ទំព័រដើម / ព័ត៌មានជាតិ / មន្ត្រីជាន់ខ្ពស់ក្រសួងការងារបង្ហាញពីវិធីសាស្ត្រដើម្បីដោះស្រាយវិស័យកាត់ដេរប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារបង្ហាញពីវិធីសាស្ត្រដើម្បីដោះស្រាយវិស័យកាត់ដេរប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញពីវិធីសាស្ត្រដោះស្រាយបញ្ហាវិស័យកាត់ដេរដើម្បីធ្វើឲ្យវិស័យនេះបន្តនិរន្តរភាព ប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

ឯ.ឧ ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ប្រសិនបើមានការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុបសម្រាប់ទំនិញពីកម្ពុជាមែននោះនឹងធ្វើឱ្យកម្ពុជាកាន់តែរឹងមាំតាមរយៈការពង្រឹងស្ថាប័នសាធារណៈ ពង្រឹងផលិតភាព និងធនធានមនុស្ស ព្រមទាំងកាត់បន្ថយរនាំងរដ្ឋបាលមិនចាំបាច់មួយចំនួនដើម្បីធានាបាននូវការប្រកួតប្រជែងមួយប្រកបដោយប្រសិទ្ធិភាពខ្ពស់និងយូរអង្វែងទៅលើវិស័យកាត់ដេរនេះ។

ឯ.ឧបានបន្តថាម្យ៉ាងទៀតការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះក៏មិនធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាជួបបញ្ហានោះដែរ ពីព្រោះដោយស្វ័យប្រវត្តិកម្ពុជានឹងបាត់បង់ភាពអនុគ្រោះពន្ធ នេះ នៅអំឡុងឆ្នាំ២០២១ ឬ២០២៣ ដោយសារកម្ពុជានឹងក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកំរិតទាបហើយ។

ការអះអាងរបស់ឯ.ឧ ហេង សួរ នេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មការសហភាពអឺរ៉ុប កំពុងនឹងបន្តនីតិវិធីរបស់ខ្លួនលើការដកប្រព័ន្ធអនុគ្រោះពន្ធលើ ទំនិញរបស់កម្ពុជាដោយចោទប្រកាន់ថាកម្ពុជាបានរំលោភលើសិទ្ធិមនុ ស្ស និងលទ្ធិប្រជាធិបតេយ្យជាដើមនោះដែលជាអង្គហេតុមួយប្រាសចាកពីមូលដ្ឋានបច្ចេកទេសនៃលក្ខខណ្ឌ និងស្ថានភាពជាក់ស្តែងនៅកម្ពុជា។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិតេយ្យកម្មករកាត់ដេរកម្ពុជាបានថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១២តុលានេះថាវិធីសាស្ត្ររបស់ក្រសួងការងារនេះល្អប្រសើរដែរប្រសិនបើកាត់បន្ថយ ការយកពន្ធគយនិងរបាំងរដ្ឋបាលផ្សេងៗដែលចាំបាច់ក្នុងការជួយសម្រួលដល់ការនាំចេញផលិតផលវិស័យកាត់ដេរទៅទីផ្សារសហភាពអឺរ៉ុបបានពី២០ទៅ៣០ភាគរយខណៈបច្ចុប្បន្នកម្ពុជាបាននាំចេញ ប្រមាណ៤៥ភាគរយដោយចំណេញថវិកាពីការនាំចេញពី៧០០ទៅ៨០០លានដុល្លាក្នុង១ឆ្នាំៗ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅប្រទេសជប៉ុនកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅបានបញ្ជាក់យ៉ាងដាច់ណាត់ ថាមិនយកអធិបតេយ្យជាតិនិងសន្តិភាពរបស់ប្រទេសទៅដូរជាមួយជំនួយ នោះទេ។

គួររំលឹកថាកាលពីឆ្នាំ២០១៧កន្លងទៅកម្ពុជាបាននាំចេញផលិតផលវិស័យកាត់ដេរទៅកាន់ទីផ្សារសហភាពអឺរ៉ុបរួមមានប្រទេសអង់គ្លេស ស៊ុយអ៊ែត អាល្លឺម៉ង់ និងបារាំងជាដើមប្រមាណ៤៥ភាគរយដែលមានតម្លៃទឹកប្រាក់ជិត៤ពាន់លានដុល្លាអាមេរិកដែលបានជួយផ្តល់ការងារដល់កម្មករនិយោជិតរាប់ពាន់នាក់៕

អត្ថបទ យ៉ែមសុជាតា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *