ទំព័រដើម / ព័ត៌មានសំខាន់ៗ / ព្យុះកំបុតត្បូង Michael បន្សល់ទុកនូវការខូចខាតនឹកស្មានមិនដល់នៅអាមេរិក

ព្យុះកំបុតត្បូង Michael បន្សល់ទុកនូវការខូចខាតនឹកស្មានមិនដល់នៅអាមេរិក

សហរដ្ឋអាមេរិក៖ ព្យុះកំបុតត្បូង​ ​ Michael បានបន្សល់ទុកនូវការខូចខាត​នឹកស្មានមិនដល់​ ក្រោយ​វាយ​ប្រហារ​​តំបន់​​​មាត់សមុទ្រ​ក្នុងរដ្ឋ​ Florida សហរដ្ឋអាមេរិក។​

លោក ​ Rick Scott អភិបាលរដ្ឋ​ Florida ​បានមានប្រសាសន៍ថា ​គ្រួសារជាច្រើន​ប្រហែលជា​ត្រូវ​ផ្លាស់​ប្តូរ​ជីវិត​​​​​របស់​ខ្លួន​ជារៀងរហូត​​ ដោយសារ​ពួកគាត់​បានបាត់​បង់អ្វីៗស្ទើរទាំងអស់។​

នៅ​​ក្នុង​​​តំបន់​រងគ្រោះខ្លាំងបំផុត​​នៅភាគពាយព្យនៃ​សមុទ្រ​ក្នុងរដ្ឋ​ Florida នេះ​ គេ​ឃើញផ្ទះ​ជា​ច្រើន​​បាន​រងការខូច​ ក្នុងនោះមានខ្លះថែមទាំង​រល៉ើងទាំងគ្រឹះទៀតផង​ ខណៈ​ផ្លូវថ្នល់​ខូច​ខាត​​ធ្ងន់ធ្ងរ​ ​និងដើមឈើ​ ព្រម​ទាំង​បង្គោលភ្លើង​បាក់​រលំរប៉ាត់រប៉ាយពេញថ្នល់ ក្រោយ​ព្យុះ​ Michael វាយប្រហារកាលពីថ្ងៃពុធ​ក្នុងល្បឿន​២៥០​គីឡូ​ម៉ែត្រ​​ក្នុងមួយម៉ោង។​​

មានមនុស្សយ៉ាងតិច​៧នាក់បានស្លាប់​ដោយសារព្យុះ​នេះ​ នៅក្នុងរដ្ឋ​ Florida រដ្ឋ​ Georgia និងរដ្ឋ ​North Carolina ដោយសារដើមឈើបាក់រលំលើ​ ឬដោយសារត្រូវវត្ថុរឹងផ្សេងៗទៀត​ ​។​

លោក ​ Rick Scott បានលើកឡើងបន្តថា ​ពលរដ្ឋជាង​៣៧ ម៉ឺននាក់នៅក្នុងរដ្ឋ​​ Florida ត្រូវបានណែនាំ​ឲ្យ​ជម្លៀសខ្លួន​ទៅកន្លែងមានសុវត្ថិភាព​ ​ប៉ុន្តែក្នុ​ងនោះភា​គច្រើនមិនស្តា​ប់តាមការណែនាំនោះទេ​ ហេតុដូ​ច្នេះហើយទើបរដ្ឋ​​របស់លោក​មានមនុស្សស្លាប់​ជាងរដ្ឋផ្សេងៗទៀត។​

ព្យុះ​​ Michael ជាព្យុះ​កំបុតត្បូងខ្លាំងបំផុតទីបី​មិនធ្លាប់ក្នុងរយៈពេលជិត​៩០ឆ្នាំកន្លងមកនេះ​ បានថមថយឥទ្ធិពល​រួច​បោកបក់ឆ្ពោះទៅកាន់ភាគឥសាន​កាលពីម្សិលមិញ​ ដោយបណ្តាល​ឲ្យមានភ្លៀងធ្លាក់​បន្តទៀត​នៅក្នុងរដ្ឋ​ Georgia និងរដ្ឋ North Carolina និង South  Carolina ដែលទើបតែ​ធូស្រាលឡើងវិញបន្តិច​ពីព្យុះ​ Florence កាលពីខែមុន៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *