ទំព័រដើម / ព័ត៌មានជាតិ / លោកហ៊ុន ម៉ាណែត ៖ កងទ័ព​បាន​ទប់ស្កាត់​ឧបាយកល​បដិវត្តន៍ពណ៌របស់​ពួកប្រឆាំង​ និង​ចង់​បំផ្លាញ​ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្តអាណត្តិទី​៦

លោកហ៊ុន ម៉ាណែត ៖ កងទ័ព​បាន​ទប់ស្កាត់​ឧបាយកល​បដិវត្តន៍ពណ៌របស់​ពួកប្រឆាំង​ និង​ចង់​បំផ្លាញ​ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្តអាណត្តិទី​៦

ភ្នំពេញ ៖ លោក​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ​កងយោធពលខេមរ​ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បាន​ថ្លែងក្នុងពិធីចូលរួមគោរពវិញ្ញាណក្ខន្ធ​យុទ្ធជន​ពលីមរណៈនៅខេត្តកំពង់ធំ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា របស់​បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីថ្ងៃទី​១២ ខែ​តុលាថា កងយោធពលខេមរភូមិន្ទ​​​ក្រៅអំពីភារកិច្ចការពារបូរណភាពទឹកដី ​ក៏បានបន្តចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម។ បង្កាទប់ស្កាត់រាល់​អំពើឧក្រិដ្ឋកម្ម ចោរកម្ម អំពើ​ជួញដូរ​គ្រប់ប្រភេទ អំពើភេរវកម្ម អំពើឧក្រឹដ្ឋកម្មឆ្លងដែនជាច្រើនទៀត ជាពិសេសការពារ និងទប់ស្កាត់​បាន​ទាន់ពេលវេលា នៅឧបាយកលកល្បិចនាំយក បដិវត្តន៍ពណ៌របស់បក្សពួកប្រឆាំង ប៉ុនប៉ងចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាលស្របច្បាប់អាណត្តិទី៥ ក៏ ដូចជាចង់បំផ្លាញការបោះឆ្នោត​ជ្រើសរើសតំណាង​រាស្រ្ត​អាណត្តិទី ៦ ដែលផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញ គោលការណ៍ប្រជាធិបតេយ្យ ពីឆន្ទៈរបស់​ប្រជាពលរដ្ឋ និងនីតិរដ្ឋ។

លោកបន្តថា ពិធីដែលយើងកំពុងប្រារព្វនាថ្ងៃនេះ ស្របពេលដែលមន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ទើបតែបានបញ្ចប់នៅពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរយើង គឺបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ រួមជាមួយនឹងក្តីមោទនភាពឥតឧបមា ចំពោះលទ្ធផលដ៏ត្រចៈត្រចង់របស់គណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ​សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ទៅ​ចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣ និងជួប​ប្រាស្រ័យសួរសុខទុក្ខ ប្រជាពលរដ្ឋកម្ពុជាយើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិករាប់ពាន់នាក់។ ក៏ដូចជាចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុនលើកទី១០ នៅប្រទេសជប៉ុន និងរហូតដល់ថ្ងៃនេះ គឺចូល​រួមនៅក្នុងវេទិការជំនួបកំពូលថ្នាក់ដឹកនាំអាស៊ាន មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារ​ពិភពលោក​នៅប្រទេសឥណ្ឌូនេស៊ី។ ក្នុងបេសកកម្មនេះ សម្តេច ក៏បាននាំមកនូវជោគជ័យជាប្រវត្តិ​សាស្រ្ត​ជូន​ជាតិ​មាតុភូមិ និងប្រជាពលរដ្ឋ ហើយបានលើកកិត្តិនាម និងកិត្តិស័ព្ទរបស់ជាតិ និងបានកែប្រែ​មុខមាត់​កម្ពុជាឲ្យស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

លោកបាន​នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ ជូនចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិអន្តរជាតិ កងកម្លាំងប្រដាប់អាវុធទាំងបី មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ យុវជន ព្រមទាំងប្រជាពលរដ្ឋដែលមានវត្តមានទីនេះ ក៏ដូចជា​នៅទូទាំងខេត្តកំពង់ធំទាំងអស់ ក្នុងមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅជាទីបំផុត។

សូមថ្លែងអំណរគុណចំពោះភាគីវៀតណាមចំពោះការចូលរួមជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិការ ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃកងយោធពលខេមរភូមិន្ទ តាំងពីមុន ក៏ ដូចជាបច្ចុប្បន្ន និងបានបន្តការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ ដ៏ល្អរឹងមាំលើគ្រប់​វិស័យ​បន្ថែម​ទៀត ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ។

រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជារាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីលទ្ធផលដ៏ត្រចះត្រចង់ នៃការ​បោះ​ឆ្នោតសកលកាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ នោះ បានដាក់ចេញនូវ​គោលនយោបាយ​យុទ្ធសាស្រ្ត​ចតុកោណតំណាក់កាលទី៤ ដើម្បីធ្វើការកែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅ​ធ្វើ​ឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត ដែលជាសសៃឈាមសំរាប់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងគោលដៅនៃសកល​ភាវូបនីយ៍កម្ម​ក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។ ក្នុងបរិបទនេះរាប់ទាំងការប្រកាន់យក និងការអនុវត្តនូវរបបលទ្ធិប្រជាធិបតិយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការគោរពរនិតិរដ្ឋ ការលើកស្ទួយកំរិតជីវភាពរស់នៅរបស់ប្រជាជនមានការវិវឌ្ឍន៍កើនឡើងជាលំដាប់។

វិស័យនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងវប្បធម៌បាន នឹងកំពុងរក្សាបានស្ថេរភាពរឹងមាំ។ ជាក់ស្តែងក្នុងឆ្នំា ២០១៨ នេះ តាមការវាយតម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏ដូចជាអ្នកជំនាញសេដ្ឋកិច្ច កម្ពុជាមាន​កំណើន​សេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ជាប់ៗគ្នា ភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅត្រឹម​១១% ​ហើយ GDP សម្រាប់ប្រជាជនកម្ពុជាក្នុងម្នាក់ទទួលបាន ១៥០០ ដុល្លារជាង។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាន់យកគោលយោបាយសន្តិសហវិជ្ជមាន និងអព្យាក្រិតក្នុងការទំនាក់ទំនងការទូតរបស់កម្ពុជា ជាមួយនិងបណ្តាប្រទេសលើពិភពលោក។

ការធ្វើសមាហរណកម្មកម្ពុជាចូលក្នុងសហគមន៍ អន្តរជាតិក្នុងក្របខ័ណ្ឌជាសមាជិកនានា ទាំងនៅក្នុងតំបន់ និងលើសកលលោក ការបញ្ជូន កងរក្សាសន្តិភាព និងការងារមនុស្សធម៌​ទៅតាម​បណ្តាប្រទេសមួយចំនួន ក្នុងបេសកកម្មនៃអង្គការ សហប្រជាជាតិ ភាពជោគជ័យនៃព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្តដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលតូចធំ ក៏ដូចជាកិច្ចប្រជុំអន្តរជាតិធំៗ​ជាច្រើន ជាពិសេសការអញ្ជើញចូលរួមប្រជុំ នៅអង្គការសហប្រជាជាតិលើកទី៧៣ ការជួបប្រជុំជាលក្ខណៈទ្វេរភាគី ជាមួយបណ្តាមេដឹកនាំ សំខាន់ៗនៅទូទាំងពិភពលោក របស់ សម្តេច អគ្គមហាសេនាបតីតេជោ នាពេលថ្មីៗកន្លងមកនេះ។ ប្រការនេះពិតជាបានសរបញ្ជាក់ឲ្យ​ឃើញ​ពីកិត្យានុភាពជាតិ និងកិត្តិយសជាតិរបស់កម្ពុជា កាន់តែខ្ពង់ខ្ពស់ និងឧត្តុងឧត្តម។

បច្ចុប្បន្ននេះ កងយោធពលខេមរភូមិន្ទ កំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមផែនការ កែទម្រងរបស់ខ្លួនជាបណ្តើរៗ ដោយផ្អែកលើច្បាប់ពីរ ជាមូលដ្ឋាន គឺច្បាប់កាតព្វកិច្ចយោធា និងច្បាប់សោធនិវត្តន៍។ ខ្ញុំគិតថា លទ្ធផលនៃការកែទម្រងនៅពេលនេះ នៅមានភាពលំបាក ខ្វៈខាត និងមានចន្លោះប្រហោងខ្លះៗក្តី តែជាបន្តបន្ទាប់ យើងនឹងសង្ឃឹមថា ការងារកែទម្រងនេះ នឹងទទួលបានជោគជ័យ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការបញ្ជ្រាបនាយទាហានវ័យក្មេងដែលមានចំណេះដឹងជ្រៅជ្រះ និងកាយសម្បទាមាំមួន ព្រមជាមួយនឹងការពង្រីកចំណេះដឹងខាងវិជ្ជាជីវៈគ្រប់ជំនាញ។ លើមូលដ្ឋាននេះ យើងពិតជាអាចឈានទៅសម្រេចបានតាម ផែនការ កំណត់របស់យើង។

សូមឆ្លៀតយកឱកាសនេះដើម្បីធ្វើការផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ឱ្យជ្រាបផងដែរថា នៅក្នុងការអនុវត្តភារកិច្ចរបស់យើង ត្រូវ៖

ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវប្តេជ្ញាការពាររដ្ឋ ធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការ បោះឆ្នោតដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ត្រូវសកម្មចូលរួមអនុវត្តឲ្យបានជោគជ័យ នូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី ៦ ។

ត្រូវបង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវសារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពល ខេមរភូមិន្ទ ឲ្យបានខ្ចាប់ខ្ចួន។

យើងទាំងអស់គ្នាត្រូវតែចងចាំ និងប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់តាមប្រសាសន៍ សម្តេចតេជោ គឺ” ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែការពារឲ្យបានជាដាច់ខាត នូវសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ដែលកម្ពុជាកំពុងតែមាននៅពេលនេះ និងមិនអនុញ្ញាតឲ្យជនណាម្នាក់មកបំផ្លាញសុខសន្តិភាព ស្ថិរភាព សមិទ្ធផលដែលកំពុងមាននេះជាដាច់ខាត ” ។

ត្រូវបន្តបង្កើន កិច្ចសហប្រតិបត្តិការជាមួយភាគីមិត្ត សាមគ្គីភាព ភាពជាបងប្អូនជាភូមិផងរបងជាមួយ ជាមួយបណ្តាប្រទេសទាំងអស់នៅជុំវិញរបស់យើងនៅក្នុងការរួមគ្នា ថែរក្សាការពារ និងទប់ស្កាត់រាល់អំពើចោរកម្ម ឧក្រឹដ្ឋកម្មឆ្លងដែន និងរត់គេចពន្ធ គ្រប់ប្រភេទ សំដៅធ្វើយ៉ាងណាឲ្យព្រំដែនកម្ពុជាជាមួយបណ្តាប្រទេសជុំវិញ ប្រកបដោយព្រំដែន សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ជឿនលឿនលើគ្រប់វិស័យ។

ត្រូវបង្កើនការយកចិត្តទុកដាក់ រៀនសូត្រ ស្វែងយល់ពីការអភិវឌ្ឍរីកចំរើន របស់ សង្គមជាតិ ពីឧបាយកលឃោសនា ញ៉ុះញុងបោកប្រាស់ ពីកល្បិចផ្សេងៗរបស់បក្សពួកប្រឆាំង និងពួកអគតិខាងក្រៅ ដោយឯករាជ្យម្ចាស់ការប្រឆាំងតបត និងប្រឆាំងដាច់ខាត ចំពោះឧបាយកលល្បិច និងស្មោះស្ម័គ្រ ការពារដាច់ខាតរាល់សមិទ្ធផលជាតិ៕

អំពី Sophak Kang

Leave a Reply

Your email address will not be published. Required fields are marked *