vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ប្រទេសសមាជិកអង្គការ OPEC និង ប្រទេសមិនមែនជាសមាជិក បន្តកាន់បន្ថយទិន្នផល៩ខែទៀត

v5

ក្រុងវៀនណា៖ ប្រទេសសមាជិកអង្គការ OPEC និងប្រទេសមិនមែនជាសមាជិកដែលដឹកនាំដោយរុស្ស៊ី បានសម្រេចបន្តកាត់បន្ថយទិន្នផលប្រេង៩ខែទៀត ពោលគឺរហូតដល់ខែមីនាឆ្នាំ២០១៨។


ការសម្រេចបន្តកាត់បន្ថយទិន្នផលប្រេងនេះ ធ្វើឡើងនៅក្នុងទីក្រុងវៀនណា ប្រទេសអូទ្រីសដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃតម្លៃប្រេងឆៅទូទាំងពិភពលោក បន្ទាប់ពីមានការមើលឃើញថា ប្រាក់ចំណូលរបស់ប្រទេសផលិតប្រេងបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។


ការកាត់បន្ថយទិន្នផលប្រេងរបស់អង្គការ OPEC បានជួយធ្វើឲ្យតម្លៃប្រេងពិភពលោកងើបឡើងវិញលើសពី៥០ដុល្លារក្នុងមួយបារ៉ែលនៅក្នុងឆ្នាំនេះ ដោយធ្វើឲ្យប្រាក់ចំណូលរបស់ប្រទេសផលិតប្រេងដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យនេះបានកើនឡើងវិញបន្តិច ហើយគេសង្ឃឹមថា ការបន្តកាត់បន្ថយទិន្នផលប្រេងបន្តទៀតនេះ នឹងធ្វើឲ្យមានកំណើនប្រាក់ចំណូលបន្ថែមទៀត។


ការធ្លាក់ចុះនៃតម្លៃប្រេង ដែលចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤ បានបង្ខំឲ្យប្រទេសរុស្ស៊ី និងប្រទេសអារ៉ាប៊ី សាអូឌីត កាត់បន្ថយលើការចំណាយផ្សេងៗ និងធ្វើឲ្យប្រទេសផលិតប្រេងមួយចំនួនផ្សេងទៀតដូចជាប្រទេសវេណេស៊ុយអេឡា និង នីហ្សេរីយ៉ា ជាដើមធ្លាក់ចូលក្នុងភាពចលាចលរហូតមកទល់នឹងពេលសព្វថ្ងៃ។


សូមបញ្ជាក់ថា ការឡើងថ្លែងប្រេងនៅក្នុងឆ្នាំនេះ បានធ្វើឲ្យមានកំណើនយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មប្រេងរបស់សហរដ្ឋអាមេរិក ដែលមិនបានចូលរួមនៅក្នុងកិច្ចព្រមព្រៀងកាត់បន្ថយទន្និផលរបស់អង្គការ OPEC៕

អាមេរិកទទួលស្គាល់ថា បានធ្វើឲ្យជនស៊ីវិល១០៥នាក់ស្លាប់ ពេលទម្លាក់គ្រាប់លើក្រុមអាយស៊ីសនៅអ៊ីរ៉ាក់

v4

សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកទទួលស្គាល់ថា បានធ្វើឲ្យជនស៊ីវិល១០៥នាក់ស្លាប់ ពេលបើកប្រតិបត្តិការទម្លាក់គ្រាប់លើក្រុមអាយស៊ីសនៅក្នុងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ កាលពីខែមិនា។


យោងតាមទីបញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាមេរិកបានឲ្យដឹងថា កងទ័ពរបស់ខ្លួនបានផ្តោតគោលដៅលើអ្នកពួនចាំបាញ់ពីរនាក់មកពីក្រុមរដ្ឋអ៊ិស្លាមអាយស៊ីសដោយប្រើគ្រាប់ដែលអាចបញ្ជាទៅកាន់គោលដៅចំៗ។


ប៉ុន្តែ ការទម្លាក់គ្រាប់នោះបានធ្លាក់ត្រូវចំគ្រឿងផ្ទុះដែលក្រុមកងជីវពលបានស្តុកទុកនៅក្នុងអគារមួយជាហេតុធ្វើឲ្យកើតមានជាការផ្ទុះយ៉ាងខ្លាំងតែម្តង។


ជនស៊ីវិលដែលរស់នៅក្នុងអគារជាន់ក្រោមៗបានស្លាប់ពេលអគារបានបាក់រលំ។


សាក្សីដែលឃើញហេតុការផ្ទាល់ភ្នែកបានលើកឡើងថា ក្រៅពីជនស៊ីវិល១០៥ដែលសហរដ្ឋអាមេរិកបានទទួលស្គាល់ នៅមានមនុស្ស៣៦នាក់ផ្សេងទៀតក៏ស្ថិតនៅក្នុងអគារនេះដែរ ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិកនិយាយថាខ្លួនគ្មានភស្តុតាងជាក់លាក់ដើម្បីកំណត់អត្តសញ្ញាណរបស់អ្នកទាំងនេះឡើយ។


ទីបញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាមេរិកធ្លាប់បានលើកឡើងថា រាល់ការទម្លាក់គ្រាប់សុទ្ធតែធ្វើឡើងដោយមានសំណើពីកងសន្តិសុខអ៊ីរ៉ាក់ ដែលព្យាយាមបណ្តេញក្រុមអាយស៊ីសចេញពីទីក្រុង Mosul។


នៅក្នុងហេតុការណ៍ស្រដៀងគ្នាមួយទៀតដែលកើតឡើងនៅក្នុងប្រទេសស៊ីរី មានជនស៊ីវិលចំនួន៣៥នាក់បានស្លាប់កាលពីម្សិលមិញ នៅក្នុងការទម្លាក់ដឹកនាំដោយសហរដ្ឋអាមេរិកដូចគ្នា។


អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសស៊ីរីនេះបានឲ្យដឹងថា ការទម្លាក់គ្រាប់នេះផ្តោតគោលដៅលើក្រុង Mayadeen ដែលគ្រប់គ្រងដោយក្រុមអាយស៊ីស នៅក្នុងខេត្ត Deir Ezzor ហើយថា គ្រួសាររបស់សមាជិកក្រុមអាយស៊ីស ដែលក្នុងនោះមានទាំងក្មេងៗផង ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង៣៥នាក់នេះដែរ។


សូមបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ាក់ រំដោះបានតំបន់ភាគខាងកើតទីក្រុង Mosul ទាំងស្រុងកាលពីខែមករា ឆ្នាំ២០១៧ ប៉ុន្តែតំបន់ភាគខាងលិចនៅជួបការលំបាកនៅឡើយ ដោយសារមានផ្លូវក្រឡុកក្រលៀតច្រើនពិបាកកម្ចាត់ក្រុមអាយស៊ីសឲ្យអស់៕

នាវាចម្បាំងរបស់អាមេរិកបណ្តែតខ្លួននៅក្បែរកោះសិប្បនិម្មិតដែលចិនបង្កើតឡើងនៅសមុទ្រចិនខាងត្បូង

v13

នាវាចម្បាំងរបស់សហរដ្ឋអាមេរិកបានបណ្តែតខ្លួនទៅក្បែរកោះសិប្បនិម្មិតដែលចិនបង្កើតឡើងនៅសមុទ្រចិនខាងត្បូង នៅក្នុងអ្វីដែលគេមើលឃើញថា ជាការឆ្លើយតបលើកដំបូងចំពោះការអះអាងសិទ្ធិកាន់កាប់ដែនទឹករបស់ប្រទេសចិន ចាប់តាំងពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងមក។


យោងតាមប្រភពមួយដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបានឲ្យដឹងថា នាវាចម្បាំង USS Dewey បានធ្វើដំណើរចូលទៅក្នុងតំបន់ថ្មប៉ប្រះទឹក Mischief Reef ក្នុងចម្ងាយប្រហែល១៩គីឡូម៉ែត្រ។


ប្រទេសចិនបានអះអាងសិទ្ធិកាន់កាប់ភាគច្រើនលើដែនទឹកនៅសមុទ្រចិនខាងត្បូង ក្នុងនោះរួមមានដូចតំបន់ថ្មប៉ះប្រះទឹកនិងកោះដែលប្រទេសមួយចំនួនផ្សេងទៀតក៏អះអាងសិទ្ធិកាន់កាប់ត្រួតស៊ីគ្នាផងដែរនោះ។


សហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួនអាចបំពេញប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិបានដោយមិនចាំបាច់សុំការអនុញ្ញាតពីនរណាទេ ហើយថាខ្លួនមិនបានកាន់ជើងខាងណាឡើយនៅក្នុងជម្លោះដែនទឹក ប៉ុន្តែបានបញ្ជូននាវានិងយន្តហោះចម្បាំងមកក្បែរកោះមានជម្លោះនាពេលកន្លងមករួមទាំងលើកនេះផង ក្នុងគោលបំណងរក្សាសន្តិសុខនៃការធ្វើដំណើរដោយសេរីតាមដែនទឹក។


ទាំងសហរដ្ឋអាមេរិក និងប្រទេសចិនសុទ្ធតែបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបង្កើនសកម្មភាពយោធានៅសមុទ្រខាងត្បូង ដោយធ្វើឲ្យមានការព្រួយបារម្ភថា កន្លែងនេះនឹងក្លាយជាកន្លែងសាកល្បងកម្លាំង ដែលអាចបង្កផលលំបាក់ធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល។


ការបង្ហាញវត្តមានរបស់នាវាចម្បាំងសហរដ្ឋអាមេរិកលើកនេះ ទំនងជាការថ្លឹងថ្លែងនិងសាកល្បងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន ខណៈលោកដូណាល់ ត្រាំ កំពុងតែស្វះស្វែងរកកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីដោះស្រាយបញ្ហាកម្មវិធីនុយគ្លេអ៊ែររបស់កូរ៉េខាងជើង។


សូមបញ្ជាក់ថា កាលពីដើមខែនេះ យន្តហោះចម្បាំងរបស់ប្រទេសចិនបានហោះស្ទាក់យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកមួយគ្រឿង ដែលមន្ត្រីយោធាសហរដ្ឋអាមេរិកលើកឡើងកំពុងស្ថិតក្នុងបេសកកម្មដើម្បីតាមដានសារធាតុវិទ្យុសកម្មនៅដែនអាកាសអន្តរជាតិ៕

ការប្រយុទ្ធគ្នានៅភាគខាងត្បូងប្រទេសហ្វីលីពីនកំពុងបន្តក្នុងសភាពកាន់តែខ្លាំងក្លា

v2

ហ្វីលីពីន៖ ការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលនិងកងជីវពលអ៊ីស្លាមនៅភាគខាងត្បូងប្រទេសហ្វីលីពីនកំពុងបន្តក្នុងសភាពកាន់តែខ្លាំងក្លា ដោយធ្វើឲ្យពលរដ្ឋត្រូវភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន។


ក្រុម Maute ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ិស្លាមអាយស៊ីសបានចូលកាន់កាប់តំបន់មួយចំនួននៅភាគខាងត្បូងក្រុង Marawi កាលពីថ្ងៃអង្គារ ដោយធ្វើឲ្យលោកប្រធានាធិបតី រ៉ូទ្រីហ្គោ ឌុយទើតេ ប្រកាសប្រើច្បាប់អាជ្ញាសិកនៅលើកោះ Mindanao ដែលមានទំហំផ្ទៃដីស្នើនឹងប្រទេសកូរ៉េខាងត្បូងទាំងមូល។


ស្របពេលការប្រយុទ្ធគ្នាកំពុងបន្ត យោធាហ្វីលីពីនបានលើកឡើងថា មានសមាជិកកងជីវពល១៣នាក់ និងសមាជិកកងសន្តិសុខ៧នាក់បានស្លាប់បើគិតរហូតមកទល់ពេលនេះ។

 

នៅក្នុងទីក្រុង Davao ដែលជាទីកន្លែងកំណើតរបស់លោករ៉ូទ្រីហ្គោ ឌុយទើតេ មានការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនកន្លែងត្រង់ច្រកចេញនិងចូលទីក្រុងនេះ ក្រោយពេលមានការរឹតបន្តឹងសន្តិសុខ ព្រោះទីក្រុងនេះធ្លាប់រងការវាយប្រហារម្តងរួចមកហើយកាលពីឆ្នាំមុនពីសំណាក់កងជីវពលខាងលើ ដោយបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស១៤នាក់អំឡុងពេលនោះ។


ក្រុម Maute និងក្រុម Abu Sayyaf ដែលសុទ្ធតែមានទំនាក់ទំនងជាមួយក្រុមអាយស៊ីស បានបើកប្រតិបត្តិឆ្លើយតបយ៉ាងធ្ងន់ធ្ងរមកលើយោធា បន្ទាប់ពីលោកប្រធានាធិបតី រ៉ូទ្រីហ្គោ ឌុយទើតេ បើកបេសកកម្មកម្ចាត់ក្រុមទាំងនេះ ដើម្បីរារាំងកុំឲ្យមនោគមវិជ្ជារបស់ក្រុមអ៊ិស្លាមជ្រុលនិយមរីករាលដាលទូទាំងប្រទេសហ្វីលីពីន។

 

ប្រធានាធិបតីកណ្តាប់ដៃដែករូបនេះ បានលើកឡើងកាលពីម្សិលមិញថា លោកនឹងបញ្ជាឲ្យពង្រីកការអនុវត្តច្បាប់អាជ្ញាសឹកទូទាំងប្រទេសតែម្តង ប្រសិនបើស្ថានភាពចេះតែធ្ងន់ធ្ងរឡើងៗ។

 

ប៉ុន្តែទោះជាយ៉ាងណា ក្រុមអ្នករិះគន់បានលើកឡើងថា លោក រ៉ូទ្រីហ្គោ ឌុយទើតេ មិនគួរប្រកាសប្រើច្បាប់អាជ្ញាសឹកដល់ថ្នាក់នេះទេ ពោលគឺត្រឹមតែតំបន់មួយគឺវាគ្រប់គ្រាន់ណាស់ទៅហើយ ៕

ការបំផ្ទុះគ្រាប់បែកអត្តឃាតពីរលើកផ្ទួនៗគ្នាសម្លាប់នគរបាលយ៉ាងតិច៣នាក់នៅទីក្រុងហ្សាការតា

v1

ក្រុងហ្សាការតា៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតពីរលើកផ្ទួនៗគ្នាបានសម្លាប់មន្ត្រីនគរបាលឥណ្ឌូណេស៊ីបីនាក់និងបណ្តាលឲ្យមនុស១០នាក់ផ្សេងទៀតរងរបួសកាលពីយប់ម្សិលមិញ នៅក្នុងទីក្រុងហ្សាការតា។


យោងតាមនគរបាលឥណ្ឌូណេស៊ីបានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកអត្តឃាតផ្ទួនៗគ្នានេះកើតឡើងចន្លោះ ប្រាំនាទី ពីគ្នា នៅក្បែរស្ថានីយរថយន្តក្រុង Kampung Melayu ដែលស្ថិតនៅភាគខាងកើតទីក្រុងហ្សាការតា។


លោក Setyo Wasisto អ្នកនាំពាក្យនគរបាលជាតិបានលើកឡើងថា មានមន្ត្រីនគរបាលបីនាក់បានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះនេះ ហើយថាបើយោងតាមការពិនិត្យនៅកន្លែងកើតហេតុបានបង្ហាញថា ទំនងជាមានជនបំផ្ទុះគ្រាប់បែកអត្តឃាតពីរនាក់បានស្លាប់ មិនមែនម្នាក់ដូចការគិតដំបូងទេ។


លោកបានបន្ថែមថា មានមន្ត្រីនគរបាលប្រាំនាក់ និងជនស៊ីវិលប្រាំនាក់ផ្សេងទៀតបានរងរបួស។


សាក្សីម្នាក់ឈ្មោះ Abdullah បានរៀបរាប់ថា ខ្លួនបានឮសំឡេងផ្ទុះដ៏ខ្លាំងមួយ ពេលបើកបរនៅក្រោមស្ពានអាកាសក្បែរស្ថានីយរថក្រុង ហើយបានឃើញមនុស្សម្នានាំគ្នារត់ប្រញ៉ាយ ខណៈរថយន្តនិងម៉ូតូបន្លឺសំឡេងស៊ីផ្លេព្រមៗគ្នាដើម្បីជាសញ្ញាប្រកាសអាសន្ន។


ភ្លាមៗនេះមិនទាន់មានក្រុមណាមួយចេញមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ហើយលោក Setyo Wasisto បានស្នើសាធារណជនឲ្យទុកពេលឲ្យនគរបាលស៊ើបអង្កេតសិនមុនពេលធ្វើការវាយតម្លៃណាមួយ។


ប្រទេសឥណ្ឌូណេស៊ីបានរងការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមកងជីវពលជ្រុលនិយមដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមអាយស៊ីសនៅក្នុងរយៈពេល១៧ខែចុងក្រោយនេះ ប៉ុន្តែចំពោះការវាយប្រហារលើកនេះ នគរបាលឥណ្ឌូណេស៊ីមិនទាន់ហ៊ានបញ្ជាក់ថា វាជាស្នាដៃរបស់ក្រុមដដែលនៅឡើយទេ៕

បុរសពីរនាក់ត្រូវវាយនឹងរំពាត់នៅមុខមហាជនក្នុងប្រទេសឥណ្ឌូណេស៊ីដោយសារប្រតិព័ទ្ធភេទដូចគ្នា

v7

ឥណ្ឌូណេស៊ី៖ នគរបាលទទួលបន្ទុកផ្នែកសាសនានៅឥណ្ឌូនេស៊ី បានវាយបុរសពីរនាក់នឹងរំពាត់ផ្តៅចំនួន៨២រំពាត់កាលពីថ្ងៃអង្គារនៅចំពោះមុខមហាជនដើម្បីជាការដាក់ទោសដោយសារប្រតិព័ទ្ធភេទដូចគ្នា។


ការដាក់ទោសទណ្ឌកម្រមាននេះ ធ្វើឡើងនៅទីលានក្បែរព្រះវិហារមួយកន្លែងក្នុងទីក្រុង Banda Aceh ខេត្ត Aceh ដោយមានមនុស្សជាង១ពាន់នាក់បាននាំគ្នាឈរមើលក្នុងនោះក៏មានអ្នកខ្លះបានយកស្មាតហ្វូនថតសកម្មភាពវាយនឹងរំពាត់នេះផងដែរ រីឯអ្នកខ្លះទៀតបានមើលតាមរយៈការLive ផ្ទាល់តាមទូរស័ព្ទ។


អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា បុរសទាំងពីរនាក់នេះ ត្រូវបានជួយនំាចេញពីទីកន្លែងដាក់ទោស បន្ទាប់ពីរងការវាយនឹងរំពាត់ផ្តូវរួច ហើយត្រូវបានដោះលែងអោយត្រលប់ទៅផ្ទះរបស់ពួកគេវិញ។


ការដាក់ទោសទណ្ឌនេះ ដែលត្រូវបានថ្កោលទោសដោយអង្គការសិទ្ធិមនុស្សនោះគឺជាការអនុវត្តលើកដំបូង ចាប់តាំងពីច្បាប់ហាមឃាត់ការស្រលាញ់ភេទដូចគ្នាត្រូវបានដាក់ឲ្យអនុវត្តនៅក្នុងខេត្ត Aceh នេះ កាលពីឆ្នាំ២០១៤មក។


ខេត្តAceh នេះជាខេត្តដែលមានកេរ្តិ៍ឈ្មោះខ្លាំងជាងគេក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារបានប្រកាន់តាមទំនៀមទម្លាប់សាសនាយ៉ាងខ្ជាប់ខ្ជួនបំផុត។


សូមបញ្ជាក់ថាខេត្តនេះគឺជាខេត្តតែមួយគត់ដែលដាក់ទោសទណ្ឌលើការប្រតិព័ទ្ធភេទដូចគ្នា និងជាខេត្តដែលប្រើប្រាស់ច្បាប់សាសនាអ៊ីស្លាមជាច្បាប់របស់ខ្លួនបន្ថែមពីលើក្រមព្រហ្មទណ្ឌរបស់ជាតិ៕

លោក ឌុយទ្រីតេ ប្រាប់លោកពូទីនថា ហ្វីលីពីនត្រូវការអាវុធទំនើបដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអាយស៊ីស

v6

ក្រុងមូស្គូ៖ លោក រ៉ូទ្រីហ្គោ ឌុយទើតេ បានប្រាប់លោក វ្លាឌីមៀរ ពូទីន កាលពីម្សិលមិញថា ប្រទេសហ្វីលីពីនត្រូវការអាវុធទំនើបដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអាយស៊ីស ហើយសង្ឃឹមថារុស្ស៊ីនឹងគាំទ្រ។


ប្រធានាធិបតីកណ្តាប់ដៃដែករូបនេះ ក៏បានលើកឡើងផងដែរថា លោកត្រូវបញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅក្នុងទីក្រុងមូស្គូពាក់កណ្តាលទី ហើយវិលត្រឡប់ទៅប្រទេសរបស់លោកវិញ ព្រោះប្រទេសរបស់លោកកំពុងតែប្រយុទ្ធគ្នាខ្លាំងជាមួយក្រុមអាយស៊ីសនៅភាគខាងត្បូងប្រទេស។


រីលោក វ្លាឌីមៀរ ពូទីនវិញ បានលើកឡើងថា លោកសង្ឃឹមថា ជម្លោះនៅហ្វីលីពីន នឹងអាចដោះស្រាយបានដោយមានការបាត់បង់អាយុជីវិតតិចតួច។


លោកក៏បានផ្តល់ក្តីរំពឹងចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងយោធារវាងរដ្ឋាភិបាលក្រុងមូស្គូនិងរដ្ឋាភិបាលក្រុងម៉ានីលផងដែរ។


ស្របពេលកំពុងនៅក្នុងប្រទេសរុស្ស៊ីកាលពីម្សិលមិញ លោក រ៉ូទ្រីហ្គោ ឌុយទើតេ ក៏បានប្រកាសឲ្យប្រើច្បាប់អាជ្ញាសឹកនៅភាគខាងត្បូងប្រទេសហ្វីលីពីនផងដែរ ក្រោយពេលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយក្រុងកងជីវពលអ៊ីស្លាមជ្រុលនិយមដែលមានទំនាក់ទំនងជាមួយក្រុមអាយស៊ីស។


លោក Edgard Arevalo អ្នកនាំពាក្យយោធាហ្វីលីពីនបានលើកឡើងថា នឹងមានការបញ្ជូនកងទ័ពបន្ថែមទៀតទៅកោះ Mindanao ដើម្បីបោសសម្អាតក្រុមបះបោរឲ្យអស់ក្នុងពេលឆាប់ដើម្បីនាំសុខសន្តិភាពជូនតំបន់នេះវិញ។


សូមបញ្ជាក់ថា ទាហានពីរនាក់ និងនគរបាលម្នាក់បានស្លាប់ ហើយមានមនុស្ស១២នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងនេះនៅក្នុងក្រុង Marawi ដែលមានពលរដ្ឋប្រមាណ២០ម៉ឺននាក់រស់នៅ៕

តូលេខនៃអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកនៅ Manchester កើនឡើងដល់២២នាក់

v17

ក្រុង Manchester ៖ តួលេខនៃអ្នកស្តាប់ដោយសារការបំផ្ទុះគ្រាប់បែកនៅសាល Manchester Arena ក្នុងទីក្រុង Manchester ចក្រភពអង់គ្លេសបានកើនឡើងដល់២២នាក់ ខណៈមានអ្នករងរបួសចំនួន៥៩នាក់។


ការបំផ្ទុះគ្រាប់បែកនេះ ដែលនៅក្នុងជំហានដំបូងគេសន្និដ្ឋានថា ជាអំពើភេរវកម្មនោះ បានកើតឡើងនៅម៉ោង១០និង៣៥នាទីយប់ម្សិលមិញ ភ្លាមៗក្រោយពេលការប្រគុំតន្រ្តីរបស់តារាចម្រៀងអាមេរិកឈ្មោះ Ariana Grande បានបញ្ចប់ ។


នគរបាលនៅក្នុងទីក្រុង Manchester បានលើកឡើងថា ការវាយប្រហារនេះ គឺជាការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាត អនុវត្តដោយបុរសម្នាក់ ដែលពាក់សុទ្ធតែជាតិផ្ទុះជាប់ខ្លួន។


សាច់ញ្ញាតជនរងគ្រោះបានប្រើបណ្តាញទំនាក់ទំនងសង្គមដើម្បីតាមស្វែងរកមនុស្សជាទីស្រលាញ់របស់ខ្លួនដែលកំពុងបាត់ដំណឹង ក្រោយហេតុការណ៍ដ៏រន្ធត់នេះ។


ក្រសួងសន្តិជាតិអង់គ្លេសបានចាត់ទុកការការវាយប្រហារនេះថា ជាការវាយប្រហារដ៏ឃោឃៅដែលមានគោលដៅលើជនស្លូតត្រង់ដែលគ្មានដឹងអ្វីទាល់តែសោះ។


ក្រោយហេតុការណ៍នេះរួច គណបក្សនយោបាយទាំងអស់បានប្រកាសផ្អាកយុទ្ធនាការឃោសនារបស់ខ្លួន ដែលធ្វើឡើងនៅមុនថ្ងៃបោះឆ្នោតជាតិ។


តារាចម្រៀងអាមេរិក Ariana Grande អាយុ២៣ឆ្នាំ ដែលប្រែក្លាយពីតារាសម្តែងទៅជាតារាចម្រៀងប៉ប់ មានអ្នកគាំទ្រយ៉ាងច្រើន ជាពិសេសយុវតី និងក្មេងៗ។


តារាចម្រៀងរូបនេះបានសរសេរសារនៅលើបណ្តាញទំនាក់ទំនងសង្គមTwitter ថា នាងមានអារម្មណ៍តក់ស្លុត និងក្តុកក្តួលបំផុត ហើយសោកស្តាយណាស់ រកអ្វីនិយាយមិនចេញទេ។


រីឯលោកស្រីនាយករដ្ឋមន្ត្រី Theresa May បានមានប្រសាសន៍ថា ហេតុការណ៍នេះត្រូវបានចាត់ទុកថា ជាការវាយប្រហារភេរវកម្ម ហើយប្រសិនបើត្រូវបានបញ្ជាក់ វានឹងការវាយប្រហារដែលបណ្តាលឲ្យមនុស្សស្លាប់ច្រើនបំផុត ចាប់តាំងពីការវាយប្រហារលើប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងឡុងកាលពីឆ្នាំ២០០៥ ដែលបណ្តាលឲ្យមនុស្សចំនួន៥២បានបាត់បង់ជីវិតមក។


សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយចេញមុខមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

ការបើកសវនាការជំនុំជម្រះរឿងក្តីពុករលួយរបស់លោកស្រី Park Geun-hye ចាប់ផ្តើមហើយ

v6

ក្រុងសេអ៊ូល៖ ការបើកសវនាការដំបូងដើម្បីជំនុំជម្នះរឿងក្តីពុករលួយរបស់លោកស្រី Park Geun-hye អតីតប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានបណ្តេញចេញពីតំណែង បានចាប់ផ្តើមហើយនៅក្នុងថ្ងៃអង្គារនេះ នៅតុលាការក្រុងសេអ៊ូល។


អតីតប្រធានាធិបតីស្រីដំបូងរបស់កូរ៉េខាងត្បូងរូបនេះ ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលជាង១០ឆ្នាំ ប្រសិនបើរកឃើញថា ពិតជាបានទទូលសំណូកពីក្រុមហ៊ុនធំៗមែន ក្នុងនោះរួមមានដូចជាក្រុមហ៊ុន Samsung ជាដើម។


អំឡុងពេលបើកសវនាការ លោកស្រី Park Geun-hye និងមិត្តភក្តិ គឺលោកស្រី Choi Soon-sil ត្រូវបាននាំឲ្យចូលក្នុងបន្ទប់សវនាការតែមួយជាលើកដំបូង ចាប់តាំងពីរឿងអាស្រូវនយោបាយបានផ្ទុះឡើងជាសាធារណៈកាលពីខែតុលាមក។ ទាំងលោកស្រី Park Geun-hye និងលោកស្រី Choi Soon-sil សុទ្ធតែបដិសេធថា មិនបានទទូលសំណូកនោះទេ។

 

អតីតប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីតំណែងរូបនេះ ប្រឈមការចោទប្រកាន់សរុបចំនួន១៨ករណី ក្នុងនោះរួមមានដូចជា បទស៊ីសំណូក បទរំលោភអំណាចរដ្ឋ និងបទធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់របស់ប្រទេសជាតិជាដើម តាមរយៈបណ្តោយឲ្យលោកស្រី Choi Soon-sil ជ្រៀតជ្រែកចូលក្នុងកិច្ចការដ្ឋាភិបាល និងបានសមគំនិតគ្នាដើម្បីទាមទារប្រាក់ពីក្រុមហ៊ុនធំៗ ដើម្បីជាថ្នូនឹងការយោគយល់ពីរដ្ឋាភិបាល។


ពេលសវនាការចាប់ផ្តើមបើក មេធាវីរបស់លោកស្រី Park Geun-hye បានលើកឡើងថា គ្មានហេតុផលអ្វីដែលលោកស្រីត្រូវបង្ខំក្រុមហ៊ុនឲ្យបរិច្ចាកមកឲ្យលោកស្រីនោះទេ ព្រោះលោកស្រីមិនអាចប្រើប្រាស់ប្រាក់នេះសម្រាប់ហេតុផលផ្ទាល់ខ្លួននោះឡើយ។


លោកស្រី Park Geun-hye គឺជាមេដឹកនាំកូរ៉េខាងត្បូងទីបីដែលត្រូវបាននាំខ្លួនមកបើកសវនាការពីបទប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែខុសពីមេដឹកនាំពីររូបមុនៗ ដែលស្ថិតនៅក្នុងរបបយោធាផ្តាច់ការ។


សូមបញ្ជាក់ថា ការបើកសវនាការនេះធ្វើឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការបោះឆ្នោតជ្រើរើសលោក Moon Jae-in ឲ្យឡើងធ្វើជាប្រធានាធិបតីថ្មី ដែលសន្យាថា នឹងបោសសម្អាតមន្ត្រីពុករលួយឲ្យអស់នោះ៕

អ៊ីរ៉ង់រិះគន់កិច្ចព្រមព្រៀងទិញលក់អាវុធរវាងអាមេរិកនិងអារ៉ាប៊ីសាអូឌីត

v5

ក្រុងតេហេរ៉ង់ៈ លោក Hassan Rouhani ប្រធានាធិបតីអ៊ីរ៉ង់បានរិះគន់កិច្ចព្រមព្រៀងទិញលក់អាវុធរវាងសហរដ្ឋអាមេរិកនិងអារ៉ាប៊ី សាអូឌីត ដែលមានទំហំទឹកប្រាក់រហូតដល់ទៅ១១០ពាន់លានដុល្លារ។


នៅក្នុងសន្និសីទកាសែតដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ក៏បានលើកឡើងផងដែរថា នៅក្នុងតំបន់មជ្ឈឹមបូព៌ាមិនអាចមានស្ថិរភាពទេ បើគ្មានជំនួយពីប្រទេសរបស់លោកនោះ។


លោក Hassan Rouhani ដែលទើបតែឈ្នះឆ្នោតសារជាថ្មីក្នុងសំឡេងគាំទ្រយ៉ាងលើសលប់កាលពីសប្តាហ៍មុន បានលើកឡើងយ៉ាងដូច្នេះដើម្បីជាការឆ្លើយតបចំពោះការរិះគន់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងតំបន់ ហើយថាការបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិករូបនេះនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត ជាការបំពេញទស្សនកិច្ចដែលគ្មានន័យ ព្រោះមិនអាចដោះស្រាយបញ្ហាភេរវកម្មបានទេ។


លោក Hassan Rouhani ក៏បានរិះគន់ប្រទេសអារ៉ាប៊ី សាអូឌីត ថា មិនបានគោរពតាមលិទ្ធិប្រជាធិបតីផងដែរ ដោយជំរុញឲ្យរដ្ឋាភិបាលក្រុងរីយ៉ាដ ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋបានសម្រេចវាសនារបស់ប្រទេសខ្លួន តាមរយៈការបោះឆ្នោតដោយសេរី ដូចអ្វីដែលអ៊ីរ៉ង់បានធ្វើក្នុងពេលថ្មីៗ។


ដោយឡែកនិយាយរឿងសាកល្បងគ្របមីស៊ីលវិញ ប្រធានាធិបតីទើបជាប់ឆ្មោតសារជាថ្មីរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសអ៊ីរ៉ង់នឹងនៅតែបន្តសាកល្បងគ្រាប់មីស៊ីលរបស់ខ្លួន ព្រោះបេសកម្មនេះ ជាបេសកកម្មដើម្បីសន្តិភាព មិនមែនជាការរករឿងនរណានោះទេ ហើយលោកសូមផ្តំាំទៅសហរដ្ឋអាមេរិកថា នៅពេលណាប្រទេសរបស់លោកចង់សាកល្បងបច្ចេកវិទ្យាគ្រាប់មីស៊ីល គឺធ្វើហើយ មិនចាំបាច់សុំការអនុញ្ញាតពីនរណាទេ។


ទោះជាយ៉ាងណា លោក Hassan Rouhani មិនភ្លេចរឿងអភិវឌ្ឍប្រទេសនោះឡើយ ដោយលោកលើកឡើងថា លោកនឹងដោះស្រាយបញ្ហាយុវជនគ្មានការងារធ្វើឲ្យនៅក្នុងអាណត្តទីពីរនេះ ហើយលោក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសរួបរួមសាបគ្គីគ្នាផងដែរដើម្បីកសាងប្រទេសបន្តទៅមុខទៀត។


សូមបញ្ជាក់ថា នៅក្នុងថ្ងៃអង្គារនេះ ដំណើរបំពេញទស្សនកិច្ចរបស់លោកដូណាល់ ត្រាំ បានទៅដល់ប្រទេសប៉ាឡេស្ទីនហើយ បន្ទាប់ពីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែលកាលពីម្សិលមិញ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

ព័ត៌មានជាតិ​ពេល​យប់​


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2