ទំព័រដើម / ព័ត៌មានសំខាន់ៗ / ការប្រកាសរបស់លោក ត្រាំ ទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលជាសញ្ញាបញ្ចប់ដំណើរការសន្តិភាព

ការប្រកាសរបស់លោក ត្រាំ ទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលជាសញ្ញាបញ្ចប់ដំណើរការសន្តិភាព

មជ្ឈឹមបូព៌ា​៖ ​អ្នកវិភាគ​លើកឡើងថា ​ការសម្រេចរបស់លោក ដូណាល់ ត្រាំ​ ​នៅក្នុងការទទួលស្គាល់​ទីក្រុង​ Jerusalem ជា​រដ្ឋធានី​​របស់​ប្រទេសអ៊ីស្រាអែល​ អាចធ្វើ​ឲ្យខូចតួនាទីរបស់​សហរដ្ឋអាមេរិក​ក្នុងនាមជា​​អ្នក​សម្របស​ម្រួល​ដើម្បីសន្តិ​ភាពនៅក្នុង​តំបន់មជ្ឈឹមបូព៌ា​។​

​លោក​ Khaled Elgindy អ្នកវិភាគ​នៅវិទ្យាស្ថាន​ Brookings មកពីមជ្ឈឹមបូព៌ា​បាន​មា​ន​ប្រ​សាសន៍​​ថា ​ការសម្រេច​យ៉ាងដូច្នេះ​កាលពីម្សិលមិញ​​របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ​ នឹងមិនធ្វើ​ឲ្យ​ដំណើរការ​សន្តិភាព​ដែល​មានសហរដ្ឋអាមេរិកជាអ្នកគាំទ្រ ឆ្ពោះទៅមុខ​បាននោះឡើយ​ ព្រោះ​​ទាំង​ពលរដ្ឋ​និងមេដឹកនាំប៉ាឡេស្ទីនសុទ្ធតែ​សំដែង​ការជំទាស់ដាច់អហង្កាការ ហើយ​នឹងងើប​​ឡើង​ប្រឆាំងអ៊ីស្រាអែលកាន់តែខ្លាំងជាងមុន។​ ​

ឋានៈរបស់ទីក្រុង​ Jerusalem ដែលជាទីតាំងដ៏ស័ក្កិសិទ្ធ​សម្រាប់បណ្តុំសាសនា ​ដូចជា​សាសនា​អ៊ិស្លាម ​សាសនា​របស់​ជនជាតិជ្វីហ្វ​ និងសាសនាគ្រឹស្តជាដើមនោះ​ គឺជាបុព្វហេតុសំខាន់មួយ​ក្នុង​ចំណោម​បុព្វហេតុ​សំខាន់ៗ​ដែល​រាំងស្ទះដល់​​ការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព​ រវាង​អ៊ីស្រា​អែល​និងប៉ាឡេស្ទីន។​

ចំណាត់ការទទួលស្គាល់​របស់លោក​ ដូណាល់ ត្រាំ​ ក៏បានធ្វើ​ឲ្យមានការចោទជាសំណួរ​ពាក់ព័ន្ធនឹង​ដំណោះ​ស្រាយ​ពីរ​ប្រទេស​រវាងអ៊ីស្រាអែល​និងប៉ាឡេស្ទីនផងដែរ។​

លោក​ Elgindy បានបន្តថា ​“ដំណើរសន្តិភាព​ក្រោមការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក​នៅ​មិន​ទាន់​ទទួល​បានជោគជ័យ​ផងរហូតមកទល់ពេលនេះ​ ចុះទម្រាំលោកដូណាល់ ត្រាំ សម្រេច​យ៉ាងដូច្នេះទៀត តើវា​នឹង​ទៅជាយ៉ាងណា”។​​​

​លោកដូណាល់ ត្រាំ​ សម្រេចយ៉ាងដូច្នេះក្រោម​ច្បាប់ឆ្នាំ​ ​១៩៩៥ ដែលតម្រូវ​ឲ្យសហរដ្ឋអាមេរិក​​​ផ្លាស់​ស្ថាន​ទូត​​របស់​ខ្លួនទៅកាន់ទីក្រុង​ Jerusalem។​ អ្នកកាន់តំណែងមុនៗលោក ដូចជាលោក Bill Clinton លោក​ George W. Bush និងលោក​ Barack Obama ជាដើម​ សុទ្ធតែ​ងាកចេញពីការតម្រូវបែបនេះ​​ដើម្បី​កុំឲ្យ​កើតមាន​ភាព​តាន​តឹង​ខ្លាំង​​​​នៅក្នុងតំបន់មជ្ឈឹមបួព៌ា។​

ស្របពេលដំណាលគ្នានេះ ​មន្ត្រី​កំពូល​ប៉ាឡេស្ទីន​ក៏បានចេញមកថ្កោលទោសផងដែរ​ចំពោះចំណាត់ការ​របស់​លោកដូណាល់ ត្រាំ ​ដោយលើកឡើងថា ​ការសម្រេចផ្លាស់ទីតាំងស្ថានទូតនេះ​ មិនអាចទទួលយក​បាន​ជាដាច់ខាត ហើយ​ថា ទង្វើនេះជាទង្វើបិទផ្លូវចរចា។​

អ៊ីស្រាអែល​បានចូលកាន់កាប់​ភាគខាងកើតទីក្រុង​ Jerusalem នៅក្នុងឆ្នាំ​ ១៩៦៧ អំឡុងសង្គ្រាមមជ្ឈឹមបូព៌ា ហើយ​ក្រោយមកបាន​ប្រកាស​យកទីក្រុងនេះទាំងមូល​ជារដ្ឋធានីរបស់ខ្លួន​ ប៉ុន្តែប៉ាឡេស្ទីន​និង​អន្តរ​ជាតិមិន​ទទួលស្គាល់ទេ៕​

Check Also

តុលាការកំពូលច្រានចោលការសុំជំនុំជម្រះឡើងវិញការរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖តុលាការកំពូលកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានចេញសាលដីកាបដិសេធមិនសើររើលកបណ្តឹងរបស់មនុស្សក្រុមអ្នកអតីទអ្នកតំណាងរាស្រ្តីរបស់គណបក្សសង្គ្រោះដែលជាដើមបណ្តឹង។តុលាការកំពូលកាល​ពីថ្ងៃទី១៦ខែវិច្ឆិកាបានសម្រេចរំលាយគណបក្សសង្ក្រោះជាតិនិងហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់មិនធ្វើនយោបយ៥ឆ្នាំ។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *