vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

រដ្ឋមន្ដ្រីអះអាងថា៖អត្តសញ្ញាកម្មពលរដ្ឋក្រីក្រនៅមិនច្បាស់លាស់ឯគម្លាតអ្នកធូរធារនិងអ្នកក្រីក្របន្តកើតមាន

ខេត្តកំពតៈ ការកំណត់អត្តសញ្ញាណជនក្រីក្រពុំច្បាស់លាស់នាំឱ្យកិច្ចអភិវឌ្ឍមូលដ្ឋានមិនចំគោល ដៅ ពិសេសគម្លាតរវាងអ្នកទទួលចំណូលខ្ពស់ និងអ្នកទទួលចំណូលទាបនៅតែបន្តកើតមាន។រដ្ឋមន្ត្រីក្រសួងផែនការបាន មានប្រសាសន៍បែបនេះក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពតនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានមានប្រសាសន៍ថា៖" ភាពក្រីក្រជាបញ្ហា ស្មុគ្រស្មាញពហុមុខបង្កពីកត្តាច្រើនយ៉ាង ដូចជា កំណើនប្រជាជនខ្ពស់ កង្វះអនាម័យ បញ្ហាសុខភាព កង្វះការអប់រំ កង្វះកាលានុវត្តភាពការងារ កង្វះសុវត្ថិភាពស្បៀង ការរើសអើងក្នុងសង្គមជាដើម"។ រាជរដ្ឋា ភិបាលបានយល់ច្បាស់ និងបានចាត់ទុកភាពក្រីក្រជាបញ្ហាអាទិភាពដែលត្រូវរួមគ្នាដោះស្រាយ។

ក្នុងបរិ ការណ៍នេះ ក្រសួងផែនការដែលជាសេនាធិការបានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិជាបន្តបន្ទាប់។ សម្រាប់ឆ្នាំ២០១៤-២០១៨ ផែនការអភិវឌ្ឍន៍ជាតិនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបី បានកំណត់ ច្បាស់នូវវិស័យអាទិភាពនានាជាសូចនាករ ពេលវេលា និងធនធានសម្រាប់អនុវត្ត ព្រមទាំងយន្តការតាម ដាន ត្រួតពិនិត្យ និងវាយតម្លៃ ក៏ដូចជាទំនួលខុសត្រូវរបស់ក្រសួងស្ថាប័នផ្សេងៗ តាមមុំនៃអាទិភាពនីមួយៗ ដើម្បីឈានទៅសម្រេចបានកំណើនសេដ្ឋកិច្ចប្រាំពីរភាគរយ និងកាត់បន្ថយភាពក្រីក្រឱ្យបានលើសពីមួយ ភាគរយក្នុងមួយឆ្នាំៗ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា៖" គោលដៅចម្បងនៃការងារអត្តសញ្ញាណកម្មនេះ គឺដើម្បីផ្តល់ទិន្នន័យគ្រួសារក្រីក្រនៅគ្រប់ភូមិទាំងអស់ចំពោះក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងដៃ គូអភិវឌ្ឍន៍សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពកាត់បន្ថយភាពក្រីក្រ ព្រោះកន្លងមក និន្នាការនៃការប្រើប្រាស់ ទិន្នន័យគ្រួសារក្រីក្រមានការកើនឡើងជាលំដាប់។ ផ្តើមចេញពីបញ្ហានេះ ឯកឧត្តម ឆាយ ថន បានបញ្ជាក់ ថា ការកំណត់អត្តសញ្ញាណជនក្រីក្រពុំច្បាស់លាស់ នាំឱ្យកិច្ចអភិវឌ្ឃមូលដ្ឋានមិនចំគោលដៅ ពិសេស គម្លាតរវាងអ្នកទទួលចំណូលខ្ពស់ និងអ្នកទទួលចំណូលទាបនៅតែបន្តកើតមាន"។

ក្នុងពិធីប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលមានសមាជិកមកពីខេត្តកែប និងខេត្តកំពតចូលរួមប្រមាណជាង១០០នាក់ លោកចាន់ ចេស្តា អភិ បាលខេត្តកំពតបានមានប្រសាសន៍ថា ដោយមានការគាំទ្រថវិកា សម្ភារៈពីអង្គការ GIZ និងជំនួយបច្ចេក ទេសរបស់ក្រសួងផែនការ កន្លងទៅខេត្តកំពតធ្លាប់បានអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្របីលើក រួចមកហើយនៅភូមិចំនួន៤៨០ ក្នុងចំណោមភូមិ៤៨៨ ទូទាំងខេត្ត ដែលមានពលរដ្ឋ១៣៤.៤២៨គ្រួសារ។

ជាលទ្ធផល នាឆ្នាំ២០០៩ បានរកឃើញអត្រាភាពក្រីក្រមានកម្រិត១៨,៨០ភាគរយ។ ក្នុងឆ្នាំ២០១១ មានកម្រិត​១៥,៦០ភាគរយ និងឆ្នាំ២០១៤ មានកម្រិតត្រឹម១៤,៤០ភាគរយ។ លោកអភិបាលខេត្តបានមាន ប្រសាសន៍បន្តថា៖ សម្រាប់ឆ្នាំ២០១៧នេះ ក្រសួងផែនការ និងម្ចាស់ជំនួយបានកំណត់ឱ្យខេត្តធ្វើបច្ចុប្បន្ន ភាពឡើងវិញអំពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រទាំងនោះ។ ដូច្នេះ គ្រប់ក្រុងស្រុក មន្ទីរ អង្គភាព ព្រមទាំង អង្គការដៃគូនានាមេត្តាចូលរួមសហការជាមួយមន្ទីរផែនការ ក៏ដូចជាមន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីជួយដល់ មន្ត្រីមូលដ្ឋានបានធ្វើបច្ចុប្បន្នភាពដោយទៀងទាត់ និងយកចិត្តទុកដាក់ដើម្បីរក្សាបាននូវប្រសិទ្ធភាព សុក្រិត្យភាពនៃបញ្ជីគ្រួសារក្រីក្រសម្រាប់ជាមូលដ្ឋានក្នុងការផ្តល់សេវា ឬជំនួយផ្សេងៗ៕

បារាំងគាំទ្រគម្រោងថែទាំសុខភាពកម្មការិនីនិងកុមារនៅតាមរោងចក្រកាត់ដេរ

 

ភ្នំពេញ៖ស្ថានទូតបារាំងប្រចាំនៅកម្ពុជានៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៧នេះបានប្រកាសថា៖ប្រទេសបារាំងពង្រឹងសកម្មភាពរបស់ខ្លួន សម្រាប់កម្មការិនីបម្រើការ​ក្នុងវិស័យ​វាយនភណ្ឌ​នៅ  កម្ពុជា តាមរយ:ការបង្កើតសេវាសុខភាព និងការថែទាំកុមារ​តូចៗនៅ​តាមរោង​ចក្រកាត់ដេរដោយសហការជាមួយអង្គការPlanèteEnfantset Dévelop​pement ។

ស្ថានទូតបារាំងបានលើកឡើងថា៖កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានចុះ​ហត្ថលេខា​លើអនុសញ្ញានៃការផ្តល់ហិរញ្ញប្បទានចំនួន ៣៣០ ០០០ អឺរ៉ូ ជាមួយអង្គការ​ពិភព​កុមារនិងអភិវឌ្ឍន៍ ឬ Planète Enfants et Développement (PE&D) ដើម្បីដាក់​ឱ្យដំណើរ​ការ​គម្រោងសេវាសុខភាព និងការថែទាំកុមារសម្រាប់​កម្មការិនីរោងចក្រកាត់ដេរនៅកម្ពុជា។

លោក Philippe STEINMETS នាយកទីភ្នាក់ងារ AFD ប្រចាំកម្ពុជា និងលោកស្រី Nathalie DUPONT ប្រធានអង្គការ PE&D បានចុះហត្ថលេខាលើអនុសញ្ញាខាងលើ ដោយមាន​ការចូលរួមពីលោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva NGUYEN BINH) ឯកអគ្គរដ្ឋទូត​បារាំងប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងដៃគូ និងអង្គការសង្គមស៊ីវិលនានាផងដែរ។

ស្ថានបានបញ្ជាក់ថា៖”គម្រោងនេះនឹងត្រូវអនុវត្តសាកល្បងនៅតាមរោងចក្រចំនួន១២នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដោយក្រុមការងាររបស់អង្គការ PE&D សហការជាមួយ​អង្គការ​គ្រួសារយើង ដែលជាដៃគូ តាំងពីយូរណាស់មកហើយ”។ គម្រោងខាង​លើនឹង​ផ្តល់ផល​ប្រយោជន៍​ផ្ទាល់ដល់កុមារអាយុពី០ទៅ៣ឆ្នាំចំនួន១៤០នាក់ ព្រមទាំងកម្មករ-កម្មការិនីចំនួន១ ២០០នាក់។ បុគ្គលិកប្រមាណ៥០នាក់នឹងទទួលការបណ្តុះបណ្តាលពីការថែទាំសុខភាព និងការ​មើលថែកុមារនៅក្នុងរោងចក្រ។

ស្ថានទូតបារាំងបានលើកឡើងទៀតថា៖គម្រោងថ្មីរបស់អង្គការ PE&D នេះកើតចេញពី​គំនិត ផ្តួចផ្តើមបច្ចុប្បន្នរបស់រាជ​រដ្ឋាភិបាល​កម្ពុជា ដែលចង់ដាក់ឱ្យ​ដំណើរការសេវា​សង្គមកិច្ច​នៅតាម រោងចក្រ។ គម្រោងនេះមាន​គោល​ដៅបង្កើតឱ្យមានសេវាថែទាំសុខភាពបន្តពូជ និង សុខភាព មាតា(គិលានដ្ឋាន) និងកន្លែងមើលថែ​កុមារ(ទារកដ្ឋាន)នៅតាមរោងចក្រ។

ស្ថានទូតបានអះអាងថា៖គម្រោងក៏ផ្តោតផងដែរទៅលើការវាយតម្លៃពីសារសំខាន់នៃសេវាផ្សេងៗដែលត្រូវបានផ្តល់ជូន ដើម្បីបង្ហាញដល់រាជរដ្ឋាភិបាល  សង្គមស៊ីវិល  និងវិស័យឯកជន ហើយធ្វើយ៉ាងណាឱ្យសេវាទាំងនោះមានលក្ខណៈផ្លូវការ និងត្រូវបានអនុវត្តនៅទូទាំងប្រទេស។

គួរបញ្ជាក់ថា ច្បាប់ការងារតម្រូវឱ្យមានការបង្កើត​គិលានដ្ឋាននៅតាមរោង​ចក្រដែលប្រើ​ប្រាស់​កម្មករនិយោជិតយ៉ាងតិច៥០នាក់ និងទារកដ្ឋាននៅតាមរោង​ចក្រដែលមាន​កម្មករ​និយោ​ជិត​​​យ៉ាងតិច១០០នាក់។ ក៍ប៉ុន្តែការផ្តល់សេវាថែទាំសុខភាព និងការថែទាំកុមារកន្លង​មកមិនទាន់​មាន​ប្រសិទ្ធភាព ឬនៅមានកម្រិតតិចតួចនៅឡើយ។

ប្រទេសបារាំងការផ្តល់ហិរញ្ញប្បទាននេះស្ថិតក្នុងក្របខ័ណ្ឌនៃការជួយរបស់ទីភ្នាក់ងារ  AFD ក្នុង វិស័យ​កាត់ដេរនៅកម្ពុជា និងការលើកស្ទួយក្រុមហ៊ុនដែលមានការ​ទទួលខុសត្រូវ​ផ្នែក​សង្គម ។ ចាប់តាំងពីឆ្នាំ១៩៩៣មក ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបានផ្តល់ហិរញ្ញប្បទាន​ដល់គម្រោង​នានាក្នុង​រង្វង់ទឹកប្រាក់សរុបជាង៤៣៥លានអឺរ៉ូ ក្នុងនោះ៦០​លាន​អឺរ៉ូនៅឆ្នាំ២០១៦ ដើម្បីជួយ​ប្រទេស​​កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕(EML)

 

July-179July-180

 

សម្ដេចហ៊ុនសែនបន្ដប្រកាសថា៖"គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ"

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបន្ដប្រកាសថា៖"គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ"។​តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្ដ្រីបានសរសេរថា៖"ការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមកដល់សព្វថ្ងៃនេះ គឺបានបង្ហាញអោ​យ​ប្រជាពលរដ្ឋបានឃើញច្បាស់នូវការរីកចម្រើនពិតរបស់កម្ពុជា។ សន្តិភាព បានផ្តល់ឱកាសអោយយើងកសាងប្រទេ​ស​ជាតិបានលឿនឆ្ពោះទៅមុខ។មានសន្តិភាពយូរអង្វែង មានការរីកចម្រើនយូរអង្វែង។

សព្វថ្ងៃនេះអ្នកវិនិយោគទុនជាតិ និងអន្តរជាតិមានជំនឿទុកចិត្តយ៉ាងខ្លាំង លើការដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តីដែលធានាបាននូវបរិយាកាសវិនិយោគល្អជាមួយនឹងស្ថេរភាពនយោបាយ និងសន្តិសុខសង្គម មិនដូចការបំពុលនិងបំផ្លើសព័ត៍មានអាក្រក់ពីក្រុមខិលខូចមួយចំនួនឡើយ។ ទន្ទឹមនឹងនេះដែរ កំណើនទេសចរណ៍ក៏កំពុងកើនឡើងយ៉ាងខ្ពស់ ដែលយើងរំពឹងទុកថានឹងកើនដល់៥ លាន នាក់ក្នុង១ឆ្នាំ។ ប្រជាពលរដ្ឋរីករាយសាទរដោយទទួលបាននូវការងារសមស្រប និងមុខរបរតូចធំជាមួយប្រាក់ចំណូលសមរម្យដែលធ្វើអោយជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។

ចាប់តាំងពីពេលបោះឆ្នោតឃុំសង្កាត់មកទល់ពេលនេះ ចំនួនបងប្អូនប្រជាពលរដ្ឋដែលបានចូលជាសមាជិកគណបក្សប្រជា​ជន ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុងនិងក្រៅប្រទេស។ នេះគឺបង្ហាញអោយឃើញកាន់តែច្បាស់ថា គណ​បក្សប្រជាជននឹងទទួលជ័យជំនះនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ជាបន្តទៀត៕

សម្តេចហ៊ុន សែន ជួបកុមារឆ្នើមខាងគណិតវិទ្យាហ៊ឺ ទៀងគីមហុង

ភ្នំពេញ៖តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលបានអោយដឹងថា៖នៅព្រឹកថ្ងៃទី ១៩ កក្កដា ឆ្នាំ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួប ចៅប្រុស ហ៊ឺ ទៀង គីមហុង អាយុ ៧ឆ្នាំ ឪពុក ម្ដាយក្រុមគ្រួសារ និងលោកគ្រូប្រចាំថ្នាក់របស់ គីមហុង ព្រមទាំងលោកគ្រូ ដែលបានធ្វើតេស្ត គីមហុង លើសមត្ថភាពគណិតវិទ្យាកន្លងមក។ សព្វថ្ងៃនេះ កុមារា គីមហុង កំពុងរៀននៅសាលាបឋមសិក្សាហ៊ុនសែនអនុវត្ត ដែលមានទីតាំងនៅភូមិ ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ត តាកែវ។ ឪពុកម្តាយរបស់កុមារា គីមហុង សព្វថ្ងៃគឺកំពុងរស់នៅទីតាំងខាងលើនេះផងដែរ។ ការជួបជុំសំណេះសំណាលនេះគឺនៅភូមិគ្រឹះសម្តេចតេជោផ្ទាល់កាលពីព្រឹកមិញ។

កុមារា គីម ហុង គឺជាកុមារដែលមានសមត្ថភាពពិសេសយល់ដឹងលើភាសាខ្មែរ និងគណិតវិទ្យា។ គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ និងរៀបអក្សរខ្មែរ និងអក្សរឡាតាំងកាលពីអាយុជាង ២ឆ្នាំ។ អាយុបានពីរឆ្នាំកន្លះ កុមារ គីមហុង ចេះអានសារជូនពរសម្តេចតេជោ ហ៊ុន សែន បានយ៉ាងល្អ។

នៅក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយចៅ គីមហុង សម្តេចតេជោ បានប្រគល់កំព្យូទ័អោយកុមារប្រើប្រាស់ស្រាវជ្រាវក្នុង Internet និងបានអោយចៅស្រីសម្តេច និយាយសន្ទនាជាភាសាអង់គ្លេសជាមួយគ្នាផងដែរ។ សម្តេចតេជោ ក៏បានប្រាប់អោយចៅ គីមហុង ស្រាវជ្រាវរកផែនទីកម្ពុជា និងទីតាំងមួយចំនួន ហើយវាស់ចំងាយរកចំនួនប្រវែងគីឡូម៉ែត្រ។ គីមហុង ធ្វើបានយ៉ាងល្អគួរអោយកោតសរសើរ។ ដោយសារកុមារនេះមានសមត្ថភាពពិសេស គឺសម្តេចតេជោ បានស្នើអាហារូបករណ៍ពិសេសពីសាលា Belti ដល់គីមហុងបានសិក្សាចំណេះដឹងទូទៅ។ គីមហុង អាចនឹងចាប់សិក្សាពីថ្នាក់ទី ៨ឡើងទៅ ប្រសិនបើសាលាធ្វើតេស្តសមត្ថភាពរួចហើយនោះ។ ទន្ទឹមនឹងនេះ គឺសម្តេចតេជោ បានស្នើអោយ លោក ដួង តារា ជំនួយការសម្តេចតេជោ នឹងក្រុមគ្រួសារពិភាក្សាគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរកគ្រឹះស្ថានល្អដែលសមស្របទៅនឹងសមត្ថភាពពិសេសរបស់កុមារគីមហុង។ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងទទួលបន្ទុករាល់នូវការចំណាយក្នុងការសិក្សាសម្រាប់កុមារា គីម ហុង ទាំងស្រុង។

បន្ទាប់ពីបានសំណេះសំណាលជាមួយចៅប្រុស ក្រុមគ្រួសារ និងលោកគ្រូរួចមក សម្ដេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវ កុំព្យូទ័រយួរដៃ ០១គ្រឿង iPad ០១ សម្រាប់សិក្សាស្រាវជ្រាវ និងកង់ ០១គ្រឿង សម្រាប់ចៅប្រុសធ្វើដំណើរទៅសាលា រួមនឹងថវិកាមួយចំនួនផងដែរ។

 សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរ ដល់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ចញ្ចឹមបីបាច់ថែរក្សា និងអប់រំបង្រៀនកុមារ ហ៊ឺ ទៀងគីមហុង ដែលទើបមានអាយុ ៧ ឆ្នាំ មានសមត្ថភាពធ្វើគណិតវិទ្យាថ្នាក់ទី ១២ បានយ៉ាងល្អ។ សម្តេចតេជោ នឹងឧបត្ថម្ភគ្រប់បែបយ៉ាង ដល់ការសិក្សារបស់ គីមហុង ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត។ គីមហុង គឺជាធនធានដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា៕

ក្នុង៦ខែឆ្នាំ២០១៧វិស័យសំណង់ទូទាំងប្រទេសមានចំនួន១៥២៣គម្រោងឯទឹកប្រាក់វិនិយោគមានជិត៥ពាន់លានដុល្លារ

ភ្នំពេញ៖ រយៈពេលឆមាសទី១ឆ្នាំ២០១៧ វិស័យសំណង់នៅទូទាំងប្រទេសកម្ពុជា មានចំនួន ១៥២៣គម្រោង ដែលផ្ទៃក្រឡាសំណង់សរុប ជាង៧លានម៉ែត្រការ៉េ គឺកើនឡើង២៧,៤៤%ឯទឹកប្រាក់វិនិយោគមានជិត៥ពាន់លានដុល្លារអាមេរិច។ ការកើនឡើង នៃវិស័យសំណង់នេះ ដោយសារស្ថានភាពនយោបាយកម្ពុជា​មានស្ថេរភាពល្អ។
​ការកើនឡើងនៃវិស័យសំណង់នៅទូទាំងប្រទេសនេះ លោក ឡៅ ទិព្ធសីហា អនុរដ្ឋ លេខាធិការក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ បញ្ជាក់ថា៖ “ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៧ ទាំងសមត្ថកិច្ចថ្នាក់ក្រោមជាតិ និងថ្នាក់រាជធានី ខេត្ត បានផ្ដល់លិខិតអនុញ្ញាតសាងសង់ ចំនួន១.៥២៣ គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង ៧លាន២៨ម៉ឺនម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានជិត ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក”។
លោកបញ្ជាក់ថា៖ បើប្រៀបធៀបទុនវិនិយោគក្នុងរយៈពេលដូចគ្នានឹងឆ្នាំ២០១៦ ចំនួន ១.១៨៣គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួនជាង ១០លាន៥១ម៉ឺនម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានជាង ៣.៨៧៩លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងទុនវិនិយោគប្រមាណ ២៧,៤៤%”។
​ចំពោះទិន្នន័យបុរីលំនៅឋាន និងអគារខ្ពស់ៗក្នុងរយៈពេល ០៦ខែ ឆ្នាំ ២០១៧ មាន ទីក្រុងរណបបុរីលំនៅឋានមានលក្ខណៈជាបុរីផងនោះ លោកបានអោយដឹងថា គឺសរុបមានចំនួន ១៤ទីតាំង មានអគារខ្ពស់ចាប់ពី ០៥ជាន់ ឡើងទៅមានចំនួន សរុប ៤៣អគារ។ គិតពីឆ្នាំ ២០០០ ដល់ ០៦ខែ ឆ្នាំ២០១៧ ការបោះទុនវិនិយោគវិស័យសំណង់ មកពីបរទេសមាន ១៨ប្រទេស មានចំនួន៣០៩គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង ១៣លាន៤៦ម៉ឺនម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន​ទុន​វិនិ​យោ​គ​សាងសង់ជាង ៤.៦៨៦លាន៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោក ឡៅ ទិព្ធសីហា បានអោយដឹងដែរថា៖ អំពីការចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ ក្នុងរយៈពេល ០៦ខែ ឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនសិក្សាគម្រោងប្លង់ និង សាងសង់ នៅមានសុពលភាពចំនួន ១០០៦ក្រុមហ៊ុន ក្នុងនោះ មានក្រុមហ៊ុនសិក្សាគម្រោងប្លង់ មានចំនួន៤០ក្រុមហ៊ុន និងក្រុមហ៊ុនសាងសង់មានចំនួន ៩៦៦ ក្រុមហ៊ុន។ មានក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ជនបរទេសនៅមានសុពលភាពចំនួន ៤០៨ក្រុមហ៊ុន។
ទាក់ទិនទៅនឹងការរីកចំរើនខាងវិស័យសំណង់ លោក សេង ឡូត អ្នកនាំពាក្យ ក្រសួងរៀបចំដែននគរូបនីយ៍កម្មនិងសំណង់ ថ្លែងប្រាប់ទូរទស្សន៍ហង្សមាសថា “ការរីកចំរើនខ្លាំងខាងវិស័យសំណង់នេះ គឺថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា​សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងសាម៉ី បានដាក់ផែនការច្បាស់លាស់ ក្នុងការគៀគរអ្នកវិនិយោគិន អោយមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យសំណង់។ ជាមួយគ្នាប្រទេសកម្ពុជា ពិតជា​មានស្ថេរភាពនយោបាយល្អ កំណើនសេដ្ឋកិច្ចកម្ពុជា នៅតែឈរលំដាប់ជាង៧% នៃ GDP។ លោកបានបញ្ជាក់ថា បច្ចុប្បន្នអ្នកវិនិយោគលើវិស័យសំណង់ គឺចិនមានលំដាប់ខ្ពស់ បន្ទាប់មក កូរ៉េ និងអ្នកវិនិយោគក្នុងស្រុក ដែលវិនិយោគលើសំណង់បុរី ផ្ទះល្វែងជាដើម។
​លោក ឧកញ៉ា លី ហួរ ប្រធានសមាគមន៍អ្នកសាងសង់នៅកម្ពុជា ក៏បានអោយដឹងដែរ​ថា “ការរីកចំរើនវិស័យសំណង់នេះ គឺមានសន្ទុះខ្លាំងណាស់ បើធៀបទៅនឹងឆ្នាំ២០១៦​កន្លងទៅ ដោយប្រជាពលរដ្ឋមានជីវភាពប្រសើរឡើង គេងាកមករកទិញផ្ទះ នៅតាមបុរី ឬក៏សង់ សំណង់ផ្ទះថ្មដោយខ្លួនឯង ដូច្នេះហើយអ្នកវិនិយោគវិស័យសំណង់ ត្រូវពង្រីកនៃការសាសង់បន្ថែមទៀត ដើម្បីតម្រូវការសំរាប់អ្នកទិញ”។ លោកឧកញ៉ា បញ្ជាក់ថា ក្រុមហ៊ុនរបស់លោក គឺមានការលក់ ផ្ទះមានការកើនឡើង តែលោកមិនបានបញ្ជាក់ចំនួននោះទេ៕

 

មន្ដ្រី៖"កម្មវិធីផ្តល់អាហារតាមសាលារៀននឹងបញ្ចប់នៅត្រឹមឆ្នាំ២០២១"

ខេត្តសៀមរាប៖តំណាងអង្គការស្បៀងអាហារពិភពលោកប្រចំានៅកម្ពុជាបានអះអាងថា កម្មវិធីផ្តល់អាហារតាមសាលារៀនដែលជាជំនួយរបស់អង្គការស្បៀងអាហារពិភពលោកនិងត្រូវបញ្ចប់នៅត្រឹមឆ្នំា២០២១ដោយប្រគល់កម្មវិធីនេះទៅឲ្យរាជរដ្ឋាភិបាលកម្ពុជាជាអ្នកគ្រប់គ្រងទំាងស្រុងវិញ។
ថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់ជាតិស្តីពីកម្មវិធីស្បៀងអាហារតាមសាលារៀននៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៤ខែកកដ្កានេះលោកស្រី Francesca Erdelmann នាយករងនៃអង្គការស្បៀងអាហារពិភពលោកបានមានប្រសាសន៍ថា៖" កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ បានជួយប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៧៩ ដើម្បីសង្រ្គោះដល់ប្រជាជនក្រីក្រ ជួបបញ្ហាអត់ឃ្លាន និងអសន្តិសុខស្បៀង"។ ចំពោះកម្មវិធីស្បៀងអាហារតាមសាលារៀន រួមមានកម្មវិធីអាហារពេលព្រឹក កម្មវិធីអាហារូបករណ៍សិស្សជាស្បៀងនិងអាហារូបករណ៍សិស្សជាសាច់ប្រាក់បានចាប់អនុវត្តតាំងពីឆ្នាំ១៩៩៩ក្នុងគោលបំណងបង្កើនជាសំណាញ់សុវត្ថិភាពសម្រាប់កុមារមកពីគ្រួសារងាយរងគ្រោះបំផុត ដែលកំពុងប្រឈមនឹងអសន្តិសុខស្បៀង។

កម្មវិធីស្បៀងអាហារនៅតាមសាលារៀន បានជួយឱ្យកុមារបំបាត់ភាពស្រេកឈ្លានរយៈពេលខ្លី និងទទួលបានការរៀនសូត្របានល្អ បង្កើនវត្តមាននៃការសិក្សារបស់សិស្ស កាត់បន្ថយការបោះបង់ការសិក្សា និងបង្កើនអត្រាបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សា។កម្មវិធីនេះបានរួមចំណែកពង្រឹងគុណភាពអប់រំនៅតាមមូលដ្ឋាន និងសាលារៀនគោលដៅនានា លើការប្រមូលកុមារឱ្យចូលរៀន គុណភាពនិងប្រសិទ្ធភាពនៃការបង្រៀននិងរៀន និងការចូលរួមរបស់សហគមន៍ស្របតាមគោលនយោបាយសាលាកុមារមេត្រីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ផែន ការយុទ្ធសាស្រ្តវិស័យអប់រំ។
លោកស្រីបានបញ្ជាក់ថា៖" កម្មវិធីស្បៀងអាហារតាមសាលារៀនដែលជាជំនួយរបស់អង្គការស្បៀងអាហារពិភពលោក និងបញ្ចប់គម្រោងរបស់ខ្លួនត្រឹមឆ្នំា២០២១ដោយប្រគល់កម្មវិធីនេះទៅឲ្យរាជរដ្ឋាភិបាលកម្ពុជាជាអ្នកគ្រប់គ្រងទំាងស្រុងវិញ"។លោកស្រីពន្យល់ថា មូលហេតុនៃការបញ្ចប់គ្រោងនេះ គឺដោយសារមើលឃើញថា បច្ចុប្បន្ននេះជីវភាពរស់នៅរបស់ប្រជាពល រដ្ឋកម្ពុជាមានភាពល្អប្រសើរជាងមុន រីឯអត្រាភាពក្រីក្រក៍មានការថយចុះមកនៅត្រឹម១៣%ស្ថានការចូលរៀនរបស់កុមារនៅកម្ពុជាក៍ខ្ពស់មានរហូតដល់ប្រមាណ៩០% ចំពោះរាជរដ្ឋាភិបាលក៍មានភាពរឹងមំាដែលអាចធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមានការរីកចំរើនបាន។
លោកអ៊ីន វីរជាតិ រដ្ឋលេខាធិការទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍទាំងអស់ ពិសេសកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្សក្នុងការជួយធ្វើឱ្យសម្រេចគោលដៅជាច្រើនសម្រាប់ វិស័យអប់រំនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖ ផ្អែកតាមលទ្ធផលនិងមេរៀនពិសោធជាច្រើន ទាក់ទងនឹងកម្មវិធីស្បៀងអាហារនៅតាមសាលារៀន ក្រសួងអប់រំ យុវជន និងកីឡា នៅតែចាត់ទុកជាកម្មវិធីអាទិភាពមួយដ៏សំខាន់ រួមចំណែកជួយដល់កុមារក្នុងសហគមន៍ក្រីក្រ ក្នុងការលើកកម្ពស់ការចូលរៀន និងការទទួលបានគុណភាពពីការរៀន ផ្តល់លទ្ធភាព ដល់កុមារទាំងនោះបានបញ្ចប់ការសិក្សានៅបឋមសិក្សា និងឈានទៅបន្តការសិក្សានៅមធ្យមសិក្សា។ ហើយចំពោះកម្មវិធីស្បៀងអាហារតាមសាលារៀនដែលជាជំនួយរបស់អង្គការស្បៀងអាហារពិភពលោកដែលនិងបញ្ចប់គម្រោងរបស់ខ្លួនត្រឹមឆ្នំា២០២១ខាងមុខនេះរាជរដ្ឋា​ភិបាលកម្ពុជានិងបន្តអនុវត្តកម្មវិធីប្រកបដោយភាពជោគជ័យបន្តទៀត៕

គម្រោងវារីអគ្គិសនីសេសានក្រោម២មានអនុភាព៤០០មេហ្គាវាត់និងទឹកប្រាក់វិនិយោគជិត៨០០លានដុល្លារនឹងបើកសម្ភោធថ្ងៃទី ២៥ ខែកញ្ញា ខាងមុខនេះ

ស្ទឹងត្រែង៖ គម្រោងវារីអគ្គិសនីសេសានក្រោម២ ដ៏ធំរបស់ប្រទេសកម្ពុជា មានអនុភាព ៤០០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង នឹងត្រូវបិទទំនប់ទប់ទឹកសាកល្បងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៧ មុននឹងឈានដល់ ពិធីបិទទំនប់ទប់ទឹកជាផ្លូវការនៅថ្ងៃទី ២៥ ខែកញ្ញា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមប្រភពពីមន្ដ្រីរដ្ឋាភិបាលបានអោយដឹងនៅថ្ងៃនេះ៕

ក្រុមហ៊ុនឯកជនសន្យាទិញស្រូវពីសហគមន៍កសិកម្មខេត្តព្រះវិហារសម្រាប់នាំចេញអង្ករសរីរាងបាន២ម៉ឺនតោនឆ្នាំ២០១៨

ភ្នំពេញ៖ផលិតផលស្រូវសរីរាង្គ គ្មានជាតិគីមី របស់សហគមន៍កសិកម្មខេត្តព្រះវិហារ កំពុងទទួល ការចាប់អារម្មណ៍ខ្លាំងពីបណ្តាប្រទេសសហគមន៍អ៊ឺរ៉ុប ដែលទទួលស្គាល់ថា មានគុណភាពល្អ សហគមន៍ កសិកម្មនៅខេត្តព្រះវិហារ សង្ឃឹមថាការលក់អង្ករសរីរាង្គរបស់ពួកគាត់មានការកើនឡើង ខណៈដែល ក្រុមហ៊ុន អេមរ៉ុ រាយស៍ សន្យានឹងទិញអង្ករសរីរាង្គរបស់សហគមន៍កសិកម្មខេត្តព្រះវិហារ ប្រមាណជាង២ ម៉ឺនតោន នាំចេញទៅលក់លើទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០១៨ខាងមុខនេះ ។

ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសក្រោយពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មផលិតនិងផ្គត់ផ្គង់នូវ ស្រូវសរីរាង្គ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ លោកឧកញ៉ា ស៊ុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរ៉ុរាយស៍ មានប្រសាសន៍ថា៖ រយៈពេល៤ឆ្នាំចុងក្រោយ នេះ ក្រុមហ៊ុនអេមរ៉ុរាយស៍ បាននាំចេញស្រូវសរីរាង្គដែលគ្មានជាតិគីមី ពីសហគមន៍កសិកម្មនៅក្នុង ខេត្តព្រះវិហារ ចំនួន២៥សហគមន៍កសិកម្ម បានប្រមាណជាងម៉ឺនតោនរួចមកហើយ នាំចេញទៅលក់ លើទីផ្សារអន្តរជាតិ ។

លោកឧកញ៉ា បានសន្យាថា៖ នៅក្នុងឆ្នាំ២០១៧នេះ មានការចូលរួមផលិតស្រូវ សរីរាង្គរបស់សហគមន៍កសិកម្ម ចំនួន៣២សហគមន៍របស់ខេត្តព្រះវិហារ ក្រុមហ៊ុននឹងនាំចេញ នូវស្រូវ សរីរាង្គ រហូតដល់ទៅ ជាង២ម៉ឺនតោនទៀតទៅលក់លើទីផ្សារអន្តរជាតិ ដើម្បីផ្គត់ផ្គង់ទីផ្សារចំណីអាហារ ជាពិសេសក្រុមហ៊ុន បានរកទីផ្សារថ្មីមួយ សម្រាប់ផលិតនូវចំណីអាហារកុមារ ។

លោកឧកញ៉ាបញ្ជាក់ថា៖ ការផ្គត់ផ្គង់ទីផ្សារចំណីអាហារកុមារនេះ ជាចំណែកមួយស្រូបយកបរិមាណផលស្រូវសរីរាង្គកាន់​​តែច្រើន និងជាមុខរបរវែងឆ្ងាយមួយសម្រាប់សហគមន៍កសិកម្មទាំងអស់ត្រូវផលិត ។

អគ្គនាយកក្រុមហ៊ុន អេមរ៉ុ រាយស៍ បានរំឭកថា ចាប់តាំងពីក្រុមហ៊ុនសហការជាមួយសហគមន៍កសិកម្មខេត្តព្រះវិហារ ចាប់ពីឆ្នាំ ២០១៣មក មានត្រឹមតែ១០០តោនតែប៉ុណ្ណោះ នឹងមានការកើនឡើងរាប់ពាន់តោន ពីមួយឆ្នាំទៅ ១ឆ្នាំ រហូតមកដល់ពេលនេះ ក្រុមហ៊ុនគ្រោងនឹងនាំចេញរហូតដល់ទៅជាង២ម៉ឺនតោន ។ ចំនួននាំចេញនេះ វាបានបង្កើតកេរ្តិ៍ឈ្មោះ ស្រូវអង្ករកម្ពុជា កាន់តែល្បីនៅលើទីផ្សារអន្តរជាតិបាន ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា៖ ការអនុវត្តកសិកម្មតាម រយៈ ការធ្វើកិច្ចសន្យាបែបនេះ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានា រក្សានូវតម្លៃទីផ្សារ ជូនដល់កសិករទាំងអស់ដែលប្រកបរបរកសិកម្មផ្សេងៗ ដែលអាចរួមចំណែកកាត់បន្ថយភាពក្រីក្រមួយ កម្រិតថែមទៀត។

ជាក់ស្តែងដូចជាស្រូវសរីរាង្គនេះ បានធ្វើឲ្យ សមាជិករបស់ សហគមន៍កសិកម្មមួយ ចំនួនធំ មានជីវភាពធូរធារប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីពួកគាត់បានអនុវត្ត នូវកសិកម្ម តាមកិច្ចសន្យាលក់ស្រូវសរីរាង្គ ដែលមិនប្រើប្រាស់សារធាតុគីមី នេះក្រុមហ៊ុននាំចេញស្រូវអង្ករនានា ដោយមានតម្លៃខ្ពស់ ។

លោក អភិបាលខេត្តព្រះវិហារ ក៏បានសំណូមពរឲ្យសហគមន៍កសិកម្មទាំង អស់ នៅខេត្តព្រះវិហារ ដែលបានចុះកិច្ចសន្យាធ្វើកសិកម្មផលិតស្រូវសរីរាង្គជាមួយក្រុមហ៊ុន ត្រូវធ្វើយ៉ាងណា គោរពនូវគោលការណ៍ បច្ចេកទេសដាំដុះ ការថែទាំ នឹងការប្រមូលផល ឲ្យស្របតាមតម្រូវការរបស់ ក្រុមហ៊ុន ជាគោលដៅធានាបាននូវគុណភាព និងកេរ្តី៍ឈ្មោះស្រូវអង្ករកម្ពុជាលើឆាកអន្តរជាតិ ។
ជាមួយគ្នានេះលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានលើកឡើងថា ៖សហគមន៍កសិកម្មនៅខេត្តព្រះវិហារ ប្រមាណជាង៨០% បានធ្វើកសិកម្មតាមកិច្ច សន្យា ដើម្បីផលិតស្រូវសរីរាង្គលក់ឲ្យក្រុមហ៊ុននាំចេញទៅទីផ្សារក្រៅស្រុក ដែលមានតម្លៃថ្លៃសមរម្យ អាចឲ្យកសិកម្មទទួលយកបាន និងចំណេញច្រើន បើធៀបនឹងកសិករដែល លក់ស្រូវសរីរាង្គឲ្យ ឈ្មួញ កណ្តាលផ្សេងៗ តែកសិករត្រូវដាំដុះស្រូវប្រកបដោយគុណភាព និងលក្ខណៈបច្ចេកទេសត្រឹមត្រូវ ។

លោកថា៖ វិធីសាស្រ្តក្នុងការថែទាំដំណាំស្រូវសរីរាង្គឲ្យបានល្អ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ប្រសិនបើដំណាំស្រូវ សរីរាង្គជួបបញ្ហាសត្វបំផ្លាញ មិនត្រូវប្រើសារធាតុគីមីដើម្បីកម្ចាត់នោះទេ គឺត្រូវប្រើវិធីសាស្រ្តធម្មជាតិ សុទ្ធសាធតែម្តង ឬក៏អាចប្រើថ្នាំធម្មជាតិជំនួសបាន ការធ្វើបែបនេះដើម្បីកុំឲ្យប៉ះពាល់ដល់គុណភាពស្រូវ និងអ្នកបញ្ជាទិញ ។
ដោយឡែកអ្នកស្រី វឹក យ៉ា តំណាងសហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ បានប្តេជ្ញាថា ខិតខំពង្រឹងដល់សមា​ជិក​សហគមន៍ទាំងអស់ ធ្វើយ៉ាងណានឹងផលិតដំណាំស្រូវសរីរាង្គនេះ ឲ្យបានកាន់ តែល្អដូចអ្វីដែលក្រុមហ៊ុនត្រូវការ និងបានចុះកិច្ចសន្យាជាមួយគ្នា ។

អ្នកស្រីបន្តថា៖ ការកំនត់របស់ក្រុម ហ៊ុន មានដូចជាគុណភាពចាប់តាំងពីពេលដាំដុះរហូតដល់ពេលប្រមូលផល ។ អ្នកស្រីបានសម្តែងទឹកចិត្ត រីករាយទៅនឹងតម្លៃដែលក្រុមហ៊ុនផ្តល់ឲ្យកសិករទាំងអស់ បានផលចំណេញច្រើន អាចទទួលយកបាន ជាងឈ្មួញកណ្តាល ជាផ្នែកមួយជួយ កាត់បន្ថយភាពក្រីក្រ ដល់សមាជិកសហគមន៍របស់អ្នកស្រី ។ 

លោក រីណេ ជាជនជាតិដាណាម៉ាក និងជាអ្នកបញ្ជាទិញស្រូវសរីរាង្គរបស់សហគមន៍កសិកម្ម ខេត្តព្រះវិហារ បានទទួលស្គាល់ថា គុណភាពស្រូវសរីរាង្គរបស់ខេត្តព្រះវិហារ មានគុណភាពល្អ មិនចាញ់ បណ្តាប្រទេសនានាឡើយ ។

លោកថា ៖"កាលពីឆ្នាំមុន លោកបញ្ជាទិញប្រមាណជា២រយតោនតែប៉ុណ្ណោះ តែឆ្នាំនេះ លោកនឹងបញ្ជាទិញរហូតដល់ជិត២ពាន់តោន ដើម្បីនាំចេញទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់ លោក "។
យោងតាមរបាយការណ៍ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក្នុងឆ្នាំ២០១៧ នេះបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្រូវសរីរាង្គ ទាំង៣២សហគមន៍កសិកម្ម របស់ខេត្តព្រះវិហារ មានចំនួន ១៣០០០ហិតា បើធៀបនឹងឆ្នាំមុនមានត្រឹមជាង៩ពាន់ហិតាប៉ុណ្ណោះ ។ដោយឡែក សមាជិកដែលបានចុះ កិច្ចសន្យាផលិត ស្រូវសរីរាង្គនេះ មានចំនួន ៥១១៤គ្រួសារ សម្រាប់លក់ឲ្យក្រុមហ៊ុន ៣ក្នុងនោះ មានក្រុមហ៊ុន អេមរ៉ុ រាយស៍ ក្រុមហ៊ុនស៊ីនេតឆ័រ អហ្វ អេស៊ា និងក្រុមហ៊ុន អង្គរអ៊ីធើត្រេត ៕ទ្រី វិច្ឆិកាពីខេត្តព្រះវិហារ 

 

ក្រសួងទេសចរណ៍បើកកិច្ចប្រជុំបូកសរុបការងារក្រោយកម្ពុុជាស្វាគមន៍ជាង២លាននាក់ក្នុងឆមាសទី១

ភ្នំពេញ៖ក្រសួងទេសចរណ៍បានបើកកិច្ចប្រជុំបូកសរុបការងារក្រោយកម្ពុុជាស្វាគមន៍ជាង២លាននាក់ក្នុងឆមា​ស​ទី១ហើយសង្ឃឹមថានឹងទទួលបានជាង៥លាន៥សែននាក់ក្នុងឆ្នាំ២០១៧នេះ។នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍។

ប្រភពបានបន្ដថា៖កាលពីឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ និងទេសចរជាតិជាង ១០លាននាក់។ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ២.៣លាននាក់ កើនឡើង១២%។ ក្នុងឆ្នាំ២០១៧ កម្ពុជារំពឹងទុកថានឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច ៥.៥លាននាក់ និងឆ្នាំ២០២០ នឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច ៧លាននាក់ ជាមួយនឹងចំណូលចូលសេដ្ឋកិច្ចជាតិជាង ៥,០០០លានដុល្លារ និងផ្ដល់ការងារដោយផ្ទាល់ជូនប្រជាជនជិត ១លាននាក់ផងដែរ។ចំណែកនិន្នាការទេសចរណ៍សកលលោក នាពេលបច្ចុប្បន្ន គឺប្រមាណ៤៥% ចូលចិត្តទេសចរណ៍វប្បធម៌, ប្រមាណ២៣% ចូលចិត្តទេសចរណ៍តំបន់ឆ្នេរសមុទ្រ និងក្រៅពីនេះ គឺអេកូទេសចរណ៍ និងទេសចរណ៍ផ្សេងៗទៀត។

ជាមួយគ្នានេះដើម្បីឆ្លើយតបទៅនិងនិន្នាការនៃកំណើនទេសចរចិន និងទេសចរអន្តរជាតិ និងបំពេញតាមសេចក្តីត្រូវការប្រកបដោយការពេញចិត្តរបស់ភ្ញៀវទេសចរមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ លោក ថោង ខុន បានលើកឡើងអំពីភាពចាំបាច់នៃការពង្រឹងសេវាកម្មឲ្យល្អប្រកបដោយគុណភាពក្នុងឧស្សាហកម្មទេសចរណ៍ ដោយត្រូវការធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពពិតប្រាកដ បានយ៉ាងតិច ៤០% គ្រាដែលបច្ចុប្បន្ននេះ មានអ្នកកំពុងបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ប្រមាណ ៦២ម៉ឺននាក់ ហើយដើម្បីត្រៀមទទួលទេសចរណ៍៧លាននាក់នៅក្នុងឆ្នាំ២០២០ យើងត្រូវការធនធានមនុស្សបន្ថែមទៀតរហូតដល់ប្រមាណ ៨០ម៉ឺននាក់។

កន្លងមកក៏បានស្នើសុំភាគីចិនជួយដល់ការបណ្តុះបណ្តាលមគ្គុទេសក៏ទេសចរណ៍ភាសាចិនបន្ថែមទៀត ខណៈដែលបច្ចុប្បន្ន មគ្គុទេសក៏ទេសចរណ៍និយាយភាសាចិននៅមានកម្រិតនៅឡើយទាំងបរិមាណ និងគុណភាព (ប្រមា​ណ៩០០នាក់)។

ចំណែ្កក្នុងពិធីប្រកាសបើកពិធីសន្និបាតលោក រដ្ខមន្ត្រីនិងសន្និបាតទាំងមូលបានប្រកាសអបអរសាទរចំពោះការដែលប្រាសាទសំបូរព្រៃគុកត្រូវបានសំរេចចុះក្នុងបញ្ជីបីតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៨កក្កដា២០១៧នេះដោយមហាសន្និបាតនៃគណកម្មាធិការបិតិកភណ្ឌពិលោកនៅទី ក្រុង Karakow ប្រទេស ប៉ូឡូញ។
បន្ទាប់មក អង្គប្រជុំបានបន្តពិនិត្យ និងឆ្លុះបញ្ចាំងទៅលើរបាយការណ៍លទ្ធផលដែលក្រសួងទេសចរណ៍សម្រេចបាននៅក្នុងឆមាសទី១ ឆ្នាំ២០១៧ អំពីបញ្ហាប្រឈម និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៧ ដែលឡើងរាយការណ៍សង្ខេបដោយ អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សហកម្មទេសចរណ៍ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។
បន្ទាប់ពីលោកហោ សារុន អនុរដ្ឋលេខាធិការ ឡើងរាយការណ៍ពីលទ្ធផលការងាររបស់គណៈកម្មាការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរ និងអ្នកដំណើរនៅតំបន់ច្រកព្រំដែនអន្តរជាតិ និងច្រកទ្វារ អន្តរជាតិ និងការឡើងធ្វើបទបង្ហាញដោយលោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ស្តីពីវឌ្ឍនភាពនៃដំណើរ ការរៀបចំចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១ ឆ្នាំ២០១៧ រួចមក ឯកឧត្តម ថោង ខុន ប្រធាន អង្គប្រជុំ បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង និងមន្ទីរទេសចរណ៍រាជធានីខេត្ត ដូចខាងក្រោម៖
១-ពង្រឹងការគ្រប់គ្រងអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធ Online និងធ្វើអោយសេវាខិតជិតប្រជាពលរដ្ឋ ពោលគឺត្រូវផ្តល់សេវាសាធារណៈជូនអតិថិជន អាជីវករ និងសេវាករ អោយបានលឿនរហ័ស និងមានតម្លាភាព។
២-ជម្រុញការរៀបចំស្តង់ដារគ្រប់សេវាកម្មទេសចរណ៍ទាំងអស់ (សេវាមួយ ស្តង់ដារមួយ) ពិសេសយកចិត្តទុកដាក់ដល់ស្តង់ដារ MICE ស្តង់ដារសណ្ឋាគារបៃតង និងជម្រុញការរៀបចំស្តង់ដារសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក (River Cruise និង Ocean Cruise)។
៣-បន្តពង្រឹងយន្តការគ្រប់គ្រងមគ្គុទ្ទេសក៏ទេសចរណ៍ តាមប្រព័ន្ធ QR Code ដោយត្រូវសហការគ្នាជាប្រព័ន្ធជាមួយនគរបាលទេសចរណ៍ និងអង្គភាពពាក់ព័ន្ធ។ ជម្រុញការបណ្តុះបណ្តាលមគ្គុទ្ទេសក៏ទេសចរណ៍ បើកវគ្គវិក្រឹត្យការ មគ្គុទ្ទេសក៏ទេសចរណ៍ និងការរៀបចំប្រលងជ្រើសរើសសេវាមគ្គុទ្ទេសក៍ទេសចរណ៍ឆ្នើម។
៤-ជម្រុញការបង្កើតគណៈកម្មការដោះស្រាយវិវាទទេសចរណ៍
៥-ជម្រុញចលនាទេសចរណ៍ក្នុងស្រុក ដោយសហការជាមួយផ្នែកឯកជនរៀបចំជាកញ្ចប់ទស្សនកិច្ចក្នុងស្រុក និង ពង្រឹងការគ្រប់គ្រងមណ្ឌលព័ត៌មាន និងបញ្ជរព័ត៌មានទេសចរណ៍នៅតាមរាជធានី-ខេត្ត ទូទាំងប្រទេស។
៦-ជម្រុញការគ្រប់គ្រង និងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ ដោយត្រូវធ្វើឲ្យមានការប្រែប្រួល និងមានស្តង់ដារ ច្បាស់លាស់ ពិសេសគឺត្រូវរៀបចំអោយមានអ្នកគ្រប់គ្រង (Site Manager) និងមានផែនការមេអភិវឌ្ឍន៍ (Master Plan) ព្រមទាំងជម្រុញការរៀបចំ និងបង្កើតសហគមន៍ទេសចរណ៍ ដោយសហការជាមួយក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ។
៧-បង្កើនការឃោសនា និងផ្សព្វផ្សាយទេសចរណ៍នៅតាមទីផ្សារទេសចរណ៍សំខាន់ៗ ពិសេសទីផ្សារចិន តាមរយៈការចូលរួមពិព័រណ៍ និងធ្វើ Road Show ពង្រឹងការផ្សព្វផ្សាយតាម Digital Marketing (Website, Facebook, Mobile App) ការផលិត Spot Video ផ្សព្វផ្សាយទេសចរណ៍កម្ពុជាដើម្បីយកទៅក្រៅប្រទេស និងការរៀបចំបង្កើតក្រុមប្រឹក្សា សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាអោយបានរហ័ស។
៨-ជម្រុញការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍នៅតាមរាជធានីខេត្តទាំងអស់ និងជម្រុញទាក់ទាញ ការវិនិយោគលើវស័យទេសចរណ៍។
៩-ជម្រុញការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងក្របខណ្ឌទ្វេភាគី ត្រីភាគី ពហុភាគី ក្របខណ្ឌតំបន់ និងពិភពលោក។
១០-ជម្រុញការរៀបចំបង្កើតព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងកីឡា អោយបានច្រើន។
១១-ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយត្រូវពិនិត្យ និងរៀបចំមន្រ្តី បម្រើការនៅតាមអង្គភាពនិមួយៗអោយស្របទៅនឹងសមត្ថភាព និងជំនាញជាក់ស្តែង។
១២-ពង្រឹងប្រសិទ្ធភាពការងាររបស់វិទ្យាស្ថានជាតិទេសចរណ៍ដែលទើបបង្កើតថ្មីុ៕

 

លោកប្រាក់សុខុនជួបលោកស្រីអ៊ុង សានស៊ូជីនៅភួមា

ភ្នំពេញ៖លោកប្រាក់សុខុនរដ្ឋមន្ដ្រីការបរទេសបានជួបលោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-មីយ៉ាន់ម៉ានិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងក្នុងក្របខ័ណ្ឌអន្តរជាតិ ។នេះបើតាមប្រភពក្រសួងការបរទេសបានអោយដឹងនៅថ្ងៃនេះ។

នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ លោក ទេសរដ្ឋមន្រ្ដី ប្រាក់​ សុខុន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ​នៅសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៧ តបតាម​ការ​អញ្ជើញ​របស់​លោក​​ស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃ​សាធារណ​រដ្ឋសហភាព​មី​យ៉ាន់​ម៉ា។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូល​ជួប​សម្តែងការគួរសមជាមួយ​លោក ធិន ច ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងជួបជាមួយលោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស​នៃ​សាធារណ–​រដ្ឋសហភាពមីយ៉ាន់ម៉ា៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

ព័ត៌មានជាតិ​ពេល​យប់​


អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

អភិវឌ្ឍ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2