ទំព័រដើម / ព័ត៌មានសំខាន់ៗ / ក្រសួងសាធារណការពន្លឿនការជួសជុលផ្លូវដែកពីភ្នំពេញទៅព្រំដែនកម្ពុជាថៃឲ្យ​ហើយនៅចុងឆ្នាំ២០១៨ខាងមុខនេះ

ក្រសួងសាធារណការពន្លឿនការជួសជុលផ្លូវដែកពីភ្នំពេញទៅព្រំដែនកម្ពុជាថៃឲ្យ​ហើយនៅចុងឆ្នាំ២០១៨ខាងមុខនេះ

ភ្នំពេញ:     ក្រសួងសាធារណការពន្លឿនការជួសជុលផ្លូវដែកពីភ្នំពេញទៅព្រំដែនកម្ពុជាថៃឲ្យ​ហើយនៅចុងឆ្នាំ២០១៨ខាងមុខនេះ ក្នុងគោលដៅជំរុញ វិស័យដឹកជញ្ជូន ទំនិញក្នុងស្រុក​និង​ជាមួយបណ្តាប្រទេសមួយចំនួនទៀត ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។

          មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងជួសជុលកែ លម្អផ្លូវរថភ្លើងពីព្រំដែនថៃមកដល់ខេត្តពោធិសាត់នឹងរួចរាល់នៅចុងឆ្នាំ២០១៧នេះហើយ ខណៈ​ដើម​ឆ្នាំ២០១៨ នឹងបន្តគម្រោងជួសជុលពីខេត្តពោធិសាត់មករាជធានីភ្នំពេញទៀត។

ឯឧ.​លី បូរិន អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រាប់ទូរទស្សន៍រស្មីហង្ស មាសនៅព្រឹកថ្ងៃទី៧ ខែធ្នូនេះថា គម្រោងជួសជុសផ្លូវរថភ្លើងនេះនឹងត្រូវធ្វើឲ្យហើយ នៅចុងឆ្នាំ២០១៨ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូនក្នុងស្រុក ពិសេសលើ​ការដឹកជញ្ជូនទំនិញកសិផលដែលត្រូវឆ្លងដែនសម្រាប់ប្រទេសក្នុងតំបន់និងនៅលើពិភពលោក។ ឯឧ.បញ្ជាក់ថា ការកែលម្អផ្លូវដែកនេះត្រូវបានប្រើប្រាស់កញ្ចប់ថវិកាជាតិទំាងស្រុង ប៉ុន្តែ សម្រាប់ទូររថភ្លើងនិងក្បាលរថភ្លើង គឺក្រសួងត្រៀមសហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដើម្បីធានាឲ្យការដឹកជញ្ជូនតាមផ្លូវដែកនេះមានដំណើរការតាម​ផែនការដែលបានគ្រោង​ទុក។

ឯឧ.បានអៈអាងថា ផែនការទៅមុខក្រសួងក៏កំពុងស្វែងរកដៃគូឬម្ចាស់ជំនួយដើម្បីវិនិយោគ គម្រោងផ្លូវដែកមួយខ្សែទៀតដែលតភ្ជាប់ពីភ្នំពេញទៅកាន់ព្រំដែនប្រទេសវៀតណាម ហើយ​តាមការសិក្សាគម្រោងនេះអាចចំណាយថវិការហូតដល់ជាង១០០០លានដុល្លា ។ ប្រសិនបើកម្ពុជាអាចស្ថាបនាផ្លូវដែកថ្មីនេះបាននោះនឹងធ្វើឲ្យប្រទេសមួយចំនួនក្នុងតំបន់​អាស៊ានអាចធ្វើដំណើរឆ្លងកាត់គ្នាតាមរយៈផ្លូវដែកពីប្រទេសសឹង្ហបូរី មកម៉ាឡេស៊ី មកថៃ ឬ មីយ៉ាន់ម៉ា កម្ពុជា មកវៀតណាម និងប្រទេសចិន ដែលជាគម្រោងមួយដ៏ល្អងាយ​ស្រួលក្នុង​ការធ្វើដំណើរនិងការដឹកជញ្ជូនទំនិញ។

លោកឧកញ៉ា ភូ ពួយ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងបានឲ្យដឹងថា  ការពន្លឿនការ​ជួស​ជុលផ្លូវដែករបស់កម្ពុជានេះ គឺជាសញ្ញាដ៏ល្អ ដើម្បីជំរុញការដឹកជញ្ជូនទំនិញនិង​មនុស្ស​ឆ្លងដែនកាន់តែមានភាពងាយស្រួលហើយមានផលចំណេញច្រើនបើធៀបជាមួយនឹងការដឹកជញ្ជូនតាមរថយន្ត។យ៉ាងណាក៏ដោយលោកអំពាវនាវឲ្យរាជរដ្ឋាភិបាលជួសជុលប្រពន្ធ័ផ្លូវដែកនេះ បានកាន់តែឆាប់​គឺ​កាន់តែល្អហើយត្រូវមានតម្លៃសមរម្យផ្ទុកទំនិញបានច្រើនដោយវាមិន​ត្រឹមតែជួយ​​ជំរុញ​កំណើនសេដ្ឋកិច្ចពាណិជ្ជកម្មប៉ុណ្ណោះទេ​​ ថែមទៀតជួយរំដោះការកកស្ទះ​ចរាចរណ៍នៅលើផ្លូវ​ថ្នល់ផងដែរដោយសារតែរថភ្លើងដឹកទំនិញបានច្រើន ចំណាយតិច ហើយ​កាត់បន្ថយហា​និភ័យ​នានាបានច្រើនផងដែរ។

សូមបញ្ជាក់ថា ផ្លូវដែកក្នុងប្រទេស​កម្ពុជា​មាន​ចំនួន ២ ខ្សែ គឺ​ខ្សែ​ទី​១-​ភ្នំពេញដល់​ប៉ោយ​ប៉ែត ​ខ្សែ​ទី​២-​ពី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ប៉ុន្តែបច្ចុប្បន្នមានតែផ្លូវដែកខ្សែទី២ទេដែលធ្វើសកម្ម ភាពពីភ្នំពេញទៅកាន់កំពង់​ផែខេត្តព្រះសីហនុដែលជាការវិនិយោគដោយToll Royal៕

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *