vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលជំរុញឲ្យបង្កើនរុករកមរោគអេដស៍បន្ថែមទៅលើក្រុមប្រឈមនៅកម្ពុជា

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានជំរុញឲ្យមានការបង្កើនការរុករកមេរោគអេដស៍បន្ថែមទៀតទៅលើក្រុមដែលប្រឈមនឹងជំងឺអេដស៍បើទោះបីជាកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ក៏ដោយ។

ថ្លែងនៅក្នុងសន្និសិទកាសែតកាលពីរសៀលថ្ងៃទី២៨ខែកក្ដដាឆ្នាំ២០១៧នៅទីស្តីការក្រសួងឯកឧត្តម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថាបើទោះបីជាប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ក៏ដោយក៏មិនត្រូវមានការស្កប់ស្កល់ទៅនឹងភាពជោគជ័យនោះទេគឺត្រូវបង្កើនការរុករកមេរោគអេដស៍បន្ថែមទៀតពិសេសទៅលើក្រុមដែលប្រឈមនឹងជំងឺអេដស៍។

ឯកឧត្តមបានបន្តថាប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស៧តែប៉ុណ្ណោះលើពិភពលោកបានសម្រេចទិសដៅ ៩០-៩០-៩០ ក្នុងការធ្វើតេស្តរកមេរោគអេដស៍ និងផ្តល់ការព្យាបាលបីឆ្នាំមុនកាលកំណត់ដោយទទួលបានការកោតសរសើរពីអង្គការសហប្រជាជាតិ ។

ទិសដៅ ៩០-៩០-៩០ នេះមានន័យថា ៩០ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍ដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន ៩០ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍ដែលបានដឹងពីស្ថានភាពឆ្លងមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ និង៩០ភាគរយនៃអ្នកកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍ក្នុងឈាមទាបបំផុត។

ឯកឧត្តមបានឲ្យដឹងថាភាពជោគជ័យនេះមិនត្រឹមបង្ហាញកម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះទេតែវាក៏បានចូលរួមក្នុងការជួយដល់សេដ្ឋកិច្ចគ្រួសារនិងជាតិផងដែរព្រោះថាបើកាត់បន្ថយជំងឺអេដស៍បានការចំណាយក៏ត្រូវបានកាត់បន្ថយផងដែរ។

អ្នកស្រីវេជ្ជបណ្ឌិត វ្លាដានកា អានដ្រៀវ៉ា( Vladanka Andreeva) នាយិកាអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំនៅប្រទេសកម្ពុជាបានមានប្រសាសន៍នៅក្នុងសន្និសិទកាសែតឲ្យដឹងដែរថា«ប្រទេសកម្ពុជាត្រូវទទួលបាននូវការកោតសរសើរដោយសម្រេចបាននូវទិសដៅ៩០-៩០-៩០នេះ បីឆ្នាំមុនពេលកំណត់របស់ពិភពលោក។

ជោគជ័យនេះបង្ហាញឲ្យឃើញថា ភាពដឹកនាំដ៏ឈ្លាសវៃរួម និងការបេ្តជ្ញាចិត្ត ព្រមទាំងការរួមគ្នាធ្វើការជាមួយសហគមន៍ បាននាំមកនូវលទ្ធផលគួរជាទីមោទនៈនេះ។ ក្នុងនាមជាប្រទេសមួយ ដែលចូលរួមលុបបំបាត់ជំងឺអេដស៍ក្នុងពិភពលោក ព្រះរាជាណាចក្រកម្ពុជាកំពុងឈរនៅលើស្ថានភាពយ៉ាងពិសេសមួយក្នុងការនាំមុខគេលើរបៀបវារៈមួយនេះ»។

តែយ៉ាងណាក៏ដោយលោកស្រីវេជ្ជបណ្ឌិតបានបន្តថាគ្រប់ប្រទេសទាំងអស់នៅលើពិភពលោករួមទាំងប្រទេសកម្ពុជាផងត្រូវបន្តខិតខំប្រឹងប្រែងបន្តទៀតក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នេះធ្វើយ៉ាងណាផ្តល់ការថែទាំនិងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមវេជ្ជបណ្ឌិតម៉មប៊ុនហេងបានមានប្រសាសន៍ថា«យើងទាំងអស់គ្នាមិនគួរស្កប់ស្កល់នឹងភាពជោគជ័យទាំងនេះឡើយពោលគឺមិនត្រូវភ្លេចជំងឺនេះទេត្រូវបន្តខិតខំប្រឹងប្រែងបន្តទៀតក្នុងនោះត្រូវខិតខំរុករកមេរោគអេដស៍ក្នុងចំណោមស្ត្រីនិងបុរសដែលមានដៃគូរួមភេទច្រើន លើកទឹកចិត្តឲ្យក្រុមបុរសស្រលាញ់បុរសឬប្រជាពលរដ្ឋ ក្រុមប្រើប្រាស់គ្រឿងញៀនដោយការចាក់ម្ជុលសារាងនិងក្រុមប្រជាពលរដ្ឋដែលមានជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម សួត និងជំងឺរបេងមកធ្វើតេស្តឈាមរកមេរោគអេដស៍ដើម្បីកាត់បន្ថយការចំលងពីប្តីទៅប្រពន្ធនិងពីប្រពន្ធទៅកូននិងការចំលងទៅអ្នកដ៏ទៃផងដែរពិសេសជួយឲ្យអ្នកជំងឺរ៉ាំរ៉ៃរស់នៅបានយូរអង្វែងផងដែរ»។

ឯកឧត្តមបានបន្ថែមទៀតថា«យើងមិនគួរឲ្យជំងឺអេដស៍នេះវិលត្រឡប់មកវិញនោះទេយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីឈានឆ្ពោះទៅសម្រេចទឹសដៅកាត់បន្ថយឲ្យបាន៩៥ភាគរយនៅឆ្នាំ២០២៥និងបញ្ចប់ការរីករាលដាលទាំងស្រុងនៅឆ្នាំ២០៣០ខាងមុខនេះ»។

គួរបញ្ជាក់ថាអត្រាប្រេវ៉ាឡង់ជំងឺអេដស៍នៅកម្ពុជាបានបន្តធ្លាក់ចុះជាបន្តបន្ទាប់ពី១,៨ភាគរយនៅឆ្នាំ២០០៨មកនៅ០,៤ភាគរយស្មើនឹង៧០១០០នាក់នៅឆ្នាំ២០១៦ក្នុងនោះបានផ្តល់ឱសថប្រឆាំងនឹងមេរោគអេដស៍ចំនួន៥៧៤០០នាក់៕

 

រាជរដ្ឋាភិបាលតម្រូវឲ្យក្រុមហ៊ុនធ្វើផ្លូវថ្នល់ទាំងអស់ដាក់ស្លាកសញ្ញាចរាចរណ៍ និងកាម៉េរាសុវត្ថិភាព

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានតម្រូវឲ្យក្រុមហ៊ុនទទួលសិទ្ធិអភិវឌ្ឍន៍ផ្លូវថ្នល់ទាំងអស់ នៅពេលស្ថាបនា​ផ្លូវ​​រួច​រាល់ ត្រូវដាក់ស្លាក​សញ្ញា​ចរាចរណ៍ និងបំពាក់កាម៉េរាសុវត្ថិភាព ដើម្បីសុវត្តិភាពធ្វើដំណើរ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់​​ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និង​​ដឹកជញ្ជួន បាន​ទាម​ទារ​ឲ្យក្រុមការងារអន្តរក្រសួងចំនួនពីរ គឺក្រសួងសាធារណការ និង​​ដឹកជញ្ជួន និង​ក្រសួង​​​មហាផ្ទៃ ត្រូវ​តែ​ភ្ជាប់លក្ខខណ្ឌឲ្យក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់ផ្លូវថ្នល់ទាំងអស់ ត្រូវតែធានាការដាក់​​ស្លាក​​សញ្ញា​​​ចរាចរណ៍ និងបំពាក់កាម៉េរាសុវត្ថិភាព នៅពេលផ្លូវថ្នល់នីមួយៗ ព្រមជាមួយគ្នា។

ឯកឧត្តមទេសរដ្ឋមន្ដ្រី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីបើកឲ្យដំណើរមណ្ឌល​ត្រួត​​​​​ពិនិត្យ​លក្ខណៈ​​បច្ចេក​ទេសយានយន្ត សាខាខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពី​​ថ្ងៃទី២៧ ខែ​កក្កដា ថា ទន្ទឹមនឹង​ការ​ងារ​​ពង្រីកផ្លូវថ្នល់ រាជរដ្ឋាភិបាលក៏បានគិតគូពីសុវត្តិភាពធ្វើដំណើរ តាម​​រយៈ​ការដាក់ស្លាក​សញ្ញា​បញ្ជាចរាចរណ៍ និងប្រព័​ន្ធកាម៉េរាសុវត្ថិភាព។ ទន្ទឹមនេះឯកឧត្តម បានលើកពី​​ផែនការ​ប្រើប្រាស់ប្រព័​ន្ធកាម៉េរាសុវត្ថិភាពនេះ ដើម្បីនគរបាលចាប់យកទិន្នន័យអ្នកល្មើស​​ចរាចរណ៍​ហើយ​ឈានទៅពិន័យ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី បានឲ្យដឹងបន្ថែមថា ​ទឹកប្រាក់ជិត២០០លានដុល្លារអាមេរិក ក្នុងមួយ​ឆ្នាំៗ ត្រូវបានរាជរដ្ឋាភិបាល​ចំណាយលើការថែទាំ និងជួសជុលផ្លូវថ្នល់ឡើងវិញ ខណៈ​គម្រោង​ថវិកា​ពង្រីក និងជួសជុលផ្លូវថ្នល់មួយចំនួនទៀត និងផែនការដាក់ស្លាក​សញ្ញា​​​ចរាចរណ៍​កំពុង​ចរចា​ជាមួយ​ដៃគូ​អភិវឌ្ឍនានា។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួស​អាស៊ី​ប្រចាំ​កម្ពុជា បានប្រាប់ទូរទស្សន៍រស្មី ហង្សមាស ដោយគាំទ្រចំពោះ​គម្រោង​​​ស្លាក​សញ្ញា​ចរាចរណ៍នេះ ខណៈក្រុមការងាររបស់លោក ក៏​បាន​​​​ចុះអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍ និងសិស្ស​សាលា​​ឲ្យយល់ដឹងពីច្បាប់ និងសុវត្ថិភាព​ចរាចរណ៍ សំដៅជួយសង្រ្គោះជីវិតមនុស្សពីគ្រោះថ្នាក់ចរាចរណ៍ឲ្យបានច្រើនជាអតិបរមា។

សូមបញ្ជាក់ថា ផែនការបង្កើនស្លាក​សញ្ញា​​​ចរាចរណ៍ គំនូសចរាចរណ៍ និងបំពាក់ប្រព័​ន្ធ​កា​ម៉េរា​សុវត្ថិភាព​​នៅ​តាម​​ផ្លូវថ្នល់របស់រាជរដ្ឋាភិបាលនេះ គឺក្នុងបំណងឲ្យការធ្វើចរាចរណ៍លើផ្លូវ​​សាធារណៈ​​មាន​​​របៀប​រាបរយ ងាយស្រួលក្នុងការបើកបរ និងធានាសុវត្ថិភាព ខណៈបច្ចុប្បន្នស្ថានភាព​​ផ្លូវថ្នល់​នៅ​​ទូទាំង​ប្រទេស​មិនទាន់សូវមានសុវត្ថិភាពខ្ពស់នៅឡើយ៕

អត្ថបទ៖ សឿន សោម

រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំពិភាក្សាស្ដីពីផែនការលុបបំបាត់អំពើពុករលួយ ក្នុងពេលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាខាងមុខ

ភ្នំពេញ៖ កាលពី រសៀលថ្ងៃទី ២៧ខែកក្កដា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំកិច្ចប្រជុំស្តីពី ការលុបបំបាត់នូវអំពើពុករលួយក្នុងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២១ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ៕ 

លោក ជូ វុទ្ធី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានថ្លែងបញ្ជាក់ថា ៖នៅឆ្នាំសិក្សា២០១៦-២០១៧ នេះសិស្សប្រលង បានចែកចេញជាពីរផ្នែកគឺ ថ្នាក់វិទ្យាសាស្រ្ត មានចំនួន បួនមណ្ឌល គឺនៅអនុវិទ្យាល័យថ្នល់បែក សាលាបឋមសិក្សាអនុវត្ត ហ៊ុន.សែន. អាចារ្យលាក់ វិទ្យាល័យកំពង់ធំ និងសាលាគរុកោសល្យ និងវិក្រឹតការ ហ.សកំពង់ធំ ដែលមានបេក្ខជន សរុប ២.១១៨នាក់។
រីឯថ្នាក់អក្សាសាស្រ្ត មានប្រាំមណ្ឌលគឺ អនុវិទ្យាល័យដំរីជាន់ខ្លា វិទ្យាល័យ ហ.ស. បល័្លង្ក សាលាបឋមសិក្សា ហ.ស. ត្រពាំងវែង វិទ្យាល័យស្ទឹងសែន និង អនុវិទ្យាល័យបញ្ញាជី មានបេក្ខជនសរុប ២ ១៦៧នាក់។
លោកជំទាវ ឃួនឃុនឌី អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា៖" ដើម្បីឲ្យដំណើរ នៃការប្រឡងមធ្យមសិក្សាទុយតិភូមិ ឆ្នាំសិក្សា ២០១៦-២០១៧ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០១៧ ខាងមុខនេះ កាន់តែមានប្រសិទ្ធិភាព តម្លាភាព និងគុណភាពនោះ ក្នុងនាមជាអាជ្ញាធរខេត្ត នឹងធ្វើការទប់ស្កាត់ ត្រៀមទុកជាមុននូវរាល់ភាពមិនប្រក្រត្រីដូចជា ធ្វើការលុបបំបាត់នូវរាល់អំពើទាំងឡាយណាដែលអាចជះ ឥទ្ធិពលដល់ដំណើរការនៃការប្រឡងរបស់សិស្សា​នុសិស្ស"។

ក្នុងនោះរួមមាន ធ្វើលិខិតជូនដំណឹង និងផ្សព្វផ្សាយជាមុនដល់ម្ចាស់សហគ្រាស អាជីវករលក់ដូរនៅមុខសាលាដែលជាមណ្ឌលប្រឡង ផ្អាកការលក់ដូរក្នុងរយៈនៃការប្រឡង ផ្អាកបណ្ណាគារ photo copy មុនមួយថ្ងៃនៃការប្រឡង ដាក់កងកម្លាំងយាមល្បាតនៅជុំវិញបរិវេណនៃមណ្ឌលប្រឡង ការផ្ញើរយាន្តជំនិះត្រូវប្រគល់ឲ្យសហភាពសហព័ន្ធកម្ពុជាខេត្តកំពង់ធំជាអ្នកទទួលខុសត្រូវគ្រប់មណ្ឌល និងធ្វើការជូនដំណឹងដល់បេក្ខជនប្រឡងទាំងអស់មិនឲ្យយកជាប់ខ្លួននូវរាល់ឯកសារ ទូរស័ព្ទដៃនាឡិកាដែលមានមានការទាក់ទងបាន(smart watch)ដែលធ្វើឲ្យមានការខុស ឆ្គងក្នុងលក្ខ័ណ្ឌនៃការប្រឡង។
ជាមួយគ្នា​នេះលោកជំទាវ អំពាវនាវ និងទទូចឲ្យបន្តភាពសហការណ៍រវាង អង្គភាពប្រឆាំងអំពើពុករលួយ អង្គការសង្គមស៊ីវិល សហគមន៍ អង្គការក្រៅរដ្ឋាភិបាល គណៈវិជ្ជាជីវៈ វិស័យឯកជន សហគ្រាសក្រុមហ៊ុន គណៈមេប្រយោគ និងបុគ្គលឯកជន ស្ម័គ្រចិត្ត ក្រុមគ្រូពេទ្យទាំងអស់ គោរពនូវក្រមសីលធម៌ និងលក្ខន្តិកៈនៃដំណើរការ ប្រឡងមធ្យមសិក្សាទុតិយភូមិទាំងអស់គ្នាដើម្បីបន្តភាពជោគជ័យ ប្រកបដោយ សេចត្តីសុខសុវត្ថិភាព និងមានសណ្តាប់ធ្នាប់ ក្នុងការអនុវត្តស្រមតាមពាក្យស្លោក “អ្នកចេះគឺជាប់”៕

 

ថវិកាជាង៥៦ម៉ឺនដុល្លារ នឹងផ្តល់ជូនកម្លាំងសមត្ថកិច្ចមានស្នាដៃបង្ក្រាបគ្រឿងញៀន

ភ្នំពេញ ៖ ថវិកាដែលជារង្វាន់លើកទឹកចិត្ត ប្រមាណជាង៥៦ម៉ឺនដុល្លារ នឹងត្រូវប្រគល់ជូនអង្គភាព ស្ថាប័ន និងបុគ្គលដែល មានស្នាដៃក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ឆ្នាំ២០១៧ ដែលមានរយៈពេល៦ខែដើមឆ្នាំនេះ។ នេះបើតាមការឲ្យដឹងពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង នគរបាលជាតិ។

ថ្លែងយ៉ាងដូច្នេះរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ និងលើកទិសដៅអនុវត្តយុទ្ធនាការលើកទី២ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា ប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ លើកឡើងថា ថវិកាដែលនឹងត្រូវផ្ដល់ជារង្វាន់ លើកទឹកចិត្តជូន អង្គភាព និងបុគ្គលដែលមានស្នាដៃ ក្នុងកិច្ចប្រតិបតិ្ដការបង្ក្រាប មានចំនួនសរុប ២,២៥០,៧៦៨,០០០រៀល ប្រមាណ ៥៦២,៦៩២ដុល្លារ ដែលថវិការង្វាន់លើកទឹកចិត្ត ដែលទទួលបាននេះ នឹងត្រូវបានបែងចែកតាមអត្រាកំណត់ជាភាគរយ និងផ្ដល់ជូនសមាសភាព សាមីអង្គភាពប្រតិបត្តិការចំនួន២០%, ម្ចាស់ករណីចំនួន៣០%, បញ្ជាការករណីចំនួន១០%, អង្គភាពសហការចំនួន៣០% និងភា្នក់ងារផ្ដល់ព័ត៌មាន១០%។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ត្រូវបានចេ បញ្ជាក់ថា ថវិកាទាំងអស់នេះ នឹងត្រូវផ្ដលទៅអង្គភាពចំនួន៣២ ក្នុងនោះអង្គភាពចំនួន១២ បង្ក្រាបបានពី១គីឡូក្រាមឡើងទៅ និងអង្គភាពចំនួន២០ បង្ក្រាបបានពី១០០ក្រាមឡើងទៅ ដើម្បីយកទៅចែកជូនដល់មន្ដ្រីចំនួន៩៣៣នាក់ មកពីអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានី-ខេត្ត និងស្ថាប័នមានសមត្ថកិច្ច ពាក់ព័ន្ធមួយចំនួន ដែលបានសហការជាមួយ កងកម្លាំងប្រតិបត្តិច្បាប់។

សូមបញ្ជាក់ថា តាមរបាយការណ៍ដែលបង្ហាញ បានឲ្យដឹងថា ចំពោះលទ្ធផលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី១នេះ កម្លាំងសមត្ថកិច្ចបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ៤៣៣១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៩៦៩៤នាក់ និងចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ជិត១២០គីឡូក្រាម ព្រមទាំងដកហូតបានសម្ភារៈមួយចំនួនទៀត។ ដោយឡែកក្នុងនោះ បានបង្ក្រាបចាប់ខ្លួនមេក្លោង ជួញដូរគ្រឿងញៀនធំៗចំនួន១៣ករណី ៕រូបភាពពីបូលីស

 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសផែនចាប់មេក្លោងជួញដូរគ្រឿងញៀនធំដែលសង្ស័យថាកំពុងលាក់ខ្លួននៅប្រទេសឡាវ

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញឲ្យអគ្គស្នងការនគរបាលជាតិធ្វើកិច្ចសហការជាមួយអាជ្ញាធរឡាវដើម្បីស្នើឲ្យជួយចាប់មេក្លោងជួញដូរគ្រឿងញៀនធំដែលសង្ស័យថាបច្ចុប្បន្នកំពុងលាក់ខ្លួននៅក្នុងប្រទេសឡាវដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ក្នុងការឈានទៅកាត់ផ្តាច់ខ្សែររយៈ បណ្តាញនៃចរន្តធ្វើចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ចូលមកកាន់កម្ពុជា។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១និងលើកទិសដៅសម្រាប់យុទ្ធនាការលើកទី២ នៅក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី២៧កក្កដានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តុរីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១មានប្រសាសន៍ថាបើទោះជាមានការបង្ក្រាបបានមេក្លោងធំ”នៅក្នុងប្រទេសយ់ាងណាក៍ដោយប៉ុន្តែបណ្តាញមេក្លោងធំៗនៅក្រៅប្រទេសនៅមិនទាន់អាចចាប់ខ្លួនបាននៅឡើយដែលទាមទារឲ្យមានកិច្ចសហការជាមួយប្រទេសជិតខាងជាបន្តទៀតដើម្បីរួមគ្នាបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែននេះកុំឲ្យបន្តធ្វើសកម្មភាពជួយញដូរគ្រឿងញៀនឆ្លងពីប្រទេសមួយទៅប្រទេសមួយដែលនឹងបង្ករនូវឥទ្ធិពលដ៍គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋកាន់តែខ្លាំងថែមទៀតនោះ។
សម្តេចក្រឡាហោមក៍បានលើកឡើងដែរថាក្នុងពេលកន្លងមកយើងមានកិច្ចសហប្រតិបត្តិការដ៍ល្អជាមួយប្រទេសជិតខាងលើការទប់ស្កាត់អំពើរឧក្រិដ្ឋកម្មឆ្លងដែនក្នុងនោះក៍មានករណីជួញដូរគ្រឿងញៀនផងដែរដែលបញ្ហានេះត្រូវតែខិតខំយកចិត្តទុកដាក់ពង្រឹងឲ្យបានស្អិតរមួតជាមួយគ្នានបន្ថែមទៀត ។ពិសេសកងកម្លាំងការពារនៅតាមព្រំដែន ត្រូរធ្វើទំនាក់ទំនងគ្នាឲ្យបានល្អជាមួយកងកម្លាំងប្រទេសជិតខាង ក្នុងការទប់ស្កាត់ និងបង្ក្រាប ឲ្យបាននូវបទល្មើសគ្រឿងញៀននេះ។

ជាងនេះ សម្តេចក៍បានលើកទឹកចិត្តឲ្យសមត្ថកិច្ចនៅតាមព្រំដែន ត្រូវកសាងមូលដ្ឋាននៅតាមទីតាំងឈរជើងនីមួយៗពង្រឹងកិច្ចប្រតិបត្តិការលើការងារបង្ក្រាបគ្រឿងញៀននេះឲ្យមានប្រសិទ្ធភាពកុំឲ្យឆ្លងចូលមកកាន់កម្ពុជា។សម្តេចក៍បានជំរុញឲ្យកងកម្លាំងនៅតាមបណ្តោយព្រំដែន ត្រូវមានកិច្ចសហការល្អជាមួយរដ្ឋអំណាចមូលដ្ឋានគ្រប់ថ្នាក់ និងជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដើម្បីទទួលបានព័ត៌មាននានាងាយស្រួលដល់ការចុះអនុវត្តន៍ភារកិច្ចឲ្យមាប្រសិទ្ធភាព។
សម្តេចក៍ បានបញ្ជាក់ដែរថា លទ្ធផល នៃការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១នេះ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ក្នុងដំណើការដើម្បីឈានឆ្ពោះ ទៅសម្រេចគោលដៅរបស់យើងគឺទប់ស្កាត់ឲ្យបានទាំងស្រុង នូវការប៉ន់ប៉ង ការផលិត ការចរាចរណ៍ និងការប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀននេះដើម្បីការពារសុខសុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជា បង្កបរិយាកាសងាយស្រួលដល់ការអភិវឌ្ឍសង្គមជាតិ របស់យើងឲ្យមានភាពរុងរឿងនាពេលអនាគត»។
ឯ.ឧ នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា លទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ក្នុងរយៈពេល៦ខែពីថ្ងៃទី០១មករាដល់ថ្ងៃទី៣០មិថុនា​២០១៧​នេះការបង្ក្រាបការជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន៤.៣៣១ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន៩.៦​៩៤ នាក់ ចាប់បានមេក្លោងជួញដូរគ្រឿងញៀនធំៗចំនួន១៣ករណី និង ចាប់សារធាតុញៀនគ្រប់ប្រភេទបានចំនួន១១៩.៦៥៧ក្រាម ។
គួរបញ្ជាក់ថាក្រសួងមហាផ្ទៃផ្តល់ជូនប័ណ្ណសរសើរដល់ប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនទាំងរដ្ឋនិងឯកជនដែលបានចូលរួមផ្សព្វផ្សាយសកម្មភាពអប់រំអំពីបញ្ហាគ្រឿងញៀនកន្លងមក រួមមាន ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ស្ថានីយទូរទស្សន៍បាយ័ន ស្ថានីយ៍ទូរទស្សន៍ហង្សមាសនិងរស្មីហង្សមាស ទូរទស្សន៍អប្បារា ទូរទស្សន៍pnn ក្រុមហ៊ុនcambodiabroadcasting service(CBS) អង្គភាពfresh news និងសារព័ត៌មាននៃអគ្គស្នងការនគរបាលជាតិ៕

 

ពលរដ្ឋនៅភូមិចុងឃ្នៀសសុំផ្លូវនិងតបណ្តាញអគ្គីសនី

ខេត្តសៀមរាប៖ប្រជារជាពលរដ្ឋនៅក្នុងភូមិចុងឃ្នៀសស្នើឲ្យអាជ្ញាធរខេត្តសៀមរាបជួយស្ថាបនាផ្លូវមួយខ្សែពីផ្លូវលំដីសរទៅ​ជាផ្លូវក្រាលគ្រួសក្រហម និងសុំឲ្យតរបណ្តាញអគ្គីសនីរដ្ឋចូលទៅក្នុងភូមិព្រោះបច្ចុប្បន្នពួកគាត់ប្រើប្រាស់អគ្គីសនីឯក​ជនមាន​តម្លៃថ្លៃ។
លោក រ៉ូ នី ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាបបានឲ្យដឹងនៅក្នុងឱកាសដែលអាជ្ញាធរខេត្តសៀមរាបចុះទៅជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងសង្កាត់ចុងឃ្នៀសកាលពីថ្ងៃទី២៧ខែកក្កដាថានៅក្នុងសង្កា​ត់​ចុងឃ្នៀសនេះឥឡូវនេះមានការអភិវឌ្ឍរីកចម្រើនល្អប្រសើរជាងមុនទំាងផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព និងអគ្គីសនីជាដើម ប៉ុន្តែសម្រាប់នៅក្នុងភូមិចុងឃ្នៀសរបស់លោក គឺនៅមានការពិបាកផ្នែកផ្លូវ និងអគ្គីសនី។

លោកពន្យល់ថា សម្រាប់ផ្លូវគឺអាជ្ញាធរសង្កាត់បានជួយស្ថាបនាផ្លូវថ្មីជូនហើយតែជាផ្លូវដីនូវពេលមានភ្លៀងធ្លាក់គឺស្អិត និងរអិលពិបាកធ្វើដំណើរណាស់។លោកស្នើឲ្យអាជ្ញាធរខេត្តជួយស្ថាបនាផ្លូវមួយខ្សែនេះពីផ្លូវលំដីសរទៅជាផ្លូវក្រាលគ្រួសក្រ​ហ​មវិញ។
ពាក់ព័ន្ធការស្នើសុំរបស់ប្រជាពលរដ្ឋនេះឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានបញ្ជាក់ថា អាជ្ញាធរខេត្តនិងដោះស្រាយជូនប្រជាពលរដ្ឋទៅតាមសំណូមពរទំាងផ្លូវថ្នល់ និងបណ្តាញអគ្គីសនី ព្រោះឯកឧត្តមមើលឃើញថា ក្នុងភូមិនេះពិតជាមានសេចក្តីត្រូវការចំាបាច់មែន។នៅក្នុងឱកាសជួបសួរសុខទុក្ខប្រជាពលរដ្ឋនេះដែរឯកឧត្តមអភិបាលខេត្តក៍បានណែ នំាឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ពោះក្មេងតូចៗព្រោះឥឡូវជារដូវវស្សាមានទឹកច្រើនងាយនិងធ្វើឲ្យក្មេងតូចៗមានគ្រោះថ្នាក់បាន៕

លោកចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ ត្រូវបានតែងតាំងជាអភិបាលខណ្ឌច្បារអំពៅជំនួសលោកអ៊ាង ស៊ីផាន

ភ្នំពេញ៖លោកចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ ត្រូវបានតែងតាំងជាអភិបាលខណ្ឌច្បារអំពៅជំនួសលោកអ៊ាង ស៊ីផាន ដែលបានផ្ទេរភារកិច្ចទៅនៅសាលារាជធានីភ្នំពេញ សិន មុនចូលនិវត្តន៍នៅខែខាងមុខ។ ពិធីនេះបាននឹងកំពុងធ្វើឡើងនៅព្រឹកថ្ងៃទី២៨ កក្កដានេះនៅសាលាខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីក្រោមឱវាទសាលារាជធានី អភិបាលខណ្ឌទាំង១២ រួមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ៕

ក្រសួងវប្បធម៌សហការជាមួយដៃគូរៀបចំការតាំងពិព័រណ៍មហាស្រពម្ហូបអាហារលើកទី១៨និងសម្លៀកបំពាក់ប្រពៃណីខ្មែរលើកទី១៧នៅថ្ងៃទី៥និង៦ខែសីហា

ភ្នំពេញ៖ក្រសួងវប្បធម៌សហការជាមួយដៃគូរៀបចំការតាំងពិព័រណ៍មហាស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារលើកទី១៨ និងការបង្ហាញទម្រង់ម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរលើកទី១៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥-៦ ខែ សីហា ឆ្នាំ២០១៧ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រដើម្បីលើកកំពស់វប្បធម៌ជាតិនិងទាក់ទាញទេសចរណ៍មកទស្សនាកម្ពុជា។

ក្នុងសន្និសីទការសែតព្រឹកមិញនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ញាណ ភឿន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក ហ៊ឹម វិបុលផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
លោកញាណ ភឿនបានមានប្រសាសន៍ព្រឹត្តិការណ៍នេះមានសារៈសំខាន់រួមចំណែកលើកកំពស់វប្បធម៌ជាតិនិងបង្កើតការយល់ដឹងចំណោមពលរដ្ឋនិងជនបរទេសអោយស្គាល់កម្ពុជាហើយទាក់ទាញទេសចរមកកម្ពុជាផងដែរ។
បើតាមអ្នករៀបចំបានអោយដឹងថាតារាទឹម រដ្ឋានិងដួង ម៉ានិច នឹងចូលរួមស្លៀករ៉ូបច្នៃចេញសូត្រ និងក្រមាខ្មែរតែតម្លៃវថ្លៃដូចបានឃើញក្នុងកម្មវិធីសន្និសីទសារព័ត៌មានលើកទី២ ស្ដីពីពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ មហាស្រពសិល្បៈដណ្ដាំម្ហូបអាហារលើកទី១៨ និងបង្ហាញទម្រង់សម្លៀកបំពាក់ប្រពៃណីខ្មែរលើកទី១៧នេះ។ ទឹម រដ្ឋា និង ដួង ម៉ានិច គ្រងសម្លៀកបំពាក់ច្នៃចេញសូត្រ និងក្រមាខ្មែរនឹងចូលរួមបង្ហាញក្នុងថ្ងៃពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤នេះដែរ។
បើតាមលោក អិត វាសនា នាយកខ្មែរឌីហ្សាញបានលើកឡើងថា រ៉ូបដែលកញ្ញា ទឹម រដ្ឋា ស្លៀក គឺជារ៉ូបរាត្រីសមោសរ ច្នៃចេញពីក្រណាត់សូត្រខ្មែរ មានតម្លៃ ១ ២០០ ដុល្លារអាមេរិក។
ចំណែកឯរូបរាត្រីសមោសរ កញ្ញា ដួង ម៉ានិច វិញច្នៃចេញពីក្រមាខ្មែរ តម្លៃ ៣០០ ដុល្លារ។ នាយកខ្មែរឌីហ្សាញរូបនេះបន្តថា៖ “បាទវត្តមាន ទឹម រដ្ឋា និង ដួង ម៉ានិច ឈរកាច់ឬករាងបង្ហាញពុកម៉ែបងប្អូនមកចូលរួមថ្ងៃនេះ គឺក្នុងគោលបំណងជួយលើកស្ទួយកំណាត់ហូលផាមួង និងក្រមារបស់ខ្មែរ យើងអាចយកទៅកែច្នៃចេញជាឈុតរាត្រីសមោសរបានយ៉ាងស្រស់ស្អាត រ៉ូបទាំងពីរហ្នឹងខ្ញុំប្រើពេលកាត់តែមួយថ្ងៃទេ"។
សន្និសីទសារព័ត៌មានលើកទី២នេះដែរ លោក ទេព សិដ្ឋាន់ណា អគ្គនាយករង ក្រុមហ៊ុនសិរីមង្គល បានមានប្រសាសន៍ថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង បង្ហាញម៉ូដសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរក្នុងសម័យហ្វូណន ចេនឡា និងម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរ ពីមួយជំនាន់ទៅមួយជំនាន់ ព្រមទាំងបង្ហាញមុខម្ហូប និងបង្អែមខ្មែរដែលធ្វើចេញពីផ្លែត្នោត៕

 

ផ្លូវ ប្រវែងជាង៩ពាន់ម៉ែត្រ បានលិចដោយជំនន់ទឹកភ្លៀង

ខេត្តព្រះវិហារ៖ផ្លូវក្រាលគ្រួសក្រហម ៩ពាន់ម៉ែត្រដែលបានជនលិច ដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី២៥ និងទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ ឋិតក្នុងឃុំចំនួន៤ របស់ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងផ្នែកខ្លះនៃតំបន់ អភិរក្សប្រាសាទព្រះវិហារ បានស្រកទៅវិញហើយ តែផ្លូវខ្លះអាចធ្វើដំណើរបានឡើងវិញ ។ដោយឡែកផ្លូវខ្លះទៀតពុំអាចធ្វើដំណើរបានដោយ ទឹកបានហូរ ច្រោះដាច់ទាំងស្រុង ។
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាស នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ មានប្រសាសន៍ឲ្យដឹងថា មកដល់ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថានភាពជំនន់ទឹកភ្លៀង ដែល បានជនលិចផ្លូវ និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន ក្នុងឃុំ ស្រឯម ឃុំកន្ទួត ឃុំយាង និងឃុំមរកត របស់ស្រុកជាំក្សាន្តកាលពីពេលថ្មីៗកន្លងទៅនេះ បានស្រកទៅវិញហើយ ដោយឡែកនៅក្នុងឃុំយាង ទឹក ពុំទាន់ស្រកអស់នោះទេ ប៉ុន្តែពេលនេះ ទឹកបានហូរបន្តធ្លាក់ចូលទៅក្នុងស្ទឹងសែន ។
ឯកឧត្តម បន្តថា ជំនន់នេះ បានជនលិចត្រឹមតែរយៈពេល៣ ទៅ៤ម៉ោងប៉ុណ្ណោះ បានហូរស្រក ទៅវិញហើយ ដោយឡែកនៅចំណុច ទំនប់ទឹក អូរស្វាយ ឋិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រឯម ដើម្បីបញ្រ្ជៀសទឹកជនលិចទំនប់នេះ កុំឲ្យជនលិច ដល់ភូមិខ្លាំង អាជ្ញាធរបានប្រើគ្រឿងចក្រកាយ បើផ្លូវទឹកទំនប់នេះ បង្ហូរទៅផ្ទៃខាង ក្រោមបណ្តោះ អាសន្ន រីឯប្រជាពលរដ្ឋដែលរស់នៅ ផ្នែកខាងក្រោម នៃទំនប់នេះ អាជ្ញាធរបានជម្លៀស ពួកគេ ទៅកាន់ទីទួលសុវត្ថិភាពរួចជាស្រេចហើយ នឹងមានការ យកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ ។
ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ៖ផលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀងនេះ មានចំនួន៣២០គ្រួសារ ឋិតក្នុងស្រុកជាំក្សាន្ត ស្រុកជ័យសែន និងក្រុងព្រះវិហារ ប៉ុន្តែប្រជាពលរដ្ឋ ដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាពនោះមានចំនួន៤៨គ្រួសារ ដែលពួកគេរស់នៅផ្នែក ខាងក្រោមទំនប់ អូរស្វាយ ដោយឡែកពលរដ្ឋ ដែលប៉ះពាល់ផ្សេង ទៀត ពុំមានធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែទឹកបានឡើង មកដល់ក្រោមផ្ទះបន្តិចតែប៉ុណ្ណោះ ។
ដោយឡែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បាន ឲ្យដឹងថា ជំនន់ទឹកភ្លៀង បានជនលិចបែកវាលមកដល់ស្រែចម្ការរបស់កសិករ រហូតមកដល់ពេលនេះ ប៉ះពាល់បន្តិចបន្តួច តែពុំទាន់មានតួលេខនៅតាមបណ្តាស្រុកណា មានការខូចខាតនោះទេ ។

លោក បញ្ជាក់ថា បើទោះបីជាមាន ការជនលិចក៏ពិតមែន តែការលិចនេះ ពុំមានរយៈពេលយូរឡើយ ដែលធ្វើឲ្យ ទឹកស្រកទៅវិញក្នុងរយៈពេល ដ៏ខ្លី ។ លោកថា ស្រែដែលបានលិចត្រឹមតែ ៣ទៅ៤ថ្ងៃ ពុំមានបញ្ហាអ្វីប៉ះពាល់ ដល់ការលូតលាស់ស្រូវឡើយ ផ្ទុយវិញវាមានភាពល្អទៅវិញទេ តែប្រសិនបើការលិចលើសពី១០ថ្ងៃ នោះ ទើបមានការប្រឈមដល់ ដំណាំស្រូវ ។ លោកបន្តថា មន្ទីរជំនាញ បានត្រៀមពូជស្រូវចាំបាច់មួយចំនួន សម្រាប់ផ្តល់ជូនកសិករណា ដែលមានការខូចខាតដំណាំស្រូវ អាចយកទៅជួសឡើងវិញ បាននៅពេលដែល ទឹកស្រកអស់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ កម្ពស់ទឹកស្ទឹងសែន បានហកឡើង កម្ពស់១៣ម៉ែត្រ លើកម្ពស់ទឹកប្រកាសអាសន្ន ១១,៥០ម៉ែត្រ រិឯអាកាសធាតុក៏នៅតែបន្តមេឃស្រទុំ ភ្លៀង ធ្លាក់ រលឹមជាប់ៗគ្នា ជាពិសេសនៅតាមតំបន់ជួរភ្នំដងរែក ៕

មនុស្ស២នាក់ បានស្លាប់ក្នុងថ្ងៃតែមួយដោយលង់ទឹក នៅក្នុងស្រុកជាំក្សាន្ត

ខេត្តព្រះវិហារ៖កុមារាអាយុ១៣ឆ្នាំម្នាក់ រស់នៅឃុំទឹកក្រហម និងស្រ្តីអាយុ៣៧ឆ្នាំម្នាក់រស់នៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្លាប់នៅក្នុងថ្ងៃតែមួយ ដោយករណីលង់ទឹក នៅកន្លែង២ផ្សេងគ្នា ។
តាមការបញ្ជាក់ពីលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត នៅព្រឹកនេះ បានឲ្យដឹងថា កុមារា ម្នាក់អាយុ១៣ឆ្នាំ បានស្លាប់ដោយលង់ទឹក ខណៈដែលក្មេងប្រុសនេះ បានទៅឈរលើកុម្ពកំប្លោក មើលទឹកហូរក្នុងបឹង ដែលជនលិចដោយជំនន់ ទឹកភ្លៀង ក្នុងឃុំទឹកក្រហម ក៏ស្រាប់តែផុងជើង ចូលក្នុងទឹក ធ្វើឲ្យទឹកហូរគួចយកទៅ បណ្តាលឲ្យលង់ ស្លាប់តែម្តង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ។ដោយឡែកស្រី្តម្នាក់ទៀត អាយុ៣៧ឆ្នាំ រស់នៅឃុំជាំក្សាន្ត ក៏បានស្លាប់នៅក្នុងទឹកបែកវាល ដោយជំនន់ ទឹកភ្លៀង ក្នុងស្រែ ខណៈដែលស្រ្តីខាងលើ បានដើរទៅមើលស្រែចម្ការ ក៏ស្រាប់តែដួលផ្កាប់មុខស្លាប់ គ្មាននរណាដឹងឡើយ ។
មកពេលនេះ សពជនរងគ្រោះ ក្រុមគ្រួសារ បានយកមកធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2