ទំព័រដើម / ព័ត៌មានជាតិ / មន្ដ្រីជំនាញជួួយកសិករនៅប៉ៃលិនដាំពោតផ្ដល់ទិន្នផលខ្ពស់

មន្ដ្រីជំនាញជួួយកសិករនៅប៉ៃលិនដាំពោតផ្ដល់ទិន្នផលខ្ពស់

ខេត្តប៉ៃលិន៖ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើទិវាបង្ហាញពីលទ្ធផលពិសោធន៍ លើដំណាំពោតក្រហម ការជ្រើសរើសពូជ និងបច្ចេកទេសគ្រប់គ្រង ដល់ប្រជាកសិករនៅខេត្តប៉ៃលិន ដែលគាំទ្រដោយ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈគម្រោងកម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា ហៅកាត់ថាកាវ៉ាក់ (CAVAC) ក្នុងគោលបំណងបង្កើនផលិតភាព និងប្រាក់ចំណូលរបស់កសិករ។

លោក សាយ សុផាត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានបញ្ជាក់ថា៖ តាមរយៈការធ្វើពិសោធន៍ ដោយប្រើប្រាស់បច្ចេកទេសគ្រប់គ្រង ដូចជាការជ្រើសពូជ ការប្រើប្រាស់ជី និងការថែទាំ លើចំការពោតក្រហមរបស់កសិករ ជាលទ្ធផល ទិន្នផលពោត មានការកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបនឹងរដូវដាំដុះកន្លងមក។

លោកបានបន្តថា៖ ប្រជាកសិករនៅខេត្តប៉ៃលិន ភាគច្រើនធ្វើកសិកម្មតាមយថាផលនៅឡើយ ដែលធ្វើឱ្យទិន្នផលថយចុះជាលំដាប់ ជាហេតុធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់គាត់មិនការរីកចម្រើន ដូច្នេះនៅថ្ងៃនេះ ដោយមានការគាំទ្រ ពីគម្រោងកម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា ហៅកាត់ថាកាវ៉ាក់ (CAVAC) បាននាំកសិករមកមើលលទ្ធផលជាក់ស្តែងដល់ចំការពោតផ្ទាល់របស់កសិករបង្ហាញ ដែលប្រើប្រាស់បច្ចេកទេសគ្រប់គ្រង។

លោក ឆុង វ៉ៃ ជាកសិកររស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យដឹងថា៖ នៅរដូវចុងឆ្នាំនេះ គាត់បានដាំដំណាំពោត ដោយអនុវត្តន៍តាមបច្ចេកទេសរបស់ កាវ៉ាក់ (CAVAC) គឺទទួលបានទិន្នផលច្រើន បើប្រៀបធៀបទៅនឹងរដូវកាលកន្លងមក។ លោកក៍បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ងាកមកធ្វើការកសិកម្មតាមបច្ចេកទេស ដូចជាការជ្រើសពូជ ការប្រើប្រាស់ជី និងការគ្រប់គ្រងថែទាំ ដែលធ្វើឱ្យយើងទទួលបានទិន្នផលខ្ពស់ នាំឱ្យជីវភាពក្រុមគ្រួសារមានការរីកចម្រើន។

បើតាមការបញ្ជាក់របស់លោក ផាន សុផាន់ណារ៉ា ប្រធានការិយាល័យក្សេត្រសាស្ត្រខេត្ត បានឱ្យដឹងថា៖ នៅឆ្នាំ២០១៧នេះ ផ្ទៃដីដាំដុះដំណាំពោតក្រហម មានចំនួន ៣០៤២៧ហិចតា ក្នុងនោះ ដើមរដូវ ចំនួន ១៨៦៩២ហិចតា ចុងរដូវ ចំនួន ១១៧​៣៥ហិចតា ហើយនៅខេត្តប៉ៃលិន កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា ហៅកាត់ថាកាវ៉ាក់ (CAVAC) បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ចាប់តាំងពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០១៧ ដោយបានឧបត្ថម្ភទាំងសម្ភារៈ និងថវិកា លើការដាំដុះ ធ្វើបង្ហាញ ដំណាំពោត ចំនួន ៨កន្លែង និងដំណាំដំឡូងមី ចំនួន ៥កន្លែង សម្រាប់កសិករក្នុងខេត្តប៉ៃលិន យកជាបទពិសោធន៍៕អត្ថបទ៖ ញ៉ឹប បូរី 

Check Also

តុលាការកំពូលច្រានចោលការសុំជំនុំជម្រះឡើងវិញការរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖តុលាការកំពូលកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានចេញសាលដីកាបដិសេធមិនសើររើលកបណ្តឹងរបស់មនុស្សក្រុមអ្នកអតីទអ្នកតំណាងរាស្រ្តីរបស់គណបក្សសង្គ្រោះដែលជាដើមបណ្តឹង។តុលាការកំពូលកាល​ពីថ្ងៃទី១៦ខែវិច្ឆិកាបានសម្រេចរំលាយគណបក្សសង្ក្រោះជាតិនិងហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់មិនធ្វើនយោបយ៥ឆ្នាំ។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *