vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ពលរដ្ឋកម្ពុជាប្រមាណជា៥ម៉ឺននាក់ចាញ់បោកអង្គការនិងក្រុមហ៊ុន ជាមួយទឹកប្រាក់៦០លានដុល្លារ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសរួមគ្នាក្នុងការចាត់វិធានការផ្លូវច្បាប់ក្នុងការស្វែង និងចាប់ខ្លួនអង្គការនិងក្រុមហ៊ុន ឆបោកប្រាក់ប្រជាពលរដ្ឋពីបណ្តាខេត្តមួយចំនួនប្រមាណ៦០លានដុល្លារ ដើម្បីស្វែងរកយុត្តិធម៌។

ក្នុងសន្និសទីសារព័ត៌មានរួមគ្នានៅព្រឹកថ្ងៃទី៣០ ឧសភានេះ នាទីស្តីការក្រសួងមហាផ្ទៃ លោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា៖ ក្រសួងបាននឹងកំពុងសហការគ្នាជាមួយគ្នាក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច ដើម្បីស្វះស្វែង រកវិធានការក្នុងការដោះស្រាយបញ្ហានេះតាមរយៈការផ្សព្វផ្សាយពីព័ត៌មាននៃការឆបោកនេះ ទៅកាន់ប្រជាពលរដ្ឋ និងស្វែងរកចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងការឆបោកនេះមកផ្តន្ទាទោស តាមផ្លូវច្បាប់។
លោកឧត្តមសេនីយឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ៖”ជនឆបោកប្រាក់ពីប្រជាពលរដ្ឋនោះ គឺជាជនជាតិម៉ាឡេស៊ី និងជនជាតិខ្មែរ ដែលបច្ចុប្បន្ន នេះសមត្ថកិច្ចបាននឹងកំពុងស្វែងរកចាប់ខ្លួនជនទាំងនោះយកមកធ្វើការផ្តន្ទាទោសតាមច្បាប់”។
លោកបានបញ្ជាក់ថា៖” ជនឆបោកដែលបានបោកប្រាស់លុយពីប្រជាពលរដ្ឋនេះ មិនត្រឹមតែឆបោកក្នុងប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែក្រុមនេះក៏បានឆបោកនៅក្រៅប្រទេសផងដែរដែលមានលក្ខណៈស្រដៀងគ្នានៅកម្ពុជាផងដែរ”។
លោកបានបន្ដថា៖ពលរដ្ឋជាង៧ពាន់នាក់ បានមកដាក់ពាក្យបណ្តឹងនៅក្នុងក្រសួងមហាផ្ទៃដើម្បីឲ្យជួយដោះស្រាយជុំវិញការឆបោកទ្រ ទ្រង់ទា្រយធំពីអង្គការសមាគម និងក្រុមហ៊ុនចំនួនបីដែលបានបោកប្រាស់ពួកគាត់។
លោកបានបញ្ជាក់ថា៖” បើតាមការសាកសួរពីប្រជាពលរដ្ឋរងគ្រោះគឺពួកគាត់បានលើកឡើង ថាអ្នកដែលចាញ់បោកអង្គការសហគម និងក្រុមហ៊ុននេះ គឺមានចំនួនប្រមាណ៥ម៉ឺននាក់ ដែលក្រសួងអាចចាត់ទុកថា នេះគឺជាករណីឆបោកទ្រង់ទ្រាយធំ ដែលត្រូវចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានទាន់ពេលវេលា”។
លោកកើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា៖ “ក្រសួងនឹងជំរុញឲ្យស្ថាប័នតុលាការពន្លឿនដោះស្រាយបញ្ហាឆបោកនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយក្នុងនោះក្រសួងបានសហការជាមួយគណៈមេធាវីកម្ពុជាដើម្បីផ្តល់មេធាវីជួយប្រមូលបណ្តឹងប្រជាពលរដ្ឋរងគ្រោះបញ្ជូនទៅស្ថាប័នតុលាការឲ្យជួយរកយុត្តិធម៌”។
លោកបន្តថា៖” បច្ចុប្បន្ននេះ គឺមានប្រជាពលរដ្ឋមកពីតាមបណ្តារាជធានីខេត្តមួយចំនួន៖ ដូចជានៅ ភ្នំពេញ, តាកែវ, សៀមរាប, បាត់ដំបង, ក្រចេះ, ស្វាយរៀង និងកំពង់ស្ពឺជាដើម ដែលបានចេញមុខដាក់ពាក្យប្តឹងទៅតុលាការដើម្បីឲ្យជួយរកយុត្តិធម៌”។
លោកបានបង្ហាញអំពីរបៀបនៃការឆបោករបស់ក្រុមហ៊ុននោះថា នៅពេលដែលប្រជាពលរដ្ឋដាក់លុយ១ពាន់ដុល្លារឲ្យក្រុមហ៊ុន នោះក្រុមហ៊ុននឹងផ្តល់ការប្រាក់ចំនួន១០០ដុល្លារក្នុង រយៈមួយខែ ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តបង្កើនការដាក់ប្រាក់កាន់តែច្រើនហើយក្រុមហ៊ុន ក៏វិចបង្វិចរត់បាត់។
លោកស្រីងួន សុខា រដ្ឋលេធិការក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា៖ ក្រុមហ៊ុន, អង្គការ និងសមាគមទាំងនេះ គឺមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធនោះទេ ដែលនេះ គឺជាករណីឆបោកយ៉ាងពិតប្រាកដ។
គួរបញ្ជាក់ថា ក្រុមហ៊ុន អង្គការ និងសមាគម ដែលរងនូវការចោទប្រកាន់ពីប្រជាពលរដ្ឋនោះ រួមមាន៖ អង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគេ្នយ៍ ហៅកាត់ថា AIF , ក្រុមហ៊ុន Empire Big Capital Limited (EBC) និងសមាគមអ្នកប្រឹក្សាយោបល់វិនិយោគ ហៅកាត់ថា (EBC) ដែលករណីឆបោកនេះគឺអស់រយៈពេលពីរឆ្នាំកន្លងទៅហើយ។
គួររំលឹកថា កន្លងមក មានក្រុមហ៊ុនមួយចំនួនបានលួចធ្វើអាជីវកម្មដោយយកឈ្មោះរបៀបវិនិយោគរួមគ្នាដើម្បីប្រមូលលុយពីសាធារណជនដោយអះអាងថា ជាក្រុមហ៊ុនសាខាពីអន្តរជាតិតែភាគច្រើនមិនបានយកទៅវិនិយោគពិតប្រាកដ៕

 

រដ្ឋមន្ត្រីក្រសួងការងារអំពាវនាវឲ្យសហគ្រាសរោងចក្រជួយសម្រួលដល់កម្មករនិយោជិតបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវឲ្យសហគ្រាសរោងចក្រជួយសម្រួលដល់កម្មករនិយោជិតឲ្យបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤មិថុនាខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើឲ្យម្ចាស់សហគ្រាសរោងចក្រត្រូវជួយសម្រួលពេលវេលាសមរម្យនិងបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិតដើម្បីមានពេលវេលាគ្រាប់គ្រាន់បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
ការអំពាវនាវរបស់លោកអ៊ិតសំហេងនេះបានធ្វើឡើងនៅក្រោយជំនួបពិភាក្សាការងារជាមួយវិទ្យាស្ថាន C.D.R.I កាលពីល្លាចថ្ងៃទី២៧ឧសភា. .បន្ទាប់ពីគណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ គ.ជ.បបានចេញសេចក្តីអំពាវនាវកាលពីថ្ងៃទី២៤ឧសភាកន្លងទៅដោយឲ្យសហគ្រាសរោងចក្រជួយសម្រួលដល់កម្មករកម្មការនីបានទៅបោះឆ្នោតឃុំសង្កាត់។
កញ្ញា ចាន់ ឌី កម្មករធ្វើការនៅរោងចក្រជាយក្រុងមួយបានឲ្យដឹងថាកញ្ញាបោះឆ្នោតនៅភ្នំពេញទេ តែមានកម្មករមួយចំនួនប្រហែលជាទៅបោះឆ្នោតនៅស្រុករីឯខ្លះទៀតប្រហែលជាមិនបានទៅទេដោយសារតែអត់លុយនិងខ្លាចរោងចក្រកាត់លុយ។ព្រោះថា ទៅបោះឆ្នោតនៅស្រុកត្រូវការពេលវេលាយ៉ាងហោចណាស់៣ថ្ងៃដែររួមទាំងថ្ងៃទៅបោះឆ្នោតនិងថ្ងៃធ្វើដំណើរត្រឡប់មកធ្វើការវិញផង។
ចំណែកលោក កេន លូ អ្នកនាំពាក្យសមាគមរោងចក្រកាត់ដេរបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ឧសភានេះដែរថា៖សមាគមរោងចក្របានធ្វើការណែនាំទៅរោងចក្រទាំងអស់ធ្វើទៅតាមការណែនាំរបស់ គ ជ បរួចហើយ”។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ឧសភាថា៖” ការកំណត់ថ្ងៃសម្រាប់កម្មកបានឈប់សម្រាកទៅបោះឆ្នោតនោះគ ជ បមិនមានអំណាចឬដែនសមត្ថកិច្ចណាមួយក្នុងការបញ្ជាដល់ម្ចាស់សហគ្រាសរោងចក្រឲ្យអនុវត្តតាមនោះទេ”។
លោកបានរំលឹកថាកាលពីអាណត្តិមុនគជបបានតំរូវឲ្យកម្មករនិយោជិតទៅចុះឈ្មោះបោះឆ្នោតនិងទៅបោះឆ្នោតនៅតាមមូលដ្ឋានរៀងៗខ្លួន។តែសម្រាប់អាណត្តិនេះខុសពីមុនគឺបងប្អូនកម្មករនិយោជិតអាចចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតនៅតាមសង្កាត់នីមួយៗដែលខ្លួនធ្វើការបាន៕

 

មន្ត្រីជំនាញបានបំពាក់ជញ្ជីងយុត្តិធម៌ ដើម្បីឲ្យពលរដ្ឋអាចថ្លឹងដោយខ្លួនឯង

ខេត្តមណ្ឌលគិរី៖ក្នុងបំណងរក្សាតម្លាភាពរវាងអាជីវករលក់ទំនិញ និងប្រជាពលរដ្ឋដែលមកទទួលទិញទំនិញផ្សេងៗ ឲ្យ​ជៀស ផុតពីការបន្លំភ្នែកជញ្ជីង កាលពីព្រឹកថ្ងៃទី២៩ ឧសភា ២០១៧ មន្ត្រីនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរី បានសហការជាមួយអាជ្ញាធរក្រុងសែនមនោរម្យ ចុះបំពាក់ជញ្ជីងយុត្តិធម៌ចំនួន០៣គ្រឿង ក្នុងក្រុងសែនមនោរម្យ ដើម្បី ផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ អាចប្រើប្រាស់ជញ្ជីងយុត្តិធម៌នេះ ថ្លឹងបរិមាណទំនិញ ជៀសវាងពីការបោកបន្លំ បរិមាណទំនិញពីសំណាក់អាជីវករ ។
ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរី លោក តូវ សុធារ៉ា បានថ្លែងថា ជញ្ជីងយុត្តិធម៌ដែលត្រូវបាន បំពាក់ក្នុងក្រុងសែនមនោរម្យ គឺមានបំពាក់នៅ០៣ទីតាំងផ្សេងគ្នា ទីតាំងទី០១ នៅរង្វង់មូលគោព្រៃ ទី០២នៅច្រកចូល ផ្សារ និងជញ្ជីងទី០៣ គឺបំពាក់នៅផ្សារជនជាតិដើមភាគតិច ។
ហើយគោលបំណង ក្នុងការតម្លើងជញ្ជីងយុត្តិធម៌នេះឡើង គឺដើម្បីធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករមានទំនុកលើគ្នា ក្នុងការលក់ដូរទំនិញ ដោយអាចប្រើប្រាស់ជញ្ជីងយុត្តិធម៌នេះ មកថ្លឹង ជៀសវាងពីការបន្លំភ្នែកជញ្ជីង និងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋទៅលើអាជីវករថា ថ្លឹងទំនិញមិនគ្រប់ នោះ ។ ( មានសម្ភាសន៍ )
ពាក់ព័ន្ធនិងការតម្លើងជញ្ជីងយុត្តិធម៌នេះដែរ អាជីវករលក់ទំនិញក្នុងផ្សារសែនមោរម្យ ឈ្មោះ ញ៉ាញ់ ស្រីនឿន ក៏បានលើកឡើងថា ការបំពាក់ជញ្ជីង យុត្តិធម៌នេះ គឺបានផ្ដល់អត្ថប្រយោជន៍ច្រើនដល់អាជីវករលក់ទំនិញ និងប្រជាពលរដ្ឋដែលជាអ្នកទិញទំនិញ ព្រោះថា អ្នក មកទទួលទិញទំនិញ និងមានទំនុកចិត្តលើអាជីវករ ថាមិនបានបន្លំបរិមាណទំនិញ ព្រោះពួកគាត់មានជញ្ជីងយុត្តិធម៌ សម្រាប់ថ្លឹង ដោយខ្លួនឯង ។ (មានសម្ភាសន៍)
លោក តូវ សុធារ៉ា ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរី បានលើកឡើងទៀតថា៖" ជញ្ជីងយុត្តិធម៌ នេះ និងត្រូវតម្លើងបំពាក់បន្ថែមទៀត នៅតាមបណ្ដាស្រុកចំនួន០៤ទៀត ក្នុងខេត្តមណ្ឌលគិរី ក្នុងពេលខាងមុខនេះ ហើយ នៅតាមជញ្ជីងនីមួយៗ គឺមានប្រអប់សំបុត្រ សម្រាប់ដាក់ឲ្យអាជីវករ ឬប្រជាពលរដ្ឋ លើកឡើងពីបញ្ហាមិនប្រក្រតីផ្សេងៗ ដើម្បីមន្ត្រីជំនាញធ្វើការដោះស្រាយជូន "៕

 

កម្ពុជានាំអង្ករចេញទៅអន្តរជាតិក្នុងរយៈពេល៤ខែបាន២១ម៉ឺនតោន

ភ្នំពេញ៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានថ្លែងថា៖ការនាំចេញអង្កររយៈពេល ៤ខែដើម ឆ្នាំ ២០១៧នេះ ទៅកាន់ទីផ្សារអន្តរជាតិបានចំនួន២១ ម៉ឺនតោនមានកំណើន ចន្លោះពី៤ ទៅ៥% បើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។
លោកប្រាប់កាសែតចិនថា ៖ការនាំចេញរបស់កម្ពុជាទៅចិនគឺជាទីផ្សារទីមួយរបស់កម្ពុជា បន្ទាប់ពីអឺរ៉ុបហើយដើម្បីឲ្យអ្នកនាំចេញបានផលទាំងអស់គ្នាភាគីពាក់ព័ន្ធគួរតែធ្វើការរួមគ្នាកុំឲ្យដាច់ៗពីគ្នាដូច្នោះ៕

សហគមន៍កសិកម្មព្រះរំកិលខេត្តស្ទឹងត្រែងមានឡសម្ងួតផលិតផលកសិកម្ម​ជាលើកដំបូង

ខេត្តស្ទឹងត្រែង៖សហគមន៍កសិកម្មព្រះរំកិលខេត្តស្ទឹងត្រែងទទួលបានឡសម្ងួតផលិតផលកសិកម្មជាលើកដំបូងដើម្បីលើកកំពស់គុណភាពកសិផលងាយស្រួលនាំចេញទៅលក់នៅពេលដែលផលិតផលនោះបានផលមកភ្លាមៗដោយមិនបាច់ហាលថ្ងៃនាំឲ្យពិបាកនិងខូច​នៅពេលត្រូវភ្លៀង។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវវការឡសំងួតស្រូវ​នៅភូមិក្រឡាពាសឃុំ​ព្រះ​រំកិ​ល​​ស្រុកថា​ឡាបរិវ៉ាត់​ខេត្តស្ទឹងត្រែងនៅថ្ងៃទី២៥ឧសភាឆ្នាំ២០១៧លោក ហ៊ីង ពៅប្រធាន​     ស​ហគមន៍កសិករ​ព្រះរំកិល​បាន​បញ្ជាក់ថា៖​”នេះជាយុទ្ធសាស្ត្រថ្មីមួយ​ក្នុងការ​ជួយ       សហគ​មន៍​ដែលបានបង្កើត​ឡើងហើយឲ្យ​មាន​ការ​រីក​ចំ​រើន​រឹងមាំដោយសារ​តែ​កន្លងមកមើល​ឃើញ​ថាកសិករ​បានខាតបង់ផលដំណាំស្រូវនិងដំឡូង​ដោយ​សារតែ​ពេលស្រូវច្រូតហើយ​គ្មាន​ថ្ងៃហាល។ចំណែកដំឡូងហាលត្រូវភ្លៀងខ្មៅខូច​ឈ្មួញ​បង្អាប់​ថ្លៃឬក៏មិនទិញក៏មាន”។

លោកថា៖”ឡសម្ងួតនេះសហគមន៍​បាន​ឯភាពគ្នាកំណត់យកតម្លៃសម្ងួតស្រូវ.​ពោត.ល្ង​ក្នុង១​តោន​មួយ​ម៉ឺនរៀលចំណែក​ដំឡូងនិងសណ្តែកក្នុង១តោន១ម៉ឺន៥ពាន់រៀលតែប៉ុណ្ណោះ​ដើម្បីជួយ​សម្រួលដល់​សេវា​កម្មជួនកសិករនៅតាមមូល​ដ្ឋានក្នុងពេលផលិតបានភ្លាមៗ​ដោយមិនបាច់ហាលថ្ងៃនាំឲ្យលំបាក”

លោកតូស៊ីគីលេខាទី២ស្ថានទូតជប៉ុនប្រចាំនូវកម្ពុជាបានបញ្ជាក់ថា៖ឡសម្ងួតនេះ​ជា​គម្រោង​គូសា​ណូណិ(ជប៉ុន​)ក្នុងគោលបំណង​ជួយកសិករកម្ពុជា​សម្រួល​ការលំបាក​ក្នុងការប្រកបរបរ​កសិកម្ម​ដើម្បី​កុំឲ្យ​ចំណាយ​កម្លាំងច្រើននៅពេលផលិត​និង​ប្រ​មូលផល​បានអាចយកកសិផលមកសម្ងួតជំនួស​ការប្រើពន្លឺថ្ងៃ​កុំឲ្យកសិផលខូចខាត​និងអន់​គុណ​ភាព

លោកម៉ុមសារឿនអភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ការជួយបែបនេះពិតជាមានតម្លៃក្នុងការជួយ​កែប្រែជីវភាពរស់នៅរបស់កសិករជាពិសេសប្រជាក្នុងសហគមន៍កាន់តែមានលទ្ធភាពក្នុងការពង្រីកដើមទុនរបស់ខ្លួននិងមានមុខរបរ​ថ្មីមួយបន្ថែមទៀតក្នុងការ​​របាននូវប្រាក់កំរៃបន្ថែមក្នុងសហគមន៍។

លោកបានស្នើឲ្យប្រជាសហគមន៍និងអ្នកគ្រប់គ្រងឡសម្ងួតកសិផលកសិកម្មនេះត្រូវចេះថែទាំនិងប្រើ​ប្រាស់​ទៅតាមបច្ចេកទេសឲ្យបានត្រឹមត្រូវដើម្បីប្រយោជន៍រួមទាំងអស់គ្នា​​ឈានទៅរួមចំណែក​ធ្វើឲ្យសហ​គមន៍​កសិករមាន​ការរីចំរើនទៅឆ្នាំក្រោយៗ​ទៀត។

អ្នកស្រីហៃ​ម៉ាលីកសិករនៅភូមិឃុំព្រះរំកិលបានគាំទ្រចំពោះសមិទ្ធផលដែលសហគមន៍​ទទួលនបាននេះ​ព្រោះកសិករពឹងផ្អែកទៅលើតែផលដំណាំដែលដាំដុះបាន​ហើយ​ហើយ​បើកសិកផលខូចខាតនោះ​កសិករនិ​ងអាចជួបបញ្ហាប្រឈមគ្រប់​យ៉ាង។

អ្នកស្រីអះអាងថា៖”ឆ្នាំនេះប្រជាកសិករមានបង្អែកសំរាប់ជួយកែប្រែគុណភាពកសិផលដូចជាស្រូវដំឡូងមីពោតសណ្តែកល្ងជាដើមនឹងស្រួលលក់ឈ្មួញក៍មិនបង្អាប់ថ្លៃដែរ”។​សូមបញ្ជាក់ថា៖ឡកំដៅសំងួតនេះមានទទឹង៨ម៉ែត្របណ្តោយ១៤ម៉ែត្រកំពស់៥ម៉ែត្រចំណាយ​​ថវិការសា​ង​សង់ជាង២ម៉ឺនដូល្លារដែលជាជំនួយរបស់គម្រោងគូសាណូណិ(ជប៉ុន​)​៕

រដ្ឋមន្ដ្រី៖ឥណ្ឌាគ្រោងផ្ដល់កម្ចីជិត៥៧លានដុល្លារសម្រាប់អភិវឌ្ឍកម្ពុជា

ភ្នំពេញ ៖រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងអំពី កិច្ចសហប្រតិបត្តិការ កម្ពុជា-ឥណ្ឌា ដែលធ្វើប្រទេសទាំងពីរកាន់តែមានទំនាក់ទំនង ល្អលើវិស័យ ការទូតពាណិជ្ជ កម្ម និងសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ មានការកើន ឡើងទៅថ្ងៃអនាគត។
ក្នុងកិច្ចពិភាក្សាការងាររវាងលោកត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Naveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ លោកអូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្នុងក្របខ័ណ្ឌ ឥណទាន ឥណ្ឌាមានគម្រោងចំនួនពីរកំពុងដំណើរការអនុវត្តនៅកម្ពុជា រួមមាន៖ ១-គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងតាសាល មានទឹកប្រាក់ឥណទាន សម្បទានចំនួន ៣០ លានដុល្លារអាម៉េរិក ។ និងទី២-គម្រោងសាងសង់ខ្សែ បញ្ជូនអគ្គិសនីពីខេត្តក្រចេះដល់ខេត្តស្ទឹងត្រែង មានទឹកប្រាក់ឥណទានសម្បទានចំនួ ៣០លានដុល្លារអាម៉េរិក។
លោកទេសរដ្ឋមន្រ្ដីបានលើកឡើងថា ទន្ទឹមនេះ ក៏មានគម្រោងចំនួនពីរទៀតដែលគ្រោង នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានទាក់ ទងនឹងគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ មានទឹកប្រាក់ឥណទានសម្បទានចំនួន ៣៦,៩២ លានដុល្លារ និងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ពីស្រុកសួង ខេត្តត្បូងឃ្មុំ ទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានទឹកប្រាក់ឥណទានសម្បទានចំនួន ២០ លានដុល្លារអាម៉េរិក។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
លោកNaveen Srivastava ត្រូវបានវេបសាយអេគីភីស្រងសម្ដីមកផ្សាយថាលោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផល និងការអភិវឌ្ឍប្រទេសជាតិ យ៉ាងឆាប់រហ័ស។លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់ការគាំទ្រ និងសហការជាមួយ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ក៏ដូចជាក្រសួង ស្ថាប័ននៃរដ្ឋាភិបាលឥណ្ឌា។
លោកបានបន្ថែមថា បន្ទាប់ពីបញ្ចប់អាណត្តិជាឯកអគ្គរដ្ឋទូតឥណ្ឌា លោក នឹងបន្តការងារ ជាមន្ត្រីជាន់ខ្ពស់នៅធនាគារអភិវឌ្ឍន៍ថ្មី (New Development Bank-NDB) ឬហៅថាធនាគារអភិវឌ្ឍន៍ BRICS ដែល ត្រូវបានបង្កើតឡើងដោយប្រទេសចំនួន៥ ក្នុងនោះមាន៖ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង៕

ក្រសួងពាណិ្ជកម្មប្រកាសដាក់ដំណើរការជាផ្លូវការនៃប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧នេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដែលត្រូវបានជ្រើសតាំងជាលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានដាក់ដំណើរការជាផ្លូវការនូវ “ប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក” ដើម្បីជួយសម្រួលវិស័យឯកជន និងសាធារណជន ក្នុងការស្នើសុំចុះបញ្ជី និងទទួលបានសេវាផ្សេងៗពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្ម។
ពិធីសម្ពោធត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងអង្គការកម្មសិទិ្ធបញ្ញាពិភពលោក (WIPO) តំណាងការិយាល័យប្រកាសនីយបត្រតក្កកម្មជប៉ុន មន្ត្រីអន្តរក្រសួងដែលជាសមាជិក-សមាជិកា នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងតំណាងវិស័យឯកជន និងសាធារណជនប្រមាណ ២០០នាក់។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងការគាំទ្របច្ចេកទេសផ្សេងៗរបស់អង្គការ WIPO ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ក្នុងការជំរុញ និងលើកកម្ពស់ការអនុវត្តកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក ដែលដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ គឺជានៃសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការ WIPO។
លោកបានបន្ដថា៖“ប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិកនេះ គឺជាសក្ខីភាពដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការលើកកម្ពស់សេវាសាធារណៈ ពិសេសចូលរួមអនុវត្តន៍អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលកម្ពុជា” ។
លោកបានបញ្ជក់ថា៖“ប្រព័ន្ធថ្មីនេះ នឹងផ្តល់ភាពងាយស្រួលជាងមុន ដោយវាអាចជួយកាត់បន្ថយពេលវេលា និងថវិកាចំណាយក្នុងការរស្វែងរកលទ្ធភាពចុះបញ្ជីម៉ាក និងការស្នើសុំសេវាផ្សេងៗពាក់ព័ន្ធនឹងម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងការគ្រប់គ្រងប្រព័ន្ធចុះបញ្ជីម៉ាក ប្រកបដោយប្រសិទ្ធភាព” ។
នៅលើពិភពលោក កម្មសិទ្ធិបញ្ញាត្រូវបានទទួលស្គាល់ថា គឺជាកំលាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងព័ត៌មានវិទ្យា។ ដើម្បីជំរុញការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា និងសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្ម ជាសេនាធិការបានប្រឹងប្រែងចូលជាសមាជិកនៃអង្គការ WIPO និងបានចុះព្រមព្រៀង ក៏ដូចជាសន្ធិសញ្ញាអន្តរជាតិសំខាន់ៗមួយចំនួន។
លើសពីនេះ ក្រសួងបានខិតខំតាក់តែងលិខិតបទដ្ឋានគតិយុត្តិ និងជំរុញឲ្យមានការអនុម័តច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងច្បាប់ពាក់ព័ន្ធ ព្រមទាំងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងម៉ាកពាណិជ្ជកម្ម ក្រោមការជួយជ្រោមជ្រែងពីដៃគូអង្គការអន្តរជាតិនានា សំដៅការពារអត្ថប្រយោជន៍វិស័យឯកជន និងសាធារណជនជាតិ ជាពិសេសពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់ការរំលោភបំពានកម្មសិទិ្ធបញ្ញានៅក្នុងប្រទេស។
តាមរយៈប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក ដែលដាក់ឲ្យដំណើរការថ្ងៃនេះ សាធារណជនអាចដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្មនៅគ្រប់ទីកន្លែង ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ www.efiling.cambodia.gov.kh របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម។

កម្ពុជា-ឥណ្ឌាជំរុញឲ្យមានការហោះហើរត្រង់ទៅវិញទៅមកដើម្បីទាក់ទាញភ្ញៀវទេសចរ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាដែលចប់អាណត្តិបានជំរុញ មានជើងហោះហើរដោយត្រង់ពីប្រទេសឥណ្ឌាមកកម្ពុជា ឆាប់ៗខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឥណ្ឌាឲ្យមកកម្ពុជាកាន់តែច្រើន ខណៈ ដែលចំនួនទេសចរមកពីឥណ្ឌានៅមានចំនួនតិចនៅឡើយ។
ក្នុងជំនួបពិភាក្សាជាមួយ លោក Naveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ខាប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិ នាព្រឹកថ្ងៃទី២៤ ឧសភា នៅទីស្តីការក្រសួងសទេសចរណ៍ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងសិក្សាលទ្ធភាពក្នុងការបើកឲ្យមានការហោះហើរដោយត្រង់ពីឥណ្ឌា មកកម្ពុជា តាមរយៈក្រុមហ៊ុន ខេមបូឌាអង្គរអ័រ ,បាស្កាចេស៊ីឌើស្កាយវិង និងក្រុមហ៊ុនហោះហើរបារយ័ន្តដើម្បីឲ្យការហោះហើរនេះ អាចដំណើរការបានលឿន។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បន្ថែមថា ៖គម្រោងបើកការហោះហើរដោយត្រង់ពីកម្ពុជាទៅឥណ្ឌា ហើយពីឥណ្ឌាមកម្ពុជាវិញនេះ ភាគីទាំងពីរបានចុះហត្ថលេខារួចរាល់ហើយរង់ចាំតែអ្នកបច្ចេកទេសសិក្សាបន្ថែមប៉ុណ្ណោះ និងអាចដាក់ឲ្យក្រុមហ៊ុនហោះហើរទាំងនោះដំណើរការនៅពេលឆាប់ៗខាងមុខនេះ។
លោកបន្ថែមថា៖ បន្ទាប់ពីមានការហោះហើត្រង់រវាងប្រទេសកម្ពុជា និងឥណ្ឌា និងជំរុញឲ្យអ្នកវិនិយោគឥណ្ឌា និងអ្នកទេសចរឥណ្ឌាមកកម្ពុជាកាន់តែច្រើន ហើយវាជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា។
លោកថុក សុខុម ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអាស៊ាន នៃក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតឥណ្ឌានោះថា ប្រទេសឥណ្ឌាស្នើឲ្យកម្ពុជាបង្កើនការផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនខ្លួនឲ្យបានទូលំទូលាយបន្ថែមទៀត។
ជាមួយគ្នានោះឥណ្ឌានឹងជួយកម្ពុជាក្នុងការងារទាក់ទាញភ្ញៀវទេសចរនេះ ទៅកាន់ក្រុមហ៊ុនទេសចរណ៍នៅឥណ្ឌាដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនឥណ្ឌាស្គាល់កម្ពុជាកាន់តែច្បាស់។
លោកថុក សុខុមបានបន្ដថា៖ «ឥណ្ឌាបានរាប់រាប់ថា យើងក៏មានយូហ្គាមួយក្នុងការផ្សព្វផ្សាយទេសចរណ៍ឥណ្ឌា និងសូមឲ្យកម្ពុជាជំរុញធ្វើការផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជា ព្រោះប្រជាជនឥណ្ឌាបានស្គាល់កម្ពុជាហើយ តែស្គាល់តែអង្គរ ដោយឡែកកម្ពុជាទាំងអស់មិនទាន់ស្គាលទេ ។ អញ្ចឹងយើងត្រូវជំរុញធ្វើឲ្យមានការតាំងពិព័ណ៌ធំៗនៅទីក្រុងញូដេលី និងទីក្រុងប៊ូមបៃ ប្រទេសឥណ្ឌា ដោយប្រជាជនឥណ្ឌាចង់ចេញមុខម៉ាត់ច្រើន និងមកកម្ពុជាក្នុងរយៈពេលយូ និងចាយលុយច្រើន»។
លោកNaveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ខាប្រចាំកម្ពុជា ក៏បានស្នើឲ្យលោក ថោង ខុន អញ្ជើញទៅប្រទេសឥណ្ឌាដើម្បីសិក្សាពីទីផ្សារទេសចរនៅប្រទេសឥណ្ឌាដោយផ្ទាល់ ដើម្បីពិភាក្សាជាមួយក្រុមហ៊ុនទេសចរណ៍ និងអ្នកជំនាញឥណ្ឌាលើការងារស្រូបយកទេសចរឥណ្ឌាឲ្យមកកម្ពុជា។
លោកក៏បានសន្យាជំរុញឲ្យធនាគារដ៏ធំមួយរបស់ឥណ្ឌាជួយគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីបំរើដល់ការពង្រីកទីផ្សារទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងប្រទេសឥណ្ឌាដោយផ្ទាល់។
តាមរបាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០១៦កន្លងមកទេសចរឥណ្ឌាបានមកលេងកម្ពុជាមានចំនួនជាង៤ម៉ឺននាក់ ខណៈដែលចំនួននេះ នៅមានកម្រិតតិចតួចនៅឡើយបើប្រៀបទៅនឹងប្រទេសផ្សេងៗនៅកៀកកម្ពុជា។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសដែលនៅជិតកម្ពុជា និងនៅក្នុងតំបន់មានជើងហោះហើរដោយត្រង់មកកម្ពុជា រួចមកហើយដូចជាប្រទេសថៃ វៀតណាម ជប៉ុន និងចិនជាដើម។ ក្នុងនោះបើសិនគម្រោងបើកជើងហោះហើរពីឥណ្ឌាដាក់ឲ្យដំណើរបន្ថែមការទៀត វានិងជួយជំរុញឲ្យអ្នកទេសចរអន្តរជាតិកមកម្ពុជាកាន់តែច្រើនឡើងទ្វេដង៕

រន្ទះបាញ់ចំខ្សែបណ្តាញអគ្គិសនីបានបណ្ដាលដាច់ភ្លើងនៅខណ្ឌភាគខាងលិចភ្នំពេញ

ភ្នំពេញ៖យោងតាមការផ្សាយរបស់អគ្គិសនីកម្ពុជាបានអោយដឹងថា៖មានករណីដាច់ចរន្តអគ្គិសនីនៅអនុស្ថានីយទី5(GS5-F9) មូលហេតុ បណ្តាលមកពីមានរន្ទះបាញ់ចំខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលមានទីតាំងស្ថិតនៅតំបន់មួយចំនួនដូចជា៖ (1)ភូមិត្រពាំងជ្រៃ ភូមិក្បាលដំរី ភូមិព្រៃសាលា សង្កាត់កាកាប (2)ភូមិព្រៃទា ភូមិជម្ពូវ័ន ភូមិព្រៃជីសាក់ ភូមិព្រៃព្រីងខាងជើង ភូមិកន្ទោក សង្កាត់ចោមចៅ (3)ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម (4)ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង 17:03នាទីល្ងាច។អគ្គិសនីបានសូមទោសពលរដ្ឋនៅក្នុងខណ្ឌនោះ៕

 

ក្រសួងពាណិជ្ជកម្មចាប់ផ្តើមអនុវត្តគម្រោងជួយដោះស្រាយបញ្ហាវិបត្តិទីផ្សារកសិកម្មរបស់ប្រជាកសិករ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មចាប់ផ្តើមអនុវត្តគម្រោងជួយដោះស្រាយបញ្ហាវិបត្តិទីផ្សារកសិកម្ម របស់ប្រជាកសិករដោយគ្រោងចំណាយថវិការហូតដល់ជាង៦១លានដុល្លា តាមរយៈភ្ជាប់ ផលិតកម្មកសិកម្មទៅនឹងទីផ្សារក្នុងសុ្រកនិងទីផ្សារនាំចេញ។
ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូចនៅព្រឹកថ្ងៃទី២៣ ខែ ឧសភា លោកប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖គម្រោងជំរុញទី ផ្សារកសិកម្មនេះធ្វើឡើងតាមរយៈសែ្វងរកកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ពន្ធ័ទំាងអស់ក្នុងខ្សែសង្វាក់តម្លៃពីអ្នកបញ្ជាទិញអ្នកលក់ ពាណិជ្ជកម្ម និងភ្នាក់ងារផ្តល់សេវាបន្ថែម។ ក្រៅពី នេះគឺការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃតាមរយៈកៀងគរផ្នែកសង្គម និងអ្នកពាក់ពន្ធ័នានាដើម្បី សម្លឹងមើលការបង្កើតទីផ្សារ គំនិតច្នៃប្រឌិតថ្មីៗតាមរយៈការវិនិយោគសាធារណៈ។

លោកបន្តថា៖ គម្រោងនេះមានយុទ្ធសាស្រ្តឆ្ពោះទៅរកការបង្កើនប្រាក់ចំណូលរបស់កសិករ និងដោះ ស្រាយហានិភ័យតំលៃទីផ្សារសិកម្មដែលកសិករប្រមូលបាន ដោយមានសកម្មភាព អប់រំផ្តល់បច្ចេកទេសធនធាននិងប្រមូលផ្តុំប្រជាកសិករឲ្យដំាដំណាំប្រភេទដូចៗគ្នានៅតាមតំបន់នីមួយៗ ទៅតាម តម្រូវការទីផ្សារ ដែលងាយ​ស្រួលក្នុងការផ្គត់ផ្គង និងយន្តការដោះស្រាយ បានទាន់ពេលវេលា នៅពេលកសិករជួបវិបត្តិទីផ្សារ។
លោកបានលើកជាឧទាហរណ៍ថា សម្រាប់ខេត្តតាកែវ កណ្តាល និងខេត្តកំពត ដោយផ្តោតទៅ លើការចិញ្ចឹមមាន់ ផលិតផលសូត្រ បន្លែ និងស្រូវមួយចំនួន ចំណែកខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រៃវែង កំពង់ធំ ព្រះវិហារ និងខេត្តមណ្ឌលគីរី គឺផ្តោតសំខាន់ទៅលើដំណាំដំឡូង ស្រូវ សេរីរាង្គ មាន់ និងបន្លែ រីឯខេត្តបាត់ដំបង ប៉ៃលិន សៀមរាប និងខេត្តបន្ទាយមានជ័យផ្តោតលើ ដំណាំស្រូវ ដំឡូង ផលិតកផលសូត្រ និង មៀនតាង៉ែនជាដើម។ ឯឧ.បញ្ជាក់ថា ការកំណត់ ប្រភេទដំណាំប្រចាំតំបន់ដូច្នេះ គឺជាការផ្សារភ្ជាប់សង្វាក់ផលិតកម្មនិងតម្លៃរវាងកសិករ ទីផ្សារ លក់ផលិតផល ឈ្មួញ និងរោងចក្រកែច្នៃប្រចាំតំបន់នីមួយៗ។

លោកបេវ័រ ធារី នាយកកម្មវិធីប្រចាំប្រទេសនៃមូលនិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍វិស័យ កសិកម្មបានគាំទ្រចំពោះគម្រោងដោះស្រាយវិបត្តិតម្លៃទីផ្សារកសិកម្មនេះ ថានឹងជួយធ្វើឲ្យ ប្រជាកសិករកាន់តែមានជីវភាពប្រសើរឡើងហើយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈ ការលើកកម្ពស់វិស័យកសិកម្ម។

លោកបានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលត្រូវតែរៀបចំយន្តការនេះ ឲ្យបានច្បាស់ខណៈដែលមូលហេតុដែលនាំឲ្យកសិករតែងតែជួបវិបត្តិគ្មានទីផ្សារនៅពេលប្រមូលផលកន្លងមក ដោយសារឈ្មួញបង្អាប់តម្លៃ និងគ្មានរោងចក្រកែច្នៃផលិតផល រួមទំាងការ ដាំប្រភេទដំណាំដាច់ដោយដុំជាដើម។
យោងតាមរបាយការណ៍គម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូចនេះមានរយៈពេល៦ឆ្នាំ ដោយ ចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០១៧នេះទៅ ហើយ នឹងជួយបង្កើនប្រាក់ចំណូលសម្រាប់ប្រជា កសិករប្រមាណជាង៧ម៉ឺន៥ពាន់គ្រួសារ ខណៈដែលប្រជាកសិករប្រហែល៧៩ភាគរយនៃ ចំនួនប្រជាពលរដ្ឋសរុបកំពុងរស់នៅជនបទពឹងផ្អែកលើរបរកសិកម្ម៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

ព័ត៌មានជាតិ​ពេល​យប់​


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2