vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានជាតិ

ខេត្តចំនួន៦បានទទួលរងនូវការគំរាមកំហែងដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ខេត្តចំនួន៦ បានទទួលរងនូវការគំរាមកំហែងដោយជំនន់ទឹកភ្លៀង ហើយស្ថានភាពផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ និងស្រូវស្រែប្រជាពលរដ្ឋនៅតំបន់ខ្លះត្រូវរកការជន់លិច។
ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តព្រះវិហាររហូតដល់ព្រឹកថ្ងៃទី២៦ កក្កដានេះ ភ្លៀងនៅបន្តធ្លាក់នៅតាមជួរភ្នំដងរ៉ែក ធ្វើឲ្យទឹកជំនន់បានគ្របដណ្ដប់លើឃុំចំនួន៤ គឺឃុំស្រអែម ឃុំកន្ទួត ឃុំយាង និងឃុំមរកត ក្នុងស្រុកជាំក្សាន្ត។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានឲ្យដឹងថា ទឹកបានហូខ្លាំងជន់លិចផ្លូវលំ និងលិចផ្នែកខ្លះ នៃតំបន់អភិរក្សអាជ្ញាធរប្រាសាទព្រះវិហារ ហើយកន្លែងខ្លះហូរកាត់ទំនប់ទឹកអូរស្វាយ ក្នុងភូមិធម្មជាតិសម្តេចតេជោទៀតផង។
ឯកឧត្ដមបានបញ្ជាក់ថា៖” អាជ្ញាធរខេត្ត បានរួមសហការជាមួយបញ្ជាការដ្ឋានអង្គរក្ស អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងកងពលធំលេខ៣ ចុះដឹកជញ្ជូនប្រជាពលរដ្ឋដែលនៅខាងក្រោមទំនប់ទឹកអូរស្វាយ ភូមិធម្មជាតិ មកកាន់ទីទួលសុវត្ថិភាពក្នុងទីបញ្ជាការដ្ឋានវរៈសេនាតូចលេខ៣៧១” ។
កម្លាំងចម្រុះក៏បានកាយទំនប់រំដោះទឹកអូស្វាយ និងច្រកបាវខ្សាច់ទប់ខ្នងទំនប់បារាយខាងលិចកុំអោយទឹកហូរកាត់ផ្ដាច់ផ្លូវនៅតំបន់នោះទៀតផង។ រហូតដល់ម៉ោង១២ថ្ងៃត្រង់នេះ កម្ពស់ទឹកស្ទឹងសែនបានឡើងដល់កម្រិតកម្ពស់១២,៨៤ម៉ែត្រ លើសការប្រកាសអាសន្នត្រឹមតែ១១,៥០ម៉ែត្រ។
ចំណែកនៅខេត្តឧត្តរមានជ័យវិញ បរិមាណទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ហើយនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដានេះ ជំនន់ទឹកភ្លៀងបានជន់លិចតំបន់មួយចំនួនក្នុងស្រុកត្រពាំងប្រាសាទ ។
លោក ញឿន គួន ប្រធានធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ បានអោយដឹងថា កំពស់ទឹកក្នុងបឹងនានា មានកំពស់150មីល្លីម៉ែត្រ ធ្វើអោយជន់លិចលើផ្លូវថ្នល់មួយចំនួន ហើយរងការខូចខាតដោយសារហូរកាត់ ក្នុងខេត្តឧត្តរមានជ័យមានក្រុងស្រុកចំនួន4 ដែលត្រូវទទួលរងជំនន់ទឹកភ្លៀងនោះ គឺក្រុងសំរោង ស្រុកបន្ទាយអំពិល ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ទឹកភ្លៀងបានហូរធ្លាក់ពីលើភ្នំ នៅចំណុចក្រោមចំរាក់លោកយាយម៉ៅ ច្រកឡើងលើកំពូលភ្នំ នៃព្រំប្រទល់ច្រកជាំស្រងាំ ស្ថិតនៅក្នុងឃុំត្រពាំងប្រិយ ក្នុងស្រុកអន្លង់វែង។ ប្រភពព័ត៌មានបានឲ្យដឹងថា ផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែន នៅចំណុចអូរស្វាយ ក្នុងស្រុកត្រពាំងប្រាសាទក៏ត្រូវទឹកជន់លិចផងដែរ។
នៅខេត្តរតនគិរីវិញ ស្រុកចំនួនបីអាចប្រឈមនឹងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋរាប់រយគ្រួសារ រហូតដល់វេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកក្កដានេះ ភ្លៀងនៅកំពុងបន្ដធ្លាក់នៅស្ទើរតែទូទាំងខេត្តរតនគិរី ហើយស្រុកចំនួន៣អាចប្រឈមនឹងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។
លោក នូ ថេរ អភិបាលស្រុកលំផាត់ បានអោយដឹងថា ស្រុកលំផាត់ជាស្រុកជាប់មាត់ទន្លេស្រែពក ដែលកំពស់ទឹកកំពុងកើនឡើងរហូតទៅដល់៩,២០ម្រ៉ែត បើធៀបនឹងថ្ងៃម្សិលមិញកំពស់ទឹកមានត្រឹមតែ៨,២០ម៉ែត្រប៉ុណ្ណោះ ហើយកម្រិតនៃការប្រកាសអាសន្នមានចំនួន១២ម៉ែត្រ។
លោកបានបញ្ជាក់ថា កំពស់ទឹកបានឡើងយ៉ាងគំហុកបែបនេះ គឺដោយសារការហូរមកពីប្រទេសវៀតណាម និងទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាបីថ្ងៃមកហើយ។ ចំណែកស្រុកពីរទៀត គឺស្រុកតាវែល និង ស្រុកវ៉ើនសៃ ដែលនៅក្បែរមាត់ទន្លេសេសាន្ដ នៅថ្ងៃទី២៦នេះ កម្ពស់ទឹកទន្លេមានការកើនឡើងរហូតដល់៦,៨០ម៉ែត្រ លើសថ្ងៃម្សិលមិញដែលទឹកមានកំពស់ត្រឹមតែ៥,៧០ម៉ែត្រប៉ុណ្ណោះ ។
ចំណែកកម្រិតនៃការប្រកាសអាសន្នវិញមានពី៨ម៉ែត្រ ទៅ៨,៣០ម៉ែត្រ ។ លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី បានអោយដឹងថា ទឹកភ្លៀងបានជន់លិចដំណាំស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅស្រុកអណ្ដូងមាស ។
លោកបានបញ្ជាក់ថាទៀតថាបើភ្លៀងនៅតែបន្ដរធ្លាក់មិនឈប់ទៀត គឺស្រុកចំនួនបីខាងលើអាចប្រឈមនឹងគ្រោះទឹកជំនន់ទឹកភ្លៀងជន់លិចផ្ទះសំបែង ដំណាំ ស្រែចំការជាមិនខាន។
នៅខេត្តស្ទឹងត្រែងវិញ ទឹកមានការកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សំគាល់។ ប៉ុន្តែនៅមិនទាន់មានការជន់លិចលំនៅឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋនៅឡើយទេ។
លោកឆាយ ម៉េង មន្ត្រីបច្ចេកទេសនៃទំនប់វារីអគ្គិសនីសេសាន្តក្រោម២បានឲ្យដឹងថា ទ្វារទឹកទំនប់ចំនួន៨ត្រូវបានបិទ ហើយនៅសល់ទ្វារចំនួន២ បើកចំហឲ្យទឹកហូរជាធម្មតា។ លោកបានបញ្ជាក់ថា ទឹកបានជន់ឡើងយ៉ាងខ្លាំង គឺក្នុងរយៈពេល១ថ្ងៃ កម្ពស់ទឹកក្នុងអាងឡើងដល់៣ម៉ែត្រ ដែលហួសពីការប៉ាន់ស្មាន គឺតម្រូវការកំណត់ត្រឹមតែ១ម៉ែត្រប៉ុណ្ណោះ ក្នុង១ថ្ងៃ។
លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រមាណ១០០គ្រួសាររស់នៅប៉ែកខាងលើទំនប់ សូមមានការប្រុងប្រយ័ត្នព្រោះបើទ្វារទឹកត្រូវបានបិទ គឺនឹងជន់លិចប៉ែកខាងលើទាំងស្រុងតែម្ដង។
នៅខេត្តកំពតវិញ ទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នា ធ្វើឱ្យទឹកស្ទឹងកែវជន់ឡើងលិចចូលតំបន់ទំនាបមួយចំនួននៅប្របមាត់ស្ទឹង ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់គ្រែង ស្រុកទឹកឈូ ។ ឯកឧត្ដម ច័ន្ទ ចេស្ដា អភិបាលខេត្តកំពតនៅព្រឹកថ្ងៃទី២៦នេះ បានទៅត្រួតពិនិត្យអាងស្ដុកទឹកទំនប់វារីអគ្គិសនីកំចាយ ដែលបានបើកបង្ហូរទឹកធ្វើឲ្យប៉ះពាល់ដល់ស្រែចំការប្រជាពលរដ្ឋនៅផ្នែកខាងក្រោម។
លោកនាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូបានប្រាប់ឱ្យដឹងថាផ្នែកខ្លះនៃឃុំមាក់ប្រាង ឃុំស្ទឹងកែវ និងឃុំព្រៃឃ្មុំ ដែលនៅជាប់ព្រែកកំចាយបានទទួលរងនូវជន់លិច ព្រោះតែទឹកចាល់ឡើង ខ្លាំង បន្ទាប់ពីភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា។ ក្នុងករណីភ្លៀងនៅបន្តធ្លាក់ មានសន្ទុះខ្លាំងថែមទៀត អាចនឹងមានការជន់លិចភូមិឋានដែលនៅជាប់ព្រែកកំចាយតែម្ដង។ លោកអភិបាលស្រុកបញ្ជាក់ថាប៉ុន្តែសម្រាប់ពេលនេះ តាមស្ថានភាពជាក់ស្តែង ទឹកចាប់ផ្តើមស្រកចុះបណ្តើរៗហើយ ស្របនឹងទឹកសមុទ្រចាប់ផ្តើមនាចទៅវិញនោះ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ទឹកភ្លៀងបានធ្លាក់ចូលក្នុងអាងហួសកាលកំណត់ ទើបបុគ្គលិកបច្ចេកទេសទំនប់វារីអគ្គិសនីបើកទ្វារទឹកជាបណ្ដោះអាសន្នសិន។ ប៉ុន្តែការបើកទ្វារទឹកនោះមានលក្ខណៈសន្សឹមៗមិនឲ្យទឹកជន់គំហុកលិចស្រូវស្រែលំនៅឋានប្រជាពលរដ្ឋនៅខាងក្រោមនោះទេ។
នៅខេត្តព្រះសីហនុវិញកាលពីយប់ថ្ងៃទី២៥ ទឹកភ្លៀងបានហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៤-១៥៥ ស្ថិតនៅក្នុងភូមិស្ទឹងឆាយ ស្រុកកំពង់សិលា ធ្វើឲ្យចរាចរត្រូវបានហាមឃាត់។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកទឹកបានហូរស្រកទៅវិញ ទើបរថយន្តធុនតូច អាចធ្វើដំណើរជាធម្មតាឡើងវិញ។
នៅខេត្តកែបវិញ ខ្យល់កន្ត្រាក់បានបោកបក់មកលើលំនៅឋានប្រជាពលរដ្ឋកាលពីល្ងាចថ្ងៃទី ២៥ ខែកក្កដា ដោយវាយបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋចំនួន៥ ខ្នង ស្ថិតនៅក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប។ សេចក្ដីរាយការណ៍បានឲ្យដឹងថា គ្រោះធម្មជាតិនេះមិនបានប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ទេ។ គ្រាន់តែផ្ទះចំនួន៥ខ្នងរងការខូចខាតយ៉ាងដំណំ។
ងាកមកក្រសួងធនធានទឹក និងឧតុនិយមឯណេះវិញ បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២៦នេះ ស្ដីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គថា ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង នឹងឡើងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន នៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។ ក្រសួងធនធានទឹកបានទស្សទាយទៀតថា ទឹកទន្លេមេគង្គ នៅខេត្តក្រចេះ ក៏នឹងឡើងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្នផងដែរ នៅថ្ងៃទី៣០ ខែកក្កដា ហើយទឹកនឹងហូរទៅតាមព្រែក និងតំបន់ទំនាបនានា នៅផ្នែកខាងក្រោម ចាប់ពីថ្ងៃទី២៨ ខែកក្កដានេះតទៅ។ ដូច្នេះសូមអាជ្ញាធរដែនដី ជាពិសេសប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ សូមប្រុងប្រយ័ត្នខ្ពស់ចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

ព័ត៌មានចុងក្រោយមកពីខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ទឹកនៅអាងតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង បានហក់ឡើងលើសកំរិតប្រកាសអាសន្នហើយ និងកំពុងជន់ហូរកាត់ពីលើស្ពាន ដែលមិនអាចឲ្យធ្វើដំណើរឆ្លងកាត់បាន។ គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី២៦ ខែកក្កដា នេះ ទឹកក្នុងអាងមានកំពស់ ៣,៤០ ម៉ែត្រ ដែលកំរិតកំពស់ប្រកាសអាសន្នមានត្រឹមតែ ២,៩០ ម៉ែត្រ ។ គ្រឿងចក្ររបស់ក្រសួងសាធារណការជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅដល់ទីតាំងនោះ ដើម្បីទប់ទឹកកាត់បន្ថយផលប៉ះពាល់ ។ ផ្ទះប្រជាពលរដ្ឋនៅតំបន់នោះ ស្ថិតនៅក្នុងភូមិចំនួន៣ ក្នុង ឃុំផ្អាវរងការប៉ះពាល់មានដូចជា ភូមិព្រះចំបក់ 16ខ្នងផ្ទះ, ភូមិផ្អាវ 13ខ្នង, ភូមិអូរបេង 5ខ្នង, ចំណែកផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំអូរស្វាយវិញ បានរងផលប៉ះពាល់ នៅក្នុងភូមិអូរស្វាយ ចំនួន78ខ្នង, ភូមិទំនប់អភិវឌ្ឍន៍ 70ខ្នង។ ក្នុងនោះដែរទឹកក៏បានជន់លិចផ្លូវក្រាលគ្រួសក្រហមក្នុងចំណុចឃុំអូរស្វាយ និងឃុំផ្អាវប្រវែងជាង2000ម៉ែត្រទៀតផង៕

 

រដ្ឋមន្ដ្រីមហាផ្ទៃបើកកិច្ចប្រជុំស្ដីពីបែបបទនិងនីតិវិធីសម្រាប់ការស្នើសុំទារក ការពពោះជំនួស ដើម្បីយកទៅចិញ្ចឹមនៅក្រៅប្រទេស

 

ភ្នំពេញ៖នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំទារក ការពពោះជំនួស ដើម្បីយកទៅចិញ្ចឹមនៅក្រៅប្រទេស។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ លោកជំទាវ ជូ ប៊ុនអេង បានធ្វើសេចក្តីរាយការណ៍ជូន សម្តេចក្រឡាហោម ជ្រាបថា គណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅកំពុងបន្តការសម្របសម្រួល ពង្រឹងកិច្ចសហការជាមួយដៃគូជាតិ និងអន្តរជាតិ និងប្រមូលផ្តុំកម្លាំងចូលរួមរបស់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព រាជធានី-ខេត្ត ពាក់ព័ន្ធ ដើម្បីបង្កើនកិច្ចខំប្រឹងប្រែងអនុវត្តតាមគោលការណ៍។
មិនតែប៉ុណ្ណោះទៀតសោត គណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំផែនការសកម្មភាពទិសដៅជាតិ ដំណាក់កាលទី២ (២០១៧-២០១៨) និងសហការប្រតិបត្តិថ្នាក់ជាតិ ក្រោមជាតិ និងមន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសគោលដៅ ដើម្បីឱ្យយល់ពីគោលបំណងផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំទារក ការពពោះជំនួស ដើម្បីយកទៅចិញ្ចឹមនៅក្រៅប្រទេស៕រូបភាពពីក្រសួង

 

នគរបាលអន្តោប្រវេសន៍ បញ្ជូនខ្លួនក្រុមជនជាតិចិន ចំនួន៣១នាក់ ទៅកាន់ប្រទេសដើមខ្លួនវិញ

ភ្នំពេញ ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ នគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានធ្វើការបញ្ជូនជនជាតិចិនប្រុសស្រី៣១នាក់ ពាក់ព័ន្ធអំពើជំរិតទារប្រាក់តាមប្រព័ន្ធ Internet ទៅប្រទេសដើមខ្លួនវិញ ក្រោយបង្ក្រាបបានកាលពីពេលថ្មីៗ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

ការបញ្ជូនចេញនេះ ធ្វើឡើងដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងមានការសហការចូលរួមពីសមត្ថកិច្ច នៃប្រទេសចិនផងដែរ ។

លោកឧត្តមសេនីយ៍ឯកអ៊ុក ហៃសីឡា បានបញ្ជាក់ឲ្យដឹងថា ក្រុមចិនទាំង៣១នាក់ ក្នុងនោះស្រី៨នាក់ ត្រូវបានដឹកតាមរថយន្តក្រុង បញ្ជូនពីភ្នំពេញទៅកាន់ខេត្តសៀមរាម និងព្រះសីហនុ រួចត្រូវបញ្ជូនបន្តតាមជើងហោះហើរចេញពីខេត្តទាំង២ទៅកាន់ប្រទេសខ្លួនតែម្តង ។

លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋានត្រូវបានវេបសាយប៉ូលីសបានស្រង់សម្ដីមកផ្សាយថា៖"ក្រុមចិនទាំង៣១នាក់ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិសាស្ត្រខណ្ឌចំនួន៣ក្នុងរាជធានីភ្នំពេញ គឺខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌឬស្សីកែវ" ។

ក្រុមជនទាំងនេះ បានយកប្រទេសកម្ពុជា ជាកន្លែងស្នាក់ប្រាស្រ័យ ហើយបញ្ជារតាមប្រព័ន្ធ internet ចេញពីកម្ពុជាទៅជំរិតពលរដ្ឋចិនដូចគ្នា នៅឯប្រទេសរបស់ខ្លួន ៕

 

អាជ្ញាធរខេត្តក្រចេះបើកកិច្ចប្រជុំត្រៀមជួយពលរដ្ឋករណីទឹកជំនន់ទន្លេមេគង្គ

ក្រចេះ៖ ស្របពេលដែលស្ថានភាពទឹកទន្លេមេគង្គ ស្ថិតក្នុងកំពស់ ១៨,៧៧ម នៅស្ថានីយ៍ជលសាស្ត្រខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៥កក្កដា  បន្ទាប់ពីរសៀលម្សិលមិញមានកំពស់ ១៧,៧០ម និងក្រោយពីមានការហក់ឡើងនៃកំពស់ទឹកជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេៈ តាមបណ្តាស្រុក៤និងក្រុង១ របស់ខេត្តដែលស្ថិតនៅតាមដងទន្លេ  គឺនៅមិនទាន់រងការប៉ះពាល់ដល់ ហេដ្ឋារចនាសម្ពន្ធ័  ផ្លូវ ប្រពន្ធ័ធារាសាស្ត្រ លំនៅដ្ឋាន វត្ត សាលារៀន មន្ទីរពេទ្យជាដើម  និងដំណាំកសិកម្ម  សត្វពាហនៈ  ក៏មិនទាន់ទទួលរងការប៉ះពាល់ និងការខូចខាតនៅឡើយនោះទេ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីអាជ្ញាធរ ក្រុង ស្រុក នៅព្រឹកថ្ងៃនេះ ។ ប៉ុន្តគ្រាន់តែភ្លៀងរលឹម គ្រប់កន្លែង។  ទន្ទឹមនិងស្ថានភាពនេះ អាជ្ញាធរខេត្ត និងរៀបចំកិច្ចប្រជុំនៅព្រឹកស្អែកនេះ ដើម្បីត្រៀមលក្ខណៈ និងចាត់វិធានការការពារនិងជួយអន្តរាគមន៍ ក្នុងពេលមានគ្រោះទឹកជំនន់នៅពេលខាងមុខនេះ ។ គួបញ្ជាក់ថា សំរាប់ខេត្តក្រចេះកំពស់ទឹកមានកំរិតដល់២២ម៉ែត្រ ទើបអាជ្ញាធរនឹងធ្វើការប្រកាសអាសន្ន៕

ក្រុមហ៊ុនជប៉ុនគ្រោងវិនិយោគលើខ្សែកាប ឬទោងទេសចរណ៍ នៅរមណីយដ្ឋាន​ធម្មជាតិភ្នំ​គូលេន

ភ្នំពេញ៖ក្រុមហ៊ុនជប៉ុនមានគ្រោងវិនិយោគលើខ្សែកាប ឬទោងទេសចរណ៍ នៅរមណីយដ្ឋាន​ធម្មជាតិភ្នំ​គូលេនដើម្បីទាក់ទាញទេសចរណ៍។

នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្ត​សៀម​រាបកាលពីថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១៧ លោក តាកេសស៊ី កាវ៉ាម៉ូតូ ប្រធានផ្នែករដ្ឋ​បាល​ក្រុមហ៊ុន ប៊ូគេន បានថ្លែងថា ក្រុមហ៊ុនរបស់លោកមានគ្រោងវិនិយោគលើខ្សែកាប ឬទោង​ទេស​ចរណ៍នៅ​រមណីយដ្ឋានធម្មជាតិភ្នំគូលេន ដែលគម្រោងនេះ និងផ្តល់ការងារជាច្រើន​ដល់ប្រជា​ពលរដ្ឋដោយ​ផ្សាភ្ជាប់ទៅនឹងរុក្ខជាតិ និងបរិស្ថាន ។

លោកបន្តថា គម្រោងនេះ មានសារៈប្រ​យោជ​ន៍រួមមាន ការ​ទាក់​ទាញភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្តឲ្យបានច្រើន បង្កើតកន្លែងទេសច​រណ៍​ធម្មជាតិបាន​ច្រើន ផ្តល់ការងារដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងជួយធ្វើឲ្យភ្ញៀវទេ​សចរស្នាក់​នៅកម្ពុជាបានយូ។លោកបន្តថា គោលដៅរបស់ក្រុមហ៊ុន និងរៀបចំ តំបន់ភ្នំគូលេននេះ ឲ្យទៅជាតំបន់មួយ ដែលប្រ​ជាពលរដ្ឋមានចំណាប់អារម្មណ៍ ក្នុងការដើរកម្សាន្ត និង មកដោះជំរុំ ស្នាក់នៅ និង ធ្វើឲ្យភ្នំគូលេន​ក្លាយ​ទៅជាប្រព័ន្ធដែនទេសចរណ៍ធម្មជាតិកាន់តែអស្ចារ្យ។

ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា វិស័យសេដ្ឋកិច្ច​របស់ខេត្ត​សៀមរាប គឺពឹងផ្អែកលើវិស័យទេសចរណ៍ និងកសិកម្ម ដោយមានប្រជាពលរដ្ឋប្រមាណ ៨០%ជា​ប្រជាកសិករ។ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការស្វាគមន៍ និងគំាទ្រ ចំពោះគម្រោងរបស់ក្រុមហ៊ុន ប៊ូគេន ប្រទេសជប៉ុន ដែលមានគម្រោង វិនិយោគ សម្រាប់វិស័យទេសចរណ៍នៅខេត្តសៀមរាប នៅរមណីយដ្ឋានភ្នំគូលេន ក្នុងការទាក់ទាញដល់ភ្ញៀវស្នាក់នៅបានយូថ្ងៃទៀតផង ។

ឯកឧត្តមបានជម្រាប់ដល់ក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់លើការសិក្សាឲ្យ ហ្មត់ចត់នឹងស៊ីជម្រៅ ទៅ​លើផលប៉ះពាល់បរិស្ថាន និងការងារទេសចរណ៍ រួមទាំងកសិកម្មមុននឹងកិច្ចដំណើរការ វិនិយោគ លើ​ខ្សែកាប ឬទោងទេសចរណ៍ ។

ម៉្យាងទៀតក្រុមហ៊ុន ក៏ត្រូវធ្វើការទំនាក់ទំនង ជាមួយក្រសួង បរិស្ថាន ទេសចរណ៍ និងកសិកម្ម ដើមី្បទទួលបានការអនុញ្ញាតច្បាប់ ក្នុងការធ្វើអាជីវ​កម្មទោង​ទេសច​រណ៍ នៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលេននេះ៕

 

 

ក្រសួងការបរទេសបដិសេធការផ្សាយព័ត៌មានថា ពលករខ្មែរ៦០០នាក់ធ្វើការក្នុងកសិដ្ឋានចិញ្ចឹមមាន់ប្រទេសថៃ រងការគាបសង្កត់

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា តាម អ្នកនាំពាក្យនៅថ្ងៃនេះបានចេញសេចក្ដីប្រកាសបដិសេធការផ្សាយព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុកថា ពលករខ្មែរ៦០០នាក់ធ្វើការក្នុងកសិដ្ឋានចិញ្ចឹមមាន់ប្រទេសថៃ រងការគាបសង្កត់។
លោក ជុំ សុន្ទរី អ្នកនាំពាក្យបានលើកឡើងថា៖បន្ទាប់ពីមានការផ្សាយព័ត៌មានក្នុងបណ្តាញ Facebook អំពីករណីពលករខ្មែរចំនួន៦០០នាក់ ធ្វើការនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ ក្នុងខេត្តណាខនណាយុគ ប្រទេសថៃ ត្រូវថៅកែថៃគាបសង្កត់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានទាក់ទងជាមួយមន្ទីរការងារខេត្តណាខនណាយុគ ហើយនៅរសៀលថ្ងៃ ២០ កក្កដា ២០១៧ ក្រុមការងារស្ថានទូតបានធ្វើដំណើរទៅដល់កសិដ្ឋាន ហើយទទួលបានពត៌មានដូចខាងក្រោម៖

ថៅកែថៃម្ចាស់កសិដ្ឋាន“ហ្វាមជុងចារើន” (Farm Jong Charoen) មានកសិដ្ឋានចំនួន ៣កន្លែង នៅក្នុងខេត្តណាខនណាយុគ ប្រទេសថៃ ដែលមានពលករខ្មែរធ្វើការប្រមាណជិត១០០០នាក់។ ប៉ុន្តែក្រោយការចេញច្បាប់អំពីពលករបរទេសមិនស្របច្បាប់ ពលករខ្មែរមួយចំនួនបានលាឈប់ ដោយភ័យខ្លាចការឃាត់ខ្លួននិងផាកពិន័យ ហើយបច្ចុប្បន្នមានពលករខ្មែរនៅ​សល់​ប្រមាណ៤០០នាក់ ក្នុងនោះប្រមាណ៤០ភាគរយ ជាពលករមិនស្របច្បាប់។

ក្រុមការងារស្ថានទូតបានពន្យល់ថៅកែថៃ និងពលករអំពីនីតិវិធី និងការចុះបញ្ជីពលករពុំស្របច្បាប់នៅមន្ទីរការងារខេត្ត ពីថ្ងៃ ២៤ កក្កដា ដល់ថ្ងៃ ៧ សីហា ២០១៧ ខាងមុខ។ ថៅកែថៃបានយល់ច្បាស់ពីវិធានការថ្មីរបស់ក្រសួងការងារថៃ ហើយសន្យាថានឹងទៅចុះឈ្មោះពលករកម្ពុជា តាមទីកន្លែងនិងកាលបរិច្ឆេទខាងលើ បន្ទាប់ពីនោះ ពលករនឹងបន្តរង់ចាំក្រុមការងារផ្តល់ភាពស្របច្បាប់កម្ពុជា ចុះទៅធ្វើលិខិតធ្វើដំណើរជូន នាពេលខាងមុខ ក្នុងលិខិតធ្វើដំណើរមួយថ្លៃ ២៣៥០បាត (៧៥ ដុល្លារ) ដើម្បីអាចទទួលបានទិដ្ឋាការស្នាក់នៅ និងប័ណ្ណការងារស្របច្បាប់ នៅក្នុងមជ្ឈមណ្ឌលចេញចូលតែមួយរបស់ក្រសួងការងារថៃ។

តាមព័ត៌មានទទួលបានពីពលករ ថៅកែពុំបានជិះជាន់ ឬគាបសង្កត់កំលាំងពលកម្មទេ។ ពលករ ទទួលបានប្រាក់ខែចន្លោះ​ពី១៨០-៣២០ដុល្លារ។ ថៅកែបានផ្តល់ប្រាក់ខែ កន្លែងស្នាក់នៅ និងហូបចុក ដោយពុំគិតថ្លៃដល់ពលករទៀតផង។ ចំពោះសមាជិកគ្រួសារក្នុងបន្ទុករបស់ពលករ កសិដ្ឋានអនុញ្ញាតអោយស្នាក់អាស្រ័យនិងហូបចុកជាមួយ ដោយកាត់ប្រាក់ខែ ៥០០​បាត សំរាប់ប្តី/ប្រពន្ធរបស់ពលករ និង ២០០បាត សំរាប់កុមារ៕

 

លោក ហេង រតនាប្រកាសសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមន្រ្តីស៊ីម៉ាក់ជួញដូរអាវុធទៅថៃ

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីន កម្ពុជា(ស៊ីម៉ាក់) នៅថ្ងៃទី២៤ ខែ កក្កដានេះបានប្រកាសសហការជាមួយកំលាំងមានសមត្ថកិច្ចស៊ើបអង្កេតករណីទាំងឡាយពាក់ព័ន្ធនឹងជនសង្ស័យជួញដូរអាវុធខុសច្បាប់ឆ្លងដែនទៅថៃដែលមានឈ្មោះ អប់ វីរៈ និងមានឈ្មោះពិតនៅអង្គភាពស៊ីម៉ាក់ថា អប់ ឡេងជឺ (AP Lengchoeu) ជាសមាជិកក្រុមបោសសំអាតចំការគ្រាប់នៅទិសខេត្តកំពង់ចាម។

តាមបណ្ដាញសង្គមហ្វេសបុកលោក ហេង រតនាបានសរសេរថា៖នៅប៉ុន្មានថ្ងៃនេះ មានពត៌មានមួយចំនួនកំពុងចាប់អារម្មណ៍ចំពោះបុគ្គលឈ្មោះ អប់ វីរះ ឈ្មោះរាយការណ៍ជូនសមត្ថកិច្ច ហើយថាជាបុគ្គលិកអង្គភាពសុីម៉ាក់ចំពោះករណីពាក់ពន្ធ័នឹងការជួញដូរអាវុធឆ្លងដែនទៅប្រទេសថៃ។ សូមបញ្ជាក់ជូនថា ឈ្មោះ អប់ វីៈ នេះមានឈ្មោះពិតនៅអង្គភាពសុីម៉ាក់ថា អប់ ឡេងជឺ (AP Lengchoeu) ជាសមាជិកក្រុមបោសសំអាតចំការគ្រាប់នៅទិសខេត្តកំពង់ចាម។
ឡេងជឺ បានសុំច្បាប់ឈប់សំរាកពីការងារជាច្រើនលើក ដោយសំអាងថា ឱពុកម្តាយឈឺហើយថ្ងៃកើតហេតុស្ថិតក្នុងរយះពេលឈប់សំរាកដែរ។ ក្នុងក្រុមចល័តនេះមានចំនួន៥នាក់ ក្នុងនោះមានមេក្រុមម្នាក់ អនុប្រធានក្រុមម្នាក់ និងសមាជិក៣នាក់។
ក្នុងនាមជាសមាជិកក្រុម អប់ ឡេងជឺ គ្មានសិទិ្ធសំរេចចិត្តណាមួយក្នុងការទទួលឬរក្សាទុកអាវុធឬគ្រាប់ឡើយ សូម្បីក្នុងការរុករកនិងកំទេចចោលគ្រាប់យុទ្ធភណ្ឌ័គ្រប់ប្រភេទក៏ដោយគឺស្ថិតក្រោមកាគ្រប់គ្រងនិងទទួលខុសត្រូវរបស់ប្រធានក្រុម និងប្រធានប្រតិបតិ្តការ ព្រមទាំងមន្ត្រីត្រួតពិនិត្យនៃអង្គភាពសុីម៉ាក់នៅទិសខេត្តកំពង់ចាម។ រាល់កិច្ចប្រតិបតិ្តការរបស់សុីម៉ាក់ មានកំណត់ត្រា ការត្រួតពិនិត្យគុណភាពច្បាស់លាស់ប្រចាំថ្ងៃ អំពីលទ្ធផលប្រតិបតិ្តការនៃក្រុមនិមួយៗ។
សូមទាញអារម្មណ៍ថា ភាគច្រើនបំផុតនៃគ្រាប់និងអាវុធរុករកឃើញមានសភាពចាស់ៗទ្រុឌទ្រោម ដោយសារបោះបង់ចោលឬកប់ក្នុងដី ។

ករណីមានការប្រគល់ជូនដោយប្រជាពលរដ្ឋឬសមត្ថកិច្ចនានា តែងតែមានការចូលរួមពីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានប្រគល់-ទទួលជាក្រុម។អង្គភាពស៊ីម៉ាក់សហការយ៉ាងជិតសិ្នទ្ធជាមួយកំលាំងមានសមត្ថកិច្ច ក្នុងការសើុបអង្កេតករណីទាំងឡាយពាក់ពន្ធ័នឹងជនសង្សយ័នេះ។
គួររំលឹកថាជនសង្ស័យ៣នាក់កម្លាំងនគរបាលចាប់ខ្លួនករណីជួញដូរអាវុធធុនធ្ងន់៣ដើមអោយថៃត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២៤ខែកក្តដាឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងនគបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យដែលត្រូវចាប់ខ្លួនករណីជួញដូរអាវុធ៣នាក់មាន១.ឈ្មោះ អម វីរះ ហៅឡេង ភេទប្រុសអាយុ៤៨ឆ្នាំ(ជាបុគ្គលឹកស៊ីម៉ាក់អ្នកលក់អាវុធ)រស់នៅភូមិអញ្ចាញសង្កាត់អូរចារក្រុង.ខេត្តបាត់ដំបង ២.ឈ្មោះ ជឹម លីម ភេទប្រុសអាយុ៣៦ឆ្នាំ(អ្នកទិញលក់បន្តអោយថៃ)រស់នៅភូមិឈើទាលឃុំសេរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបង ៣.ឈ្មោះ យឹម សាវី ភេទប្រុសអាយុ៣៨ឆ្នាំ(អ្នកជួយជញ្ជូនឆ្លងដែន)រស់នៅភូមិភ្នំប្រាំពីរឃុំបួរស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
លោកបានបញ្ជាក់ថា៖ជនសង្ស័យ៣នាក់នេះត្រូវបានឃាត់ខ្លួនករណីជួញដូរអាវុធត្រូវតម្រួតចាប់បាន៥នាក់និងរឹបអូសបានមានអាវុធធុនធ្ងន់៣ដើមមានកាំភ្លើងផ្លោងធុនDK82មីលីម៉ែត្រចំនួន២ដើម កាំភ្លើងផ្លោងធុនDK81មីលីម៉ែត្រចំនួន១ដើមគ្រាប់DK82មីលីម៉ែត្រចំនួន៣គ្រាប់ឧបករណ៍បង្កៃគ្រាប់បែកចំនួន៣ឈុតរថយន្ត៣គ្រឿងទូរស័ព្ទចំនួន៦គ្រឿង។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយពេលដែលតម្រួតថៃចាប់ខ្លួនជនជាតិចំនួន៥នាក់និងវត្ថុតាងអាវុធធុនធ្ងន់៣ដើម កាលពីថ្ងៃទី១៨ខែកក្តដាឆ្នាំ២០១៧នៅចំណុចស្ថានីយ៍ប្រេងឥន្ទនះPTTតាមបណ្តោយផ្លូវលេខ៣៥៩ក្នុងភូមិប្រាំពីរឃុំស្រាក់ខ្វាន់ស្រុក.ខេត្តស្រះកែវ។
លោកបានបញ្ជាក់ថា៖ជនជាតិថៃទិញអាវុធពីឈ្មួញកម្ពុជានាំចេញច្រករបៀងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យកម្លាំងនគរបាលស្រាវជ្រាវកំណត់មុខសញ្ញាហើយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបងបានឃាត់ជាបន្តបន្ទាប់បានចំនួន៣នាក់តាំងពីថ្ងៃទី២១ដល់២៣ខែកក្តដាឆ្នាំ២០១៧នៅភូមិសាស្គ្រខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបន្តថា៖ក្រោយពេលឃាត់ខ្លួនជនសង្ស័យ៣នាក់ដោយយោងតាមចម្លើយបានសារភាពកម្លាំងនគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕

 

អាជ្ញាធរខេត្តកែបពង្រឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនិងរៀបចំសោភ័ណភាពក្រុងឡើងវិញមុនបុណ្យសមុទ្រ

ក្រុងកែបៈ ខណៈពេលដែលពិធីបុណ្យសមុទ្រធ្វើឡើងនៅខេត្តកែបជិតឈានចូលមកដល់ អាជ្ញាធរខេត្ត នេះបាន និងកំពុងមមាញឹកបំផុតលើការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងសោភ័ណភាពដើម្បីទទួល ស្វាគមន៍ភ្ញៀវក្នុងភាពអធិក​អ​ធមឱ្យស័ក្តិសមនឹងឈ្មោះក្រុងទេសចរណ៍ធ្លាប់ល្បីល្បាញជាយូរមកហើយ។

លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែបបានមានប្រសាសន៍ថា ក្រោមកិច្ចរៀបចំរបស់ក្រសួង ទេសចរណ៍ ឆ្នាំនេះខេត្តកែបនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ជុំទីពីរនៃពិធីបុណ្យសមុទ្រដែលនឹងឈានមកដល់ នាពេលដ៏ខ្លីខាងមុខ។ ដូច្នេះ ការគិតគូរពីសណ្តាប់ធ្នាប់ របៀបរៀបរយ ពិសេសសោភ័ណភាពដើម្បីទទួល ស្វាគមន៍ភ្ញៀវឱ្យបានកក់ក្តៅ ស័ក្តិសមជាខេត្តធ្លាប់មានឈ្មោះល្បីផ្នែកវិស័យទេសចរណ៍ជារឿងសំខាន់បំ ផុត។ ផ្អែកតាមអត្ថន័យនេះហើយ ទើបជាញឹកញយ ឯកឧត្តមកែន សត្ថា អភិបាលខេត្តកែបតែងគិតគូរជា ចម្បងនូវបញ្ហាទាំងនោះ។

ជាក់ស្តែង ថ្មីៗនេះ បន្ទាប់ពីនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្សដាំផ្កា កូនឈើ តាមផ្លូវនានាក្នុងក្រុង ឯកឧត្តមក៏បានបំផុសឱ្យដាំដើមត្នោតជារុក្ខជាតិកេរដំ ណែលខ្មែរនៅអមសងខាងផ្លូវជាតិលេខ៣៣អាដើម្បីបង្កើនសោភ័ណភាព និងលម្អបរិស្ថានក្រុងទៀតផង។

លោកអភិបាលរងខេត្តបានបន្តថា ផ្លូវជាតិលេខ៣៣អា ជាផ្លូវដ៏សំខាន់សម្រាប់ទទួលភ្ញៀវចូលមកកម្សាន្តឆ្នេរកែប។

ដូច្នេះហើយទើបជាមួយនឹងការស្ថាបនាពង្រីកឱ្យធំទូលាយលើចម្ងាយផ្លូវជិតប្រាំបីគីឡូម៉ែត្រពី រង្វង់មូលសេះសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី អាជ្ញាធរក៏កំពុងសស្រោកសស្រាំដាក់បង្គោលដងគោមប្រើភ្លើងដោយពន្លឺព្រះអាទិត្យដ៏ល្អៗប្រណីនោះ។

លោក សោម ពិសិដ្ឋ បាបញ្ជាក់ថា ក្រៅពីផ្លូវ ភ្លើង សោភ័ណភាព និងការគិតគូរពីសណ្តាប់ធ្នាប់ របៀបរៀបរយ នៅមានសមិទ្ធផលជាច្រើន ទៀតដែលអាជ្ញាធរខេត្តនឹងជំរុញធ្វើឱ្យរួចរាល់ដើម្បីបានប្រើប្រាស់ក្នុងពិធីបុណ្យសមុទ្រ។

ក្នុងនោះរួមមាន រៀបចំបណ្តាញអគ្គិសនីតាមទីសាធារណៈឡើងវិញបន្ទាប់ពីរងការខូចខាតដោយព្យុះភ្លៀង ការណែនាំប្រ ជាពលរដ្ឋនៅអមសងខាងផ្លូវសំខាន់ៗឱ្យតុបតែងផ្ទះសម្បែង ការដាំបន្ថែមប្រភេទឈើផ្កាលម្អបរិស្ថានជា ដើម។ ពិសេសជាងនេះ គឺការស្ថាបនាបន្ទប់អនាម័យសាធារណៈខ្នាតស្តង់ដារពីរបន្ថែមទៀតលើមួយកន្លែង ដែលកំពុងមានប្រើប្រាស់ស្រាប់នៅចំណុចផ្សារក្តាមសព្វថ្ងៃ។
ពាក់ព័ន្ធនឹងការស្ថាបនា ពង្រីកផ្លូវជាតិលេខ៣៣អា លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកែបបានរៀបរាប់ថា កំណាត់ផ្លូវជាតិលេខ៣៣អាដែលបាន និងកំពុងស្ថាបនា ពង្រីកទទឹង ប្រវែង៣៣ម៉ែត្រលើចម្ងាយជិតប្រាំបីគីឡូម៉ែត្រនេះ ការចាក់គ្រឹះ ព្រមទាំងក្រាលកៅស៊ូធម្មតាអាចសម្រេច មុនដំណាច់ឆ្នាំ២០១៧។

ប៉ុន្តែការការចាក់ក្រាលកៅស៊ូប្រភេទបេទីមីណឺដែលនៅខ្វះចន្លោះបន្តិចបន្តួចនោះ នឹងបង្ហើយនៅឆ្នាំ២០១៨ ព្រោះគម្រោងសម្រាប់ឆ្នាំនេះបានបញ្ចប់ដោយមិនមានសេសសល់ទៀតឡើយ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ទោះបីយ៉ាងណា នាអំឡុងពេលនៃពិធីបុណ្យសមុទ្រ ការធ្វើដំណើររបស់ ភ្ញៀវទេសចរត្រង់កំណាត់ផ្លូវនេះនឹងមិនរាំងស្ទះ ឬមានឧបសគ្គអ្វីទេ ពោលគឺផ្លូវជាប្រភេទកៅស៊ូធម្មតាក្នុង រយៈចម្ងាយខ្លីប៉ុណ្ណោះ ក្រៅពីនោះជាប្រភេទបេទីមីណឺដ៏ល្អស្អាត៕

 

មន្ដ្រីប្រកាសតាមដានចំពោះការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែល​ធ្វើឲ្យវឹកវរដល់សង្គម

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានលើកឡើងថា សមត្ថកិច្ចនឹងបង្កើនការតាមដាន​ចំ​ពោះ​​​​​​​ការ​​ប្រើប្រាស់​​បណ្តាញ​ទំនាក់ទំនងសង្គមហ្វេសប៊ុកណាដែលមានចេតនាទុច្ចរិតក្នុង​ការប្រហារ​រិះគន់, គំរាមកំហែង ដែលមានចេតនា​បង្ក​ឲ្យ​មានអសន្តិសុខនៅក្នុងសង្គម។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមប្រចាំឆមាសទី១ នៅព្រឹកថ្ងៃទី២៤ កក្កដានេះ នាអគ្គស្នងការនគរបាលជាតិ ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ គៀ​ត ច័​ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា អគ្គស្នងការនគរបាល​ជាតិ​នឹង​បង្កើ​ន​សមត្ថភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិជ្ជា ដើម្បីចាត់ចែងធ្វើការងារតាម​ដាន​ការ​ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនេះដែលបង្ហោះព័ត៌​មានដែលមិនពិត​នឹងមានលក្ខណៈ​បង្កលក្ខណៈ​ចលា​ចល​នៅក្នុងសង្គម។

ការប្រកាសបង្កើនការតាមដានការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អគ្គស្នងការនគរបាលជាតិនេះ ត្រូវបានគេឃើញថាធ្វើឡើងបន្ទាប់ពីកាលពីពេលថ្មីៗនេះ មាន​ជនមួយចំនួនបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមួយនេះធ្វើការជេរប្រមាថថ្នាក់ដឹកនាំ, ការគំរាមសម្លាប់ និងការចែករំលែកព័ត៌មានក្លាយក្លែងខុសពីការពិតដែលបំពុលសង្គម តួយ៉ាងផ្សាយថា មានយន្តហោះធ្លាក់នៅសៀមរាប ជាដើម។

តែទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តម​ អគ្គស្នងការ​រងនគរ​បាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចមិនបានធ្វើការហាមឃាត់ចំពោះអ្នកប្រើ​ប្រាស់​បណ្តាញ​ទំនាក់ទំនងសង្គមហ្វេសប៊ុកដែលធ្វើការរិះគន់ក្នុងន័យស្ថាបនានោះដែរ។

 

ជុំវិញបញ្ហានេះដែរ លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ស៊ើបអង្កេតរបស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ បានប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅរសៀល​ថ្ងៃទី​២៤ កក្កដានេះ​ បានលើកឡើងថា​ ការ​បង្កើន​ការតាមដានការប្រើប្រាស់បណ្តាញ​ទំនាក់ទំនង​​សង្គមហ្វេសប៊ុកនេះជ្រុលពេក គឺបែរជា​ធ្វើឲ្យ​ប៉ះ​ពាល់​ ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ជាមិនខាន។

ទន្ទឹមគ្នានេះ លោក បានលើកអំពីការបារម្ភមួយទៀតដែលបានកើតឡើងក្នុង​ករណីមានអ្នកចូលលួចទៅក្នុងគណនេយ្យហ្វេសប៊ុកអ្នកដទៃ ហើយបង្ហោះសារបង្កើតជាបញ្ហាផ្សេងៗជាដើម៕ 

 

អង្គការសុខភាពពិភពលោកស្នើឲ្យប្រព័ន្ធព័ត៌មានបន្តជួយផ្សព្វផ្សាយស្តីពីជំងឺផ្តាសាយបក្សីជួនដល់សាធារជន

ភ្នំពេញ៖តំណាងអង្គការសុខភាពពិភពលោកបានឲ្យស្នើប្រព័ន្ធព័ត៌មានបន្តជួយផ្សព្វផ្សាយស្តីពីជំងឺផ្តាសាយបក្សីជួនដល់សាធារជនដើម្បីទប់ស្កាត់កុំឲ្យឆ្លងជំងឺនេះបន្តទៀត ខណៈជំងឺនេះនៅតែប្រឈមចំពោះសុខភាពសាធារណនៅប្រទេស កម្ពុជា នៅឡើយ។
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី២៤កក្ដដានៅខាងក្រៅសិក្ខាសាលាផ្សព្វផ្សាយស្តីពីជំងឺផ្តាសាយបក្សីនិងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ានៅមន្ទីរពេទ្យកុមារជាតិ លោកស្រីវេជ្ជបណ្ឌិត វី គី តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថាការស្នើសុំឲ្យប្រព័ន្ធព័ត៌មានជួយផ្សព្វផ្សាយនេះដោយសារតែប្រព័ន្ធផ្សព្វផ្សាយបានផ្សាយបានទូលំទូលាយនិងគ្រប់ទីកន្លែងស្តីពីវិធានការការពារជំងឺផ្តាយបក្សីដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងដើម្បីទប់ស្កាត់ការពារកុំឲ្យឆ្លងជំងឺនេះ។
លោកស្រីបានពន្យល់ថាជំងឺផ្តាសាយបក្សីនេះឆ្លងពីសត្វបក្សីមួយទៅបក្សីមួយទៀត ហើយអាចឆ្លងទៅមនុស្សបានតាមរយៈការប៉ះពាល់ទៅលើសត្វបក្សីដែលមានជំងឺហើយអត្រាស្លាប់រហូតដល់៦០ភាគរយ។ប៉ុន្តែការចំលងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតវិញគឺមិនងាយឆ្លងនោះទេ។
លោកស្រីបានណែនាំឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយផ្សាយដល់ប្រជាពលរដ្ឋឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ជាប់ជាប្រចាំចំពោះជំងឺផ្តាសាយបក្សីព្រោះថាវីរុសផ្តាសាយបក្សីH5N1នេះកំពុងធ្វើចរាចរណ៍នៅលើសត្វបក្សីរាល់ថ្ងៃហើយមិនដឹងថាឆ្លងនៅពេលណានោះទេ។
ចំណែកលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាស​ន៍ថា​៖"បច្ចុប្បន្ននេះប្រព័ន្ធព័ត៌មានបានចូលរួមផ្សព្វផ្សាយស្តីពីសុខភាពប្រមាណតែ៣០ភាគរយទេ ។លោកស្នើឲ្យប្រព័ន្ធព័ត៌មានបង្កើនផ្សព្វផ្សាយបន្ថែមទៀតដើម្បីផ្តល់ព័ត៌មានជួនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវនិងចូលរួមទប់ស្កាត់និងការពារកុំឲ្យមានឆ្លងជំងឺផ្សេងៗពិសេសជំងឺផ្តាសាយបក្សី"។
លោកវេជ្ជបណ្ឌិតបានស្នើឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទូរស័ព្ទមកលេខ១១៥ពីគ្រប់ប្រព័ន្ធដោយមិនគិតថ្លៃទេក្នុងករណីឃើញអ្វីដែលខុសពីធម្មតានៅតាមភូមិដូចជាមាន់ទាគោជ្រូក ងាប់ឬមនុស្សស្លាប់ដោយខុសពីធម្មតាដើម្បីឲ្យមន្ត្រីចុះវាយតំលៃនិងចាត់វិធានការទប់ស្កាត់បានទាន់ពេលវេលា។
គួរបញ្ជាក់ថាចាប់ពីឆ្នាំ២០០៥រហូតមកដល់ឆ្នាំ២០១៧នេះប្រទេសកម្ពុជាមានឆ្លងជំងឺផ្តាសាយបក្សីចំនួន៥៦ករណីក្នុងនោះមាន៣៧នាក់បានស្លាប់បាត់បង់ជីវិត៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2