vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សិល្បៈកម្សាន្ត

លោកចន្ទសារុនណែនាំកសិករកុំឱ្យមើលរំលងការងារតូចតាចដើម្បីបង្កើនប្រាក់ចំណូល

ខេត្តកំពតៈ មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានណែនាំកសិករជាអ្នកផលិតកញ្ឆេឫស្សីគួរកុំខ្ជាយខ្ជាយរបស់មានប្រយោជន៍ និងមើលរំលងការងារតូចតាចដែលអាចបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារបាន។
ខណៈពេលចុះពិនិត្យមើលសកម្មភាពផលិតកញ្ឆេរបស់កសិករក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមទេសដ្ឋមន្ត្រី ច័ន្ទ សារុន អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានមានប្រសាសន៍ថា តាមការមើលឃើញជាក់ស្តែង បងប្អូនមានភាពខ្ជះខ្ជាយ និងមើលរំលងការងារតូចតាច ដោយភ្លេចអំពីរបស់ទាំងនោះដែលនឹងនាំមកនូវប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ។

ឯកឧត្តមបញ្ជាក់ថា ផ្នែកខ្លះនៃឫស្សីដែលបានបិតចោលដោយ យកតែមួយផ្នែកមកធ្វើកញ្ឆេនោះវាអាចមានប្រយោជន៍សម្រាប់ផលិតជាឧបករណ៍ផ្សេងៗ ហើយពេញនិយមសម្រាប់អ្នកទីក្រុង ឬភោជនីយដ្ឋាន សណ្ឋាគារធំៗ។

ឯកឧត្តមបានពន្យល់ថា ដើម្បីបានប្រាក់ចំ ណូលបន្ថែម បងប្អូនត្រូវទុកចំណែកឫស្សីដែលធ្លាប់បោះចោលមកសម្រិតសម្រាំងផលិតជាល្អី កញ្ច្រែង និងប្រដាប់ប្រដាសម្រាប់ដាក់របស់របរផ្សេងៗ ហើយការងារនោះមិនសូវចំណាយពេលវេលាទៀតផង។ ជាមួយនឹងការពន្យល់ណែនាំនេះដែរ។

ឯកឧត្តម ច័ន្ទ សារុន បានយកកញ្រ្ចែង ល្អ និងរបស់របរមួយចំនួនទៀតប្រគល់ដល់តំណាងអ្នកធ្វើកញ្ឆេដើម្បីទុកជាគំរូក្នុងការអនុវត្តសម្រាប់បង្កើនបន្ថែមនូវផលិតក្នុងគ្រួ សារ។ ឆ្លើយតបនូវការព្រួយបារម្ភរបស់ប្រជាកសិករអំពីទីផ្សារផលិតផល ឯកឧត្តមទេសរដ្ឋមន្ត្រីបានអះអាងថា នៅពេលបងប្អូនផលិតបានគ្រប់មុខ និងមានបរិមាណច្រើន ឯកឧត្តមធានាថានឹងមានអ្នក ប្រមូលទិញ ព្រមទាំងមានអ្នកជំនាញរង់ចាំរកទីផ្សារជូនដោយមិនឱ្យរាំងស្ទះ ឬត្រូវកប់ដើមទុនឡើយ។
អ្នកស្រី កៅ សីហា អាយុ ៤៩ឆ្នាំជាអ្នកធ្វើ និងប្រមូលទិញកញ្ឆេមានទីលំនៅភូមិអូរតូច សង្កាត់ អណ្តូងខ្មែរ ក្រុងកំពតបានរៀបរាប់ថា តាំងពីយូរយារមកហើយនោះ សម្រាប់ឫស្សីមួយដើម អ្នកភូមិបាន ផ្តោតជាសំខាន់តែការបិតយកផ្នែកខាងក្រៅមកត្បាញធ្វើកញ្ឆេមួយមុខប៉ុណ្ណោះ។ ក្រៅពីនោះគឺយកបោះ ចោលមិនប្រើប្រាស់អ្វីទេ។ ដូច្នេះ បន្ទាប់ពីបានការណែនាំ អ្នកស្រី ក៏ដូចជាអ្នកភូមិទាំងអស់នឹងខិតខំរៀន ពីរបៀបត្បាញល្អី កញ្រ្ចែង ឬរបស់របរផ្សេងៗទៀតតាមគំរូដូចដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានប្រគល់ឱ្យ ហើយសង្ឃឹមថាមិនពិបាកធ្វើដូចកញ្ឆេទេ។

លើសពីនេះទៀត ក៏មិនចាំបាច់យកតែផ្នែកដែលធ្លាប់បោះចោលមកធ្វើនោះទេ គឺមួយចំណែកនៃដើមឫស្សីដែលកាប់បាន ឬប្រមូលទិញពីគេបង្វែជាការពុះច្រៀកសម្រាប់ធ្វើរបស់របរទាំងនេះវិញ។
សូមបញ្ជាក់ថា កសិករក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត រាប់សិបគ្រួសារប្រកបរបរធ្វើ កញ្ឆេលក់ បន្ទាប់ពីកិច្ចការស្រែចម្ការ។ ជាមួយមុខរបរនេះ អ្នកផលិតបានអះអាងថាទោះបីប្រាក់ចំណូល តិចតួចស្តួចស្តើងតែពួកគាត់នឹងមិនបោះបង់ចោលឡើយ ព្រោះអាចបញ្ចៀសបានមួយផ្នែកពីការធ្វើចំណាកស្រុក និងមានសេរីភាពគ្រប់គ្រាន់ ពោលគឺពុំមានគំនាបទាំងផ្លូវចិត្តទាំងពេលវេលា។

ម្យ៉ាងទៀត មិនចង់ឱ្យចំណេះជំនាញដែលចេះតពីដូនតានេះបាត់បង់ទៅវិញផង។ ទោះបីជាបែបនេះក្តី ជារឿយៗអ្នកភូមិបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូនានាជួយលើកទឹកចិត្ត និងរកទីផ្សារដើម្បី ផលិតផលនេះមានតម្លៃខ្ពស់ជាងសព្វថ្ងៃ ព្រោះពួកគាត់មានតែមុខរបរធ្វើកញ្ឆេនេះជាសំខាន់៕

ចៅហ្វាយក្រុង ប្រកាសបង្ក្រាបឱ្យអស់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnlineនៅភ្នំពេញ

ភ្នំពេញ៖ចៅហ្វាយក្រុងលោកឃួងស្រេងនៅថ្ងៃនេះបាន ប្រកាសបង្ក្រាបឱ្យអស់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnlineជ្រកក្រោមរូបភាពទីតាំងInternet cafe នៅភ្នំពេញ។លោកបានប្ដេជ្ញារួមគ្នាបង្ក្រាបឱ្យអស់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំងInternet cafe ឬ ណេត24h ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
រសៀលនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំបន្ទាន់ជាមួយតំណាងក្រសួងប្រៃសនីយ៍ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាការងារបង្ក្រាបល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំងInternet cafe ឬ ណេត24h ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមអភិបាលបានដាក់ចេញនូវវិធានការណ៍បង្ក្រាបគ្រប់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំងInternet cafe ឬ ណេត24h ទាំងអស់ ទោះជាម្ចាស់អាជីវកម្មមានច្បាប់អនុញ្ញាតបើកទីតាំងInternetក៏ដោយ ព្រោះថាល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline គឺជាល្បែងបំផ្លាញការសិក្សារបស់កុមារ និងយុវជន ហើយទីនោះក៏ជាកន្លែងប្រមូលផ្តុំនូវការប្រើប្រាស់គ្រឿងញៀន និងជនល្មើស លួច-ឆក់ផងដែរ៕

អាជ្ញាធរខេត្តគ្រោង កសាងផ្លូវប្រវែង១៤គីឡូម៉ែត្រ ទៅកាន់តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល នៅខេត្តកំពង់ឆ្នាំង


ខេត្តកំពង់ឆ្នាំង៖ យោងតាមសំណូមពររបស់ប្រជាពលរដ្ឋនិងសហគមន៍ នៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ដែលបានស្នើសុំអាជ្ញាធរខេត្ត ជួយកសាងផ្លូវមួយខ្យែប្រវែង១៤គីឡូម៉ែត្រ ចេញពីភូមិក្តុល ទៅតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ឋ អភិ បាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះទៅសម្របសម្រួលអំពីផលប៉ះពាល់ និងសិក្សាគម្រោងកសាងផ្លូវមួយខ្សែខាងលើនេះ ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងសហគមន៍ ។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ បានលើកឡើងថា៖ ដើម្បីធ្វើផ្លូវគ្រួសក្រហមប្រវែង១៤គីឡូម៉ែត្រចេញពីចំណុចផ្លូវដែក ក្នុងភូមិក្តុលទៅកាន់តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ប្រជាពលរដ្ឋក្នុងភូមិត្រូវចូលរួមបរិច្ចាគដីភូមិ ដីចំការទាំងអស់គ្នាមួយចំនួន ទើបអភិវឌ្ឍន៍ផ្លូវនេះបាន ។ ដោយឡែកគម្រោងទី១អាជ្ញាធរខេត្ត ត្រូវកំណត់បោះព្រុំផ្លូវ ទៅកាន់តំបន់ទឹក ធ្លាក់ស្រែអំពិលនៅក្នុងសប្តាហ៍នេះ ។
ក្នុងនាមអាជ្ញាធរខេត្តឯកឧត្តម សួមថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋបានយល់ព្រមរួមចំណែក បរិច្ចាកដីមួយចំនួនដើម្បីអភិវឌ្ឍន៍គម្រោងខាងលើនេះអោយបានជោគជ័យ។

ព្រោះថា នៅពេលតំបន់ទេសចរ ណ៍ទឹកធ្លាក់ស្រែអំពិលបានអភិវឌ្ឍន៍ហើយនោះ ពិតជាមានប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ដែលធ្លាប់ទៅកំ សាន្តនៅរមណីដ្ឋានឆ្ងាយៗ នឹងមកលេងកំសាន្តនៅទីនេះច្រើនជាពុំខាន ព្រោះទីនេះនៅជិតជាង ហើយកន្លែងលេងកំសាន្តក៍មិនចាញ់កន្លែងទឹកធ្លាក់ដទៃទៀតដែរ។

នៅពេលនោះដែរ ប្រជាពលរដ្ឋយើងមិនបាច់ធ្វើចំណាកស្រុករកការងារធ្វើទៀតទេ ដោយត្រូវនាំគ្នាដាំបន្លែ ដំណាំគ្មានជាតិគីមី ចិញ្ចឹមមាន់ទា សម្រាប់លក់អោយភ្ញៀវ នោះជីវភាពបងប្អូនប្រជាពលរដ្ឋយើងក្នុងភូមិនិងធូរធាប្រសើរឡើង។ .ដោយឡែក លោក សោ ភា ប្រធានសហគមន៍ទឹកធ្លាក់ស្រែអំពិល បានអោយដឹងថា៖ សហគមន៍របស់លោកបានកើតឡើងនៅឆ្នាំ២០១៦ ដោយមើលឃើញពីសក្តានុពល លើវិស័យទេសចរណ៍នៅតំបន់ទឹកធ្លាក់ស្រែអំពិល អាជ្ញាធរមូលដ្ឋានបានរៀបចំចងក្រងបង្កើតអោយមានសហគមន៍នេះឡើង។

ក្នុងពេលខាងមុខសហគមន៍លោកនឹងខិតខំអភិវឌ្ឍន៍តំបន់ទឹកធ្លាក់ស្រែអំពិល អោយក្លាយជារមណីដ្ឋានធម្មជាតិមានបរិស្ថានដ៏ល្អ និងអនាម័យល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តអោយបានច្រើន។ . ជាមួយគ្នានេះដែរលោកប្រធានសហគមន៍ និងប្រជាពលរដ្ឋក្នុងភូមិក្តុល ស្នើសុំអាជ្ញាធរខេត្ត ក្រសួងពាក់ពន្ធ័នានា ពិសេសប្រមុខរាជរដ្ឋាភិបាល មេត្តាជួយកសាងផ្លូវមួយខ្សែខាងលើនេះ ពីភូមិក្តុល ទៅកាន់តំបន់ទឹកធ្លាក់ស្រែអំពិលនេះផង ដើម្បីអភិវឌ្ឍន៍តំបន់ទេសចរណ៍អោយទទួលបានជោគជ័យ រួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រ ៕ ( ឈៀង ថារិទ្ធ )

ខេត្តចំនួន៦បានទទួលរងនូវការគំរាមកំហែងដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ខេត្តចំនួន៦ បានទទួលរងនូវការគំរាមកំហែងដោយជំនន់ទឹកភ្លៀង ហើយស្ថានភាពផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ និងស្រូវស្រែប្រជាពលរដ្ឋនៅតំបន់ខ្លះត្រូវរកការជន់លិច។
ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តព្រះវិហាររហូតដល់ព្រឹកថ្ងៃទី២៦ កក្កដានេះ ភ្លៀងនៅបន្តធ្លាក់នៅតាមជួរភ្នំដងរ៉ែក ធ្វើឲ្យទឹកជំនន់បានគ្របដណ្ដប់លើឃុំចំនួន៤ គឺឃុំស្រអែម ឃុំកន្ទួត ឃុំយាង និងឃុំមរកត ក្នុងស្រុកជាំក្សាន្ត។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានឲ្យដឹងថា ទឹកបានហូខ្លាំងជន់លិចផ្លូវលំ និងលិចផ្នែកខ្លះ នៃតំបន់អភិរក្សអាជ្ញាធរប្រាសាទព្រះវិហារ ហើយកន្លែងខ្លះហូរកាត់ទំនប់ទឹកអូរស្វាយ ក្នុងភូមិធម្មជាតិសម្តេចតេជោទៀតផង។
ឯកឧត្ដមបានបញ្ជាក់ថា៖” អាជ្ញាធរខេត្ត បានរួមសហការជាមួយបញ្ជាការដ្ឋានអង្គរក្ស អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងកងពលធំលេខ៣ ចុះដឹកជញ្ជូនប្រជាពលរដ្ឋដែលនៅខាងក្រោមទំនប់ទឹកអូរស្វាយ ភូមិធម្មជាតិ មកកាន់ទីទួលសុវត្ថិភាពក្នុងទីបញ្ជាការដ្ឋានវរៈសេនាតូចលេខ៣៧១” ។
កម្លាំងចម្រុះក៏បានកាយទំនប់រំដោះទឹកអូស្វាយ និងច្រកបាវខ្សាច់ទប់ខ្នងទំនប់បារាយខាងលិចកុំអោយទឹកហូរកាត់ផ្ដាច់ផ្លូវនៅតំបន់នោះទៀតផង។ រហូតដល់ម៉ោង១២ថ្ងៃត្រង់នេះ កម្ពស់ទឹកស្ទឹងសែនបានឡើងដល់កម្រិតកម្ពស់១២,៨៤ម៉ែត្រ លើសការប្រកាសអាសន្នត្រឹមតែ១១,៥០ម៉ែត្រ។
ចំណែកនៅខេត្តឧត្តរមានជ័យវិញ បរិមាណទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ហើយនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដានេះ ជំនន់ទឹកភ្លៀងបានជន់លិចតំបន់មួយចំនួនក្នុងស្រុកត្រពាំងប្រាសាទ ។
លោក ញឿន គួន ប្រធានធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ បានអោយដឹងថា កំពស់ទឹកក្នុងបឹងនានា មានកំពស់150មីល្លីម៉ែត្រ ធ្វើអោយជន់លិចលើផ្លូវថ្នល់មួយចំនួន ហើយរងការខូចខាតដោយសារហូរកាត់ ក្នុងខេត្តឧត្តរមានជ័យមានក្រុងស្រុកចំនួន4 ដែលត្រូវទទួលរងជំនន់ទឹកភ្លៀងនោះ គឺក្រុងសំរោង ស្រុកបន្ទាយអំពិល ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ទឹកភ្លៀងបានហូរធ្លាក់ពីលើភ្នំ នៅចំណុចក្រោមចំរាក់លោកយាយម៉ៅ ច្រកឡើងលើកំពូលភ្នំ នៃព្រំប្រទល់ច្រកជាំស្រងាំ ស្ថិតនៅក្នុងឃុំត្រពាំងប្រិយ ក្នុងស្រុកអន្លង់វែង។ ប្រភពព័ត៌មានបានឲ្យដឹងថា ផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែន នៅចំណុចអូរស្វាយ ក្នុងស្រុកត្រពាំងប្រាសាទក៏ត្រូវទឹកជន់លិចផងដែរ។
នៅខេត្តរតនគិរីវិញ ស្រុកចំនួនបីអាចប្រឈមនឹងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋរាប់រយគ្រួសារ រហូតដល់វេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកក្កដានេះ ភ្លៀងនៅកំពុងបន្ដធ្លាក់នៅស្ទើរតែទូទាំងខេត្តរតនគិរី ហើយស្រុកចំនួន៣អាចប្រឈមនឹងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។
លោក នូ ថេរ អភិបាលស្រុកលំផាត់ បានអោយដឹងថា ស្រុកលំផាត់ជាស្រុកជាប់មាត់ទន្លេស្រែពក ដែលកំពស់ទឹកកំពុងកើនឡើងរហូតទៅដល់៩,២០ម្រ៉ែត បើធៀបនឹងថ្ងៃម្សិលមិញកំពស់ទឹកមានត្រឹមតែ៨,២០ម៉ែត្រប៉ុណ្ណោះ ហើយកម្រិតនៃការប្រកាសអាសន្នមានចំនួន១២ម៉ែត្រ។
លោកបានបញ្ជាក់ថា កំពស់ទឹកបានឡើងយ៉ាងគំហុកបែបនេះ គឺដោយសារការហូរមកពីប្រទេសវៀតណាម និងទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាបីថ្ងៃមកហើយ។ ចំណែកស្រុកពីរទៀត គឺស្រុកតាវែល និង ស្រុកវ៉ើនសៃ ដែលនៅក្បែរមាត់ទន្លេសេសាន្ដ នៅថ្ងៃទី២៦នេះ កម្ពស់ទឹកទន្លេមានការកើនឡើងរហូតដល់៦,៨០ម៉ែត្រ លើសថ្ងៃម្សិលមិញដែលទឹកមានកំពស់ត្រឹមតែ៥,៧០ម៉ែត្រប៉ុណ្ណោះ ។
ចំណែកកម្រិតនៃការប្រកាសអាសន្នវិញមានពី៨ម៉ែត្រ ទៅ៨,៣០ម៉ែត្រ ។ លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី បានអោយដឹងថា ទឹកភ្លៀងបានជន់លិចដំណាំស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅស្រុកអណ្ដូងមាស ។
លោកបានបញ្ជាក់ថាទៀតថាបើភ្លៀងនៅតែបន្ដរធ្លាក់មិនឈប់ទៀត គឺស្រុកចំនួនបីខាងលើអាចប្រឈមនឹងគ្រោះទឹកជំនន់ទឹកភ្លៀងជន់លិចផ្ទះសំបែង ដំណាំ ស្រែចំការជាមិនខាន។
នៅខេត្តស្ទឹងត្រែងវិញ ទឹកមានការកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សំគាល់។ ប៉ុន្តែនៅមិនទាន់មានការជន់លិចលំនៅឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋនៅឡើយទេ។
លោកឆាយ ម៉េង មន្ត្រីបច្ចេកទេសនៃទំនប់វារីអគ្គិសនីសេសាន្តក្រោម២បានឲ្យដឹងថា ទ្វារទឹកទំនប់ចំនួន៨ត្រូវបានបិទ ហើយនៅសល់ទ្វារចំនួន២ បើកចំហឲ្យទឹកហូរជាធម្មតា។ លោកបានបញ្ជាក់ថា ទឹកបានជន់ឡើងយ៉ាងខ្លាំង គឺក្នុងរយៈពេល១ថ្ងៃ កម្ពស់ទឹកក្នុងអាងឡើងដល់៣ម៉ែត្រ ដែលហួសពីការប៉ាន់ស្មាន គឺតម្រូវការកំណត់ត្រឹមតែ១ម៉ែត្រប៉ុណ្ណោះ ក្នុង១ថ្ងៃ។
លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រមាណ១០០គ្រួសាររស់នៅប៉ែកខាងលើទំនប់ សូមមានការប្រុងប្រយ័ត្នព្រោះបើទ្វារទឹកត្រូវបានបិទ គឺនឹងជន់លិចប៉ែកខាងលើទាំងស្រុងតែម្ដង។
នៅខេត្តកំពតវិញ ទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នា ធ្វើឱ្យទឹកស្ទឹងកែវជន់ឡើងលិចចូលតំបន់ទំនាបមួយចំនួននៅប្របមាត់ស្ទឹង ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់គ្រែង ស្រុកទឹកឈូ ។ ឯកឧត្ដម ច័ន្ទ ចេស្ដា អភិបាលខេត្តកំពតនៅព្រឹកថ្ងៃទី២៦នេះ បានទៅត្រួតពិនិត្យអាងស្ដុកទឹកទំនប់វារីអគ្គិសនីកំចាយ ដែលបានបើកបង្ហូរទឹកធ្វើឲ្យប៉ះពាល់ដល់ស្រែចំការប្រជាពលរដ្ឋនៅផ្នែកខាងក្រោម។
លោកនាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូបានប្រាប់ឱ្យដឹងថាផ្នែកខ្លះនៃឃុំមាក់ប្រាង ឃុំស្ទឹងកែវ និងឃុំព្រៃឃ្មុំ ដែលនៅជាប់ព្រែកកំចាយបានទទួលរងនូវជន់លិច ព្រោះតែទឹកចាល់ឡើង ខ្លាំង បន្ទាប់ពីភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា។ ក្នុងករណីភ្លៀងនៅបន្តធ្លាក់ មានសន្ទុះខ្លាំងថែមទៀត អាចនឹងមានការជន់លិចភូមិឋានដែលនៅជាប់ព្រែកកំចាយតែម្ដង។ លោកអភិបាលស្រុកបញ្ជាក់ថាប៉ុន្តែសម្រាប់ពេលនេះ តាមស្ថានភាពជាក់ស្តែង ទឹកចាប់ផ្តើមស្រកចុះបណ្តើរៗហើយ ស្របនឹងទឹកសមុទ្រចាប់ផ្តើមនាចទៅវិញនោះ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ទឹកភ្លៀងបានធ្លាក់ចូលក្នុងអាងហួសកាលកំណត់ ទើបបុគ្គលិកបច្ចេកទេសទំនប់វារីអគ្គិសនីបើកទ្វារទឹកជាបណ្ដោះអាសន្នសិន។ ប៉ុន្តែការបើកទ្វារទឹកនោះមានលក្ខណៈសន្សឹមៗមិនឲ្យទឹកជន់គំហុកលិចស្រូវស្រែលំនៅឋានប្រជាពលរដ្ឋនៅខាងក្រោមនោះទេ។
នៅខេត្តព្រះសីហនុវិញកាលពីយប់ថ្ងៃទី២៥ ទឹកភ្លៀងបានហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៤-១៥៥ ស្ថិតនៅក្នុងភូមិស្ទឹងឆាយ ស្រុកកំពង់សិលា ធ្វើឲ្យចរាចរត្រូវបានហាមឃាត់។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកទឹកបានហូរស្រកទៅវិញ ទើបរថយន្តធុនតូច អាចធ្វើដំណើរជាធម្មតាឡើងវិញ។
នៅខេត្តកែបវិញ ខ្យល់កន្ត្រាក់បានបោកបក់មកលើលំនៅឋានប្រជាពលរដ្ឋកាលពីល្ងាចថ្ងៃទី ២៥ ខែកក្កដា ដោយវាយបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋចំនួន៥ ខ្នង ស្ថិតនៅក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប។ សេចក្ដីរាយការណ៍បានឲ្យដឹងថា គ្រោះធម្មជាតិនេះមិនបានប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ទេ។ គ្រាន់តែផ្ទះចំនួន៥ខ្នងរងការខូចខាតយ៉ាងដំណំ។
ងាកមកក្រសួងធនធានទឹក និងឧតុនិយមឯណេះវិញ បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២៦នេះ ស្ដីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គថា ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង នឹងឡើងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន នៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។ ក្រសួងធនធានទឹកបានទស្សទាយទៀតថា ទឹកទន្លេមេគង្គ នៅខេត្តក្រចេះ ក៏នឹងឡើងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្នផងដែរ នៅថ្ងៃទី៣០ ខែកក្កដា ហើយទឹកនឹងហូរទៅតាមព្រែក និងតំបន់ទំនាបនានា នៅផ្នែកខាងក្រោម ចាប់ពីថ្ងៃទី២៨ ខែកក្កដានេះតទៅ។ ដូច្នេះសូមអាជ្ញាធរដែនដី ជាពិសេសប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ សូមប្រុងប្រយ័ត្នខ្ពស់ចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

ព័ត៌មានចុងក្រោយមកពីខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ទឹកនៅអាងតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង បានហក់ឡើងលើសកំរិតប្រកាសអាសន្នហើយ និងកំពុងជន់ហូរកាត់ពីលើស្ពាន ដែលមិនអាចឲ្យធ្វើដំណើរឆ្លងកាត់បាន។ គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី២៦ ខែកក្កដា នេះ ទឹកក្នុងអាងមានកំពស់ ៣,៤០ ម៉ែត្រ ដែលកំរិតកំពស់ប្រកាសអាសន្នមានត្រឹមតែ ២,៩០ ម៉ែត្រ ។ គ្រឿងចក្ររបស់ក្រសួងសាធារណការជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅដល់ទីតាំងនោះ ដើម្បីទប់ទឹកកាត់បន្ថយផលប៉ះពាល់ ។ ផ្ទះប្រជាពលរដ្ឋនៅតំបន់នោះ ស្ថិតនៅក្នុងភូមិចំនួន៣ ក្នុង ឃុំផ្អាវរងការប៉ះពាល់មានដូចជា ភូមិព្រះចំបក់ 16ខ្នងផ្ទះ, ភូមិផ្អាវ 13ខ្នង, ភូមិអូរបេង 5ខ្នង, ចំណែកផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំអូរស្វាយវិញ បានរងផលប៉ះពាល់ នៅក្នុងភូមិអូរស្វាយ ចំនួន78ខ្នង, ភូមិទំនប់អភិវឌ្ឍន៍ 70ខ្នង។ ក្នុងនោះដែរទឹកក៏បានជន់លិចផ្លូវក្រាលគ្រួសក្រហមក្នុងចំណុចឃុំអូរស្វាយ និងឃុំផ្អាវប្រវែងជាង2000ម៉ែត្រទៀតផង៕

 

តំបន់ខ្លះនៅស្រុកទឹកឈួខេត្តកំពតត្រូវពន្លិចដោយសារជំនន់ទឹកភ្លៀងខណៈមន្ដ្រីប្រកាសអោយពលរដ្ឋប្រុងប្រយ័ត្ន


ខេត្តកំពត៖ដោយសារភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាបានធ្វើឱ្យផ្នែកខ្លះនៃស្រុកទឹកឈូ ខេត្តកំពតចាប់ផ្តើមហូរចូលភូមិឋានប្រជាពលរដ្ឋជាបណ្តើរៗ ពិសេសអ្នករស់នៅចំមុខទឹកនៃទំនប់វារីអគ្គិសនីកំចាយ។ លោកនាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូបានប្រាប់ឱ្យដឹងនាវេលាថ្ងៃត្រង់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ថា នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះផ្នែកខ្លះនៃឃុំមាក់ប្រាង ឃុំស្ទឹងកែវ និងឃុំព្រៃឃ្មំដែលនៅជាប់ព្រែកកំចាយបានទទួលរងនូវការហូរលិចព្រោះតែទឹកចាល់ឡើង បន្ទាប់ពីភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា តែមិនមានមហន្តរាយណាមួយកើតឡើទេ។ ក្នុងករណីភ្លៀងនៅបន្តធ្លាក់ ហើយមានសន្ទុះខ្លាំងជាងប៉ុន្មានថ្ងៃមុន នោះអាចនឹងមានការជន់លិចគ្រប់ភូមិឋានដែលនៅជាប់ព្រែកកំចាយ។
លោកអភិបាលស្រុកបញ្ជាក់ថា៖”ប៉ុន្តែសម្រាប់ពេលនេះ តាមស្ថានភាពជាក់ស្តែង ទឹកចាប់ផ្តើមចុះបណ្តើរៗហើយស្របនឹងទឹកសមុទ្រចាប់ផ្តើមនាចទៅវិញនោះ។ ជាមួយនឹងហេតុការណ៍ដែលពលរដ្ឋមួយចំនួនមានការព្រួយបារម្ភដោយសង្ស័យថាកម្រិតទឹកនៅទំនប់វារីអគ្គិសនីឡើងខ្ពស់ខ្លាំងនោះ នាវេលាម៉ោង១រសៀលថ្ងៃដដែល។ ឯកឧត្តម ចាន់ ចេស្តា អភិបាលខេត្តកំពត អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធបានឡើងទៅពិនិត្យមើលស្ថានភាពអាងស្តុកទឹកនៃទំនប់វារីអគ្គិសនីកំចាយដើម្បីឈ្វេងយល់ទិដ្ឋភាពជាក់ស្តែង។
ក្រោយស្តាប់ការរៀបរាប់របស់អ្នកជំនាញ និងពិនិត្យផ្ទាល់ ឯកឧត្តមចាន់ ចេស្តាបានបញ្ជាក់ថា៖” ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពតបានប្រកាសជូនសាធារណជនដើម្បីបានជ្រាបថា បើភ្លៀងនៅតែបន្តធ្លាក់មិនរាំងទៀត សូមបងប្អូនដែលមានភូមិករ ផ្ទះសម្បែងនៅតាមជួរដងព្រែកកំពត ទឹកឈូផ្នែកខាងក្នុងមេត្តាប្រុងប្រយ័ត្នចំពោះសម្ភារៈ សត្វពាហនៈ និងកូនតូចៗដែលងាយនឹងរងគ្រោះដោយការបាត់បង់ សត្វល្អិតមានពិសខាំទិច ក៏ដូចជាការធ្លាក់ចូល ឬលង់ទឹកជាដើម៕

 

 

ខ្សែភាពយន្ត«ឌុច គ្រូលត់ដំនៅឋាននរក» ត្រូវដាក់បញ្ចាំង

ភ្នំពេញ៖សាលាក្តីខ្មែរក្រហមដោយសហការជាមួយមជ្ឈមណ្ឌលកម្តល់ឯកសារច្បាប់ទាក់ទងនឹង​អង្គ​ជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងមជ្ឈមណ្ឌលសោតទស្សន៍បុប្ជាណា នឹងរៀប​ចំពិធី​ចាក់​បញ្ចាំងខ្សែភាពយន្តមានចំណងជើងថា «ឌុច គ្រូលត់ដំនៅឋាននរក» នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៧នៅមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់មានទីតាំងជាប់នឹងអគារគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ មន្ត្រីអង្គទូត និងនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណជាង ៣០០ នាក់​នឹង​​ចូលរួមទស្សនាខ្សែភាពយន្តនេះ។

ការចាក់បញ្ចាំងខ្សែភាពយន្ត «ឌុច គ្រូលត់ដំនៅឋាននរក» នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៧ នេះគឺ​ចំខួប ៧ ឆ្នាំនៃការប្រកាសសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងប្រឆាំងនឹងឌុច ដែល​កាលនោះ​អង្គជំនុំជម្រះសាលាដំបូងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារឌុចរយៈពេល ៣៥ ឆ្នាំ។ ប៉ុន្តែក្រោយពីមានបណ្តឹងសាទុក្ខ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចផ្តន្ទាទោសឌុច​ដាក់​ពន្ធ​នា​គារអស់មួយជីវិត។ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា បច្ចុប្បន្ន ឌុច កំពុងអនុវត្តទោសជាប់​ពន្ធនា​គារអស់មួយជីវិតរបស់គាត់ នៅពន្ធនាគារខេត្តកណ្តាល។ លោក នេត្រ ភក្ត្រា បានថ្លែងថា ការចាក់​បញ្ចាំងខ្សែភាពយន្តឯកសារនេះគឺជាផ្នែក មួយនៃការចងចាំជាពិសេសសម្រាប់​យុវជនចងចាំ​ពីប្រវត្តិ​សាស្ត្រ និងរឿងរ៉ាវដែលបានកើត ឡើងនៅក្នុងរបបខ្មែរក្រហម។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែងថា ការចាក់បញ្ចាំងខ្សែភាព​យន្តនេះ​គឺជាផ្នែកមួយនៃការផ្សព្វផ្សាយអំពីកិច្ចការសាលាក្តីខ្មែរក្រហម ក៏ដូចជាផ្តល់ ព័ត៌មានដល់សា​ធារណ​ជនជាពិសេសនិស្សិតឱ្យបានជ្រាបអំពីវត្តមាននៃមជ្ឈមណ្ឌលតម្កល់ ឯកសារច្បាប់ទាក់​ទងនឹង​អង្គ​ជំនុំជម្រះវិសាមញ្ញកម្ពុជាដែលជាទីកន្លែងតម្កល់រាល់ឯកសារទាំងឡាយទាក់ទងនឹងការជំនុំជម្រះក្តីនៅចំពោះមុខសាលាក្តីខ្មែរក្រហម។ បើតាមលោក នេត្រ ភក្ត្រា មជ្ឈមណ្ឌលនេះបាន​បើកដំ​ណើរ​ការជា​ផ្លូវការ ហើយសាធារណជន និស្សិត និងអ្នកសិក្សាស្រាវជ្រាវអាចចូលទៅអាន និងស្រាវ​ជ្រាវ​ពីរឿងរ៉ាងផ្សេងៗទាក់ទងនឹងការជំនុំជម្រះក្តីលើសំណុំរឿង ០០១ ប្រឆាំងនឹងអតីត​ប្រធានគុក​ទូលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច។

កិច្ចសហការរវាងសាលាក្តីខ្មែរក្រហម និងមជ្ឈមណ្ឌលសោត ទស្សន៍បុប្ជាណានេះ បានធ្វើ​ឡើងតាំង​តែពីឆ្នាំ ២០០៩ មកម្ល៉េះ ក្រោមប្រធានបទ «រាត្រីនៃការចងចាំ» ដោយបានចាក់​បញ្ចាំងខ្សែភាព​យន្ត​ឯក​សារទាក់ទងនឹងរបបខ្មែរក្រហម និងដំណើរការជំនុំជម្រះក្តីនៅសាលាក្តីខ្មែរ​ក្រហមជូន​ដល់បង​ប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំបានទស្សនា ហើយរហូតមកទល់​ពេលនេះមានការ​ចូលរួមពី​ប្រជា​ពល​រដ្ឋជិត ៧ ម៉ឺននាក់៕

 

ក្រសួងការបរទេសបដិសេធការផ្សាយព័ត៌មានថា ពលករខ្មែរ៦០០នាក់ធ្វើការក្នុងកសិដ្ឋានចិញ្ចឹមមាន់ប្រទេសថៃ រងការគាបសង្កត់

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា តាម អ្នកនាំពាក្យនៅថ្ងៃនេះបានចេញសេចក្ដីប្រកាសបដិសេធការផ្សាយព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុកថា ពលករខ្មែរ៦០០នាក់ធ្វើការក្នុងកសិដ្ឋានចិញ្ចឹមមាន់ប្រទេសថៃ រងការគាបសង្កត់។
លោក ជុំ សុន្ទរី អ្នកនាំពាក្យបានលើកឡើងថា៖បន្ទាប់ពីមានការផ្សាយព័ត៌មានក្នុងបណ្តាញ Facebook អំពីករណីពលករខ្មែរចំនួន៦០០នាក់ ធ្វើការនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ ក្នុងខេត្តណាខនណាយុគ ប្រទេសថៃ ត្រូវថៅកែថៃគាបសង្កត់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានទាក់ទងជាមួយមន្ទីរការងារខេត្តណាខនណាយុគ ហើយនៅរសៀលថ្ងៃ ២០ កក្កដា ២០១៧ ក្រុមការងារស្ថានទូតបានធ្វើដំណើរទៅដល់កសិដ្ឋាន ហើយទទួលបានពត៌មានដូចខាងក្រោម៖

ថៅកែថៃម្ចាស់កសិដ្ឋាន“ហ្វាមជុងចារើន” (Farm Jong Charoen) មានកសិដ្ឋានចំនួន ៣កន្លែង នៅក្នុងខេត្តណាខនណាយុគ ប្រទេសថៃ ដែលមានពលករខ្មែរធ្វើការប្រមាណជិត១០០០នាក់។ ប៉ុន្តែក្រោយការចេញច្បាប់អំពីពលករបរទេសមិនស្របច្បាប់ ពលករខ្មែរមួយចំនួនបានលាឈប់ ដោយភ័យខ្លាចការឃាត់ខ្លួននិងផាកពិន័យ ហើយបច្ចុប្បន្នមានពលករខ្មែរនៅ​សល់​ប្រមាណ៤០០នាក់ ក្នុងនោះប្រមាណ៤០ភាគរយ ជាពលករមិនស្របច្បាប់។

ក្រុមការងារស្ថានទូតបានពន្យល់ថៅកែថៃ និងពលករអំពីនីតិវិធី និងការចុះបញ្ជីពលករពុំស្របច្បាប់នៅមន្ទីរការងារខេត្ត ពីថ្ងៃ ២៤ កក្កដា ដល់ថ្ងៃ ៧ សីហា ២០១៧ ខាងមុខ។ ថៅកែថៃបានយល់ច្បាស់ពីវិធានការថ្មីរបស់ក្រសួងការងារថៃ ហើយសន្យាថានឹងទៅចុះឈ្មោះពលករកម្ពុជា តាមទីកន្លែងនិងកាលបរិច្ឆេទខាងលើ បន្ទាប់ពីនោះ ពលករនឹងបន្តរង់ចាំក្រុមការងារផ្តល់ភាពស្របច្បាប់កម្ពុជា ចុះទៅធ្វើលិខិតធ្វើដំណើរជូន នាពេលខាងមុខ ក្នុងលិខិតធ្វើដំណើរមួយថ្លៃ ២៣៥០បាត (៧៥ ដុល្លារ) ដើម្បីអាចទទួលបានទិដ្ឋាការស្នាក់នៅ និងប័ណ្ណការងារស្របច្បាប់ នៅក្នុងមជ្ឈមណ្ឌលចេញចូលតែមួយរបស់ក្រសួងការងារថៃ។

តាមព័ត៌មានទទួលបានពីពលករ ថៅកែពុំបានជិះជាន់ ឬគាបសង្កត់កំលាំងពលកម្មទេ។ ពលករ ទទួលបានប្រាក់ខែចន្លោះ​ពី១៨០-៣២០ដុល្លារ។ ថៅកែបានផ្តល់ប្រាក់ខែ កន្លែងស្នាក់នៅ និងហូបចុក ដោយពុំគិតថ្លៃដល់ពលករទៀតផង។ ចំពោះសមាជិកគ្រួសារក្នុងបន្ទុករបស់ពលករ កសិដ្ឋានអនុញ្ញាតអោយស្នាក់អាស្រ័យនិងហូបចុកជាមួយ ដោយកាត់ប្រាក់ខែ ៥០០​បាត សំរាប់ប្តី/ប្រពន្ធរបស់ពលករ និង ២០០បាត សំរាប់កុមារ៕

 

អាជ្ញាធរខេត្តកែបពង្រឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនិងរៀបចំសោភ័ណភាពក្រុងឡើងវិញមុនបុណ្យសមុទ្រ

ក្រុងកែបៈ ខណៈពេលដែលពិធីបុណ្យសមុទ្រធ្វើឡើងនៅខេត្តកែបជិតឈានចូលមកដល់ អាជ្ញាធរខេត្ត នេះបាន និងកំពុងមមាញឹកបំផុតលើការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងសោភ័ណភាពដើម្បីទទួល ស្វាគមន៍ភ្ញៀវក្នុងភាពអធិក​អ​ធមឱ្យស័ក្តិសមនឹងឈ្មោះក្រុងទេសចរណ៍ធ្លាប់ល្បីល្បាញជាយូរមកហើយ។

លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែបបានមានប្រសាសន៍ថា ក្រោមកិច្ចរៀបចំរបស់ក្រសួង ទេសចរណ៍ ឆ្នាំនេះខេត្តកែបនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ជុំទីពីរនៃពិធីបុណ្យសមុទ្រដែលនឹងឈានមកដល់ នាពេលដ៏ខ្លីខាងមុខ។ ដូច្នេះ ការគិតគូរពីសណ្តាប់ធ្នាប់ របៀបរៀបរយ ពិសេសសោភ័ណភាពដើម្បីទទួល ស្វាគមន៍ភ្ញៀវឱ្យបានកក់ក្តៅ ស័ក្តិសមជាខេត្តធ្លាប់មានឈ្មោះល្បីផ្នែកវិស័យទេសចរណ៍ជារឿងសំខាន់បំ ផុត។ ផ្អែកតាមអត្ថន័យនេះហើយ ទើបជាញឹកញយ ឯកឧត្តមកែន សត្ថា អភិបាលខេត្តកែបតែងគិតគូរជា ចម្បងនូវបញ្ហាទាំងនោះ។

ជាក់ស្តែង ថ្មីៗនេះ បន្ទាប់ពីនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្សដាំផ្កា កូនឈើ តាមផ្លូវនានាក្នុងក្រុង ឯកឧត្តមក៏បានបំផុសឱ្យដាំដើមត្នោតជារុក្ខជាតិកេរដំ ណែលខ្មែរនៅអមសងខាងផ្លូវជាតិលេខ៣៣អាដើម្បីបង្កើនសោភ័ណភាព និងលម្អបរិស្ថានក្រុងទៀតផង។

លោកអភិបាលរងខេត្តបានបន្តថា ផ្លូវជាតិលេខ៣៣អា ជាផ្លូវដ៏សំខាន់សម្រាប់ទទួលភ្ញៀវចូលមកកម្សាន្តឆ្នេរកែប។

ដូច្នេះហើយទើបជាមួយនឹងការស្ថាបនាពង្រីកឱ្យធំទូលាយលើចម្ងាយផ្លូវជិតប្រាំបីគីឡូម៉ែត្រពី រង្វង់មូលសេះសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី អាជ្ញាធរក៏កំពុងសស្រោកសស្រាំដាក់បង្គោលដងគោមប្រើភ្លើងដោយពន្លឺព្រះអាទិត្យដ៏ល្អៗប្រណីនោះ។

លោក សោម ពិសិដ្ឋ បាបញ្ជាក់ថា ក្រៅពីផ្លូវ ភ្លើង សោភ័ណភាព និងការគិតគូរពីសណ្តាប់ធ្នាប់ របៀបរៀបរយ នៅមានសមិទ្ធផលជាច្រើន ទៀតដែលអាជ្ញាធរខេត្តនឹងជំរុញធ្វើឱ្យរួចរាល់ដើម្បីបានប្រើប្រាស់ក្នុងពិធីបុណ្យសមុទ្រ។

ក្នុងនោះរួមមាន រៀបចំបណ្តាញអគ្គិសនីតាមទីសាធារណៈឡើងវិញបន្ទាប់ពីរងការខូចខាតដោយព្យុះភ្លៀង ការណែនាំប្រ ជាពលរដ្ឋនៅអមសងខាងផ្លូវសំខាន់ៗឱ្យតុបតែងផ្ទះសម្បែង ការដាំបន្ថែមប្រភេទឈើផ្កាលម្អបរិស្ថានជា ដើម។ ពិសេសជាងនេះ គឺការស្ថាបនាបន្ទប់អនាម័យសាធារណៈខ្នាតស្តង់ដារពីរបន្ថែមទៀតលើមួយកន្លែង ដែលកំពុងមានប្រើប្រាស់ស្រាប់នៅចំណុចផ្សារក្តាមសព្វថ្ងៃ។
ពាក់ព័ន្ធនឹងការស្ថាបនា ពង្រីកផ្លូវជាតិលេខ៣៣អា លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកែបបានរៀបរាប់ថា កំណាត់ផ្លូវជាតិលេខ៣៣អាដែលបាន និងកំពុងស្ថាបនា ពង្រីកទទឹង ប្រវែង៣៣ម៉ែត្រលើចម្ងាយជិតប្រាំបីគីឡូម៉ែត្រនេះ ការចាក់គ្រឹះ ព្រមទាំងក្រាលកៅស៊ូធម្មតាអាចសម្រេច មុនដំណាច់ឆ្នាំ២០១៧។

ប៉ុន្តែការការចាក់ក្រាលកៅស៊ូប្រភេទបេទីមីណឺដែលនៅខ្វះចន្លោះបន្តិចបន្តួចនោះ នឹងបង្ហើយនៅឆ្នាំ២០១៨ ព្រោះគម្រោងសម្រាប់ឆ្នាំនេះបានបញ្ចប់ដោយមិនមានសេសសល់ទៀតឡើយ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ទោះបីយ៉ាងណា នាអំឡុងពេលនៃពិធីបុណ្យសមុទ្រ ការធ្វើដំណើររបស់ ភ្ញៀវទេសចរត្រង់កំណាត់ផ្លូវនេះនឹងមិនរាំងស្ទះ ឬមានឧបសគ្គអ្វីទេ ពោលគឺផ្លូវជាប្រភេទកៅស៊ូធម្មតាក្នុង រយៈចម្ងាយខ្លីប៉ុណ្ណោះ ក្រៅពីនោះជាប្រភេទបេទីមីណឺដ៏ល្អស្អាត៕

 

ខេត្តកំពង់ធំប្រជុំបែងចែកតួនាទី ភារកិច្ចនៃ គណៈកម្មការសំបូរព្រៃគុក ក្នុងការរៀបចំពិធីសែនព្រេន

ខេត្តកំពង់ធំ៖អភិបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំ ដើម្បីចាត់ចែងតួនាទី ភារកិច្ចនៃ គណៈកម្មការសំបូរព្រៃគុក ក្នុងការរៀបចំពិធីសែនព្រេនសុំសេចក្តីសុខតាមជំនឿប្រពៃណី និងដើម្បីអបអសាទរការដាក់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ដើម្បីអបអសាទរការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងតាំងនាមជាម្ចាស់ទឹកដីឥសាន្តបុរៈ នៃប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៧រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំត្រៀមប្រារព្ធពិធីសែនព្រេនសុំសេចក្តីសុខ តាមជំនឿប្រពៃណី និងដើម្បីអបអសាទរការដាក់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមវត្តមាន ឯកឧត្តម សុខលូ អភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក កងកម្លាំងទាំងបី ប្រធានមន្ទីរជុំវិញខេត្ត ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សុខលូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៏ថា នៅក្នុងដំណើរការ នៃការប្រារព្ធពិធីសែនព្រេនសុំសេចក្តីសុខតាមជំនឿប្រពៃណីខ្មែ និងដើម្បីអបអសាទរការដាក់ចញ្ចូល ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ ហើយក្នុងនាមជាម្ចាស់ទឹកដីឥសាន្តបុរៈនៃប្រាសាទសំបូរព្រៃគុក នឹងធ្វើការរៀបចំកម្មវិធីនេះនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ។
លើសពីនេះទៅទៀតកម្មវិធីនាពេលខាងមុខនេះ ធ្វើឡើងក្នុងគោលបំណងសម្តែងនូវសេចក្តីសប្បាយរីករាយ និងប្រកាសប្រាប់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិឲ្យបានដឹងកាន់តែទូលំទូលាយ នៃរមណីយដ្ឋានសំបូរព្រៃគុក ។
ក្នុងពិធីអបអរសាទរថ្ងៃនោះ ក៏មានការប្រគំតន្ត្រី ការសម្តែងនូវរបាំរបស់បងប្អូនជាតិគួយ ការបង្ហាញរបាំប្រជាប្រិយ ការតាំងលក់ផលិតផលកសិកម្ម ពេញមួយថ្ងៃផងដែរ ហើយដើម្បីឲ្យបរិយាកាសនេះមានភាពសប្បាយរីករាយជូន ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទូរទាំងប្រទេស ជាពិសេសបងប្អូនដែលរស់នៅក្នុងខេត្តកំពង់ធំ ទាំងមូល ជាអាទិ៍ក្នុងនាមយើងជាថ្នាក់ដឹកនាំកម្មវិធីនឹងត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើង។
ក្នុងនោះបញ្ហាដែលត្រូវគិតគូរ រួមមាន បញ្ហាចរាចរណ៍ គឺបញ្ហាដ៏សំខាន់នៅក្នុងការធ្វើ ចរាចរណ៍ចុះឡើងក្នុងទីធ្លា បរិវេណប្រាសាទសំបូរព្រៃគុក ក៏ដូចជាការឆ្លងកាត់ គឺត្រូវមានផ្លូវសម្រាប់ចៀសគ្នា ត្រូវមានកន្លែងសម្រាប់ចតទុកដាក់យានជំនិះរបស់បងប្អូន ដែលមកទស្សនា ការរៀបចំ សន្តិសុខសណ្តាប់ធ្នាប់ ប្រកបដោយសុខសុវត្ថិភាពដោយមានកងកម្លាំងទាំងបី ជាអ្នកជួយសម្រួល និងយាមកាមពេញមួយថ្ងៃ ការលេងល្បែងប្រជាប្រិយកំសាន្ត ដែលមានទាំងរបាំប្រជាប្រិយ ការសម្តែង នូវសិល្បៈរបាំរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រីឯការដាក់តាំងនូវផលិតផលក្នុងខេត្ត ជាពិសេសផលិតផលកសិកម្ម សិប្បកម្ម និងការលក់ដូររបស់បង ប្អូនអាជីវករ ក៏មានការរៀបចំ ប្រកបដោយសោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់ផងដែរ ជាចុងក្រោយឯកឧត្តម សូមអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់អញ្ជើញមកចូលរួម ធ្វើពិធីសែនព្រេន និងទស្សនាកំសាន្ត សប្បាយរីករាយប្រកបដោយសេចក្តីថ្លៃថ្នូរទាំងអស់គ្នា៕

 

អង្គការសុខភាពពិភពលោកស្នើឲ្យប្រព័ន្ធព័ត៌មានបន្តជួយផ្សព្វផ្សាយស្តីពីជំងឺផ្តាសាយបក្សីជួនដល់សាធារជន

ភ្នំពេញ៖តំណាងអង្គការសុខភាពពិភពលោកបានឲ្យស្នើប្រព័ន្ធព័ត៌មានបន្តជួយផ្សព្វផ្សាយស្តីពីជំងឺផ្តាសាយបក្សីជួនដល់សាធារជនដើម្បីទប់ស្កាត់កុំឲ្យឆ្លងជំងឺនេះបន្តទៀត ខណៈជំងឺនេះនៅតែប្រឈមចំពោះសុខភាពសាធារណនៅប្រទេស កម្ពុជា នៅឡើយ។
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី២៤កក្ដដានៅខាងក្រៅសិក្ខាសាលាផ្សព្វផ្សាយស្តីពីជំងឺផ្តាសាយបក្សីនិងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ានៅមន្ទីរពេទ្យកុមារជាតិ លោកស្រីវេជ្ជបណ្ឌិត វី គី តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថាការស្នើសុំឲ្យប្រព័ន្ធព័ត៌មានជួយផ្សព្វផ្សាយនេះដោយសារតែប្រព័ន្ធផ្សព្វផ្សាយបានផ្សាយបានទូលំទូលាយនិងគ្រប់ទីកន្លែងស្តីពីវិធានការការពារជំងឺផ្តាយបក្សីដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងដើម្បីទប់ស្កាត់ការពារកុំឲ្យឆ្លងជំងឺនេះ។
លោកស្រីបានពន្យល់ថាជំងឺផ្តាសាយបក្សីនេះឆ្លងពីសត្វបក្សីមួយទៅបក្សីមួយទៀត ហើយអាចឆ្លងទៅមនុស្សបានតាមរយៈការប៉ះពាល់ទៅលើសត្វបក្សីដែលមានជំងឺហើយអត្រាស្លាប់រហូតដល់៦០ភាគរយ។ប៉ុន្តែការចំលងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតវិញគឺមិនងាយឆ្លងនោះទេ។
លោកស្រីបានណែនាំឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយផ្សាយដល់ប្រជាពលរដ្ឋឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ជាប់ជាប្រចាំចំពោះជំងឺផ្តាសាយបក្សីព្រោះថាវីរុសផ្តាសាយបក្សីH5N1នេះកំពុងធ្វើចរាចរណ៍នៅលើសត្វបក្សីរាល់ថ្ងៃហើយមិនដឹងថាឆ្លងនៅពេលណានោះទេ។
ចំណែកលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាស​ន៍ថា​៖"បច្ចុប្បន្ននេះប្រព័ន្ធព័ត៌មានបានចូលរួមផ្សព្វផ្សាយស្តីពីសុខភាពប្រមាណតែ៣០ភាគរយទេ ។លោកស្នើឲ្យប្រព័ន្ធព័ត៌មានបង្កើនផ្សព្វផ្សាយបន្ថែមទៀតដើម្បីផ្តល់ព័ត៌មានជួនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវនិងចូលរួមទប់ស្កាត់និងការពារកុំឲ្យមានឆ្លងជំងឺផ្សេងៗពិសេសជំងឺផ្តាសាយបក្សី"។
លោកវេជ្ជបណ្ឌិតបានស្នើឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទូរស័ព្ទមកលេខ១១៥ពីគ្រប់ប្រព័ន្ធដោយមិនគិតថ្លៃទេក្នុងករណីឃើញអ្វីដែលខុសពីធម្មតានៅតាមភូមិដូចជាមាន់ទាគោជ្រូក ងាប់ឬមនុស្សស្លាប់ដោយខុសពីធម្មតាដើម្បីឲ្យមន្ត្រីចុះវាយតំលៃនិងចាត់វិធានការទប់ស្កាត់បានទាន់ពេលវេលា។
គួរបញ្ជាក់ថាចាប់ពីឆ្នាំ២០០៥រហូតមកដល់ឆ្នាំ២០១៧នេះប្រទេសកម្ពុជាមានឆ្លងជំងឺផ្តាសាយបក្សីចំនួន៥៦ករណីក្នុងនោះមាន៣៧នាក់បានស្លាប់បាត់បង់ជីវិត៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

ព័ត៌មានជាតិ​ពេល​យប់​


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2