vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានជាតិ

ក្រសួងវប្បធម៌សហការជាមួយដៃគូរៀបចំការតាំងពិព័រណ៍មហាស្រពម្ហូបអាហារលើកទី១៨និងសម្លៀកបំពាក់ប្រពៃណីខ្មែរលើកទី១៧នៅថ្ងៃទី៥និង៦ខែសីហា

ភ្នំពេញ៖ក្រសួងវប្បធម៌សហការជាមួយដៃគូរៀបចំការតាំងពិព័រណ៍មហាស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារលើកទី១៨ និងការបង្ហាញទម្រង់ម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរលើកទី១៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥-៦ ខែ សីហា ឆ្នាំ២០១៧ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រដើម្បីលើកកំពស់វប្បធម៌ជាតិនិងទាក់ទាញទេសចរណ៍មកទស្សនាកម្ពុជា។

ក្នុងសន្និសីទការសែតព្រឹកមិញនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ញាណ ភឿន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក ហ៊ឹម វិបុលផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
លោកញាណ ភឿនបានមានប្រសាសន៍ព្រឹត្តិការណ៍នេះមានសារៈសំខាន់រួមចំណែកលើកកំពស់វប្បធម៌ជាតិនិងបង្កើតការយល់ដឹងចំណោមពលរដ្ឋនិងជនបរទេសអោយស្គាល់កម្ពុជាហើយទាក់ទាញទេសចរមកកម្ពុជាផងដែរ។
បើតាមអ្នករៀបចំបានអោយដឹងថាតារាទឹម រដ្ឋានិងដួង ម៉ានិច នឹងចូលរួមស្លៀករ៉ូបច្នៃចេញសូត្រ និងក្រមាខ្មែរតែតម្លៃវថ្លៃដូចបានឃើញក្នុងកម្មវិធីសន្និសីទសារព័ត៌មានលើកទី២ ស្ដីពីពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ មហាស្រពសិល្បៈដណ្ដាំម្ហូបអាហារលើកទី១៨ និងបង្ហាញទម្រង់សម្លៀកបំពាក់ប្រពៃណីខ្មែរលើកទី១៧នេះ។ ទឹម រដ្ឋា និង ដួង ម៉ានិច គ្រងសម្លៀកបំពាក់ច្នៃចេញសូត្រ និងក្រមាខ្មែរនឹងចូលរួមបង្ហាញក្នុងថ្ងៃពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤នេះដែរ។
បើតាមលោក អិត វាសនា នាយកខ្មែរឌីហ្សាញបានលើកឡើងថា រ៉ូបដែលកញ្ញា ទឹម រដ្ឋា ស្លៀក គឺជារ៉ូបរាត្រីសមោសរ ច្នៃចេញពីក្រណាត់សូត្រខ្មែរ មានតម្លៃ ១ ២០០ ដុល្លារអាមេរិក។
ចំណែកឯរូបរាត្រីសមោសរ កញ្ញា ដួង ម៉ានិច វិញច្នៃចេញពីក្រមាខ្មែរ តម្លៃ ៣០០ ដុល្លារ។ នាយកខ្មែរឌីហ្សាញរូបនេះបន្តថា៖ “បាទវត្តមាន ទឹម រដ្ឋា និង ដួង ម៉ានិច ឈរកាច់ឬករាងបង្ហាញពុកម៉ែបងប្អូនមកចូលរួមថ្ងៃនេះ គឺក្នុងគោលបំណងជួយលើកស្ទួយកំណាត់ហូលផាមួង និងក្រមារបស់ខ្មែរ យើងអាចយកទៅកែច្នៃចេញជាឈុតរាត្រីសមោសរបានយ៉ាងស្រស់ស្អាត រ៉ូបទាំងពីរហ្នឹងខ្ញុំប្រើពេលកាត់តែមួយថ្ងៃទេ"។
សន្និសីទសារព័ត៌មានលើកទី២នេះដែរ លោក ទេព សិដ្ឋាន់ណា អគ្គនាយករង ក្រុមហ៊ុនសិរីមង្គល បានមានប្រសាសន៍ថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង បង្ហាញម៉ូដសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរក្នុងសម័យហ្វូណន ចេនឡា និងម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរ ពីមួយជំនាន់ទៅមួយជំនាន់ ព្រមទាំងបង្ហាញមុខម្ហូប និងបង្អែមខ្មែរដែលធ្វើចេញពីផ្លែត្នោត៕

 

ផ្លូវ ប្រវែងជាង៩ពាន់ម៉ែត្រ បានលិចដោយជំនន់ទឹកភ្លៀង

ខេត្តព្រះវិហារ៖ផ្លូវក្រាលគ្រួសក្រហម ៩ពាន់ម៉ែត្រដែលបានជនលិច ដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី២៥ និងទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ ឋិតក្នុងឃុំចំនួន៤ របស់ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងផ្នែកខ្លះនៃតំបន់ អភិរក្សប្រាសាទព្រះវិហារ បានស្រកទៅវិញហើយ តែផ្លូវខ្លះអាចធ្វើដំណើរបានឡើងវិញ ។ដោយឡែកផ្លូវខ្លះទៀតពុំអាចធ្វើដំណើរបានដោយ ទឹកបានហូរ ច្រោះដាច់ទាំងស្រុង ។
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាស នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ មានប្រសាសន៍ឲ្យដឹងថា មកដល់ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថានភាពជំនន់ទឹកភ្លៀង ដែល បានជនលិចផ្លូវ និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន ក្នុងឃុំ ស្រឯម ឃុំកន្ទួត ឃុំយាង និងឃុំមរកត របស់ស្រុកជាំក្សាន្តកាលពីពេលថ្មីៗកន្លងទៅនេះ បានស្រកទៅវិញហើយ ដោយឡែកនៅក្នុងឃុំយាង ទឹក ពុំទាន់ស្រកអស់នោះទេ ប៉ុន្តែពេលនេះ ទឹកបានហូរបន្តធ្លាក់ចូលទៅក្នុងស្ទឹងសែន ។
ឯកឧត្តម បន្តថា ជំនន់នេះ បានជនលិចត្រឹមតែរយៈពេល៣ ទៅ៤ម៉ោងប៉ុណ្ណោះ បានហូរស្រក ទៅវិញហើយ ដោយឡែកនៅចំណុច ទំនប់ទឹក អូរស្វាយ ឋិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រឯម ដើម្បីបញ្រ្ជៀសទឹកជនលិចទំនប់នេះ កុំឲ្យជនលិច ដល់ភូមិខ្លាំង អាជ្ញាធរបានប្រើគ្រឿងចក្រកាយ បើផ្លូវទឹកទំនប់នេះ បង្ហូរទៅផ្ទៃខាង ក្រោមបណ្តោះ អាសន្ន រីឯប្រជាពលរដ្ឋដែលរស់នៅ ផ្នែកខាងក្រោម នៃទំនប់នេះ អាជ្ញាធរបានជម្លៀស ពួកគេ ទៅកាន់ទីទួលសុវត្ថិភាពរួចជាស្រេចហើយ នឹងមានការ យកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ ។
ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ៖ផលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀងនេះ មានចំនួន៣២០គ្រួសារ ឋិតក្នុងស្រុកជាំក្សាន្ត ស្រុកជ័យសែន និងក្រុងព្រះវិហារ ប៉ុន្តែប្រជាពលរដ្ឋ ដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាពនោះមានចំនួន៤៨គ្រួសារ ដែលពួកគេរស់នៅផ្នែក ខាងក្រោមទំនប់ អូរស្វាយ ដោយឡែកពលរដ្ឋ ដែលប៉ះពាល់ផ្សេង ទៀត ពុំមានធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែទឹកបានឡើង មកដល់ក្រោមផ្ទះបន្តិចតែប៉ុណ្ណោះ ។
ដោយឡែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បាន ឲ្យដឹងថា ជំនន់ទឹកភ្លៀង បានជនលិចបែកវាលមកដល់ស្រែចម្ការរបស់កសិករ រហូតមកដល់ពេលនេះ ប៉ះពាល់បន្តិចបន្តួច តែពុំទាន់មានតួលេខនៅតាមបណ្តាស្រុកណា មានការខូចខាតនោះទេ ។

លោក បញ្ជាក់ថា បើទោះបីជាមាន ការជនលិចក៏ពិតមែន តែការលិចនេះ ពុំមានរយៈពេលយូរឡើយ ដែលធ្វើឲ្យ ទឹកស្រកទៅវិញក្នុងរយៈពេល ដ៏ខ្លី ។ លោកថា ស្រែដែលបានលិចត្រឹមតែ ៣ទៅ៤ថ្ងៃ ពុំមានបញ្ហាអ្វីប៉ះពាល់ ដល់ការលូតលាស់ស្រូវឡើយ ផ្ទុយវិញវាមានភាពល្អទៅវិញទេ តែប្រសិនបើការលិចលើសពី១០ថ្ងៃ នោះ ទើបមានការប្រឈមដល់ ដំណាំស្រូវ ។ លោកបន្តថា មន្ទីរជំនាញ បានត្រៀមពូជស្រូវចាំបាច់មួយចំនួន សម្រាប់ផ្តល់ជូនកសិករណា ដែលមានការខូចខាតដំណាំស្រូវ អាចយកទៅជួសឡើងវិញ បាននៅពេលដែល ទឹកស្រកអស់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ កម្ពស់ទឹកស្ទឹងសែន បានហកឡើង កម្ពស់១៣ម៉ែត្រ លើកម្ពស់ទឹកប្រកាសអាសន្ន ១១,៥០ម៉ែត្រ រិឯអាកាសធាតុក៏នៅតែបន្តមេឃស្រទុំ ភ្លៀង ធ្លាក់ រលឹមជាប់ៗគ្នា ជាពិសេសនៅតាមតំបន់ជួរភ្នំដងរែក ៕

មនុស្ស២នាក់ បានស្លាប់ក្នុងថ្ងៃតែមួយដោយលង់ទឹក នៅក្នុងស្រុកជាំក្សាន្ត

ខេត្តព្រះវិហារ៖កុមារាអាយុ១៣ឆ្នាំម្នាក់ រស់នៅឃុំទឹកក្រហម និងស្រ្តីអាយុ៣៧ឆ្នាំម្នាក់រស់នៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្លាប់នៅក្នុងថ្ងៃតែមួយ ដោយករណីលង់ទឹក នៅកន្លែង២ផ្សេងគ្នា ។
តាមការបញ្ជាក់ពីលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត នៅព្រឹកនេះ បានឲ្យដឹងថា កុមារា ម្នាក់អាយុ១៣ឆ្នាំ បានស្លាប់ដោយលង់ទឹក ខណៈដែលក្មេងប្រុសនេះ បានទៅឈរលើកុម្ពកំប្លោក មើលទឹកហូរក្នុងបឹង ដែលជនលិចដោយជំនន់ ទឹកភ្លៀង ក្នុងឃុំទឹកក្រហម ក៏ស្រាប់តែផុងជើង ចូលក្នុងទឹក ធ្វើឲ្យទឹកហូរគួចយកទៅ បណ្តាលឲ្យលង់ ស្លាប់តែម្តង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ។ដោយឡែកស្រី្តម្នាក់ទៀត អាយុ៣៧ឆ្នាំ រស់នៅឃុំជាំក្សាន្ត ក៏បានស្លាប់នៅក្នុងទឹកបែកវាល ដោយជំនន់ ទឹកភ្លៀង ក្នុងស្រែ ខណៈដែលស្រ្តីខាងលើ បានដើរទៅមើលស្រែចម្ការ ក៏ស្រាប់តែដួលផ្កាប់មុខស្លាប់ គ្មាននរណាដឹងឡើយ ។
មកពេលនេះ សពជនរងគ្រោះ ក្រុមគ្រួសារ បានយកមកធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ ៕

សាលាក្រុងបញ្ជក់ថា៖”ការដ្ឋានហ៊ុំព័ទ្ធវាលព្រះមេរុមិនមែនករណីលក់ដួរទេគឺសាងសង់របងថ្មី”

ភ្នំពេញ៖សាលាក្រុងភ្នំពេញបានចេញសេចក្ដីប្រកាសនៅថ្ងៃនេះថា៖”ការដ្ឋានហ៊ុំព័ទ្ធវាលព្រះមេរុគឺគម្រោងសាងសង់របងថ្មី។
ប្រភពបានបន្ដថា៖ប៉ុន្មានថ្ងៃនេះ មានមតិចម្ងល់មួយចំនួនលើកឡើងផ្សេងៗគ្នាពាក់ព័ន្ធការហ៊ុំព័ទ្ធទីតាំងវាលព្រះមេរុ ក្បែព្រះបរមព្រះរាជវាំង។ករណីនេះ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនថា ការដ្ឋានហ៊ុំព័ទ្ធវាលព្រះមេរុនេះ គឺជាគម្រោងរបស់ក្រសួងព្រះបរមរាជវាំង ក្នុងការស្ថាបនារបងថ្មីធ្វើពីថ្ម ជំនួសរបងដែកចាស់ទ្រុឌទ្រោម ដែលបានសាងសង់បណ្តោះអាសន្នកាលរៀបចំពិធីបូជាព្រះបរមសពព្រះបរមរតនកោដ្ឋ។ អាស្រ័យហេតុនេះ សូមសាធារណមតិមេត្តាជ្រាបជាព័ត៌មាន។
មានមិតលើកឡើងថាសាលាក្រុងលក់ដូរឬដោះដូរវាលមេរុតែនៅថ្ងៃនេះសាលាក្រុងចេញសេចក្ដីប្រកាសបដិសេធមិនដូចការចោទប្រកាន់នោះឡើយ៕

បាត់ក្មេងស្រីអាយុ៣ឆ្នាំនៅផ្សារសាមគ្គីក្រចេះមិនមែនករណីចាប់ពង្រត់

 

ក្រចេះ៖ក្មេងស្រីអាយុ៣ឆ្នាំត្រូវបានប្រទះឃើញនៅក្នុងផ្សារសាមគ្គីក្រចេះបន្ទាប់ពីរមានការភ្ញាក់ផ្អើលលើករណីបាត់ក្មេងស្រីអាយុ៣ឆ្នាំរូនេះ នៅពេលស្រ្តីជាម្តាយបានទុកនាងនៅលើម៉ូតូ នៅមុខផ្សារក្រចេះកាលពីព្រឹកថ្ងៃទី២៧ កក្កដា ។
ក្រោយពីមានករណីបាត់ក្មេងស្រីនៅព្រឹកមិញនេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានបញ្ជាអោយកម្លាំងនគរបាលខេត្ត ក្រុង ស្រុក ចុះស្រាវជ្រាវរុករកជាបន្ទាន់។
ក្រោយការភ្ញាក់ផ្អើលនិងការចុះស្រាវជ្រាវរុករកយ៉ាងដុតដៃដុតជើងរបស់សមត្ថកិច្ច មានរយៈពេលជាង២ម៉ោងរួចមក ក្មេងស្រី ត្រូវបានរកឃើញនាងនៅតូបលក់ក្រណាត់មួយនៅក្នុងផ្សារសាមគ្គីក្រចេះ នៅព្រឹកថ្ងៃដដែល។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ ភី បានបញ្ជាក់ថា ៖ ការបាត់ក្មេងស្រីនេះ ជាការវង្វេងម្តាយ មិនមែនជាករណីអ្វីផ្សេងនោះទេ។ សូមបញ្ជាក់ថា៖ ក្មេងស្រីរូបនេះ ត្រូវបានអាជីវករលក់ក្រណាត់ យកមកប្រគល់ឲ្យនគរបាលអធិការក្រុងក្រចេះ រួចបានសមត្ថកិច្ចប្រគល់ជូនម្តាយរបស់នាងវិញនៅវេលាថ្ងៃដដែលនេះ ៕

 

កូនសត្វត្រដក់ធំចំនួន១៧៥ក្បាលបានញាស់ក្នុងតំបន់ទីជម្រកធម្មជាតិព្រែកទាល់

ភ្នំពេញ៖កូនសត្វត្រដក់ធំដែលជាប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោកបានញាស់ដោយជោគជ័យចេញពី សំបុកចំនួន១៧៥ នៅក្នុងតំបន់រ៉ាម សារព្រែកទាល់ និងបានចាកចេញពីសំបុកទៅកាន់ទីជម្រកធម្មជាតិនានានៅ ក្នុងប្រទេសកម្ពុជា។នេះបើតាមការប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃនៅថ្ងៃនេះ។
ប្រភពបានអោយដឹងថា៖សំបុកត្រដក់ធំទាំងអស់នោះ ទទួលបានការការពារ យ៉ាងល្អសម្រាប់រយៈពេល០៦ខែកន្លងទៅនេះ ពីសំណាក់ ក្រុមមន្ត្រី ឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ប្រជាជនរស់នៅភូមិព្រែកទាល់ និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)។
ត្រដក់ធំ គឺជាប្រភេទត្រដក់មានមាឌធំជាងគេបង្អស់ និងមានកម្ពស់រហូតដល់១.៥ម៉ែត្រ។ ពួកវាស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោក។ សត្វត្រដក់ធំពេញវ័យចំនួន៨០០-១០០០ក្បាលប៉ុណ្ណោះ កំពុងរស់នៅលើពិភពលោក។ ក្នុងនោះដែរ សត្វត្រដក់ធំចំនួន១៥០-២០០គូរ រស់នៅក្នុងតំបន់រ៉ាមសារព្រែកទាល់ដែលជាបន្ទាយពងកូនចុងក្រោយគេបង្អស់សម្រាប់តំបន់អាស៊ីអាគ្នេយ៍៕រូបភាពពីអង្គការសមាគមអភិរក្សសត្វព្រៃ

 

 

៦ខែដើមឆ្នាំ២០១៧អាជ្ញាធរជាតិអប្សរាទទួលសំណើសាងសង់ផ្ទះជាង៦០០ករណីនិងបានអនុញ្ញាតជិត៣០០ករណី

ខេត្តសៀមរាប៖រយៈពេល៦ខែដើមឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាតាមរយៈមជ្ឈមណ្ឌលសេវាកម្មច្រកចេញតែមួយ បានទទួលសំណើពាក់ព័ន្ធនឹងការសុំសាងសង់លំនៅឋានចំនួន៦៤១ករណី។ សំណើទាំងនេះបានឆ្លើយតបរួចរាល់ចំនួន៥៤១​ករ​ណី និងកំពុងរៀបចំចំនួន១០០ករណីទៀត។នេះបើតាមការអះអាងថាអាជ្ញាធរជាតិអប្សរាកាលពីម្សិលមិញ។

តាមរបាយការណ៍ឆមាសទី១ ឆ្នាំ២០១៧ របស់មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា ក្នុងចំណោមសំណើជាង៦​០០ករណីនេះ សំណើដែលបានអនុញ្ញាតមានចំនួន២៩២ករណី និងសំណើដែលមិនអនុញ្ញាតមានចំនួន២៤៥ករណី។ ក្នុងនេះដែរ មានសំណើចំនួន៥៩ករណី ដែលក្រុមការងារបានធ្វើសេចក្តីជូនដំណឹងដោយសារមានកំហុសលើទម្រង់បែបបទ និងអំពីសុពលភាពនៃច្បាប់ដែលបានអនុញ្ញាតជូនពួកគាត់ក្នុងការសាងសង់។
លោក ទស្ស សុមនាថ ប្រធានស្តីទីនាយកដ្ឋានគ្រប់គ្រងដែនដី និងគ្រប់គ្រងលំនៅឋានក្នុងឧទ្យានអង្គរបានពន្យល់អំពីលក្ខខណ្ឌដែលត្រូវបានអនុញ្ញាត និងមិនអនុញ្ញាត នូវសំណើសុំសាងសង់របស់ប្រជាពលរដ្ឋថា ការស្នើរបស់ប្រជាពលរដ្ឋ មិនមែនមានន័យថា ឲ្យតែដាក់ពាក្យសុំសុទ្ធតែអនុញ្ញាតទាំងអស់នោះទេ។ ជាធម្មតាតែងមានចម្លើយពីរគឺអនុញ្ញាត និងមិនអនុញ្ញាត។
លោកពន្យល់ថា ចំពោះសំណើដែលអាចអនុញ្ញាតបានគឺ ប្រជាពលរដ្ឋចាស់ដែលមានផ្ទះសំបែងនៅក្នុងតំបន់អង្គរជាយូរលង់ណាស់មកហើយ មុនឆ្នាំ២០០០ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ នៅក្នុងភូមិ-ឃុំ ដែលបានស្នើសុំសាងសង់ មានលិខិតបញ្ជាក់ពីការកាន់កាប់ និងប្រើប្រាស់ដីធ្លី ដែលមានការទទួលស្គាល់ដោយអាជ្ញាធររដ្ឋបាលភូមិ-ឃុំ មានឈ្មោះនៅក្នុងបញ្ជីជំរឿនរបស់អាជ្ញាធរជាតិអប្សរា ឆ្នាំ២០០៤ -២០០៥ មានសំណង់ផ្ទះចាស់ក្នុងទិន្នន័យ Jica ឆ្នាំ១៩៩៨ និងទិន្នន័យរូបភាពពីលើអាកាស Google Earth ឆ្នាំ2004។
ពលរដ្ឋទាំងនោះមានសិទ្ធិ ក្នុងការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ (អាចពង្រីកទំហំលើសផ្ទះចាស់បានតាមចំនួនសមាជិកក្នុងគ្រួសារ ឬសំណង់ជាឧបសម្ព័ន្ធផ្សេងៗទៀតក្នុងដីឡូត៍បាន) តាមរចនាបថស្ថាបត្យកម្មខ្មែរ មិនមែនជាផ្ទះតៀមផ្ទាល់ដី ឬផ្ទះល្វែងដំបូលកាត់ ទីតាំងសាងសង់មិនមានផលប៉ះពាល់ ឬស្ថិតលើហេដ្ឋារចនាសម្ព័ន្ធបុរាណ និងមានសំណង់សាធារណៈទូទៅមួយចំនួនទៀតដូចជា មណ្ឌលសុខភាព សាលារៀន អាគាររដ្ឋបាលភូមិ-ឃុំ ។ល។
ចំពោះករណីដែលមិនអាចអនុញ្ញាតបាន លោកសុមនាថ ពន្យល់ថា ជាករណីបំបែកគ្រូសារឬជាអ្នកចំណូលថ្មីមករស់នៅក្រោយឆ្នាំ២០០០ សាងសង់សំណង់ដែលមិនមែនជាលំនៅឋានមានបែបជាផ្ទះសំណាក់ ភោជនីយដ្ឋានធំៗ ខារ៉ាអូខេ ឬជាកសិដ្ឋានធំៗ និងការវាតទីដីព្រៃ ឬការបង្កើតទីប្រជុំជន និងការពង្រីកភូមិដ្ឋានជាដើម។
សូមបញ្ជាក់ថា ករណីបដិសេធភាគច្រើនគឺធ្វើឡើងចំពោះសំណើរបស់ប្រជាពលរដ្ឋដែលជាអ្នកចំណូលថ្មី និងការស្នើសុំបំបែកគ្រួសារដោយបង្កើនខ្នងផ្ទះ ដែលខុសនឹងលក្ខខណ្ឌដែលអាចអនុញ្ញាតបាន។ ចំពោះការសុំសាងសង់ខុសនឹងរចនាបថផ្ទះខ្មែរជាដើម ក្រុមការងារតែងចុះធ្វើសេចក្តីណែនាំ និងធ្វើសេចក្តីជូនដំណឹងមុននឹងឈានដល់ការផ្អាកសំណង់ជាអចិន្ត្រៃយ៍ ក្នុងករណីម្ចាស់សំណង់មិនអនុវត្តតាម៕

 

សម្ដចហ៊ុនសែនអំពាវនាវអោយអាជ្ញាធរតាមដាននិងជួយដោះស្រាយបញ្ហាទឹកជំនន់

ភ្នំពេញ៖សម្ដចហ៊ុនសែនអំពាវនាវអោយអាជ្ញាធរតាមដាននិងជួយដោះស្រាយបញ្ហាទឹកជំនន់ជនពលរដ្ឋអោយបានទាន់ពេលវេលា។តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចហ៊ុនសែនបានសរសេរថា៖សូមអរគុណអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ព្រមទាំងស្ថាប័ន មន្ទីរពាក់ព័ន្ឋ រួមទាំងសមាគម អង្គការ ដៃគូនានា និងកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាទឹកជំនន់ជូន ប្រជាពលរដ្ឋយើងបានទាន់ពេលវេលានៅខេត្តព្រះវិហារ។

សូមអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដែនដីត្រូវបន្តឃ្លាំ តាមដានមើល និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ សូមបង្កើនការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ដោយសារក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ គឺមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ទាំងនៅក្នុងទីក្រុង ភ្នំពេញនិងនៅតាមបណ្តាខេត្តនានា។ ទន្ទឹមនឹងមានភ្លៀងធ្លាក់គឺមានខ្យល់ព្យុះ ខ្យល់កន្រ្តាក់ និងទឹក ជំនន់ ដែលបណ្តាលអោយជន់លិចនិងដាច់ផ្លូវតាមតំបន់មួយចំនួន និងខូចខាតផ្ទះប្រជាពលរដ្ឋនៅតាម ខេត្តមួយចំនួនផងដែរ។
សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ កុំបណ្តោយកូនចៅអោយទៅលេងទឹកនៅខាងក្រៅ តាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយទឹក ដែលអាចងាយមានគ្រោះថ្នាក់។សូមបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងមកអាជ្ញាធរ សមត្ថកិច្ច និងកាកបាទក្រហមជាបន្ទាន់នៅពេលត្រូវ ការជំនួយសង្រ្គោះបន្ទាន់ចាំបាច់នានា។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរ និងកងម្លាំងសមត្ថកិច្ចជួយសម្រួល អោយកូនចៅប្រជាពលរដ្ឋបានទៅសាលារៀនដូចធម្មតា និងចុះជួយសាងសង់លំនៅដ្ឋានខូចខាតជូន ប្រជាពលរដ្ឋយើងអោយមានជម្រករស់នៅធម្មតាឡើងវិញ។
សូមប្រជាពលរដ្ឋ និងអាជ្ញាធរប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ភ្លៀងដែលបង្អុរធ្លាក់មកមិនដាច់ស្ទើរាល់ថ្ងៃដែលយើងបានឃើញនៅក្នុងទីក្រុងភ្នំពេញតិចមែន តែនៅតាមបណ្តាខេត្តមួយចំនួនគឺកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ដោយសារកំរិតទឹកទឹកភ្លៀងនៅបន្តធ្លាក់ ហើយកម្ពស់ទឹកទន្លេក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត។
តាមការប្រកាសរបស់ក្រសួងធនធានទឹក បានអោយដឹងថា ក្នុងរដូវវស្សាឆ្នាំនេះកម្ពុជាអាចនឹងទទួលរងនូវឥទ្ធិពល ENSO Neutral Condition ដែលបង្កអោយមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដែលធ្វើ អោយទឹកក្នុងអាងទន្លេមេគង្គ និងទាំងនៅក្នុងប្រទេសកម្ពុជាទាំងមូលមានការកើនឡើង។
ចំពោះបងប្អូន ដែលចុះទូកនៅតាមទន្លេ សមុទ្រ គឺសូមប្រុងប្រយ័ត្ន ពាក់អាវពោងការពារ និងមានសំភារៈការពារអាយុជីវិត ពេលជួបប្រទះបញ្ហាដោយយថាហេតុណាមួយកើតឡើង។ សូមកុំ បណ្តោយកូនចៅទៅលេងទឹកនៅខាងក្រៅតាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយ ទឹកដែលអាចងាយមានគ្រោះថ្នាក់។
សូមអំពាវនាវដល់មន្ត្រី អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដែនដីត្រូវឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្ត ដែលកំពុងប្រឈម នឹងបញ្ហាទឹកជំនន់ និងតាមតំបន់ជាប់នឹង ដងស្ទឹង និង សមុទ្រជាដើម។ សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បំផុត៕

 

ចៅហ្វាយក្រុង ប្រកាសបង្ក្រាបឱ្យអស់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnlineនៅភ្នំពេញ

ភ្នំពេញ៖ចៅហ្វាយក្រុងលោកឃួងស្រេងនៅថ្ងៃនេះបាន ប្រកាសបង្ក្រាបឱ្យអស់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnlineជ្រកក្រោមរូបភាពទីតាំងInternet cafe នៅភ្នំពេញ។លោកបានប្ដេជ្ញារួមគ្នាបង្ក្រាបឱ្យអស់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំងInternet cafe ឬ ណេត24h ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
រសៀលនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំបន្ទាន់ជាមួយតំណាងក្រសួងប្រៃសនីយ៍ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាការងារបង្ក្រាបល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំងInternet cafe ឬ ណេត24h ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមអភិបាលបានដាក់ចេញនូវវិធានការណ៍បង្ក្រាបគ្រប់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំងInternet cafe ឬ ណេត24h ទាំងអស់ ទោះជាម្ចាស់អាជីវកម្មមានច្បាប់អនុញ្ញាតបើកទីតាំងInternetក៏ដោយ ព្រោះថាល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline គឺជាល្បែងបំផ្លាញការសិក្សារបស់កុមារ និងយុវជន ហើយទីនោះក៏ជាកន្លែងប្រមូលផ្តុំនូវការប្រើប្រាស់គ្រឿងញៀន និងជនល្មើស លួច-ឆក់ផងដែរ៕

រាជរដ្ឋាភិបាល អះអាងថា នឹងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ដើម្បីកាត់បន្ថយជនរងគ្រោះ

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានអះអាងថា នឹងបន្តខិតខំអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ដើម្បីទប់ស្កាត់ គ្រោះ​ថ្នាក់ចរាចរណ៍​ ដែលធ្វើឲ្យមានមនុស្សរងគ្រោះ និងធ្វើឲ្យ​ខាត​​ទ្រព្យសម្បត្តិសាធារណៈ គិត​ជា​ទឹក​​ប្រាក់រាប់​​លាន​​ដុល្លារជារៀងរាល់ឆ្នាំ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់​​ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជួន និង​​ជាអនុ​ប្រធានអចិន្ត្រៃយ៍​គណៈកម្មាធិ​ការ​​​​ជាតិ​​សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសថា ក្រុមការងារ​​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក នឹងរឹតបន្តឹងការ​​អនុវត្ត​ច្បាប់​​​ចរាចរណ៍​ឡើងវិញ តាមរយៈចុះទប់ស្កាត់បទ​ល្មើស បើកបរក្នុង​ស្ថាន​ភាព​​​ស្រវឹង បើកបរហួសល្បឿនកំណត់ ការជិះម៉ូតូមិនពាក់មួកសុវត្ថិភាព បើកបរមិនគោរពភ្លើង និង​​ស្លាក​សញ្ញាចរាចរណ៍ ជាដើម។
ថ្លែងក្រោយពិធីដាក់ឲ្យដំណើរការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តបឹងស្នោរ ក្នុង​​រាជ​​ធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ១ កាលពីម្សិលមិញ ឯកឧត្តមបាន​បញ្ជាក់អំពី​ការ​ងារ​មួយចំនួនដែលធ្វើឡើង ដើម្បី​កាត់បន្ថយគ្រោះ​​ថ្នាក់​ចរាចរណ៍​​​​នៅទូទាំង​ប្រទេសឲ្យនៅកម្រិត​ទាប​។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួស​អាស៊ី​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​​ប្រាប់​​ទូរទស្សន៍​​រស្មីហង្សមាសនៅថ្ងៃពុធនេះថា ការចុះអនុវត្តច្បាប់ចរាចរណ៍របស់មន្ត្រីនគរបាល នៅតាម​ដង​ផ្លូវនាពេលបច្ចុប្បន្ន មានការថយចុះជាង​កាលពីច្បាប់​​ទើប​​ចូលជាធរមាន។ លោកបន្តថា ការ​រឹត​បន្តឹង​ច្បាប់​​ចរាចរណ៍ តាមរយៈការត្រួតពិនិត្យការពាក់​មួក​​សុវត្ថិភាពក្នុងពេល​ធ្វើដំណើរ​​តាម​ម៉ូតូ​​​​​​ឲ្យ​បាន​​គ្រប់គ្នា គិតទាំងអ្នកជិះពីក្រោយ នឹងជួយ​​​កាត់​​បន្ថយ​​ការ​ស្លាប់ និងរង​របួស​​ធ្ងន់ធ្ងរក្នុង​​ករណី​​បើ​មាន​​​គ្រោះថ្នាក់​ចរាចរណ៍កើតឡើង។ លោកបានបញ្ជាក់ថា នៅពេលគ្មានវត្តមានរបស់មន្រ្តី​នគរ​បាល​ចរាចរណ៍​នៅតាមដងផ្លូវ បានធ្វើសកម្មភាពបើកបរដោយល្មើសច្បាប់បានកើនឡើងវិញ។
យោងតាមតួលេខផ្លូវការពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា យ៉ាង​​ហោច​​​ណាស់ ​ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​មានចំនួន៦នាក់ និងរងរបួស​ធ្ងន់​​ស្រាល​​ប្រមាណ១៧នាក់ ជារៀងរាល់ថ្ងៃ ហើយជាង៨០ភាគរយនៃការស្លាប់នៅលើដងផ្លូវ ជាអ្នក​ប្រើ​ប្រាស់​មធ្យោ​​​បាយ​​តាមម៉ូតូ ដែលមិនពាក់មួកសុវត្ថិភាព។
ការសិក្សាជាលក្ខណៈអន្តរជាតិមួយ បានធ្វើការព្យាករណ៍ថា រហូតដល់​ឆ្នាំ​២០២០ ប្រសិន​​បើ​ការ​​​អនុវត្ត​ច្បាប់​ចរាចរណ៍ផ្លូវគោកមានភាពតឹងរ៉ឹង និងមានប្រសិទ្ធ​ភាព នឹងអាច​ជួយ​​​សង្គ្រោះជីវិត​មនុស្ស​​​បានជាង​៥៦០នាក់ ការពារអ្នករួមដំណើរជាង១ម៉ឺននាក់ពី​ការ​រង​របួសក្បាល និងការពារ​​ការ​ខាត​​​​បង់​ថិវកា​ចំនួនជាង៩៨លានដុល្លារអាម៉េរិក​៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2