vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សិល្បៈកម្សាន្ត

សាលាក្រុងភ្នំពេញគ្រោងបន្ថែមកាមេរ៉ាសុវត្ថិភាពនៅរាជធានីភ្នំពេញជាង១៥០កន្លែងសរុបមានជាង១ពាន់កន្លែង

ភ្នំពេញ៖សាលាក្រុងភ្នំពេញគ្រោងបន្ថែមកាមេរ៉ាសុវត្ថិភាពនៅរាជធានីភ្នំពេញជាង១៥៤កន្លែងសរុបមានជាង១ពាន់កន្លែង។នេះបើតាមការផ្សព្វផ្សាយរបស់សាលាក្រុងភ្នំពេញក្រោយកិច្ចប្រជុំកាលពីម្សិលមិញ។
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ លោកមាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រជុំស្ដីពី ការគ្រប់គ្រង និងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពនៅរាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ដ្រីជំនាញ ក្រុមហ៊ុន ព្រមទាំងស្ថាប័នពាក់ព័ន្ធ។
អង្គប្រជុំមានរបៀបវារៈចំនួនពីរដោយផ្ដោតសំខាន់លើការងារបច្ចេកទេស និងការងារគ្រប់គ្រង ដើម្បីធានាឱ្យបាននូវដំណើរការប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបភ្លាមៗចំពោះបទល្មើសដែលកើតមាន ព្រោះថាកាមេរ៉ាសុវត្ថិភាពដែលកំពុងតំឡើងលើទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ គឺមានសារៈសំខាន់ណាស់ សម្រាប់ឆ្លើយតបនូវតម្រូវការផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ និងបម្រើដល់គោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព។ កាមេរ៉ាសុវត្ថិភាព នឹងមានមន្ដ្រីប្រចាំការលើ២៤ម៉ោង ប្រព័ន្ធលេខទូរស័ព្ទទាន់ហេតុការណ៍ កម្លាំងប្រតិបត្ដិការ និងទីតាំងផ្ទុកព័ត៌មាន ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការឆ្លើយតបក្នុងការរួមចំណែកកាត់បន្ថយបទល្មើសនានា ជាពិសេសសម្រួលដល់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែលថា បន្ថែលលើកាមេរ៉ាដែលមានស្រាប់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលរាជធានីភ្នំពញ ក៏កំពុងមានកាមេរ៉ាចំនួន៦០០គ្រឿងដែលត្រូវបានតំឡើងរួចរាល់ហើយ ហើយកាមេរ៉ាចំនួន៤៤៦គឺកំពុងតែដំណើរការ។ ដោយឡែក កាមេរ៉ាចំនួន១៥៤គឺកំពុងរងចាំបណ្ដាញតភ្ជាប់បណ្ដាញដោយទីតាំងទាំងនោះមានការដ្ឋានពង្រីកផ្លូវ ព្រមទាំងមានការប្ដូរទីតាំងចែកចាយ៕

មន្ដ្រីផ្សព្វផ្សាយពីសារសំខាន់បបសន្តិសុខសង្គម ដល់និយោជកនិងម្ចាស់សហគ្រាសឯនិយោជិកជាង៧សែនបានទទួលផល

ខេត្តកំពង់ធំ៖មន្ដ្រីបន្ដផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន នៃ.ប.ស.ស ដែររៀបចំដោយបេឡាជាតិរបបសន្តិសុខសង្គមសហការជាមួយសាលាខេត្តកំពង់ធំ។
ថ្លែងនៅក្នុងកិច្ចប្រជុំ នៅសាលាខេត្តកំពង់ធំ កាលពី រសៀលថ្ងៃទី១០ខែកក្តដា ឆ្នាំ២០១៧ម្សិលមិញនេះ លោក ម៉េង ហុង នាយករងបេឡាជាតិរបបសន្តិសុខសង្គមបានមានប្រសាសន៏ថា៖"កិច្ចប្រជុំនេះបានធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមនិងវឌ្ឍនៈភាពរបស់.បសស.បញ្ហាប្រឈម ជាពិសេសពង្រឹងសេវ៉ាផ្តល់តាវកាលិកហានិភ័យ ការងារជូនកម្មករនិយោជិក រួមមាន៖ការផ្តល់សេវារបស់មន្ត្រីសាលាខេត្ត ខណ្ឌ ការផ្តល់សេវារបស់មន្ទីរពេទ្យ ចុះកិច្ចព្រមព្រៀងនិងធនាគារអេស៊ីលីដា។

លោកបន្ដថា៖គ្រោះថ្នាក់ការងារគឺគ្រោះថ្នាក់ដែលកើតឡើងនៅពេលកម្មករកំពុងធ្វើការនៅរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុននិងគ្រោះថ្នាក់ពេលកម្មករទៅនិងត្រឡប់មកពីធ្វើការវិញ និងបច្ចុប្បន្ន.ប.ស.ស មានសាខានៅតាមបណ្តារាជធានី ខេត្ត ទាំង២៥និងមានសហគ្រាស គ្រឹះស្ថាន ចុះបញ្ជីកាសរុប ៩០៨៧ សហគ្រាស អនុវត្តចំពោះសហគ្រាសមានកម្មករនិយោជិកចាប់ពី៨នាក់ឡើង មានសមាជិកសរុប១.១៦០.៧៩៤នាក់ ជាពិសេសមានមន្ទីរពេទ្យ មណ្ឌលសុខភាព ចុះកិច្ចព្រមព្រៀងក្នុងការផ្តល់សេវាជូនសមាជិក បសស ចំនួន១២៧៨នាក់ព្រមទាំងធ្វើការផ្តល់តាវកាលិកបានជាង១៣ម៉ឺននាក់។

លោកបានបញ្ជក់ថា៖តាវកាលិកមានអត្ថប្រយោជន៏ដល់សហគ្រាស គ្រឹះស្ថាននិងសមាជិករួមមាន៖កម្មករនិយោជិកអាចទទួលបានពី ប ស ស រួមមាន!ការសង្គ្រោះបន្ទាន់ ការថែទាំនិងព្យាបាល ការទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ការទទួលបានប្រាក់ធនលាភនិងប្រាក់វិភាជន៏ សោហ៊ុយបូជាសព តាវកាលិកឧត្តរជីវី សេវាប៊ុននីតិសម្បទានិងការសម្របសម្រួលវិជ្ជាជីវៈឡើងវិញ។

កិច្ចប្រជុំនេះបានធ្វើការផ្សព្វផ្សាយនូវអនុក្រឹតលេខ០១ អនក្រចុះថ្ងៃទី០៦ខែមករាឆ្នាំ២០១៦ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទបញ្ញាត្តិនៃច្បាប់ស្តីពីការងារ ដែលបានចាប់អនុវត្តតាំងពីខែឧសភាឆ្នាំ២០១៦ ផ្នែកថែទាំសុខភាព គឺសំដៅទៅលើការផ្តល់យន្តការជូនសមាជិកបសស នូវសេវាបង្កាសុខភាពការព្យាបាលនិងការថែទាំវេជ្ជសាស្ត្រនិងផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលនៃការផ្អាកការងារដោយការព្យាបាលជម្ងឺឬគ្រោះថ្នាក់ការងារផ្សេងៗក្រៅពីការងារនិងការសម្រាក់លំហែមាតុភាព។ រហូតដល់បច្ចុប្បន្នមានសហគ្រាសចុះបញ្ជីការចំនួន៧៣៨សហគ្រាស មានកម្មករនិយោជិកជាសមាជិកចំនួន៧៩៤.២២៥នាក់ ។

លោកបន្តថា៖កិច្ចប្រជុំនេះផ្តោតគោលបំណងពង្រឹងនៃការផ្តល់សេវានានានិងធ្វើការចូលរួមពិភាគ្សាពីគ្រប់ភាគីរួមមាន៖សហគ្រាស គ្រឹះស្ថាន សាខា ប.ស.ស មន្ទីរពេទ្យចុះកិច្ចព្រមព្រៀងធនាគារអេស៊ីលីដា។
លោក គង់វិមាន អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា៖ សូមឲ្យនិយោជិក នាយក ម្ចាស់ សហគ្រាសគ្រឺះស្ថាន ទាំងអស់ចូលរួមអនុវត្តន៏ច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញាត្តិនៃច្បាប់ស្តីពីការងារ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវចុះបញ្ជីការបង់វិភាគទានឲ្យបានទាន់ពេលវេលា សម្រាប់ធានារ៉ាប់រងហានិភ័យការងារនិងរបបធានារ៉ាប់រងសុខភាព ដើម្បីកុំឲ្យបាត់បង់ដល់អត្ថប្រយោជន៏របស់កម្មករនិយោជិក!និងសូមឲ្យតាមអង្គភាព មន្ទីរនិងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តចូលរួមសហការជាមួយអង្គភាពបេឡាជាតិ របបសន្តិសុខសង្គម ក្នុងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពដើម្បីចួលរួមចំនែកអភិវឌ្ឍន៏សង្គមជាតិយើងឲ្យមានការរីកចំរើននិងភាពសុខដុមរមនា៕

 

កម្ពុជាព្រួយបារម្ភ ចំពោះ កូរ៉េខាងជើងបាញ់ សាកល្បងមីស៊ីលបាលីស្ទីក រំលងទ្វីបក្នុងសប្ដាហ៍កន្លងមក

ភ្នំពេញ៖កម្ពុជាព្រួយបារម្ភ ចំពោះ កូរ៉េខាងជើងបាញ់ សាកល្បងមីស៊ីលបាលីស្ទីក រំលងទ្វីបក្នុងសប្ដាហ៍កន្លងមក

និងបានអំពាវនាវអោយកូរ៉េគោរសេចក្ដីសម្រេចរបស់សហប្រជាជាតិ។នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាកាលពីម្សិលមិញ៕

 

 

រាជរដ្ឋាភិបាលដាក់ផែនការជួយសម្រួលការលំបាករបស់កម្មករក្នុងការធ្វើលិខិតឆ្លងដែនថ្មី

ភ្នំពេញ៖ រាជរដ្ឋាភិបាលដាក់ផែនការជួយសម្រួលការលំបាករបស់កម្មករក្នុងការធ្វើលិខិតឆ្លង ដែនថ្មីទៅធ្វើការនៅក្រៅប្រទេសដែលជួបបញ្ហាប្រឈមក្នុងការធ្វើអត្តសញ្ញាណពលករថ្មី។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអៈអាងថា ក្រសួងនឹងជួយ ដោះស្រាយការលំបាកដល់ពលករសម្រាប់ការធ្វើលិខិតឆ្លងដែនថ្មីពិសេសសម្រាប់ ពលករ ទៅបំរើការ​ងារនៅក្នុងប្រទេសម៉ាលេស៊ី។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទូរទស្សន៍រស្មីហង្សដែលទទួលបាននៅព្រឹកថ្ងៃទី៧ ខែកក្កដា នេះ ក្រសួងការបរទេសកំពុងពិភាក្សាជាមួយក្រសួងសា្ថបន័ពាក់ពន្ធ័ សំដៅរកវិធី សាស្រ្តសមស្របមួយ ដើម្បីកាត់បន្ថយរាល់ការចំណាយរបស់ធ្វើលិខិតឆ្លងដែនថ្មី ពិសេសសម្រាប់ ការចំណាយលើអ្នករត់ការកណ្តាល រយៈពេលធ្វើឲ្យបានលឿន ។
ផែនការនេះបានធ្វើឡើងបន្ទាប់ពី ពលករខ្មែរ ធ្វើនៅប្រទេសម៉ាលេស៊ីដែលត្រូវធ្វើលិខិត ឆ្លង ដែនថ្មីបានរអ៊ូរទំាពីការចំណាយថវិកាយ៉ាងច្រើនខណៈលិខិតឆ្លងដែនដែលអសពលភាពហើយពុំអាចធ្វើពន្យាតទៅ ទៀតបាន។ សេចក្តីប្រកាសព័ត៌មានបានប្រកាសបន្តថា ចំពោះពលករ ដែលកំពុងបំពេញការងារស្របច្បាប់នៅក្រៅប្រទេសតាមរយៈក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈការធ្វើលិខិតធ្វើដំណើរត្រូវផ្តល់ដោយឥតគិតថ្លៃ ដោយអាករជាបន្ទុករបស់រដ្ឋ ដើម្បីជៀសវាងការឆ្លៀត ឱកាសយកកម្រៃសេវាលើថ្លៃកំណត់ពីក្រុម ហ៊ុនជ្រើសរើសពលករ មេខ្យល់ឬអ្នករត់ការកម្រៃ ជើងសារ។
ជាមួយគ្នានេះក្រសួងបានធ្វើការណែនាំដល់ស្ថានទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជានៅក្រៅ ប្រទេសទំាងអស់អនុវត្តឲ្យបានត្រឹមត្រូវម៉ត់ចត់ហើយធ្វើការបិទផ្សាយជាសាធារណៈចំពោះ តម្លៃនិងរយៈពេលនៃការផ្តល់សេវានានា។
លោកយ៉ា ណាវុធ ប្រធានអង្គការខារ៉ាមកម្ពុជាបានគំាំទ្រចំពោះយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការ កាត់បន្ថយចំណាយសេវាធ្វើលិខិតឆ្លងដែនថ្មីនេះ ថានឹងជួយដោះស្រាយទុក្ខលំបាក របស់ពលករបានច្រើន។យ៉ាងក៏ដោយលោកបានលើកឡើងថាសង្គមស៊ីវិលចង់ឃើញរាជរដ្ឋាភិបាលបង្កើនយន្តការដោះស្រាយ ទុក្ខលំបាករបស់ពលករឲ្យបានជាប្រជាចំា កុំអោយធ្វើតែ ក្នុងអំឡុង ពេលនៃការខិតជិតការបោះឆ្នោត ជាតិចូលមកដល់នោះឡើយ។ លោកបានផ្តល់អនុសាសន៍ថារាជរដ្ឋាភិបាលត្រូវតែបង្កើតប្រពន្ធ័ការងារនៅក្នុងស្រុកឲ្យបានច្រើនព្រោះយុវជនជាកម្លំាង ស្នូលដែលជំរុញការអភិវឌ្ឍ ប្រទេសឲ្យមានភាព យូរអង្វែង ខណៈដែលពលករដែលចេញ ទៅធ្វើការនៅក្រៅប្រទេសអាចធ្វើបានតែក្នុងរយៈពេលខ្លីតែ ប៉ុណ្ណោះ។
ក្រុមសង្គមស៊ីវិលរូបនេះបានអៈអាងថាទោះបីបច្ចុប្បន្នការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស មានលក្ខណៈល្អប្រសើរបើធៀបនឹង១០ឆ្នាំមុនក៏ដោយ ប៉ុន្តែបញ្ហាប្រឈមនៅតែមាន ដូចជាការកេងប្រវញ្ច័ ពលកម្ម ប្រាក់កាស ការប្រើប្រាស់អំពើហិង្សាលើពលករ ការជួញ ដូរមនុស្ស និងរំលោភផ្លូវភេទជា ដើម។
សូមបញ្ជាក់ថាមកដល់ឆ្នាំ២០១៧នេះពលករខ្មែរដែលចេញទៅបំរើការងារនៅក្រៅប្រទេសមានរហូត ដល់ជាង១លាននាក់ ក្នុងនោះមាននៅប្រទេសថៃ ម៉ាលេស៊ី កូរ៉េ ជប៉ុន និង សឹង្ហបូរី ជាដើម៕

រដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូន ប្រកាសលុបបំាត់រណ្ដៅគ្រលុកសំបុកមាន់ទូទាំងប្រទេស

ភ្នំពេញ៖នៅថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានអញ្ជើញដឹកនាំកិច្ចប្រជុំដោយផ្តោតជាសំខាន់លើការប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំងនិងការផ្ទេរភារកិច្ចថ្មី បទបង្ហាញស្តីពីការចុះបញ្ជីរថយន្តតាមប្រព័ន្ធអនឡាញ និងដំណើរការផ្លាកលេខយានជំនិះមានQR Code របាយការណ៍ស្តីពីពង្រាងច្រករបៀងសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គ និងពិធីចែកសម្ភារៈនិងម៉ូតូកង់បីជូនមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត។
លោកទេសរដ្ឋមន្ត្រីបានណែនាំឲ្យមន្ត្រីដែលទើបទទួលបានការតែងតាំងទាំងអស់បំពេញតួនាទីជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងក្រមសីលធម៌។
លោកទេសរដ្ឋមន្ត្រីបានពិភាក្សាអំពីសមិទ្ធិផលសម្រេចជោគជ័យនៃការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ការគាំទ្រពីសម្តេចនាយករដ្ឋមន្ត្រីលើគម្រោងសាងសង់ផ្លូវល្បឿនពីភ្នំពេញទៅក្រុងព្រះសីហនុ គម្រោងរៀបចំមជ្ឍមណ្ឌលទិន្នន័យនៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូនដើម្បីធ្វើទំនើបកម្មវិស័យព័ត៌មានវិទ្យាក្រោមជំនួយបច្ចេកទេសរបស់អង្គការJICA និងគម្រោងសាងសង់ផ្លូវរថភ្លើងពីភ្នំពេញទៅព្រះលានយន្តហោះដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕

ជប៉ុនផ្ដល់សម្ភារៈដោះមីនតម្លៃ១១លានដុល្លារដល់កម្ពុជា

ភ្នំពេញ៖ដើម្បីរួមចំណែកលុបបំបាត់ការគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជារាជរដ្ឋាភិបាលជប៉ុននៅព្រឹកនេះបានផ្តល់សម្ភារៈគ្រឿងចក្របោសសម្អាតមីនដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាគិតជាទឹកប្រាក់ចំនួន​១១​លានដុល្លារ។​
ក្នុងពិធីប្រគល់នៅព្រឹកថ្ងៃទី៦ខែកកដ្កានេះរាជរដ្ឋាភិបាលជប៉ុនបានផ្តល់សម្ភារៈនិងគ្រឿងចក្របោសសម្អាតដល់មជ្ឈម​ណ្ឌ​ល​សកម្មភាពកំចាត់មីនកម្ពុជាក្នុងនោះមានគ្រឿងចក្រកម្ទេចមីនធុនធ្ងន់ចំនួន៩គ្រឿង រថយន្តគ្រប់ប្រភេទចំនួន៨៨​គ្រឿង ម៉ាស៊ីនរាវមីន​៧៨៨គ្រឿង អាវពាក់ការពារសុវត្ថិភាព៤៥០អាវ និងគ្រឿងបន្លាស់មួយចំនួនទៀតគិតជាស្មើនិង១១លានដុល្លាអាមេរិក។ដើម្បីគំាទ្រកិច្ចសហប្រតិបត្តិការបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ជាដំណាក់កាល​ទី៧។

លោក ហេង រតនា ប្រតិភូរដ្ឋាភិបាលភិបាលទទួលបន្ទុកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងថា៖ "នៅក្នុងរយៈពេល២៥ឆ្នំាកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្នាដៃស៊ីម៉ាក់(CMAC) កងយោធពលខេមរភូមិន្ទ និងអង្គការដោះមីនទាំងឡាយ កម្ពុជាបានបោសសម្អាតផ្ទៃដីបានប្រមាណ១៤០០គីឡូម៉ែត្រក្រឡា រុករកឃើញកំម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជិត៤លានគ្រាប់ ក្នុងនោះស៊ីម៉ាក់បោសសម្អាតផ្ទៃដីបានប្រមាណជាង៨៥៨គីឡូម៉ែត្រក្រឡាករកឃើញកំម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជិត៣លានគ្រាប់ផងដែរ"។

តាមការវាយតម្លៃរបស់អាជ្ញាធរមីន និងប្រតិបត្តិករទំាងអស់បាឲ្យដឹងថា៖" កម្ពុជានៅសល់ផ្ទៃដីមានមីនប្រមាណជិត២០​០០​គីឡូ​ម៉ែត្រក្រឡាទៀតដែលធ្វើការបោសសម្អាតបន្ត ដូច្នេះការផ្តល់សម្ភារៈ និងគ្រឿងចក្ររបស់រាជរដ្ឋាភិបាលជប៉ុននៅពេលនេះគឺមានសារៈសំខាន់ណាស់"។
លោក ហូរិនូឈិ ហិដេហិសា (Hrinouchi Hidehisa)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចំានៅកម្ពុជាបានមានប្រសាសន៍ថា៖"រដ្ឋាភិបាលជប៉ុនទទួលស្គាល់ការបោសសម្អាតមីន ពិតជាមានសារៈសំខាន់ក្នុងការថែរក្សាសុវត្ថិភាពជូនប្រជាជន និងកសិករ ដែលកំពុងរស់នៅ និងធ្វើការការងារនៅជុំវិញចម្ការមីន"។

លោកបន្តថា៖ "ចាប់ពីឆ្នំា១៩៩៨មករដ្ឋាភិបាលជប៉ុនបានគំាទ្រយ៉ាងសកម្មក្នុងសកម្មភាពកំចាត់មីននៅកម្ពុជា។ជាមួយនឹងការ​ផ្តល់ជំនួយរបស់រដ្ឋាភិបាលជប៉ុនជូនរាជរដ្ឋាភិបាលកម្ពុជាជាក់ស្តែងដូចជានៅពេលនេះជាដើម"។លោកសង្ឃឹមថា ជំនួ​យ​លើកនេះ ស៊ីម៉ាក់កម្ពុជាអាចពង្រីកសកម្មភាពបោសសម្អាតមីនកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាពជាងមុនថែមទៀត ហើយប្រជាជនកម្ពុជានឹងមានអារម្មណ៍រីករាយទទួលបានសន្តិភាពពីការរស់នៅដោយគ្មានហានិភ័យពីគ្រោះថ្នាក់ដោយ​សារមីន។
ក្នុងពិធីប្រគល់លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិក្នុងនាមប្រជាជននិងរដ្ឋាភិបាលកម្ពុជាបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ ជំនួយគ្រប់បែបយ៉ាងដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមក រួមទំាងជំនួយជា សម្ភារៈបច្ចេកទេសបោស សម្អាតមីនដែលបានប្រគល់ឲ្យនៅពេលនេះ។

លោកបានបញ្ជាក់ថា៖" សម្ភារៈ និងគ្រឿងចក្រទំាងនេះស៊ីម៉ាក់និងយកទៅបោសសម្អាតផ្ទៃដីដែលមានឲ្យកាន់តែមានប្រសិ​ទ្ធភាព"។

លោក ឧបនាយករដ្ឋមន្រ្តីបានបន្តថា៖"ក្រៅពីទទួលបានសម្ភារៈ និងគ្រឿងចក្រសម្រាប់បោសសម្អាតមីន ពីរដ្ឋា​ភិ​បា​លជប៉ុន ថ្ងៃនេះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជាក៍បានបើកសម្ពោធសារមន្ទីរសកម្មភាពកំចាត់មីន ដែលបានរកទុកនៅការសំណល់សង្គ្រាមជាច្រើន ដើម្បីជាកេរិ៍តដំណែលប្រវត្តិសាស្រ្តសម្រាប់យុវជនកូនចៅជំនាន់ក្រោយ សិក្សាស្វែងយល់ការពិតនូវ​ប្រវត្តិសាស្រ្ត ជាតិរបស់ខ្លួនគ្រប់កាលៈទេសៈទំាងអតីតកាល និងអនាគត់ ដែលបង្ហាញច្បាល់ពីភាពមហន្តរាយនៃសង្គ្រាម"៕

 

រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាគ្រោងជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការងារថៃ ដើម្បីដោះស្រាយបញ្ហាស្របច្បាប់របស់ពលករខ្មែរ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាគ្រោងជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការងារថៃ នៅថ្ងៃស្អែកនេះដើម្បីដោះស្រាយបញ្ហាស្របច្បាប់របស់ពលករខ្មែរដែលកំពុងបំរើការងារនៅ ប្រទេសថៃ។
លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ទូរទស្ស ន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី៥ ខែកក្កដានេះថា ជំនួបរវាងរដ្ឋមន្រ្តីនៃក្រសួងការងារទំាង២ គ្រោងនឹងជួបគ្នានៅរសៀលថ្ងៃទី៦ ខែកក្កដាស្អែកនេះ ដែលភាគីកម្ពុជាគ្រោងលើកយកបញ្ហា ជាច្រើនដើម្បីធ្វើឲ្យប្រសើរឡើងនៃបញ្ហាពលករកម្ពុជាដែលកំពុងធ្វើចំណាកស្រុកទំាងស្រប ច្បាប់និងមិនស្របនៅក្នុងប្រទេសថៃ។
លោកអៈអាងថា បញ្ហាជាចម្បងកម្ពុជានឹងត្រូវពិនិត្យ មើលឡើងវិញលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការគ្រប់គ្រងកម្លំាងពលកម្មដែលភាគីទំាង ២បានចុះហត្ថលេខាកន្លងមក និងការពិនិត្យមើលលើការផ្តល់ភាពស្របច្បាប់ដល់ពលកម្ម កម្ពុជាដែលកំពុងបំរើការងារនៅក្នុងប្រទេសថៃ។គម្រោងរបស់រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាដើម្បីជួបជាមួយសមាភាគីថៃនេះបានឡើងជាប្រញាប់ បន្ទាប់ពីក្រុមប្រឹក្សាជាតិ ដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ របស់ថៃ បានសម្រេចបង្កើនការគ្រប់គ្រងពលករបរទេសដែលកំពុងបំរើការងារនៅក្នុងប្រទេសថៃតាមរយៈតម្រួត និងទាហ៊ានថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ បានចុះត្រួតពិនិត្យចាប់បាន ពលករខ្មែរ និងពលករភូមា ដែលខុសច្បាប់ហើយបញ្ជូនមកកាន់ប្រទេស កំណើតវិញ។
អ្នកនាំពាក្យ បានបន្តថា៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក កំពុងតែចរចាជាមួយភាគីថៃ ដើម្បីឲ្យភាគីថៃ កាន់តែបង្កលក្ខណៈងាយស្រួល ដល់ភាគីកម្ពុជា បានចុះទៅសហការ ផ្តល់ភាពស្របច្បាប់ ដល់ពលករខ្មែរ ដែល មានប័ណ្ណពណ៌ស៊ីជម្ពូរ រួចហើយ។
លោកបានបន្ថែមថា៖ មកដល់ពេលនេះបញ្ហាការចាប់ បញ្ជូន ពលករខ្មែរត្រលប់មកស្រុកកំណើតវិញគឺបានស្ងប់ស្ងាត់ហើយ ដូច្នេះសូមបងប្អូន កំពុងធ្វើការនៅប្រទេសថៃ ជ្រាបជាព័ត៌មាន និងមានអារម្មណ៍ហ្នឹងនរក្នុងចិត្ត ក្រសួងនឹងធ្វើការគ្រប់យន្តការផ្លូវការ ផង និងក្រៅផ្លូវការផង ជាមួយភាគីថៃ ក្នុងការរកដំណោះស្រាយ ដ៏អនុគ្រោះបំផុត ជូនដល់បងប្អូន។ ចំពោះមុខ ប្រសិនជាបងប្អូន កំពុងធ្វើការនៅថៃ មានចម្ងល់ ឬបញ្ហាអ្វីមួយ សូមមេត្តាទំនាក់ទំនង ទៅកាន់ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកក។
លោកអន ប៊ុនហាក់ ប្រធានសមាគមទីភា្នក់ងារជ្រើសរើសពលករកម្ពុជាបានបញ្ជាក់ថា ការប្រញាប់ចេញទៅជួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីការងារកម្ពុជាជាភាគីថៃនេះ គឺជាការ យកចិត្តទុកដាក់ចំពោះពលករខ្មែរដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃ ខណៈដែល អាជ្ញាធរថៃបានអនុវត្តច្បាប់គ្រប់គ្រងពលករថ្មី។
លោកបញ្ជាក់ថា ដើម្បីពន្លឿនការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរដែលកំពុងបំរើការងារនៅប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាគួរតែបើកស្នាក់ការធ្វើលិខិតឆ្លងដែននឹងការធ្វើឯកសារ មួយចំនួនទៀតនៅតាមច្រកព្រំដែនកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួល មិនចំណាយពេល វេលានិងប្រាក់កាសច្រើន ខណៈក្នុងមួយថ្ងៃៗមានពលករខ្មែរចន្លោះពី ១ពាន់នាក់ទៅ៣ពាន់ នាក់បានចេញពីប្រទេសថៃមកធ្វើលិខិតឆ្លងដែននៅឯរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកការិយាល័យផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរនៅក្នុងប្រទេសថៃមានចំនួន៤កន្លែងហើយ ហើយស្នើឲ្យមាន ក្រុមចល័តផ្តល់ភាពស្របច្បាប់ចំនួន៣ក្រុមបន្ថែមទៀតដល់កន្លែងធ្វើការ ដើម្បីពន្លឿនការ ផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរ ខណៈសេចក្តីរាយការណ៍បានឲ្យដឹងថា មានពលករខ្មែរ ដែលកំពុងបំរើការងារនៅក្នុងប្រទេសថៃទំាងស្របច្បាប់ និងមិនស្របច្បាប់មានរហូតដល់ជាង ១លាននាក់៕

ជនជាតិភាគតិចនៅខេត្តមណ្ឌលគិរីបន្ដប្រារព្ឋពិធីបុណ្យនិងការពារប្រពៃណី

ខេត្តមណ្ឌលគិរី៖ ទោះបីជាបច្ចុប្បន្នសង្គមកម្ពុជាមានការអភិវឌ្ឍន៍ជឿនលឿនលើគ្រប់វិស័យ ក្នុងនោះដែរជនជាតិដើមភាគតិច ភាគច្រើនក៏បានវិវឌ្ឍន៍ខ្លួនទៅតាមសម័យកាល ប៉ុន្តែទោះជាយ៉ាងណាជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី នៅតែ អាចរក្សាបាននូវទំនៀមទំលាប់វប្បធម៌របស់ខ្លួនយ៉ាងច្រើន ដោយពួកគេមិនធ្វើឲ្យប្រពៃណីរបស់ខ្លួនសាបសូន្យឡើយ ហើយរបាំកម្សាន្តរបស់ជនជាតិព្នង ដែលបានបន្សល់ទុកតាំងពីដូនតា ក៏នៅតែត្រូវបានពួកគេលើកយកមករាំកម្សាន្តក្នុង ការប្រារព្ធពិធីផ្សេងៗរបស់ពួកគេដែរ ។
​តំណាងសហគមន៍ជនជាតិដើមភាគតិចពូតាំង លោក វ៉ាន នី បានឲ្យដឹងថា៖ បច្ចុប្បន្ននេះរបាំប្រពៃណីរបស់ជន ជាតិព្នង គឺតែងតែបានប្រគុំធ្វើឡើងក្នុងពិធីបុណ្យផ្សេងៗ ដូចជាបុណ្យចូលឆ្នាំ ពិធីលាបំណន់ ពិធីបុណ្យភូមិ ឬពិធីការជា ដើម ហើយជាពិសេសនោះជនជាតិដើមភាគតិចព្នង ក៏បានសម្ដែងរបាំប្រពៃណីនេះសម្រាប់ឲ្យភ្ញៀវទេសចរណ៍ទស្សនាផង ដែរ ដែលអាចធ្វើឲ្យពួកគេអាចរកកម្រៃបានពីការសម្ដែងរបាំនេះថែមទៀតផង ។

តំណាងសហគមន៍ជនជាតិដើមភាគតិច បន្តថា ៖សម្រាប់ជនជាតិព្នងក្នុងខេត្តមណ្ឌលគិរី គឺមិនអាចធ្វើឲ្យរបាំប្រពៃណីរបស់ពួកគេទាំងនេះបាត់បង់ឡើយ ព្រោះវាជា អត្តសញ្ញាណរបស់ជនជាតិព្នង ដែលដូនតាបានបន្សល់ទុក ហើយពួកគេថែមទាំងអាចរកកម្រៃទ្រទ្រង់ជីវភាព ដោយការ សម្ដែងរបាំនេះទៀតផង ។
តំណាងសហគមន៍ជនជាតិដើមរូបនេះបានឲ្យដឹងទៀតថា៖ ការសម្ដែងរបាំប្រពៃណីរបស់ជនជាតិព្នងនេះ គឺដូនតា របស់ពួកគេចងក្រងឡើង ដើម្បីបង្ហាញអំពីសកម្មភាពនីមួយៗនៃការបង្កបង្កើនផលដំណាំកសិកម្ម និងការប្រមូលផល ហើយមុនការប្រគុំរបាំឡើង គឺសុទ្ធតែមានការសែនព្រេន ក្របី ជ្រូក មាន់ ទា ស្រាពាង ទៅដល់អារក្សអ្នកតា អារក្ស អ្នកតា ទៅតាមប្រភេទរបាំផ្សេងៗគ្នា ដើម្បីសុំសេចក្ដីសុខ និងសុំការអភ័យទោស ប្រសិនពួកគេសម្ដែងមានការខុសឆ្គង ។
​លោក វ៉ាន នី បានបញ្ជាក់ថា៖ របាំរបស់ជនជាតិដើមភាគតិចព្នងគឺមាន០៦ប្រភេទរបាំផ្សេងគ្នា មានដូចជា របាំដាំ ស្រូវ (ភាសាជនជាតិហៅថា ទូចប៉ា) របាំច្រូតស្រូវ (ភាសាជនជាតិហៅថា កាច់ប៉ា) របាំអ៊ុំស្រូវ (ភាសាជនជាតិហៅថា គុំប៉ា) របាំរាំឃ្មោះ (ភាសាជនជាតិហៅថា អន្ទចឹង) របាំបេះផ្លែឈើ (ភាសាជនជាតិហៅថា ប៉ិប្លាយឆី) និង របាំស្វាគមន៍ និងទទួលភ្ញៀវ (ភាសាជនជាតិហៅថា ណាវរនឺស ពូណាច) ។
តំណាងសហគមន៍ជនជាតិដើមភាគតិចបញ្ជាក់ទៀតថា ៖របាំទាំង០៦ប្រភេទនេះ គឺមានការសម្ដែងកាយវិការ និង អត្ថន័យផ្សេងគ្នា ដោយ របាំដាំស្រូវ គឺមានការសម្ដែងអំពីសកម្មភាពដាំស្រូវ របាំច្រូតស្រូវ គឺមានការសម្ដែងអំពីសកម្មភាព ច្រូតស្រូវ របាំអ៊ុំស្រូវ គឺមានការសម្ដែងអំពីសកម្មភាពបុកស្រូវដើម្បីឲ្យក្លាយទៅជាអង្ក របាំបេះផ្លែឈើ គឺមានការសម្ដែង បង្ហាយអំពីសកម្មភាពជនជាតិព្នងចូលព្រៃដើម្បីអាស្រ័យផលប្រចាំថ្ងៃ ដោយឡែក របាំស្វាគមន៍និងទទួលភ្ញៀវ គឺប្រគុំឡើង ដើម្បីទទួលភ្ញៀវឲ្យមើលកម្សាន្ត ហើយចំណែក របាំរាំឃ្មោះ គឺប្រគុំឡើងនៅពេលប្រមូលផលស្រូវរួចរាល់ ។
តំណាងសហគមន៍ជនជាតិបន្ថែមថា របាំទាំង០៦ប្រភេទនេះ នៅសម័យមុន ពោលគឺពីបូរាណកាលមក ត្រូវបាន គេប្រារព្ធ និងសម្ដែង​ ទៅតាមរដូវផ្សេងគ្នា ដោយក្នុងអំឡុងពេលរដូវដាំស្រូវគេតាំងធ្វើពិធីកម្សាន្តក្នុងភូមិ រាំរបាំដាំស្រូវ នៅពេលរដូវច្រូតស្រូវមកដល់ គេតែងរៀបចំពិធីកម្សាន្តក្នុងភូមិដែរ រាំរបាំច្រូតស្រូវ ចំណែក របាំរាំឃ្មោះ ត្រូវបានគេសម្ដែង នៅអឡុងពេលប្រមូលផលស្រូវរួចរាល់អស់នៅក្នុងភូមិ និងពិធីរៀបការ ហើយចំពោះ របាំស្វាគមន៍និងទទួលភ្ញៀវ របាំបេះ ផ្លែឈើ របាំអ៊ុំស្រូវ វិញនោះ ក៏ត្រូវបានសម្ដែងទៅតាមរដូវកាលដូចគ្នាដែរ ប៉ុន្តែមកទល់និងបច្ចុប្បន្នរបាំទាំងនេះ គឺត្រូវលើក យកមកសម្ដែងជារួមតែម្ដង ក្នុងពិធីបុណ្យនានា ឬការសម្ដែងសម្រាប់ភ្ញៀវទេសចរណ៍ទស្សនានោះ ពុំអាស្រ័យពេលវេលា ដូចពីបូរាណកាលមកឡើយ ។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ លោក សី ទូច បានឲ្យដឹងថា៖កន្លងមកក៏ដូចជាបច្ចុប្បន្នមន្ទីរវប្បធម៌ក៏បាន យកចិត្តទុកដាក់ក្នុងការអភិរក្សរបាំរបស់ជនជាតិដើមភាគតិចព្នងនេះឲ្យបានល្អផងដែរ ហើយក្នុងពេលខាងមុខនេះមន្ទីរ វប្បធម៌និងវិចិត្រសិល្បះ ក៏នឹងរៀបចំឲ្យមានការប្រកួតប្រជែងយកជ័យលាភី ក្នុងការសម្ដែងរបាំទាំងនេះនៅតាមសហគមន៍ នានាក្នុងខេត្តមណ្ឌលគិរីដែរ ដើម្បីធ្វើឲ្យបងប្អូនជនជាតិដើមភាគតិច ងាកមកហាត់រាំរបាំទាំងនេះឲ្យកាន់តែច្រើនជាងនេះ មិនធ្វើឲ្យបាត់បងនៅថ្ងៃខាងមុខ ៕

រយៈពេល២៤សប្តាហ៍ឆ្នាំនេះអត្រាស្លាប់ដោយសារជំងឺគ្រុនឈាមរបស់កុមារថយចុះជាង៨០ភាគរយ

ភ្នំពេញ៖ មណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្របានឲ្យដឹងថានៅក្នុងរយៈពេល២៤​សប្តា​ហ៍ឆ្នាំ២០១៧នេះអត្រាស្លាប់ដោយសារជំងឺគ្រុនឈាមរបស់កុមារមានការថយចុះជាង៨០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងទៅ។
ថ្លែងនៅក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅព្រឹកថ្ងៃទី៣កក្តដានៅក្នុងបរិវេណសាលាបឋមសិក្សាក្រាំងធ្នង់ជាយក្រុងរាជធានីភ្នំពេញលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុលប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណក​សាស្ត្របានឲ្យដឹងថាគួរបញ្ជាក់ថា៖ក្នុងអំឡុង២៤សប្តាហ៍ឆ្នាំ២០១៧នេះជំងឺគ្រុនឈាមកើតមានចំនួនជាង១១០០​ករណី ប៉ុន្តែបានស្លាប់ម្នាក់តែប៉ុណ្ណោះ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦កន្លងទៅដែលមានចំនួនជាង២៤០០ករណីនិងមានស្លាប់​រហូត៥នាក់។
លោកបានបន្តថាការថយចុះនៃករណីឈឺនិងស្លាប់ដោយសារជំងឺគ្រុនឈាមនេះដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីវិធីការពារជំងឺគ្រុនឈាមពិសេសពួកគាត់បានធ្វើការសំអាតតាមលំនៅដ្ឋានបានស្អាត លប់បំបាត់ជំរកមូសខ្លាដែលជាភ្នាក់ងារចំលងជំងឺគ្រុនឈាម។
លោកបានបន្ថែមថាសម្រាប់ឆ្នាំនេះកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានត្រៀមរួចរាល់ហើយក្នុងនោះបានត្រៀមឱសថ បរិក្ខាពេទ្យ ថ្នាំអាបេតចំនួន៣៥០តោន ថ្នាំបាញ់ចំនួន៥ពាន់លីត្រនិងសេរ៉ូមចំនួន៥ម៉ឺនប្លោកចែកចាយទៅតាមបណ្តារាជធានីខេត្តនៅទូទាំងប្រទេសពិសេសខេត្តដែល ប្រឈមនឹងជំងឺនេះជាងគេដូចជារាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ សៀមរាបនិងខេត្តកោះកុង។
បើទោះបីជាយ៉ាងណាក៏ដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្រសួងសុខាភិបាលដែលបានចូលរួមនៅក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមដែរនោះបានអំពាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធនិងអង្គការដៃគូនានាបន្តជួយផ្សព្វផ្សាយស្តីពីជំងឺគ្រុនឈាមដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយបន្ថែមទៀតប្រយោជន៍ដើម្បីការពារកូនចៅក្នុងគ្រួសារនីមួយៗកុំឲ្យឆ្លងជំងឺគ្រុនឈាមសំដៅកាត់បន្ថយអត្រាឈឺនិងស្លាប់របស់កុមារក៏ដូចជាមនុស្សធំដោយសារជំងឺនេះឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋនៅពេលសង្ស័យថាកុមារមានជំងឺគ្រុនឈាមត្រូវប្រញាប់បញ្ជួនកុមារទៅកាន់មន្ទីរពេទ្យជាបន្ទាន់ហើយកុំទៅមន្ទីរពេទ្យេឯកជនដែលមិនមានជំនាញច្បាស់លាស់អាចធ្វើឲ្យអ្នកជំងឺកាន់តែធ្ងន់ឬអាចឈានគ្រោះថ្នាក់ទៅដល់អាយុជីវិតទៀតផង។
ចំណែកលោក ចាប ឆៃហ៊ាងប្រធានការិយាលល័យក្រុមហ៊ុនរ៉ូតូ មេនសឹរៀថឹមខូអិលធីឌីដែលនាំចូលផលិតផលRemosបានចូលរួមនៅក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមដែរនោះបានមានប្រសាសន៍ថាក្រុមហ៊ុននេះបានផ្តល់ជួននូវកាបូបស្ពាយនិងឡេការពារមូសទៅដល់សិស្សានុសិស្សចូលរួមប្រមាណ១ពាន់នាក់លាបការពារកុំឲ្យមូសខាំដើម្បីការពារកុមារមិនឆ្លងជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត លូស្យាណូ ទូសេអូ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជាបានមានប្រសាន៍ថាអង្គការសុខភាពពិភពលោកកំពុងសហការយ៉ាងជិតស្និតជាមួយក្រសួងសុខាភិបាលដើម្បីគាំទ្រដល់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមក្នុងការបង្កើតប្រព័ន្ធតាមដានជំងឺដ៏រឹងមាំមួយដើម្បីទប់ស្កាត់ជំងឺរាតត្បាតនិងគាំទ្រដល់ការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងករណីជំងឺគ្រុនឈាម៕

ថៃចាប់បញ្ជួនពលករខ្មែរជាង៥០០នាក់អោយត្រឡប់មកស្រុកវិញតាមច្រកអន្តរជាតិដូង

ខេត្ដបាត់ដំបង៖សមត្ថកិច្ចថៃបានចាប់បង្ខំពលករខ្មែរឆ្លងដែនខុសច្បាប់ជិត៥០០នាក់បញ្ជួនមកស្រុកកំណើតវិញតាមច្រកទ្វាអន្តរជាតិដូង ខេត្តបាត់ដំបង។

លោកសៀក សានិត កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកកំរៀងបានប្រាប់អោយដឹងថា៖" ក្រុមនគរបាលរបស់ថៃនៅថ្ងៃទី២ កក្តដា ឆ្នាំ២០១៧នេះបានចាប់បញ្ជូនពលករខ្មែរដែលឆ្លងដែនខុសច្បាប់ដើម្បីស្វែងរកការងារធ្វើអោយត្រឡប់មកស្រុកកំ​ណើ​តវិញចំនួន១១លើកក្នុងមួយថ្ងៃ ចាប់តាំងពីម៉ោង០៧:០០នាទីព្រឹកដល់ម៉ោង០៧:០០នាទីយប់។
ពលករខ្មែរដែលថៃបញ្ជូនអោយត្រឡប់មកវិញនេះសរុបចំនួន៤៤៥នាក់ ក្នុងនោះមានពលករបុរសចំនួន២៤៨នាក់ ស្ត្រី១​៨៦នាក់និងក្មេងចំនួន១១នាក់ផងដែរ ដែលពួកគេមកពីបណ្តាខេត្តជាច្រើនដូចជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយបន្ទាត់ព្រំដែនក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ព្រៃវែង តាកែវនិងខេត្តស្វាយរៀងជាដើម។ ក្រុមពលករខាងលើនេះបានលួចលាក់ដើម្បីបានឆ្លងដែន ភាគច្រើនតាមរយៈមេខ្យល់ដោយត្រូវរូវជាមួយកម្លាំងការពារតាមគោលដៅតំបន់ព្រំដែនឬឆ្លងដែនពេលយប់ដែលសមត្ថកិច្ចចន្លោះប្រហោង។
បញ្ហាពលករខ្មែរទាំងក្មេង ទាំងចាស់រួមទាំងកុមារផងដែរបានឆ្លងដែនចូលក្នុងទឹកដីថៃយ៉ាងភ្លូកទឹក ភ្លូកដីដោយខុសច្បាប់នេះមហាជនបានរិះគន់ថា បណ្តាលមកពីនគរបាលអន្តោប្រវេសន៍បណ្តែតបណ្តោយនិងមិនយកចិត្តទុកដាក់ក្នុងការរឹត​បណ្តឹ​ង​អោយតែទទួលបានផលប្រយោជន៍មិនខ្វល់ពីប្រជាពលរដ្ឋ។
ជាមួយគ្នានិងបញ្ហាដដែលនេះអ្នកយកព៌តមានយើងមិនអាចសុំការបំភ្លឺពីលោកសៅ ប៊ុនរឹទ្ធ នាយការិយាល័យនគរបាលអន្តោ​ប្រវេសន៍ប្រចាំច្រកអន្តរជាតិដូងបានទេដោយទូរសព្ទ័ចូលហើយមិនលើក។
គួរបញ្ជាក់ថា រយៈពេលចុងក្រោយនេះអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចរបស់ថៃបានបើកយុទ្ធនាការទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងការដេញចាប់បង្ខំពលករខ្មែរឆ្លងដែនខុសច្បាប់ដែលពួនសម្ងំធ្វើការងារផ្សេងៗនៅក្នុងទឹកដីថៃស្ទើរគ្រប់ទីកន្លែងពិសេសតាមរោងចក្រ សហគ្រាស ការដ្ឋានសំណង់ កសិដ្ឋានឬតាមទីចំការតូច ធំទៀតផង៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

ព័ត៌មានជាតិ​ពេល​យប់​


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2