vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សុខភាព

សមាគមសហគ្រិនស្ត្រីកម្ពុជាអំពាវនាវដល់ក្រសួងសុខាភិបាលជួយទប់ស្កាត់ផលិតផលគ្រឿងសំអាងក្លែងក្លាយ

ភ្នំពេញ៖សមាគមសហគ្រិនស្ត្រីកម្ពុជាបានអំពាវនាវដល់ក្រសួងសុខាភិបាលជួយទប់ស្កាត់នូវផលិតផលគ្រឿងសំអាងក្លែងក្លាយឬមិនមានស្លាកសញ្ញាត្រឹមត្រូវពិសេសផលិតផលលក់តាមអនឡាញដែលកំពុងផ្សព្វផ្សាយយ៉ាងផលផុសនិងអនា​ធិបតេយ្យនៅតាមបណ្តាញសង្គមហ្វេប៊ុក។
ថ្លែងនៅក្រោយពិធីពិព័រណ៍និងសន្និសីទអន្តរជាតិស្តីពីសម្រស់គ្រឿងសំអាង ផលិត ផល ថែរក្សាសក់ ផលិតផលថែរក្សាស្បែកនិងស៉្បានៅថ្ងៃទី 15 ខែកញ្ញានៅមជ្ឈមណ្ឌលកោះពេជ្រ លោកស្រី អេង លីគង់ សមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនស្ត្រីកម្ពុជាបានមានប្រសាសន៍ថាការដែលឲ្យក្រសួងសុខាភិបាលជួយទប់ស្កាត់ផលិតផលក្លែងក្លាយឬមិនមានស្លាកសញ្ញាត្រឹមត្រូវនេះគឺដោយសារតែផលិតផលទាំងនោះអាចបង្កផលប៉ះពាល់ដល់សុខភាពស្ត្រីនិងអាចឈានទៅ​ដល់គ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់ផងដែរ។
លោកស្រីបានបន្តថាផលិតផលគ្រឿងសំអាងក្លែងក្លាយនិងមិនមានស្លាកសញ្ញាត្រឹមត្រូវភាគច្រើនមិនមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនិងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលឡើយដែលធ្វើឲ្យអ្នកប្រើប្រាស់ត្រូវប្រឈមនឹងបញ្ហាសុខភាពដូចជាអាឡាកស៊ីស្បែក ចេញរមាស់ ហើម ខូចភ្នែក មហារីកស្បែកនិងអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត។
តែយ៉ាងណាក៏ដោយលោកស្រីបានណែនាំដល់ប្រជាពលរដ្ឋគួរតែប្រើប្រាស់ផលិតផលតាមបែបធម្មជាតិវិញធ្វើឲ្យស្បែកមុខស្អាតម៉ត់ល្អជួយលើកសម្រស់ឲ្យកាន់តែស្អាតតែបើចង់ប្រើផលិតផលថែរក្សាសម្ភស្សត្រូវតែទៅរកគ្លីនិកឬកន្លែងណាដែលមានការទទួលស្គាល់ត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធ។
លោកវេជ្ជបណ្ឌិត យាំង ដារ៉ាវុធ អនុប្រធាននាយកដ្ឋានឱសថគ្រឿងសំអាងចំណីអាហានិងបរិក្ខាពេទ្យបានណែនាំដល់ប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសំអាងណាមួយមកប្រើប្រាស់ប្រជាពលរដ្ឋត្រូវមើលនិងពិនិត្យឲ្យបានច្បាស់លាស់នូវលេខបញ្ជិកាដែលចុះដោយក្រសួងសុខាភិបាលដែលបិទនៅលើប្រអប់និងពិនិត្យមើលថ្ងៃខែប្រើប្រាស់ឲ្យបានច្បាស់លាស់បើហួសការកំណត់ហើយមិនត្រូវទិញទេ។ជាងនេះទៀតត្រូវមកពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញផ្នែកសើរស្បែកជាមុនសិនមុននឹងទិញផលិតផលណាមួយយកទៅប្រើប្រាស់។
លោកស្រី ង៉ូយិន ធីឡាំហាដែលជាអ្នករៀបចំពិព័រណ៍និងសន្និសីទអន្តរជាតិស្តីពីសម្រស់គ្រឿងសំអាង ផលិត ផល ថែរក្សាសក់ ផលិតផលថែរក្សាស្បែកនិងស៉្បាដែលចាប់ផ្តើមពីថ្ងៃទី១៥ដល់ថ្ងៃទី១៧កញ្ញានេះបានបញ្ជាក់ថាពិព័រណ៍នេះមានក្រុមហ៊ុនចូលរួមចំនួន80មកពីសហរដ្ឋអាមេរិក, កូរ៉េខាងត្បូង, សិង្ហបុរី, ថៃ, ចិន, ឥណ្ឌា, ម៉ាឡេស៊ី, កម្ពុជា និងវៀតណាម៕

ក្រុមជំនាញអភិរក្សធម្មជាតិ រកឃើញសត្វផ្សោតកម្រចំនួន៣ប្រភេទ ក្នុងដែនសមុទ្រកម្ពុជា

ភ្នំពេញ: ក្រុមអ្នកជំនាញអភិរក្សធម្មជាតិ បានរកឃើញសត្វផ្សោតកម្រចំនួន៣ប្រភេទ កំពុងរស់នៅក្នុងដែនសមុទ្រកម្ពុជា ដែលវត្តមាននេះបានជួយគាទ្រទៅដល់វិស័យទេសចរណ៍នៅតំបន់ឆ្នេរ។
លោក លូ វណ្ណី មន្ត្រីសម្របសម្រួលថ្នាក់ជាតិនៃ អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ថា IUCN ប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញានេះ បានប្រាប់ទូរទស្សន៍រស្មីហង្សមាសថា សត្វផ្សោតកម្រចំនួន៣ប្រភេទនេះ មានផ្សោតក្បាលត្រងោល ផ្សោតឃ្លៀច និងផ្សោតអត់ប៊្រុយខ្នង ដែលពួកវា ត្រូវបានប្រទះឃើញ នៅក្នុងដែនសមុទ្រពាមក្រសោម ខេត្តកោះកុង ដោយក្នុងនោះ ១ក្រុម ត្រូវបានប្រទះឃើញមានប្រហែល១០ក្បាល។
លោកបន្តថា ក្រុមអភិរក្សរបស់អង្គការ IUCN កំពុងសហការជាមួយក្រសួងបរិស្ថាន ដើម្បីការ ពារសត្វផ្សោតទាំងនេះពីការគំរាមកំហែង ដោយសារសកម្មភាពមនុស្ស និងអាកាសធាតុ ខណៈពួកវា ត្រូវបានចាត់ទុកថា ជាប្រភេទសត្វកម្រ និងងាយរងគ្រោះ។ លោកមានប្រសាសន៍ថា វត្តមាននៃសត្វផ្សោតទាំងនេះ នឹងទាក់ទាញនូវកំណើនទេសចរចូលទៅកាន់តំបន់អេកូធម្មជាតិ និងឧទ្យានជាតិសមុទ្ររបស់កម្ពុជា កាន់តែច្រើនបន្ថែមទៀត ពិសេសនាំមកនូវចំណូលដល់ប្រជាពលរដ្ឋ ពីវិស័យទេសចរណ៍នៅតំបន់នោះ។ លោកអំពាវនាវឲ្យមានការចូលរួមការពារ អភិរក្ស និងស្តារធនធានធម្មជាតិនៅក្នុងដែនសមុទ្រ និងតំបន់ឆ្នេរ ឲ្យមាននិរន្តភាព ក៏ដូចជាទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងសមុទ្រ និងតំបន់ឆ្នេរផងដែរ។
សូមបញ្ជាក់ថា ក្រុមអភិរក្សសមុទ្រ និងតំបន់ឆ្នេររបស់ក្រសួងបរិស្ថាន និងអង្គការ IUCN កាលពីចុងខែសីហាកន្លងទៅនេះ បានធ្វើការផ្សព្វផ្សាយស្តីពីសារៈសំខាន់ធនធានសមុទ្រ តំបន់ឆ្នេរ និងការកំណត់ព្រំប្រទល់ឧទ្យានជាតិសមុទ្រ ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងបន្ថែមពីតម្លៃធានធានសមុទ្រ និងតំបន់ឆ្នេរ ដើម្បីឈានទៅស្នើសុំទៅរាជរដ្ឋាភិបាលពង្រីកសក្តានុពលអភិរក្សឧទ្យានសមុទ្របន្ថែមទៀត។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីពេលកន្លងទៅនេះ បានឲ្យដឹងថា ក្រសួងបរិស្ថានកំពុងរៀបចំសំណើក្នុងការបង្កើតឧទ្យានសមុទ្រ ការកំណត់ព្រំប្រទល់ ការកំណត់តំបន់គ្រប់គ្រង និងការធ្វើផែនទីសម្រាប់ធនធានសមុទ្រ និងតំបន់ឆ្នេរ ដោយសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា។
យោងតាមបាយការណ៍ពីក្រសួងបរិស្ថាន បានឲ្យដឹងថា តំបន់ឆ្នេររបស់កម្ពុជា ដែលគ្របដណ្តប់ដោយព្រៃកោកាង ស្មៅសមុទ្រ ផ្កាថ្ម ប្រភេទសត្វកម្រដូចជា ជ្រូកទឹក អណ្តើកសមុទ្រ កន្ធាយសមុទ្រ និងសត្វផ្សោត ជាដើមនេះ គឺជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ទាំងខាងបរិស្ថាន ទេសចរណ៍ ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ការរក្សាលំនឹងបរិស្ថានធម្មជាតិ ការស្រូបយកកាបូនពីបរិយាកាស ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទតាមតំបន់ឆ្នេរ និងកំណើនសេដ្ឋកិច្ច៕

 

មន្ទីរពិសោធន៍ចល័ត (Mobile Lab) ផ្នែកប្រេងឥន្ធនៈតម្លៃជាង១៥ម៉ឺនដុល្លារដាក់ដំណើរការ

ភ្នំពេញ៖ ដើម្បីរួមចំណែកការពារអត្ថប្រយោជន៍អ្នកប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យដំណើរការជាផ្លូវការនូវមន្ទីរពិសោធន៍ចល័ត (Mobile Lab) ផ្នែកប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗប្រមាណ ៥០រូប។

រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈនេះម៉ាក Ford ម៉ូដែលឆ្នាំ ២០១៦ មានតម្លៃសរុបចំនួន 152,982.49 ដុល្លារអាមេរិក ហើយគឺជារថយន្តទី២ បន្ទាប់ពីរថយន្តមន្ទីរពិសោធន៍ចល័តទី១ ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីតាមដាន និងត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ កាលពីចុងឆ្នាំ ២០១៦កន្លងទៅ។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការដាក់ដំណើររថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈ សបង្ហាញពីការគិតគូរយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមអាជ្ញាធរដែលមានបេសកម្ម និងភារកិច្ចត្រួតពិនិត្យទំនិញនីហរ័ណ-អាហរ័ណ និងបង្ក្រាបអំពើក្លែងបន្លំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា រថយន្តនេះនឹងជួយពង្រឹងប្រសិទ្ធភាពការងាររបស់មន្ត្រីកាំកុងត្រូល ក្នុងការចុះត្រួតពិនិត្យប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ ឬដេប៉ូចែកចាយនៅក្នុងរាជធានី និងតំបន់ឆ្ងាយៗទូទាំងប្រទេស ព្រោះវាមានបំពាក់ដោយឧបករណ៍ទំនើប ដែលអាចវិភាគរកនូវប៉ារ៉ាម៉ែត្រនៃផលិតផលទំនិញជាប្រេងឥន្ធនៈទាំងផ្នែកគុណភាព និងបរិមាណ។

សូមបញ្ជាក់ថា បន្ទាប់ពីដាក់ឲ្យដំណើរការរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈថ្ងៃនេះ មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល នឹងចុះត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈគ្រប់ប្រភេទដូចជា ប្រេងប្រេងម៉ាស៊ូត, ប្រេងសាំង (ស៊ុបពែរ និងសាំងធម្មតា) និងប្រេងម៉ាស៊ីន នៅតាមស្ថានីយ៍ និងដេប៉ូចែកចាយប្រេងឥន្ធនៈទូទាំងប្រទេស សំដៅធានាភាពជឿជាក់ជូនប្រជាពលរដ្ឋ ក្នុងការទទួលបានទំនិញជាប្រេងឥន្ធនៈប្រកបដោយគុណភាព និងបរិមាណត្រឹមត្រូវ ព្រមទាំងធានានូវការធ្វើធុរកិច្ចប្រកបដោយសមធម៌ និងរក្សាសណ្តាប់ធ្នាប់ទីផ្សារប្រេងឥន្ធនៈនៅកម្ពុជា៕

 

អភិបាលខេត្តអំពាវនាវអោយពលរដ្ឋពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋនិងអភិវឌ្ឍមូលដ្ឋាន

ខេត្តកំពង់ធំ៖ថ្នាក់ដឹកនាំខេត្តកំពង់ធំ បានជម្រុញឲ្យអភិបាលនិងអភិបាលរងស្រុក ក្រុង ត្រូវរួមគ្នាថែរក្សាសន្តិភាព ដើម្បីបន្តការអភិវឌ្ឍនៅមូលដ្ឋានខ្លួន និងពន្លឿនការផ្តល់សេវ៉ាជូនប្រជាពលរដ្ឋ ។

ថ្លែងក្នុងពិធីប្រកាសតែងតែងចូលកាន់មុខតំណែង ជាអភិបាលរងស្រុកបារាយណ៏ចំនួន២រូប នៅព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៧ ដោយបានតែងតំាង លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ទៅកាន់ជាអភិបាលរងស្រុកបារាយណ៏និងលោកស្រី ឱក សំណាង មកពីអភិបាលរងស្រុកសន្ទុក! ផ្ទេរមកចូលកាន់តំណែងជាអភិបាលរងស្រុកបារាយណ៏វិញ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៏ថា ៖ស្រុកបារាយណ៍ គឺជាស្រុកមួយដែលមានកំណើនប្រជាជនច្រើនជាងស្រុកដទៃ ក្នុងចំណោមក្រុងស្រុកទំាង៨ ទន្ទឹមគ្នានេះឯកឧត្តម បានស្នើឲ្យគ្រប់គណបក្សនយោបាយទំាងអស់ចូលរួមបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ សូមឲ្យមន្ត្រីទាំងអស់ត្រូវអនុវត្តន៍តាមតួនាទី ភារកិច្ច របស់ខ្លួនដោយមានការទទួលខុសត្រូវខ្ពស់ ត្រូវមានរបបប្រជុំការងារជាមួយមន្ត្រីក្រោមឱវាទឲ្យបានច្បាស់លាស់ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង ត្រូវពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាពឲ្យបានឆាប់រហ័សដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការដែលផ្តល់ភាពងាយស្រួលនិងមានការចូលរួមពីអ្នកប្រើប្រាស់សេវា សំដៅបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើន ជឿនលឿន ឲ្យបានឆាប់រហ័ស។
ថ្លែងក្នុងពិធីនេះ! ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ឡើងថា! សូមឲ្យមន្ត្រីទាំងអស់រៀបចំឥរិយាបថឲ្យបានសមរម្យ ថ្លែថ្នូរ និងបម្រើសេវាកម្មអត្តសញ្ញាណជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ជៀសវាងមានការរំាងស្ទះដោយប្រការណាមួយ ជាពិសេស រួមគ្នាអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទប់ស្កាត់កុំឲ្យមាននូវអំពើចោរកម្ម លួច ឆក់ ប្លន់ ជាដើម ដើម្បីឲ្យប្រជាពលរដ្ឋបានរស់នៅបានសុខដុមរម្យនា។ចំនែក
លោក សុទ្ធ ម៉ារី ដែលទើបតែប្រកាសឡើងកាន់តំណែង បានធ្វើការប្តេជ្ញាចិត្តថា អប់រំចិត្តឲ្យបានត្រឹមត្រូវ ប្រកាន់ភ្ជាប់នូវគុណធម៌ យុត្តិធម៌ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីបង្កើនការអភិវឌ្ឍប្រទេសជាតិ គោរពច្បាប់រដ្ឋធម្មនុញ្ញ និងអនុវត្តន៏តាមតួនាទីភារកិច្ច ការងារចាត់តំាង ការណែនាំរបស់ថ្នាក់លើ ប្តេជ្ញាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕

អ្នកជំងឺដែលមានបញ្ហាភ្នែកទៅស្វែងរកសេវារដ្ឋនៅទូទាំងប្រទេសមានការរកើនឡើងពី១០ទៅ១៥ភាគរយក្នុង១ឆ្នាំ

ភ្នំពេញ៖ អ្នកជំងឺដែលមានបញ្ហាភ្នែកទៅស្វែងរកសេវារដ្ឋនៅទូទាំងប្រទេសមានការរកើនឡើងពី១០ទៅ១៥ភាគរយក្នុង១ឆ្នាំដែលបានរំខានទៅដល់ការប្រកបការងារនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ថ្លែងប្រាប់ទូរទ្សសន៍រស្មីហង្សមាសផ្តាច់មុខនៅព្រឹកថ្ងៃទី២៩សីហានេះ លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតបានឲ្យដឹងថា អ្នកជំងឺភ្នែកដែលមកទទួលសេវានៅតាមមន្ទីរពេទ្យរដ្ឋនានានេះភាគច្រើនមានជំងឺភ្នែកឡើងបាយ ជំងឺសន្លាកលើកញ្ចក់ភ្នែក ជំងឺកំហុសគំនុំរូបភាពដែលធ្វើអ្នកជំងឺមីញ៉ូប ជំងឺទឹកដក់ក្នុងភ្នែកនិងជំងឺបាតភ្នែក។
ទន្ទឹមនឹងនេះដែរលោកក៏បានណែនាំដល់ប្រជាពលរដ្ឋត្រូវប្រើប្រាស់កុំព្យូទ័រឬទូរស័ព្ទឲ្យមានការកំណត់ច្បាស់លាស់និងមានពេលសម្រាកដើម្បីឲ្យភ្នែកមានពេលសម្រាកកុំឲ្យសាច់ដុំភ្នែកខំប្រឹងពេកដែលអាចបណ្តាលឲ្យភ្នែកមីញ៉ូប។ប្រជា ពលរដ្ឋត្រូវអានសៀវភៅពន្លឺភ្លើងឲ្យគ្រប់គ្រាន់និងឲ្យមានគម្លាតពីភ្នែកចាប់ពី៣០ទៅ៤០សង់ទីម៉ែត្រនិងកុំមើលទូរទស្សន៍គៀកពេកអាចបណ្តាលឲ្យប៉ះពាល់ដល់ភ្នែកព្រមទាំងធ្វើដំណើរតាមផ្លូវចាំបាច់ត្រូវពាក់វ៉ែនតាឬមួកសុវត្តិភាពពិសេសត្រូវថែរក្សាសុខភាពឲ្យបានល្អកុំឲ្យមានជំងឺទឹកនោមផ្អែម។លោកស្រី អៀង សុផល មកពីខេតត្កំពង់ស្អឺដែលមកវះកាត់ភ្នែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតបានមានប្រសាសន៍ថានេះជាលើកទី១មួយដែលគាត់មកពេទ្យដើម្បី។
ទោះបីជាយ៉ាងណាក៏ដោយលោក សិត សំអាត នាយកប្រចាំប្រទេសមូលនិធិហ្វ្រិដហូឡូធ្លាប់បានមានប្រសាសន៍ថាសេវាព្យាបាលភ្នែកនៅកម្ពុជាមានការខ្វះខាតធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធនៅឡើយហើយបានធ្វើឲ្យប្រជាជនមួយចំនួននៅមានការខ្លាចរអាក្នុងការបកភ្នែក ហើយបែរជាទៅព្យាបាលតាមបែបអបិយជំនឿដែលកក្តាទាំងនេះទាមទារឲ្យមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានាបន្ថែមទៀតដើម្បីធ្វើយ៉ាងណាកាត់បន្ថយភាពពិការភ្នែកឲ្យបានទាបបំផុតនៅឆ្នាំ២០២០​ខាងមុខនេះ។
គួររំលឹកថាឆ្នាំ២០១៦មានប្រជាពលរដ្ឋមានបញ្ហាភ្នែកមកពិនិត្យនៅតាមសេវារបស់រដ្ឋមានចំនួន១២ម៉ឺននាក់ក្នុងនោះមាន៤​ម៉ឺន៥ពាន់នាក់ទទួលការវះកាត់ភ្នែកដែលជំងឺឡើងបាយមានច្រើនជាងគេរហូតដល់ទៅ៣ម៉ឺន២ពាន់នាក់៕

 

មន្ដ្រីសុខាភិបាល៖"គ្រូពេទ្យមានភារៈសង្គ្រោះកុំឱ្យក្លាយជាអ្នកសម្លាប់"

ខេត្តកំពតៈរដ្ឋលេខាធិការក្រសួងសុខាភិបាលមួយរូបបានមានប្រសាសន៍ថាក្នុងនាមជាគ្រូពេទ្យដែលមានតួនាទីជួយ​សង្គ្រោះ សូមកុំបណ្តែតបណ្តោយខ្លួនក្លាយជាអ្នកសម្លាប់ជីវិតមនុស្សឱ្យសោះ។ថ្លៃងក្នុងពិធីបើកសិក្ខាសាលាស្តីពីទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រលើកទីប្រាំមួយប្រព្រឹត្តឡើងនៅ សាលប្រជុំនៃមន្ទីរសុខាភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិបានមានប្រាសសន៍ថា គ្រូពេទ្យត្រូវមានចំណេះដឹង និងការទទួលខុសត្រូវខ្ពស់។ ជាមួយនឹងតួនាទីសង្គ្រោះជីវិត គ្រូពេទ្យមិនត្រូវប្រែ ក្លាយខ្លួនទៅជាអ្នកបង្កឱ្យមនុស្សណាម្នាក់ស្លាប់នោះឡើយ។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ទៀតថា៖” ដើម្បីបញ្ចៀសបាននូវបញ្ហានេះ ប្រធានមន្ទីរទាំងអស់ត្រូវត្រួតពិនិត្យមើលគ្រប់លក្ខណៈពេល មន្ត្រីណាម្នាក់ស្នើសុំចូលធ្វើជាគ្រូពេទ្យថែទាំ ព្យាបាលអ្នកជំងឺ ទោះផ្នែករដ្ឋ ឬឯកជនក្តី។ រាល់អ្នកជំងឺ ពួកគេតែងស្វែងរក ឬត្រូវបងប្អូនបញ្ជូនឱ្យគ្រូពេទ្យព្យាបាល”។
ក្នុងករណីដែលមើលឃើញថាប្រភេទជំងឺដល់ដំណាក់កាលធ្ងន់ធ្ងរហើយនៅតែព្យាយាមព្យាបាលទាំងកម្រិតជំនាញមិនដល់ ក៏ដូចជាឧបករណ៍មិនគ្រប់គ្រាន់ ដោយពុំបានណែនាំ ឬបញ្ជូនទៅកាន់កន្លែងទំនើប គ្រូពេទ្យនោះនឹងក្លាយជាឃាតករ ទោះស្ថិតក្នុងលក្ខណៈប្រយោលក៏ដោយ។ ឯក ឧត្តម ធា គ្រុយ បានបញ្ជាក់ទៀតថា ការចុះបញ្ជីការជារឿងចាំបាច់ដែលមិនអាចខ្វះបាន។
ក្នុងករណីកន្លែងព្យាបាលណាមួយមិនបានចុះបញ្ជីការ នោះម្ចាស់នឹងទទួលទោសក្នុង បទព្រហ្មទណ្ឌ។ ឯកឧត្តមរដ្ឋលេខាធិការបានពន្យល់ថា អ្នកមិនបានចុះបញ្ជីការប្រៀបដូចជាការបើកមុខរបរដោយការផ្សងព្រេង ហើយស្ថិតក្នុងភាពគ្រោះថ្នាក់បំផុតចំពោះអ្នកជំងឺដែលស្វែងរកសេវាសុខភាព សម្រាប់ជីវិត។
ឯកឧត្តមបញ្ជាក់ថា មុននឹងក្លាយជាគ្រូពេទ្យថែទាំ ព្យាបាលអ្នកជំងឺ ចាំបាច់ត្រូវតែឆ្លងកាត់ ការវាយតម្លៃគ្រប់លក្ខណៈពីគ្រប់មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលដើម្បីបញ្ជាក់ថា គ្រូពេទ្យនោះមាន សមត្ថភាពពេញលេញជាទីទុកចិត្តរបស់អតិថិជន។ ឯកឧត្តមរដ្ឋលេខាធិការនៅបានបញ្ជាក់យ៉ាងច្បាស់ថា បើករណីអវិជ្ជមាននៅតែបន្ត នោះចំណាត់ការផាកពិន័យ ឬផ្តន្ទាទោសនឹងកើតឡើងជាក់ជាមិនខាន។
ឆ្លើយតបបញ្ហានេះ លោក កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពតបានរាយការណ៏ ឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ពេលនេះ គណៈកម្មការ និងលេខាធិការដ្ឋានបានដាក់បណ្តឹងចំនួន១០២ករណីពាក់ព័ន្ធការប្រព្រឹត្តផ្ទុយក្រមសីលធម៌វិជ្ជាជីវៈ ការបើកអាជីវកម្មព្យាបាលជំងឺដោយពុំមាន ការចុះបញ្ជីការជាដើម។
ក្នុងនោះអ្នកខ្លះទទួលរងនូវការផាកពិន័យពីរលានរៀល បួនលានរៀល និងខ្លះប្រាំមួយលានរៀល ព្រមទាំងមានការបិទកន្លែងអាជីវកម្មផងដែរ៕

 

មន្ត្រីពេទ្យសត្វចុះចាក់ថ្នាំការពារជម្ងឺគោក្របីនៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ដើម្បីទប់ស្កាត់និងការពារជម្ងឺសារទឹក និងជម្ងឺអុតក្តាមដល់គោក្របីនៅក្នុងរដួវវស្សា នៅព្រឹ កថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង រួមជាមួយលោក តាន់ ផាន់ណា អគ្គនាយករងនាយកដ្ឋានលិតកម្ម និង បសុព្យាបាលល បានដឹកនាំមន្ត្រីពេទ្យសត្វខេត្តជាច្រើនរូបចុះចាក់ថ្នាំការពារជម្ងឺ ដល់គោក្របី បានជាង៤០០ក្បាល ជូនប្រជាពលរដ្ឋភូមិប៉ាហ៊ី ឃុំ អណ្តូងស្នាយ ស្រុករលាប្អៀរ ក្នុងពេលនោះដែរក្រុមការងារក៏បានចុះត្រួតពិនិត្យរកទីតាំងទីទួលសុវត្ថិភាព សម្រាប់ដាក់សត្វពាហនះនៅពេលមានទឹកជំនន់ធំផងដែរ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ នៅ ព្រឹកនេះ លោក និង អគ្គនាយករងនាយកដ្ឋានផលិតកម្ម បសុព្យាបាល បានដឹកនាំមន្ត្រីការិយាល័យពេទ្យសត្វ ចុះចាក់ថ្នាំវាក់សាំង ការពារជម្ងឺអុតក្តាម និងជម្ងឺសារទឹក ដល់គោក្របីប្រជាពលរដ្ឋ ព្រោះថា៖ ជាធម្មតានៅក្នុងខែវស្សាជម្ងឺនេះតែងតែកើតមានឡើងជាញឹកញាប់លើសត្វគោក្របីជាកម្លាំងអូសទាញក្នុរការធ្វើកសិ កម្ម ។ម៉្យាងទៀតក្នុងពេលនេះដែរ ក្រុមការងារក៍បានចុះទៅពិនិត្យរកមើលទីទួលសុវត្ថិភាព សម្រាប់ដាក់ពាហនៈ របស់ប្រជាពលរដ្ឋ ប្រសិនបើមានទឹកជំនន់ធំផងដែរ ។ ដែលទីទួលសុវត្ថិភាពនេះ មាន២កន្លែង ស្ថិតនៅបរិវេណជើងភ្នំព្រះ ស្ថិតក្នុងគោកបន្ទាយ ស្រុករលាប្អៀរ។ ជាមួយគ្នានេះដែរ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រញាប់យកសត្វគោក្របីមកចាក់ថ្នាំការពារជម្ងឺ អោយទាន់ពេលវេលា ក្នុងឱកាសដែលមន្ត្រីពេទ្យចុះចាក់ថ្នាំ២ឬ៣ថ្ងៃជាប់ៗគ្នានេះ ។
ប្រជាពលរដ្ឋនៅក្នុងឃុំអណ្តូងស្នាយ ដែលបានយកគោ ក្របីមកចាក់ថ្នាំការពារជម្ងឺ បានសម្តែងនូវទឹកចិត្តរីករាយគ្រប់ៗគ្នា ព្រោះពួកគាត់បានដឹងថា សត្វគោក្របីបើកើតជម្ងឺអុតក្តាមហើយ គឺមិនអាចយកប្រើការជាកម្លាំងអូសទាញបានឡើយ ចំណែកជម្ងឺសារទឹកវិញ បើកើតហើយជួយមិនទាន់គឺងាប់ភ្លាមៗតែម្តង ។ ពួកគាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ត្រីពេទ្យសត្វខេត្ត និងលោកប្រធានមន្ទីរកសិកម្មខេត្តដែលបានគិតគូនិងយកចិត្តចុះមកចាក់ថ្នាំការពារជម្ងឺសត្វគោក្របីជូនពួកគាត់នៅពេលនេះ។
ដោយឡែក លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបានអោយដឹងថា៖ រយៈពេលមួយថ្ងៃនេះ មន្ត្រីពេទ្យសត្វខេត្តបានចាក់ថ្នាំការពារជម្ងឺសារទឹក និងជម្ងឺអុតក្តាម ដល់សត្គោបានចំនួន ៤៥៨ក្បាល (ក្របីគ្មានទេ) ហើយនឹងបន្តចាក់ជាបន្តបន្ទាប់ទៀត រហូតដល់អស់គោក្របីដែលតាមការប៉ាន់ប្រមាណអាចប្រើរយៈពេល៣ថ្ងៃទើបអស់គោក្របីនៅក្នុងឃុំ៕ ( ឈៀង ថារិទ្ធ )

 

មន្រ្តីបង្ហាញថា៖ក្នុងមួយឆ្នំាៗប្រជាជនកម្ពុជាម្នាក់នៅទីប្រជុំជនបានប្រើប្រាស់ថង់ប្លាស្ទិកពី២៥០០ ទៅ៣០០០ថង់ នាំប៉ះពាល់ដល់បរិស្ថាន

ភ្នំពេញ៖ថ្លែងនៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការគ្រប់គ្រងសំណល់ប្លាស្ទិក នៅមន្ទីរបរិស្ថានខេត្តសៀមរាបនៅព្រឹកថ្ងៃទី២៣ខែសីហានេះលោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន បានមានប្រសា សន៍ថា សំណល់ថង់ប្លាស្ទិកបានចោលពាសវាលពាសកាល បានបង្កអោយមានផលវិបាកដល់បរិស្ថាន និងសង្គមគ្រប់បែបយ៉ាង។
លោកជំទាវបន្តថា តាមការស្រាវជ្រាវរបស់អង្គការ ACCRA និងក្រសួងបរិស្ថាន រួមជាមួយដៃគូរផ្សេងៗទៀតបានបង្ហាញថា ប្រជាជនកម្ពុជានៅទីប្រជុំជនបានប្រើប្រាស់ថង់ប្លាស្ទិកប្រមាណ៥២ថង់ក្នុងមួយសប្តាហ៍ ឬប្រមាណ២៥០០ ទៅ៣០០០ថង់ក្នុងមួយឆ្នាំ ក្នុងនោះកម្មករប្រើប្រាស់ថង់ប្រមាណ២០០០ថង់ ទៅ២៥០០ថង់ និងនិស្សិតប្រើប្រាស់ថង់ប្រមាណពី១៧០០ថង់ ទៅ២២០០ថង់ក្នុង១ឆ្នាំ។
លោកជំទាវ ងិន លីណា បញ្ជាក់ថា៖" គោលនយោបាយនិងការអនុវត្តនៅសហគមអឺរ៉ុប គេបានដាក់បញ្ញត្តិលើការប្រើប្រាស់ថង់ប្លាស្ទិក ដោយកាត់បន្ថយការប្រើប្រាស់ក្នុងមួយនាក់ អោយបាន៩០ថង់នៅឆ្នាំ២០១៩ និងបាន៨០%នៅឆ្នាំ២០២៥ ធៀបនឹងអត្រាប្រើប្រាស់ថងប្លាស្ទិកនៅឆ្នាំ២០១០ ដែលមានចំនួន១៧៦ថង់ក្នុងមួយនាក់"។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានអោយដឹងថា ជាការពិតណាស់ថង់ប្លាស្ទិកបង្កផល់ប៉ះពាល់យ៉ាងខ្លំាងដល់បរិស្ថាន។លោកសង្ឃឹមថា សិក្ខាសាលានេះនឹងផ្តល់ចំណេះដឹង ដើម្បីកសាងសមត្ថភាពសិក្ខាកាម អោយមានជំនាញលើការគ្រប់គ្រងសំណល់រឹង-សំរាម រួមបញ្ជូលទាំងសំណល់ប្លាស្ទិក និងដើម្បីទទួលបានចំណេះដឹងក្នុងការគ្រប់គ្រង បែងចែក កាត់បន្ថយសំណល់ ជាពិសេសការអនុវត្តគោលការណ៍៣R, ប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព, អោយធានាបាននូវកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងការរស់នៅប្រកបដោយចរីភាព ៕

 

កូនក្រពើត្រីប្រភេទសត្វកម្រលើលោកបានញាស់ដោយជោគជ័យនៅតំបន់អភិរក្សខេត្តកោះកុង

ភ្នំពេញ៖អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងរដ្ឋបាលជលផលបង្ហាញឲ្យ ដឹងនៅថ្ងៃនេះថាកូនក្រពើត្រីដែលជាប្រភេទជិតផុតពូជបំផុតនៅលើសាកលលោក ចំនួន០៩ក្បាលបានញាស់ដោយជោគជ័យនៅក្នុងមជ្ឈមណ្ឌលអភិរក្ស ប្រភេទសត្វល្មូន ខេត្តកោះកុង។

យោងសេចក្ដីប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃបានអះអាងថា៖ក្រពើត្រី (ឬក្រពើព្រៃ) ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជា ប្រភេទរងគ្រោះជិតផុតពូជបំផុត នៅលើសាកលលោក ខណៈចំនួនរបស់ ពួកវានៅតែបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ពួកវាមានរស់នៅតែក្នុង ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាមតែប៉ុណ្ណោះ។ ចំនួនរបស់វា នៅលើសាកល លោកមានប្រមាណ៤១០ក្បាល ក្នុងនោះដែរចន្លោះ ១០០-៣០០ក្បាល កំពុងរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដ៏សំខាន់បំផុតសម្រាប់ការអភិរក្សសត្វ ក្រពើ ត្រីនេះកុំឲ្យបាត់បង់។
អ្នកស្រី ទុន សារ៉ន ដែលជាអ្នកមើលថែទាំសត្វនៅមជ្ឈមណ្ឌលអភិរក្ស ប្រភេទសត្វល្មូនខេត្តកោះកុង និយាយថា៖ “ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលបានឃើញកូនក្រពើត្រីទាំងអស់នេះ ពីព្រោះនេះគឺជាលើកដំបូង ហើយដែលខ្ញុំបានថែទាំចាប់តាំងពីពួកវាមកដល់មជ្ឈមណ្ឌល។ មុនពេល ឃើញមុខកូនក្រពើត្រីទាំងអស់នេះ ខ្ញុំមានការភ្ញាក់ផ្អើលដែលឭសម្លេង ពួកវាចេញពីក្នុងពង។ វាពិតជាអស្ចារ្យខ្លាំងណាស់ ហើយខ្ញុំមានអារម្មណ៍ សប្បាយចិត្តពីព្រោះខ្ញុំដឹងថាពួកវាកំពុងតែញាស់។ ខ្ញុំនឹងផ្តល់ចំណីឲ្យ ពួកវានូវកូនត្រី និងកង្កែបតូចៗនៅក្នុងរយៈពេល២-៣ថ្ងៃខាងមុខនេះ។”
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនា ពងក្រពើត្រីមួយសំបុកដែលមាន ចំនួន១៩គ្រាប់ ត្រូវបានក្រុមអ្នកអភិរក្សរបស់រដ្ឋបាលជលផល អង្គការ សមាគមអភិរក្សសត្វព្រៃ(WCS) និងប្រជាសហគមន៍ ប្រទះឃើញនៅ ត្រពាំងកៀនតុ ស្ថិតក្នុងភូមិព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្តកោះកុង ខណៈពួកគេចុះដើរល្បាតតាមត្រពាំងបណ្តោយដងព្រែកស្រែអំបិលដើម្បីល្បាត និងស្វែងសំបុកពងកូន និងលាមក៍ សត្វក្រពើត្រីរស់នៅក្នុងតំបន់ នោះ។ ពងក្រពើត្រីទាំងអស់នោះ ត្រូវបានក្រុមអ្នកអភិរក្សយកទៅរក្សា ទុកនៅក្នុងមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុងដើម្បីថែរក្សា រហូលដល់ពួកវាញាស់ ដែលមានរយៈពេល០៦សប្តាហ៍៕

ក្រសួងសុខាភិបាលគ្រោងបញ្ចេញឧបករណ៍ដែលប្រជាពលរដ្ឋអាចធ្វើតេស្តឈាមរកមេរោគអេដស៍ដោយខ្លួនឯងបាន

ភ្នំពេញ៖ក្រសួងសុខាភិបាលគ្រោងបញ្ចេញឧបករណ៍ដែលប្រជាពលរដ្ឋអាចធ្វើតេស្តឈាមរកមេរោគអេដស៍ដោយខ្លួនឯងបានដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រលប់បំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ខាងមុខ។

ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១៤សីហានេះ ឯកឧត្តម មាន ឈីវុនទីប្រឹក្សាអមក្រសួងសុខាភិបាលបានឲ្យដឹងថាឧបករណ៍ធ្វើតេស្តឈាមរកមេរោគអេដស៍ដោយខ្លួនឯងនេះបានជួយដល់ប្រជាពលរដ្ឋមានភាពងាយស្រួលដោយទទួលបាននូវលទ្ធផលលឿនឆាប់រហ័សដោយមិនចាំបាច់រងចាំយូរ ចំណេញពេលវេលានិងថវិកាក្នុងការធ្វើដំណើរទៅធ្វើតេស្តឈាមនិងទទួលបាននូវការព្យាបាលជំងឺភ្លាមៗផងដែរ។
ឯកឧត្តមបានបន្តថាការប្រើឧបករណ៍នេះដោយសារតែកន្លងមកមានប្រជាពលរដ្ឋមួយចំនួនមានការការអៀនខ្មាស់ក្នុងការទៅរកសេវាធ្វើតេសត្តឈាមរបស់រដ្ឋនិងតាមគ្លីនិកអង្គក្រៅរដ្ឋាភិបាលនានាបើទោះបីជាការធ្វើតេស្តនេះរក្សានូវការសំងាត់ក៏ដោយ។តែយ៉ាងណាក៏ដោយឯកឧត្តមបានបន្តថាយុទ្ធវិធីនៃការធ្វើតេស្តឈាមដោយខ្លួនឯងនេះនៅមិនទាន់ដឹងថាត្រូវអនុវត្តតាមរបៀបណានោះទេដោយរងចាំពិភាក្សាឲ្យបានល្អិតល្អន់រវាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែកនិងកាមរោគជាមួយអង្គការដៃគូនានាដែលធ្វើការងារផ្នែកជំងឺអេដស៍ជាមុនសិនទើបអាចអនុវត្តបាន។
ឯកឧត្តមបានបន្ថែមថាការដាក់ចេញយុទ្ធវិធីនេះក្នុងគោលបំណងដើម្បីបង្កើនការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ជាង១ម៉ឺននាក់ទៀតដែលបច្ចុប្បន្ននេះនៅមិនទាន់បានដឹងពីស្ថានភាពឆ្លងជំងឺនេះនៅឡើយហើយសង្ឃឹមថាតាមរយៈយុទ្ធវិធីនេះនឹងអាចរកឃើញឲ្យបាន៩ពាន់នាក់នៅឆ្នាំ២០២៥ខាងមុខនេះ។ទន្ទឹមនឹងនេះឯកឧត្តមបានបញ្ជាក់ថាក្រសួងផ្តោតការងារសំខាន់និងបន្ទាន់ទៅលើការពិនិត្យឈាមចំពោះក្រុមស្ត្រីបំរើការកំសាន្តសប្បាយ ក្រុមបុរសស្រលាញ់បុរស អ្នកជំងឺរ៉ាំរ៉ៃនិងអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់នាយកអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំតំបន់អាស៊ីបានប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១៤សីហាដោយបង្ហាញនូវការគាំទ្រចំពោះឈានទៅប្រើឧបករណ៍ធ្វើតេសត្តឈាមរកមេរោគអេដស៍ដោយខ្លួនឯងរបស់ក្រសួងសុខាភិបាលនេះ។តែយ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិតបានស្នើដល់ក្រសួងសុខាភិបាលពិនិត្យមើលពីគុណភាពនៃឧបករណ៍ធ្វើតេស្តឲ្យបានម៉ត់ចត់និងណែនាំអ្នកធ្វើតេស្តនេះឲ្យទៅធ្វើតេស្តនៅតាមសេវាសុខាភិ​បាល​សាធារណៈបន្ថែមទៀតដើម្បីដឹងលទ្ធផលតេស្តកាន់តែច្បាស់។
គួរបញ្ជាក់ថាគម្រោងឲ្យប្រជាពលរដ្ឋប្រើឧបករណ៍ពិនិត្យរកមេរោគអេដស៍ដោយខ្លួនឯងនេះបន្ទាប់ពីក្រសួងសុខាភិបាលបានអនុវត្តធ្វើតេស្តចុងម្រាមដៃរកមេរោគអេដស៍ដែលដឹងលទ្ធផលភ្លាមៗនៅឆ្នាំ២០១២ដើម្បីបង្កើនការរុករកអ្នកផ្ទុកជំងឺអេដស៍ឲ្យបាន១០០ភាគរយនិងដាក់ព្យាបាលឲ្យបានទាន់ពេលវេលាស្របតាមផែនការយុទ្ធសាស្ត្រលប់បំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ខាងមុខ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

ព័ត៌មានជាតិ​ពេល​យប់​


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2