ទំព័រដើម / ព័ត៌មានជាតិ / ក្រសួងពាណិជ្ជកម្ម ផ្តល់សិទ្ធិឲ្យអាជ្ញាធរខេត្តចំនួន២ អាចចេញCOដោយផ្ទាល់

ក្រសួងពាណិជ្ជកម្ម ផ្តល់សិទ្ធិឲ្យអាជ្ញាធរខេត្តចំនួន២ អាចចេញCOដោយផ្ទាល់

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ផ្តល់សិទ្ធិឲ្យអាជ្ញាធរខេត្តចំនួន២មានសមត្ថកិច្ចចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ឬហៅថា CO លើផលិតផលកសិកម្ម ដើម្បីលើកកម្ពស់សង្វាក់ពាណិជ្ជកម្ម កាត់បន្ថយតម្លៃផលិត និងចំណេញពេលវេលា។

 

លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការផ្តល់សិទ្ធិឲ្យអាជ្ញាធរខេត្តចំនួន ២ គឺខេត្តបាត់ដំបង និងខេត្តប៉ៃលិន មានសមត្ថកិច្ចចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ឬហៅថា CO នេះ គឺដើម្បីកាត់បន្ថយការចំណាយពេលវេលានៃការធ្វើដំណើររបស់ក្រុមហ៊ុន ដើម្បីស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ពីក្រសួងពាណិជ្ជកម្ម នៅភ្នំពេញ។លោកបន្តថា ការធ្វើប្រតិភូកម្មអំណាចរបស់ក្រសួងទៅខេត្តបាត់ដំបង និងខេត្តប៉ៃលិនដើម្បីមានសិទ្ធិចេញ CO ទៅអោយ នេះ គឺដោយសារតែ ខេត្តទាំងពីរនេះ ជាខេត្តប្រភពផលិតផលកសិកម្ម និងជាប់ច្រកព្រំដែនកម្ពុជា ឆ្ពោះទៅប្រទេសថៃ ។ ក្រសួងបញ្ជាក់ថា ការសម្រេចឲ្យខេត្តពីរនេះគឺជាការដាក់ឲ្យអនុវត្តសាកល្បង ហើយប្រសិនបើទទួលបានផ្លែផ្កាល្អ ក្រសួងនឹងសម្រេច ផ្តល់សិទ្ធិជាបន្តបន្ទាប់ទៅដល់ខេត្តផ្សេងៗទៀតរបស់កម្ពុជាផង

ដែរ។

 លោកសុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ AMRU Rice បានសម្ដែងការសាទរនូវ យុទ្ធសាស្ដ្រថ្មីរបស់រដ្ឋាភិបាល ដែលអាចនឹងកាត់បន្ថយភាពធុញទ្រាន់នៃការតម្រង់ជួរ និងចំណេញពេលវេលា ពេលទៅស្នើសុំCOម្ដងៗ ព្រមទាំងកាត់បន្ថយតម្លៃផលិត ដែលជួយទាក់ទាញវិនិយោគិនកាន់តែច្រើនឲ្យវិនិយោគក្នុងវិស័យនេះ។

លោកបន្តថា ការទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ គឺដើម្បីបើកផ្លូវឲ្យម្ចាស់ក្រុមហ៊ុនអាចនាំចេញទំនិញពួកគាត់ទៅដល់ទីផ្សារក្រៅប្រទេសបានជាផ្លូវការ។គួររំលឹកថា កន្លងមក ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ម្ចាស់ទំនិញ ត្រូវទៅក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការស្នើសុំ ដែលខាតពេលវេលាច្រើន៕ អត្ថបទ៖ ម៉ៅ ចរិយា 

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *