ទំព័រដើម / ព័ត៌មានជាតិ / ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី៥០លានដុល្លារដើម្បីកែលំអការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងទីក្រុងចំនួន ៤ នៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី៥០លានដុល្លារដើម្បីកែលំអការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងទីក្រុងចំនួន ៤ នៅកម្ពុជា

ភ្នំពេញ៖  ក្រុមប្រឹក្សាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តកម្ចីក្នុងទឹកប្រាក់ ៥០ លានដុល្លារ ដើម្បីជួយពង្រីក និងកែលំអសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងទីរួមខេត្តធំៗជាងគេចំនួន ៤ របស់ប្រទេសកម្ពុជា ដែលសុទ្ធតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ដ៏សំខាន់របស់ប្រទេសនេះ។

ធនាគារអភិវឌ្ឍន៍អាស៊ីក៏នឹងគ្រប់គ្រងហិរញ្ញប្បទានឥតសំណង ក្នុងទឹកប្រាក់ ១០ លានដុល្លារពីមូលនិធិជប៉ុន សម្រាប់យន្តការផ្តល់ឥណទានរួម ដែលទទួលបានមូលនិធិពីរដ្ឋាភិបាលជប៉ុន ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការសាងសង់រោងចក្រសំអាតទឹកស្អុយសន្សំសំចៃថាមពលថ្មីក្នុងខេត្តបាត់ដំបងផងដែរ។ លើសពីនេះ ធនាគារអភិវឌ្ឍន៍អាស៊ីក៏នឹងគ្រប់គ្រងហិរញ្ញប្បទានកម្ចី ក្នុងទឹកប្រាក់ ៤០ លានអឺរ៉ូ (ស្មើនឹង ៤៣,៥៤ លានដុល្លារ) មួយទៀត ពីទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសបារាំង (AFD) ដែលនឹងចូលរួមផ្តល់ហិរញ្ញប្បទានដល់គម្រោងដែលនឹងអនុវត្តក្នុងទីក្រុងទាំង ៤ ខាងលើនេះ។

លោក Michael White អ្នកឯកទេសផ្នែកអភិវឌ្ឍទីក្រុង នៃនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ធនាគារអភិ-វឌ្ឍន៍​អាស៊ី បានមានប្រសាសន៍ថា “ខណៈពេលដែលប្រទេសកម្ពុជាបន្តពង្រីក និងអភិវឌ្ឍន៍ទីក្រុងរបស់ខ្លួនក្នុងល្បឿនមួយដ៏លឿន គេចាំបាច់ត្រូវធានាយ៉ាងណាឲ្យប្រជាពលរដ្ឋអាចទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ដើម្បីទ្រទ្រង់ដល់ផលិតភាព និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ក៏ដូចជាកែលំអបរិស្ថានក្នុងទីក្រុងផងដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងសហការយ៉ាងជិតស្និទជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីធានាយ៉ាងណាឲ្យប្រជាពលរដ្ឋ អាចទទួលបានសេវា​ជាមូលដ្ឋានក្នុងទីក្រុងទាំងនេះ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទីក្រុង ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសនេះ។”

ចំនួនប្រជាជនតាមទីក្រុងរបស់ប្រទេសកម្ពុជា កំពុងកើនឡើងក្នុងល្បឿនមួយថេរ ហើយគេរំពឹងថានៅក្នុងឆ្នាំ ២០៣០ ចំនួនប្រជាជនដែលរស់នៅក្នុងទីក្រុង នឹងឡើងដល់ប្រមាណជា ៣០ ភាគរយនៃចំនួនប្រជាជនសរុប។ ក្នុងខណៈពេលដែលកំណើននេះបានរួមចំណែកដល់កំណើនជារួមរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស កំណើន​នៃទីក្រុង ដែលគម្រោងនេះនឹងត្រូវអនុវត្ត ដូចជា ទីក្រុងបាត់ដំបង កំពង់ចាម សៀមរាប និងព្រះសីហនុ តម្រូវការសេវាជាមូលដ្ឋានក្នុងទីក្រុង ដូចជាការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក៏មានការកើនឡើងផងដែរ។

បច្ចុប្បន្ននេះ ប្រជាជនដែលរស់ក្នុងទីក្រុងប្រមាណតែ ៤២,២ ភាគរយតែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលរាជធានីភ្នំពេញ បានទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងប្រមាណជា ៨០,២ ភាគរយ បានទទួលសេវាអនាម័យដែលត្រូវបានកែលំអ ដែលក្នុងនោះមានត្រឹមតែ ១០,៧ ភាគរយប៉ុណ្ណោះដែលទទួលបានសេវាបង្ហូរទឹកតាមប្រព័ន្ធលូ និងសេវាសំអាតទឹកស្អុយ។

គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្នាក់ខេត្តនេះ នឹងកែលំអការផ្គត់ផ្គង់ទឹកតាមបំពង់ក្នុងខេត្តបាត់ដំបង និងខេត្តកំពង់​ចាម ដែលនឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណជា ២០៩.០០០ នាក់បន្ថែមទៀត ឬស្មើនឹងការតភ្ជាប់បណ្តាញប្រ​មាណ ៤០.០០០ ត្រឹមឆ្នាំ ២០២២ តាមរយៈការសាងសង់រោងចក្រសំអាតទឹកចំនួន ២ ដែលមានសមត្ថភាពរួមគ្នា ៦១.​៦០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ និងបណ្តាញចែកចាយថ្មី ដែលមានប្រវែងសរុបបញ្ចូលគ្នា ១៦១ គីឡូម៉ែត្រ។

គម្រោងនេះនឹងបង្កើនវិសាលភាពគ្របដណ្តប់ នៃការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់រហូតដល់ប្រមាណ​ជា ៩០ ភាគរយ នៃប្រជាជនដែលរស់នៅក្នុងទីក្រុង ដែលជាតួលេខរំកិលកៀកទៅនឹងគោលដៅ ១០០ ភាគរយ ត្រឹមឆ្នាំ ២០២៥ ដែលរដ្ឋាភិបាលបានដាក់ចេញ ។

លើសពីនេះ គម្រោងនេះនឹងបង្កើនសេវាអនាម័យក្នុងទីក្រុង តាមរយៈការសាងសង់រោងចក្រសំអាតទឹកស្អុយថ្មីមួយកន្លែងនៅទីក្រុងបាត់ដំបង និងការពង្រីករោងចក្រសំអាតទឹកស្អុយក្នុងក្រុងព្រះសីហនុ ដែលគម្រោងទាំង ២ នេះរួមគ្នាមានសមត្ថភាពសំអាតទឹកស្អុយប្រមាណជា ៣.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។

គម្រោងនេះក៏ជួយសាងសង់បណ្តាញលូថ្មីប្រវែង ៣៧ គីឡូម៉ែត្របន្ថែមទៀតផងដែរ។ លើសពីនេះ នឹងមានការសាងសង់ប្រព័ន្ធគ្រប់​គ្រងកាកសំណល់ថ្មីមួយកន្លែង ក្នុងខេត្តកំពង់ចាម និងបណ្តាញលូថ្មីប្រវែង ៣,៧ គីឡូម៉ែត្រក្នុងខេត្តសៀមរាប ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងកែលំអបរិយាកាសក្នុងទីក្រុង នៅតំបន់ដែលជាគោលដៅទេសចរណ៍អន្តរជាតិមួយនេះ។ វាក៏នឹងមានការផ្តល់ការគាំទ្រដល់ការកសាងសមត្ថភាពស្ថាប័ន សម្រាប់ទីភ្នាក់ងារ និងអាជ្ញាធរពាក់ព័ន្ធផងដែរ។

គម្រោងនេះមានចំណាយសរុបប្រមាណជា ១១៩,១៧ លានដុល្លារ ដែលរដ្ឋាភិបាលនឹងចូលរួមបដិភាគ ១០,៥៤ លានដុល្លារ ហើយកម្មវិធីវិនិយោគអាស៊ីរបស់សហភាពអឺរ៉ុប នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណជា ៤,៦៧ លានអឺរ៉ូ (ស្មើនឹង ៥,០៩ លានដុល្លារ) ដែលនឹងត្រូវគ្រប់គ្រងដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)សម្រាប់គាំទ្រដល់វិធានការសន្សំសំចៃថាមពល ការភ្ជាប់បណ្តាញលូតាមផ្ទះដោយមិនគិតថ្លៃ និងការអភិវឌ្ឍន៍សមត្ថភាព។ គម្រោងនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២២។

មានការិយាល័យកណ្តាលនៅទីក្រុងម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាកាត់បន្ថយភាពក្រីក្រនៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន កំណើនដែល​ធានា​ដល់ចីរភាពបរិស្ថាន និងសមាហរណកម្មតំបន់។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងប្រារព្ធខួបលើកទី ៥០ នៃភាពជាដៃគូ​អភិវឌ្ឍន៍​របស់ខ្លួនក្នុងតំបន់។ ធនាគារនេះជាកម្មសិទ្ធិរបស់សមាជិកចំនួន ៦៧ ប្រទេស ដែលក្នុងនោះ ៤៨ ប្រទេស មកពីតំបន់។ ក្នុង​ឆ្នាំ ២០១៦ ធនាគារអភិវឌ្ឍន៍អាស៊ី​​ផ្តល់​ជំនួយសរុប​ក្នុង​ទឹកប្រាក់ ៣១,៧ ពាន់​លាន​ដុល្លារ ក្នុង​នោះ​ ១៤ ពាន់​លាន​ដុល្លារ ជា​សហហិរញ្ញប្បទាន៕

Leave a Reply

Your email address will not be published. Required fields are marked *