vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ឧត្តមសេនីយ៍យោធាថៃត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២៧ឆ្នាំពីបទជួញដូរមនុស្ស

v8

ក្រុងបាងកក៖ ឧត្តមសេនីយ៍យោធាថៃមួយរូបត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំពីបទជួញដូរមនុស្ស អំឡុងសវនាការទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសថៃ។


លោក Manas Kongpan ស្ថិតក្នុងចំណោមមនុស្សជាង៦០នាក់ទៀតដែលត្រូវបានផ្តន្ទាទោសកាលពីម្សិលមិញនៅក្នុងតុលាការក្រុងបាងកកពីបទជួញដូរជនជាតិបង់ក្លាដែស និងជនជាតិភាគតិចមូស្លីមរ៉ូហីងយ៉ា ជាជនជាតិភាគតិចភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា។


អតីតមន្ត្រីកំពូលម្នាក់ទៀត ឈ្មោះ Ko-Tong ប្រធានរដ្ឋបាលសាលាខេត្ត Satun ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈ ពេល៧៥ឆ្នាំ ស្របពេលចុងចោទចំនួន១០៣នាក់ត្រូវបាននាំយកមកបើកសវនាការ។


ការចាប់ខ្លួនឧត្តមសេនីយ៍ Manas Kongpan កាលពីខែមិថុនាឆ្នាំ ២០១៥ គឺជាផ្នែកនៃការខិតខំប្រឹងប្រែងរបស់ប្រទេសថៃក្នុងការបិទផ្លូវជួញដូរមនុស្សឆ្លងកាត់ប្រទេសរបស់ខ្លួន។ ជនជាតិភាគតិចរ៉ូហីងយ៉ាបាននិងកំពុងភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាជាច្រើនឆ្នាំមកហើយ ដោយបង់ប្រាក់ទៅឲ្យក្រុមជួញដូរមនុស្សដើម្បីឲ្យជួយពួកគេក្នុងការរត់គេច។


ចុងចោទមួយចំនួនផ្សេងទៀតក៏ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងរយៈពេលដ៏យូរផងដែរ ក្នុងនោះមានអ្នកខ្លះបានជាប់ពន្ធនាគាររហូតដល់៩៤ឆ្នាំក៏មានដែរ។


កាលពីឆ្នាំ ២០០៩ លោក Manas Kongpan បានលើកឡើថា ប្រទេសថៃចាត់ទុកជនអន្តោប្រវេសន៍ដូចពលរដ្ឋថៃដែរ បន្ទាប់ពីមានការចោទប្រកាន់ថា លោកបានចេញបទបញ្ជាឲ្យយកទូកគ្មានម៉ាស៊ីនដឹកជនជាតិរ៉ូហីងយ៉ាងទៅបណ្តែតចោលឲ្យរសាត់អណ្តែតលើផ្ទៃសមុទ្រ។


លោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha បានទទូចសុំឲ្យសាធារណជនកុំទម្លាក់កំហុសលើយោធាថៃពាក់ព័ន្ធការជូញដូរមនុស្សនេះ ដោយលោកលើកឡើងថា កុំម៉ៃទៅលើទាហានទាំងអស់ដោយសារតែបុគ្គលម្នាក់។


ស្របពេលដំណាលគ្នានេះ សកម្មជនសិទ្ធិមនុស្សក៏បានលើកសរសើរដល់តុលាការថៃផងដែរ ដោយលើកឡើងថា រដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្លាំងក្នុងការផ្តន្ទាទោសជនប្រព្រឹត្តបទល្មើសឬបទឧក្រិដ្ឋ ប៉ុន្តែក្រុមគ្រួសាររបស់ចុងចោទមិនពេញចិត្តនោះឡើយ។


ការបើកសវនការទ្រង់ទ្រាយធំនេះ បានចាប់ផ្តើមកាលពីឆ្នាំ២០១៥ បន្ទាប់ពីប្រទេសថៃចាត់វិធានការបង្ក្រាបក្រុមជួញដូរមនុស្ស ក្រោយពេលរកឃើញផ្នូកប់់សពជាច្រើននៅក្បែរព្រំដែនថៃ-ម៉ាឡេស៊ី៕

ព្យុះភ្លៀងដ៏ជោគជាំវាយប្រហារក្រុងមួយនៅភាគឥសានប្រទេសចិនម្តងទៀត

v2

ចិន៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះព្យុះភ្លៀងដ៏ជោគជាំបានវាយប្រហារក្រុង Yongji ក្នុងខេត្ត Jilin ភាគឥសានប្រទេសចិនម្តងទៀត ដោយបង្កឲ្យកើតមានទឹកជំនន់យ៉ាងខ្លាំងសាជាថ្មី។


មន្ទីរឧតុនិយមក្រុង Yongji បានចេញសេចក្តីប្រកាសឲ្យមានការប្រុងប្រយ័ត្នមុនពេលទៀបភ្លឺ នៅក្នុងកម្រិតប្រកាសអាសន្នខ្ពស់បំផុតក្នុងប្រព័ន្ធប្រកាសអាសន្នដែលមានបួនកម្រិតរបស់ប្រទេសចិន។


គិតត្រឹមម៉ោង៦ព្រឹកមិញ ក្នុងតំបន់ទំនាបមូយចំនួន ផ្ទះខ្លះបានលិចដល់ជាន់ទីមួយបាត់ទៅហើយ រីឯចរន្តអគ្គិសនីនិងប្រព័ន្ធទឹកស្អាតក៏ត្រូវបានកាត់ផ្តាច់ដែរនៅតំបន់ខ្លះក្នុងក្រុង Yongji នេះ។


ភ្លៀងធ្លាក់ដ៏ជោគជាំនេះ ក៏បានធ្វើឲ្យតំបន់ភាគកណ្តាលនៃទីក្រុងនេះរងការជន់ក្នុងកម្រិតទឹកភ្លៀងកម្ពស់ចាប់ពី៤០ ទៅ៦០មីល្លីម៉ែត្រផងដែរនៅក្នុងថ្ងៃព្រហស្បតិ៍ដដែលនេះ។


ទឹកជំនន់លើកនេះ គឺជាទឹកជំនន់លើកទីពីរហើយដែលក្រុង Yongji បានជួបប្រទះក្នុងរយៈពេល៧ថ្ងៃកន្លងមកនេះ។ ទឹកជំនន់លើកទីមួយកើតមានឡើងបន្ទាប់ពីមានព្យុះភ្លៀងកាលពីថ្ងៃទី១៣ ដោយធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋប្រហែល២៦ម៉ឺននាក់ និងធ្វើឲ្យផ្ទះប្រមាណ៧.៥០០ខ្នងបានរងការខូចខាត៕

កាមេរូនធ្វើទារុណកម្មជនសង្ស័យនៅមូលដ្ឋានប្រើប្រាស់ដោយទាហានអាមេរិកនិងបារាំង

v1

កាមេរូន៖ អង្គការលើកលែងទោសអន្តរជាតិបង្ហាញភស្តុតាងបញ្ជាក់ពីសកម្មភាពកងកម្លាំងកាមេរូនធ្វើទារុណកម្មលើជនសង្ស័យដែលមានជាប់ពាក់ព័ន្ធនឹងក្រុម Boko Haram ក្នុងនោះការធ្វើទារុណកម្មភាគច្រើនកើតឡើងនៅមូលដ្ឋានប្រើប្រាស់ដោយកងទ័ពសហរដ្ឋអាមេរិកនិងបារាំង។


លោក Stephen Cockburn អនុប្រធានអង្គការលើកលែងទោសអន្តរជាតិប្រចាំតំបន់អាហ្រ្វិកកណ្តាលនិងអាហ្វ្រិកខាងលិច បានលើកឡើងថា នេះមិនមែនជារបាយការណ៍លើកដំបូងទេដែលអង្គការរបស់លោកបានរកឃើញថា មានកន្លែងឃុំឃាំងសម្ងាត់ និងការធ្វើទារុណកម្មនៅភាគខាងជើងប្រទេសកាមេរូន។


លោក Stephen Cockburn បានលើកឡើងបន្តថា អង្គការរបស់លោករកឃើញថា មានការធ្វើទារុណកម្មនៅកន្លែងឃុំឃាំងចំនួនពីរ គ្រប់គ្រងដោយអង្គភាពអន្តរាគមន៍រហ័សនៅក្នុងតំបន់ Fotokol និងតំបន់ Salak ដែលឃ្លាំមើលជាប់ជានិច្ចដោយមន្ត្រីជាន់ខ្ពស់ក្នុងជួរយោធាកាមេរូន។


នៅក្នុងតំបន់ Salak គេឃើញថា ការធ្វើទារុណកម្មកើតឡើងក្បែរកងកម្លាំងសហរដ្ឋអាមេរិកនិងបារាំង ដែលមន្ត្រីអង្គការលើកលែងទោសអន្តរជាតិបានតាមតាំងពីឆ្នាំ២០១៥មក ក្នុងនោះគេក៏បានឃើញមន្ត្រីយោធាសហរដ្ឋអាមេរិកមានវត្តមានជាប្រចាំនៅទីតាំងមួយចំនួនក្នុងមូលដ្ឋាននោះផងដែរ។


ប៉ុន្តែលោកស្រី Robyn Mack អ្នកនាំពាក្យយោធាអាមេរិកប្រចាំតំបន់អាហ្វ្រិកបានលើកឡើងថា រហូតមកទល់ពេលនេះ ទីបញ្ជាការដ្ឋានយោធាអាមេរិកប្រចាំតំបន់អាហ្វ្រិកនៅមិនទាន់ទទួលបានព័ត៌មានណាមួយស្តីពីការរំលោភបំពានសិទ្ធិមនុស្សដោយកងម្លាំងកាមេរូននៅឡើយទេ ហើយថារាល់អង្គភាពយោធាបរទេសទាំងអស់សុទ្ធតែទទួលបានការហ្វឹកហាត់ដោយអនុលោមតាមច្បាប់សិទ្ធិមនុស្ស។


ចំណែកឯលោក Didier Badjek អ្នកនាំពាក្យយោធាការមេរូនបាននិយាយថា កងកម្លាំងកាមេរូនប្រយុទ្ធប្រឆាំងនឹងក្រុម Boko Haram នៅក្នុងសង្គ្រាមដ៏ស្អាតស្អំ ដែលពោពេញទៅដោយការគោរពសិទ្ធិមនុស្ស។


អង្គការលែងទោសអន្តរជាតិបានបញ្ជាក់ថា អ្វីៗដែលខ្លួនអះអាងនៅក្នុងរបាយការណ៍ គឺផ្អែកលើការសិក្សាស្រាវជ្រាវ សក្ខីកម្ម វីដេអូ រូបភាព និងទិន្នន័យពីផ្កាយរណប ដែលមានការវិភាគយ៉ាងត្រឹមត្រូវ៕

តុលាការថៃចាប់ផ្តើមចេញសាលក្រមសម្រាប់សវនាការធំបំផុតពាក់ព័ន្ធការជួញដូរមនុស្ស

ក្រុងបាងកក៖ តុលាកាថៃចាប់ផ្តើមចេញសាលក្រមសម្រាប់សវនាការធំបំផុតពាក់ព័ន្ធការជួញដូរមនុស្សក្នុងថ្ងៃពុធនេះ នៅចំពោះមុខចុងចោទរាប់សិបនាក់ ក្នុងនោះរួមទាំងឧត្តមសេនីយោធាម្នាក់ ដែលរងការចោទប្រកាន់ថា ជួញដូរមនុស្សនៅតាមព្រំដែនថៃ-ម៉ាឡេស៊ីផងដែរ។


ការបើកសវនាការធំបំផុតពាក់ព័ន្ធការជូញដូរមនុស្សនេះ មានចុងចោទចំនួន១០៣នាក់ជាប់ពាក់ព័ន្ធ ក្នុងនោះមានរាប់ចាប់ពីជនជាតិមីយ៉ាន់ម៉ារហូតដល់មន្ត្រីនគរបាលថៃ និងអ្នកនយោបាយក្នុងស្រុក។

h43
ដំណើរការនីតិវិធីនៅក្នុងការចេញសាលក្រមមានការអូសបន្លាយពេលនៅក្នុងប្រទេសថៃ ហើយអាចចំណាយពេលរហូតដល់រាប់ម៉ោង មុនពេលចៅក្រមបង្ហាញសេចក្តីលម្អិតនៃសាលក្រមនៅក្នុងតុលាកាក្រុងបាងកក។
សវនាការធំបំផុតនេះ បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៥ បន្តាប់ពីរដ្ឋាភិបាលថៃចាត់វិធានការបង្រាបក្រុមជួញដូរមនុស្ស ក្រោយពេលមានការរកឃើញផ្នូកប់សពមនុស្សយ៉ាងច្រើនក្បែរព្រំដែនថៃ-ម៉ាឡេស៊ី ជាតំបន់ដែលអាជ្ញាធរថៃលើកឡើងថា ជាផ្នែកនៃជំរុំក្នុងព្រៃ។


អាជ្ញាថៃបានបញ្ជាក់ថា ជំរុំក្នុងព្រៃនេះ គឺជាកន្លែងដែលក្រុមជួញដូរមនុស្សប្រើប្រាស់ដើម្បីឃុំឃាំងជនអន្តោប្រវេសន៍ទុកសម្រាប់ទាមទារប្រាក់ពីសមាជិកគ្រួសាររបស់ពួកគេ។


ព្រះរាជអាជ្ញាថៃ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សវនាការដ៏ធំបំផុតនេះ គឺជាសវនាការធ្វើឡើងដើម្បីក្រើនរំឮកដល់ពលរដ្ឋថា ប្រទេសថៃមិនអត់ឱនឲ្យក្រុមជួញដូរមនុស្សឡើយ។


ទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្សលើកឡើងថា ការចាប់ខ្លួនកាលពីឆ្នាំ២០១៥ គឺគ្រាន់តែជាផ្នែកតូចមួយដែលធ្វើឡើងដោយគ្មានការស៊ើបអង្កេតច្បាស់លាស់ប៉ុណ្ណោះ ហើយថា បណ្តាញជួញដូរមនុស្សក្នុងតំបន់នៅតែបន្តប្រតិបត្តិការដោយរួចផុតពីការផ្តន្ទាទោស៕

លោក ដូណាល់ ត្រាំ និងលោកពូទីន ជួបគ្នាពីរដងអំឡុងកិច្ចប្រជុំកំពូល G20 នៅអាល្លឺម៉ង់

v2

មានលេចឮព័ត៌មានថា លោក ដូណាល់ ត្រាំ និងលោក វ្លាឌីមៀរ ពូទីន បានជួបពិភាក្សាគ្នារហូតដល់ទៅពីរដងអំឡុងកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសអាល្លឺម៉ង់នាពេលកន្លងមក។


មេដឹកនាំទាំងពីរបានជួបគ្នាជាលើកទីពីរនៅក្នុងជំនួបសម្ងាត់ បន្ទាប់ពីមានការជួបពិភាក្សាលក្ខណផ្លូវការជាលើកដំបូង ប៉ុន្តែសេតវិមានមិនបានផ្តល់ព័ត៌មានលម្អិតថា តើមេដឹកនាំទាំងពីរនេះពិភាក្សាគ្នាពីអ្វីខ្លះនោះឡើយ។


លោក ដូណាល់ ត្រាំ បានច្រានចោលការលើកឡើងដែលថា លោកបានជួបលោក វ្លាឌីមៀរ ពូនទីនដោយសម្ងាត់ ហើយថា ព័ត៌មាននោះគ្រាន់តែជាព័ត៌មានមិនពិតប៉ុណ្ណោះ។


ទំនាក់ទំនងរវាងមេដឹកទាំងពីរ កំពុងស្ថិតក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ស្របពេលមានការចោទប្រកាន់ថា ថ្នាក់ដឹកនាំពិភពលោកទាំងពីររូបនេះបានឃុបឃិតគ្នាដើម្បីយកឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីឆ្នំាមុន។


ស្ថាប័នកិច្ចការសម្ងាត់សហរដ្ឋអាមេរិកជឿជាក់ថា រុស្ស៊ីបានជួយលោកដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតនោះ ប៉ុន្តែទាំងរុស្ស៊ីនិងលោក ដូណាល់ ត្រាំ សុទ្ធតែបានច្រានចោលការលើកឡើងយ៉ាងដូច្នេះ។


មានសេចក្តីរាយការណ៍ថា ជំនួបលើកទីពីររវាងលោក វ្លាឌីមៀរ ពូទីន និងលោក ដូណាល់ ត្រាំ កើតមានឡើងអំឡុងពិធីទទួលអាហារលក្ខឯកជនរបស់ប្រមុខរដ្ឋដែលបានចូលរូមកិច្ចប្រជុំកំពូល G20 នៅក្នុងទីក្រុង Hamburg កាលពីដើមខែនេះ។


លោក ដូណាល់ ត្រាំ អង្គុយតែម្នាក់ឯង ហើយលោក វ្លាឌីមៀរ ពូទីនបានចូលទៅជួបជាមួយអ្នកបកប្រែផ្ទាល់ខ្លួនរបស់លោកអស់រយៈពេលមួយម៉ោង នេះបើយោងតាមការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយមួយនៅសហរដ្ឋអាមេរិក។


មន្ត្រីសហរដ្ឋអាមេរិកម្នាក់បានទទួលស្គាល់ថា ពិតជាមានការជួបគ្នាចំនួនពីរលើកមែនរវាងលោក ដូណាល់ ត្រាំ និងលោក វ្លាឌីមៀរ ពូទីន ប៉ុន្តែនោះគ្រាន់តែជាកិច្ចសន្ទនាខ្លីប៉ុណ្ណោះ មិនមែនជំនួបសម្ងាត់នោះទេ។


ព័ត៌មានដែលថា មានការជួបគ្នាដោយសម្ងាត់នេះ ដំបូងឡើយត្រូវបានរាយការណ៍ដោយលោក Ian Bremmer ប្រធានអង្គការ Eurasia ជាអង្គការផ្តល់ប្រឹក្សាផ្នែកនយោបាយ។ លោកបានរៀបរាប់ថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាដោយសម្ងាត់ ហើយថា ការដែលគ្មានអ្នកបកប្រែសហរដ្ឋអាមេរិកចូលរួមនៅក្នុងកិច្ចពិភាក្សានោះ គឹជារឿងមួយគួរឲ្យសង្ស័យ៕

អង្គការមិនមែនរដ្ឋាភិបាលថា កូរ៉េខាងជើងអនុវត្តការប្រហារជីវិតនៅទីសាធារណៈ

v1

អង្គការមិនមែនរដ្ឋាភិបាលបានលើកឡើងថា កូរ៉េខាងជើងបានអនុវត្តការប្រហារជីវិតនៅទីសាធារណៈ ដូចជាតាមមាត់ទន្លេ បរិវេណសាលា និងតាមទីផ្សារជាដើម សម្រាប់បទចោទរាប់ចាប់ពីអំពើចោរកម្មឡើងទៅ។


យោងតាមរបាយការណ៍មួយដែលចេញនៅក្នុងថ្ងៃពុធនេះបានលើកឡើងថា បទចោទដែលឈានដល់មានការប្រហារជីវិតនៅទីសាធារណៈនេះរួមមានការលួចទង់ដែងពីម៉ាស៊ីននៅក្នុងរោចក្រ ការផ្សព្វផ្សាយព័ត៌មានរបស់កូរ៉េខាងត្បូង និងការធ្វើជាស្រីពេស្យាជាដើម។


របាយការណ៍ដដែលនេះ ដែលចេញដោយអង្គការមិនមែនរដ្ឋាភិបាលមួយមានមូលដ្ឋាននៅក្នុងទីក្រុងសេអ៊ូល បានលើកឡើងបន្តថា ការសម្រេចប្រហារជីវិតក្រៅប្រព័ន្ធតុលាការតាមទីសាធារណៈនេះត្រូវបានជំរុញដោយយុទ្ធនាការរបស់រដ្ឋាភិបាលដែលមានបំណងធ្វើឲ្យសង្គមកូរ៉េខាងជើងក្លាយជាសង្គមគ្មានចោរកម្ម គ្មានស្រីពេស្យានិងគ្មានអំពើក្បត់។


លោកស្រី Sarah Son អ្នកស្រាវជ្រាវនៅអង្គការការងារស្ពានយុត្តិធម៌បានលើកឡើងថា អង្គការរបស់លោកស្រីធ្វើរបាយការណ៍នេះដោយផ្អែកលើការសម្ភាសពលរដ្ឋកូរ៉េខាងជើងចំនួន៣៧៥នាក់ដែលរត់មកកូរ៉េខាងត្បូងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។


អង្គការការងារស្ពានយុត្តិធម៌ មានសមាជិកសុទ្ធតែជាសកម្មជនសិទ្ធិមនុស្ស និងអ្នកសិក្សាស្រាវជ្រាវ ហើយដឹកនាំដោយលោក Lee Younghwan ដែលធ្វើការជាអ្នកតស៊ូមតិសម្រាប់សិទ្ធិមនុស្សនៅកូរ៉េខាងជើង។


អង្គការនេះទទួលបានមូលនិធិភាគច្រើនពីអង្គការជាតិដើម្បីប្រជាធិបតេយ្យមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលទទួលបានមូលនិធិបន្តពីសភាអាមេរិក។


ទោះជាយ៉ាងណា កូរ៉េខាងជើងបានច្រានចោលរាល់ការចោទប្រកាន់ដែលថា ខ្លួនរំលោភបំពានសិទ្ធិមនុស្ស ដោយលើកឡើងថា ពលរដ្ឋរបស់ខ្លួនទទួលបានការពារពេញលេញក្រោមរដ្ឋធម្មនុញ្ញ ហើយថា សហរដ្ឋអាមេរិកទៅវិញទេ ដែលជាប្រទេសរំលោភបំពានសិទ្ធិមនុស្សខ្លាំងជាងគេលើពិភពលោកនោះ៕

ក្រុមរដ្ឋអ៊ីស្លាមត្រូវកម្ចាត់ពីទីក្រុងមូស៊ុល ប៉ុន្តែក្រុមគ្រួសាររបស់ពួកគេជាអ្នករងថ្មបាក់

v6

ក្រុងមូស៊ុល៖ ប្តី កូន និងបងប្អូនប្រុសដែលជាសមាជិកក្រុមអាយស៊ីសសុទ្ធតែបាត់បង់ជីវិតឬត្រូវបានកម្ចាត់ពីទីក្រុងមូស៊ុល ប៉ុន្តែស្ត្រីនិងក្មេងៗ ដែលជាសមាជិកគ្រួសាររបស់ពួកគេ ជាអ្នកទទួលរងថ្មបាក់ក្រោយសង្គ្រាមបានបញ្ចប់។


ខណៈថ្ងៃដែលក្រុមរដ្ឋអ៊ីស្លាមគ្រប់គ្រងតំបន់ជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់បានបញ្ចប់ មានសំនួរជាច្រើនបានចោទសួរឡើងថា ត្រូវធ្វើយ៉ាងម៉េចចំពោះគ្រួសាររបស់ពួកគេ។ សម្រាប់ពេលនេះ មានអ្នកខ្លះត្រូវរស់នៅដោយគ្មានទីជម្រករាយប៉ាយនៅភាគខាងកើតទីក្រុងមូស៊ូល ជាកន្លែងដែលទើបដណ្តើមបានពី ក្រុមអាយស៊ីសមកវិញ។


ជនស៊ីវិលដែលភៀសខ្លួនចោលផ្ទះសំបែង បានត្រលប់មកវិញហើយដើម្បីសាងសង់លំនៅដ្ឋានរបស់ខ្លួនឡើងវិញ ប៉ុន្តែអ្នកដែលរងគ្រោះដោយសារអំពើហឹង្សាពីសំណាក់ក្រុមរដ្ឋអ៊ីស្លាមបាននិយាយថា គ្រួសារសាច់ញាតិរបស់ក្រុមនេះ ដែលគ្មានកន្លែងរស់នៅ កំពុងស្ថិតនៅក្នុងចំណោមពួកគេ។


ខិតប័ណ្ណប្រឆាំងក្រុមគ្រួសាររបស់ក្រុមរដ្ឋអ៊ីស្លាមជីហាដនេះ ត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ដែលទើបតែរឹបអូសបានមកវិញ ហើយមានជនរងគ្រោះខ្លះដែលពោពេញទៅដោយកំហឹងថែមទាំងបានគប់គ្រាប់បែកចូលទៅក្នុងផ្ទះសាច់ញាតិរបស់ក្រុមនេះទៀតផង។


ស្តី្រម្នាក់ឈ្មោះ Umm Suhaib អាយុ៣២ឆ្នាំដែលទទួលដំណឹងចុងក្រោយពីប្តីរបស់គាត់កាលពីពីរខែមុនបាននិយាយថា គាត់បង្ខំចិត្តចាកចេញពីប្តីរបស់ខ្លួននៅពេលដែលប្តីរបស់គាត់បានចូលរួមជាមួយសមាជិកក្រុមអាយស៊ីសប្រហែលមួយឆ្នាំ បន្ទាប់ពីក្រុមអាយស៊ីសចូលកាន់កាប់ទីក្រុងមូស៊ុល។


ដោយជឿស៊ុបលើសាសនាអ៊ិស្លាម ប្តីរបស់គាត់ត្រូវលង់ជឿតាមមនោគមន៍វិជ្ជារបស់មេដឹកនាំ ក្រុមអាយស៊ីស ហើយបានស្ម័គ្រចិត្តយកជំនាញរបស់ខ្លួនជាវិស្វករផ្នែកស្ថាបត្យកម្មបម្រើដល់ក្រុមអាយស៊ីស ប៉ុន្តែក្រោយមកមានការសោកស្តាយចំពោះការសម្រេចចិត្តរបស់ខ្លួន តែវាហួសពេលទៅហើយ ដោយសារតែក្រុមអាយស៊ីស នឹងសម្លាប់អ្នកណាដែលព្យាយាមចាកចេញពីក្រុមរបស់ពួកគេ។


Umm Suhaib បាននិយាយបន្តថា ប្តីរបស់គាត់ចំណាយជីវិតឥតប្រយោជន៍ ហើយបោះបង់គាត់និងកូនៗចោល ដោយធ្វើឲ្យគាត់បាត់បង់អ្វីៗទាំងអស់នៅពេល ថែមទាំងទទួលរងការធ្វើទុកបុកម្នេញទៀតផង៕

ជនជាតិលីទុយអានីដែលបោកក្រុមហ៊ុន Facebook និង Google បានជាង១០០លានដុល្លារ នឹងត្រូវធ្វើបត្យាប័ន

v5

លីទុយអានី៖ បុរសជនជាតិលីទុយអានីដែលត្រូវបានចោទប្រកាន់ថា បោកក្រុមហ៊ុន Facebook និងក្រុមហ៊ុន Google បានប្រាក់ជាង១០០ដុល្លារតាមរយៈគម្រោងបោកបញ្ឆោតតាមអ៊ីម៉ែល នឹងត្រូវធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកដើម្បីប្រឈមការបើកសវនាការ។


លោក Evaldas Rimasauskas បានច្រានចោលការចោទប្រកាន់នេះ ហើយនឹងធ្វើការប្តឹងទាស់នឹងសេចក្តីសម្រេចនេះទៅកាន់តុលាការកំពូល នេះបើយោងតាមមេធាវីរបស់បុរសជនជាតិលីទុយអានីរូបនេះ។


នៅក្នុងការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីមីនា លោក Rimasauskas ត្រូវបានចោទប្រកាន់ពីបទឆបោកតាមសារទូរលេខ និងពីបទលាងលុយក៏ខ្វក់ ដែលទោសនីមួយៗសុទ្ធតែអាចជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ។
បុរសជនជាតិលីទុយអានីរូបនេះ ត្រូវបានឃុំខ្លួនតាំងពីខែមីនាមកម្ល៉េះ តាមសំណើរបស់រដ្ឋអាជ្ញាសហរដ្ឋអាមេរិក។


លោកស្រី Snieguole Uzdanaviciene ដែលជាមេធាវីរបស់លោក Rimasauskas បានលើកឡើងថា ភស្តុតាងផ្តល់ដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិកមានភាពមិនច្បាស់លាស់ ហើយមិនអាចចាត់ថា ជាភស្តុតាងបានទេនៅក្នុងតុលាការលីទុយអានី។


លោកស្រី ក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតលើសំណុំរឿងនេះនៅក្នុងប្រទេសលីទុយអានីផងដែរ ពោលគឺមិនចាំបាច់ត្រូវបើកការស៊ើបអង្កេតនៅសហរដ្ឋអាមេរិកទេ។

 

ការចោទប្រកាន់របស់សហរដ្ឋអាមេរិកមិនបានបង្ហាញឈ្មោះក្រុមហ៊ុនដែលពាក់ព័ន្ធចំៗនោះឡើយ ប៉ុន្តែលោកស្រី Uzdanaviciene បានប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុន Facebook និងក្រុមហ៊ុន Google សុទ្ធតែមានឈ្មោះនៅក្នុងសុំធ្វើបត្យាប័ន៕

រដ្ឋអាជ្ញាតួកគីស្នើឲ្យតុលាការបញ្ជូនប្រធានអង្គការលើកលែងទោសអន្តរជាតិទៅពន្ធនាគារ

v4

តួកគី៖ រដ្ឋអាជ្ញាតួកគីបានស្នើឲ្យតុលាការបញ្ជូនប្រធានអង្គការលើកលែងទោសអន្តរជាតិប្រចាំប្រទេសតួកគី និងសកម្មជនសិទ្ធិមនុស្ស៩នាក់ផ្សេងទៀតទៅពន្ធនាគារដើម្បីរង់ចាំការកាត់ក្តី។


យោងតាមលោក Sezgin Tanrikulu តំណាងរាស្ត្រមកពីគណបក្សប្រឆាំងបានឲ្យដឹងថា ប្រធានអង្គការលើកលែងទោសអន្តរជាតិប្រចាំប្រទេសតួកគី និងសកម្មជនសិទ្ធិមនុស្សទាំង៩នោះ ប្រឈមការចោទប្រកាន់ពីបទជាសមាជិកអង្គការភេរវកម្ម។


លោកស្រី Idil Eser និងសកម្មជនផ្សេងៗទៀតត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៥នៅក្នុងខែនេះ ខណៈពួកគេកំពុងចូលរួមកម្មវិធីមួយនៅក្នុងសណ្ឋាគារមួយកន្លែងក្បែរទីក្រុង Istanbul ហើយត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលផ្សេងៗគ្នា មួយខែបន្ទាប់ពីលោក Taner Kilic ប្រធានក្រុមប្រឹក្សានៃអង្គការលើកលែងទោសអន្តរជាតិប្រចាំប្រទេសតួកគី ត្រូវបានចាប់ខ្លួនក្រោមបទចោទដូចគ្នា។


អង្គការលើកលែងទោសអន្តរជាតិបានចាត់ទុកការចាប់ខ្លួននេះថា ជាអំពើររំលោភអំណាចដ៏គួរឲ្យស្អប់ខ្ពើម។


រដ្ឋប្រហារយោធាមិនបានសម្រេចមួយឆ្នាំកន្លងមកនេះ បានធ្វើឲ្យមានការចាត់វិធានការបង្ក្រាបទ្រង់ទ្រាយធំលើអ្នកទាំងឡាយណាដែលអាជ្ញាធរលើកឡើងថា មានជាប់ពាក់ព័ន្ធជាមួយបណ្តាញរបស់បុព្វជិត Fethullah Gulen ដែលរដ្ឋាភិបាលអង់ការ៉ាចោទប្រកាន់ថា នៅពីក្រោយរដ្ឋប្រហារយោធានេះ។


លោកស្រី Idil Eser និងអ្នកដែលត្រូវបានចាប់ខ្លួនជាមួយលោកស្រី បានចូលរួមសិក្ខាសាលាមួយស្តីពីសន្តិសុខនិងការគ្រប់គ្រងព័ត៌មាន ហើយក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ មានពីរនាក់ មកពីប្រទេសអាល្លឺម៉ង់ និងប្រទេសស៊ុយអែត។


បច្ចុប្បន្ន គេមិនដឹងថា លោកស្រី Idil Eser និងសកម្មជនផ្សេងៗទៀតត្រូវបានឃុំខ្លួននៅកន្លែងណាឡើយ៕

លោក ដូណាល់ ត្រាំ ប្តេជ្ញាការពារផលិតផលធ្វើនៅអាមេរិក

v1

សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្តេជ្ញាការពារផលិតផលធ្វើនៅសហរដ្ឋអាមេរិកតាមរយៈការចាត់វិធានការផ្លូវច្បាប់បន្ថែមទៀត។


ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានធ្វើការប្តេជ្ញាយ៉ាងដូច្នេះកាលពីម្សិលមិញ ហើយថាលោកនឹងធ្វើរឿងនេះឲ្យបាននៅអំឡុងរយៈពេល៦ខែក្រោយ ដោយលោកបានរិះគន់ខ្លាំងៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលលោកលើកឡើងថា បានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុននានានៅសហរដ្ឋអាមេរិក។


លោក ដូណាល់ ត្រាំ បានឡើងជិះរថយន្តពន្លត់អគ្គីភ័យផលិតនៅសហរដ្ឋអាមេរិកដែលចតនៅខាងក្រោយសេតវិមាន បានយកដំបងសម្រាប់លេងកីឡា baseball មកច្រឡសាកមើល នៅក្នុងបន្ទប់ Blue Room និងបានយកមួក cowboy មកពាក់លមើលមួយភ្លែត ហើយជាចុងក្រោយលោកបានឡើងថ្លែងទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុនមកពីរដ្ឋទាំង៥០ ដែលបានមកប្រមូលផ្តុំគ្នាដើម្បីស្តាប់ប្រធានាធិបតីពោពេញទៅដោយភាពចម្រូងចម្រាសរូបនេះ លើកសរសើរពីផលិតផលរបស់ពួកគេ។


ពិធីថ្លែងសុន្ទរកថានេះ ត្រូវបានរៀបចំឡើងដោយសេតវិមាន ដើម្បីបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ នៅក្នុងការធ្វើឲ្យវិស័យឧស្សាហ៍កម្មនានានៅសហរដ្ឋអាមេរិកមានភាពខ្លាំងឡើងវិញម្តងទៀត ក្រោយពេលជួបស្ថានភាពលំបាកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។


លោក ដូណាល់ ត្រាំ មិនបានប្រាប់លម្អិតទេ ថា តើរដ្ឋាភិបាលរបស់លោកនឹងធ្វើយ៉ាងដូចម្តេចដើម្បីការពារក្រុមហ៊ុននិងរោងចក្រនានានៅសហរដ្ឋអាមេរិក ប៉ុន្តែបានលើកឡើងពីរឿងកាត់បន្ថយការយកពន្ធពីក្រុមហ៊ុននានា និងរឿងលុបចោលសេវាគាំព៌ាសុខភាព Obamacare។


ឆ្លៀតក្នុងឱកាសនោះ លោកក៏បានរិះគន់លើការយកពន្ធពីប្រទេសផ្សេងៗ និងការអនុវត្តកិច្ចព្រមព្រៀងដោយមិនត្រឹមត្រូវផងដែរ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

ព័ត៌មានជាតិ​ពេល​យប់​


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2