vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

មន្ដ្រីប្រកាសថា៖អាកាសធាតុប្រែប្រូលជីវិតមនុស្សប្រែប្រួលចូលរួមគ្នាការពារព្រៃឈើ

ខេត្តប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន អំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋទាំងអស់ ត្រូវបំផុសស្មារតីស្រលាញ់ធនធានធម្មជាតិ និងចូលរួមដាំដើមឈើ អភិរក្សព្រៃឈើ ព្រោះនេះគឺជាកតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីបង្កើតគម្របព្រៃឈើឡើងវិញ។

មានប្រសាសន៍ថ្លែងនៅក្នុង ពិធីបុណ្យ រុក្ខទិវា ៩ កក្កដា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងបរិវេណ សាលាបឋមសិក្សាបឹងព្រលឹត ស្ថិតក្នុងភូមិបឹងព្រលឹង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឯកឧត្តម កើត សុធា អភិបាលខេត្ត បានមាន ប្រសាសន៍លើកឡើងថា៖ ព្រៃឈើបានផ្សារភ្ជាប់ទៅនឹងជីវិតរបស់មនុស្សយើង ហើយ បើគ្មានព្រៃឈើទេនោះ គឺធ្វើឱ្យអាកាសធាតុមានការប្រែប្រួលខ្លាំង រដូវកាលមិនទៀងទាត់ បង្កជាគ្រោះធម្មជាតិផ្សេងៗ ដូចជា៖ អាកាសធាតុក្តៅខ្លាំងខ្វះខាតទឹកប្រើប្រាស់ ទឹកជំនន់ ព្យុះ-ភ្លៀង ខ្យល់កន្រ្តាក់ ខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវបំផុសស្មារតី ស្រលាញ់ធនធានធម្មជាតិ និងចូលរួមដាំដុះ ថែរក្សាការពារ អភិរក្សព្រៃឈើ គឺជាកតព្វកិច្ចរបស់យើងទាំងអស់គ្នា ជាពិសេសចូលរួមទប់ស្កាត់ ការកាប់ទន្រ្ទានដីព្រៃធ្វើចំការ ហើយត្រូវរួមគ្នាដាំដើមឈើឡើងវិញ ដើម្បីឱ្យខេត្តរបស់យើងមានពណ៌ប៉ៃតងស្រស់ ខ្យល់អាកាសល្អ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្ត ។
ឯកឧត្តម កើត សុធា បានបញ្ជាក់ថា៖ ជាច្រើនឆ្នាំមកនេះ យើងបាននាំគ្នាដាំដើមឈើ បានច្រើនណាស់ តែជាលទ្ធផលដើមឈើជាច្រើនត្រូវបានងាប់ទៅវិញដោយកត្តាផ្សេងៗ ។ដូច្នេះយើងត្រូវរួមគ្នាកែរប្រែឥរិយាបទនេះ ដោយត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការដាំ ការថែទាំ ដើមឈើរបស់យើង ឱ្យរស់រានមានជីវិត ធំលូតលាស់បានល្អ។
នៅក្នុងឱកាសនោះ ឯកឧត្តម ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៍ដូចជាស្ថាប័នពាក់ព័ន្ធ កងសម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាអនុវត្តបទបញ្ជាររបស់រាជរដ្ឋាភិបាល ឱ្យបានសម្រេចជោគជ័យ និងមានប្រសិទ្ធភាពបំផុត ដោយរួមសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ គ្រប់ជាន់ថ្នាក់ និងសូមឱ្យជនទាំងឡាយណា ដែលមានការពាក់ព័ន្ធ នូវទង្វើរំលោភច្បាប់ ស្តីពីព្រៃឈើត្រូវឈប់ជាបន្ទាន់។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ខេត្ត បានមានប្រសាសន៍លើកឡើងថា៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន គឺផ្តោតការយកចិត្តទុក្ខដាក់លើការគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ សំដៅធានាឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបរិស្ថានសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន ក៍ដូចជាសម្រាប់អនាគត់ផងដែរ។
លោកគ្រូ ស៊ិន វុធធឿន នាយកសាលាបឋមសិក្សាបឹងព្រលឹត បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានផ្តល់ដើមឈើគ្រប់ប្រភេទ សម្រាប់ដាំនៅក្នុងបរិវេណសាលា និងតាមដងផ្លូវ ដើម្បីបង្កើតគម្របព្រៃឈើឡើងវិញ ជាពិសេសការប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដានេះឡើង គឺបានផ្តល់នូវការយល់ដឹងដល់សិស្សានុសិស្ស ស្តីពីគុណប្រយោជន៍ របស់ព្រៃឈើ សម្រាប់ការរស់នៅក្នុងពេលបច្ចុប្បន្ន និងនៅពេលអានាគត់។
បើតាមរបាយការណ៍របស់លោក ឱម វីរៈ នាយផ្នែករដ្ឋបាលព្រៃឈើខេត្តប៉ៃលិនបានឱ្យដឹងថា៖ យោងតាមផែនទីគម្របព្រៃឈើ ឆ្នាំ២០១០ គម្របព្រៃឈើនៅក្នុងខេត្តប៉ៃលិន មានចំនួន ៤៥៣៣៨ហិចតា គ្រប់គ្រងដោយ មន្ទីរបរិស្ថានខេត្ត ចំនួន ៣៨០៧៦ហិចតា ហើយកូនឈើដែលបានយកមកដាំ និងចែកជូនប្រជាពលរដ្ឋនាពេលនោះ សរុបមានចំនួន ៣៥០០ដើម ក្នុងនោះមានដើម លឿងរាជ ដើមក្ងោក ដើមត្របែកព្រៃ ដើមបេង គគីរ និងក្រញូង ដោយបានដាំតាមដង ផ្លូវជាតិលេខ៥៧ ចាប់ពីភូមិរថក្រោះឆេះ រហូតដល់ភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕

 

មន្ដ្រី៖ចុងឆ្នាំ២០១៧ផ្លូវដែកនឹងបន្តដំណើរការសាងសង់ដល់ព្រំប្រទល់ខេត្តពោធិ៍សាត់

ខេត្តបាត់ដំបង៖នៅចុងឆ្នាំ២០១៧នេះដំណើរការសាងសង់កែលំអផ្លូវរថភ្លើងនិងអាចបន្តដល់ព្រំប្រទល់ប៉ែកខាងកើតខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់។នេះបើតាមកាអះអាងអ្នកនាំពាក្យបានអោយដឹងនៅថ្ងៃនេះ។

អ្នកនាំពាក្យរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជួនបានអោយដឹងនៅថ្ងៃទី២៦ ខែកក្តដានេះថា ដំណើរការសាងសង់ផ្លូវរថភ្លើងក្នុងកំណាត់ខ្សែររថភ្លើងពីព្រំដែនប្រទេសថៃខេត្តបន្ទាយមានជ័យទៅកាន់ក្រុងភ្នំពេញ បច្ចុប្បន្នការជួសជុលកែលំអបានបន្តដល់ទីរួមស្រុកថ្មគោល ខេត្តបាត់ដំបងហើយដែលជាគោលការណ៍និងអាចបន្កដំណើរការជួសជុលកែលំអរមកដល់ព្រំប្រទល់ខេត្តពោធិ៍សាត់នៅចំណាច់ឆ្នាំ២០១៧។
លោកបន្តថា៖ ដើម្បីតភ្ជាប់ផ្លូវដែក១ខ្សែនេះបាន ពិសេសក្នុងកំណាត់ផ្លូវចាប់ពីខេត្តពោធិសាត់ទៅដល់ស្ថានីយ៍រថភ្លើងទីក្រុងភ្នំពេញត្រូវការប្រើប្រាស់ថវិការចំនួន៣០លានដុល្លាអាមេរិក ប៉ុន្តែថវិកាដែលរដ្ឋាភិបាលផ្តល់អោយត្រឹម២០លានដុល្លប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដូច្នេះយោងតាមទំហំទឹកប្រាក់ខាងលើមិនអាចតភ្ជាប់ផ្លូវដែក១ខ្សែនេះបានទេត្រឹមឆ្នាំ២០១៨ អាចនិងពន្យាពេលរងចាំថវិកាក្នុងគម្រោងឆ្នាំ២០១៩បន្តទៀតដើម្បីភ្ជាប់ផ្លូវដែកខ្សែរថពីតំបន់ដែនព្រំដែនខេត្តបន្ទាយមានជ័យមកកាន់ទីក្រុងភ្នំពេញ។
ពាក់ពន្ធ័ការជួសជុលនិងកែលំអរផ្លូវដែកកំណាត់ក្នុងខេត្តបាត់ដំបងនេះដែរក្រុមអ្នកមានរបរបើកនរីដឹកភ្ញៀវទេសចរណ៍នៅតំបន់ចំណតរថភ្លើងឋិតភូមិអូរដំបង ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបងកំពុងព្រួយបារម្មណ៍ពីការប៉ះពាល់ដល់មុខរបររបស់ពួកគាត់សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ ពួកគាត់សំណូមពរអោយក្រុមបច្ចេកទេសជួសជុលកែលំអររំលងពីតំបន់ដែលពួកគាត់កំពុងរកទទួលទានចាំដំណើរការសាងសង់កែលំអររួចរាល់នៅគ្រប់តំបន់ហើយចាំបន្តធ្វើនៅតំបន់របស់ពួកគាត់ក្រោយគេ។
ជាមួយគ្នានេះដែរអភិបាលខេត្តបាត់ដំបង ឯកឧត្តម ចន្ទ័ សុផល កន្លងមកធ្លាប់លើកឡើងថា អាជ្ញាធរខេតគ្រោងសាងសង់ផ្លូវដែក១ខ្សែផ្សេងទៀតសម្រាប់នរីរត់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ព្រោះភ្ញៀវទេសចរណ៍ទាំងជាតិ អន្តរជាតិកំពុងចាប់អារម្មណ៍ខ្លាំង ចង់ស្គាល់ ចង់ជិះនរីលេងកំសាន្ត៕

 

 

ក្រុមហ៊ុនជប៉ុនគ្រោងវិនិយោគលើខ្សែកាប ឬទោងទេសចរណ៍ នៅរមណីយដ្ឋាន​ធម្មជាតិភ្នំ​គូលេន

ភ្នំពេញ៖ក្រុមហ៊ុនជប៉ុនមានគ្រោងវិនិយោគលើខ្សែកាប ឬទោងទេសចរណ៍ នៅរមណីយដ្ឋាន​ធម្មជាតិភ្នំ​គូលេនដើម្បីទាក់ទាញទេសចរណ៍។

នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្ត​សៀម​រាបកាលពីថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១៧ លោក តាកេសស៊ី កាវ៉ាម៉ូតូ ប្រធានផ្នែករដ្ឋ​បាល​ក្រុមហ៊ុន ប៊ូគេន បានថ្លែងថា ក្រុមហ៊ុនរបស់លោកមានគ្រោងវិនិយោគលើខ្សែកាប ឬទោង​ទេស​ចរណ៍នៅ​រមណីយដ្ឋានធម្មជាតិភ្នំគូលេន ដែលគម្រោងនេះ និងផ្តល់ការងារជាច្រើន​ដល់ប្រជា​ពលរដ្ឋដោយ​ផ្សាភ្ជាប់ទៅនឹងរុក្ខជាតិ និងបរិស្ថាន ។

លោកបន្តថា គម្រោងនេះ មានសារៈប្រ​យោជ​ន៍រួមមាន ការ​ទាក់​ទាញភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្តឲ្យបានច្រើន បង្កើតកន្លែងទេសច​រណ៍​ធម្មជាតិបាន​ច្រើន ផ្តល់ការងារដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងជួយធ្វើឲ្យភ្ញៀវទេ​សចរស្នាក់​នៅកម្ពុជាបានយូ។លោកបន្តថា គោលដៅរបស់ក្រុមហ៊ុន និងរៀបចំ តំបន់ភ្នំគូលេននេះ ឲ្យទៅជាតំបន់មួយ ដែលប្រ​ជាពលរដ្ឋមានចំណាប់អារម្មណ៍ ក្នុងការដើរកម្សាន្ត និង មកដោះជំរុំ ស្នាក់នៅ និង ធ្វើឲ្យភ្នំគូលេន​ក្លាយ​ទៅជាប្រព័ន្ធដែនទេសចរណ៍ធម្មជាតិកាន់តែអស្ចារ្យ។

ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា វិស័យសេដ្ឋកិច្ច​របស់ខេត្ត​សៀមរាប គឺពឹងផ្អែកលើវិស័យទេសចរណ៍ និងកសិកម្ម ដោយមានប្រជាពលរដ្ឋប្រមាណ ៨០%ជា​ប្រជាកសិករ។ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការស្វាគមន៍ និងគំាទ្រ ចំពោះគម្រោងរបស់ក្រុមហ៊ុន ប៊ូគេន ប្រទេសជប៉ុន ដែលមានគម្រោង វិនិយោគ សម្រាប់វិស័យទេសចរណ៍នៅខេត្តសៀមរាប នៅរមណីយដ្ឋានភ្នំគូលេន ក្នុងការទាក់ទាញដល់ភ្ញៀវស្នាក់នៅបានយូថ្ងៃទៀតផង ។

ឯកឧត្តមបានជម្រាប់ដល់ក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់លើការសិក្សាឲ្យ ហ្មត់ចត់នឹងស៊ីជម្រៅ ទៅ​លើផលប៉ះពាល់បរិស្ថាន និងការងារទេសចរណ៍ រួមទាំងកសិកម្មមុននឹងកិច្ចដំណើរការ វិនិយោគ លើ​ខ្សែកាប ឬទោងទេសចរណ៍ ។

ម៉្យាងទៀតក្រុមហ៊ុន ក៏ត្រូវធ្វើការទំនាក់ទំនង ជាមួយក្រសួង បរិស្ថាន ទេសចរណ៍ និងកសិកម្ម ដើមី្បទទួលបានការអនុញ្ញាតច្បាប់ ក្នុងការធ្វើអាជីវ​កម្មទោង​ទេសច​រណ៍ នៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលេននេះ៕

 

 

ចំនួនភ្ញៀវទេសចរណ៍មកកម្សាន្តខេត្តព្រះវិហារ កើនឡើងជាង៣០% ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ

ខេត្តព្រះវិហារ៖មន្ដ្រីទេសចរណ៍ខេត្តព្រះវិហារបានអោយដឹងថា៖យោងតាមតួរលេខ ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានចូលមកកម្សាន្ត នៅក្នុងតំបន់រមណីយ៍ដ្ឋានធំៗចំនួន៤កន្លែងក្នុងខេត្តព្រះវិហារ មានការកើនឡើងប្រមាណជាង៣០% ក្នុងឆមាសទី១ឆ្នាំ២០១៧នេះ មន្រ្តីជំនាញអះអាងថា ការកើនឡើងនេះ ដោយសារតែឆ្នាំនេះ អាកាស ធាតុអំណោយផលដល់ការកម្សាន្ត របស់ភ្ញៀវទេសចរណ៍ ដោយឡែកផ្លូវគមនាគមន៍មកកាន់រមណីយ៍ ដ្ឋានក៏មានភាពងាយស្រួល ។

ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាស លោក ហុង វឌ្ឈីន មន្រ្តីស្ថិតិ នៃមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឲ្យដឹងថា ៖"ការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកកម្សាន្ត នៅតំបន់ រមណីយ៍ដ្ឋានធំៗ នៅក្នុងខេត្តព្រះវិហារ ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ ដោយសារតែ ឆ្នាំ២០១៧នេះ អាកាសធាតុ នៅរដូវប្រាំងពុំមានលក្ខណៈក្តៅខ្លាំង បើប្រៀបធៀបនឹងឆ្នាំ២០១៦កន្លងទៅ ដូច្នេះហើយ ភ្ញៀវទេសចរណ៍ទាំងភ្ញៀវជាតិ និងអន្តរជាតិ អាចមកកម្សាន្តបាន រីឯផ្លូវគមនាគមន៍ ក៏ងាយស្រួល មានភាពងាយស្រួលធ្វើដំណើរទាំងរដូវប្រាំង និងរដូវវស្សា" ។
លោក ចាន់ ឆន មន្រ្តីទទួលបន្ទុកព័ត៌មាន នៃអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងថា ភ្ញៀវទេសចរណ៍ជាតិ ក៏ដូចជាអន្តរជាតិ ដែលបានឡើងទៅកម្សាន្តលើកំពូលភ្នំ នៃតំបន់រមណីយ៍ដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ ក្នុង១ថ្ងៃៗ ចន្លោះពី២៥០ ទៅ៣៥០នាក់ ។ លោកថា ភ្លៀងបាន ធ្លាក់ តែនៅពេលយប់តែប៉ុណ្ណោះ ដោយពុំមានឧបសគ្គ រារាំង ក្នុងការចូលទៅកម្សាន្តនោះដោយអាកាស ធាតុភ្លៀងធ្លាក់ ឬក៏ក្តៅខ្លាំង នៅពេលថ្ងៃនោះទេ ។
ដោយឡែក លោក ទុយ រ៉ានី អនុប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍តំបន់ រមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទកោះកែរ នៃអាជ្ញាធរជាតិព្រះវិហារ ធ្លាប់បានលើកឡើងថា អាជ្ញាធរ ជាតិព្រះវិហារ គ្រោងនឹងពង្រីកនូវកន្លែងសេវាកម្មទេសចរណ៍ កែលម្អផ្លូវចូលទៅកាន់តំបន់រមណីយ៍ដ្ឋាន រៀបចំ សណ្តាប់ធ្លាប់ចំណតយានយន្ត និងសញ្ញាបង្ហាញតំបន់ទេសចរណ៍ជាដើម ឲ្យកាន់តែល្អ និងងាយស្រួលដល់ភ្ញៀវ ទេសចរណ៍ ចូលមកកម្សាន្តនៅតំបន់រមណី៍ដ្ឋានមួយនេះកាន់តែច្រើនឡើងថែមទៀតពី១ឆ្នាំ ទៅ១ឆ្នាំ ។
ជាមួយគ្នានេះ លោក លី អៀងឡុង ជាភ្ញៀវទេសចរណ៍ជាតិ មកពីរាជរធានីភ្នំពេញ បានសម្តែង នូវក្តីរំភើបរីករាយ បន្ទាប់ពីរូបលោក ជាមួយក្រុមគ្រួសារ និងជាលើកទី១ ដែលបានមកលេងកម្សាន្ត នៅតំបន់រមណីយ៍ដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្តប្រាសាទកោះកែរ ដែលសំបូរទៅដោយប្រាសាទតូចៗនានា ជាច្រើន រួមជាមួយទេសភាពធម្មជាតិដ៏ស្រស់បំព្រងគួរឲ្យចង់មកកម្សាន្ត ។

លោកថា នៅតំបន់រមណីយ៍ ដ្ឋានមួយនេះ ទេសចភាពបរិស្ថានមានភាពស្អាតល្អណាស់ ពុំឃើញមានសំរាម ឡើយ ដោយឃើញមាន អ្នកអនាម័យ និងមានធុងសំរាមជាច្រើននៅតាមប្រាសាទនីមួយៗ តែទោះជាយ៉ាងណា លោក ក៏សំណូម ពរឲ្យភ្ញៀវទេសចរណ៍ទាំងអស់ ត្រូវបន្តថែរក្សាបរិស្ថាននៅក្នុងតំបន់រមណីយ៍ដ្ឋានមួយនេះ ឲ្យកាន់ តែស្អាត បន្ថែមទៀត ចៀសវាងការចោលសំរាមផ្តេសផ្តាស ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ បង្ហាញ ថា នៅតំបន់រមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ ភ្ញៀវទេសចរណ៍ជាតិ ទៅកម្សាន្ត មានចំនួន ៥៨,៨៣៤នាក់ កើនឡើង ៣៥.៣០% ភ្ញៀវអន្តរជាតិ មានចំនួន ១២,០៣០នាក់ កើនឡើង ៧% ។

តំបន់រមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទកោះកែរ ភ្ញៀវជាតិ មានចំនួន ៣៥,៥៨៥នាក់ ថយចុះ១៧.៩៩% ភ្ញៀវអន្តរជាតិ មានចំនួន ១៥,៨៦១នាក់ កើនឡើង ៣៣.៤៦% ។ តំបន់រមណីយ៍ដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះខ័នកំពង់ស្វាយ ភ្ញៀវជាតិ មានចំនួន ២៩,១៣០នាក់ កើនឡើង ៤៧.៦០% ភ្ញៀវអន្តរជាតិ មានចំនួន ៣៥០នាក់ កើនឡើង១៣៨% ។ តំបន់រមណីយ៍ដ្ឋាន ធម្មជាតិ ទឹកជ្រោះព្រះនិមិត្តព្រំដែនកម្ពុជាឡាវ ភ្ញៀវជាតិ មានចំនួន ៤៥,២១៩នាក់ កើនឡើង៣៦៨% ភ្ញៀវអន្តរ ជាតិ មានចំនួន ៧៧៨នាក់ កើនឡើង ៤១៨% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦កន្លងទៅ ៕

 

សម្ដេចហ៊ុនសែនបន្ដប្រកាសថា៖"គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ"

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបន្ដប្រកាសថា៖"គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ"។​តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្ដ្រីបានសរសេរថា៖"ការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមកដល់សព្វថ្ងៃនេះ គឺបានបង្ហាញអោ​យ​ប្រជាពលរដ្ឋបានឃើញច្បាស់នូវការរីកចម្រើនពិតរបស់កម្ពុជា។ សន្តិភាព បានផ្តល់ឱកាសអោយយើងកសាងប្រទេ​ស​ជាតិបានលឿនឆ្ពោះទៅមុខ។មានសន្តិភាពយូរអង្វែង មានការរីកចម្រើនយូរអង្វែង។

សព្វថ្ងៃនេះអ្នកវិនិយោគទុនជាតិ និងអន្តរជាតិមានជំនឿទុកចិត្តយ៉ាងខ្លាំង លើការដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តីដែលធានាបាននូវបរិយាកាសវិនិយោគល្អជាមួយនឹងស្ថេរភាពនយោបាយ និងសន្តិសុខសង្គម មិនដូចការបំពុលនិងបំផ្លើសព័ត៍មានអាក្រក់ពីក្រុមខិលខូចមួយចំនួនឡើយ។ ទន្ទឹមនឹងនេះដែរ កំណើនទេសចរណ៍ក៏កំពុងកើនឡើងយ៉ាងខ្ពស់ ដែលយើងរំពឹងទុកថានឹងកើនដល់៥ លាន នាក់ក្នុង១ឆ្នាំ។ ប្រជាពលរដ្ឋរីករាយសាទរដោយទទួលបាននូវការងារសមស្រប និងមុខរបរតូចធំជាមួយប្រាក់ចំណូលសមរម្យដែលធ្វើអោយជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។

ចាប់តាំងពីពេលបោះឆ្នោតឃុំសង្កាត់មកទល់ពេលនេះ ចំនួនបងប្អូនប្រជាពលរដ្ឋដែលបានចូលជាសមាជិកគណបក្សប្រជា​ជន ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុងនិងក្រៅប្រទេស។ នេះគឺបង្ហាញអោយឃើញកាន់តែច្បាស់ថា គណ​បក្សប្រជាជននឹងទទួលជ័យជំនះនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ជាបន្តទៀត៕

តំបន់ទេសចរណ៍ក្នុងខេត្តរតនគិរី៥កន្លែងទាក់ទាញបានភ្ញៀវច្រើនជាងគេ

ខេត្តរតនគិរី៖ ជាខេត្តមួយដែលនៅដាច់ស្រយាលជាងគេពីរាជធានីភ្នំពេញ ដែលមានចំងាយផ្លូវ៥៨៨គីឡូម៉ែត្រ បើគិតជាចំងាយផ្លូវពីរាជធានីទៅបណ្ដាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយក៏ជាខេត្តមួយដែលទើបនិងប្រែមុខមាត់ថ្មី លើវិស័យទេសចរណ៍ និងរីកដុះដាលផ្នែកដំណាំកសិឧស្សាហកម្មផងដែរ។
ខេត្តរតនគិរីកាលដើមឡើយជាខេត្តមួយនៅកណ្ដាលទ្រូងព្រៃ ដែលមានជនជាតិដើមភាគតិចរស់នៅ៨ជនជាតិ គឺជនជាតិចារាយ ទំពួន គ្រឹង ព្រៅ កាវ៉ែត កាចក់ ព្នង និងជនជាតិលន់ បើសរុបចំនួនប្រជាពលរដ្ឋរស់នៅក្នុងខេត្តនេះមានតិចតួចណាស់។ ប៉ុន្តែក្រោយថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ឆ្នាំ២០១៧នេះ គេសង្កេតឃើញខេត្តរតនគិរី បានកែប្រែមុខមាត់ថ្មី ដែលមានប្រជាពលរដ្ឋរស់នៅកើនឡើងដល់ទៅជាង ១៨ម៉ឺននាក់ មាន៨ស្រុក ក្រុង១។
មានតំបន់ទេសចរណ៍ធម្មជាតិ ចំនួន១៤កន្លែង គឺបឹងយក្សឡោម ទឹកជ្រោះកាចាញ ភ្នំឥស្សីបតមៈ ស្ថិតក្នុងក្រុងបានលុង ទឹកជ្រោះចាអ៊ុង វាលថ្មរំប្លង់ ស្ថិតក្នុងស្រុកអូរជុំ ទឹកជ្រោះកាទៀង ទឹកជ្រោះអូរស៊ិនលែរ៍ ទឹកជួរតាតតៃ បឹងលំកុដ យក្សអោម យក្សការ៉ា ជម្រកសត្វព្រៃ ស្ថិតក្នុងស្រុកលំផាត់ ឧទ្យានជាតិវិរៈជ័យ ស្ថិតក្នុងស្រុកតាវែងនិងស្រុកវើនសៃ ទឹកជួរទឹង ស្ថិតក្នុងស្រុកតាវែង កោះសំពៅ ស្ថិតក្នុងស្រុកកូនមុំ។
ចំណែកសណ្ឋាគារ មានចំនួន១៤ ស្មើនិង ៥៤៨បន្ទប់ ផ្ទះសំណាក់មានចំនួន៣៦ ស្មើនិង ៥៤១បន្ទប់ ភោជនីយដ្ឋាន អាហារដ្ឋានមានចំនួន ៣៨កន្លែង ស្មើនិង ១៩៥៦កៅអី និងខារ៉ាអូខេ មានចំនួន១៣កន្លែង ស្មើនិង៨៧បន្ទប់។ ក្នុងចំណោមសណ្ឋាគារទាំង១៤នោះ មានរីសត(អាងងូតទឹកលេង) ជិត១០កន្លែង។
ហើយក្នុងក្រុង សំណង់អាគាររដ្ឋ និងឯកជន បានផុសឡើងព្រោងព្រាត ជាបន្តបន្ទាប់ ផ្លូវលំក្នុងខេត្ត តភ្ជាប់ពីស្រុកមួយទៅស្រុកមួយ ពីភូមិមួយទៅភូមិមួយទៀត ត្រូវបានស្ថាបនាជាផ្លូវកៅស៊ូ និងផ្លូវលំក្រាលគ្រោះក្រហម ធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការដឹកកសិផលទៅរកទីផ្សារ និងក្រុមឈ្មួញងាយស្រួល ចូលទៅទិញកសិផល ដល់ទីតាំងផងដែរ។
ចំណែកដំណាំកសិឧស្សាហកម្ម ដូចជាចំការកៅស៊ូ ចំការម្រេច និងចំការស្វាយចន្ទី រាប់ម៉ឺនហិតា ធ្វើឲ្យប្រជាពលរដ្ឋ នៅខេត្តផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា កាត់បន្ថយការធ្វើចំណាកស្រុក ទៅធ្វើកម្មករនៅក្រៅប្រទេស មកប្រកបមុខរបរ និងកម្មករ នៅខេត្តមួយនេះរាប់ម៉ឺននាក់។
លោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី បានឲ្យដឹងថា ក្នុងចំណោមតំបន់ទេសចរណ៍ទាំង១៤ក្នុងខេត្ត មានតំបន់ទេសចរណ៍ចំនួន៥កន្លែង ដែលមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅលេងច្រើនជាងគេ គឺ បឹងយក្សឡោម អូរសិនលែរ៍ ទឹកជ្រោះកាចាញ ទឹកជ្រោះចាអ៊ុង និងទឹកជួរតាតតៃ ដែលភ្ញៀវទៅលេង ក្នុង១ឆ្នាំ ជាង ១ម៉ឺននាក់ ដោយឡែកបឹងយក្សឡោម មានភ្ញៀវទៅលេងជាង៣ម៉ឺននាក់ ក្នុង១ឆ្នាំ។
បើទោះជា ខេត្តរតនគិរីមានការរីកដុះដាល លើគ្រប់វិស័យយ៉ាងនេះក្ដី តែគេសង្កេតឃើញវិស័យទេសចរណ៍ គ្រាដែលមានពិធីបុណ្យម្ដងៗ សណ្ឋាគារ ផ្ទះសំណាក់ មិនគ្រប់គ្រាន់តាមតម្រូវការ ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិនោះទេ ដែលបណ្ដាលឲ្យភ្ញៀវ ត្រូវបង្ខំចិត្ត សំរាកលើឥតការ៉ូក្នុងផ្ទះសំណាក់ សុំផ្ទះប្រជាពលរដ្ឋសំរាកផដែរ ៕

 

ក្រសួងទេសចរណ៍បើកកិច្ចប្រជុំបូកសរុបការងារក្រោយកម្ពុុជាស្វាគមន៍ជាង២លាននាក់ក្នុងឆមាសទី១

ភ្នំពេញ៖ក្រសួងទេសចរណ៍បានបើកកិច្ចប្រជុំបូកសរុបការងារក្រោយកម្ពុុជាស្វាគមន៍ជាង២លាននាក់ក្នុងឆមា​ស​ទី១ហើយសង្ឃឹមថានឹងទទួលបានជាង៥លាន៥សែននាក់ក្នុងឆ្នាំ២០១៧នេះ។នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍។

ប្រភពបានបន្ដថា៖កាលពីឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ និងទេសចរជាតិជាង ១០លាននាក់។ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ២.៣លាននាក់ កើនឡើង១២%។ ក្នុងឆ្នាំ២០១៧ កម្ពុជារំពឹងទុកថានឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច ៥.៥លាននាក់ និងឆ្នាំ២០២០ នឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច ៧លាននាក់ ជាមួយនឹងចំណូលចូលសេដ្ឋកិច្ចជាតិជាង ៥,០០០លានដុល្លារ និងផ្ដល់ការងារដោយផ្ទាល់ជូនប្រជាជនជិត ១លាននាក់ផងដែរ។ចំណែកនិន្នាការទេសចរណ៍សកលលោក នាពេលបច្ចុប្បន្ន គឺប្រមាណ៤៥% ចូលចិត្តទេសចរណ៍វប្បធម៌, ប្រមាណ២៣% ចូលចិត្តទេសចរណ៍តំបន់ឆ្នេរសមុទ្រ និងក្រៅពីនេះ គឺអេកូទេសចរណ៍ និងទេសចរណ៍ផ្សេងៗទៀត។

ជាមួយគ្នានេះដើម្បីឆ្លើយតបទៅនិងនិន្នាការនៃកំណើនទេសចរចិន និងទេសចរអន្តរជាតិ និងបំពេញតាមសេចក្តីត្រូវការប្រកបដោយការពេញចិត្តរបស់ភ្ញៀវទេសចរមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ លោក ថោង ខុន បានលើកឡើងអំពីភាពចាំបាច់នៃការពង្រឹងសេវាកម្មឲ្យល្អប្រកបដោយគុណភាពក្នុងឧស្សាហកម្មទេសចរណ៍ ដោយត្រូវការធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពពិតប្រាកដ បានយ៉ាងតិច ៤០% គ្រាដែលបច្ចុប្បន្ននេះ មានអ្នកកំពុងបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ប្រមាណ ៦២ម៉ឺននាក់ ហើយដើម្បីត្រៀមទទួលទេសចរណ៍៧លាននាក់នៅក្នុងឆ្នាំ២០២០ យើងត្រូវការធនធានមនុស្សបន្ថែមទៀតរហូតដល់ប្រមាណ ៨០ម៉ឺននាក់។

កន្លងមកក៏បានស្នើសុំភាគីចិនជួយដល់ការបណ្តុះបណ្តាលមគ្គុទេសក៏ទេសចរណ៍ភាសាចិនបន្ថែមទៀត ខណៈដែលបច្ចុប្បន្ន មគ្គុទេសក៏ទេសចរណ៍និយាយភាសាចិននៅមានកម្រិតនៅឡើយទាំងបរិមាណ និងគុណភាព (ប្រមា​ណ៩០០នាក់)។

ចំណែ្កក្នុងពិធីប្រកាសបើកពិធីសន្និបាតលោក រដ្ខមន្ត្រីនិងសន្និបាតទាំងមូលបានប្រកាសអបអរសាទរចំពោះការដែលប្រាសាទសំបូរព្រៃគុកត្រូវបានសំរេចចុះក្នុងបញ្ជីបីតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៨កក្កដា២០១៧នេះដោយមហាសន្និបាតនៃគណកម្មាធិការបិតិកភណ្ឌពិលោកនៅទី ក្រុង Karakow ប្រទេស ប៉ូឡូញ។
បន្ទាប់មក អង្គប្រជុំបានបន្តពិនិត្យ និងឆ្លុះបញ្ចាំងទៅលើរបាយការណ៍លទ្ធផលដែលក្រសួងទេសចរណ៍សម្រេចបាននៅក្នុងឆមាសទី១ ឆ្នាំ២០១៧ អំពីបញ្ហាប្រឈម និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៧ ដែលឡើងរាយការណ៍សង្ខេបដោយ អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សហកម្មទេសចរណ៍ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។
បន្ទាប់ពីលោកហោ សារុន អនុរដ្ឋលេខាធិការ ឡើងរាយការណ៍ពីលទ្ធផលការងាររបស់គណៈកម្មាការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរ និងអ្នកដំណើរនៅតំបន់ច្រកព្រំដែនអន្តរជាតិ និងច្រកទ្វារ អន្តរជាតិ និងការឡើងធ្វើបទបង្ហាញដោយលោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ស្តីពីវឌ្ឍនភាពនៃដំណើរ ការរៀបចំចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១ ឆ្នាំ២០១៧ រួចមក ឯកឧត្តម ថោង ខុន ប្រធាន អង្គប្រជុំ បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង និងមន្ទីរទេសចរណ៍រាជធានីខេត្ត ដូចខាងក្រោម៖
១-ពង្រឹងការគ្រប់គ្រងអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធ Online និងធ្វើអោយសេវាខិតជិតប្រជាពលរដ្ឋ ពោលគឺត្រូវផ្តល់សេវាសាធារណៈជូនអតិថិជន អាជីវករ និងសេវាករ អោយបានលឿនរហ័ស និងមានតម្លាភាព។
២-ជម្រុញការរៀបចំស្តង់ដារគ្រប់សេវាកម្មទេសចរណ៍ទាំងអស់ (សេវាមួយ ស្តង់ដារមួយ) ពិសេសយកចិត្តទុកដាក់ដល់ស្តង់ដារ MICE ស្តង់ដារសណ្ឋាគារបៃតង និងជម្រុញការរៀបចំស្តង់ដារសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក (River Cruise និង Ocean Cruise)។
៣-បន្តពង្រឹងយន្តការគ្រប់គ្រងមគ្គុទ្ទេសក៏ទេសចរណ៍ តាមប្រព័ន្ធ QR Code ដោយត្រូវសហការគ្នាជាប្រព័ន្ធជាមួយនគរបាលទេសចរណ៍ និងអង្គភាពពាក់ព័ន្ធ។ ជម្រុញការបណ្តុះបណ្តាលមគ្គុទ្ទេសក៏ទេសចរណ៍ បើកវគ្គវិក្រឹត្យការ មគ្គុទ្ទេសក៏ទេសចរណ៍ និងការរៀបចំប្រលងជ្រើសរើសសេវាមគ្គុទ្ទេសក៍ទេសចរណ៍ឆ្នើម។
៤-ជម្រុញការបង្កើតគណៈកម្មការដោះស្រាយវិវាទទេសចរណ៍
៥-ជម្រុញចលនាទេសចរណ៍ក្នុងស្រុក ដោយសហការជាមួយផ្នែកឯកជនរៀបចំជាកញ្ចប់ទស្សនកិច្ចក្នុងស្រុក និង ពង្រឹងការគ្រប់គ្រងមណ្ឌលព័ត៌មាន និងបញ្ជរព័ត៌មានទេសចរណ៍នៅតាមរាជធានី-ខេត្ត ទូទាំងប្រទេស។
៦-ជម្រុញការគ្រប់គ្រង និងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ ដោយត្រូវធ្វើឲ្យមានការប្រែប្រួល និងមានស្តង់ដារ ច្បាស់លាស់ ពិសេសគឺត្រូវរៀបចំអោយមានអ្នកគ្រប់គ្រង (Site Manager) និងមានផែនការមេអភិវឌ្ឍន៍ (Master Plan) ព្រមទាំងជម្រុញការរៀបចំ និងបង្កើតសហគមន៍ទេសចរណ៍ ដោយសហការជាមួយក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ។
៧-បង្កើនការឃោសនា និងផ្សព្វផ្សាយទេសចរណ៍នៅតាមទីផ្សារទេសចរណ៍សំខាន់ៗ ពិសេសទីផ្សារចិន តាមរយៈការចូលរួមពិព័រណ៍ និងធ្វើ Road Show ពង្រឹងការផ្សព្វផ្សាយតាម Digital Marketing (Website, Facebook, Mobile App) ការផលិត Spot Video ផ្សព្វផ្សាយទេសចរណ៍កម្ពុជាដើម្បីយកទៅក្រៅប្រទេស និងការរៀបចំបង្កើតក្រុមប្រឹក្សា សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាអោយបានរហ័ស។
៨-ជម្រុញការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍នៅតាមរាជធានីខេត្តទាំងអស់ និងជម្រុញទាក់ទាញ ការវិនិយោគលើវស័យទេសចរណ៍។
៩-ជម្រុញការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងក្របខណ្ឌទ្វេភាគី ត្រីភាគី ពហុភាគី ក្របខណ្ឌតំបន់ និងពិភពលោក។
១០-ជម្រុញការរៀបចំបង្កើតព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងកីឡា អោយបានច្រើន។
១១-ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយត្រូវពិនិត្យ និងរៀបចំមន្រ្តី បម្រើការនៅតាមអង្គភាពនិមួយៗអោយស្របទៅនឹងសមត្ថភាព និងជំនាញជាក់ស្តែង។
១២-ពង្រឹងប្រសិទ្ធភាពការងាររបស់វិទ្យាស្ថានជាតិទេសចរណ៍ដែលទើបបង្កើតថ្មីុ៕

 

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្តេជ្ញា​ទប់ស្កាត់​កញ្ចប់​ទស្សនកិច្ចថ្លៃសូន្យដែលបានបោកប្រាស់ភ្ញៀវទេសចរ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្តេជ្ញា​ទប់ស្កាត់​កញ្ចប់​ទស្សនកិច្ចថ្លៃសូន្យដែលបានបោកប្រាស់ភ្ញៀវទេសចរធ្វើ​ឲ្យ​​​ប៉ះ​​​ពាល់​​ជាអវិជ្ជមានដល់វិស័យទេសចរកម្ពុជា និងកិត្តិយសជាតិខ្មែរ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពី ការទប់ស្កាត់​​សកម្មភាព​​លក់​​កញ្ចប់​ទស្សនកិច្ចថ្លៃសូន្យនេះ ដោយបានស្នើឲ្យការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ មគ្គទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិ​​ក​រទេសចរ​ណ៍ទាំងអស់ ចូលរួមបំបាត់។
ថ្លែងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា នៅសណ្ឋាគារភ្នំពេញ នៅក្នុង វេទិកាជួបជុំការីទេសចរណ៍ និងភ្នាក់ងារទេសចរ​​ណ៍​​លើក​ទី១ លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមាន​ប្រសាសន៍ថា៖ អ្នកប្រករបក្នុងវិស័យទេសចរណ៍ទាំងអស់ត្រូវតែ​គោរព និងអនុវត្តតាមច្បាប់ស្តីពីទេសចរណ៍ ក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ការីទេសចរណ៍ និងភ្នាក់​​ងារទេ​សចរណ៍ដោយសុំច្បាប់អនុញ្ញាតិប្រកបអាជីវកម្មពីក្រសួងជាមុន។
ការអំពាវនាវឲ្យមានការចូលរួមលុបបំបាត់ សកម្មភាពលក់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យ ឬZero Cost Tour នេះ បាន​​​​ធ្វើ​​ឡើង​បន្ទាប់ពីកន្លងមានបុគ្គលមួយចំនួន​​បានបោកប្រាស់​ភ្ញៀវទេសចរបរទេសតាមរយ កេញយកចំណេញពីភ្ញៀវលើ​​សេវា​កម្ម​ស្នា​ក់​នៅ ធ្វើដំណើរ ហូបចុក និងការទិញវត្ថុ​​អនុស្សាវ​​រីយ៍ជា​ដើម។
ជាមួយ​គ្នានេះ លោករដ្ឋមន្ត្រី បានអំពាវនាវឲ្យភ្ញៀវទេសចរបរទេសទាំងអស់​មកទស្សនាកម្ពុជាតាមរយៈ​ក្រុមទេសច​រ​​ណ៍​​​​ស្របច្បាប់ ជៀសវាងមានការចាញ់បោកជនខិលខួចតទៅទៀត។
លោកស្រី ឆាយ ស៊ីវ​លីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាន​​គាំទ្រចំពោះក្រសួងទេ​​សចរណ៍​​ដែល​បាន​​​​បង្ហាញពីវិធានការលុបបំបាត់​កញ្ចប់​ទស្សនកិច្ចថ្លៃសូន្យនេះ ព្រោះនឹងជួយលើកកម្ពស់វិស័យទេសចរ​​ណ៍កម្ពុជាកាន់​តែ​រីកចំរើន ជាពិសេសបានលើកទឹកចិត្តដល់ភ្នាក់ងារ ឬក្រុមហ៊ុនទេសដែលមានច្បាប់អនុញ្ញាតិត្រឹមត្រូវ​​ក្នុងការប្រគួតប្រជែង​ទីផ្សារ​​​ទេសច​រប្រកបដោយតម្លាភាព។
ជាមួយគ្នានោះដែរ លោកធួន ស៊ីណាន ប្រធានសមាគម​ទេសចរណ៍​អាស៊ីប៉ាស៊ី​ហ្វិក​កម្ពុជា ក៏បានប្តេជ្ញាគាំ​​ទ្រទាំង​ស្រុង​​ចំពោះគោលនយោបាយរបស់ក្រសួងទេសចរណ៍ក្នុងការលុបបំបាត់នូវកញ្ចប់​ទស្សនកិច្ចថ្លៃសូន្យនេះ ។
លោក​បញ្ជាក់ថា ប្រសិនបើនៅតែបណ្តោយអោយមានកញ្ចប់​ទស្សនកិច្ចថ្លៃសូន្យនេះទៀត នោះនឹង​​ធ្វើ​ឲ្យប៉ះ​ពាល់ដល់​​វិស័យ​​ទេសច​រណ៍ ដូចជា ធ្វើឲ្យភ្ញៀវស្តាយក្រោយ និងរាងចាល និយាយពីចំណុចអវិជ្ជមានរហូត​​ឈាន​ដល់​​លែង​​ចង់​មកកម្ពុជា​​ទៀត​ផង។
សូមបញ្ជាក់ថា ក្នុងវេទិកាជួប​ជុំការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ លើក​ទី១ នោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​​ទេសចរ​ណ៍ក៏បាន​ជំរុញឲ្យភ្នាក់ងារទេសចរណ៍ និងអ្នកពាក់ពាន់ត្រូវចូលរួម បង្កើតឱ្យសម្បូរ​​បែបនូវកញ្ចប់ទស្សនកិច្ចបៃតង «Green Package» ដើម្បីចូលរួមដល់ការលើកស្ទួយការអភិវឌ្ឍផលិតផលទេសចរណ៍ ប្រកបដោយភាពច្នៃប្រឌិត និងមាន​ការគិតគូអំពីភាពស្អាត និងបៃតង ៕

រដ្ឋាភិបាលដាក់ផែនការទាក់ទាញទេសចរណ៍១លាននាក់ទស្សនាខេត្តមណ្ឌលគិរីក្នុង២០២៨

មណ្ឌលគិរី៖ មន្ត្រជាន់ខ្ពស់ក្រសួងទេសចរណ៍បានលើកឡើងថា ក្រសួងទេសចរណ៍និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅភូមិ ភាគឥសាន្តឲ្យកាន់តែមានភាពទាក់ទាញខ្លាំងបំផុត និងក្លាយជាគោលដៅទេសចរណ៍មួយ ដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមិនអាចរំលង ដោយនិងអាចទាក់ទាញ់ចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ឲ្យមកលេងកម្សាន្តជាង១លាននាក់ ក្នុង០១ឆ្នាំ ចាប់ពីឆ្នាំ២០២៨ទៅ ។

ការលើកឡើងបែបនេះ គឺលោក សុខ សុគុណ អគ្គនាយករង អគ្គនាយកដ្ឋានផែនការ អភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការណ៍អន្តរជាតិ នៃក្រសួងទេសចរណ៍លើកឡើង ក្នុងសក្ខាសាលាពិគ្រោះយោបល់ ស្ដីពីសេចក្ដីព្រាង ផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ឥសាន្ត ២០១៨ .២០២៨ នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩ មិថុ នា ២០១៧ ។
លោក សុខ សុគុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការណ៍អន្តរ ជាតិបានឲ្យដឹងទៀតថា៖ តំបន់ភូមិភាគឥសាន្តបច្ចុប្បន្ន គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ ជាពិសេសភ្ញៀវជាតិ ដែលបានមកកម្សាន្តកើនឡើងជាលំដាប់ ហើយសម្រាប់ភ្ញៀវអន្តរជាតិ ដែលបានមកលេងកម្សាន្តនៅ ភូមិភាគឥសាន្ត រួមមាន ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ក្នុងឆ្នាំ២០១៦ គឺមានចំនួន៦ម៉ឺន ៧ពាន់នាក់ កើនឡើងជិត០៥% ក្នុងនោះដែរគិតត្រឹមរយៈពេល៥ខែ ក្នុង២០១៧ ទេសចរណ៍អន្តរជាតិមកកម្សាន្តនៅភូមិភាគឥសាន្ត មានចំនួនជាង ៧ពាន់នាក់ កើនឡើងជាង១០% ដូចនេះតាមការព្យារណ៍របស់ក្រសួងទេសចរណ៍ក្នុងឆ្នាំ២០២៨ នឹងមាន ភ្ញៀវជាតិជាង១លាននាក៉ និងទេសចរណ៍អន្តរជាតិចំនួន០១សែននាក់ មកលេងកម្សាន្តតាមតំបន់ទេសចរណ៍នៅភូមិ ឥសាន្ត ។
លោក សុខ សុគុណ បន្តថា៖ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវជាង១លាននាក់ឲ្យមកកម្សាន្តនៅភូមិភាគ ឥសាន្តក្នុងឆ្នាំ២០២៨នោះ ។

ក្រសួងទេសចរណ៍បានរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ក្នុងភូមិភាគឥសាន្តនេះ យ៉ាងជាក់ លាក់ មានរយៈពេល១០ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៨ ដោយទិសដៅសំខាន់រួមមាន ០១ អភិវឌ្ឍន៍ ផលិតផលទេសចរណ៍ឲ្យកាន់តែមានភាពទាក់ទាញ ០២កសាងហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ទេសចរណ៍ឲ្យកាន់តែប្រសើរ ០៣ កែសម្រួលប្រព័ន្ធធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ឲ្យកាន់តែល្អ ០៤ មន្ត្រីជំនាញនិងសិក្សាអំពីតម្រូវការភ្ញៀវទេស ចរណ៍ឲ្យកាន់តែច្បាស់ និងជម្រុញការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ០៥ អភិវឌ្ឍន៍ធនធានមនុស្ស និងពង្រឹងសន្តិសុខ ជូនភ្ញៀវទេសចរណ៍ឲ្យកាន់តែល្អ ៕

អាជ្ញាធរក្រុងរៀបចំស្នើរដីកាកែសម្រួលស្លាកយ៉ីហោនៅតំបន់អគាបុរាណអភិរក្ស

ខេត្តបាត់ដំបង៖អាជ្ញាធរក្រុងបាត់ដំបងកំពុងរៀបចំដីការជាផ្លូវការមួយដើម្បីកែសម្រួលស្លាកយ៉ីហោផ្សាយពាណិជ្ជកម្មលក់ទំនិញនៅតំបន់សំណង់អគារបុរាណបេតិកភណ័វប្បធ៌ម។

លោក សៀង ឯមវួនស្ហី អភិបាលក្រុងបាត់ដំបងនៅថ្ងៃទី២៦ មិថុនានេះបានលើកឡើងថា កាលពីថ្មីៗនេះអង្គប្រឹក្សាសាលាក្រុងបានសម្រេចរួចរាល់ហើយក្នុងការបង្កើតឡើងនូវដីកាផ្លូវការមួយសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកែសម្រួលស្លាកយ៉ីហោផ្សាយពាណិជ្ជកម្មលក់ទំនិញរបស់ម្ចាស់កម្មសិទ្ធសំណង់អគាដែលមានចំណាស់ជាង១០០ឆ្នាំនៅក្នុងក្រុងដែលគ្រោងចុះបញ្ជីដាក់ជាសម្បត្តិបេតិកភណ័ទេសចរណ៍។
ក្រោយពីការពិនិត្យទទួលសំណើរនិងមានការឯកភាពពីថ្នាក់ខេត្តដំណាក់កាលចុងក្រោយ អាជ្ញាធរក្រុងនិងចេញសេចក្តីណែនាំមួយដើម្បីជូនដំណឹងដល់ម្ចាស់កម្មសិទ្ធផ្ទះទាំង៨០០ទីតាំងតាមកិច្ចព្រមព្រៀងគ្នាអនុវត្តលើផែនការស្មើរភាពគ្នាមិនលំអៀង ដោយទុករយៈពេលមួយអោយបងប្អូនប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋានដែលអភិរក្សបានរៀបចំកែសម្រួលតាមការកំណត់ទំហំ៤ម៉ែត្រការ៉េនៃស្លាកយ៉ីហោនីមួយៗ។
អភិបាលក្រុងបាត់ដំបងបានអោយដឹងដែរថា ចំពោះប្រជាពលរដ្ឋដែលមានស្មារតីចូលរួមក្នុងការកែសម្រួលស្លាកយ៉ីហោនេះគ្រាន់តែធ្វើសំណើរនៅការិយាល័យច្រកចេញ ចូលតែមួយដោយមិនគិតកម្រៃសេវា ក្រៅពីនេះនិងមានគោលការណ៍លើកទឹកចិត្តផ្តល់នូវបណ្ណ័សសើរឬលិខិតថ្លែងអំណរគុណជាដើម។
ការកែសម្រួលស្នាក​ផ្សាយ​ពាណិជ្ជកម្មរបស់​ពលរដ្ឋ ក្នុងរង្វង់តំបន់អភិរក្សបេតិកភណ័ខាងលើនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់លំនៅដ្ឋានមួយចំនួនបានលើកស្លាកយ៉ីហោប្រណាំងប្រជែងគ្នា ខ្លះធំជាង ខ្ពស់ជាងនិងខ្លះធ្វើលយមកខាងមុខផ្ទះហួសគ្មានសណ្តាប់ធ្នាប់នាំអោយប៉ះពាល់សោភណ័ភាពនិងបាំងទ្រង់ទ្រាយតួផ្ទះ រចនាបទគ្រឿងលំអរនានានិងតួដំបូលផ្ទះផ្សេងទៀត។
គម្រោងសំណង់អគារបុរាណដែលរដ្ឋាភិបាលនិងអាជ្ញាធរខេត្តបានស្នើរសុំទៅកាន់អង្គការយូណេស្កូដើម្បចុះបញ្ជីសម្បត្តិ​បេតិភណ័ជាកម្មសិទ្ធរបស់ប្រជាជន អគាររបស់រដ្ឋផងដែរ ដែលមានទីតាំងនៅរាយប៉ាយនៅក្នុង​ក្រុង​បាត់ដំបងពិសេសនៅ​តាមបណ្តោយផ្លូវ​លេខ​១ ផ្លូវលេខ២និងផ្លូវ​លេខ​៣ រួមទាំងវត្ត​ពិភិ​ទ្ធារា​ម វត្ត​ដំរី​សរ វត្តសំរោងក្នុង អគារផ្សារធំថ្មីជាដើមសរុបចំនួន​៨០០កន្លែង។ ម្ចាស់សំណង់អគារកម្មសិទ្ធ​នីមួយនិងទទួលបានផលប្រយោជន៍មុនគេជាច្រើនតាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ដោយទាក់ទាញភ្ញៀវជាតិ អន្តរជាតិបានច្រើនក្នុងការចូលមកទស្សនាកំសាន្តនិងស្នាក់នៅពិសេសបានផ្តល់ឱកាសការងារដល់ម្ចាស់ផ្ទះ ក៍ដូចជាប្រជាពលរដ្ឋទូទៅទៀតផង៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ព័ត៌មានជាតិ​ពេល​យប់​


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2