ទំព័រដើម / ព័ត៌មានជាតិ / ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង៖សមត្ថកិច្ចត្រូវមើលថែបង្គោលខណ្ឌសីមាជាប្រចាំ

ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង៖សមត្ថកិច្ចត្រូវមើលថែបង្គោលខណ្ឌសីមាជាប្រចាំ

ខេត្តកំពតៈ ប្រធានគណៈកម្មការកិច្ចការព្រំដែនបានរំលឹកថា សមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនត្រូវឃ្លាំមើល និងថែរក្សាជាប្រចាំនូវបង្គោលខណ្ឌសីមាដែលបានបោះរួចរាល់តាមរយៈកិច្ចព្រមព្រៀងរវាងសមភាគីប្រទេសទាំងពីរ។

មានប្រសាសន៍នាឱកាសជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្លាំងការពារព្រំដែនគោកឈរជើងក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច ខេត្តកំពត កាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ក្នុងដំណើរចុះពិនិត្យសកម្មភាពបោះបង្គោលបំពេញបន្ថែមនៃព្រំប្រទល់កម្ពុជា វៀតណាម ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មការកិច្ចការព្រំដែនបានក្រើនរំលឹកថា ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដី កម្លាំងយោធោ និងសមត្ថកិច្ចនគរបាលការពារព្រំដែនត្រូវឃ្លាំមើលជាប្រចាំនូវបង្គោលខណ្ឌសីមាដែលបានបោះរួចរាល់។ ជាមោទនភាពណាស់ដែលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន កម្ពុជាសម្រេចបាននូវការបោះបង្គោលព្រំដែនគោកប្រកបដោយភាពជោគជ័យ។

ឯកឧត្តទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ការទទួលបានលទ្ធផលវិជ្ជមានក្នុងកិច្ចការដ៏សំខាន់នេះអាស្រ័យលើកត្តាចម្បងៗមួយចំនួន ដូចជា បញ្ហាសន្តិភាព ការស្រុះស្រួលគ្នារវាងប្រទេសដែលជាសមភាគីទាំងពីរក្នុងស្មារតីភាតរៈ ដោយរក្សាបាននូវស្ថេរភាពនយោបាយផ្នែកការទូតជាដើម។ ដូច្នេះ កម្លាំងសមត្ថកិច្ចទាំងអស់ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមថែរក្សាបង្គោលខណ្ឌសីមាទាំងនោះឱ្យនៅគង់វង្សដើម្បីជាប្រយោជន៍សម្រាប់កូនចៅច្រើនជំនាន់បន្តទៅមុខ។

សូមបញ្ជាក់ថា ភូមិសាស្ត្រនៃខេត្តកំពតជាប់ព្រំប្រទល់ជាមួយទឹកដីប្រទេសវៀតណាមអូសបន្លាយប្រវែង៤២,៣គីឡូម៉ែត្រ និងត្រូវបោះបង្គោលព្រំដែនគោលធំៗ១៩កន្លែង។

ក្នុងនោះបានធ្វើហើយរួចរាល់ចំនួន១៨បង្គោល ក្រោមការចំណាយរបស់ភាគីវៀតណាម។ ដោយឡែកបង្គោលបំពេញបន្ថែមចំនួន៧០ បានធ្វើរួចរាល់៦០បង្គោល បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូនកងវិស្វកម្មដែលពោរពេញដោយជំនាញច្បាស់លាស់ជាអ្នកសាងសង់។ ជាមួយគ្នានះ ក៏នៅមានបង្គោលតម្រុយចំនួនបួនបន្ថែមទៀតដែលបានធ្វើហើយរួចរាល់ផងដែរ៕

អត្ថបទ៖ដោយ សុខ ឌីណា

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *