vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ទឹកជំនន់វាយប្រហារប្រទេសថៃសម្លាប់មនុស្ស២៣នាក់

v4

ថៃ៖ មនុស្សចំនួន ២៣នាក់បានស្លាប់នៅក្នុងប្រទេសថៃ ដោយសារទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងជោគជាំតាំងពីដើមខែកក្កដាមក។


យោងតាមនាយកដ្ឋានទប់ស្កាត់គ្រោះមហន្តរាយថៃបានឲ្យដឹងថា អ្នកស្លាប់ទាំង២៣នាក់នេះ សុទ្ធតែស្លាប់ដោយសារលង់ទឹក ហើយថា មានមនុស្សជាងមួយលាននាក់ផ្សេងទៀតបានរងផលប៉ះពាល់។


បច្ចុប្បន្ន ប្រទេសថៃកំពុងស្ថិតនៅក្នុងរដូវភ្លៀងមូសុង ដោយមានការព្យាករថា ភ្លៀងនឹងបន្តធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត។


ទោះជាយ៉ាងណា ទឹកជំនន់នេះមិនមែនកើតឡើងដោយសារតែភ្លៀងមូសុងមួយមុខទេ ពោលគឺមានព្យុះមកលាយឡំផងដែរ នេះបើយោងតាមមន្ត្រីឧតុនិយមថៃ។


ស្ថានភាពទឹកជំនន់នៅក្នុងប្រទេសថៃ មានសភាពកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីប្រទេសនេះបានរងការបោកបក់ពីព្យុះ Sonca ដែលមានប្រភពចេញពីសមុទ្រចិនខាងត្បូងកាលពីចុងខែកក្កដា។


ខេត្តចំនួន៤៤ ក្នុងចំណោមខេត្តទាំង៦៧របស់ប្រទេសថៃ ត្រូវបានជន់លិច ហើយតំបន់ខ្លះនៅក្នុងខេត្តចំនួន១០ នៅមានកម្ពស់ទឹកប្រហែល២ម៉ែត្រនៅឡើយ។


តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺខេត្ត Sakhon Nakhon នាភាគឥសាននៃប្រទេសថៃ ដែលមានចម្ងាយប្រហែល៦៥០គីឡូម៉ែត្រពីទីក្រុងបាងកក។


ក្នុងចំណោមតំបន់ដែលរងការជន់លិចទាំងអស់ ក៏មានទីក្រុងអាយុធ្យា ដែលជាទីក្រុងប្រវត្តិសាស្ត្រល្បីល្បាញក្នុងចំណោមភ្ញៀវទេសចរដោយសារសម្បូរប្រាសាទបុរាណផងដែរ៕

រុស្ស៊ីថា ទណ្ឌកម្មរបស់អាមេរិកមកលើខ្លួនគឺជាសង្គ្រាមពាណិជ្ជកម្ម

v3

ក្រុងមូស្គូ៖ លោក Dmitry Medvedev នាយករដ្ឋមន្ត្រីរុស្ស៊ី បានលើកឡើងថា ទណ្ឌកម្មថ្មីដែលសហរដ្ឋអាមេរិកដាក់មកលើរដ្ឋាភិបាលក្រុងមូស្គូ គឺស្មើនឹងការប្រកាសសង្គ្រាមពាណិជ្ជទ្រង់ទ្រាយធំ។


នាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះបានថ្លែងថា វិធានការនេះ ដែលចុះហត្ថលេខាដោយលោកដូណាល់ ត្រាំ បង្ហាញឲ្យឃើញថាប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះគ្មានអំណាចនោះឡើយ ហើយត្រូវបានធ្វើឲ្យអាម៉ាសមុខដោយសារសភារបស់ខ្លួន។


ចំណាត់ការផ្លូវច្បាប់នេះ មានបំណងដាក់ទោសទណ្ឌលើប្រទេសរុស្ស៊ី ដោយសារមានការចោទប្រកាន់ថាប្រទេសនេះបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុន និងដោយសារការកាត់យកឧបទ្វីបគ្រីមៀរ ចូលជាផ្នែកនៃទឹកដីរបស់ខ្លួន។


ថ្វីបើយល់ព្រមចុះហត្ថលេខាមែន ប៉ុន្តែលោកដូណាល់ ត្រាំ មិនពេញចិត្តនឹងវិធានការដាក់ទណ្ឌកម្មថ្មីនេះឡើយ ដោយថែមទាំងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការនេះមានចំណុចខុសឆ្គងខ្លាំងទៀតផង។


នៅក្នុងសារបង្ហោះតាមហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ លោក Medvedev បានលើកឡើងថា កញ្ចប់ទណ្ឌកម្មនេះ បានបញ្ចប់ក្តីសង្ឃឹមថា ទំនាក់ទំនងនឹងមានភាពប្រសើរឡើងវិញជាមួយរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក ហើយថាវាស្មើនឹងការប្រកាសធ្វើសង្គ្រាមពាណិជ្ជដែលអាចនឹងអូសបន្ថាយពេលជាច្រើនឆ្នាំទៅមុខ។


លោក Medvedev ក៏បានព្រមានផងដែរថា បើសហរដ្ឋអាមេរិកចាត់វិធានការថ្មីបន្ថែមទៀត គឺមានន័យថា គេកំពុងរកវិធីដកលោកដូណាល់ ត្រាំ ចេញពីអំណាចហើយ។


រដ្ឋាភិបាលក្រុងមូស្គូ ដែលបដិសេធថា មិនបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក បាន់ចាត់វិធានការសងសឹករួចហើយកាលពីសប្តាហ៍មុន ដោយចេញបទបញ្ជាបណ្តេញបុគ្គលិកចំនួន៧៥៥រូបចេញពីស្ថានទូតនិងស្ថានកុងស៊ុលរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសរុស្ស៊ី។


ច្បាប់ដែលលោកដូណាល់ ត្រាំ ទើបតែចុះហត្ថលេខានេះ ក៏ដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់និងកូរ៉េខាងជើងផងដែរ។


ប្រទេសអ៊ីរ៉ង់បានលើកឡើងថា ទណ្ឌកម្មថ្មីនេះ រំលោភលើកិច្ចព្រមព្រៀងនុយគ្លេអ៊ែរ ហើយថា ខ្លួននឹងឆ្លើយតបឲ្យបានសាកសម ប៉ុន្តែកូរ៉េខាងជើងមិនទាន់បានធ្វើការឆ្លើយតបជាសាធារណៈនៅឡើយទេចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិកនេះ៕

ការប្រណាំងព្រាបត្រូវបានបន្ទោសថា ជាមូលហេតុដែលនាំឲ្យមានការលែងលះនៅឥណ្ឌូណេសីី

v2

ឥណ្ឌូណេស៊ី៖ ការប្រណាំងព្រាបត្រូវបានបន្ទោសថា ជាមូលហេតុដែលនាំឲ្យមានការលែងលះកាន់តែច្រើនឡើងៗនៅក្នុងប្រទេសឥណ្ឌូណេស៊ីនាពេលសព្វថ្ងៃ។


យោងតាមមន្ត្រីម្នាក់នៅតុលាការក្នុងខេត្តជ្វាប្រទេសឥណ្ឌូណេស៊ីបានឲ្យដឹងថា ការិយាល័យរបស់លោកទទួលបានបណ្តឹងសុំលែងលះចំនួន៩០ករណីនៅក្នុងខែកក្កដា ពោលគឺខ្ពស់ជាងឆ្ងាយបើធៀបនឹងខែមិថុនាដែលមានត្រឹមតែ១៣ករណី។


លោកស្រី Nur Aflah ដែលជាក្រឡាបញ្ជី បានឲ្យដឹងបន្តថា ករណីភាគច្រើនគឺប្រពន្ធជាអ្នកដាក់ពាក្យបណ្តឹងសុំលែងលះដោយសារប្តីញៀននឹងការប្រណាំងព្រាបពេក មិនរវីរវល់នឹងការរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារនោះទេ។


ការប្រណំាងព្រាបពេញនិយមខ្លាំងណាស់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយអ្នកខ្លះបានដាក់លុយភ្នាល់គ្នា និងអ្នកខ្លះទៀតទទួលបានឱកាសលក់ព្រាបដែលហើរបានលឿនជាងគេរបស់ខ្លួនក្នុងតម្លៃគួរតែជាទីគាប់ចិត្ត។


លោកស្រី Nur Aflah បានលើកឡើងទៀតថា ស្ត្រីភាគច្រើនតែងតែរអ៊ូរទាំថា ប្តីរបស់គាត់ ចំណាយពេលស្ទើរពេញមួយថ្ងៃនៅជាមួយសត្វព្រាប ជំនួសឲ្យការនៅជាមួយគ្រួសារ។


រីឯ ការសែត Jakarta Post បានរាយការណ៍ថា ការភ្នាល់គ្នាលើការប្រឆាំងព្រាបមិនបានជួយអ្វីដល់គ្រួសារឡើយ ហើយមានតែធ្វើឲ្យគ្រួសារជួបវបត្តិហិរញ្ញវត្ថុទៅវិញទេ។


អ្នកភូមិម្នាក់បានប្រាប់កាសែតនេះថា ពេលប្តីរបស់គាត់ឈ្នះការប្រណាំងព្រាប គាត់តែងតែយកប្រាក់ដែលឈ្នះមកឲ្យ ប៉ុន្តែពេលដែលចាញ់គាត់បានទារយកទៅវិញលើសដើម។


ចំណែកឯកាសែតមួយទៀតឈ្មោះ The Hindu បានរាយការណ៍ថា ម្ចាស់ព្រាបត្រូវចំណាយយ៉ាងតិច៨០ដុល្លារលើចំណីព្រាប ឬការបំពន មុនពេលយកព្រាបរបស់ខ្លួនទៅប្រកួត ហើយថាការចំណាយដ៏ឥតប្រយោជន៍បែបនេះក៏ជាកត្តាមួយដែលនាំឲ្យកើតមានជម្លោះនៅក្នុងគ្រួសារផងដែរ៕

លោក ឌុយទើតេ ហៅលោក គីម ជុងអ៊ុន ថា “ល្ងីល្ងឺ” ពាក់ព័ន្ធមហិច្ឆិតានុយគ្លេអ៊ែរ

v1

ក្រុងម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌុយទើតេ បានហៅលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងថា “ល្ងីល្ងឺ” និងជា “កូនស្រីពេស្យា” ពាក់ព័ន្ធមហិច្ឆិតានុយគ្លេអ៊ែរ។


ការលើកឡើងយ៉ាងដូច្នេះរបស់ប្រធានាធិបតីហ្វីលីពីនរូបនេះ កើតមានឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលប្រទេសរបស់លោកធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិមួយដែលនឹងដោះស្រាយបញ្ហាសាកល្បងមីស៊ីលរំលងទ្វីបរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។


លោក រ៉ូទ្រីហ្គោ ឌុយទើតេ ដែលល្បីខាងប្រើពាក្យគ្រោតគ្រាត ក៏បានរិះគន់ចំៗផងដែរថា លោក គីម ជុងអ៊ុន “កំពុងតែប្រលែងលេងជាមួយបុគ្គលដ៏គ្រោះថ្នាក់” ដោយទំនងជានឹងបង្កើតឈុតឆាកដ៏កម្រមួយសម្រាប់កិច្ចប្រជុំដែលនឹងមានការចូលរួមដោយរដ្ឋមន្ត្រីក្រសួងការបរទេសមកពីប្រទេសដែលពាក់ពន្ធនឹងជម្លោះនៅឧបទ្វីកូរ៉េទាំងអស់នាសប្តាហ៍ក្រោយ។


កូរ៉េខាងជើង បានប្តេជ្ញាហើយថា នឹងអភិវឌ្ឍក្បាលគ្រាប់នុយគ្លេអ៊ែរដែលមានសមត្ថភាពកម្ទេចសហរដ្ឋអាមេរិកឲ្យបាន ខណៈមន្ត្រីសហរដ្ឋអាមេរិកបានទទួលស្គាល់ថា ឥឡូវនេះមីស៊ីលរំលងទ្វីបរបស់កូរ៉េខាងជើងទំនងជាអាចហោះដល់តំបន់ខ្លះនៃទឹកដីអាមេរិកបានហើយ បន្ទាប់ពីប្រទេសនេះសាកល្បងមីស៊ីលរំលងទ្វីបចុងក្រោយបំផុតកាលពីពេលថ្មីៗ។


នៅក្នុងឆ្នាំនេះ លោកប្រធានាធិបតី រ៉ូទ្រីហ្គោ ឌុយទើតេ គឺជាប្រធានសហគមន៍អាស៊ាន ហើយនៅថ្ងៃច័ន្ទ រដ្ឋមន្ត្រីក្រសួងការបរទេសរបស់លោកនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិការតំបន់អាស៊ាន ដែលមានប្រទេសចំនួន២៧មកចូលរួម ក្នុងនោះមានដូចជាប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន ចិន ឥណ្ឌា កូរ៉េខាងជើង និងកូរ៉េខាងត្បូងជាដើម៕

ជនបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សរាប់សិបនាក់នៅអាហ្វហ្គានីស្ថាន

v5

អាហ្វហ្គានីស្ថាន៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួនពីរលើកលើព្រះវិហារសាសនាអ៊ិស្លាមនិកាយស៊ីអ៊ីត នៅក្នុងខេត្ត Herat ប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងតិច២៩នាក់ កាលពីយប់ថ្ងៃអង្គារ។


អ្នកនាំពាក្យសាលាខេត្ត Herat លោក Jelani Farhad បានអោយដឹងថា ក្រៅពីអ្នកស្លាប់ នៅមានមនុស្ស៦៤នាក់ផ្សេងទៀតបានរងរបួស ហើយថាហេតុការណ៍បំផ្ទុះនេះបានកើតឡើងអំឡុងពេលដែលអ្នកកាន់សាសនាអ៊ិស្លាមនិកាយស៊ីអ៊ីតកំពុងធ្វើការបួងសួងនៅក្នុងព្រះវិហារ។


រីឯលោក Abdul Ahad Walizada អ្នកនាំពាក្យនគរបាលអាហ្វហ្គានីស្ថានបាននិយាយថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតទីមួយបានចាប់ផ្តើមបាញ់ប្រហារលើអ្នកដែលកំពុងបួងសួង មុនពេលបំផ្ទុះខ្លួនឯងឡើងនៅក្នុងព្រះវិហារ។


លោក Walizada បានឲ្យដឹងបន្តថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតទីពីរ បានបន្លំខ្លួនក្នុងចំណោមក្រុមអ្នកដែលកំពុងបួងសួង ហើយបានបំផ្ទុះខ្លួនឯងឡើងតែម្តង។


ចំណែកឯអ្នកនៅរស់រានមានជីវិតពីហេតុការណ៍នោះម្នាក់បានរៀបរាប់ថា មានជនបំផ្ទុះគ្រាប់បែកពីរនាក់ បានចូលទៅក្នុងព្រះវិហារ ហើយបានបើកការបាញ់ប្រហារនិងគប់គ្រាប់បែកដៃទៅលើក្រុមមនុស្សនៅក្នុងវិហារ។


យោងតាមរូបភាពវីដេអូពីទីភ្នាក់ងារពត៌មានរ៉យទ័របានបង្ហាញពីនគរបាលអាហ្វហ្គានីស្ថានកំពុងធ្វើការពិនិត្យសពនៅខាងក្នុងព្រះវិហារ ហើយមានអ្នកខ្លះលើកសពគ្របភួយ។


មន្ត្រីអាហ្វហ្គានីស្ថាននៅមានការព្រួយបារម្ភនៅឡើយខ្លាចចំនួនអ្នកស្លាប់មានការកើនឡើង ព្រោះមានមនុស្សដប់នាក់បានរងរបួសធ្ងន់ ហើយថាមិនទាន់មានក្រុមណាមួយចេញមុខមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

អារ៉ាប៊ី សាអូឌីត គ្រោងបង្កើតរមណីយដ្ឋានប្រណីតៗនៅលើកោះរាប់សិបក្នុងតំបន់សមុទ្រក្រហម

v4

អារ៉ាប៊ី សាអូឌីត៖ ប្រទេសអារ៉ាប៊ី សាអូឌីត គ្រោងប្រែក្លាយកោះនិងតំបន់ផ្សេងៗសរុបចំនួន៥០កន្លែងនៅក្នុងតំបន់សមុទ្រក្រហមឲ្យទៅជារមណីយដ្ឋានប្រណីតដើម្បីទាក់ទាញភ្ញៀវទេសចរ ស្របពេលតម្លៃប្រេងធ្លាក់ចុះ។


ប្រទេសអារ៉ាប៊ី សាអូឌីត សង្ឃឹមថា នឹងទាក់ទាញបានទាំងភ្ញៀវជាតិនិងអន្តរជាតិនៅក្នុងគម្រោងដ៏ធំនេះដែលជាការខិតខំដើម្បីធ្វើឲ្យសេដ្ឋកិច្ចនៅតែមានលំនឹង ខណៈតម្លៃប្រេងពិភពលោកនៅតែស្ថិតក្នុងតម្លៃទាប។


រដ្ឋាភិបាលអារ៉ាប៊ី សាអូឌីត ក៏បានបញ្ជាក់ផងដែរថា ការរឹតបន្តឹងទិដ្ឋាកាលើជនបរទេសនឹងត្រូវបន្ធូបន្ថយនៅក្នុងតំបន់ទេសចរណ៍នេះ។
ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់នៅឡើយទេ ថា តើក្រមនៃការស្លៀកពាក់នៅក្នុងប្រទេសប្រកាន់ជំហអភិរក្សនេះនៅតែរឹតបន្តឹងដូចមុនឬយ៉ាងណានោះ។


គ្រឿងស្រវឹង បហោស្រព និងរោងគុន ក៏ត្រូវបានហាមឃាត់ដែរនៅក្នុងប្រទេសប្រតិបត្តិតាមសាសានាអ៊ិស្លាមដ៏ខ្ជាប់ខ្ជួននេះ។
ការកសាងសង់រមណីយដ្ឋានប្រណីតៗដែលគេរំពឹងថានឹងចប់នៅឆ្នាំ២០២២ គ្រោងចាប់ផ្តើមនៅក្នុងឆ្នាំ២០១៩ ដោយជំហានដំបូងគឺត្រូវបង្កើតអាកាសយានដ្ឋានថ្មី ព្រមទាំងលំនៅដ្ឋាននិងសណ្ឋាគារទំនើបៗផងដែរ ។


សព្វថ្ងៃប្រទេសអារ៉ាប៊ី សាអូឌីត ស្រូបបានភ្ញៀវទេសចរបរទេសរាប់លាននាក់ស្រាប់ទៅហើយ ក្នុងនោះមានអ្នកខ្លះមកធ្វើការ និងអ្នកខ្លះទៀតគឺជាអ្នកធ្វើធម្មយាត្រាមកកាន់ទីក្រុង Mecca ដើម្បីបុព្វហេតុសាសនា។


គម្រោងដ៏ធំនេះកើតមានឡើងស្របពេល ប្រាក់ចំណូលដែលបានមកពីការលក់ប្រេងរបស់ប្រទេសអារ៉ាប៊ី សាអូឌីត បានធ្លាក់ចុះ ជាហេតុធ្វើឲ្យប្រទេសនេះត្រូវខិតខំរកជម្រើសផ្សេងដើម្បីធ្វើឲ្យប្រាក់ចំណូលនិងការងាររបស់ពលរដ្ឋខ្លួននៅតែស្ថិតក្នុងស្ថានភាពដ៏ប្រសើរ។


គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍នេះផងដែរ គឺជាផ្នែកនៃផែនការរហូតដល់ឆ្នាំ២០៣០ ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់រាជាទាយាទ Mohammed bin Salman ដែលត្រូវបានជ្រើសតាំងជារាជទាហាទជម្រើសទីមួយកាលពីខែមិថុនា៕

ការព្យាករប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple លើសពីការប៉ាញ់ប្រមាណរបស់ផ្សារហ៊ុន Wall Street

v3

អាមេរិក៖ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ដែលត្រូវបានព្យាករសម្រាប់ត្រីមាសបច្ចុប្បន្ន លើសពីការប៉ាន់ប្រមាណរបស់ផ្សារហ៊ុន Wall Street ដោយធ្វើឲ្យមានការរសាយខ្លះៗនូវកង្វល់របស់វិនិយោគិន អំពីការពន្យាពេលចេញ iPhone ជំនាន់ទី១០ នៅចុងឆ្នាំនេះ។


ការព្យាករប្រាក់ចំណូលលើសពីការប៉ាន់ប្រមាណនេះ ក៏បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Apple ហក់ឡើងខ្ពស់ដល់កំណត់ត្រាថ្មីមួយផងដែរ ពោលគឺឡើង៦ភាគរយដល់១៥៩ដុល្លារក្នុងមួយហ៊ុន។


ការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ ក៏ប្រសើរជាងការរំពឹងទុកដែរនៅក្នុងត្រីទីបីនេះ ។


ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុននាំមុខគេមួយដែលតែងតែបំពាក់បច្ចេកវិទ្យាថ្មីលើទូរស័ព្ទរបស់ខ្លួនជាពិសេសគឺអេក្រង់ដែលមានភាពច្បាស់ល្អកម្រិត OLED ដោយអាច touch បានយ៉ាងរលូន ព្រមទាំងមានការបំពាក់បច្ចេកវិទ្យាសាកថ្មដោយមិនចាំបាច់ប្រើខ្សែទៀតផងលើទូរសព្ទជំនាន់ថ្មីរបស់ខ្លួន ដែលអាចមានតម្លៃលើសពី១.០០០ ដុល្លារក្នុងមួយគ្រឿង។


យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា ក្រហ៊ុន Apple បានព្យាករប្រាក់ចំណូលរបស់ខ្លួនសរុបចន្លោះ ពី៤៩ពាន់លានដុល្លារដល់៥២ ពាន់លានដុល្លារ រីឯក្រុមអ្នកវិភាគបានព្យាករជាមធ្យម៤៩,២១ ពាន់លានដុល្លារ សម្រាប់ត្រីមាសបច្ចុប្បន្ន៕

កំណើននៃសកម្មភាពដឹកជញ្ជូនរបស់ចិនថយចុះបន្តិចនៅខែកក្កដា

v2

ចិន៖ យោងតាមសហព័ន្ធនាំចូលនិងដឹកជញ្ជូនចិនបានឲ្យដឹងនៅក្នុងថ្ងៃពុធនេះថា កំណើននៃសកម្មភាពដឹកជញ្ជូនរបស់ប្រទេសចិនធ្លាក់ចុះបន្តិចនៅក្នុងខែកក្កដា។


សន្ទស្សន៍សកម្មភាពដឹកជញ្ជូននៅក្នុងប្រទេសចិនសម្រាប់ខែកក្កដាបង្ហាញថា មាន៥៣,៨ ភាគរយ ពោលគឺធ្លាក់ចុះពីរភាគបើធៀបនឹងខែមិថុនា។


ក្រុមអ្នកវិភាគបានលើកឡើងថា មូលហេតុដែលធ្វើឲ្យសកម្មភាពដឹកជញ្ជូននៅក្នុងប្រទេសចិនមានការថយចុះគឺដោយសារកត្តាធំៗដូចជា កត្តាអាកាសធាតុដែលនៅកន្លែងខ្លះក្តៅខ្លាំង រីឯនៅកន្លែងខ្លះទៀត បែរជាមានភ្លៀងធ្លាក់ជោគជាំបង្កជាទឹកជំនន់លិចលង់ផលដំណុំ ផ្ទះសំបែង និងរថយន្តនៅតាមផ្លូវជាដើមនោះ។


ប៉ុន្តែទោះជាយ៉ាងណា សន្ទស្សន៍សកម្មភាពដឹកជញ្ជូននៅក្នុងប្រទេសចិននៅតែមានសកម្មភាពខ្លាំងក្លាដដែល ព្រោះវានៅលើសពី៥០ភាគរយនៅឡើយ មិនមែនក្រោម៥០ភាគរយទេ។


វិស័យផ្សេងៗទៀតដួចជាវិស័យឧស្សាហកម្មធ្យូងថ្ម ដែកថែប ដែកប្រភេទផ្សេងៗ គ្រឿងសំណង់ សម្លៀកបំពាក់ គ្រឿងប្រើប្រាស់ក្នុងផ្ទះ ក៏នៅតែមានអត្រាខ្ពស់ដដែលដែរ ដោយក្រុមអ្នកវិភាគសេដ្ឋកិច្ចលើកឡើងថា នេះជាសញ្ញាល្អសម្រាប់គោលដៅអភិវឌ្ឍន៍នៅក្នុងសកម្មភាពសង្វាក់ផលិតកម្មនិងការប្រើប្រាស់។


សូមបញ្ជាក់ថា នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសចិនរងការវាយប្រហារពីព្យុះភ្លៀងជាបន្តន្ទាប់ ដោយព្យុះចុងក្រោយដែលបោកបក់លើភាគអាគ្នេយ៍នៃប្រទេសនេះគឺព្យុះទីហ្វុងឈ្មោះ Haitang ជាព្យុះដែលធ្វើឲ្យតំបន់មួយចំនួននៅកោះតៃវ៉ាន់បានលិចលង់កាលពីចុងសប្តាហ៍៕

រដ្ឋមន្ត្រីការបរទេសអាមេរិកថា អាមេរិកអត់មានបំណងប្តូររបបដឹកនាំនៅកូរ៉េខាងជើងទេ

v1

ក្រុងវ៉ាស៊ីងតោន៖ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson អះអាងថា សហរដ្ឋអាមេរិកគ្មានបំណងប្តូររបបនៅកូរ៉េខាងជើងទេ ស្របពេលមានភាពតានតឹងជុំវិញកម្មវិធីនុយគ្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។


រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិករូបនេះបានថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីកូរ៉េខាងជើងទទួលបានជោគជ័យនាពេលថ្មីៗនៅក្នុងការសាកល្បងគ្រាប់មីស៊ីលរំលងទ្វីប ICBM ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងអះអាងថា អាចមានសមត្ថភាពហោះដល់ទឹកដីសហរដ្ឋអាមេរិកបាននោះ។


លោក Rex Tillerson បានថ្លែងបន្តថា សហរដ្ឋអាមេរិកមិនមែនជាសត្រូវរបស់កូរ៉េខាងជើងទេ ហើយថាសហរដ្ឋអាមេរិកចង់ពិភក្សាជាមួយប្រទេសនេះនៅពេលណាមួយដែលអំណោយផល។


សំដៅដល់តំបន់ព្រំដែនរវាងកូរ៉េទាំងពីរ លោក Rex Tillerson បានលើកឡើងថា សហរដ្ឋអាមេរិកគ្មានបំណងផ្តួលរំលំរបបដឹកនាំនៅកូរ៉េខាងជើងទេ ហើយក៏គ្មានចេតនារកលេសដើម្បីបញ្ជូនទ័ពទៅកាន់ភាគខាងជើងនៃតំបន់ប្រសព្វគ្នាទី៣៨ដែរ ប៉ុន្តែថាកូរ៉េខាងជើងកំពុងធ្វើការគំរាមកំហែងដែលមិនអាចទទួលយកបាន ហេតុដូច្នេះសហរដ្ឋអាមេរិកមិនអាចឈរឱបដៃនៅស្ងៀមបានឡើយ ពោលគឺត្រូវតែឆ្លើយតប។


ស្របពេលដំណាលគ្នានេះ មានព្រឹទ្ធសភាជាន់ខ្ពស់មួយរូបមកពីគណបក្សសាធារណរដ្ឋបានលើកឡើងថា លោកប្រធានាធិបតីដូណាល់ ត្រាំ ក៏បានពិចារណាធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងរួចហើយដែរ ប្រសិនបើគ្មានជម្រើស។


ការសាកល្បងគ្រាប់មីស៊ីលរំលងទ្វី ICBM កាលពីថ្ងៃសុក្រដែលកូរ៉េខាងជើងប្រកាសថា ទទួលបានជោគជ័យ គឺជាការសាកល្បងលើកចុងក្រោយបំផុតដែលបំពានម្តងទៀតលើបម្រាបរបស់អង្គកាសហប្រជាជាតិ។


ទោះបីជាកូរ៉េខាងជើងអះអាងយ៉ាងណាក៏ដោយ តែក្រុមអ្នកជំនាញអន្តរជាតិនៅតែលើកឡើងដដែលៗថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅមិនទាន់មានសមត្ថភាពបង្កើតក្បាលគ្រាប់នុយគ្លេអ៊ែរដែលអាចបំពាក់លើគ្រាប់មីស៊ីលរំលងទ្វីបបាននៅឡើយទេ រីឯគ្រាប់មីស៊ីលរបស់ប្រទេសនេះក៏មិនទាន់អាចហោះទៅកាន់គោលដៅបានចំៗនៅឡើយដែរ៕

ក្រុមរដ្ឋអ៊ីស្លាមបើកការវាយប្រហារលើស្ថានទូតអ៊ីរ៉ាក់នៅក្នុងទីក្រុងកាប៊ុលស្លាប់មនុស្ស៦នាក់

v12

ក្រុងកាប៊ុល៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតអមដោយការបាញ់កាំភ្លើងលើស្ថានទូតអ៊ីរ៉ាក់នៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បានធ្វើអោយមនុស្ស៦នាក់បាត់បង់ជីវិត។


ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល១១:១០ព្រឹកថ្ងៃច័ន្ទ ដោយជនបំផ្ទុះគ្រាប់បែក បានធ្វើការបំផ្ទុះខ្លួនឯងឡើងនៅជិតច្រកចូលស្ថាតទូតអ៊ីរ៉ាក់ ប្រចាំប្រទេសអាហ្វហ្គានីស្ថាន។ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនេះ មានខ្មាន់កាំភ្លើងបីនាក់បានព្យាយាមចូលទៅខាងក្នុងស្ថានទូត ហើយបានបើកការបាញ់ប្រហារតទល់គ្នាជាមួយកងសន្តិអាហ្វហ្គានីស្ថានដែលបានប្រញ៉ាប់ប្រញាល់មកកន្លែងកើតហេតុ។


កងសន្តិសុខអាហ្វហ្គានីស្ថានសម្លាប់បានខ្មាន់កាំភ្លើងទាំងអស់ក្នុងការប្រយុទ្ធគ្នាដែលអូសបន្លាយពេលរហូតដល់បួនម៉ោង ខណៈនោះក៏មានការដាក់ពង្រាយកងរថក្រោះ កងទ័ព នគរបាល និងទាហានជាច្រើនផងដែរនៅជុំវិញស្ថានទូតដែលរងការវាយប្រហារនេះ។


រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានលើកឡើងថា ការវាយប្រហារបានស្ងប់ស្ងាត់នៅម៉ោងប្រហែល ៣រសៀល ហើយអ្នកដែលនៅក្នុងស្ថានទូតត្រូវបានជម្លៀសចេញដើម្បីសុវត្ថិភាព។


បើយោងតាមសេចក្តីរាយការណ៍ពត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងថា មានបុគ្គលិកជនជាតិអាហ្វហ្គានីស្ថានពីរនាក់បានស្លាប់ ហើយមានមនុស្សបីនាក់ទៀតបានរងរបួសក្នុងការវាយប្រហារនេះ។


ក្រុមរដ្ឋអ៊ីស្លាមបានចេញមុខមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដែលកើតឡើងពីរសប្តាហ៍បន្ទាប់ពីស្ថានទូតអ៊ីរ៉ាក់បានធ្វើសន្និសិទ្ធិកាសែតអបអរជ័យជំនះក្នុងការប្រយុទ្ធវាយបណ្តេញក្រុមអាយស៊ីស ចេញពីទីក្រុងមូស៊ុលក្នុងប្រទេសអ៊ីរ៉ាក់នាពេលថ្មីៗ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

ព័ត៌មានជាតិ​ពេល​យប់​


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2