vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

អង់គ្លេសថា ខ្លួននឹងបញ្ជូននាវាទៅល្បាតនៅសមុទ្រចិនខាងត្បូង

v4

ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនមានគម្រោងបញ្ជូននាវាដឹកយន្តហោះចម្បាំងពីរគ្រឿងទៅល្បាតនៅសមុទ្រចិនខាងត្បូង នៅក្នុងចំណាត់ការដែលទំនងជាធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងយ៉ាងខ្លាំង។


ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងដោយលោក Boris Johnson រដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេស និងលោក Michael Fallon រដ្ឋមន្ត្រីក្រសួងការពារជាតិ។


ពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសអូស្រ្តាលីកាលពីម្សិលមិញ លោក Boris Johnson បានលើកឡើងថា ការបណ្តែតខ្លួនតាមរយៈច្រក Malacca នឹងជាបេសកម្មលើកដំបូងសម្រាប់នាវាដឹកយន្តហោះចម្បាំងរបស់ចក្រភពអង់គ្លេស ហើយថា ភាគីទាំងអស់គួរតែ “គោរពច្បាប់អន្តរជាតិ និងសេរីភាពនៃការធ្វើដំណើរតាមសមុទ្រ”។


លោក Michael Fallon រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្ថែមនៅក្នុងថ្ងៃសុក្រនេះថា លោក សង្ឃឹមថា “នឹងឃើញនាវាដឹកយន្តហោះចម្បាំង Queen Elizabeth បណ្តែតខ្លួនលើផ្ទៃនៃមហាសមុទ្រទាំងអស់លើពិភពលោក រួមទាំងសមុទ្រចិនខាងត្បូងផងដែរ” ព្រោះប្រទេសរបស់លោកចង់ការពារសុវត្ថិភាពដែនទឹកដែលជាផ្លូវពាណិជ្ជកម្ម ដោយផ្អែកលើមូលដ្ឋានសេដ្ឋកិច្ច។


វត្តមានរបស់នាវាដឹកយន្តហោះចម្បាំងអង់គ្លេសនៅក្នុងតំបន់សមុទ្រចិនខាងត្បូងអាចនឹងធ្វើឲ្យភាពតានតឹងកើនឡើងមួយកម្រិតទៀត ខណៈតំបន់នេះកំពុងតែមានភាពតានតឹងស្រាប់ដោយសារការប្រកួតប្រជែងឥទ្ធិពលគ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ដែលអះអាងសិទ្ធិកាន់កាប់ភាគច្រើនលើដែនទឹកនៅក្នុងតំបន់នេះ ខណៈប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងកោះតៃវ៉ាន់ក៏អះអាងសិទ្ធិកាន់កាប់ត្រួតស៊ីគ្នាផងដែរនោះ៕

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលាលែងពីតំណែងស្របលោក Shinzo Abe ធ្លាក់ការគាំទ្រ

v3

ក្រុងតូក្យូ៖ លោកស្រី Tomomi Inada រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ដែលកំពុងជួបបញ្ហា បានប្រកាសលាលែងពីតំណែងនៅក្នុងថ្ងៃសុក្រនេះ បន្ទាប់ពីក្រសួងរបស់លោកស្រីមានបញ្ហាមួយចំនួន ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី Shinzo Abe ធ្លាក់ការគាំទ្រយ៉ាងខ្លាំងក្នុងចំណោមសាធារណជន។


បញ្ហាដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី Shinzo Abe ធ្លាក់ប្រជាប្រិយភាពយ៉ាងដូច្នេះនេះ រួមមានការឆ្គាំឆ្គង ការបោះជំហានខុស និងការបិទបាំងដែលកើតមាននៅក្នុងក្រសួងការពារជាតិជប៉ុន។


លោកស្រី Tomomi Inada ដែលមានទស្សនអភិរក្សនិយមដូចលោក Shinzo Abe និងដែលគេស្នើឲ្យឈរឈ្មោះជានាយករដ្ឋមន្ត្រីនាពេលអនាគតនោះ ត្រូវបានគ្រោងទុករួចហើយថា នឹងត្រូវមានអ្នកផ្សេងមកជំនួសតំណែងនៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីដែលទំនងជាកើតមានឡើងនៅសប្តាហ៍ក្រោយ និង ដែលលោក Shinzo Abe សង្ឃឹមថានឹងជួយលោកក្នុងការកសាងទំនុកចិត្តឡើងវិញ។


ការគាំទ្រលោកនាយករដ្ឋមន្ត្រី Shinzo Abe បានធ្លាក់ចុះក្រោម៣០ភាគរយទៅទៀតនៅក្នុងការស្តាបស្ទង់មតិមួយចំនួន ដោយសារមានរឿងអាស្រូវពាក់ព័ន្ធការផ្តល់ក្តីអនុគ្រោះដល់មិត្តភក្តិឲ្យបើកសាលាពេទ្យសត្វ និងមានទស្សនៈក្នុងចំណោមអ្នកបោះឆ្នោតជាច្រើនថា លោកនិងជំនួយការមិនយកចិត្តឬឲ្យតម្លៃដល់ពួកគាត់ទេ។


លោក Shinzo Abe បានសូមអភ័យប្រជាពលរដ្ឋចេញពីបេះដូងពេលថ្លែងទៅកាន់អ្នកកាសែតអំឡុងមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិ បន្ទាប់ពីលោកស្រី Tomomi Inada ប្រកាសលាលែងពីតំណែង។


នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានលើកឡើងថា លោក Fumio Kishida រដ្ឋមន្ត្រីក្រសួងការបរទេស នឹងទទួលបន្ទុកផ្នែកការពារជាតិបន្ថែមពីលើតួនាទីដែលមានស្រាប់របស់លោក ដើម្បីដោះស្រាយបញ្ហាស្របពេលប្រទេសជប៉ុនកំពុងប្រឈមនឹងបញ្ហាសន្តិសុខ ដូចជាការរំលោភបំពានពីកូរ៉េខាងជើងជាដើម៕

មនុស្សជាង៤០នាក់ស្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយក្រុម Boko Haram នៅនីហ្សេរីយ៉ា

v2

នីហ្សេរីយ៉ា៖ មនុស្សជាង៤០នាក់បានស្លាប់អំឡុងពេលមានការព្យាយាមរំដោះប្រជាពលរដ្ឋដែលត្រូវបានក្រុមរដ្ឋអ៊ិស្លាម Boko Haram ពួនស្ទាក់ចាប់នៅក្នុងប្រទេសនីហ្សេរីយ៉ា។


យោងតាមអ្នកនាំពាក្យសាកលវិទ្យាល័យ Maiduguri បានឲ្យដឹងថា មានសមាជិកក្រុមរុករកប្រេងចំនួនប្រាំនាក់បានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នានេះដែលកើតឡើងនៅក្នុងរដ្ឋ Borno ភាគឥសានប្រទេសឥណ្ឌា ប៉ុន្តែទាហាន សមាជិកក្រុមការពារសន្តិសុខតាមភូមិ និងសមាជិកក្រុម Boko Haram ក៏បានស្លាប់អស់មួយចំនួនផងដែរ។


ការប្រយុទ្ធគ្នាដែលបណ្តាលឲ្យមានការបាត់បង់អាយុជីវិតយ៉ាងច្រើននេះ បានធ្វើកើតមានជាក្តីព្រួយបារម្ភឡើងវិញសម្រាប់រដ្ឋាភិបាលនីហ្សេរីយ៉ា ដែលធ្លាប់បានប្រកាសថា ក្រុមរដ្ឋអ៊ិស្លាម Boko Haram ដែលតែងតែប្រឆាំងនឹងអ្នកប្រតិបត្តិតាមសាសនាគ្រិស្តជិតដល់ពេលរលាយបាត់ទៅវិញហើយនោះ។


មានមនុស្សយ៉ាងតិច២ម៉ឺននាក់ត្រូវបានសម្លាប់ និងជាច្រើនពាន់នាក់ផ្សេងទៀតត្រូវបានចាប់ពង្រត់ចាប់តាំងពីក្រុម Boko Haram នេះ ចាប់ផ្តើមប្រតិបត្តិការបង្កភាពចលាចលកាលពីឆ្នាំ២០០៩មក។


ក្នុងករណីដ៏ធំមួយដែលល្បីទូទាំងពិភពលោក ក្រុមនេះបានចាប់ពង្រត់ក្មេងស្រីសិស្សសាលាចំនួន២៧៦ នាក់ នៅភាគឥសាននៃក្រុង Chibok កាលពីឆ្នាំ២០១៤ ប៉ុន្តែចាប់តាំងពីពេលនោះមកមានក្មេងស្រីជាង១០០នាក់ត្រូវបានដោះលែងមកវិញដើម្បីជាថ្នូនឹងការដោះលែងអ្នកសកម្មប្រយុទ្ធដែលកងកម្លាំងរដ្ឋាភិបាលនីហ្សេរីយ៉ាចាប់បាន។


សូមបញ្ចាក់ថា នៅក្នុងហេតុការណ៍ចុងក្រោយបំផុតនេះ មានប្រភពមួយបានឲ្យដឹងថា គ្រាន់តែទាហាន និងអ្នកស្ម័គ្រចិត្តមកពីក្រុមការពារសន្តិសុខតាមភូមិបានស្លាប់ជាង៤០នាក់ទៅហើយ ដោយមិនទាន់រាប់បញ្ចូលទាំងសមាជិករបស់ក្រុម Boko Haram ផង ហើយថាតួលេខនេះប្រហែលជាអាចកើនឡើងទៀត៕

រដ្ឋាភិបាលថៃបង្កកទ្រព្យសម្បត្តិរបស់លោកស្រីយីងឡាក់ជាបណ្តោះអាសន្ន ជុំវិញសំណុំរឿងឧបត្ថម្ភធនស្រូវ

v1

ក្រុងបាងកក៖ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីស្រីដំបូងរបស់ប្រទេសថៃត្រូវបានរដ្ឋាភិបាលយោធាបង្កកទ្រព្យសម្បត្តិជាបណ្តោះអាសន្ន ជុំវិញសំណុំរឿងឧបត្ថម្ភធនស្រូវដែលធ្វើឲ្យខាតបង់ប្រាក់រដ្ឋអស់រាប់ពាន់លានដុល្លារ។


ក្នុងចំណោមទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ រួមមានអចលនទ្រព្យចំនួន៣៧កន្លែង និងគណីធនាគារចំនួន១៦។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលបានអំពាវនាវសុំជំនួយពីអ្នកគាំទ្រកាលពីម្សិលមិញ ត្រូវបានរារាំងមិនឲ្យចូលប្រឡូកក្នុងឆាកនយោបាយកាលពីឆ្នាំ ២០១៥ បន្ទាប់ពីសភាដែលគ្រប់គ្រងដោយយោ បានរកឃើញថា លោកស្រី មានទោសកំហុសដោយសារគ្រប់គ្រងមិនបានត្រឹមត្រូវនៅក្នុងគម្រោង ដែលប្រមូលទិញស្រូវពីកសិករក្នុងតម្លៃលើសពីទីផ្សាររហូតដល់ទៅ៥០ភាគរយ ប៉ុន្តែលោកស្រីបានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ។


លោកស្រី ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសមានស្ថានទម្ងន់ទោសពាក់ព័ន្ធគម្រោងឧបត្ថម្ភធនស្រូវ ដែលជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយមួយចំនួនបង្កើតឡើងដោយបងប្រុសរបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំ២០០៦។


សាលក្រមនៅក្នុងសំណុំរឿងដ៏ចម្រូងចម្រាស់នេះ គ្រោងនឹងប្រកាសនៅថ្ងៃទី២៥ ខែសីហា ហើយនៅថ្ងៃអង្គារដែលត្រូវជាថ្ងៃទី១នៃខែសីហាដដែលនោះ គេរំពឹងថា លោកស្រី យីងឡាក់ នឹងចូលរួមសវនាការផ្តល់សេចក្តីសន្និដ្ឋានបទបញ្ចប់សំណុំរឿង។


ទោះបីជាលោកស្រី ត្រូវបានហាមឃាត់មិនឲ្យចូលប្រឡូកក្នុងឆាកនយោបាយក៏ដោយ តែលោកស្រីនៅតែជាបុគ្គលដ៏សំខាន់នៅក្នុងចលនាប្រជានិយម ដែលឈ្នះរាល់ការបោះឆ្នោតនៅក្នុងប្រទេសថៃចាប់តាំងពីឆ្នាំ២០០១មក ហើយលោកស្រីក៏នៅតែទទួលបានប្រជាប្រិយភាពខ្លាំងដដែលផងដែរក្នុងចំណោមអ្នកគាំទ្រ៕

ភ្លើងឆេះព្រៃកំពុងបន្តក្នុងប្រទេសបារាំងស្របពេលដែលប្រទេសព័រទុយហ្គាល់ក៏រងការឆាបឆេះដូចគ្នា

v13

បារាំង-ព័រទុយហ្គាល់៖ ក្រុមអ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់កំពុងតែទប់ទល់នឹងអណ្តាតភ្លើងដែលបំផ្លាញព្រៃ អស់ទំហំ៥ពាន់ហិកតានៅភាគអាគ្នេយនៃប្រទេសបារាំង ខណៈនៅព័ទុយហ្គាល់ក៏មានភ្លើងឆេះព្រៃដូចគ្នា។


តំបន់ Var ដែលជាតំបន់រមណីយដ្ឋានដ៏មានប្រជាប្រិយភាព បានជួបហេតុការណ៍ភ្លើងឆេះព្រៃដ៏រាលដាលកាលពីយប់ថ្ងៃអង្គារ ក្នុងនោះមានព្រៃសរុបទំហំ៣៥០០ហិកតាបានរងការបំផ្លិចបំផ្លាញ។


ភ្លើងឆេះព្រៃនេះដែលបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទបានធ្វើអោយជនស៊ីវិល១២០០០នាក់ រួមទាំងអ្នកបោះជំរុំចំនួន៣០០០នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Bormes-les-Mimosas តែមួយគត់ ជាកន្លែងដែលរងការឆាបឆេះអស់ព្រៃទំហំ១៣០០ហិកតា។


មានយន្តហោះពន្លត់អគ្គិភ័យចំនួន២៩គ្រឿងត្រូវបានប្រើ និងមានការបញ្ជូនអ្នកពន្លត់អគ្គីភ័យប្រមាណ២០០០នាក់ឲ្យមកទប់ទល់នឹងភ្លើងឆេះព្រៃដ៏រាលដាលនេះ នេះបើតាមសេចក្តីរាយការណ៍ពីអង្គភាពពន្លត់អគ្គិភ័យប្រចាំតំបន់ Var។


អង្គភាពពន្លត់អគ្គីភ័យដដែលនេះបានឲ្យដឹងបន្តថា មានអ្នកពន្លត់អគ្គីភ័យចំនួន១០នាក់បានរងរបួស ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីការរងរបួសឬការបាត់បង់ជីវតជនស៊ីវិលនៅឡើយទេ។


ដោយឡែកនៅក្នុងប្រទេសព័រទុយហ្គាល់ឯណោះវិញ ភ្លើងឆេះព្រៃក៏ពុងតែបន្តឆេះនៅជិតតំបន់ស្វយ័ត Macao ផងដែរ ហើយក្រុមអ្នកពន្លត់អគ្គិភ័យកំពុងតែព្យាយាមទប់ស្កាត់កុំឲ្យឆេះរាលដាលបន្តទៀតហើយ ខណៈអាជ្ញាធរបានអោយដឹងថា ភូមិមួយចំនួននៅក្នុងតំបន់ស្វយ័តនេះ កំពុងប្រឈមទៅនឹងការឆាបឆេះរាលដាលខ្លាំងបំផុត។


រថយន្តពន្លត់អគ្គិភ័យរបស់អេស្ប៉ាញជាច្រើនគ្រឿងត្រូវបានបញ្ជូនមកជួយអ្នកពន្លត់អគ្គិភ័យប្រហែល១៥០០នាក់ ដែលកំពុងតែទប់ទល់នឹងភ្លើងឆេះព្រៃនៅក្នុងខេត្តចំនួនពីរគឺខេត្ត Castelo Branco និងខេ្ត Santarem។


សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំរហូតមកទល់ពេលនេះ មានព្រៃសរុបទំហំ៧៥២៦៤ហិកតាបានរងការឆាបឆេះនៅក្នុងប្រទេសព័រទុយហ្គាល់ ពោលគឺលើសពីទំហំនៃការឆាបឆេះក្នុងរយៈពេលដូចគ្នានៃឆ្នាំមុនៗ៕

អង់គ្លេសនឹងដាក់បម្រាមលើកាលក់រថយន្តប្រើសាំងនិងម៉ាស៊ូតចាប់ពីឆ្នាំ២០៤០ទៅ

v8

អង់គ្លេស៖ ចក្រភពអង់គ្លេសនឹងដាក់បម្រាមលើការលក់រថយន្តប្រើសាំងនិងម៉ាស៊ូតចាប់ពីឆ្នាំ២០៤០ទៅ ដើម្បីធ្វើឲ្យបរិយាកាសនៅក្នុងប្រទេសរបស់ខ្លួនមានភាពប្រសើរឡើងវិញ។


ការសម្រេចលុបបំបាត់រថយន្តប្រើសាំងនិងម៉ាស៊ូតនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់បច្ចេកវិទ្យាបំភាយឧស្ម័នទាប ដែលអាចធ្វើឲ្យបរិយាកាសនៅក្នុងសង្គមអង់គ្លេសគ្មានការបំពុលតទៅមុខទៀត។


លោក Michael Gove រដ្ឋមន្ត្រីក្រសួងបរិស្ថានអង់គ្លេសបានលើកឡើងកាលពីម្សិលមិញថា អង់គ្លេសមិនអាចបន្តប្រើរថយន្តប្រើសាំងនិងម៉ាស៊ូតតទៅមុខទៀតបានឡើយ ហើយថា គ្មានជម្រើសផ្សេងទេ ក្រៅពីត្រូវសិក្សាស្រាវជ្រាវរកបច្ចេកវិទ្យាថ្មី។


រថយន្តថ្មីជិត២,៧ លានគ្រឿងបានចុះបញ្ជីនៅក្នុងចក្រភពអង់គ្លេសក្នុងឆ្នាំ២០១៦ ដោយធ្វើឲ្យប្រទេសនេះក្លាយជាទីផ្សារធំជាងគេទីពីរនៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីអាល្លឺម៉ង់។


ការកំណត់ពេលត្រឹមឆ្នាំ២០៤០ គឺជាការកំណត់ដែលនៅសល់ពេលវែងទៀត ដោយសាស្ត្រាចារ្យផ្នែកឧស្សាហកម្មម្នាក់ឈ្មោះ David Bailey បាននិយាយថាការដាក់បម្រាមលើការលក់រថយន្តប្រើសាំងនិងម៉ាស៊ូតនេះ គឺជាជំហានឆ្ពោះទៅរកគោលដៅត្រូវ ប៉ុន្តែថា វាមិនមែនជាការងាយស្រួលទេក្នុងការលុបបំបាត់ឲ្យបាន១០០ភាគរយ។


រីឯលោក Mike Hawes នាយកប្រតិបត្តិក្រុមហ៊ុន Society of Motor Manufacturers and Traders បានលើកឡើងថា ការចំណាយលើបច្ចេកវិទ្យាថ្មីគឺមានទំហំធំធេងណាស់ និងថា តើអ្នកប្រើប្រាស់ចង់ផ្លាស់ប្តូរមកប្រើរថយន្ត hybrid ឬរថយន្តអគ្គិសនីឬក៏អត់ នេះហើយគឺជាបញ្ហាសំខាន់នោះ។


ការកំណត់ពេលត្រឹមឆ្នាំ២០៤០នេះ ត្រូវបានប្រកាសដោយរដ្ឋាភិបាលអង់គ្លេសកាលពីម្សិលមិញ ដើម្បីជាផ្នែកនៃយុទ្ធនាការកាត់បន្ថយការបំពុលបរិយាកាស ដែលរដ្ឋាភិបាលបានសម្រេចចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីធ្វើឲ្យប្រាកដថា នៅតាមដងផ្លូវលែងមានការបំភាយឧស្ម័នត្រឹមឆ្នាំ២០៥០៕

ភ្លៀងធ្លាក់យ៉ាងជោគជាំបង្កជាទឹកជំនន់សម្លាប់នុស្សរាប់រយនាក់នៅឥណ្ឌា

v2

ឥណ្ឌា៖ ភ្លៀងធ្លាក់យ៉ាងជោគជាំបង្កជាទឹកជំនន់នៅភាគខាងលិចនិងភាគខាងកើតប្រទេសឥណ្ឌា ដោយបណ្តាលឲ្យមនុស្សរាប់រយនាក់បានបាត់បង់ជីវិតក្នុងរយៈ៣សប្តាហ៍កន្លងមកនេះ។


នៅក្នុងរដ្ឋ Gujarat ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌា មានមនុស្សយ៉ាងតិច៧៥នាក់ទៅហើយបានបាត់បង់ជីវិត និងមានមនុស្សប្រហែល២៥.០០០នាក់ផ្សេងទៀតបានបាត់បង់ផ្ទះសំបែង ដោយសារភ្លៀងមូសុងយ៉ាងជោគជាំនេះ។


លោក Anand Patel ប្រធានរដ្ឋបាលនៃសាលាស្រុក Patan ក្នុងរដ្ឋ Gujarat បានលើកឡើងថា គ្រាន់តែនៅក្នុងស្រុករបស់លោកតែមួយគត់មានមនុស្សរហូតដល់ទៅប្រហែល១ម៉ឺនត្រូវបានជម្លៀសទៅទីទួលបានសុវត្ថិភាព ហើយថារដ្ឋាភិបាលបានប្រើឧទ្ធម្ភាគច្រដើម្បីទម្លាក់ស្បៀងអាហារទៅឲ្យអ្នកជម្លៀសខ្លួនទាំងនោះ។


រីឯនៅក្នុងរដ្ឋមួយទៀតជាប់នោះ គឺរដ្ឋ Rajasthan មានមនុស្ស៦នាក់បានស្លាប់នៅក្នុងស្រុកចំនួនបីដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ខ្លាំងជាងគេ។


ប៉ុន្តែនៅភាគឥសានប្រទេសឥណ្ឌា ទឹកជំនន់បានស្រកចុះទៅវិញជាបណ្តើរៗហើយ ក្រោយពេលធ្វើឲ្យមនុស្សចំនួន១០៥ បានបាត់បង់ជីវិត នៅក្នុងស្រុកចំនួន៦០ ដែលស្ថិតនៅក្នុងរដ្ឋចំនួនបួន គឺរដ្ឋ Assam រដ្ឋ Arunachal Pradesh រដ្ឋ Nagaland និងរដ្ឋ Manipur។


សូមបញ្ជាក់ថា ភ្លៀងមូសុងនៅក្នុងប្រទេសឥណ្ឌា ចាប់ផ្តើមចាប់ពីខែមិថុនា ដល់ខែកញ្ញា៕

វិមានក្រឹមឡាំងថា ទណ្ឌកម្មថ្មីរបស់អាមេរិក ជាពត៌មានសោកសៅ សម្រាប់ទំនាក់ទំនងរុស្ស៊ីអាមេរិក

v1

អាមេរិក៖ វិមានក្រឹមឡំាងបានលើកឡើងថា សំណើទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកដែលដាក់បន្ទុកបន្ថែមលើរុស្ស៊ីគឺជាទង្វើអមិត្តនិងជា “ពត៌មានសោកសៅ” សម្រាប់ទំនាក់ទំនងរុស្ស៊ី-អាមេរិក និងការអភិវឌ្ឍនាពេលអនាគតរវាងប្រទេសទាំងពីរ។


កាលពីថ្ងៃអង្គារសភាសហរដ្ឋអាមេរិកបានបោះឆ្នោតគាំទ្រក្នុងសំឡេងលើសលប់ចំពោះសំណើដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្សី ដែលជាការបិទផ្លូវមិនឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ មានឱកាសលើកលែងទណ្ឌកម្មណាមួយដែលធ្លាប់ដាក់លើរដ្ឋាភិបាលក្រុងម៉ូស្គូនាពេលកន្លងមក។


លោក Dmitry Peskov អ្នកនាំពាក្យរបស់លោក វ្លាឌីមៀរ ពូទីន បានលើកឡើងថា ចំណាត់ការរបស់សហរដ្ឋអាមេរិកសំដែងឲ្យឃើញពីភាពអមិត្តកាន់តែខ្លាំងឡើងៗ ហើយថារុស្ស៊ីនឹងឆ្លើយតបវិញដោយផ្អែកលើការវិភាគឲ្យបានហ្មត់ចត់ ប៉ុន្តែរាល់ការសម្រេចយ៉ាងណានោះ អាស្រ័យលើប្រមុខរដ្ឋ គឺលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន។


លោក Dmitry Peskov បានលើកឡើងបន្តថា ទោះជាយ៉ាងណា អ្វីៗត្រូវរង់ចាំសេចក្តីស្នើច្បាប់ស្តីពីការដាក់ទណ្ឌកម្មថ្មីនេះចូលជាធរមានសិន។
សេចក្តីស្នើច្បាប់ស្តីពីការដាក់ទណ្ឌកម្មថ្មីនេះ ដែលកាលពីល្ងាចម្សិលមិញទទួលបានការឯកភាពបន្ថែមទៀតរវាងលោក Kevin McCarthy ប្រធានក្រុមសមាជិកសភាសំឡេងភាគច្រើនមកពីគណបក្សសាធារណរដ្ឋ និងលោក Bob Corker ប្រធានគណកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភា ដែលមកពីគណបក្សសាធារណរដ្ឋដូចគ្នានោះ បានដាក់កំហិតមិនឲ្យលោកដូណាល់ ត្រាំ មានលទ្ធភាពលុបចោលទណ្ឌកម្មនោះឡើយ។


បន្ទាប់ពីមានការឯកភាពរវាងមន្ត្រីជាន់ខ្ពស់ទាំងពីរដែលនៅក្នុងជួរបក្សតែមួយ ព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងបោះឆ្នោតលើសេចក្តីស្នើច្បាប់ដែលឆ្លងសភារួចហើយនេះ ដើម្បីបញ្ជូនបន្តទៅកាន់ការិយាល័យរបស់លោកដូណាល់ ត្រាំ។


ប៉ុន្តែទោះជាយ៉ាងណា លោក ដូណាល់ ត្រាំ នៅមិនទាន់ឲ្យតម្រុយនៅឡើយទេ ថា តើលោកនឹងចុះហត្ថលេខាលើសេចក្តីស្នើច្បាប់នេះឬក៏អត់នោះ។


សេចក្តីស្នើច្បាប់ស្តីពីការដាក់ទណ្ឌកម្មថ្មីនេះ ក៏រួមមានសំណើរដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសអ៊ីរ៉ង់និងប្រទេសកូរ៉េខាងជើងផងដែរ៕

អ្នកស្លាប់កើនឡើងដល់១៧នាក់ក្នុងហេតុការណ៍បាក់អគារនៅក្នុងប្រទេសឥណ្ឌា

v11

ឥណ្ឌា៖ តួលេខនៃអ្នកស្លាប់បានកើនឡើងដល់១៧នាក់ នៅក្នុងហេតុការណ៍បាក់អគារក្នុងទីក្រុងម៉ុមបៃ ភាគខាងលិចប្រទេសឥណ្ឌា ខណៈអាជ្ញាធរកំពុងបើកការស៊ើបអង្កេតរកមូលហេតុពិតប្រាកដ។


អគារដែលបាក់រលំនេះមានកម្ពស់បួនជាន់ស្ថិតនៅក្នុងតំបន់ Ghatkopar ជាយក្រុងម៉ុមបៃ ហើយផ្នែកខ្លះនៃអគារនេះ ពីមុនគឺជាមន្ទីសម្រាកព្យាបាល តែត្រូវបានជួសជុលកែប្រែជាថ្មី ចំណែកឯអ្នកនៅរស់រានមានជីវិតចំនួន២៨នាក់ ដែលបានទាញចេញពីកម្ទេចថ្មបាក់បែកកាលពីម្សិលមិញ មានអ្នកខ្លះរងរបួសស្រាលអ្នកខ្លះរងរបួសធ្ងន់។


យោងតាមអាជ្ញាមូលដ្ឋានបានឲ្យដឹងថា ម្ចាស់គ្រប់គ្រងអគារនេះ ត្រូវបានឃាត់ខ្លួនពីបទកែប្រែមន្ទីព្យាបាលទៅជាអគារថ្មីដោយគ្មានស្តង់ដាច្បាស់លាស់។


ប្រតិបត្តិការសង្គ្រោះបានបន្តដល់ល្ងាចថ្ងៃពុធនេះហើយក្រុមគ្រួសារជនរងគ្រោះមួយចំនួនកំពុងរង់ចាំដំណឹងពីសាច់ញាតិរបស់ខ្លួនយ៉ាងអន្ទះសារ ខណៈអាជ្ញាធរមិនទាន់ដឹងច្បាស់នៅឡើយថា តើនៅមានអ្នកកប់នៅក្នុងគំនរបាក់បែកទៀតរឺក៏អត់នោះ។


សូមបញ្ជាក់ថា គ្រោះថ្នាក់បាក់រលំអគារនេះមិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសឥណ្ឌា ជាពិសេសអំឡុងរដូវភ្លៀងមូសុងនេះ ហើយការសាងសង់គ្មានបទដ្ឋានត្រឹមត្រូវគឺជារឿងមួយ ដែលគេតែងតែរងការបន្ទោសក្នុងហេតុការណ៍ដែលកើតឡើងនាពេលកន្លងមកនៅប្រទេសឥណ្ឌានេះ៕

ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់ដូចបាក់ទំនប់នៅក្នុងខេត្ត Shaanxi ប្រទេសចិន

v10

ចិន៖ ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់ដូចបាក់ទំនប់នៅក្នុងផ្នែកខ្លះនៃខេត្ត Shaanxi ភាគពាយព្យប្រទេសចិន និងធ្វើឲ្យទឹកទន្លេ Dali ហក់ឡើងខ្ពស់។


ភ្លៀងបានធ្លាក់យ៉ាងជោគជាំនៅក្នុងតំបន់ប្រជុំជននៃខេត្ត Shaanxi នេះ ចាប់ពីម៉ោង៨ព្រឹកម្សិលមិញរហូតដល់ម៉ោង៦ព្រឹកមិញនេះ ប៉ុន្តែនតំបន់ប្រជុំជន Zizhou រងគ្រោះធ្ងន់ធ្ងរជាងគេដោយមានកម្រិតទឹកភ្លៀងកម្ពស់២៣៤មិល្លីម៉ែត្រឯណោះ។


រីឯទឹកទន្លេ Dali វិញគឺហក់ឡើងខ្ពស់ខ្លាំងណាស់ ពោលគឺខ្ពស់ជាងកម្រឹតទឹកឆ្នាំមុនរហូតដល់ទៅជាងបួនម៉ែត្រ។


ទឹកជំនន់ដែលហូបុកមកកាន់តបន់ប្រជុំជន Zizhou បានធ្វើឲ្យលិចផ្លូវ ខូចខាតរថយន្ត ធ្វើឲ្យដាច់ចរន្តអគ្គិសនី និង ធ្វើឲ្យខូចខាតប្រព័ន្ធទំនាក់ទំនងផ្សេងៗទៀត។


បន្ថែមពីលើនេះទៅទៀត អាងស្តុកទឹក Qingshuigou ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់តំបន់ប្រជុំជននេះ ក៏ឡើងហូសកម្រិតធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកផងដែរ។


រហូតមកទល់ពេលនេះ ពលរដ្ឋនៅក្នុងតំបន់រងផលប៉ះពាល់ខ្លាំងនៅមិនទាន់អាចវិលមកផ្ទះសំបែងវិញបាននៅឡើយទេ បន្ទាប់ពីជម្លៀសខ្លួន ប៉ុន្តែទោះជាយ៉ាងណាមិនមានសេចក្តីរាយការណ៍ពីការបាត់បង់ជីវិតនោះទេ ខណៈការងារសង្គ្រោះកំពុងបន្ត៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

ព័ត៌មានជាតិ​ពេល​យប់​


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2