ទំព័រដើម / ព័ត៌មានសំខាន់ៗ / រាជរដ្ឋាភិបាលជំរុញដល់គ្រប់ក្រសួងស្ថាប័នឲ្យយកចិត្តទុក​ដាក់​គិតគូរអំពី​ផល​ប្រយោជន៍និងជីវភាពរបស់​ជន​ពិការ

រាជរដ្ឋាភិបាលជំរុញដល់គ្រប់ក្រសួងស្ថាប័នឲ្យយកចិត្តទុក​ដាក់​គិតគូរអំពី​ផល​ប្រយោជន៍និងជីវភាពរបស់​ជន​ពិការ

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានជំរុញឲ្យគ្រប់ក្រសួងស្ថាប័ននិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុក​ដាក់​ឲ្យបាន​ខ្លាំងក្លាថែមទៀត ក្នុងការគិតគូរអំពី​ផល​ប្រយោជន៍និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនពិការឲ្យបានសមរម្យ​ស្រប​តាមការរីកចំរើននៃសេដ្ឋ​កិច្ច​ជាតិ។

ថ្លែងក្នុងពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ ដែលប្រារព្ធឡើង នៅ​កោះ​ពេជ្រនាព្រឹក​ថ្ងៃទី៧ខែធ្នូនេះសម្តេចពិជ័យសេនាទៀ បាញ់តំណាំងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែននាយ​ករដ្ឋមន្ត្រី កម្ពុជា​និង​ជា​ប្រធាន​កិត្តិយស​ក្រុម​ប្រឹក្សាសកម្មភាព​ជនពិការ  បានស្នើឲ្យផ្នែកពាក់ព័ន្ធទាំងអស់ត្រូវ​មាន​វិធាន​ការណ៍​ចាំ​បាច់​នានា ជួយលើកទឹកចិត្តដល់ជនដែលមានពិការភាព ដែលប្រកប​មុខ​របរ​អាជីវកម្ម  សិប្បកម្ម ជាលក្ខណៈ​ឯកត្ត​ជន​​ឬ​គ្រួសារ ឬសមូហភាព របស់ជនពិការ  តាមរយៈការកាត់បន្ថយពន្ធ  និង​​ការ​ផ្តល់អាទិភាពផ្សេងៗ ស្របតាមច្បាប់ស្តិ​ពី​កិច្ច​ការ​ពារនិង​លើកកម្ពស់សិទ្ធិជនពិការ។

សម្តេចពិជ័យសេនាមានប្រសាសន៍ថាកន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យអនុវត្តជា​ផ្លូវការនូវផែន​ការ​យុទ្ធ​សាស្រ្ត​ជាតិ ស្តីពីពិការភាព ២០១៤​-២០១៨ ដោយបានលើកឡើងលម្អិតនូវគោលនយោបាយជាអាទិភាព​សម្រាប់​ការអនុវត្ត កម្ម​វិធី​កំណែទម្រង់​នានានៃវិស័យពិការភាពសំដៅលើកកម្ពស់សមត្ថភាព​ស្ថាប័ន ពង្រឹងហេដ្ឋារចនា​សម្ព័ន្ធ សង្គម​និង​សេដ្ឋកិច្ច ក្នុង​ទិស​ដៅបង្កើតកាលានុវត្តភាពការងារសម្រាប់ជនពិការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ ការងារសំ​ខាន់ៗ​របស់វិស័យ​ពិការ​ភាពនៅកម្ពុជា។

ជាពិសេសទៅទៀតថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវក្របខ័ណ្ឌគោល​នយោបាយ ជាតិ​គាំ​ពារ​សង្គម ដើម្បីកំណត់ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការធានាឲ្យបាននូវសន្តិសុខ ប្រាក់ចំណូល និង​កាត់​បន្ថយ​ភាព​ងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន  សំដៅលើកកម្ពស់ សុខុមាលភាព​និង​សាមគ្គីភាពសង្គម ព្រមទាំង​កាត់បន្ថយភាពក្រីក្រជាអតិបរិមា។

សម្តេចពិជ័យសេនាបានគូសបញ្ជាក់ថាតាមរយៈការយកចិត្តទុកដាក់គិតគូររបស់រាជរដ្ឋាភិបាល បានធ្វើឲ្យបញ្ហា សុខុ​មាល​ភាពជន​ពិការ​មានភាពកាន់តែល្អប្រសើរឡើង ស្របតាមដំណើរការវិវឌ្ឍ​និងភាពរីក ចម្រើននៃប្រ​ទេស​ជាតិ។ អ្វីដែល​គួរ​ឲ្យ​កត់​សំគាល់​ថែមទៀតនោះ គឺបងប្អូនជនពិការកាន់តែមាន​សមត្ថភាព​ក្នុង​ការ​ប្រកួតប្រជែងក្នុងទីផ្សារ​ពលកម្ម ដែល​អាច​រក​ប្រាក់​ចំ​ណូល​ដើម្បីធានា​និរន្ត​ភាពជីវភាពរស់នៅប្រកបដោយ​ឯក​រាជ្យម្ចាស់ការ និង​សេចក្តីថ្លៃថ្នូរ តាមរយៈកម្មវិធីបណ្តុះ​បណ្តាល​​វិជ្ជាជីវៈ និងការបង្កើត​មុខរបរ។

សម្តេចបានបន្តទៀតថា  រាជរដ្ឋាភិបាលបានផ្ដល់ កម្ម​សិទ្ធិដីធ្លី ជូនយោធិនពិការនៅតំបន់អភិវឌ្ឍជនពិការ៣១៧តាកែន​កោះ​ស្លាខេត្តកំពត នៅស្រុកគូលែនខេត្តសៀមរាប និងនៅភ្នំឆ័ត្រខេត្តបន្ទាយមានជ័យ សម្រាប់សាង​សង់លំនៅ​ឋាន និង​ធ្វើអាជីវកម្ម កសិកម្ម​ជាលក្ខណៈគ្រួសារ ព្រម​ទាំង​បានផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍​ផងដែរ។

រាជរដ្ឋាភិបាលបានការដាក់បញ្ចូល ​បងប្អូន​ជនពិការ​ទៅ​ក្នុងការអភិវឌ្ឍ​សង្គមនិងសេដ្ឋកិច្ច សំដៅជួយដល់ជនពិការ​និង​​ក្រុមគ្រួសារឱ្យទទួលបាន គុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួល​បានសេវាសង្គមនិងសេវាសាធារណៈស្មើគ្នា ការចូលរួម គ្រប់សកម្មភាពក្នុងសង្គម ទាំងការទៅ​ចុះឈ្មោះបោះឆ្នោត និងឈរ​ឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោត តាមរយៈ ការកែសម្រួលនិង រៀបចំលិខិតបទដ្ឋាន​គតិ​យុត្ត ការចុះផ្សព្វផ្សាយ​ការយល់​ដឹង​អំពីវិស័យពិការភាព ទៅគ្រប់ ស្ថាប័ន​រដ្ឋ ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ។

ឯ.ឧ វង  សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន​និងយុវនីតិសម្បទា  បានឲ្យដឹងថា ទិវាជនពិការឆ្នាំនេះ  ប្រារព្វ​ធ្វើ​ឡើងក្រោម ប្រធានបទធ្វើឲ្យមានភាពរឹងមាំស្របនឹងសង្គម​មួយមាន​សន្តិភាព​សម្រាប់ទាំងអស់គ្នា ដែលធ្វើឡើង ក្នុង​គោល​បំណង ដើម្បីអបអរសាទរភាព​ជោគជ័យ នៃវិស័យពិការភាព​នៅ​កម្ពុជា តាមរយៈការលើក​កម្ពស់​​សិទ្ធិជនពិការ អនុសញ្ញា​ស្តីពីសិទ្ធិជនពិការ ទសវត្សរ៍ជនពិការប្រ​ចាំតំបន់​អា​ស៊ី​និងប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្ត្រ​អ៊ីនឈាន់ «ធ្វើឱ្យ​សិ​ទ្ធក្លាយជាការពិត» ក៏ដូចជាផែនការយុទ្ធ​សាស្ត្រជាតិ ស្តីពីពិការភាព២០១៤-២០១៨ របស់​រាជរដ្ឋាភិបាលកម្ពុជា។

ឯ.ឧ មានប្រសាសន៍ទៀតថាជនពិការត្រូវបានផ្ដល់អាទិភាពក្នុងការជ្រើសរើសឲ្យចូលបម្រើការងារនៅក្នុងក្រសួងស្ថាប័ន រដ្ឋចំនួន៤៣ស្ថាប័នដែលក្នុងឆ្នាំ២០១៧នេះ មានជនពិការចូលបម្រើការងារសរុបចំនួន២៧៣៧នាក់ ក្នុងនោះ ពិការ កម្រិត ធ្ងន់មានចំនួន ១១៨០នាក់ ហើយ បច្ចុប្បន្ន ក្រសួងស្ថាប័ននានា បាននិងកំពុងជ្រើសរើសឲ្យគ្រប់ តាមអត្រា កំណត់ ចំនួន ២​ភាគរយ នៅក្នុងឆ្នាំ ២០១៨។

តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិនិងគោលនយោបាយជាតិនានាទាក់ទងនឹងការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ រាជរដ្ឋាភិបាល បានផ្តល់​កម្មសិទ្ធិដីធ្លីនិងបានកសាងលំនៅដ្ឋានជូនជនពិការ, បានផ្តល់​សេវាស្ដារលទ្ធភាពពលកម្ម នៅ តាម សហគមន៍ ។

សូមបញ្ជាក់ដែរថាក្នុងមួយឆ្នាំៗមានជនពិការប្រមាណ ២ម៉ឺន៨ពាន់នាក់ បានទទួលការផ្ដល់សេវាស្ដារ លទ្ធភាពពល កម្ម កាយសម្បទា និងជនពិការចំនួន១៩២ បានទទួលការបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងមុខរបរនិងការទទួលបាន​ការពិនិត្យ ព្យាបាលនិង ថែទាំសុខភាព ដែលទាំងនេះជាការរួមចំណែកជួយដល់ជនពិការក្រីក្រក្នុងការលើកកម្ពស់ជីវភាពរស់ នៅ ប្រកបដោយឯករាជ្យ  ស្មើភាព ស្មើសិទ្ធិនិងសេចក្តីថ្លៃ ថ្នូរ៕ អត្ថបទប្រាក់​​សុវណ្ណតារា

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *