vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ACUមានសិទ្ធិទទួលជំនួយពីសប្បុរសជនដែលជំនួយមិនមានជាទំនាស់ផលប្រយោជន៍

ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៃប្រទេសកម្ពុជា បានអះអាងថា៖”អង្គភាពមានសិទ្ធិក្នុងការទទួលអំណោយ ឬជំនួយពីសប្បុរសជននានាបាន ដែលពិនិត្យទៅឃើញថាអំណោយ ឬជំនួយនោះមិនមានទំនាស់ផលប្រយោជន៍។ ការលើកឡើងដូច្នេះស្របពេលក្រុមហ៊ុនចិនមួយ បានប្រគល់អំណោយជាម៉ាស៊ីនស្កែនវត្តមានបុគ្គលិកចំនួន៣គ្រឿងដល់អង្គភាព ដែលមានតម្លៃ៣ម៉ឺនដុល្លាអាមេរិក”។

នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនស្កែនកាតវត្តមានពីក្រុមហ៊ុនរបស់ចិន លោកទេសរដ្ឋមន្រ្តី ឳម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា ៖“ក្រុមហ៊ុនចិនថ្ងៃនេះបាន យកជំនួយ ជាម៉ាស៊ីនស្កែនវត្តមានចំនួន៣គ្រឿង មកឧបត្ថមដល់អង្គភាពប្រឆាំងអំពើពុក រលួយ សំរាប់ជួយសំរួលការងារតាមដានវត្តមានបុគ្គលិករបស់អង្គភាពចេញចូលធ្វើការ”។
ចំពោះជំនួយម៉ាស៊ីនស្កែនវត្តមានដែលក្រុមហ៊ុនចិនបានប្រគល់អោយអង្គភាពប្រឆាំងអំពើពុករលួយនេះ លោកឳម យ៉ិនទៀង លើកឡើងថា “ច្បាប់បានតម្រូវថា អង្គភាព មានសិទ្ធិទទួលជំនួយ ពីសប្បុរសជននានាបាន បើពិនិត្យទៅឃើញថា ជំនួយនោះ ឬអំណោយនោះ មិនមានទំនាស់ផលប្រយោជន៍នោះទេ”។
ចាប់តាំងពីបានបង្កើតអង្គភាពប្រឆាំងអំពើពុករលួយក្នុងឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន ឯកឧត្តម ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងថា អង្គភាពមានមន្រ្តីរាជការ បម្រើការងារ៥០០នាក់ ដូច្នេះយើងត្រូវពឹងពាក់ទៅលើប្រព័ន្ធព័ត៌មានវិទ្យាផងដែរ។ ម៉ាស៊ីនស្កែនវត្តមាននេះ គឺជួយការងារគ្រប់គ្រងបុគ្គលិកអង្គភាពបានគ្រប់ជ្រុងជ្រោយ ទាំងម៉ោងចេញ និងម៉ោងចូលធ្វើការងារ។
ទាក់ទិនទៅនឹងអង្គភាពប្រឆាំងអំពើពុករលួយទទួលជំនួយពីក្រុមហ៊ុនឯកជនរបស់ចិន នូវម៉ាស៊ីនស្កែនវត្តមានចំនួន៣គ្រឿងដែលគិតជាទឹកប្រាក់៣ម៉ឺនដុល្លាអាមេរិកនេះ ។
លោក ពេជ្រ ពិសី អ្នកនាំពាក្យអង្គការតម្លាភាពកម្ពុជា បានប្រាប់ទូរទស្សន៍ហង្សមាសតាមទូរស័ព្ទមកថា៖ “អង្គភាពប្រឆាំងអំពើពុករលួយ គឺមានបុព្វសិទ្ធិក្នុងការទទួលយកអំណោយ ឬជំនួយពីគេបាន បើជំនួយ ឬអំណោយនោះ សំរាប់ការងាររួម សំរាប់បំរើការងារអោយអង្គភាព”។ លោកបន្តថា ពីមុនមកអង្គភាពប្រឆាំងអំពើពុករលួយក៏ធ្លាប់បានទទួលជំនួយពីអង្គការតម្លាភាពកម្ពុជា ផងដែរ ដូចជាជំនួយផ្នែកបច្ចេកទេស និងសម្ភារៈមួយចំនួន។
លោក ឈីវ គ័រស៊ីង អនុប្រធានក្រុមហ៊ុន Prince Real Estate ដែលបានប្រគល់ម៉ាស៊ីនស្កែនវត្តមាន លើកឡើងថា “ការឧបត្ថមម៉ាស៊ីនស្កែនវត្តមានចំនួន៣គ្រឿង ដែលគិតជាទឹកប្រាក់៣ម៉ឺនដុល្លានេះ គឺជាការចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងវត្តមានមន្រ្តីរាជការ ឬបុគ្គលិក អោយមានប្រសិទ្ធភាព”។
លោកបញ្ជាក់បន្ថែមថា ទិន្ទន័យក្នុងម៉ាស៊ីនស្កែនកាត និងវីឌីអូរូបភាព ត្រូវបញ្ជូនមកម៉ាស៊ីនមេ ដោយខ្សែកាបអុបទិកមួយសសៃ ដែលអាចបញ្ជូនទិន្ទន័យបានចន្លោះ ពី១ ទៅ១០ GB ក្នុង១វិនាទី ដែលជាល្បឿនលឿនសំរាប់បញ្ជូនទិន្ទន័យ។ ហើយបុគ្គលិកទាំងអស់ត្រូវប្រើប្រាស់កាតដែលមានបន្ទះឈីប ដែលមានបញ្ជូលនូវទិន្ទន័យ ឈ្មោះ អត្តលេខមន្រ្តីរាជការ លេខប័ណ្ណ និងភេទជាដើម៕

មន្ដ្រី៖ វិស័យសំណង់ថយចុះ២២,១៦%ក្នុងទឹកប្រាក់វិនិយោគជិត១៣០០លានដុល្លារក្នុងត្រីមាសទី១

ភ្នំពេញ៖ មន្ដ្រីដែនដីនិងសំណង់បានអះអាងថា៖”ទិន្ទន័យវិស័យសំណង់សរុបសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧នៅទូទាំងប្រទេស មានចំនួនសរុប ៧៨៦គម្រោង មានការកើនឡើង បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ មានតែ៤៧៣គម្រោង។ តែទុនវិនិយោគវិស័យសំណង់នៅត្រីមាសទី១ឆ្នាំនេះ គឺមានការថយចុះ២២,១៦% បើធៀបទៅនឹងឆ្នាំ២០១៦។

អគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ ដែលចេញផ្សាយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ដែលហង្សមាសទើបទទួលបាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ បានបង្ហាញថា៖ “សំណង់នៅទូទាំងប្រទេស មានចំនួនសរុប៧៨៦គម្រោង ដែលមានផ្ទៃក្រឡា២.០៧៣.០៤០ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ១២៨២លាន១៥ម៉ឺនដុល្លាអាមេរិក បើធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០១៦ មានចំនួន៤៧៣គម្រោង មានផ្ទៃក្រឡាសាងសង់សរុបចំនួន ៣.៧៩៩.៤០៤ម៉ែត្រការរ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង១៦៤៧លាន ៣០ម៉ឺនដុល្លាអាមេរិក គឺមានការថយចុះចំនួន២២,១៦%។
ទាក់ទិនទៅនឹងការថយចុះនៃទុនវិនិយោគនេះ លោកហ៊ុយ ណារ៉ា អគ្គនាយក អគ្គនាយដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ បានបញ្ជាក់បន្ថែមមកថា “គម្រោងទាំងអស់នៃតួលេខខាងលើនេះ គឺបែងចែកជាពីផ្នែក គឺមានសមត្ថកិច្ចរបស់ក្រសួង និងសមត្ថកិច្ចរបស់រាជធានីខេត្ត”។
ចំពោះសមត្ថកិច្ចរបស់ក្រសួងគឺមានចំនួនសរុប ៥៥គម្រោង ដែលមានផ្ទៃក្រឡាសរុប ១.៥៥៣.៤៤៦ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង១១១១លានដុល្លាអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ មានចំនួន៤៤គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន៣.៥០១.៦៨៦ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណជាង១៥៤២លានដុល្លាអាមេរិក មានការថយចុះ២៧,៩៥%។
ចំពោះវិ ស័យសំណង់ដែលស្ថិតក្រោមសមត្ថកិច្ចរបស់សាលារាជធានីខេត្ត គឺមានចំនួន៧៣១គម្រោង ដែលមានផ្ទៃក្រឡា៥១៩.៥៩៤ម៉ែត្រការ៉េ ដែលមានទុនវិនិយោគជិត១៧១លានដុល្លាអាមេរិក បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ មានចំនួន៤២៩គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន២៩៧.៧១៨ម៉ែត្រការ៉េ ដែលមានទុនវិនិយោគជាង១០៤លាន៨៨ម៉ឺនដុល្លាអាមេរិក គឺមានការកើនឡើង៦៣,៥៣%។
ចំពោះវិស័យសំណង់ដែលមានការថយចុះរហូតទៅដល់ជាង២២%នេះ អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ លោកសេង ឡូត ប្រាប់ហង្សមាសតាមទូរស័ព្ទមកថា៖ “ចំនួនគម្រោងសំណង់មានការកើនឡើងមែន តែចំពោះទុនវិនិយោគគឺមានការថយចុះនេះ ដោយសារ ក្រុមហ៊ុន ដែលប្រតិបត្តិការគម្រោង គឺមិនបានអនុវត្តព្រមគ្នានោះទេ ដោយសារក្រុមហ៊ុនខ្លះត្រូវបានបោះបង់ចោល មិនបន្តសពលភាពតទៅទៀតទេ”។
លោកបញ្ជាក់បន្ថែមថា៖ “នៅទូទាំងប្រទេសផ្ទៃដីក្រឡា ដែលត្រូវសាងសង់ នៅត្រីមាសទី១ឆ្នាំ២០១៧នេះ គឺមានចំនួនតែជាង២លានម៉ែត្រការ៉េ គឺតិចជាងត្រីមាសទី១ ឆ្នាំ២០១៦ ដែលមានផ្ទៃក្រឡារហូតទៅដល់ជាង៣លាន៧៩ម៉ឺនម៉ែត្រការ៉េ ដូច្នេះទុនវិនិយោគក៏មានការថយចុះទៅតាមនោះដែរ។
បើយោងតាមរបាយការណ៍របស់របស់អគ្គនាយកដ្ឋានសំណង់ បានបញ្ជាក់អោយដឹងថា សំណង់នៅទូទាំងប្រទេស គិតចាប់តាំងពិឆ្នាំ២០០០ មកដល់ខែមីនា ឆ្នាំ២០១៧ បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៣៧.៦៣៧គម្រោង ផ្ទៃក្រឡាសំណង់សរុបចំនួន ៩៣.៥៦១.៥៨៨ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុប ៣២.៦២៤.៩៦៨.០១៩ ដុល្លាអាមេរិក៕

សម្ដេចហ៊ុនសែនប្រកាសថា៖កម្ពុជាទទួលបានជំនួយនិងកម្ចីជាង៤២០០លានដុល្លារពីមហាមិត្តចិន

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជា ទទួលបានជំនួយ និងកម្ចីមានការប្រាក់ និងឥតការប្រាក់ពីចិន ដើម្បីយកទៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលបានជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យកាន់តែមានការ រីកចំរើន។

ក្នុងពិធីផ្សព្វផ្សាយជាលើកដំបូងនូវសៀវភៅជាខេមរភាសាស្ដីពី ‘អភិបាលកិច្ចប្រទេសចិន’ ដោយប្រធានាធិបតី ស៊ីជីនពីង នៅព្រឹកថ្ងៃទី១១ មេសានេះ នាវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាបានទទួលជំនួយឥតសំណង និងកម្ចីពីសាធារណរដ្ឋប្រជាមានិតចិន គឺមានចំនួន៤,២០០លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៧នេះ ដែលបានផ្តោតសំខាន់ទៅលើការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, កសិកម្ម, សន្តិសុខសង្គម, សុខាភិបាល និងវិស័យអប់រំ។

សម្តេច បានបន្តថា៖” ជាមួយគ្នានេះ កម្ពុជា នឹងពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្មទ្វេភាគី ទេសចរណ៍ ការវិនិយោគ និងការអភិវឌ្ឍវិស័យកសិកម្ម ដោយពង្រីកកិច្ចសហប្រតិបត្តិការជាមួយចិនក្រោមគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ និងកិច្ចសហប្រតិបត្តិការផ្លូវ សូត្រសតវត្សន៍ទី២១របស់ខ្លួន។
សម្ដេចបានបន្ថែមថា៖”ការវិនិយោគចិនរហូតមកដល់ត្រឹមខែកុម្ភៈមានទំហំជាង៥ពាន់លានដុល្លារអាមេរិចឯទំហំពាណិជ្ជកម្មកម្ពុជាជាង៤៧០០លានដុល្លារអាមេរិចក្នុងនោះកម្ពុជានំាចេញទៅកាន់ចិនជាង៨៣០លានដុល្លារអាមេរិច”។

សម្តេចតេជោ បានអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតចិនដែលជាដៃគូដ៏វិសេសវិសាលរបស់កម្ពុជា ដែលតែងតែជួយកម្ពុជានៅគ្រប់កាលះទេសះដើម្បីរួមចំណែកដល់កិច្ចអភិវឌ្ឍន៍កម្ពុជាទាំងក្នុងដំណាក់កាលបច្ចុប្បន្ន និងអនាគត ព្រមទាំងបានបង្កបរិយាកាស និងផលល្អប្រសើរ ជាពិសេសសម្រាប់ភាពលូនលាស់យ៉ាងឆាប់រហ័សនៃសង្គមកម្ពុជា៕

សម្ដេចហ៊ុនសែនចូលរួមក្នុងពិធីផ្សព្វផ្សាយលើកដំបូងនូវសៀវភៅខេមរភាសានិពន្ឋដោយ ប្រធានាធិបតី ស៊ី ជិនពីង


ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមេសា នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលើកដំបូងនូវសៀវភៅខេមរភាសា ស្តីពីអភិបាលកិច្ចប្រទេសចិន ដោយ ប្រធានាធិបតី ស៊ី ជិនពីង ។
ពិធីផ្សព្វផ្សាយសៀវភៅរបស់ប្រធានាធិបតីចិន នេះធ្វើឡើងដោយមានកិច្ចសហការវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយវិទ្យាស្ថានខុងជឺនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមជាអធិបតីផងដែរពីលោក JIANG Jianguo រដ្ឋមន្រ្តី ក្រុមប្រឹក្សាព័ត៌មានរបស់ចិន។
សៀវភៅនេះបានចងក្រងនូវអត្ថបទចំនួន ៧៩ អត្ថបទរបស់ឯ,ឧស៊ី ជិនពីង ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៤ ដែលក្នុងនោះរួមមានសុន្ទរកថា សេចក្តីបង្គាប់បង្ហាញ និងសារលិខិតជូនពរជាដើម ។
បច្ចុប្បន្នសៀវភៅនេះ បានបកប្រែជា ១៦ភាសា ព្រមទាំងបោះពុម្ពផ្សាយបានចំនួន ៦ លាន ២សែនក្បាលនៅលើសាកលលោកទាំងមូល។
ក្នុងសៀវភៅនេះរួមមានទាំងគោលការណ៍ណែនាំសំខាន់ៗ អំពីគោលនយោបាយអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយ សុបិន្តនិងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋសាមញ្ញ មធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាលំបាកៗ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវែងឆ្ងាយ មាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងការគិតពិចារណាអំពីការអភិវឌ្ឍរបស់ពិភពលោក និងជោគវាសនារបស់មនុស្សជាតិផងដែរ ។
តាមរយៈសៀវភៅនេះ គេនឹងបានយល់ដឹងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ការគិតគូរដល់ប្រជាជន កម្រិតវប្បធម៌ និងទឹកចិត្តដ៏ទូលំទូលាយរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង៕

រដ្ឋមន្ដ្រីកសិកម្ម៖កម្ពុជាមានអតិរេកស្រូវជាង៥លានតោនក្នុងឆ្នាំ២០១៦

ភ្នំពេញ៖លោក រដ្ឋមន្ត្រីកសិកម្មវ៉េងសុខុនបានឱ្យដឹងនៅថ្ងៃនេះ ៖ បរិមាណផលស្រូវបានកើនឡើងពី៩,២៩លានតោន នៅឆ្នាំ២០១២ ដល់ប្រមាណ៩,៩៥ លានតោន នៅឆ្នាំ២០១៦ ក្នុងនោះបរិមាណស្រូវរដូវវស្សាទទួលបានចំនួន៧,៦៣៧លានតោន និងបរិមាណផលស្រូវរដូវប្រាំងទទួលបាន២,៣១៥លានតោនពោលគឺកើនប្រហែល៦,៦%ធៀបនិងឆ្នាំ២០១៥។ កម្ពុជានៅសល់ស្រូវជាង៥លានតោនសម្រាប់នាំចេញ។
លោកវ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ៉និងនេសាទបានឱ្យដឹងដែរថា៖” គោលនយោបាយរបស់រាជរដ្ឋាភិបាល ខិតខំធ្វើយ៉ាងណាប្រមូលផ្តុំ និងប្រើប្រាស់ធនធាន និងសក្តានុពលដែលមានសំដៅលើកកម្ពស់ផលិតភាពកសិកម្ម ពិពិធភាវូបនិយកម្ម និងពាណិជ្ជូបនិយកម្មកសិកម្ម ដើម្បីបង្កើនការងារ និងបង្កើនប្រាក់ចំណូលនៅជនបទព្រមទាំងធានាបាននូវសន្តិសុខស្បៀង សម្រាប់ប្រជាជនទូទៅធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ បង្កើនការនាំចេញកសិផលដើម្បីលើកកម្ពស់ជីវភាពរបស់កសិកររស់នៅតំបន់ជនបទនិងកាត់បន្ថយភាពក្រីក្រជាចម្បង”។
លោកបានបន្តថា៖”វិស័យកសិកម្មកម្ពុជាកំពុងបង្វែទិសពីការអភិវឌ្ឃតាមបែបទូលាយទៅជាការអភិវឌ្ឍតាម បែបស៊ីជម្រៅពោលគឺការពង្រីកសមត្ថភាព ផលិតលើផ្ទៃដីដែលមានស្រាប់តាមរយៈ ប្រពលវប្បកម្ម និងការបង្កើនរដូវដាំដុះ ការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្មបានក្លាយជា របៀបវារៈអាទិភាពមួយដ៍សំខាន់។
នៅឆ្នាំ២០១៦កន្លងមកនេះអតិរេកស្រូវមានចំនួន៥,១១ លានតោន គិតជាអង្ករស្មើនិង៣,២៧ លានតោន(កើនប្រមាណ១០%)ធៀបនិងឆ្នាំ២០១៥។ បរិមាណអង្ករនាំចេញក្នុងឆ្នាំ២០១៦ក្នុងក្របខ័ណ្ឌច្រកចេញចូលតែមួយសម្រេចបានចគំនួន៥៤២.១៤៤តោន កើនឡើង០,៧%ធៀបនិងឆ្នាំ២០១៥។បាននាំអង្ករទៅទិសដៅ៦៥ ប្រទេសនៅលើសាកលលោកនិងមានក្រុមហ៊ុននាំចេញចំនួន៨៨ក្រុមហ៊ុន៕

រម្មណីយដ្ឋានសេកសកបានបាត់បង់ស្នាមធម្មជាតិរបស់ខ្លួនដោយសារត្រូវទប់ទឹកធ្វើវារីអគ្គិសនី

ខេត្តបាត់ដំបងៈ.ខណៈពេលដែលស្ទឹងធម្មជាតិសេកសកត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានទប់ទំនប់ទឹកធ្វើវ៉ារីអគ្គិសនី(ពហុបំណង)ក្នុងតំបន់នោះបានធ្វើឲ្យរម្មណីយដ្ឋានទេសចរណ៏សេកសកបានបាត់បង់សម្រស់ធម្មជាតិរបស់ខ្លួនធ្វើឲ្យតំបន់ទេសចរណ៏១នេះបានថយចុះចំនួនភ្ញៀវទេសចរណ៏ទៅលេងកំសាន្ត។
អ្នកស្រីឆង វី,ម្ចាស់គ្រប់គ្រងរម្មណីយដ្ឋានសេកសកបានត្អូញត្អែរឲ្យដឹងថាៈកាលពីរាជរដ្ឋាភិបាលមិនទាន់ទប់ទឹកយកតំបន់នេះធ្វើវ៉ារីអគ្គិសនី ទឹកមិនបានជោរជនប្រៀបពេញស្ទឹងបែបនេះទេគឺទឹកបានហូរលើថ្មរលករលេញដូចបទចម្រៀងលោកស៊ិនស៊ីសាមុតច្រៀងអញ្ចឹង(នឹកដល់សេកសកទឹកហូររលករលេញ រលកបោកបាច់បណ្តេញរត់រមិញលើផ្ទាំងសិលា!)។

អ្នកស្រីបន្តថាៈឥឡូវមិនដូចក្នុងបទចម្រៀងលោកស៊ិនស៊ីសាមុតច្រៀងទៀតទេបានលុបស្នាមដុំថ្ម ដែលធ្លាប់មនុស្សម្នានិងភ្ញៀវទេសចរណ៏ដែលតែងមកអង្គុយមុជទឹកហែលលេងកំសាន្តបានបាត់អស់ហើយ និងបានធ្វើឲ្យភ្ញៀវដែលធ្លាប់មកលេងកំសាន្តតំបន់ទេសចរណ៏សេកសកមានការថយចុះយ៉ាងខ្លាំងបើប្រៀបធៀបកាលពីមិនទាន់ទប់ទំនប់ធ្វើវ៉ារីអគ្គិសនី។
អ្នកស្រីបន្តថាៈដើម្បីទាក់ទាញភ្ញៀវទេសចរណ៏ឲ្យមកកំសាន្តលេងឲ្យបានច្រើឡើងវិញតទៅអនាគតអ្នកស្រីបានច្នៃធ្វើជាកញ្ចុះបណ្តែតទឹក,មានអ័បរ,ទូក,ទារសម្រាប់បងប្អូនទៅលេងកំសាន្តជិះនិងហែលទឹកលេងកំសាន្ត ជំនួសការអង្គុយលេងលើថ្មមុជទឹកបានហើយសន្តិសុខសុវត្ថិភាពក៏ល្អ,ម្ហូបអាហារមាន់ដុតស្រែ៤ទៅ៥ម៉ឺនរៀលទេ,ត្រីរ៉សដុត១តម្លៃរ២ម៉ឺនរៀល,បាយដាំអង្ករធម្មជាតិតម្លៃសមរម្យ,តម្លៃសបុត្រចូលកំសាន្ត២ម៉ឺនរៀល,ផ្ញើរថយន្ត៥ពាន់រៀល។
អ្នកស្រីអំពាវនាវ បើបងប្អូនប្រជាពលរដ្ឋមកលេងកំសាន្តតំបន់ទេសចរណ៏ជួយចូលរួមសំអាតបរិស្ថានវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវអ្នកស្រីមានធុងសំរាមឲ្យទុកដាក់គ្រប់ទីកន្លែងក្នុងបរិវេណតំបន់រម្មណីដ្ឋាន បរិស្ថានស្អាតល្អសម្រាប់សុខភាពទាំងអស់គ្នា សុំកុំបោះបង់សំរាមពាសវាលពាសកាល៕

 

 

 

 

 

 

ក្រុមអាជីវករខ្មែរឥស្លាមកាប់គោនៅស្រុកស្អាងត្អូញត្អែថារងការគៀបសង្កត់

កណ្តាល៖ក្រុមអ្នករកស៊ីកាប់គោនៅស្រុកស្អាងនៅថ្ងៃទី៩ខែមេសាឆ្នាំ២០១៧​អំពាវ​នាវឱ្យ​ប្រធានមន្ទីរ និងអភិបាល​ខេត្ត ជួយអន្តរគមន៍ផង ខណៈដែលម្ចាស់កុងស៊ីថ្មី នៅតាខ្មៅ បង្ខំ​ឱ្យ​ចូលទៅកាប់ក្នុងទីតាំងរបស់គេ បើមិនដូច្នេះត្រូវបង់លុយឱ្យគេ។

អ្នកស្រី អៃ សាស់ ជនជាតិខ្មែរឥស្លាមតំណាងឱ្យក្រុមអាជីវករកាប់គោនៅស្រុកស្អា ង បាន​រៀប​រាប់ ថាពួកគាត់បានប្រកបរបរកាប់គោលក់នេះ ជាង២០ឆ្នាំមកហើយ មិនដែល​មាន​បញ្ហាអ្វី​នោះ​ទេ ហើយពួកគាត់កាប់នៅក្នុងកុងស៊ីមានច្បាប់ទន្លាប់ មានការពិនិត្យគុណភាពសាច់ និង​ការ​អនុញ្ញាតដឹកជញ្ជូនពីមន្ត្រីពេទ្យសត្វស្រុកស្អាងថែមទៀតផង ហើយសាច់គោរបស់ពួកគាត់ មួយចំណែកបោះឱ្យម៉ូយនៅផ្សារតាខ្មៅ និងនៅផ្សារក្នុងស្រុកស្អាង។

ប៉ុន្តែប៉ុន្មានខែនេះ ក្រោយ​ពីកុងស៊ីថ្មីនៅក្រុងតាខ្មៅ បង្កើតឡើង​ស្រាប់តែគេបង្ខំឱ្យ​ពួកគាត់ទៅ​កាប់នៅក្រុងតាខ្មៅវិញ ដោយបានប្រើវិធីគ្រប់យ៉ាងដើម្បីគៀបសង្កត់ឱ្យចូលទៅកុងស៊ីរ បស់គេ ហើយម្ចាស់កុងស៊ី បានដាក់ល័ក្ខខណ្ឌត្រូវតែលក់សាច់គោទាំងអស់ទៅឱ្យគេ គឺមិនឱ្យ​យកទៅ​លក់ឱ្យម៉ូយដូចមុនទៀតទេ។

 អ្នកស្រីបន្តថា នៅពេលដែលពួកគាត់មិនព្រម គេក៏ប្រើវិធី​បង្ខំដោយខាងពេទ្យ​សត្វលែង​ចេញ​លិខិតពិនិត្យគុណភាពសាច់ឱ្យ ដើម្បីឱ្យពួកគាត់ចូលទៅកុងស៊ីថ្មី ហើយនៅពេ លដែល​មិន​ព្រមកាលពីថ្ងៃទី៦ មីនា ២០១៧កន្លងទៅនេះ ថែមទាំងបានចាប់សាច់គោគ្នារ បស់គាត់​ដែល​ដឹកយកមកលក់ឱ្យម៉ូយនៅផ្សារតាខ្មៅ ពិន័យជាប្រាក់១លានរៀល ដោយមិ នបានចេញ​វិក័យ​បត្រឱ្យនោះទេ។

លុះថ្ងៃទី៧ មីនា ប្រធានពេទ្យសត្វខេត្ត បានកោះហៅពួកគាត់មកប្រជុំ ដោយបានប្រាប់ថា ត្រូវ​តែចូលទៅកាប់នៅកុងស៊ីថ្មី ហើយម្ចាស់កុងស៊ីថ្មី ប្រាប់ថា បើមិនចូលកាប់ក្នុងកុងស៊ីរបស់គេ ក៏​បានដែរតែត្រូវតែបង់ប្រាក់១៥០០០រៀលក្នុងគោ១ក្បាល ហើយត្រូវយក​សាច់ទៅឱ្យ​គេ​ពិនិត្យ​សិនមុនយកទៅលក់ និងអនុញ្ញាតឱ្យម្នាក់ ផ្គត់ផ្គង់សាច់​គោតែ១ក្បាល​ប៉ុណ្ណោះក្នុង១ថ្ងៃ។ ដោយមានការតវ៉ា ម្ចាស់កុងស៊ី សុខចិត្តយក ១ខែត្រឹម២៥ម៉ឺនរៀលវិញ តែអនុញ្ញាតិ​ឱ្យយក​សាច់​គោត្រឹម១ក្បាលប៉ុណ្ណោះចូលលក់ក្នុងផ្សារតាខ្មៅ។ អ្នកស្រីបានបញ្ជាក់ថា ដោយគ្មាន​ជម្រើស​ពួកគាត់ក៏យល់ព្រមបង់ឱ្យគេទៅដើ ម្បីទុកផ្លូវរកស៊ី ប៉ុន្តែ ក៏សូមសំណូមពរ​ដល់លោក​ប្រធាន​មន្ទីរកសិកម្ម និងលោកអភិបាលខេត្ត​មេត្តាជួយអន្តរាគមន៍​ឱ្យពួកគាត់បាន​ផ្គត់ផ្គង់​សាច់​គោ​តាម​ទម្លាប់ផង ព្រោះ១ថ្ងៃក្នុងម្នាក់ៗ យកសាច់មកលក់នៅផ្សារតាខ្មៅដល់ទៅពីរ បីក្បាល​ឯណោះ បើធ្វើដូច្នេះ គឺធ្វើឱ្យពួកគាត់ខាតបង់ច្រើនណាស់ មួយ វិញទៀត ផ្ទះរបស់​គាត់នៅស្រុក​ស្អាង​ឯណោះ បើឱ្យមកកា ប់នៅកុងស៊ីតាខ្មៅ ឆ្ងាយពីផ្ទះ។

អ្នកស្រី ម៉ាត់ រ៉ ម្ចាស់សត្វឃាតថ្មីក្នុងក្រុងតាខ្មៅ បាននិយាយថា ចំពោះប្រាក់២៥ម៉ឺន នោះគឺ អ្នក​កាប់គោត្រូវបង់ឱ្យគាត់ ព្រោះគាត់ខំចំណាយលុយច្រើនណាស់ក្នុង​ការបង្កើតទីតាំង​នេះ​ឡើង​។

លោក អុល ដូរិន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បាន​លើក​ឡើងថា នេះជាច្បាប់ កាលពីមុននៅតាខ្មៅ មិនទាន់មានកុងស៊ី ទើបអ្នកនៅស្អាង អាច​យក​សាច់​មកផ្គត់ផ្គង់នៅតាខ្មៅបាន។ ប៉ុន្តែ ឥឡូវនៅតាខ្មៅមានកុងស៊ីហើយ ដូច្នេះ បើចង់​លក់សាច់​ក្នុង​ក្រុងតាខ្មៅ គឺត្រូវតែចូលមកកាប់នៅកុងស៊ីតាខ្មៅ ព្រោះវាងាយស្រួលក្នុងការត្រួតពិនិត្យ។ ដោយ​ឡែករឿងលុយ១លានរៀលនោះ គឺមិនមែនពិន័យដោយមិនចេញវិ ក័យបត្រទេ គឺជា​ប្រាក់​​តម្កល់ហើយលោកក៏បានបញ្ជូនរឿងនេះទៅថ្នាក់លើដែរថាតើត្រូវពិន័យប៉ុន្មាន។(EML) 

 

AP-171

កសាងផែនការសកម្មភាពជាតិសម្រាប់ការគ្រប់គ្រងនិងអភិរក្សក្រពើនៅខេត្តជាប់មាត់បឹង

កំពង់ឆ្នាំង៖ នាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ​២០១៧បានរៀបចំធ្វើសិក្ខាសាលាមួយរយះពេល១ថ្ងៃ នៅក្នុងសណ្ឋាគារសំរោងសែន ក្រុង​កំពង់ឆ្នាំង  ស្តីពីការកសាងផែនការសកម្ម​ភាពជាតិសម្រាប់ការគ្រប់គ្រង និងអភិរក្សក្រពើ រយះពេល៥ឆ្នាំ២០១៧ដល់២០២១ ដែលផ្តល់មូនិធិដោយសហភាព​អឺរុប។ កម្មវិធីនេះមានការចូលរួមពីខណ្ឌរដ្ឋបាលជលផល៤ខេត្ត គឺខេត្តកំពង់ឆ្នាំង  កំពង់ធំ  បាត់ដំបង  សៀមរាម  និងមានអ្នកចិញ្ចឹកក្រពើតាមខេត្តមួយ​ចំនួនខាងលើចូលរួម​សរុបជាង​១០នាក់​ផងដែរ។

លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅក្នុងពេលប្រកាសបើកសិក្ខ​សា​លានេះបានលើកឡើងថា៖ គោលបំណងនៃសិក្ខាសាលានេះ គឺចង់ប្រមូលផ្តុំគំនិតយោបល់ បទពិសោធន៍ របស់អ្នកចិញ្ចឹមក្រពើ រួមជាមួយមន្ត្រីរដ្ឋបាលជលផលពាក់ពន្ធ័ ដើម្បី​កសាង​ផែនការសកម្មភាពជាតិស ម្រាប់ការគ្រប់គ្រង និងអភិរក្សក្រពើនៅកម្ពុជា ហេតុនេះ​សិក្ខា​កាម​ទាំងអស់ត្រូវតែនាំគ្នាបញ្ចេញគំនិតយោ បល់រាល់ចំណុចខ្លាំង ខ្សោយ ចំណុចប្រឈម​នានា​ក្នុងការចិញ្ចឹមក្រពើក្នុងកសិដ្ឋានរបស់ខ្លួនកម្លងមក។

លោកបានបញ្ជាក់ថា៖ ការចុះបញ្ជីការរបស់កសិដ្នានចិញ្ចឹមក្រពើ ក៏ជារឿងចាំបាច់មួយផង​ដែរដើម្បីគ្រប់គ្រងស្ថិតិគ្រប់គ្រាន់ ងាយស្រួលអង្គការដៃគូ ឬថ្នាក់ជាតិជួយរកទីផ្សារ​លក់ដូរ​អោយ។ លោកក៏សំណូមពរផងដែរដល់កសិដ្ឋានទាំងអស់ ត្រូវមានទំនាក់ទំនង​គ្នាអោយបាន​ល្អដើម្បីអោយទីផ្សារមានតម្លៃដូចគ្នា  និងស្នើសុំអង្គការដាក់បញ្ចូលកម្មវិធី​ទស្សនះកិច្ច​សិក្សា​ទៅវិញទៅមកពីខេ ត្តមួយទៅខេត្តមួយ ដើម្បីស្រាវជ្រាវយក​បទ​ពិសោធន៍ល្អៗ​ពីគ្នាក្នុង​ការ​ចិញ្ចឹមក្រពើ។ ដោយឡែកខេត្តកំពង់ឆ្នាំងបច្ចុប្បន្នមានកសិដ្ឋានចិញ្ចឹមក្រពើចំនួន១៥កន្លែង និងមានក្រពើសរុបចំនួន ៤១.៣៣០ក្បាល។

នៅក្នុងសិក្ខាសាលានេះ លោក លៀង សារឿន មន្ត្រីនាយកដ្ឋានអភិរក្សជលផលបានធ្វើការដឹក នាំការពិភក្សាជាមួយអ្នកចិញ្ចឹមក្រពើ នៅក្នុងសិក្ខាសាលា ដោយដាក់ចេញនូវផែន​ការសកម្មភាព​រយះពេល៥ឆ្នាំគឺ  ជុំរុញការចិញ្ចឹមក្រពើប្រកបដោយគុណភាព  ផ្តល់បច្ចេកទេសព្យាបាលជម្ងឺ   ជុំរុញការចិញ្ចឹ មក្រពើនាំចេញក្នុងស្រុក និងទៅក្រៅប្រទេសអោយមានប្រសិទ្ធភាព និងស្រប​ច្បាប់  ទំនាក់ទំនងដៃគូរកវិនិយោទន់ក្នុងស្រុក និងវិនិយោទន់នៅក្រៅប្រទេស  ជុំរុញការចុះ​បញ្ជីការអ្នកចិញ្ចឹមក្រពើទាំងអស់អោយបានស្របច្បាប់  ជុំរុញការលែងក្រពើទៅក្នុងដែនធម្មជាតិ  បង្កើនការយល់ដឹងជាសាធារណៈដល់អ្នកគ្រប់ គ្រង អ្នកចិញ្ចឹមក្រពើ និងសហគមន៍ អំពីលិខិត​បទដ្ឋានគតិយុត្តិពាក់ពន្ធ័តួនាទីទីកន្លែងអភិរក្សក្រពើ បង្កើ នមុខរបរចិញ្ចឹម​ជីវិតដល់​ប្រជាពលរដ្ឋរស់នៅក្បែរតំបន់អភិរក្សក្រពើធម្មជាតិ។

ដោយឡែកអ្នកចិញ្ចឹមសត្វក្រពើម្នាក់រស់នៅក្នុងក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ បច្ចុប្បន្នទីផ្សារ​លក់ក្រពើនៅក្នុងកម្ពុជាពុំមានឡើយ ចំណែកតម្លៃកូនក្រពើតូចៗ​សព្វថ្ងៃ១​ក្បាលថ្លៃតែ៧ទៅ​៨​ដុល្លារ​តែប៉ុណ្ណោះ ។

 ដោយឡែកកាលពីឆ្នាំ២០០៥ពេលមានទីផ្សារ កូនក្រពើតូចៗនេះក្នុង១ក្បាលលក់បាន ពី៤០ទៅ​៥០ដុល្លាឯណោះ។ លោកក៏សុំអំពាវនាវផងដែរដល់ ប្រមុខរាជរដ្ឋាភិបាល អង្គការដៃគូ និងរដ្ឋ​បាលជលផល ជួយរកទីផ្សារក្រពើអោយផង ហើយលោកសូម​គាំទ្រការកសាងផែន​ការ​សកម្មភាព​ជាតិសម្រាប់ការគ្រប់គ្រង និងអភិរក្សក្រពើ រយះពេល៥ឆ្នាំខាងលើនេះមួយ​រយភាគរយ៕(EML)AP-136AP-138AP-137

យុទ្ធនាការចុះត្រួតពិនិត្យមុខទំនិិញហួសកាលបរិច្ឆេទនៅតាមផ្សារ

ស្វាយរៀង: នៅព្រឹកថ្ងៃទី៧ខែមេសាឆ្នាំ ២០១៧នេះសាខាកាំកុងត្រូលខេត្តស្វាយរៀង ដឹកនាំដោយលោក ហោ ដារ៉េត អនុ ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងបានសហការនិងមន្ទីរពាណិជ្ជកម្មខេត្តបានចុះធ្វើការត្រួតពិនិត្យទំនិញជាគ្រឿងកំប៉ុង គ្រឿងបរិភោគ ដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់។

ពិសេសគឺផ្តោតសំខាន់ទំនិញជាប្រភេទ ទឹកត្រី ទឹកស៊ីអីុវ ទឹកក្រូច ដែលខូចគុណភាពហើយត្រូវបាននាំចូលពីប្រទេស​​ជិកនិងផលិតក្នុងស្រុកដែលអាចនាំអោយប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ព្រោះសល់តែប៉ុន្មានថ្ងៃទៀតទេគឺដល់ថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរផងដែរ។ការចុះត្រួតពិនិត្យទំនិញខាងលើនេះធ្វើឡើងនៅក្នុងផ្សារប្រសូត្រនិងតាមផ្ទះអាជីវករស្ថិតនៅក្នុង ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

លោក ហោ  ដារ៉េត អនុ ប្រធានសាខាកាំកុងត្រូលខេត្ត ស្វាយរៀងបានឲ្យដឹងថា៖ ការចុះត្រួតពិនិត្យលគុណភាពទំនិញនាពេលនេះដើម្បីធានាបានការមិនប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ទំនិញដែលដាក់តាំងលក់លើទីផ្សារ ពិសេសក្នុងគោលបំណងពង្រឹងលើការចរាចរណ៍ទំនិញលើទីផ្សារឲ្យមានគុណភាពអនាម័យល្អ និងធានាបាននូវសុវត្ថិភាព​ចំណីអាហារលើទីផ្សារ ហើយក្នុងនោះដែរ ។

លោកថាយើងក៍៍បានចុះត្រួតពិនិត្យនៅតាមផ្សារនិងខ្នង​ផ្ទះប្រជាពលរដ្ឋហើយបានធ្វើការដកហូតមុខទំនិញដែល​ខូចគុណភាពហួសកាលបរិច្ឆេទកំណត់នៃការប្រើប្រាស់ដែលបងប្អូនអាជីវករដាក់តាំងលក់នៅតាមទីផ្សារព្រមទាំងធ្វើការពន្យល់ដល់ពួកគាត់បានយល់ដឹងពីទំនិញណាដែលត្រូវប្រើប្រាស់និងទំនិញណាដែលមិនត្រូវយកមកប្រើប្រាស់ដោយខ្លួនឯង។ 

លោក ហោ ដារ៉េត បាន បន្ថែមទៀតថា គោលបំណងសំខាន់នោះគឺស្រាវជ្រាវរកទំនិញ ដែលដាក់បន្ថែមនូវសារជាតិគីមី ត្រូវហាមឃាត់ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មានចម្លងមេរោគ គ្មានប្រភពច្បាស់លាស់ និងទំនិញក្លែងបន្លំពុំមានស្លាកសញ្ញាជាដើម ហើយចំពោះការចុះត្រួតពិនិត្យមើលនាពេលនេះគឺមន្ត្រីសាខាក៍បានដកហូតនូវមុខទំនិញជាច្រើនប្រភេទដែលហួសកាលបរិច្ឆេទនៃការប្រើប្រាស់ផងដែរ។

លោកបន្តថាប៉ុន្តែជាលទ្ធផលគឺមន្ត្រីយើងដកហូតបានមុខទំនិញមួយចំនួនដែលហួសកាលបរិច្ឆេទនៃការប្រើប្រាស់នោះរួមមាន​៖ទឹកដោះគោ១៨យួរ ទឹកក្រូច១៨យួរ ស្មើនិង១០៨ដបតូច ទឹកដោះជូរ៦ដប ទឹកសាមរ៉ៃ៣យួរ ទឹកក្រូចgood ៣យួរ រួមនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

លោកអនុប្រធានសាខាបានបន្តថា ៖រាល់ទំនិញដែលធ្វើចរាចរណ៍នៅលើទីផ្សារដោយអនុវត្តតាមគោលការណ៍ដូចជាភ្លៀងរលឹមគឺយើងនៅតែចុះជាប់ជាប្រចាំដើម្បីធ្វើការត្រួតពិនិត្យទៅលើទំនិញណាដែលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ពិសេសគឺជម្រុញនិងតែងតែធ្វើការអប់រំណែនាំ ឲ្យពួកគាត់ប្រកាន់ខ្ជាប់នូវអនាម័យជាចំបងព្រមទាំងអំពាវនាវដល់អាជីវករ ត្រូវផ្លាស់ប្តូរការលក់និងនាំចូលនូវចំណីអាហារដែលមានគុណភាពត្រូវគិតគូរបញ្ហាសុវត្ថិភាពដោយមិនត្រូវគិតតែប្រយោជន៍ផ្ទាល់ខ្លួននាំឲ្យប៉ះពាល់ដល់សុខភាពអ្នកដទៃឡើយហើយនាពេលខាងមុខនេះថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរចូលមកដល់ហើយ។(EML)AP-132AP-131AP-133

ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តមានភាពរឹងមាំ ក្នុងរង្វង់ជាង៧ភាគរយ

ភ្នំពេញ៖យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយនៅថ្ងៃនេះ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថា នឹងនៅតែមានភាពរឹងមាំ ក្នុងរយៈពេល ២ ឆ្នាំបន្តទៀត ដោយសារតែភាពរឹងមាំនៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើង សកម្មភាពក្នុងវិស័យសំណង់និងអចលនទ្រព្យ និងការកើនឡើងនូវចំណាយរបស់រដ្ឋាភិបាល គួបផ្សំនឹងការងើបឡើងវិញក្នុងកម្រិតមធ្យមនៃផលិតកម្មកសិកម្ម ។
របាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ ADB ដែលមានឈ្មោះថាទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ២០១៧ (ADO) ដែលជារបាយការណ៍ពិសេសរបស់ស្ថាប័ននេះ បានលើកឡើងថា ផលិតផលសរុបក្នុងស្រុក (ផ.ស.ស) នឹងកើនឡើងដល់ ៧,១% ក្នុងឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ពោលគឺខ្ពស់ជាងតួលេខប៉ាន់ប្រមាណ ៧,០% ក្នុងឆ្នាំ ២០១៦ បន្តិច។
លោក Samiuela Tukuafu នាយក ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ខណៈពេលដែលទស្សនវិស័យកំណើនសេដ្ឋកិច្ចរយៈពេលខ្លីរបស់កម្ពុជា នៅតែមានភាពរឹងមាំ ថ្លៃឈ្នួលពលកម្ម និងកង្វះជំនាញ នៅតែមានការកើនឡើង។ ការពន្លឿនការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ នឹងកាត់បន្ថយចំណាយសម្រាប់ការធ្វើធុរកិច្ច និងបង្កើនកំណើនផលិតភាពនិងភាពប្រកួតប្រជែងរបស់ប្រទេសនេះ តាមរយៈកំណែទម្រង់លិខិតបទដ្ឋានគតិយុត្តិ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារ និងជំនាញផេ្សងៗមួយចំនួនទៀត”។
កំណើនវិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានអត្រាខ្ពស់ជាងមុនបន្តិច ពោលគឺ ១០,៨% នៅឆ្នាំនេះ ដោយសារប្រទេសឧស្សាហកម្មធំៗមួយចំនួនមានកំណើនខ្ពស់ជាងមុន និងការធ្វើពិពិធកម្មទៅរកផលិតផល ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា សម្លៀកបំពាក់ ស្បែកជើង កម្មន្តសាលធុនស្រាល និងអេឡិចត្រូនិច ជាដើម។ វិស័យសេវាកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៦,៧% ដោយសារតែការកើនឡើងខ្ពស់នៃតម្រូវការក្នុងស្រុក និងវិស័យទេសចរណ៍។ ចំណែកវិស័យកសិកម្មវិញ នឹងកើនឡើង ១,៨% ដោយសន្មត់ថាអាកាសធាតុនឹងមានលក្ខណៈអំណោយផល។ វិស័យសំណង់ត្រូវបានរំពឹងថានឹងមានកំណើនមធ្យម។
ឳនភាពសារពើពន្ធ ដែលមិនរាប់បញ្ចូលហិរញ្ញប្បទានឥតសំណង ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងដល់ ៤,៣% នៃ ផ.ស.ស ក្នុងឆ្នាំនេះ ដោយសារតែចំណាយសាធារណៈមានការកើនឡើងខ្ពស់ជាងមុន។ គេរំពឹងថា ការឡើងនូវថ្លៃប្រេងនិងទំនិញផ្សេងទៀតលើទីផ្សារអន្តរជាតិ នឹងធ្វើឲ្យអតិផរណាកើនឡើងដល់ ៣,៤% នៅឆ្នាំនេះ ពី ៣,០% ក្នុងឆ្នាំ ២០១៦។ ឳនភាពគណនីចរន្ត ដោយមិនរាប់បញ្ចូលជំនួយនិងកម្ចីផ្លូវការ នឹងថយចុះមកនៅ ៩,៤% នៃ ផ.ស.ស ក្នុងឆ្នាំ ២០១៧ ពី ១០,១% នៃ ផ.ស.ស កាលពីឆ្នាំកន្លងទៅ ខណៈដែលការនាំចេញមានភាពរឹងមាំ ហើយថ្លៃប្រេងចុះទាប។
ទស្សនវិស័យសេដ្ឋកិច្ចខាងលើនេះ គឺអាស្រ័យទៅលើហានិភ័យពាក់ព័ន្ធមួយចំនួន ដែលមានប្រភពចេញមកពីភាពងាយរងគ្រោះនៃវិស័យហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការរីកចំរើនឆាប់រហ័សពេកនៃវិស័យនេះ។ក្នុងនោះរួមមាន ការកើនឡើងដ៏ឆាប់រហ័សនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការរាលដាលមួយចំនួនដែលបណ្តាលមកពីភាពមិនប្រាកដប្រជានៃបរិយាកាសខាងក្រៅ។ បរិមាណឥណទានដែលផ្ត-ល់ទៅវិស័យឯកជនធៀបនឹង ផ.ស.ស បានកើនឡើងជាងទ្ឋេរដង ក្នុងរយៈពេល ៥ ឆ្នាំនេះ រហូតជិតដល់ ៧០% នៃផ.ស.ស ក្នុងឆ្នាំ ២០១៦។ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដើម្បីជួយបន្ថយល្បឿននៃកំណើនឥណទាននេះ។ ហានិភ័យធំៗខាងក្រៅរួមមាន កំណើនមិនជាទីពេញចិត្តនៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ និងការឡើងថ្លៃប្រាក់ដុល្លារសហរដ្ឋអាមេរិច ដែលអាចប៉ះពាល់ដល់ភាពប្រកួតប្រជែងនៃការនាំចេញរបស់កម្ពុជា និងធ្វើឲ្យការប្រកួតប្រជែងរវាងកម្ពុជាជាមួយប្រទេសដែលមានថ្លៃដើមទាបផ្សេងទៀត កាន់តែមានភាពតានតឹង៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

ព័ត៌មានជាតិ​ពេល​យប់​


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2