដែលមានកំពស់វិមានចំនួន៥៤​ម៉ែត្រ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕ដដោយ៖វែង សំបូរ

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *