vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សិល្បៈកម្សាន្ត

កម្ពុជារំពឹងថានឹងទទួលទេសចរចិនបានប្រមាណជា២លាននាក់នៅឆ្នាំ២០២០

ក្រុងប៉េកាំង៖កម្ពុជារំពឹងថានៅឆ្នាំ ២០២០ ខាងមុខនេះ ចំនួន ទេសចរចិននឹងកើនឡើង ២លាននាក់ក្នុង មួយឆ្នាំ ហើយទំហំពាណិជ្ជកម្មអាចនឹងកើនឡើងដល់ ៦,០០០ លានដុល្លារផងដែរ។នេះបើតាមគណនីយហ្វេសប៊ុកសម្ដេចហ៊ុនសែនបានផ្សាយនៅថ្ងៃនេះ។

នៅល្ងាចថ្ងៃ១៦ ឧសភា បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុង វេទិកាជំរុញផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា-ចិន រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញ ធ្វើសន្និសីទកាសែតដល់អ្នកសារព័ត៌មានចិន នៅសណ្ឋាគារ China World ទីក្រុងប៉េកាំង ប្រទេសចិន។
នៅក្នុងសន្និសីទកាសែតល្ងាចនេះ សម្តេចតេជោ បានឆ្លើយបញ្ជាក់និងបំភ្លឺទៅសារព័ត៌មានចិនអំពី ចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម:
១)សារៈប្រយោជន៍នៃវេទិកាខ្សែក្រវ៉ាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្លូវសូត្រសមុទ្រ ដែលជាគំនិតផ្តួចផ្តើមរបស់ លោកប្រធានាធិបតីចិន ស៊ីជិនពីង គឺផ្តល់នូវផលប្រយោជន៍សម្រាប់ ប្រទេសក្នុងតំបន់ទាំងអស់ រួមទាំងកម្ពុជាផងដែរក្នុងការកសាងសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រទេស។
២)ទំនាក់ទំនងជាប្រពៃណីរវាងចិនកម្ពុជាគឺមានជាង២,០០០ឆ្នាំមកហើយ មានលក្ខណៈជាបងប្អូន និងជាមិត្តភ័ក្តិដែលជឿទុកចិត្តគ្នា។ ចិនបន្តគាំទ្រជួយកម្ពុជាទាំងសេដ្ឋកិច្ច និងសង្គមដែលជួយពង្រឹង ដល់ឯករាជ្យភាពនៃនយោបាយកម្ពុជាទៀតផង។ តាំងពីដើមមក គឺកម្ពុជាគាំទ្រ និងទទួលស្គាល់ចិន តែមួយ តាំងពីជំនាន់អតីត សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសយើងទាំងពីរគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។ ចំពោះបញ្ហាសមុទ្រចិនភាគខាងត្បូងគឺមិនមែនជាបញ្ហាអាស៊ាន-ចិនទេ គឺជាបញ្ហារបស់ប្រទេសដែលមានការពាក់ព័ន្ឋគ្នា ដែលត្រូវដោះស្រាយដោយសន្តិវិធី ហើយអាស៊ានក៏ត្រូវយល់ដឹងរឿងនេះដែរ។
៣)ទំនាក់ទំនងនិងការតភ្ជាប់រវាងប្រជាជននិងប្រជាជនគឺមានសារៈសំខាន់ណាស់ ដែលជួយអោយ ពិភពលោកមួយមានសណ្តាប់ធ្នាប់ល្អរស់នៅដោយសុខដុមរម្យនា។ ទំនាក់ទំនងគឺអាចធ្វើបានតាម រយៈការផ្លាស់ប្តូរទស្សនៈកិច្ចរវាងយុវជននិងយុវជន តាមរយៈបញ្ញាវ័ន្ត អ្នកសិក្សាស្រាវជ្រាវ ការផ្តល់អាហារូបករណ៍ តាមរយៈកីឡា តាមរយៈពហុវប្បធម៌ តាមរយៈវិទ្យាស្ថាន និងសាកលវិទ្យាល័យ តាមរយៈវិស័យពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។
ទន្ទឹមនឹងនោះដែរ គឺ កម្ពុជានឹងមានគម្រោងអភិវឌ្ឍន៍ ថ្មីៗបន្ថែមទៀត ដូចជា ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មី និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។
៤)តំបន់សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសីហនុ គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ដែលបានគាំទ្រ ជំរុញអោយបង្កើតឡើង។ សព្វថ្ងៃទីនេះមានក្រុមហ៊ុនជាង១០០ កំពុងវិនិយោគនៅក្នុងតំបន់ នេះ ដែលជានិមិត្តរូបដ៏ធំនៃទំនាក់ទំនងរវាង ប្រទេសទាំងពីរកម្ពុជា-ចិន ដែលបានផ្តល់ឱកាសអោយកម្ពុជា បានកសាង និងអភិវឌ្ឍន៌ប្រទេស។
៥)សម្តេចតេជោ ហ៊ុន សែន តែងតែមកចូលរួមតាំងពិព័ណនៅប្រទេសចិនគឺ ៨ លើកមកហើយ ជាង១០ឆ្នាំមកនេះ ជាពិសេសក្នុងពិពណ៌អាស៊ាន-ចិន នៅណាននីន។ ក្នុងពេលនោះ កម្ពុជាមានតួនា ទីជាអ្នកសម្របសម្រួលអាស៊ាន-ចិន ដែលទទួលបានការគាំទ្រទាំងស្រុងអោយមានពិពណ៌នេះឡើងនៅ ណានីន។ សម្តេចតេជោ គឺជាពលរដ្ឋកិត្តិយសរបស់ណាននីនផងដែរ។
៦)ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន រីករាយនិង ពេញចិត្តចំពោះលទ្ឋផលនៃកិច្ចប្រជុំពិភាក្សាជាមួយ លោកប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និង លោកប្រធានសភាតំណាងប្រជាជនចិន ជាពិសេស លោកនាយករដ្ឋមន្ត្រី លី ឃឺឈាំង ដែលយើងទាំងអស់គ្នាខិតខំជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍អោយមានសន្ទុះលឿនទៅមុខ។ ប្រទេសចិនឆ្នាំក្រោយ យល់ព្រមអោយកម្ពុជា នាំចូលអង្ករ ៣០០,០០០ តោន។ ទន្ទឹមនឹងនេះគឺកម្ពុជាទទួលបាននូវជំនួយឥតសំណងកាន់តែច្រើន ឡើងៗ ព្រមទាំងជំនួយឥណទានការប្រាក់ទាបសម្រាប់កសាងហេដ្ឋរចនាសម្ព័ន្ឋជាដើម។
៧)កម្ពុជារីករាយស្វាគមន៍អ្នកវិនិយោគិនចិនដែលមានបំណងទៅវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ គឺ ត្រូវយល់ដឹងអំពី នីតិវិធីច្បាប់វិនិយោគដែលមិនសាំញាំស្មុគ្រស្មាញទេ ក្រុមហ៊ុនអាចវិនិយោគគឺអាចបោះ ទុនខ្លួនឯងបាន ១០០% ។ ព័ត៌មានវិនិយោគទាំងនេះគឺអាចទទួលបានតាមរយៈស្ថានទូត អគ្គកុងស៊ុល និងវិស័យឯកជនជាដើម។ កត្តសំខាន់បំផុតនោះគឺ កម្ពុជាមានស្ថិរភាពនយោបាយ ស្ថិរភាពផ្នែកម៉ាក្រូសេដ្ឋកិច្ច ហើយកម្ពុជាមានម្ហូបអាហារចិន និងមានធនធានមនុស្សចេះភាសាចិនយ៉ាងច្រើនដែលជួយដល់ការងារវិនិយោគ៕

ក្រសួងការងារអំពាវនាវឲ្យម្ចាស់សហគ្រាសនៅទូទាំងប្រទេសបើកទូលាយសកម្មភាពផ្សព្វផ្សាយស្តីពីការបោះឆ្នោតឃុំ-សង្កាត់ដល់កម្មករ

ភ្នំពេញ៖ក្រសួងការងារបានអំពាវនាវឲ្យម្ចាស់រោងចក្រសហគ្រាសនៅទូទាំងប្រទេសសហការជាមួយ គ.ជ.បធ្វើសកម្មភាពផ្សព្វផ្សាយស្តីពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ឲ្យបានទូលំទូលាយដើម្បីបញ្ជ្រាបការយល់ដឹងដល់បងប្អូនកម្មករនិយោជិត
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើការអំពាវនាវដល់ម្ចាស់សហគ្រាសគ្រឹះស្ថាននៅតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រធំៗនៅតាមបណ្តារាជធានីខេត្តសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីធ្វើសកម្មភាពអប់រំផ្សព្វផ្សាយស្តីពីកាតព្វកិច្ចទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ដល់ប្រជាពលរដ្ឋកម្មករនិយោជិតឲ្យបានទូលំទូលាយ។
យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលទូរទស្សន៍រស្មីហង្សទទួលបាននៅថ្ងៃនេះបានឲ្យដឹងថាការផ្សព្វផ្សាយអប់រំស្តីពីការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧នៅតាមសហគ្រាសរោងចក្រនានានេះគឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសហការជាមួយអង្គការJICA។សេចកក្តីជួនដំណឹងដដែនេះបានស្នើឲ្យម្ចាស់សហគ្រាសគ្រឹះស្ថាននៅតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រធំៗនៅតាមបណ្តារាជធានីខេត្តនានាត្រូវសហការជាមួយជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីជួយសម្រួលដល់ការងារនេះឲ្យបានរលូនស្របតាមច្បាប់ស្តីពីការបោះឆ្នោតជាធមាន។
លោក វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរបានមានប្រសាសន៍ប្រាប់ទូរទស្សន៍រស្មីហង្សមាសពីប្រទេសចិនកាលពីព្រឹកថ្ងៃទី១៧ខែឧសភានេះមកថាសមាគមស្វាគមន៍និងរីករាយនឹងសហការជាមួយគជបដើម្បីផ្សព្វផ្សាយស្តីពីការបោះឆ្នោតដល់កម្មករយើងដើម្បីឲ្យពួកគាត់បានយល់ដឹងពីដំណើរការបោះឆ្នោតឃុំសង្កាត់។លោកបានបន្តថាជាងនេះទៀតសមាគមក៏ជួយសម្រួលនឹងសហការជាមួយក្រសួងការងារក្នុងការអនុញ្ញាតឲ្យកម្មករនិយោជិតទៅចូលរួមបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៤មិថុនាខាងមុខនេះផងដែរ។
លោកស្រី លុច សូរ៉ានី ប្រធានរដ្ឋបាលនៃអង្គការនីកហ្វីចបានចាត់ទុកការចុះផ្សព្វផ្សាយស្តីពីការបោះឆ្នោតដល់កម្មករនិយោជិតតាមរោងចក្រសហគ្រាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងអង្គការJICAនេះពិតជាល្អប្រសើរខ្លាំងណាស់ព្រោះថាវាបានជួយបញ្ជ្រាបនូវចំណេះដឹងទាក់ទិននឹងដំណើរការបោះឆ្នោតដល់ពួកគាត់ឲ្យបានកាន់តែប្រសើរឡើងមុនត្រៀមទៅចូលរួមបោះឆ្នោតនាពេលខាងមុខនេះ ។
តែយ៉ាងណាក៏ដោយលោកស្រី លុច សូរ៉ានី បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងអង្គការJICAគួរតែផ្សព្វផ្សាយនៅថ្ងៃឈប់សំរាកដោយជ្រើសរើសទីតាំងណាមួយដើម្បីប្រមូលផ្តុំបងប្អូនកម្មករឲ្យបានច្រើនទើបការងារនេះមានប្រសិទ្ធិភាព។
គួរបញ្ជាក់ថាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងចាប់ផ្តើមនៅថ្ងៃទី២០ឧសភារហូតដល់ថ្ងៃទី២មិថុនាហើយការបោះឆ្នោតជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី៤មិថុនាខាងមុខ៕

សាលាក្រុងភ្នំពេញកំពុងសាងសង់បង្គន់ទឹកសាធារណខ្នាតធំចំនួន៨កន្លែង

ភ្នំពេញ៖ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ និងដាក់អោយដំណើរការបង្គន់សាធារណ:ថ្មីដោយឥតបង់ថ្លៃ ចំនួន ៨កន្លែង បន្ថែមលើបង្គន់មានស្រាប់។នេះបើតាមចៅហ្វាយក្រុងភ្នំពេញលោកប៉ាសុជាតិវង្សបានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញ។

លោកបានអោយដឹងថាបង្គន់សាធារណ:ថ្មីទាំង ៨កន្លែង សុទ្ឋសឹងជាបង្គន់ស្តង់ដារ ហើយកំពង់សាងសងនៅតាមទីតាំងរួមមាន:១-សួនច្បារបទុមវតី ២-សួនកុមារបទុមវតី៣-សួនលោកតាក្រម ង៉ុយ៤-សួនច្បារ ដអរិយក្សត្រ
៥-សួនច្បារមាត់ទន្លេជាប់របងសាលចតុមុខ៦-សួនកុមារវត្តភ្នំនិង៧-សួនច្បារប្រជាធិបតេយ្យឫស្សីកែវ
៨-សួនមុខស្ថានទូតបារាំង ៕

ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺផ្តាសាយធំ

ភ្នំពេញ៖ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺផ្តាសាយធំខណៈអាកាសធាតុមានការផ្លាស់ប្តូរនារដូវវស្សាទើបចូលមកដល់
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានប្រាប់ទូរទស្សរស្មីហង្សមាសកាលពីព្រឹកថ្ងៃទី១៥ឧសភាថារហូតមកដល់ពេលនេះបើទោះបីជាក្រសួងសុខាភិបាលនៅពុំទាន់មានទិន្នន័យច្បាស់លាស់ទាក់ទិននឹងជំងឺផ្តាសាយធំ យ៉ាងណាក៏ដោយក៏មានករណីជំងឺរលាកផ្លូវដង្ហើមប្រមាណជាង៣ម៉ឺនករណីក្នុង១ឆ្នាំៗដែលបណ្តាលមកពីជំងឺនេះផងដែរ។
ការអំពាវនារបស់ក្រសួងសុខាភិបាលនេះបានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថាមានពលរដ្ឋជាង ២០០នាក់ នៅខេត្តមណ្ឌលគីរី បានឆ្លងនូវជំងឺផ្តាសាយធំជាបន្តបន្ទាប់បន្ទាប់ពីខេត្តនេះមានការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំងដោយកំដៅឡើងដល់៤០អង្សាសេហើយក៏ប្រែទៅជាចុះត្រជាក់ដល់ជាង១០អង្សាសេបណ្តាលឲ្យបានធ្លាក់ព្រិលទៀតផង។
លោកវេជ្ជបណ្ឌិតបានបន្តថាឥឡូវនេះករណីជំងឺផ្តាសាយធំនៅខេត្តមណ្ឌលគីរីបានស្ងាត់វិញហើយបន្ទាប់ពីក្រុមគ្រូពេទ្យបានចុះទៅព្យាបាលនិងអប់រំដល់ប្រជាពលរដ្ឋដោយផ្ទាល់រួចមក។
លោកវេជ្ជបណ្ឌិតបានបន្ថែមថាជារៀងរាល់ឆ្នាំនៅពេលដែលរដូវវស្សាចូលមកដល់ប្រជាពលរដ្ឋកម្ពុជាយើងមួយចំនួនតែងតែឆ្លងជំងឺផ្តាសាយធំដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza)បង្កឲ្យអ្នកជំងឺមានអាការៈគ្រុនក្តៅដោយមានកំដៅលើសពី ៣៨,៥អង្សាសេ ឈឺក ក្អកស្ងួត និងអាចវិវត្តន៏ទៅហត់ធ្ងន់ធ្ងរ ។
លោកប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរូបនោះបានឲ្យដឹងទៀតថាជំងឺនេះអាចព្យាបាលបានតាមរយៈប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ ។
លោកវេជ្ជបណ្ឌិតបានណែនាំថាការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សម្លាប់មេរោគនេះទេហើយមិនតែប៉ុណ្ណោះថែមទាំងធ្វើឲ្យសុខភាពអ្នកជំងឺទ្រុឌទ្រោមនិងមិនងាយជាសះស្បើយពីជំងឺផ្តាយធំទៀតផង។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថាក្នុងករណីការព្យាបាល៣ថ្ងៃមិនធូរស្រាលឬវិវត្តន៍ទៅជាហត់ខ្លាំង ត្រូវអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យព្រោះក្រសួងមានឱសថសម្រាប់ព្យាបាលសម្លាប់មេរោគផ្តាសាយបានឈ្មោះ Tamiflu ។
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ នាយកគេហទំព័រសុខភាពកម្ពុជាបានគាំទ្រការអំពាវនាវរបស់ក្រសួងសុខាភិបាលដែលបានផ្ញើរសារអប់រំសុខភាពដល់ប្រជាពលរដ្ឋ ។តែយ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិតបានបន្តថាការអប់រំតាមរយៈការប្រកាសនេះមិនសូវជាបានផលច្រើននោះទេសំខាន់ក្រសួងគួរតែមានកម្មវិធីអប់រំសុខភាពតាមមូលដ្ឋាននិងថ្នាក់ជាតិបន្ថែមទៀតដើម្បីឲ្យពួកគាត់បានយល់ដឹងនិងការពារខ្លួនបញ្ជៀសពីការឆ្លងជំងឺដង្កាត់ផ្សេងៗពិសេសជំងឺគ្រុនផ្តាសាយធំ។
គួរបញ្ជាក់ថាតាមក្រសួងធនធានទឹក និងឧតុនិយមរដូវវស្សាឆ្នាំនេះបានចូលមកដល់ចាប់ពីថ្ងៃទី៦ឧសភានេះតទៅហើយបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។៕

គ.ជ.បអំពាវនាវឲ្យគោរពគោលការណ៍តម្លាភាពក្នុងពេលយុទ្ធនាការឃោសនា

ភ្នំពេញ ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអំពាវនាវដល់​គណបក្ស​ និង​អ្នក​មាននិន្នាការបម្រើដល់គណបក្សនយោបាយទាំងអស់ ត្រូវគោរពនូវគោលការណ៍តម្លាភាព ក្នុង​ពេល​យុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីធានាបានការបោះឆ្នោតដោយយុត្តិធម៌។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជំរុញឲ្យគណៈ​កម្ម​ការឃុំសង្កាត់រៀប​ចំ​ការ​បោះ​ឆ្នោត អាជ្ញាធរដែនដី និងគណបក្សនយោបាយទាំងអស់ ត្រូវសហ​ការគ្នា ដើម្បីឲ្យការការឃោសនា​បោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រព្រឹត្តទៅដោយសន្តិភាព សណ្តាប់​ឆ្នាប់សាធារណៈ និងសោភណភាពសាធារណៈ។

 ការអំពាវនាវរបស់ឝ.ជ.ប ធ្វើឡើងស្របពេល​យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់នេះ ជិតឈានចូលមកដល់នៅថ្ងៃទី២០ ខែឧសភា និងត្រូវបញ្ចប់ទៅវិញនៅមុនពីរ​ថ្ងៃ នៃថ្ងៃបោះឆ្នោត៤មិថុនា ឆ្នាំ២០១៧។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត នៅថ្ងៃច័ន្ទនេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖”គ.ជ.ប នៅតែអំពាវនាវ និងជំរុញការ​ឃោសនា​បោះ​ឆ្នោតរបស់​គណបក្ស​នយោ​បាយ​​ទាំងអស់​ ត្រូវ​តែ​​​អនុវត្តឲ្យបានត្រឹមត្រូវ ដោយឈរលើគោលការណ៍ស្មើភាព ដើម្បី​ឲ្យ​ដំណើរ​ការ​បោះ​​ឆ្នោត​ប្រកប​សេរី​ យុត្តិធម៌ និងសុក្រឹត្យភាព ដែលអាចទទួលយកបានពីគ្រប់គណបក្ស”។

គ.ជ.ប ជូនដំណឹងដល់ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍អំពីការ​លក់ និង​ជួល​ម៉ោង​ផ្សាយទៅ​ឲ្យ​គណបក្ស​​នយោបាយការ​ផ្សព្វ​ផ្សាយ​គោល​នយោបាយ ត្រូវធ្វើទៅ​តាមគោល​ការណ៍​ស្មើ​ភាព តម្លៃ​ស្មើៗ​​គ្នា និង​តាម​លំដាប់​មុន​ក្រោយ​។ ដូចគ្នានេះ ការលើកស្លាកគណបក្សក្នុងអំឡុងពេលឃោសនា ក៏ត្រូវផ្អែកលើ​គោលការណ៍​ប្រជា​​​ធិបតេយ្យ និងស្មើភាពគ្នា ដោយមិនត្រូវធ្វើឲ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សិទ្ធិ​បុគ្គលឯកជន។

អ្នក​នាំ​ពាក្យគ.ជ.ប បានបញ្ជាក់ថា៖” រហូត​មក​ដល់​ពេល​នេះ ទើបតែមាន​ស្ថានីយ​​វិទ្យុចំនួន​២ប៉ុណ្ណោះ ដែល​បាន​​ជូន​ដំណឹង​ទៅ​ គ.ជ.ប អំពី​ការ​ជួល​ម៉ោង​ផ្សាយ​ទៅ​ឲ្យ​គណបក្ស​​នយោបាយ​។ ​ស្ថានីយ​វិទ្យុ​ទាំង​២​នោះ គឺវិទ្យុ​FM106.5 និង​វិទ្យុFM93.5”។

លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ​ ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​បេក្ខជន​ក្រុម​ប្រឹក្សា​សង្កាត់​ប្រចាំ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៤ ខែឧសភា បានឲ្យដឹងថា មិនទាន់មាន​ទូរទស្សន៍​​​ក្នុង​ស្រុកណា ជួល​ម៉ោង​ផ្សាយសម្រាប់ការឃោសនារបស់​គណបក្ស​សង្រ្គោះ​ជាតិខ្លួន​ឡើយ បើទោះបីជាមានការអំពាវនាវពីគ.ជ.ប។

ចំណែក លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​ថ្លែង​ថា៖” គណបក្ស​របស់​​ខ្លួន ក៏មិនទាន់បាន​ជួល​ម៉ោង​ផ្សាយ​ពី​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ឯកជន សម្រាប់ផ្សព្វផ្សាយពី គោលនយោបាយ ក្នុងអំឡូងពេលឃោសនានោះទេ។ ប៉ុន្តែ លោកបញ្ជាក់ថា ​គណបក្សដឹកនាំ​រាជ​រដ្ឋា​ភិបាលមួយនេះ មានធនធានគ្រប់គ្រាន់សម្រាប់ចេញឃោសនា”។សូមបញ្ជាក់ថា គណបក្សនយោបាយ ដែលបានចុះបញ្ជី​បេក្ខ​​ជនឈរឈ្មោះ សម្រាប់ការ​​បោះ​ឆ្នោត​​​​​​ជ្រើស​រើស​​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តីទី៤ ឆ្នាំ​២០១៧ មានសរុប១២គណបក្ស ដើម្បី​​ដណ្តើម​​អាសនៈ​នៅក្នុងឃុំ-សង្កាត់ជាង១.៦០០ ក្នុងចំណោម​អ្នកបោះឆ្នោត​​ជាង​​៧លាន​​៨សែន​នាក់៕

ក្រុមអ្នកជំនាញថាការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ក្រុមអ្នកជំនាញអៈអាងថា ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ចជាតិឲ្យកាន់តែរស់រវើក។
ក្រុមសមាគមដឹកជញ្ជូនក្នុងស្រុកបានចាត់ទុកគម្រោងវិនិយោគផ្លូវល្បឿនលឿនពីរាជ ធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ គឺជាការអភិវឌ្ឍសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រ ប្រទេសកម្ពុជា ក្នុងការបំរើឲ្យវិស័យនាំចេញនាំចូលផ្នែកពាណិជ្ជកម្ម។
ការបង្ហាញពីការគាំទ្រ គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះបានធ្វើឡើងបន្ទាប់ពីផេកហ្វេសប៊ុករបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រកាសពីគម្រោងស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញព្រះសីហនុ គ្រោងចាប់ផ្តើមនៅឆ្នាំ២០១៧។
លោក អ៊ុត ឈាង អគ្គលេខាធិការសមាគមដឹកជញ្ជូនបានឲ្យដឹងថា៖ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុគឺមានប្រយោជន៍ច្រើន ដោយបានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈ មានផ្លូវល្បឿនលឿនចំណេញពេលវេលាក្នុងការដឹកជញ្ជូនទំនិញនិងមនុស្ស។ បន្ថែមពីនេះ ទៀតការដឹកជញ្ជូននឹងកាន់តែមានសុវត្ថិភាពជាងមុនបើធៀបជាមួយនឹងផ្លូវធម្មតា។
លោកបន្ថែមថា៖ ប្រសិនបើរាជរដ្ឋាភិបាលអភិវឌ្ឍន៍គម្រោងនេះបានកាន់តែឆាប់គឺកាន់តែល្អ ដើម្បីជំរុញការនាំចេញនាំចូលទំនិញឲ្យកាន់តែរស់រវើកខ្លំាង ខណៈដែលផ្លូវនេះបច្ចុប្បន្ន មានសកម្មភាពចរាចរណ៍មមាញឹកខ្លាំងពិបាកក្នុងការធ្វើដំណើរហើយប្រឈមនៃការកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។
យ៉ាងណាក៏ដោយលោកបានស្នើឲ្យគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះ ត្រូវអភិវឌ្ឍន៍ឲ្យ ស្របតាមស្តង់ដារគុណភាព កំណត់តម្លៃឲ្យបានសមរម្យ និងការបែងចែកឲ្យដាច់ចំពោះ ប្រ ភេទរថយន្តដែលប្រើប្រាស់ផ្លូវល្បឿនលឿននេះ ដើម្បីកុំឲ្យផ្លូវនេះមានសភាពរញ៉េរញៃ ធ្វើឲ្យផ្លូវគ្មានប្រសិនភាពនិងមុខងារពិតប្រាកដ។
យោងតាមផេកហ្វេសបុករបស់ម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានឲ្យដឹងថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ គ្រោងនឹងបើកការរដ្ឋានសាងសងនៅចុងឆ្នាំ ២០១៧នេះ ក្រោមការវិនិយោគដោយក្រុមហ៊ុនចិន China Communications Construction Company ក្នុងគម្រោងចំណាយរហូតដល់១.៦០០ លានដុល្លា លើប្រវែងផ្លូវជិត២០០គីឡូ ម៉ែត្រ ។
សូមបញ្ជាក់ថា គម្រោងភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះរាជរដ្ឋាភិបាលមិនត្រឹមតែមានផែនការ ស្ថាបនាពីភ្នំពេញទៅក្រុងព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែក៏ពុងសិក្សាពីភ្នំពេញ ទៅក្រុងបាវិត ខេត្ត ស្វាយរៀងផងដែរ ដើម្បីជួយលើកស្ទួយវិស័យសេដ្ឋកិច្ច។ ផ្លូវល្បឿនលឿនគឺជាប្រភេទផ្លូវធំទូ លាយដោយបើកបរក្នុងល្បឿនលឿន ហើយជាស្តង់ដារមាន៣គន្លងទៅនិង៣គន្លងមក ដោយគ្មានផ្លូវឆ្លង កាត់បង្ករឧបសគ្គអ្វីឡើយ៕

ភ្ញៀវទេសចរណ៍មកកំសាន្តនៅខេត្តព្រះសីហនុមានការហក់ឡើងខ្ពស់ថ្ងៃចំរើនព្រះជន្មព្រះមហាក្សត្រ

ខេត្តព្រះសីហនុៈ លោក នូ ច័ន្ទគ្រឹះស្នា ប្រធានមន្ទីទេសចរណ៍ខេត្ត បានថ្លែង៖” ភ្ញៀវទេសចរណ៏នៅតែបន្តហក់ឡើងនៅក្នុងពីធីបុណ្យចំរើនព្រះជន្មគម្រប់៦៤ព្រះវស្សាយាងចូល៦៥ព្រះវស្សារបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាធ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលភ្ញៀវទេសចរណ៏ជាតិ និង អន្តរជាតិ កំពុងមានការចាប់អារកម្មណ៏យ៉ាងខ្លាំង ទៅកំសាន្តតាមបណ្តាកោះ នា នា នេះបើយោងតាមការសន្និដ្ឋានជំហានតំបូង។
លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីទេសចរណ៏ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៤នេះ បានអោយដឹងថា៖”ភ្ញៀវទេសចរណ៏ក្នុងពីធីបុណ្យចំរើនព្រះជន្មគម្រប់៦៤ព្រះវស្សាយាងចូល៦៥ព្រះវស្សា ភ្ញៀវទេសចរណ៏មានសន្ទុះកើនឡើងគួរអោយចាប់អារម្មណ៏ ជាមធ្យមចន្លោះ៣ម៉ឺនទៅ៤ម៉ឺននាក់ក្នុងមួយថ្ងៃ”។
លោកបន្តថា ៖”ចំពោះមូលហេតុដែលបណ្តាលអោយមានការកើនឡើងនូវភ្ញៀវទេសចរនេះ គឺបណ្តាលមកពីឆ្នាំនេះ ពីធីបុណ្យជំរើនព្រះជន្មប្រារព្វចំថ្ងៃចុងសប្តាហ៏ អាកាសធាតុមានអំណោយផល ប្រទេសជាតិមានសុខសន្និភាពពេញលេញ បើទោះបីជាតម្លៃផ្ទះសំណាក់ណ សណ្ឋាគារហាក់មានតម្លៃខ្ពស់បន្តិចក្តី ប៉ុន្តែចំពោះម្ហូបអាហារ ពុំមានការឡើងថ្លៃខ្ពស់ដូចឆ្នាំមុនៗនោះទេ”។
ដោយឡែក មន្ត្រីសាលាខេត្តព្រះសីហនុម្នាក់ បានថ្លែងថា ភ្ញៀវទេសចរណ៏ឆ្នាំនេះហាក់មានសន្ទុះកើនឡើងយ៉ាងគំហុក កត្តាទាំនេះគឺដោយខេត្តព្រះសីហនុមាន សុខ សន្តិភាព សុវត្តិភាព គ្រប់ទីកន្លែងទើបពីធីបុណ្យចំរើនព្រះជន្មគម្រប់៦៤ព្រះវស្សាយាងចូល៦៥ព្រះវស្សារបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាធ នរោត្តមសីហមុនីធ្វើអោយប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញនៅតែយកខេត្តព្រះសីហនុ គឺជាគោលដៅទីមួយសំរាប់ក្រុមគ្រួសារ របស់ពួកគេ។
ដោយ ឡែកជុំវិញ តម្លៃម្ហូបអាហារ មានការកើនឡើងចន្លោះពី១៥០០០រៀលទៅ១៥០០០រៀលក្នុង០១គីឡូនិងផ្ទះសំណាក់ ការ កើនឡើងក្នុង០១បន្ទប់ ចន្លោះពី១០ដុល្លាទៅ២០ដុល្លាប៉ុន្តែតម្លៃទាំង ភ្ញៀវដែល បាន មកកំសាន្តអាចទទួលយកបាន ។
លោក ឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ញាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៦វិច្ឆិការនេះថា៖ ដោយសារសន្តិសុខសុវត្តិភាពមានភាពល្អប្រសើរជាពិសេសឆ្នេរសមុទ្រចំនួន០២កន្លែង គឺឆ្នេរអូរត្រេះស្ថិតក្នុងទឹកដីក្រុងព្រះសីហនុក៏ដូចជាតាមបណ្តាកោះ នា នានិងឆ្នេរព្រែកត្រែងស្ថិតក្នុងទឹកដីស្រុកស្ទឹងហាវ កំពុងក្លាយជាឆ្នេរដ៏ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៏នោះ ទើបធ្វើអោយភ្ញៀវទេសចរណ៏នាក្នុងពីធីបុណ្យជំរើនព្រះជន្មគម្រប់៦៤ព្រះវស្សាយាងចូល៦៥ព្រះវស្សា របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាធ នរោត្តមសីហមុនី នៅតែបន្តធ្វើតំណើរមកកាន់ខេត្តព្រះសីហនុ បើ ។
មេបញ្ញាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបន្តដោយបញ្ញាក់ទៀតថា ក្នុងរយះពេល០២ថ្ងៃនៃក្នុងពីធីបុណ្យជំរើនព្រះជន្មគម្រប់៦៤ព្រះវស្សាយាងចូល៦៥ ព្រះវស្សារបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាធ នរោត្តមសីហមុនី នេះដែរ ចំពោះសុវត្តិភាពភ្ញៀវទេសចរណ៏ដែលបានមកលេងនៅ តាមកោះ និង នៅលើឆ្នេរ មានភាពល្អប្រសើរបំផុត ព្រោះពុំមានបាតុភាពអ្វីកើតឡើងនោះទេ ។កត្តាទាំងនេះ ក៏ដោយសារមានការ ដាក់កំលាំងល្បាតតាមគោលដៅសំខាន់ទូរទាំងខេត្តព្រះសីហនុ។
ដោយឡែកពាក់ព័ន្ឋករណីគ្រោះថ្នាក់ចរាចរណ៏នាក្នុងពីធីបុណ្យជំរើនព្រះជន្មគម្រប់៦៤ព្រះវស្សាយាងចូល៦៥ព្រះវស្សារបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាធ នរោត្តមសីហមុនី គិតត្រឹមរយះ ពេល ០២ ថ្ងៃ លោក វរៈសេនីយ៍ឯក អ៊ី សុខា ស្នងការរទទួលបន្ទុកសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ពុំមានករណីគ្រោះថ្នាក់ចរាចរណ៏នោះទេ ធៀបទៅនឹងឆ្នាំមុនមានការថយចុះ៕

 

ក្រុមហ៊ុនចិនគ្រោងចំណាយថវិកា១ពាន់លានដុល្លារកសាងអាគារមិត្តភាពកម្ពុជា-ចិនមួយនៅប្រទេសចិន

ភ្នំពេញ៖ក្រុមហ៊ុនដ៏ល្បីនៅប្រទេសចិនគ្រោងចំណាយថវិកា១ពាន់លានដុល្លារ ក្នុងការកសាងអាគារ មួយ ដើម្បីផ្តល់ ឱកាស អោយកម្ពុជាមានកន្លែងតាំងពិពណ៌ផលិតផលកសិកម្មកម្ពុជា និង សម្រាប់តាំង ពិពណ៌សិល្បៈ វប្បធម៌របស់កម្ពុជា នៅប្រទេសចិន ដោយក្រុមហ៊ុន បានសុំការអនុញ្ញាតិពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់ឈ្មោះអាគារនោះថា អាគារមិត្តភាពកម្ពុជា-ចិន។
នៅក្នុងជំនួបជាមួយ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងប៉េកាំង ប្រទេសចិននារសៀលថ្ងៃទី១៤ ខែឧសភានេះ លោក សាន សៀងស្ស័ង ប្រធានក្រុមហ៊ុនហ្សង់កឺហ្សៅសាង (Zhongke Zhaoshang) បានជំរាបជូនសម្តេចថា ខាងក្រុមហ៊ុនទទួលរាប់រងកសាងអាគារនោះទាំងស្រុង ។ទន្ទឹមនិងនេះ លោកប្រធានក្រុមហ៊ុន ក៍បានបង្ហាញពីចំណាប់អារម្មណ៏ចង់មកនិយោគនៅកម្ពុជាផងដែរ ដោយក្រុមហ៊ុនមានបទពិសោធន៌ក្នុងការវិនិយោគនៅតាមបណ្តាប្រទេស នានា និងបានចូលផ្សារភាគហ៊ុន នៅហុងកុង លើផ្នែកហិរញ្ញវត្ថុ បរិក្ខារសុខាភិបាល ជំនាញផ្នែកមហារីក សេវាអចលនៈទ្រព្យ និងសេវាជួលយន្តហោះអន្តរជាតិជាដើម។
លោកប្រធានក្រុមហ៊ុនក៍មានបំណងមកកាន់កម្ពុជាដើម្បីសិក្សាស្វែងយល់អំពីតម្រូវការចាំបាច់ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ដោយលោកបានជំរាបជូនសម្តេចថា ក្រុមហ៊ុនលោកក៏ធ្លាប់បានវិនិយោគលើការកសាងហេដ្ឋរចនាសម្ព័ន្ឋនៅក្នុងប្រទេសចិន និងក៍បានកសាងផ្លូវល្បឿនលឿនពីហុងកុង ទៅកាន់ទីក្រុងស៊ិនជិនប្រទេសចិនផងដែរ។
ជាងនេះ ក្រុមហ៊ុន ហ្សង់កឺហ្សៅសាង ក៍មានទំនាក់ទំនងល្អជាមួយក្រុមហ៊ុន Boeing ផលិតយន្តហោះរបស់អាមេរិក ដោយលោកមាន បំណង បើកអោយមានសេវាជួលយន្តហោះអន្តរជាតិ អាចចែកចាយនិងជួលទៅប្រទេសក្នុងតំបន់អាស៊ានទាំងមូល និងជួល អោយប្រទេសចិន និងប្រទេសមួយចំនួនទៀត។
ទន្ទឹមនឹងនេះ លោកក៏មានបំណងបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ជាពិសេសយុវជន អោយមានជំនាញផ្នែកថែទាំគ្រឿងចក្រយន្តហោះ និងជំនាញជួសជុលម៉ាស៊ីនយន្តហោះជាដើម។ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានឯកភាពឲ្យដាក់ឈ្មោះ អាគារមិត្តភាពកម្ពុជា-ចិននៅប្រទេសចិន ដោយសម្តេច បានសំណូមពរអោយក្រុមហ៊ុនធ្វើការសិក្សាអោយបានល្អិតល្អន់ ដើម្បីទទួលបានជោគជ័យទាំងអស់គ្នា ។
សម្តេច ក៍បានសំដែងការ រីករាយ និងពេញចិត្តចំពោះគោលបំណងក្រុមហ៊ុន Zhongke Zhaoshang ក្នុងការវិនិយោគនៅកម្ពុជា ដោយសម្តេចបានអញ្ជើញឲ្យក្រុមហ៊ុន មកសិក្សាស្វែងយល់អោយបានច្បាស់ដោយផ្ទាល់នៅកម្ពុជា។សម្តេចក៍បានជំរាបជូនក្រុមហ៊ុនដែរថា ទន្ទឹមនឹងការរីកលូតលាស់ផ្នែកសុខាភិបាល កម្ពុជាក៏នៅត្រូវការផ្នែកវេជ្ជសាស្រ្តទំនើប រួមទាំងធនធានមនុស្សជំនាញឯកទេសផ្នែកសុខាភិបាលជាច្រើនថែមទៀត។
សម្តេចតេជោ ក៍បានលើកទឹមចិត្តអោយក្រុមហ៊ុន ពិភាក្សាជាមួយ អាកាសចរណ៌ស៊ីវិលកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជាក្នុងការវិនិយោគលើសេវាជួលយន្តហោះ ដោយ កម្ពុជាបើក ទូលាយដល់វិនិយោគគិនបរទេសអាចដាក់ទុនវិនិយោគ១០០% ឬចូលរួមជាមួយក្រុមហ៊ុនក្នុងស្រុកក៏បាន។ ជាមួយគ្នានេះដែរ ដោយសារគំហុកនៃចំនួនទេសចរមកកម្ពុជាកាន់តែច្រើនឡើងៗ គឺកម្ពុជាខ្លួនឯងក៏ត្រូវការ សេវាយន្តហោះនេះផងដែរ៕

 

ពលរដ្ឋខេត្តព្រះវិហារលែងព្រួយបារម្ភក្នុងការធ្វើដំណើរឆ្លងកាត់ទំនប់បង្ហៀរទឹក ៩៥ នៅរដូវវស្សាទៀតហើយ

ព្រះវិហារ៖ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់រមណីយ៍ដ្ឋានទំនប់៩៥ ឋិតក្នុងភូមិទំនប់ សង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ លែងមានការព្រួយបារម្ភក្នុងការធ្វើដំណើរ ឆ្លងកាត់ទំនប់ បង្ហៀរទឹកនេះ នឹង ការខ្វះខាតទឹកក្នុងការបង្កបង្កើនផល នៅរដូវប្រាំងទៀតហើយ ខណៈដែលរាជ រដ្ឋាភិបាលបានសាងសង់ស្ពានឆ្លង ទំនប់បង្ហៀរទឹក នឹងប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែង ដើម្បី បំពេញតម្រូវការចាំបាច់របស់ពលរដ្ឋដែល រស់នៅ ទីនោះបានរួចរាល់ហើយ ។
ថ្លែងក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការប្រព័ន្ធធារាសាស្រ្ត៩៥ នៅរសៀលថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០១៧នេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា៖” សារៈសំខាន់យ៉ាងច្រើន បន្ទាប់ពីអាជ្ញាធរ បានដាក់ឲ្យដំណើរការសមិទ្ធិផលរបស់រាជរដ្ឋាភិបាល នៅតំបន់ធារាសាស្រ្តទំនប់៩៥ នាពេលនេះ ដើម្បី បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែល រស់នៅក្នុងតំបន់នេះ”។
លោកបន្តថា៖” ប្រព័ន្ធធារាសាស្រ្ត ៩៥នេះ មានសមត្ថភាពស្តុកទឹក ទុកយ៉ាងច្រើន ដែលអាច ផ្តល់ឲ្យប្រជាពលរដ្ឋធ្វើការ បង្កបង្កើនផល កសិកម្មទៅតាមតម្រូវការ នារដូវប្រាំង ដោយឡែក ក្រោយពេលដែលសាងសង់ ស្ពានឆ្លង ទំនប់បង្ហៀរទឹក នេះរួចរាល់ អាចឲ្យប្រជាពលរដ្ឋ សិស្សា នុសិស្ស ធ្វើដំណើរឆ្លងកាត់ទីនេះ បានស្រួល ទាំងរដូវប្រាំង និងរដូវ វស្សា ពីភូមិមួយ ទៅកាន់ភូមិមួយទៀត ជាពិសេសនោះ សមិទ្ធិផលទាំងអស់នេះ បានចូលរួមលើកកម្ពស់ សោភណ្ឌភាពទីក្រុងព្រះវិហារ នឹង តំបន់ រមណីយ៍ដ្ឋានធម្មជាតិទំនប់៩៥ កាន់តែ មានភាពស្រស់បំព្រង ខណៈដែលក្រុង ព្រះវិហារ ជា បេក្ខភាពមួយក្នុងការប្រឡងប្រណាំង ទីក្រុងស្អាត ថ្នាក់ជាតិ” ។
លោកសង្ឃឹមថា បន្ទាបពីតំបន់រមណីយ៍ដ្ឋាននេះ បានកែលម្អ ដែលបានជួយលើកកម្ពស់សោភណ្ឌភាពនៅទីនេះ កាន់តែប្លែក ស្រស់បំព្រងជាងមុន អាចទាក់ទាញភ្ញៀវទេសចរណ៍ មកលេង កម្សាន្តកាន់តែច្រើន ដែលអាចធ្វើឲ្យ អាជីវករដែលកំពុងលក់ដូរនៅតំបន់នេះ អាចនឹងទាញយក ប្រាក់ចំណូលបន្ថែមមួយកម្រិត ទៀត ពីការផ្តល់សេវាកម្មទេសចរណ៍ដល់ភ្ញៀវ ដែលទៅកម្សាន្តនៅតំបន់ រមណីយ៍ដ្ឋាននេះ នឹងធ្វើឲ្យជីវភាពពួកគាត់កាន់តែប្រសើរឡើង ។
ជាមួយគ្នានេះដែរ លោក អេង សាអឹម ជាប្រជាពលរដ្ឋរស់នៅទីនោះ បានសម្តែង នូវសេចក្តី ត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាលបានស្ថាបនាស្ពានឆ្លងកាត់ទំនប់បង្ហៀរ ទឹកនេះ ឲ្យប្រជា ពលរដ្ឋ ភ្ញៀវទេសចរណ៍ ធ្វើដំណើរបានងាយស្រួល ព្រោះកន្លងទៅ កាលពីឆ្នាំំមុនៗ ប្រជាពលរដ្ឋ នៅទីនេះ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មានការលំបាកខ្លាំងណាស់ ក្នុងការធ្វើដំណើរឆ្លងកាត់ ទំនប់ បង្ហៀរទឹកនេះ នារដូវវស្សាម្តងៗ ព្រោះទឹកបានហូរខ្លាំង រីឯការធ្វើដំណើររបស់ក្មេងៗទៅសាលារៀន ក៏បាន ជួបការ លំបាកផងដែរ អ្នកខ្លះជិះទូកឆ្លង ទៅ សាលារៀនជាដើម ។
ដោយឡែក លោក អៀង សារិន ជាអាជីវករលក់ដូរនៅតំបន់រមណីយ៍ដ្ឋាន ទំនប់ ៩៥ ក្រុង ព្រះវិហារនេះ បានរំពឹងថា ភ្ញៀវទេសចរណ៍ជាតិ ក៏ដូចជាអន្តរជាតិ នឹងមានការកើន ឡើងច្រើន ក្នុងការមក កម្សាន្តនៅរមណីយ៍ដ្ឋាននេះ ដែលធ្វើឲ្យ ពួកគាត់អាចរកប្រាក់ចំណូល បានច្រើនជាងមុន ក្នុងការលក់ដូរម្ហូប ចំណីអាហារ នឹងសេវាកម្ម ទេសចរណ៍ផ្សេងៗជូនដល់ ភ្ញៀវ ទេសចរណ៍ដែលមក កម្សាន្ត ។
សូមបញ្ជាក់ថា ការដាក់ឲ្យដំណើរការប្រព័ន្ធធារាសាស្រ្តតំបន់ទំនប់៩៥នោះ រួមមាន ស្ពានឆ្លង ទំនប់បង្ហៀរទឹក១កន្លែង ខ្នងទំនប់ក្រាលគ្រួសក្រហម២៨០០ម៉ែត្រ ស្តារប្រឡាយមេ៤ខ្សែ ប្រវែង២២០០ ម៉ែត្រ ស្ពានឆ្លងប្រឡាយ ១កន្លែង និងបង្ហៀខ្នងប្រឡាយ១កន្លែង សំណង់បញ្ចេញទឹកលើទំនប់៣កន្លែង សំណង់ស្ទាក់ទឹកលើប្រឡាយមេ៤កន្លែង សំណង់ដោះទឹកពីប្រឡាយ១២កន្លែង និងការិយាល័យ សហគមន៍ ១កន្លែង ដែលចំណាយថវិកា គម្រោងធនាគារអភិវឌ្ឍន៍អាស៊ី អេឌីប៊ី តាមរយៈក្រសួងធនធានទឹក និង ឧត្តុនិយម ៕

 

សហពន្ធ័កីឡាគុនខ្មែរគោរពវិញ្ញាណក្ខន្ធសពអាជ្ញាកណ្តាលលោកជ័យ ប៊ុនឈឿ

ខេត្តបាត់ដំបង៖ប្រធានសហពន្ធ័កីឡាគុនខ្មែរនិងក្រុមការងារចុះគោរពវិញ្ញាណក្ខន្ធនិងផ្តល់ថវិការរំលែកទុក្ខសពលោក ជ័យ ប៊ុនឈឿ អតីតកីឡាករនិងជាអាជ្ញាកណ្តាលដ៍ឆ្នើម។

នៅក្នុងឱកាសចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធនៅថ្ងៃទី១២ ខែឧសភានេះលោក តែម ម៉ឺន ប្រធានសហពន្ធ័កីឡាគុនខ្មែរកម្ពុជាបានលើកឡើងថា ក្រុមការងារនៅក្នុងសហពន្ធ័កីឡាគុនខ្មែរក៍ដូចជាបណ្តាញទូទស្សន៍នានាក្នុងប្រទេសទាំងអស់មានការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់នូវធនធានមនុស្សដ៍ឆ្នើមមួយរូប ដែលមានបុគ្គលក្ខណរួសរាយទាក់និងគួរជាទីគោរព។
ប្រធានសហពន្ធ័កីឡាគុនខ្មែរកម្ពុជាបានបន្តថា លោកគ្រូជ័យ ប៊ុនឈឿ ទោះជាបានលាចាកលោកនេះទៅហើយ ប៉ុន្តែបានបន្សល់ទុកនូវភាពជាគំរូដ៍ល្អនិងបទពិសោធន៍ជាច្រើនដល់កីឡាករ មហាជនគ្រប់រូបពិសេសសិស្សរបស់លោកផ្ទាល់បានរក្សាទុកនូវចំណេះដឹងពាក់ពន្ធ័ក្នុងវិស័យក្បាច់គុនបុរាណខ្មែរយើងអោយស្ថិតស្ថេរ។
អតីតកីឡាករដ៍ល្បីល្បាញរូបនេះ ដោយសារទេព្យកោសលនិងចំណូលចិត្តលើវិស័យកីឡាបានសម្រេចចិត្តចូលហាត់ប្រដាល់គុនខ្មែរនៅឆ្នាំ១៩៥១ហើយចូលរួមប្រកួតទទួលបានលទ្ធផលយ៉ាងល្អប្រសើរនិងមានកូនសិស្សជាច្រើន រហូតដល់ឆ្នាំ១៩៦៦បានចូលធ្វើជាអាជ្ញាកណ្តាល ពេញមួយជីវិតរបស់លោកទទួលបានលទ្ធផលល្អជាបន្តបន្ទាប់លើវិស័យកីឡាប្រដាល់។
អាជីពកីឡាករលោកគ្រូ ជ័យ ប៊ុនឈឿ បានរីកដុះដាលចេញពីទឹកដីខេត្តបាត់ដំបង លោកកើតនៅថ្ងៃពុធ ទី០៦ ឆ្នាំ១៩៣៨និងទទួលមរណៈភាពនៅវេលាម៉ោង៣និង១៥នាទីទៀបភ្លឺថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ក្នុងជន្មាយុ៦៩ឆ្នាំដោយជរាពាធ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

ព័ត៌មានជាតិ​ពេល​យប់​


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2