ទំព័រដើម / ព័ត៌មានសំខាន់ៗ / លោក ពូទីន ប្រកាសថា នឹងឈរឈ្មោះជាប្រធានាធិបតីមួយអាណត្តិទៀតនៅឆ្នាំ២០១៨

លោក ពូទីន ប្រកាសថា នឹងឈរឈ្មោះជាប្រធានាធិបតីមួយអាណត្តិទៀតនៅឆ្នាំ២០១៨

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ​បានប្រកាសថា លោក​នឹងឈរ​ឈ្មោះ​ជាប្រធា​នាធិបតី​មួយ​អា​ណ​ត្តិ​ទៀត​នៅក្នុងការបោះឆ្នោតក្នុង​ឆ្នាំ​​​២០១៨ ដែលគេមើលឃើញថា ​លោកទំនងជានឹ​ងឈ្នះ​ដោយ​​​ងាយ​ស្រួល​ ហើយបន្តកាន់អំណាចនៅក្នុងទសវត្សរិ៍ទីបី។​

ប្រធានាធិបតីរុស្ស៊ីរូបនេះ​បានប្រកាសយ៉ាងដូច្នេះ​ពេលថ្លែងទៅកាន់​កម្មករ​នៅក្នុង​រោងចក្រផលិត​រថយន្ត ​ក្នុង​ក្រុង​ Nizhny Novgorod កាលពីម្សិលមិញ។​

​លោក វ្លាឌីមៀរ ពូទីន អាយុ​៦៥ឆ្នាំ​ បានកាន់អំណាចទាំងក្នុងនាមជា​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​​តាំង​ពី​ឆ្នាំ​​២.០០០​មក ពោលគឺបានយូរជាង​មេដឹកនាំ​ជើងចាស់​ក្នុង​សម័យ​សូវៀត គឺលោក ​ Leonid Brezhnev ទៅទៀត។​

​ប្រសិនបើលោក ឈ្នះឆ្នោតនៅក្នុងអាណត្តិទីបួននេះ​ មានន័យថា លោកនឹ​ងអាចបន្ត​កាន់អំណាច​បាន​​៦ឆ្នាំ​ទៀត​ រហូតដល់ឆ្នាំ​២០២៤ ជា​ពេល​ដែលលោ​កនឹងឈានចូ​លដល់អាយុ​៧២ឆ្នាំ។​​

​សម្ព័ន្ធមិត្ត​ និងអ្នកគាំទ្របានសរសើរនិងចាត់ទុកលោកវ្លាឌីមៀរ ពូទីនថា ​ជា​ឥស្សរ​ជន​បីតា​​ជាតិ ​ដែល​បាន​ស្តារមោទនភាពជាតិឡើងវិញ និង​បាន​ពង្រីក​តួនាទី​ពិភព​លោក​របស់​​ទី​ក្រុងមូ​ស្គូ ​ដូចជា​តាមរយៈ​ការធ្វើ​អន្តរាគមន៍​​នៅ​ក្នុងប្រទេសស៊ីរី និងអ៊ុយក្រែ​នជាដើម។​

​ក្រុមអ្នករិះគន់​បានចោទប្រកាន់លោកថា ​​​ជួយសម្រួលដល់​អំពើ​ពុករលួយ និងបាន​កាត់​យកឧបទ្វីប​គ្រីមៀ​នៅ​ក្នុងប្រទេសអ៊ុយក្រែន​ចូលជាទឹកដីរបស់រុស្ស៊ីដោយខុសច្បាប់ ជាហេតុធ្វើ​ឲ្យ​រុស្ស៊ីរងការ​ថ្កោលទោស​យ៉ាងខ្លាំងពីអន្តរជាតិ។​

លោក Alexei Navalny មេដឹកនាំ​​គណបក្សប្រឆាំងដ៏សំខាន់​នៅ​​ក្នុងប្រទេសរុស្ស៊ី​ ត្រូវបានហាមមិន​​ឲ្យ​ឈរ​ឈ្មោះ​​ជាប្រធានាធិបតីនោះទេ ​ដោយសារ​លោកមានពិរុទ្ធភាព​ពីបទកិបកេង ​ជាការ​ចោទប្រកាន់​ដែល​មេដឹក​នាំ​​គ​ណបក្សប្រឆាំងរូបនេះ​​ច្រានចោល៕

Check Also

តុលាការកំពូលច្រានចោលការសុំជំនុំជម្រះឡើងវិញការរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖តុលាការកំពូលកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានចេញសាលដីកាបដិសេធមិនសើររើលកបណ្តឹងរបស់មនុស្សក្រុមអ្នកអតីទអ្នកតំណាងរាស្រ្តីរបស់គណបក្សសង្គ្រោះដែលជាដើមបណ្តឹង។តុលាការកំពូលកាល​ពីថ្ងៃទី១៦ខែវិច្ឆិកាបានសម្រេចរំលាយគណបក្សសង្ក្រោះជាតិនិងហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់មិនធ្វើនយោបយ៥ឆ្នាំ។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *